« លោកុប្បត្តិ ៤២–៤៥ ៖ ‹ ខ្ញុំនេះជាយ៉ូសែប ជាប្អូនប្រុសអ្នករាល់គ្នា › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៦ )
« លោកុប្បត្តិ ៤២–៤៥ ៖ ‹ ខ្ញុំគឺយ៉ូសែប ជាប្អូនប្រុសអ្នករាល់គ្នា › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
លោកុប្បត្តិ ៤២–៥០ ៖ មេរៀនទី ៣៥
លោកុប្បត្តិ ៤២–៤៥
« ខ្ញុំនេះជាយ៉ូសែប ជាប្អូនប្រុសអ្នករាល់គ្នា »
ជាច្រើនឆ្នាំបន្ទាប់ពីលក់គាត់ធ្វើជាទាសករនៅស្រុកអេស៊ីព្ទ យ៉ូសែបក៏បានជួបជុំបងប្អូនរបស់គាត់វិញ ។ គាត់អាចមានអារម្មណ៍ខឹង និងអន់ចិត្ត ដោយសារតែទុក្ខវេទនាទាំងអស់ដែលគាត់បានទទួលរង ។ ទោះជាយ៉ាងណាក៏ដោយ ដូចជាព្រះអង្គសង្គ្រោះដែរ យ៉ូសែបបានជ្រើសរើសផ្ដល់នូវសេចក្ដីមេត្តាករុណានិងការអភ័យទោសដល់បងប្អូនរបស់គាត់ដែលធ្លាប់បានធ្វើបាបគាត់ ។ មេរៀននេះអាចជួយសិស្សធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះដោយការអភ័យទោសឲ្យបានកាន់តែច្រើន ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតអំពីព្រះបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះឲ្យ « អភ័យទោសដល់មនុស្សទាំងអស់ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៤:១០ ) ។ សូមឲ្យពួកគេរាយបញ្ជីពរជ័យមួយចំនួនដែលពួកគេ ឬអ្នកដទៃទៀតបានដកពិសោធន៍តាមរយៈការអភ័យទោសដល់នរណាម្នាក់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
យ៉ូសែបនៃស្រុកអេស៊ីព្ទ
មុននឹងចាប់ផ្ដើមថ្នាក់ សូមពិចារណាអញ្ជើញសិស្សឲ្យមើលឡើងវិញដោយសង្ខេបនូវដំណើររឿងរបស់យ៉ូសែបនៃស្រុកអេស៊ីព្ទ នៅក្នុង លោកុប្បត្តិ ៣៧–៤១ ។ អ្នកអាចសុំពួកគេឲ្យសង្ខេបពីទង្វើមិនល្អរបស់បងប្អូនរបស់យ៉ូសែប និងព្រឹត្តិការណ៍ដែលនាំឲ្យយ៉ូសែបទទួលបានឋានៈជាបុគ្គលមានអំណាចបំផុតទីពីរនៅទូទាំងស្រុកអេស៊ីព្ទទាំងមូល ។
រូបភាពឌីជីថលដែលមាននៅក្នុងមេរៀនទី ៣៣ ៖ លោកុប្បត្តិ ៣៧–៤១ អាចប្រើដើម្បីជួយសិស្សសង្ខេបដំណើររឿងបាន ។
-
តើយ៉ូសែបបានរងទុក្ខដោយសារទង្វើរបស់បងប្អូនគាត់តាមបែបណាខ្លះ ?
-
បើមាននរណាម្នាក់ធ្វើដាក់អ្នកបែបនេះ តើអ្នកមានអារម្មណ៍យ៉ាងណា ?
-
តើអ្វីខ្លះដែលអាចធ្វើឲ្យការអត់ឱនឲ្យនរណាម្នាក់គឺជារឿងពិបាក ?
សូមគិតអំពីរបៀបដែលអ្នកអាចឆ្លើយតប នៅពេលដែលនរណាម្នាក់ធ្វើ ឬនិយាយអ្វីមួយដែលធ្វើឲ្យអ្នកឈឺចាប់ ។ នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមយកចិត្តទុកដាក់លើចំណាប់អារម្មណ៍ណាមួយដែលអ្នកអាចនឹងទទួលបានមកពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យដឹងអំពីរបៀបដែលអ្នកអាចធ្វើតាមគំរូនៃការអភ័យទោសរបស់ព្រះអង្គសង្គ្រោះបាន ។
យ៉ូសែបបានជួបជុំបងប្អូនគាត់វិញ
ដើម្បីសិក្សាពីដំណើររឿងនៃការជួបជុំគ្នាវិញរបស់យ៉ូសែបជាមួយនឹងបងប្អូនរបស់គាត់ អ្នកអាចបែងចែកសិស្សជាក្រុមដែលមានគ្នាបីនាក់ ។ សិស្សម្នាក់ៗក្នុងក្រុមអាចសិក្សាសេចក្តីសង្ខេបមួយនៃសេចក្តីសង្ខេបទាំងបី និងវគ្គបទគម្ពីរទាំងឡាយបាន ។ បន្ទាប់មក សិស្សអាចបង្រៀនសមាជិកដទៃទៀតក្នុងក្រុមនូវផ្នែករបស់ពួកគេអំពីដំណើររឿងនោះ ។
ម្យ៉ាងវិញទៀត អ្នកអាចបង្ហាញវីដេអូជីវចល « Joseph and the Famine » ( ២:២៦ ) ចាប់ពីនាទីទី ០០:០០ ដល់ ០១:៤១ នៅលើគេហទំព័រ ChurchofJesusChrist.org ។
សូមមើលសេចក្ដីសង្ខេបខាងក្រោមឡើងវិញ ហើយសិក្សាខគម្ពីរដែលភ្ជាប់មកជាមួយ ។
សេចក្ដីសង្ខេបទី ១ ៖ អស់ជាច្រើនឆ្នាំបន្ទាប់ពីពួកគេបានលក់យ៉ូសែបធ្វើជាទាសករ បងប្អូនរបស់គាត់បានធ្វើដំណើរទៅស្រុកអេស៊ីព្ទ ដើម្បីស្វែងរកការសង្គ្រោះពីអំណត់ ។ ពេលបង្ហាញខ្លួននៅចំពោះមុខយ៉ូសែប ដែលឥឡូវនេះជាបុគ្គលមានអំណាចបំផុតទីពីរនៅទូទាំងស្រុកអេស៊ីព្ទទាំងមូល បងប្អូនរបស់គាត់មិនស្គាល់គាត់ទេ ។ ដោយមិនដឹងថា យ៉ូសែបស្គាល់ និងអាចយល់បានអំពីពួកគេ នោះពួកបងប្អូនរបស់គាត់បានសម្តែងក្ដីសោកសៅ និងស្តាយក្រោយចំពោះអ្វីដែលពួកគេបានធ្វើដាក់គាត់កាលពីប៉ុន្មានឆ្នាំមុន ។
សូមអាន លោកុប្បត្តិ ៤២:២១–២៤ ដោយរកមើលពីរបៀបដែលយ៉ូសែបបញ្ចេញប្រតិកម្ម នៅពេលឮបងប្អូនរបស់គាត់និយាយអំពីអ្វីដែលពួកគេបានប្រព្រឹត្តចំពោះគាត់ ។
សេចក្ដីសង្ខេបទី ២ ៖ យ៉ូសែបបានឲ្យអាហារទៅគ្រួសារ ប៉ុន្តែបានចាប់ស៊ីម្មានដាក់គុក ហើយបានបង្គាប់បងប្អូនដទៃទៀតកុំឲ្យត្រឡប់មកអេស៊ីព្ទវិញឲ្យសោះ លុះត្រាតែពួកគេនាំបេនយ៉ាមីនជាប្អូនប្រុសពៅមកជាមួយដែរ ។ ពួកបងប្អូនទាំងនេះក៏ត្រឡប់ទៅផ្ទះវិញ ប៉ុន្តែពេលគ្រួសារអស់អាហារម្ដងទៀត ពួកគេក៏ត្រឡប់ទៅស្រុកអេស៊ីព្ទវិញ ដោយយកបេនយ៉ាមីនមកជាមួយដែរ ។
សូមអាន លោកុប្បត្តិ ៤៣:៣០ ដោយរកមើលរបៀបដែលយ៉ូសែបបញ្ចេញប្រតិកម្ម នៅពេលឃើញបេនយ៉ាមីន ប្អូនប្រុសរបស់គាត់ ។
សេចក្ដីសង្ខេបទី ៣ ៖ យ៉ូសែបបានសាកល្បងសេចក្ដីស្រឡាញ់របស់បងប្អូនគាត់ចំពោះបេនយ៉ាមីន ដោយចោទគាត់ពីបទលួច និងគំរាមចាប់គាត់ដាក់គុក ។ យូដាបានប្រគល់ជីវិតខ្លួនជាថ្នូរនឹងជីវិតរបស់បេនយ៉ាមីន ។
សូមអាន លោកុប្បត្តិ ៤៥:១–២ ដោយរកមើលអំពីរបៀបដែលយ៉ូសែបបញ្ចេញប្រតិកម្ម បន្ទាប់ពីយូដាបានស្ម័គ្រចិត្តលះបង់ជីវិត ដើម្បីការពារបេនយ៉ាមីន ។
បន្ទាប់ពីសិស្សមានឱកាសសិក្សាសេចក្ដីសង្ខេបទាំងនេះហើយ អ្នកអាចអញ្ជើញពួកគេឲ្យពិភាក្សាអំពីសំណួរខាងក្រោមនេះ ។
-
តើការចងចាំអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលគាត់ទំនាក់ទំនងជាមួយបងប្អូនរបស់គាត់ បានផ្ដល់ប្រយោជន៍អ្វីខ្លះដល់យ៉ូសែប ?
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទប្រទានការអភ័យទោស
បទគម្ពីរខាងក្រោមបង្ហាញអំពីលក្ខណៈនៃការអភ័យទោសរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចបង្ហាញបទគម្ពីរទាំងនេះសម្រាប់សិស្សសិក្សា ឬឲ្យពួកគេស្វែងរកវគ្គបទគម្ពីររបស់ពួកគេផ្ទាល់ អំពីលក្ខណៈនៃការអភ័យទោសរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សូមអានបទគម្ពីរខាងក្រោម ដោយរកមើលថាតើការដឹងអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ផ្ដល់ប្រយោជន៍អ្វីខ្លះដល់នរណាម្នាក់ដែលត្រូវបានគេធ្វើបាប ។
លូកា ៦:៣៦
អេភេសូរ ៤:៣១–៣២
កូល៉ុស ៣:១៣
-
តើអ្នកនឹងចែករំចាយអ្វីខ្លះមកពីខគម្ពីរទាំងនេះ ?
សូមអាន លោកុប្បត្តិ ៤៥:៣–៨ និង ៩–១៥ ដោយរកមើលពីរបៀបដែលយ៉ូសែបបានឆ្លើយតបចំពោះបងប្អូនរបស់គាត់ ។
-
តើយើងបានរៀនសូត្រអ្វីខ្លះអំពីការប្រែក្លាយដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ចេញពីគំរូរបស់យ៉ូសែប ?
សិស្សអាចនឹងរកឃើញនូវសេចក្ដីពិតជាច្រើន ។ សូមអរគុណពួកគេចំពោះអ្វីដែលពួកគេចែកចាយ ហើយសួរពួកគេថា ហេតុអ្វីបានជាពួកគេមានអារម្មណ៍ថា វាជាគោលលទ្ធិ ឬគោលការណ៍ដ៏សំខាន់ដែលយើងត្រូវដឹង ។ ប្រសិនបើសិស្សមិនលើកឡើងពីគោលលទ្ធិ ឬគោលការណ៍នេះទេ សូមចែកចាយ និងសរសេរនៅលើក្ដារខៀននូវសេចក្តីពិតដូចតទៅនេះ ៖ យើងក្លាយដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលយើងអភ័យទោសឲ្យអ្នកដទៃ ។
ដោយពឹងផ្អែកលើព្រះអង្គសង្គ្រោះ នោះយើងអាចអភ័យទោសឲ្យអ្នកដទៃបាន
ដើម្បីជួយសិស្សយល់អំពីសេចក្ដីពិតនេះ អ្នកអាចបង្ហាញវីដេអូ « Forgiving Others: An Easter Message from President Russell M. Nelson » ( ៥:០១ ) មកពីគេហទំព័រ ChurchofJesusChrist.org ។
ជម្រើសមួយទៀត គឺសិក្សាសេចក្តីថ្លែងការណ៍ខាងក្រោម ។
ប្រធាន រ័សុល អិម ណិលសុន បានជួយយើងឲ្យយល់ពីរបៀបដែលយើងពឹងលើព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ នៅពេលយើងអភ័យទោសឲ្យអ្នកដទៃ ។
បើមិនអាចអភ័យទោសនៅពេលបច្ចុប្បន្ននេះទេ សូមទូលអង្វរសូមអំណាចនៃព្រះលោហិតដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទឲ្យជួយដល់បងប្អូន ។ កាលបងប្អូនធ្វើដូច្នោះ ខ្ញុំសន្យាថា បងប្អូននឹងមានភាពសុខសាន្ដផ្ទាល់ខ្លួន និងមានសន្ទុះខាងវិញ្ញាណកាន់តែខ្លាំង ។
ពេលព្រះអង្គសង្គ្រោះធ្វើដង្វាយធួនសម្រាប់មនុស្សទាំងអស់ នោះទ្រង់បានបើកផ្លូវឲ្យអ្នកដែលធ្វើតាមទ្រង់ទទួលបាននូវព្រះចេស្ដានៃការព្យាបាល ការពង្រឹង និងការប្រោសលោះរបស់ទ្រង់ ។ អភ័យឯកសិទ្ធិខាងវិញ្ញាណទាំងនេះនឹងកើតមានដល់អ្នកទាំងអស់ណា ដែលព្យាយាមស្ដាប់ និងធ្វើតាមទ្រង់ ។ ( « អំណាចនៃសន្ទុះខាងវិញ្ញាណ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ១០០ )
-
តើការបង្រៀនរបស់ប្រធាន ណិលសុន អាចជួយយើងអភ័យទោសឲ្យអ្នកដទៃដោយរបៀបណា ?
-
តើអ្នកនឹងផ្តល់ដំបូន្មានដល់នរណាម្នាក់ឲ្យធ្វើអ្វីខ្លះ បើពួកគេពិបាកផ្ដល់ការអភ័យទោស ? តើអ្នកនឹងណែនាំពួកគេឲ្យធ្វើអ្វីខ្លះ ដើម្បីពឹងផ្អែកលើព្រះអង្គសង្គ្រោះ ?
ប្រសិនបើសិស្សត្រូវការជំនួយជាមួយនឹងសំណួរចុងក្រោយ អ្នកអាចផ្ដល់យោបល់ឲ្យពួកគេមើលដំបូន្មានរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៤:៩–១១ ជាពិសេស ខទី ១១ ។
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍មួយដែលពួកគេ ឬនរណាម្នាក់ដែលពួកគេស្គាល់អាចធ្វើការអភ័យទោសបាន ។ វាអាចនឹងមានអត្ថប្រយោជន៍ក្នុងការរំឭកសិស្សកុំឲ្យចែកចាយសេចក្ដីលម្អិតអំពីពួកគេដែលអាចមានលក្ខណៈផ្ទាល់ខ្លួនពេក ឬអំពីនរណាម្នាក់ដែលពួកគេស្គាល់ឡើយ ។ អ្នកក៏អាចចែកចាយពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកផងដែរ ។
ជួយយើងផ្ដល់ការអភ័យទោសដោយសេរី
ដើម្បីជួយសិស្សឲ្យជញ្ជឹងគិតអំពីអ្វីដែលពួកគេបានរៀនសូត្រ និងទទួលអារម្មណ៍អំពីការប្រែក្លាយដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ អ្នកអាចបង្ហាញសកម្មភាពមួយចំនួនខាងក្រោមនេះ ដើម្បីឲ្យសិស្សបំពេញនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
សូមជញ្ជឹងគិតប្រកបដោយការអធិស្ឋាននូវចំណាប់អារម្មណ៍ណាមួយដែលអ្នកបានទទួល ពេលអ្នកបានសិក្សានៅថ្ងៃនេះ ។ សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធជួយអ្នកឲ្យស្គាល់ការផ្លាស់ប្ដូរទាំងឡាយដែលអ្នកត្រូវធ្វើ ។ ចូរទូលសុំព្រះវរបិតាសួគ៌ឲ្យជួយបង្កើនសមត្ថភាពរបស់អ្នកដើម្បីអភ័យទោសឲ្យអ្នកដទៃ ។
សូមជ្រើសរើសសកម្មភាពមួយក្នុងចំណោមសកម្មភាពខាងក្រោមនេះ ដើម្បីបំពេញនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
សូមសរសេរកថាខណ្ឌខ្លីមួយ ដែលសង្ខេបអំពីរបៀបដែលអ្នកបានទទួលពរជ័យដោយការខិតខំរបស់អ្នកក្នុងការអភ័យទោសឲ្យអ្នកដទៃ ។ សូមរាយបញ្ជីអ្វីខ្លះដែលអ្នកបានធ្វើ ដើម្បីបញ្ចូលព្រះអង្គសង្គ្រោះទៅក្នុងការខិតខំរបស់អ្នក ។ តើអ្នកមានអារម្មណ៍ថាអ្វីដែលសំខាន់ត្រូវចងចាំ នៅពេលអ្នកត្រូវការអភ័យទោសឲ្យនរណាម្នាក់នៅពេលក្រោយ ?
-
សូមពិចារណាប្រកបដោយការអធិស្ឋាន ថាតើមាននរណាម្នាក់ក្នុងជីវិតរបស់អ្នកដែលអ្នកត្រូវការអភ័យទោសឲ្យដែរឬទេ ។ សូមសរសេរកថាខណ្ឌខ្លីមួយបញ្ជាក់អំពីអារម្មណ៍ដែលអ្នកទទួលអំពីការអភ័យទោសឲ្យបុគ្គលនោះ ។ តើអ្នកសម្គាល់ឃើញអ្វីខ្លះដែលអាចនឹងរារាំងសមត្ថភាពរបស់អ្នកក្នុងការផ្ដល់ការអភ័យទោស ? សូមរាយបញ្ជីវិធីមួយចំនួនដែលអ្នកអាចស្វែងរកជំនួយពីព្រះអង្គសង្គ្រោះនៅក្នុងការខិតខំរបស់អ្នក ។
-
សូមសរសេរកំណត់ចំណាំមួយ ដែលអាចជួយមិត្តម្នាក់ដែលកំពុងពិបាកក្នុងការអភ័យទោសឲ្យនរណាម្នាក់ ។ សូមពន្យល់ខ្លីៗអំពីរបៀបដែលជម្រើសរបស់យ៉ូសែបក្នុងការអភ័យទោសឲ្យបងប្អូនរបស់គាត់ គឺដូចជាព្រះអង្គសង្គ្រោះ ។ សូមបញ្ចូលវគ្គបទគម្ពីរដែលមានអត្ថន័យសម្រាប់អ្នកនៅក្នុងការខិតខំរបស់អ្នកក្នុងការអភ័យទោសឲ្យអ្នកដទៃ ។
អ្នកអាចអញ្ជើញសិស្សស្ម័គ្រចិត្តពីរបីនាក់ឲ្យឡើងចែកចាយអ្វីដែលពួកគេបានសរសេរ ។ សូមពិចារណាបញ្ចប់មេរៀនដោយអញ្ជើញសិស្សឲ្យធ្វើតាមចំណាប់អារម្មណ៍ខាងវិញ្ញាណដែលពួកគេអាចនឹងបានទទួល ។ អ្នកអាចនឹងចែកចាយទីបន្ទាល់របស់អ្នកអំពីពរជ័យដែលទទួលបាន នៅពេលយើងធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ អភ័យទោសឲ្យអ្នកដទៃ ។