មេរៀនទី ១១ ៖ ថ្ងៃទី ៤
លូកា ១៧
សេចក្តីផ្តើម
ព្រះយេស៊ូវបានបង្រៀនពួកសិស្សរបស់ទ្រង់អំពីតម្រូវការដើម្បីអភ័យទោសដល់មនុស្សដទៃ ។ បន្ទាប់ពីនោះ ពួកសាវកបានសុំឲ្យព្រះយេស៊ូវចម្រើនសេចក្ដីជំនឿរបស់ពួកគេ ។ ក្នុងការឆ្លើយតបនោះ ព្រះអង្គសង្គ្រោះបានបង្រៀនពួកគេនូវរឿងប្រដូចនៃអ្នកបម្រើដ៏ឥតប្រយោជន៍ ។ ក្រោយមកទៀត ព្រះយេស៊ូវបានព្យាបាលមនុស្សឃ្លង់ ១០នាក់ ប៉ុន្តែមានតែម្នាក់ទេ ដែលបានត្រឡប់មកហើយថ្លែងអំណរគុណដល់ទ្រង់ ។ ព្រះអង្គសង្គ្រោះបានជួបនឹងពួកផារិស៊ី ហើយទ្រង់បានបង្រៀនអំពីការចេញមកនៃនគរព្រះ ។
លូកា ១៧:១-១០
ពួកសាវកសុំឲ្យព្រះយេស៊ូវចម្រើនសេចក្ដីជំនឿរបស់ពួកគេ
-
សូមគិតពីស្ថានភាពនានា ដែលអាចតម្រូវឲ្យអ្នកអនុវត្តសេចក្តីជំនឿ ដូចជាស្វែងរកការប្រសិទ្ធពរបព្វជិតភាព ការបង់ដង្វាយមួយភាគក្នុងដប់ ឬ ការឡើងនិយាយ ឬ បង្រៀនមេរៀននៅព្រះវិហារ ។ សូមសរសេរបញ្ជីពាក្យរបស់អ្នក នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ បន្ទាប់មក សូមឆ្លើយសំណួរខាងក្រោមនេះ ៖ តើអ្នកធ្លាប់ចង់បានសេចក្តីជំនឿកាន់តែប្រសើរឡើងដែរឬទេ ? ប្រសិនបើធ្លាប់មែន តើបទពិសោធន៍ណាខ្លះ ដែលអ្នកធ្លាប់មាន ឬ បានជួបប្រទះដែលបានជួយបង្កើតនូវបំណងប្រាថ្នានោះ ?
នៅពេលអ្នកសិក្សា លូកា ១៧សូមរកមើលគោលការណ៍នានាដែលអាចជួយអ្នកឲ្យចម្រើនសេចក្តីជំនឿរបស់អ្នក ។
នៅក្នុង លូកា ១៧:១–២ ព្រះអង្គសង្គ្រោះបានបង្រៀនពួកសិស្សរបស់ទ្រង់ថា នរណាម្នាក់ដែលព្យាយាមល្បួងមនុស្សដទៃឲ្យធ្វើបាប នឹងត្រូវទទួលខុសត្រូវចំពោះទង្វើនោះ ។
សូមអាន លូកា ១៧:៣–៤ដោយរកមើលព្រះបញ្ញត្តិមួយដែលព្រះអង្គសង្គ្រោះបានប្រទានឲ្យពួកសិស្សរបស់ទ្រង់ ដែលអាចតម្រូវឲ្យមានសេចក្តីជំនឿ ។ សូមគិតពីការគូសចំណាំបទបញ្ញត្តិនេះ នៅក្នុងព្រះគម្ពីររបស់អ្នក ។
ហេតុអ្វីវាអាចជាការលំបាកដើម្បីអភ័យទោសដល់នរណាម្នាក់ដែលធ្វើកំហុសដដែរចំពោះអ្នក ?
សូមអាន លូកា ១៧:៥ដោយរកមើលអ្វីដែលពួកសាវកមានបំណងប្រាថ្នាចង់បានពីព្រះអង្គសង្គ្រោះ បន្ទាប់ពីទ្រង់បានបង្រៀនពួកគេអំពីការអភ័យទោស ។
តើការស្វែងរកសេចក្តីជំនឿលើព្រះអម្ចាស់កាន់តែប្រសើរឡើងអាចជួយពួកគេឲ្យគោរពព្រះបញ្ញត្តិដើម្បីអភ័យទោសដល់មនុស្សដទៃបានយ៉ាងដូចម្តេច ?
ដូចដែលបានកត់ត្រានៅក្នុង លូកា ១៧:៦ព្រះអង្គសង្គ្រោះបានឆ្លើយតបចំពោះការអង្វរករបស់ពួកសាវកចំពោះការចម្រើនសេចក្តីជំនឿ តាមរយៈការថ្លែងទីបន្ទាល់ថា សេចក្តីជំនឿដូចជាគ្រាប់ពូជមួយយ៉ាងល្អិត ដែលអាចបង្កើតឲ្យមានអព្ភូតហេតុនានាបាន ។ ដើម្បីជួយពួកគេឲ្យដឹងពីរបៀបដើម្បីចម្រើនសេចក្តីជំនឿរបស់ពួកគេ នោះព្រះយេស៊ូវបាននិទានរឿងប្រដូចដែលពិពណ៌នាអំពីទំនាក់ទំនងរវាងចៅហ្វាយ និង បាវបម្រើ ។
សូមអាន លូកា ១៧:៧-១០ដោយរកមើលអ្វីដែលចៅហ្វាយបានរំពឹងចង់បានពីបាវបម្រើរបស់ខ្លួន ។ សូមប្រើលេខយោង ដើម្បីជួយអ្នកឲ្យយល់នូវពាក្យពិបាកៗនៅក្នុងរឿងប្រដូចនេះ ។
នៅជំនាន់នៃព្រះគម្ពីរប៊ីប ចៅហ្វាយម្នាក់បានផ្តល់តម្រូវការចាំបាច់ទាំងអស់នៃជីវិត ដល់បាវបម្រើខ្លួន នៅពេលបាវបម្រើនោះបានបំពេញកាតព្វកិច្ចដែលគាត់ត្រូវបានរំពឹងទុកដោយស្មោះត្រង់ ។ ដោយសារការណ៍នេះ គ្មានតម្រូវការណាសម្រាប់ចៅហ្វាយដើម្បីថ្លែងអំណរគុណពិសេសដល់បាវបម្រើខ្លួន ឬ មានអារម្មណ៍ថាជំពាក់បំណុលបាវខ្លួនចំពោះការធ្វើកាតព្វកិច្ចរបស់គេឡើយ។
សូមគិតពីរបៀបនានាដែលព្រះវរបិតាសួគ៌ដូចជាចៅហ្វាយនៅក្នុងរឿងប្រដូចនោះ ។
អ្នកអាចគូសចំណាំនៅក្នុង លូកា ១៧:១០ នូវឃ្លា « ធ្វើតាមបង្គាប់គ្រប់ជំពូក » ។
-
សូមសរសេរឃ្លាខាងក្រោម នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ សេចក្តីជំនឿរបស់យើងនឹងចម្រើនឡើង នៅពេលយើងព្យាយាមធ្វើតាមបង្គាប់របស់ព្រះវរបិតាសួគ៌គ្រប់ជំពូក ។ អ្នកនឹងបន្ថែមលើសេចក្តីថ្លែងការណ៍នេះនៅពេលក្រោយ ។
សូមគិតពីការគូសចំណាំនៅក្នុង លូកា ១៧:១០ ពីអ្វីដែលព្រះយេស៊ូវបានមានបន្ទូលឲ្យពួកបាវបម្រើគួរតែនិយាយ បន្ទាប់ពីធ្វើអ្វីដែលបានបង្គាប់ដល់ពួកគេនោះ ។
ដើម្បីទទួលស្គាល់ថាយើងគឺជាអ្នកបម្រើឥតប្រយោជន៍ មានន័យថាយើងទទួលស្គាល់ថាទោះបីជាយើងគោរពបទបញ្ញត្តិបានឥតខ្ចោះប៉ុណ្ណាក្តី ក៏យើងនៅតែជំពាក់បំណុលព្រះជានិច្ច ។ ទ្រង់ប្រទានពរដល់យើងយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលយើងពុំអាចសងទ្រង់រួចឡើយ—ទោះបីជាយើងគោរពប្រតិបត្តិ ហើយរស់នៅដោយសុចរិតក្តី ( សូមមើល ម៉ូសាយ ២:២០–២៦) ។
-
សូមបំពេញសេចក្តីថ្លែងការណ៍នេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដើម្បីវាបង្ហាញឲ្យឃើញនូវគោលការណ៍ខាងក្រោមនេះ ៖ សេចក្តីជំនឿរបស់យើងនឹងចម្រើនឡើង នៅពេលយើងព្យាយាមធ្វើតាមបង្គាប់របស់ព្រះវរបិតាសួគ៌គ្រប់ជំពូក និង នៅពេលយើងចងចាំថាយើងនៅតែជំពាក់បំណុលទ្រង់ជានិច្ច ។ បន្ទាប់មក សូមឆ្លើយសំណួរខាងក្រោមនេះ ៖ តើការព្យាយាមធ្វើតាមបង្គាប់របស់ព្រះគ្រប់ជំពូកចម្រើនសេចក្តីជំនឿរបស់យើងយ៉ាងដូចម្តេច ?
ប្រធានហ៊ីប៊ើរ ចេ ក្រាន្តបានបង្រៀនអំពីសារៈសំខាន់នៃការធ្វើនូវកាតព្វកិច្ចរបស់យើងនៅក្នុងការបម្រើរបស់ព្រះ ៖ « ពុំមានគ្រោះថ្នាក់អ្វីឡើយដល់បុរស ឬ ស្ត្រីណាម្នាក់ដែលបាត់បង់សេចក្តីជំនឿរបស់ខ្លួននៅក្នុងសាសនាចក្រនេះឡើយ ប្រសិនបើគាត់បន្ទាបខ្លួន ហើយពោរពេញដោយការអធិស្ឋាន និង គោរពប្រតិបត្តិចំពោះកាតព្វកិច្ច ។ ខ្ញុំពុំធ្លាប់បានដឹងពីការបាត់បង់សេចក្តីជំនឿរបស់បុគ្គលបែបនេះឡើយ ។ តាមរយៈការធ្វើកាតព្វកិច្ចរបស់យើងសេចក្តីជំនឿចម្រើនឡើង រហូតដល់វាក្លាយជាចំណេះដឹងដ៏ល្អឥតខ្ចោះ » (Teachings of Presidents of the Church ៖ Heber J. Grant [ ឆ្នាំ ២០០២ ] ទំព័រ ២៨) ។
សូមគិតពីគ្រាមួយនៅពេលអ្នកបានគោរពព្រះបញ្ញត្តិ ឬ គោរពប្រតិបត្តិតាមដោយការធ្វើកាតព្វកិច្ចរបស់អ្នកចំពោះព្រះ ហើយជាលទ្ធផលមានអារម្មណ៍នូវភាពចម្រើនឡើងនៅក្នុងសេចក្តីជំនឿ ។
លូកា ១៧:១១-១៩
ព្រះយេស៊ូវព្យាបាលមនុស្សឃ្លង់ ១០នាក់
ផ្អែកលើអ្វីដែលអ្នកដឹងអំពីជំងឺឃ្លង់ សូមបំពេញសេចក្តីថ្លែងការណ៍ខាងក្រោម ៖ នៅអំឡុងសម័យព្រះគម្ពីរប៊ីប ការមានជំងឺឃ្លង់គឺជាការលំបាក ដោយសារ ។
ជំងឺឃ្លង់គឺជាជំងឺមួយដែលអាចនាំទៅរកពិការភាព និង សេចក្តីស្លាប់ ។ អ្នកជំងឺឃ្លង់ត្រូវបានដាក់ដាច់ដោយឡែកពីមនុស្សផ្សេងៗទាំងអស់ ដើម្បីការពារសុខភាពរបស់មនុស្សដទៃ ហើយពួកគេត្រូវបានតម្រូវឲ្យចាត់ទុកថា « មិនស្អាតស្អំ ! » ដើម្បីព្រមានមនុស្សគ្រប់គ្នាដែលទៅរកពួកគេ ( សូមមើល Bible Dictionary « Leper ») ។
សូមអាន លូកា ១៧:១១–១២ដោយរកមើលថាតើមាននរណាខ្លះដែលព្រះយេស៊ូវបានជួប នៅពេលទ្រង់បានឈប់នៅភូមិមួយអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងយេរូសាឡិម ។
ប្រសិនបើអ្នកជាម្នាក់ក្នុងចំណោមមនុស្សឃ្លង់ទាំងនោះ តើអ្នកនឹងមានអារម្មណ៍យ៉ាងដូចម្តេចខ្លះ នៅពេលអ្នកបានឃើញព្រះយេស៊ូវ ?
សូមមើល លូកា ១៧ ៖ ១៣–១៤ដោយរកមើលអ្វីដែលមនុស្សឃ្លង់នោះបាននិយាយទៅកាន់ព្រះអង្គសង្គ្រោះ និង ចម្លើយរបស់ទ្រង់ចំពោះពួកគេ ។
ក្រឹត្យវិន័យរបស់ម៉ូសេ បានតម្រូវថាមនុស្សឃ្លង់បង្ហាញខ្លួនពួកគេដល់ពួកសង្ឃ បន្ទាប់ពីពួកគេបានជាសះស្បើយ ដើម្បីត្រូវបានទទួលស្គាល់ឲ្យត្រឡប់ចូលទៅក្នុងសង្គមវិញ ( សូមមើល លេវីវិន័យ ១៤) ។ សូមគិតពីការគូសចំណាំនៅក្នុងព្រះគម្ពីររបស់អ្នកពីអ្វីដែលបានកើតឡើងនៅពេលមនុស្សឃ្លង់ទាំងនោះបានទៅបង្ហាញខ្លួនពួកគេដល់ពួកសង្ឃ ។
ចេញពី លូកា ១៧:១៤ យើងអាចរៀនថា យើងទទួលពរជ័យរបស់ព្រះអម្ចាស់ នៅពេលយើងធ្វើនូវអ្វីដែលទ្រង់បានត្រាស់បង្គាប់យើងឲ្យធ្វើ ។
សូមពិចារណាពីអ្វីដែលអាចនឹងកើតឡើង—របៀបដែលវានឹងផ្លាស់ប្តូរជីវិតរបស់អ្នក—គឺជាមនុស្សឃ្លង់ម្នាក់ដែលបានជាសះស្បើយពីជំងឺនោះ ។ តើអ្នកគិតថា អ្នកនឹងធ្វើអ្វីខ្លះនៅពេលអ្នកបានដឹងថា អ្នកត្រូវបានជាស្អាតពីជំងឺឃ្លង់នោះ ?
សូមអាន លូកា ១៧:១៥-១៩ដោយរកមើលរបៀបដែលមនុស្សឃ្លង់ម្នាក់មានប្រតិកម្មខុសប្លែកពីមនុស្សឃ្លង់ដទៃផ្សេងទៀត ។
សេចក្តីពិតមួយដែលយើងអាចរៀនពីមនុស្សឃ្លង់ម្នាក់នោះដែលបានត្រឡប់មកថ្លែងអំណរគុណនោះគឺថា វាសំខាន់ដើម្បីបង្ហាញអំណរគុណសម្រាប់ពរជ័យដែលយើងទទួលបាន ។
ហេតុអ្វីវាសំខាន់ដើម្បីបង្ហាញអំណរគុណរបស់យើងចំពោះព្រះសម្រាប់ពរជ័យដែលយើងទទួល ?
តើពេលខ្លះយើងអាចធ្វើដូចជាមនុស្សឃ្លង់ប្រាំបួននាក់ទៀតនោះដោយរបៀបណា ?
នៅពេលអ្នកអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ដោយប្រធាន ថូម៉ាស អេស ម៉នសុន សូមគូសចំណាំនូវអ្វីដែលលោកបានបង្រៀនថានឹងកើតឡើង នៅពេលយើងបង្ហាញ អំណរគុណ ចំពោះព្រះវរបិតានៅក្នុងឋានសួគ៌របស់យើង ៖ « បងប្អូនប្រុសស្រីរបស់ខ្ញុំ តើយើងចងចាំដើម្បីថ្លែងអំណរគុណចំពោះពរជ័យនានាដែលយើងទទួលដែរឬទេ ? ការថ្លែងអំណរគុណដោយស្មោះសរ គឺពុំគ្រាន់តែជួយយើងឲ្យទទួលស្គាល់ពរជ័យនានារបស់យើងឡើយ ប៉ុន្តែវាក៏ចាក់សោបើកទ្វារឋានសួគ៌ ហើយជួយយើងឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះផងដែរ » (« The Divine Gift of Gratitude » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៨៧ ) ។
អ្នកអាចគូសចំណាំនៅក្នុង លូកា ១៧:១៩ នូវអ្វីដែលព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលថាបានកើតឡើងចំពោះមនុស្សឃ្លង់នោះដែលបានថ្លែងអំណរគុណ ។
តើការថ្លែងអំណរគុណចំពោះព្រះអម្ចាស់សម្រាប់ពរជ័យនានាអាចជួយយើងឲ្យបានជាស្អាតតាមរបៀបណាខ្លះ ?
-
សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នូវពរជ័យនានាមកពីព្រះវរបិតាសួគ៌ដែលអ្នកមានអំណរគុណចំពោះពរជ័យទាំងនោះ ។ សូមសរសេរនូវកិច្ចការមួយចំនួន ដែលអ្នកអាចធ្វើនៅក្នុងជីវិតរបស់អ្នក ដែលបង្ហាញការថ្លែងអំណរគុណរបស់អ្នកសម្រាប់ពរជ័យទាំងនោះ ។
លូកា ១៧:២០-៣៧
ព្រះយេស៊ូវបង្រៀនអំពីការចេញមកនៃនគរព្រះ
ព្រះយេស៊ូវបានបង្រៀនអំពីការយាងមកជាលើកទីពីររបស់ទ្រង់នៅក្នុង លូកា ១៧:២០–៣៧។ អ្នកបានសិក្សាមាតិកាមួយចំនួននៃវគ្គបទគម្ពីរនេះរួចហើយ នៅពេលអ្នកបានសិក្សា ម៉ាថាយ ២៤ និង យ៉ូសែប ស្ម៊ីធ—ម៉ាថាយ។
-
សូមសរសេរឃ្លាខាងក្រោមនេះពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា លូកា ១៧ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖