សេចក្ដីណែនាំស្តីពីគម្ពីរ ពេត្រុសទី ១
ហេតុអ្វីសិក្សាគម្ពីរនេះ ?
ប្រធានបទដែលមាននៅពេញក្នុងសំបុត្រទីមួយរបស់ពេត្រុស គឺថាតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ នោះពួកសិស្សរបស់ព្រះអង្គសង្គ្រោះអាចស៊ូទ្រាំដោយស្មោះត្រង់ ហើយឆ្លើយតបចំពោះការរងទុក្ខ និង ការបៀតបៀន ។ គ្រប់ជំពូកទាំងអស់នៃពេត្រុសទី ១ ប្រាប់អំពីការសាកល្បង ឬ ការរងទុក្ខ ហើយពេត្រុស បានបង្រៀនថា ការស៊ូទ្រាំដោយអត់ធ្មត់ចំពោះការសាកល្បងគឺ « វិសេស… ជាងមាស » ហើយអាចជួយអ្នកជឿទទួលបាននូវ « សេចក្តីសង្គ្រោះដល់ព្រលឹង [ របស់ពួកគេ ] » ( ពេត្រុសទី ១ ១:៧, ៩ ) ។ ពេត្រុសក៏បានរំឭកពួកបរិសុទ្ធផងដែរអំពីអត្តសញ្ញាណរបស់ពួកគេក្នុងនាមជា « ពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ » ( ពេត្រុសទី ១ ២:៩ ) ។ តាមរយៈការសិក្សាអំពីការទូន្មានរបស់ពេត្រុសមាននៅក្នុងសំបុត្រនេះ អ្នកអាចទទួលបានសេចក្តីសង្ឃឹម ការលើកទឹកចិត្ត និង កម្លាំង ដែលអាចជួយអ្នកឆ្លងកាត់ឧបសគ្គនានា ដែលអ្នកជួបប្រទះ ។
តើនរណាបានសរសេរគម្ពីរនេះ ?
អ្នកសរសេរសំបុត្រនេះគឺ « ពេត្រុសជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ » ( ពេត្រុសទី ១ ១:១ ) ។
« ពីដើមគេស្គាល់ពេត្រុសថាជាស៊ីម្មាន ឬស៊ីម៉ូន ( ពេត្រុសទី ២ ១:១ ) គឺជាអ្នកនេសាទពីស្រុកបេតសៃដា រស់នៅក្រុងកាពើណិមជាមួយនឹងប្រពន្ធលោក ។ … ពេត្រុសត្រូវបានហៅជាមួយនឹងអនទ្រេ ជាប្អូនប្រុសរបស់លោក ឲ្យធ្វើជាសិស្សនៃព្រះយេស៊ូវគ្រីស្ទ ( ម៉ាថាយ ៤:១៨–២២; ម៉ាកុស ១:១៦–១៨; លូកា ៥:១–១១ ) ។ …
« …ព្រះអម្ចាស់ ទ្រង់បានរើសតាំង [ ពេត្រុស ] ឲ្យកាន់កូនសោទាំងឡាយនៃនគរនៅលើផែនដី ( ម៉ាថាយ ១៦:១៣–១៨ ) ។ …
« ពេត្រុសជាមេសាវកនៅសម័យលោក » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ពេត្រុស » scriptures.lds.org ) ។
ការសរសេររបស់ពេត្រុសបង្ហាញពីការរីកចម្រើនរបស់លោកពីអ្នកនេសាទសាមញ្ញម្នាក់ទៅជាសាវកដ៏អស្ចារ្យ ។
តើគម្ពីរនេះត្រូវបានសរសេរឡើងនៅពេលណា ហើយនៅកន្លែងណា ?
ពេត្រុសបានសរសេរសំបុត្រទីមួយនេះប្រហែលនៅចន្លោះ គ. ស. ឆ្នាំ ៦២ និង ៦៤ ។ លោកបានសរសេរសំបុត្រនោះពីក្រុង « បាប៊ីឡូន » ( ពេត្រុសទី ១ ៥:១៣ ) ប្រហែលវាជានិមិត្តសញ្ញអំពីទីក្រុងរ៉ូម ។
ជាទូទៅគេទទួលស្គាល់ថា ពេត្រុសបានស្លាប់អំឡុងការគ្រប់គ្រងរបស់ចក្រភពរ៉ូម នេរ៉ូ—ប្រហែលបន្ទាប់ពី គ. ស. ៦៤ នៅពេលនេរ៉ូបានចាប់ផ្តើមបៀតបៀនពួកគ្រីស្ទាន ( សូមមើល សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « ពេត្រុស » ) ។
តើគម្ពីរនេះត្រូវបានសរសេរដល់នរណា ហើយតើហេតុអ្វី ?
ពេត្រុសបានការលើខ្នងសំបុត្រនេះជូនដល់សមាជិកសាសនាចក្រដែលរស់នៅក្នុងខេត្តប្រាំនៃតំបន់អាស៊ី តូច ដែលមានទីតាំងនៅក្នុងប្រទេស តួកគីសព្វថ្ងៃ ( សូមមើល ពេត្រុសទី ១ ១:១ ) ។ ពេត្រុសបានចាត់ទុកអ្នកអានសំបុត្ររបស់លោកថាជា « ពួកអ្នករើសតាំង » នៃព្រះ ( ពេត្រុសទី ១ ១:២ ) ។ លោកបានសរសេរដើម្បីពង្រឹង និង លើកទឹកចិត្តពួកបរិសុទ្ធនៅក្នុង « ការសាក-លសេចក្តីជំនឿ [ របស់ពួកគេ ] » ( ពេត្រុសទី ១ ១:៧ ) ហើយរៀបចំពួកគេសម្រាប់ « ភ្លើងដ៏ក្តៅក្រហាយ » នាពេលអនាគត ( ពេត្រុសទី ១ ៤:១២ ) ។ សារលិខិតរបស់ពេត្រុសក៏បានបង្រៀនពួកគេ ពីរបៀបដើម្បីឆ្លើយតបចំពោះការបៀតបៀន ( សូមមើល ពេត្រុសទី ១ ២:១៩–២៣, ៣:១៤–១៥, ៤:១៣ ) ។
ការទូន្មានរបស់ពេត្រុសបានកើតឡើងចំពេលវេលា ដោយសារសមាជិកសាសនាចក្រកំពុងរៀបនឹងចូលទៅក្នុងដំណាក់កាលមួយនៃការបៀតបៀនដ៏ខ្លាំងក្លា ។ រហូតដល់ ឆ្នាំ ៦៤ នៃ គ. ស. គឺប្រហែលជាគ្រាដែលពេត្រុសបានសរសេរសំបុត្រនេះ ដែលរដ្ឋាភិបាលរ៉ូមនៅអត់ទ្រាំនឹងពួកគ្រីស្ទាននៅ ឡើយ ។ នៅក្នុងខែកក្កដា ឆ្នាំនោះភ្លើងបានឆេះបំផ្លិចបំផ្លាញទីក្រុងរ៉ូមយ៉ាងខ្លាំង ហើយមានពាក្យចចាមអារ៉ាមថា អធិរាជ នេរ៉ូផ្ទាល់បានបញ្ជាឲ្យដុតភ្លើងនោះឆេះឡើង ។ នៅក្នុងកិច្ចខិតខំដើម្បីចៀសវាងពីការស្តីបន្ទោសចំពោះរឿងនោះ អ្នកមានមុខមាត់សាសន៍រ៉ូមមួយចំនួនបានចោទប្រកាន់ពួកគ្រីស្ទានថា ជាអ្នកចាប់ផ្តើមដុតភ្លើងនោះ ។ ការណ៍នេះបាននាំឲ្យមានការបៀតបៀនដ៏ខ្លាំងក្លាលើពួកគ្រីស្ទានទូទាំងចក្រភពរ៉ូម ។ ពេត្រុសបានបង្ហាញថា នៅពេលពួកបរិសុទ្ធ « រងទុក្ខ ដោយព្រោះជាពួកគ្រីស្ទានវិញ » ( ពេត្រុសទី ១ ៤:១៦ ) នោះពួកគេអាចមានអារម្មណ៍រីករាយ ដោយដឹងថាពួកគេកំពុងដើរតាមដានព្រះបាទរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ពេត្រុសទី ១ ២:១៩–២៣. ៣:១៥–១៨. ៤:១២–១៩ ) ។
តើគម្ពីរនេះមានលក្ខណៈពិសេសអ្វីខ្លះ ?
នៅអំឡុងពេលនៃការរងទុក្ខវេទនា និង ការបៀតបៀនដែលពួកបរិសុទ្ធបានជួបនៅគ្រានោះ ពេត្រុសបានទូន្មានពួកគេឲ្យចេះស្រឡាញ់គ្នា ហើយមានចិត្តទន់ភ្លន់ ( សូមមើល ពេត្រុសទី ១ ១:២២, ៣:៨–៩ ) ។ ជាងនេះទៅទៀត យើងអាននៅក្នុង ពេត្រុសទី ១ ៥ ថា ពេត្រុសបានពន្យល់ពីរបៀបដែលថ្នាក់ដឹកនាំសាសនាចក្រគប្បីពង្រឹងក្រុមជំនុំរបស់ពួកគេ ។
សំបុត្រនេះប្រហែលជាមានឯកសារដ៏ច្បាស់នៃព្រះគម្ពីរប៊ីបអំពីពិភពវិញ្ញាណ និង កិច្ចការនៃសេចក្តីសង្គ្រោះ ដែលកើតឡើងនៅទីនោះ ។ ពេត្រុសបានមានប្រសាសន៍ខ្លីៗថា ព្រះយេស៊ូវគ្រីស្ទបានយាងទៅពិភពវិញ្ញាណ ដើម្បីផ្សាយដំណឹងល្អដល់វិញ្ញាណដែលមិនគោរពប្រតិបត្តិ ដែលបានរស់នៅក្នុងជំនាន់របស់ណូអេ ( សូមមើល ពេត្រុសទី ១ ៣:១៨–២០ ) ។ លោកបានបន្ថែមថា ដំណឹងល្អត្រូវបានផ្សាយដល់មរណជន ដើម្បីផ្តល់ឱកាសដល់ពួកគេម្នាក់ៗទទួលការជំនុំជម្រះតាមលក្ខខណ្ឌដូចគ្នានឹងអ្នកនៅរស់ផងដែរ ( សូមមើល ពេត្រុសទី ១ ៤:៥–៦ ) ។ នៅក្នុងសម័យកាន់កាប់ត្រួតត្រារបស់យើង ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បានពិចារណាអំពីអត្ថន័យនៅក្នុង ពេត្រុសទី ១ ៣:១៨–២០ និង ពេត្រុសទី ១ ៤:៦ កាលលោកបានទទួលវិវរណៈបព្ជាក់ពីគោលលទ្ធិទាក់ទងនឹងពិភពវិញ្ញាណ ( សូមមើល គ. និង ស. ១៣៨ ) ។
គម្រោងមេរៀន
ពេត្រុសទី ១ ១:១–២:១០ ។ ពេត្រុសសរសេរពីតម្រូវការចាំបាច់ដើម្បីឲ្យពួកបរិសុទ្ធរីកចម្រើនខាងវិញ្ញាណ ដើម្បីទទួលបានរង្វាន់ដ៏នៅអស់កល្បជានិច្ច ។ ការសន្យានៃសេចក្តីសង្គ្រោះកើតមានឡើង តាមរយៈព្រះលោហិតដ៏មានតម្លៃរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពួកបរិសុទ្ធគឺជា « ពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ » ( ពេត្រុសទី ១ ២:៩ ) ដែលជាអ្នកទទួលបាននូវសេចក្តីមេត្តាករុណានៃព្រះ ។
ពេត្រុសទី ១ ២:១១–៣:១២ ។ ពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ គោរពដល់មនុស្សទាំងអស់ ហើយចុះចូលនឹងអាជ្ញាធរ និង ច្បាប់រដ្ឋប្បវេណី ។ ពេត្រុសបានថ្លែងពីក្រុមជាក់លាក់នៃពួកបរិសុទ្ធ ៖ ពលរដ្ឋ អ្នកបម្រើ ភរិយា និង ស្វាមីដែលមានសេរីភាព ។
ពេត្រុសទី ១ ៣:១៣–៥:១៤ ។ នៅពេលការបៀតបៀនបណ្តាលឲ្យពួកបរិសុទ្ធរងទុក្ខ នោះពួកគេចងចាំពីគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបានរងទុក្ខ ហើយក្រោយមកបានទទួលភាពតម្កើងឡើង ។ ព្រះយេស៊ូវគ្រីស្ទបានផ្សាយដំណឹងល្អដល់មរណជន ប្រយោជន៍ឲ្យពួកគេអាចទទួលបាននូវការជំនុំជម្រះយុត្តិធម៌ ។ ថ្នាក់ដឹកនាំសាសនាចក្រធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ក្នុងការមើលថែហ្វូងចៀមរបស់ព្រះ ។ ពួកបរិសុទ្ធបន្ទាបខ្លួន ហើយដាក់ការទុកចិត្តរបស់ពួកគេលើព្រះ ។