មេរៀនទី ១៨ ៖ ថ្ងៃទី ៣
កិច្ចការ ៩
សេចក្ដីផ្ដើម
ព្រះយេស៊ូវបានបង្ហាញព្រះកាយដល់សុល ( ដែលក្រោយមកត្រូវបានហៅថា ប៉ុលវិញ ) នៅពេលលោកធ្វើដំណើរទៅស្រុកដាម៉ាស បន្ទាប់មកសុលបានងងឹតភ្នែក ។ បន្ទាប់ពីអាន៉្នានាសបានព្យាបាលលោកហើយ សុលបានទទួលបុណ្យជ្រមុជទឹក ហើយបានចាប់ផ្តើមផ្សាយនៅក្នុងស្រុកដាម៉ាស ។ ក្រោយមក សុលបានទៅក្រុងយេរូសាឡិម ហើយបានចូលរួមជាមួយពួកសិស្សនៅទីនោះ ប៉ុន្តែនៅពេលពួកក្រិកកាន់សាសនាយូដាដែលនៅក្នុងក្រុងយេរូសាឡិមនោះគំរាមកំហែងអាយុជីវិតសុល នោះពួកសាវកបានបញ្ជូនលោកឲ្យទៅក្រុងតើសុស ។ ពេត្រុសបានសម្ដែងអព្ភូតហេតុនៅក្នុងភូមិលីដា និង ក្រុងយ៉ុបប៉េ
កិច្ចការ ៩:១-៩
ព្រះយេស៊ូវបានបង្ហាញព្រះកាយទ្រង់ដល់សុលនៅតាមផ្លូវទៅស្រុកដាម៉ាស
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនអំពីសេចក្តីត្រូវការរបស់យើងដើម្បីអភ័យទោស ៖
« មានអ្វីមួយនៅក្នុងខ្លួនពួកយើងគ្រប់គ្នាដែលបរាជ័យក្នុងការអភ័យទោស និង បំភ្លេចកំហុសពីមុនៗនៅក្នុងជីវិតនេះជាពិសេស—គឺកំហុសពីមុនៗរបស់យើង ឬ កំហុសរបស់មនុស្សដទៃទៀត ។ វាពុំមែនជាការល្អទេ ។ នោះពុំមែនជាពួកគ្រិស្តសាសនិកទេ ។ វាផ្ទុយយ៉ាងខ្លាំងទៅនឹងភាពរុងរឿង និង ភាពអស្ចារ្យនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ …
«ចូរឲ្យមនុស្សប្រែចិត្ត ។ ចូរឲ្យមនុស្សរីកចម្រើនឡើង ។ ចូរជឿថាមនុស្សអាចផ្លាស់ប្តូរ ហើយកែខ្លួនឲ្យប្រសើរឡើងបាន ។ តើនោះគឺជាសេចក្តីជំនឿឬ ? មែនហើយ ! តើនោះគឺជាសេចក្តីសង្ឃឹមឬ ? មែនហើយ ! តើនោះគឺជាសេចក្តីសប្បុរសឬ ? មែនហើយ ! លើសពីអ្វីៗទាំងអស់ទៅទៀតនោះគឺជាសេចក្តីសប្បុរស ដែលជាសេចក្តីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះគ្រីស្ទ » ( « The Best Is Yet to Be » Ensign ខែ មករា ឆ្នាំ ២០១០ ទំព័រ ២៥–២៦ ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើស្ថានភាពណាខ្លះ ដែលវាសំខាន់ចំពោះអ្នក ដើម្បីឲ្យអ្នកដទៃផ្លាស់ប្តូរ និង កែខ្លួនឲ្យប្រសើរឡើង ហើយជឿថាពួកគេអាចធ្វើបែបនោះបាន ?
-
ហេតុអ្វីវាសំខាន់ចំពោះអ្នក ដែលត្រូវជឿថាអ្នកអាចផ្លាស់ប្តូរ និង កែខ្លួនឲ្យប្រសើរឡើងបាន ?
-
នៅពេលអ្នកសិក្សា កិច្ចការ ៩ សូមរកមើលសេចក្តីពិតដែលយើងអាចរៀនពីបទពិសោធន៍របស់នរណាម្នាក់ដែលបានផ្លាស់ប្តូរ និង កែខ្លួនឲ្យប្រសើរឡើង ។
អត្ថបទភាគច្រើនក្នុង កិច្ចការ ៩ ផ្តោតទៅលើបទពិសោធន៍របស់បុរសម្នាក់ឈ្មោះសុល ។ « សុលកើតនៅក្រុង តើសុស ជាទីក្រុងមួយនៅក្រិក នៅក្នុងស្រុកគីលីគា ( សូមមើល កិច្ចការ ២១:៣៩) ។ លោកគឺជាប្រជាពលរដ្ឋរ៉ូមតាំងពីកើតមក ( សូមមើល កិច្ចការ ១៦:៣៧) ហើយនិយាយភាសា ‹ ហេព្រើរ › ( ប្រហែលជាភាសាអារ៉ាម ) និង ភាសាក្រិក (កិច្ចការ ២១:៣៧–៤០) ។ លោកគឺជាសាសន៍យូដាមកពីពូជអំបូរបេនយ៉ាមីន ( សូមមើល រ៉ូម ១១:១ ) ហើយជាពួកផារិស៊ីដ៏ស្មោះត្រង់ ( សូមមើល កិច្ចការ ២៣:៦) ជាអ្នកដែលខ្នះខ្នែងតាមចាប់ និង ធ្វើបាបដល់អ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ( សូមមើល កិច្ចការ ៩:១–២ ) ។ ក្រោយមក គេស្គាល់ឈ្មោះលោកជាភាសា ឡាតាំងថា ប៉ុល [ សូមមើល កិច្ចការ ១៣:៩ ] » (New Testament Student Manual [ Church Educational System manual ឆ្នាំ ២០១៤ ]ទំព័រ ២៩៤) ។ សុលបានរៀនសូត្រនៅក្រុងយេរូសាឡិមតាមរយៈលោកកាម៉ាលាល ( សូមមើល កិច្ចការ ២២:៣ ) ជាពួកផារិស៊ីដ៏ល្បីល្បាញ និង គ្រូបង្រៀនច្បាប់របស់ពួកសាសន៍យូដា ( សូមមើល កិច្ចការ ៥:៣៤–៤០ ) ។
ដំបូងយើងអានអំពីសុលនៅក្នុង កិច្ចការ ៧ដែលបានពិពណ៌នាពីការចោលដុំថ្មលើសិស្សម្នាក់ឈ្មោះ ស្ទេផាន ។ អ្នកអាចរំឭកថា អស់អ្នកដែលចោលដុំថ្មលើស្ទេផាន ( បានផ្ញើអាវវែងពួកគេដាក់នៅទៀបជើងរបស់សុល ( សូមមើល កិច្ចការ ៧:៥៨–៥៩ ) ។
សូមមើល កិច្ចការ ៨:១–៣, ៩:១–២ ដោយរកមើលថា តើសុលបានប្រព្រឹត្តបែបណាខ្លះចំពោះអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ។ វាអាចមានប្រយោជន៍ដែលត្រូវដឹងថាពាក្យ ចាប់ទាញអូស ( កិច្ចការ ៨:៣ ) មានន័យថា ចាប់ទាញដោយបង្ខំ ។
សូមអាន កិច្ចការ ៩:៣-៦ ដោយរកមើលអ្វីដែលសុលបានជួបនៅពេលលោកបានធ្វើដំណើរទៅស្រុកដាម៉ាស ដើម្បីចាប់ខ្លួនពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទដែលរស់នៅទីនោះ ។
សូមកត់ចំណាំឃ្លាថា « ធាក់ជល់នឹងជន្លួញ » នៅក្នុង កិច្ចការ ៩:៥ ។ « ‹ ជន្លួញ › សំដៅលើជន្លួញ ដែលជាលំពែង ឬ ឈើស្រួចដែលប្រើប្រាស់ដើម្បីចាក់សត្វ ឲ្យពួកវាដើរទៅមុខ ។ ពេលខ្លះ ចៀសជាងដើរទៅមុខ សត្វដែលចចេសរឹងរូសនោះធាក់តបតមកវិញ ដោយធាក់ ‹ ជល់នឹងជន្លួញ › ។ ប្រតិកម្មបែបនេះកាន់តែបន្ថែមការឈឺចាប់ឡើង នៅពេលសត្វនោះនាំមកនូវការឈឺចាប់កាន់តែខ្លាំងឡើងភ្លាមៗពីម្ចាស់របស់វា ។ ព្រះអង្គសង្គ្រោះកំពុងមានព្រះបន្ទូលប្រាប់យ៉ាងច្បាស់ថា ប្រសិនបើសុលបន្តវាយប្រឆាំងនឹងទ្រង់ នោះលោកមានតែនាំមកនូវក្តីឈឺចាប់លើខ្លួនឯងតែប៉ុណ្ណោះ ។ នៅក្នុងអក្សរសាស្ត្រក្រិក ‹ ធាក់ជល់នឹងជន្លួញ › ត្រូវបានស្គាល់ថាជារឿងប្រៀបធៀបមួយដល់ការប្រឆាំងនឹងព្រះ » (New Testament Student Manual ទំព័រ ២៩៥ ) ។
សូមកត់ចំណាំសំណួររបស់សុលនៅក្នុង កិច្ចការ ៩:៦ ។ តើសំណួរនេះអាចបង្រៀនអ្នកអ្វីខ្លះអំពីសុល ?
យោងតាមការបកប្រែដោយយ៉ូសែប ស្ម៊ីធនៃ កិច្ចការ ៩:៧ អស់អ្នកដែលធ្វើដំណើរជាមួយសុលបានឃើញពន្លឺនោះដែរ ប៉ុន្តែពុំបានឮសំឡេងរបស់ព្រះយេស៊ូវឡើយនៅពេលទ្រង់មានបន្ទូលទៅកាន់សុល ( សូមមើលការបកប្រែដោយយ៉ូសែប ស្ម៊ីធ កិច្ចការ ៩:៧ [ នៅក្នុង កិច្ចការ ៩:៧] សូមមើលផងដែរ កិច្ចការ ២២:៩ ) ។
បន្ទាប់ពីការនិមិត្តនោះ សុលបានងងឹតភ្នែក ។ លោកត្រូវបានគេនាំទៅស្រុក ដាម៉ាស ហើយលោកពុំបានបរិភោគ ឬ ផឹកអ្វីឡើយអស់រយៈពេលបីថ្ងៃ ។
សូមស្រមៃធ្វើជាសុល ។ ប្រសិនបើអ្នកបានបៀតបៀនយ៉ាងឃោរឃៅលើពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ តើអ្នកអាចគិត និង មានអារម្មណ៍បែបណាខ្លះអំឡុងគ្រាបែបនេះ ?
កិច្ចការ ៩:១០-២២
លោកអាន៉្នានាសនៅស្រុកដាម៉ាសបានព្យាបាល ជ្រមុជទឹក ហើយបង្រៀនសុលអំពីព្រះយេស៊ូវគ្រីស្ទ
សូមអាន កិច្ចការ ៩:១០-១២ ដោយរកមើលអ្វីដែលព្រះអម្ចាស់បានដឹកនាំអាន៉្នានាស ដែលជាសមាជិកសាសនាចក្រសុចរិតនៅក្នុងស្រុកដាម៉ាសឲ្យធ្វើ ។
សូមចាំថា គោលបំណងដំបូងរបស់សុលគឺទៅស្រុក ដាម៉ាសដើម្បីចាប់ខ្លួនមនុស្សដូចជាអាន៉្នានាសនេះឯង ។ ប្រសិនបើអ្នកជាអាន៉្នានាសវិញ ហើយបានដឹងពីកិត្តិនាមរបស់សុល តើអ្នកគិតអំពីអ្វីខ្លះ បន្ទាប់ពីបានទទួលការណែនាំនេះមកពីព្រះអម្ចាស់នោះ ?
សូមអាន កិច្ចការ ៩:១៣-១៦ ដោយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនអាន៉្នានាសអំពីសុល ។
តើការយល់ឃើញរបស់ព្រះអម្ចាស់ ខុសពីការយល់របស់អាន៉្នានាសអំពីសុលយ៉ាងណាខ្លះ ?
សូមកត់ចំណាំនៅក្នុង កិច្ចការ ៩:១៥ មានកិច្ចការពិសេសេដែលព្រះអម្ចាស់បានជ្រើសរើសសុលឲ្យធ្វើ ។ តាមអ្វីដែលអ្នកបានដឹងពីជីវប្រវត្តិរបស់សុល តើមានអ្វីខ្លះ ដែលបានរៀបចំខ្លួនលោកដើម្បីបង្រៀនដល់ « ពួកសាសន៍ដទៃ និងពួកស្តេច ហើយនិងពួកកូនចៅសាសន៍អ៊ីស្រាអែលផង ? » ( អ្នកអាចមើលការពិពណ៌នាអំពីសុលដែលអ្នកបានអានកាលពីដំបូងនៅក្នុងមេរៀននេះ ) ។
យោងតាម កិច្ចការ ៩:១៦ តើព្រះអម្ចាស់បានមានព្រះបន្ទូលថាមានអ្វីកើតឡើងទៀតចំពោះប៉ុល ទោះបីជាលោកបានក្លាយជាប្រដាប់ដ៏ជម្រើសនៅចំពោះពួកសាសន៍ដទៃ និង ពួកស្តេច ?
សេចក្តីពិតពីរយ៉ាងដែលយើងអាចរៀនពី កិច្ចការ ៩:១៣–១៦ គឺថា ព្រះអម្ចាស់ទតឃើញយើងថាយើងអាចក្លាយជាមនុស្សបែបណា ហើយ ព្រះអម្ចាស់ទតឃើញពីសក្តានុពលរបស់យើង ដើម្បីជួយទ្រង់នៅក្នុងកិច្ចការរបស់ព្រះអង្គ ។
-
នៅពេលអ្នកគិតអំពីសេចក្តីពិតទាំងនេះ សូមស្រមៃពីរបៀបដែលព្រះទតឃើញពីខ្លួនអ្នក ? នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកសូមគូសរូបភាពសាមញ្ញមួយអំពីខ្លួនអ្នក ហើយសរសេរពីសមត្ថភាព និង អត្តចរិតមួយចំនួនរបស់អ្នក ដែលអ្នកគិតថា ព្រះអម្ចាស់អាចប្រើវាដើម្បីជួយទ្រង់នៅក្នុងកិច្ចការរបស់ទ្រង់ ។
អាន៉្នានាសបានប្រសិទ្ធពរឲ្យសុលមើលឃើញវិញ ។
សូមកត់ចំណាំនៅក្នុង កិច្ចការ ៩:១៧ ថា អាន៉្នានាស បានប្រសិទ្ធពរឲ្យសុលមើលឃើញវិញ ហើយពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធ ។ យោងតាម កិច្ចការ ៩:១៨–២០ តើព្រះបានឲ្យសុលឃើញវិញនៅពេលណា តើការយល់ឃើញរបស់សុលចំពោះព្រះអម្ចាស់ពេលនោះ ខុសពីការយល់ឃើញពីមុនរបស់លោកចំពោះព្រះយ៉ាងណាខ្លះ ?
ការប្រែចិត្ត បុណ្យជ្រមុជទឹក និង ការបង្រៀនរបស់សុលបានបង្ហាញពីសេចក្តីជំនឿរបស់លោកលើព្រះយេស៊ូវគ្រីស្ទ និង ការចុះចូលរបស់លោកចំពោះព្រះឆន្ទៈរបស់ព្រះអម្ចាស់ ។
សូមអាន កិច្ចការ ៩:២១-២២ ដោយរកមើលថាតើប្រជាជនបានមានប្រតិកម្មបែបណាចំពោះការបង្រៀនរបស់សុល ។
សំណួរដែលសុលបានសួរព្រះអម្ចាស់នៅក្នុង កិច្ចការ ៩:៦ បានបង្ហាញពីការបន្ទាបខ្លួន និង បំណងប្រាថ្នារបស់លោកដើម្បីចុះចូលនឹងព្រះឆន្ទៈរបស់ព្រះអម្ចាស់ ។ ដូចជាសុលដែរ ប្រសិនបើយើងចុះចូលតាមព្រះឆន្ទៈរបស់ព្រះអម្ចាស់ នោះយើងអាចផ្លាស់ប្ដូរ ហើយអាចបំពេញសក្ដានុពលដែលទ្រង់ទតឃើញនៅក្នុងខ្លួនយើង ។
ដើម្បីជួយអ្នកឲ្យយល់ពីអត្ថន័យនៃការចុះចូលទៅនឹងព្រះឆន្ទៈរបស់ព្រះអម្ចាស់ សូមស្រមៃគិតពីការមានចង្កៀងដីឥដ្ឋមួយដែលទន់ ហើយចង្កៀងមួយទៀតដែលរឹង ។ តើការព្យាយាមឆ្លាក់អ្វីមួយដោយប្រើដីឥដ្ឋទន់ នឹងការព្យាយាមឆ្លាក់អ្វីមួយដោយប្រើដីឥដ្ឋរឹងខុសគ្នាយ៉ាងណាខ្លះ ?
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើដីឥដ្ឋពីរបែបផ្សេងគ្នានេះ អាចប្រដូចទៅនឹងការចុះចូលរបស់បុគ្គលម្នាក់ចំពោះព្រះឆន្ទៈព្រះអម្ចាស់យ៉ាងដូចម្ដេច ?
-
តើការចុះចូលទៅនឹងព្រះអម្ចាស់បានជួយអ្នក ឬ អ្នកដទៃឲ្យផ្លាស់ប្តូរ និង បំពេញសក្ដានុពលដែលព្រះអម្ចាស់ទតឃើញនៅក្នុងខ្លួនអ្នក ឬ ពួកគេយ៉ាងដូចម្តេចខ្លះ ?
-
សូមពិចារណាអំពីសំណួររបស់ប៉ុលថា « ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្ដេច ? » ( កិច្ចការ ៩:៦ ) អនុវត្តនៅក្នុងជីវិតផ្ទាល់របស់អ្នក ។
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀន ៖ « [ បុគ្គល ] ម្នាក់មិនអាចសួរសំណួរណាមួយនៅក្នុងជីវិតរបស់ [ ខ្លួន ] ដែលសំខាន់ ជាងសំណួរដែលប៉ុលបានសួរឡើយ ៖ ‹ …ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្ដេច ? › [ បុគ្គល ] ម្នាក់ពុំអាចធ្វើសកម្មភាពណាប្រសើរជាងការដើរតាមផ្លូវដែលនឹងនាំចម្លើយដល់ [ ខ្លួន ] ចំពោះសំណួរនោះ ហើយបន្ទាប់មកធ្វើតាមចម្លើយនោះទេ » ( « Listen to a Prophet’s Voice » Ensign ខែ មករា ឆ្នាំ ១៩៧៣ ទំព័រ ៥៧ ) ។
សូមបន្តអធិស្ឋាន និង ស្វែងរកចម្លើយចំពោះសំណួរនេះដោយស្មោះសរ ហើយធ្វើតាមចម្លើយនានាដែលអ្នកបានទទួល ។
កិច្ចការ ៩:២៣-៣១
ជីវិតរបស់សុលត្រូវបានគេគំរាមកំហែងនៅក្នុងស្រុកដាម៉ាស ហើយក្រោយមកនៅក្នុងក្រុងយេរូសាឡិម ហើយពួកសាវកបានបញ្ជូនលោកទៅស្រុក តើសុស
នៅក្នុង កិច្ចការ ៩:២៣–២៦ យើងរៀនថាសាសន៍យូដានៅក្នុងស្រុក ដាម៉ាសរួមគំនិតសម្លាប់សុល ប៉ុន្តែសមាជិកសាសនាចក្របានជួយលោកឲ្យរត់គេចពីទីក្រុង ។ យើងក៏បានអានថា សុលបានទៅក្រុងយេរូសាឡិម នៅទីនោះលោក « [ ខំ ] ចូលទៅឯពួកសិស្ស ៖ តែគេខ្លាចគាត់ទាំងអស់គ្នា គេមិនជឿថា គាត់ជាសិស្សទេ » ( កិច្ចការ ៩:២៦ ) ។
តើអ្នកគិតថា ហេតុអ្វីសមាជិកសាសនាចក្រមានចិត្តស្ទាក់ស្ទើរក្នុងការជឿថាសុលបានក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ?
នៅក្នុង កិច្ចការ ៩:២៧–៣១ យើងបានអានថា បាណាបាស ដែលជាសមាជិកម្នាក់នៃសាសនាចក្រ ( សូមមើល កិច្ចការ ៤:៣៦–៣៧) បាននាំសុលទៅឯពួកសាវក ហើយបានប្រាប់ពួកលោកអំពីការនិមិត្តរបស់សុល និង ការបង្រៀនដ៏អង់អាចរបស់លោកនៅក្នុងស្រុក ដាម៉ាស ។ ក្រោយមកសមាជិកសាសនាចក្របានស្វាគមន៍សុលដោយក្តីរាប់អាន ។ នៅពេលពួកក្រិកកាន់សាសនាយូដា នៅក្រុងយេរូសាឡិមបានព្យាយាមសម្លាប់សុល នោះអ្នកដឹកនាំសាសនាចក្របានបញ្ជូនលោកទៅស្រុក តើសុស ។ នៅក្នុង កិច្ចការ ៩:៣១ យើងក៏រៀនផងដែរថា សមាជិកសាសនាចក្របានជួបនូវភាពសុខសាន្ត និង ការចម្រុងចម្រើននៅក្នុងស្រុកយូដា កាលីឡេ និង សាម៉ារី ។
កិច្ចការ ៩:៣២-៤៣
ពេត្រុសសម្ដែងអព្ភូតហេតុនៅក្នុងភូមិលីដា និង ក្រុងយ៉ុបប៉េ
សូមគិតពីមនុស្សម្នាក់ដែលអ្នកចង់ជួយឲ្យគាត់ត្រឡប់មករកព្រះអម្ចាស់ និង ជឿលើទ្រង់វិញ ។ នៅពេលអ្នកសិក្សាខគម្ពីរដែលនៅសល់ក្នុង កិច្ចការ ៩សូមរកមើលរបៀបមួយ ដែលអ្នកអាចជួយបុគ្គលម្នាក់នោះ និង មនុស្សដទៃឲ្យត្រឡប់មករកព្រះអម្ចាស់វិញ ។
កិច្ចការ ៩:៣២–៣៥ និង កិច្ចការ ៩:៣៦–៤២ ពិពណ៌នាពីអព្ភូតហេតុដែលពេត្រុសបានសម្ដែងនៅក្នុងភូមិលីដា និង ក្រុងយ៉ុបប៉េ ។ នៅពេលអ្នកអានខគម្ពីរទាំងនេះ សូមរកមើលអព្ភូតហេតុដែលពេត្រុសបានសម្ដែង ហើយថាតើមនុស្សមានប្រតិកម្មបែបណា ។ ការពន្យល់តទៅនេះអាចជាជំនួយ ៖ ការបកប្រែដោយយ៉ូសែប ស្ម៊ីធ កិច្ចការ ៩:៣២ អានថា « នៅពេលពេត្រុសកំពុងដើរចុះឡើងគ្រប់ ភូមិភាគទាំងអស់នេះ » ( អក្សរទ្រេតត្រូវបានបន្ថែម ) ។ ដាក់ទាន ( កិច្ចការ ៩:៣៦ ) គឺជាទម្លាប់នៃការផ្តល់ទានដល់ជនក្រីក្រ ។ ពាក្យ នៅជិត នៅក្នុង ខទី ៣៨ មានន័យថា នៅក្បែរ ហើយពាក្យ បង្ហាញ នៅក្នុង ខទី ៣៩ មានន័យថាឲ្យមើល ។
តើប្រជាជននៅក្នុងភូមិលីដា និង ប្រជាជននៅក្នុងក្រុងយ៉ុបប៉េ បានមានប្រតិកម្មបែបណាចំពោះការបម្រើរបស់ពេត្រុសនោះ ? គោលការណ៍មួយដែលយើងអាចរៀនចេញពីគំរូរបស់ពេត្រុសគឺថា តាមរយៈការបម្រើមនុស្សដទៃ នោះយើងអាចជួយពួកគេឲ្យត្រឡប់មករកព្រះអម្ចាស់ ហើយជឿលើទ្រង់វិញ ។
ការប្រសិទ្ធពរដោយបព្វជិតភាពគឺជាវិធីមួយនៃការបម្រើមនុស្សដទៃ ។ គំរូរបស់ តេប៊ីថា ( ឬ នាងក្តាន់ ) នៅក្នុង កិច្ចការ ៩:៣៦, ៣៩ បង្ហាញពីរបៀបមួយដែលយើងអាចបម្រើដល់អ្នកដទៃ ។ ការបាន « ធ្វើគុណជាច្រើន » ( កិច្ចការ ៩:៣៦ ) និង បម្រើអ្នកដទៃអាចជួយពួកគេឲ្យត្រឡប់មករកព្រះអម្ចាស់វិញ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើនៅពេលណាដែរ ដែលការធ្វើគុណរបស់មនុស្សម្នាក់ផ្សេងទៀត បានជួយអ្នក ឬ អ្នកដទៃទៀតឲ្យត្រឡប់មករកព្រះអម្ចាស់ និង ជឿលើទ្រង់វិញ ?
-
តើមានមធ្យោបាយណាខ្លះ ដែលអ្នកអាចបម្រើដល់អ្នកដទៃបាន ? ( សូមបញ្ជាក់ ហើយកត់ត្រាគំនិតពីរ ឬ បី ) ។
-
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា កិច្ចការ ៩ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖