ថ្នាក់​សិក្ខាសាលា
វិវរណៈ ១៥–១៩


វិវរណៈ ១៥–១៩

« កូនចៀមនឹងឈ្នះគេ »

រូបភាព
“He Comes Again to Rule and Reign” by Mary R. Sauer. Jesus Christ is descending to Earth at his Second Coming. There are men, women, and children surrounding him. He is wearing a red robe and is looking down at those who are gathering.

តើអ្នកគិតដល់អ្វីខ្លះ នៅពេលអ្នកគិតអំពីថ្ងៃចុងក្រោយដែលបានព្យាករទុកនោះ ? យ៉ូហាន ដែលជាអ្នកទទួលវិវរណៈបានគូររូបភាពដ៏រស់រវើកអំពីការបំផ្លិចបំផ្លាញ និងអំពើទុច្ចរិតដែលនឹងមានពាសពេញពិភពលោកនេះ ។ ប៉ុន្តែកាលៈទេសៈទាំងនេះនឹងមិននៅយូរឡើយ ។ ព្រះយេស៊ូវគ្រីស្ទ « នឹងឈ្នះគេ … ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយជាស្តេចលើអស់ទាំងស្តេច » ( វិវរណៈ ១៧:១៤ ) ។ មេរៀននេះអាចជួយអ្នកឲ្យពឹងផ្អែកទៅលើព្រះយេស៊ូវគ្រីស្ទបានកាន់តែមានទំនុកចិត្តជាងមុន នៅពេលអ្នកប្រឈមមុខនឹងបញ្ហានៅថ្ងៃចុងក្រោយ ។

គ្រោះកាច ការសាកល្បង និងសេចក្តីជំនឿលើព្រះអម្ចាស់

រូបភាព
Illustration of angels pouring out the bowls of wrath onto the earth from the book of Revelation.

ជាផ្នែកមួយនៃការនិមិត្តរបស់យ៉ូហាន ព្រះអម្ចាស់បានបង្ហាញយ៉ូហានទេវតាប្រាំពីរអង្គ ដែលកំពុងចាក់ចេញនូវគ្រោះកាចផ្សេងៗមកលើមនុស្សអាក្រក់នៅថ្ងៃចុងក្រោយ ។ គ្រោះកាចទាំងនេះរួមមានដំបៅ ទឹកប្រែទៅជាឈាម អំណាចកម្ដៅជាខ្លាំង ភាពងងឹតសូន្យសុង សេចក្តីទុក្ខលំបាក ផ្គរលាន់ និងផ្លេកបន្ទោរ ការរញ្ជួយដី និងព្រិលយ៉ាងធំៗ ( សូមមើល វិវរណៈ ១៦ ) ។

សូមសញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ៖

  • តើអ្នកដឹងអ្វីទៀតអំពីការសាកល្បង និងអំពើទុច្ចរិតនៃថ្ងៃចុងក្រោយ ? តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការសាកល្បងទាំងនេះ ?

  • តើអ្នកមានទំនុកចិត្តយ៉ាងណាដែលថា ព្រះអម្ចាស់អាចជួយអ្នកឲ្យឆ្លងកាត់ការសាកល្បងទាំងឡាយដែលអ្នកអាចប្រឈមមុខ ? ហេតុអ្វីទៅ ?

មុនពេលយ៉ូហានបានសរសេរអំពីការបំផ្លិចបំផ្លាញ និងការសាកល្បងដែលនឹងញាំញីមនុស្សនៅលើផែនដីនៅថ្ងៃចុងក្រោយបង្អស់ លោកបានរៀបរាប់អំពីអ្វីផ្សេងទៀត ។ សូមអាន វិវរណៈ ១៥:២–៤ ហើយព្យាយាមស្រមៃពីអ្វីដែលយ៉ូហានបានឃើញ ។

  • ហេតុអ្វីបានជាវាអាចមានប្រយោជន៍ក្នុងការរៀនអំពីពួកបរិសុទ្ធដ៏ខ្ពង់ខ្ពស់ដែលរស់នៅក្នុងវត្តមានរបស់ព្រះ មុនពេលអានអំពីគ្រោះកាចដែលយ៉ូហានបានពិពណ៌នានោះ ?

នៅពេលអ្នកបន្តការសិក្សា សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យដឹង និងយល់ថា អ្នកអាចងាកទៅរកព្រះអម្ចាស់ ដើម្បីទូលសូមជំនួយក្នុងអំឡុងពេលមានបញ្ហាប្រឈមនៅថ្ងៃចុងក្រោយបាន ។ ដើម្បីជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីអ្វីដែលបង្រៀននៅក្នុងជំពូកនីមួយៗដែលអ្នកនឹងសិក្សា សូមពិចារណាអានចំណងជើងជំពូកទាំងឡាយ មុននឹងអានខគម្ពីរ ។

១. សូមបំពេញសកម្មភាពពីរដូចខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

ជម្រើស ក ៖ ទេវតា និងគ្រោះកាច

ការគិតអំពីគ្រោះកាចដែលយ៉ូហានបានឃើញក្នុង វិវរណៈ ១៦ អាចធ្វើឲ្យយើងព្រួយបារម្ភ ។ ទោះជាយ៉ាងណាក៏ដោយ ការបង្កើនសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ អាចជួយយើងឲ្យយកឈ្នះលើការព្រួយបារម្ភរបស់យើងបាន ។ វាជាការសំខាន់ក្នុងការកត់ចំណាំថា នៅពេលទេវតាបានចាក់គ្រោះកាចរបស់ទ្រង់ ទ្រង់បានថ្លែងទីបន្ទាល់អំពីបុគ្គលិកលក្ខណៈរបស់ព្រះអម្ចាស់ ។ ការដឹងអំពីបុគ្គលិកលក្ខណៈរបស់ទ្រង់អាចជួយយើងឲ្យបង្កើនសេចក្ដីជំនឿរបស់យើងទៅលើទ្រង់បាន ។

សូមគូររូបទេវតាសាមញ្ញមួយ ។ បន្ទាប់មក សូមអាន វិវរណៈ ១៦:៥, ៧ ដោយរកមើលរបៀបដែលពួកទេវតាពិពណ៌នាអំពីព្រះអម្ចាស់ និងការជំនុំជម្រះរបស់ទ្រង់ ។ សូមសរសេរនៅជាប់នឹងគំនូររបស់អ្នកនូវអ្វីដែលអ្នកមានអារម្មណ៍ថា ទេវតាបានមានបន្ទូល ។

  • ហេតុអ្វីវាអាចមានប្រយោជន៍សម្រាប់យើង ក្នុងការយល់ពីបុគ្គលិកលក្ខណៈរបស់ព្រះអម្ចាស់ នៅពេលយើងរៀនអំពីការជំនុំជម្រះរបស់ទ្រង់ ?

  • តើនៅពេលណានៅក្នុងជីវិតរបស់អ្នក ដែលវាបានជួយអ្នកឲ្យយល់ពីលក្ខណៈរបស់ព្រះ ? តើការចងចាំពីបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកឲ្យពឹងផ្អែកទៅលើទ្រង់យ៉ាងដូចម្ដេច ?

ជម្រើស ខ ៖ អំពើទុច្ចរិត និងព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ

សូមគិតអំពីឧទាហរណ៍ខ្លះនៃអំពើទុច្ចរិតក្នុងពិភពលោកនេះ និងពីរបៀបដែលវាមានឥទ្ធិពលលើយើង ។

  • ប្រសិនបើអ្នកត្រូវគិតអំពីនិមិត្តសញ្ញាមួយដើម្បីតំណាងឲ្យអំពើទុច្ចរិតនៃពិភពលោកនេះ តើវាជាអ្វី ? ហេតុអ្វីទៅ ?

  • ប្រសិនបើអ្នកត្រូវគិតពីនិមិត្តសញ្ញា ឬព្រះបរមងារដ៏គួរឲ្យគោរព ដើម្បីតំណាងឲ្យព្រះអង្គសង្គ្រោះ និងរបៀបដែលទ្រង់អាចជួយយើងឲ្យយកឈ្នះលើអំពើទុច្ចរិតនេះបាន តើវាជាអ្វី ? ហេតុអ្វីទៅ ?

សូមពុះទំព័រនៃសៀវភៅកំណត់ហេតុរបស់អ្នកជាពីរ ។ សូមអាន វិវរណៈ ១៧:៣–៧, ១៤ ដោយស្រមៃពីនិមិត្តសញ្ញាដែលយ៉ូហានបានប្រើនៅក្នុងខគម្ពីរទាំងនេះ ។ នៅផ្នែកម្ខាងនៃទំព័រដែលបានពុះជាពីរនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក សូមសរសេរពាក្យគន្លឹះ ឬឃ្លាដែលប្រើដើម្បីពិពណ៌នាអំពីអំពើទុច្ចរិត ។ នៅផ្នែកម្ខាងទៀត សូមសរសេរនិមិត្តសញ្ញាដែលតំណាងឲ្យព្រះយេស៊ូវគ្រីស្ទ និងពួកសុចរិត ។ ពាក្យជំនួយខាងក្រោមអាចមានប្រយោជន៍ ៖

អំពើសហាយស្មន់ ( វិវរណៈ ១៧:៤ ) ៖ អំពើអសីលធម៌ខាងផ្លូវភេទ ។ វាក៏អាចជា « និមិត្តសញ្ញាសម្រាប់ការក្បត់សាសនា » ផងដែរ ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « អំពើកំផិត » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org )

ក្រុងបាប៊ីឡូន ( វិវរណៈ ១៧:៥ ) ៖ ជាឈ្មោះទីក្រុងមួយដែលល្បីខាងអំពើទុច្ចរិត ប្រើជានិមិត្តសញ្ញាសម្រាប់អំពើទុច្ចរិត និងភាពលោកិយ

ពួកស្រីសំផឹង ( វិវរណៈ ១៧:៥ ) ៖ បុគ្គលណាដែលប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទដើម្បីប្រាក់ ឬការជួញដូរ

សេចក្តីអស្ចារ្យ ( វិវរណៈ ១៧:៦ ) ៖ ការភ្ញាក់ផ្អើល អព្ភូតហេតុ ( សូមមើល ខទី ៦ )

  • តើអ្នកបានរៀនអ្វីខ្លះពីនិមិត្តសញ្ញាដែលអ្នកបានអានទាំងនេះ ?

  • តើព្រះបរមងារអ្វីសម្រាប់ព្រះយេស៊ូវគ្រីស្ទនៅក្នុង ខទី ១៤ ជួយអ្នកឲ្យយល់អំពីទ្រង់ ?

  • តើអ្នកដឹងអ្វីខ្លះអំពីវិធីដែលកូនចៀម ឬព្រះយេស៊ូវគ្រីស្ទបានយកឈ្នះលើអំពើទុច្ចរិតទាំងអស់ ? ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « កូនចៀមនៃព្រះ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ តើការណ៍នេះមានន័យយ៉ាងណាចំពោះអ្នក ?

ជម្រើស គ ៖ អាពាហ៍ពិពាហ៍របស់កូនចៀម

  • តើមានហេតុផលអ្វីខ្លះ ដែលជាញឹកញាប់ក្រុមគ្រួសារប្រារព្ធនៅឯពិធីមង្គលការ ?

យ៉ូហាន បានប្រើរូបភាពនៃអាពាហ៍ពិពាហ៍ ដើម្បីបង្រៀនយើងអំពីថ្ងៃចុងក្រោយ ។ អាពាហ៍ពិពាហ៍ដែលលោកបានសរសេរនេះ គឺជានិមិត្តរូបនៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។

ចូរគូររូបភាពសាមញ្ញមួយអំពីកូនក្រមុំ និងកូនកំលោះ ហើយសរសេរអ្វីដែលអ្នកបានរៀនអំពីកូនក្រមុំ និងកូនកំលោះ នៅពេលអ្នកសិក្សា ។

សូមអាន វិវរណៈ ១៩:៧–៩ ដើម្បីមើលពីរបៀបដែលព្រះអម្ចាស់លើកទឹកចិត្តយើងឲ្យទទួលអារម្មណ៍អំពីអាពាហ៍ពិពាហ៍នេះ ។ កូនក្រមុំនៅក្នុងខគម្ពីរទាំងនេះ គឺជានិមិត្តសញ្ញានៃសមាជិកសាសនាចក្ររបស់ព្រះអម្ចាស់ដែលកំពុងត្រៀមខ្លួន សម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទ ។

  • យោងតាម ខទី ៨ តើយើងត្រូវត្រៀមខ្លួនសម្រាប់អាពាហ៍ពិពាហ៍នេះយ៉ាងដូចម្តេច ? តើវាអាចមានន័យយ៉ាងណាសម្រាប់អ្នក ?

  • តើអាពាហ៍ពិពាហ៍ជានិមិត្តសញ្ញាសមរម្យសម្រាប់ទំនាក់ទំនងនៃសេចក្ដីសញ្ញារបស់យើងជាមួយព្រះយេស៊ូវគ្រីស្ទតាមរបៀបណាខ្លះ ?

  • តើការយាងមកវិញរបស់ព្រះអង្គសង្រ្គោះអាចក្លាយជាថ្ងៃដ៏រីករាយមួយសម្រាប់អ្នកដោយរបៀបណា ?

សូមអានខគម្ពីរខាងក្រោម ហើយគិតអំពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីត្រៀមខ្លួនសម្រាប់ពេលដែលព្រះយេស៊ូវគ្រីស្ទយាងមកម្តងទៀត ។ អ្នកប្រហែលជាចង់គូសសម្គាល់អ្វីដែលអ្នករកឃើញនៅក្នុងខគម្ពីររបស់អ្នក ឬសរសេរអំពីវាក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។

វិវរណៈ ៧:១៣–១៤

នីហ្វៃទី៣ ២៧:១៩–២១

  • តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលទ្រង់បានធ្វើ ដើម្បីត្រៀមខ្លួនអ្នកសម្រាប់ការយាងមកវិញរបស់ទ្រង់ ?

២. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • ចេញពីអ្វីដែលអ្នកបានសិក្សាថ្ងៃនេះ តើអ្នកបានរៀនអ្វីដែលជួយអ្នកឲ្យពឹងផ្អែកទៅលើព្រះយេស៊ូវគ្រីស្ទ ?

  • តើអ្នកចង់ចងចាំ ឬធ្វើអ្វីខ្លះ ?

  • តើអ្នកមានអារម្មណ៍យ៉ាងណាដែរ ដែលថាវាអាចជួយអ្នកក្នុងអំឡុងពេលនៃការសាកល្បងនៅថ្ងៃចុងក្រោយបាន ?