ថ្នាក់​សិក្ខាសាលា
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ១២


វាយតម្លៃការរៀនសូត្ររបស់អ្នកទី ១២

វិវរណៈ ១–២២

រូបភាព
A young woman reads and studies the scriptures. She has the Book of Mormon in both Spanish and English, and a Holy Bible on a table.

មេរៀននេះមានគោលបំណងជួយអ្នកឲ្យវាយតម្លៃគោលដៅទាំងឡាយដែលអ្នកបានដាក់ និងការរីកចម្រើនដែលអ្នកបានដកពិសោធ អំឡុងការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់អ្នក ។

ការអភិវឌ្ឍផ្ទាល់ខ្លួនរបស់អ្នក

នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសដើម្បីវាយតម្លៃការសិក្សារបស់អ្នក និងរបៀបដែលអ្នកបានអនុវត្តគោលការណ៍ដែលបានបង្រៀននៅក្នុង វិវរណៈ ១–២២ ។ អ្នកក៏នឹងពិនិត្យមើល និងវាយតម្លៃពីការរីកចម្រើនរបស់អ្នកក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ នៅពេលអ្នកបានសិក្សា កិច្ចការ–វិវរណៈ ផងដែរ ។ សកម្មភាពសិក្សាខាងក្រោមនេះអាចជួយអ្នកឲ្យឃើញពីរបៀបដែលសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានកើនឡើង និងរបៀបដែលអ្នកបានក្លាយកាន់តែដូចជាទ្រង់ទាំងទ្វេ ។

គម្ពីរវិវរណៈ

សូមចំណាយពេលពីរបីនាទីដើម្បីរំឭកឡើងវិញនូវខគម្ពីរណាមួយ ដែលអ្នកប្រហែលជាបានគូសចំណាំក្នុងព្រះគម្ពីររបស់អ្នក ឬការសរសេរកំណត់ហេតុប្រចាំថ្ងៃដែលអ្នកបានធ្វើជាផ្នែកមួយនៃការសិក្សារបស់អ្នកអំពីគម្ពីរវិវរណៈ ។

  • តើមានរឿងអ្វីខ្លះដែលអ្នកនឹកឃើញថាបានរៀន ឬមានអារម្មណ៍ នៅពេលអ្នកបានសិក្សាគម្ពីរវិវរណៈ ?

  • តើអ្នកបានរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទរបស់អ្នកមកពីគម្ពីរវិវរណៈ ?

  • តើសេចក្ដីពិតអ្វីខ្លះដែលអ្នកមានអារម្មណ៍ថា ត្រូវបានបំផុសគំនិតឲ្យធ្វើសកម្មភាពជាផ្នែកមួយនៃការសិក្សារបស់អ្នក ?

១. សូមបំពេញសកម្មភាព ក ឬសកម្មភាព ខ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដើម្បីមើលពីរបៀបដែលសកម្មភាពរបស់អ្នកបានទាញអ្នកឲ្យខិតទៅកាន់តែជិតព្រះអម្ចាស់ ។

សកម្មភាព ក ៖ ថ្វាយបង្គំ និងធ្វើតាមព្រះដោយស្មោះ

នៅក្នុង វិវរណៈ ៤ អ្នកប្រហែលជាបានសិក្សាផ្នែកនៃការនិមិត្តរបស់យ៉ូហាន ដែលលោកបានឃើញបល្ល័ង្ករបស់ព្រះជាមួយនឹងសភាវៈផ្សេងៗ និងសត្វក្នុងន័យធៀបដែលកំពុងថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ អ្នកប្រហែលជាត្រូវបានអញ្ជើញឲ្យសញ្ជឹងគិតពីរបៀបដែលអ្នកសរសើរដល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយពិចារណាពីវិធីដែលអ្នកអាចកែលម្អការថ្វាយបង្គំផ្ទាល់ខ្លួនរបស់អ្នកបាន ។

  • តើថ្មីៗនេះអ្នកបានរៀន ឬមានអារម្មណ៍អ្វីខ្លះអំពីព្រះវរបិតាសួគ៌ ឬព្រះយេស៊ូវគ្រីស្ទ ដែលបានជំរុញអ្នកឲ្យចង់ថ្វាយបង្គំទ្រង់ទាំងទ្វេ ?

  • តើអ្នកបានខិតខំប្រឹងប្រែងធ្វើអ្វីខ្លះដើម្បីកែលម្អការថ្វាយបង្គំរបស់អ្នក ? ជាឧទាហរណ៍ អ្នកប្រហែលជាបានខិតខំធ្វើឲ្យការថ្វាយបង្គំរបស់អ្នកឲ្យកាន់តែស៊ីជម្រៅតាមរយៈការអធិស្ឋាន ការសិក្សាព្រះគម្ពីរ ការទទួលទានសាក្រាម៉ង់ ការគោរពថ្ងៃឈប់សម្រាក ការតមអាហារ ការចូលព្រះវិហារបរិសុទ្ធ ឬវិធីផ្សេងទៀត ។

  • តើការខិតខំប្រឹងប្រែងទាំងនេះមានឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?

សកម្មភាព ខ ៖ តស៊ូ និងយកឈ្នះលើអំពើអាក្រក់ដោយសេចក្ដីជំនឿទៅលើព្រះគ្រីស្ទ

នៅក្នុង វិវរណៈ ១២១៣ អ្នកប្រហែលជាបានរៀនថា នៅក្នុងជីវិតមុនឆាកជីវិតរមែងស្លាប់ យើងទាំងអស់គ្នាបានអនុវត្តសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ ដើម្បីយកឈ្នះលើអារក្សសាតាំង ។ អ្នកប្រហែលជាត្រូវបានអញ្ជើញឲ្យសញ្ជឹងគិតពីសេចក្ដីជំនឿរបស់អ្នកលើការបង្រៀនទាំងនេះ ហើយគិតពីអ្វីដែលអ្នកអាចធ្វើបានដើម្បីបន្តការទុកចិត្តរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ នៅពេលយើងប្រយុទ្ធជាមួយមារសត្រូវនៅទីនេះក្នុងជីវិតរមែងស្លាប់ ។

  • តើមានសកម្មភាពអ្វីខ្លះដែលអ្នកមានអារម្មណ៍ថា អ្នកគួរធ្វើបន្ទាប់ពីការសិក្សារបស់អ្នក ?

  • តើអ្នកបានជួបប្រទះឧបសគ្គ ឬបញ្ហាប្រឈមអ្វីខ្លះក្នុងការធ្វើសកម្មភាពទាំងនោះ ? តើអ្នកបានទទួលជោគជ័យអ្វីខ្លះ ?

  • តើការអនុវត្តតាមជំហានទាំងនេះបានជួយអ្នកឲ្យចូលកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ឬទទួលបានកម្លាំងពីទ្រង់ដើម្បីយកឈ្នះលើអារក្សសាតាំងដោយរបៀបណា ?

ព្រះគម្ពីរសញ្ញាថ្មី ៖ កិច្ចការ–វិវរណៈ

រូបភាព
Paul speaking to King Agrippa.

អ្នកប្រហែលជាចាំថា បន្ទាប់ពីបានឮទីបន្ទាល់របស់ប៉ុលអំពីព្រះយេស៊ូវគ្រីស្ទ ស្តេចអ័គ្រីប៉ាបានមានបន្ទូលថា « ឯងនឹងនាំឲ្យយើងត្រឡប់ទៅជាអ្នកគ្រីស្ទានដែរ » ។ រួចប៉ុលឆ្លើយយ៉ាងក្លាហានថា « ទូលបង្គំសូមដល់ព្រះ មិនមែនឲ្យត្រឹមតែព្រះករុណាប៉ុណ្ណោះ គឺឲ្យអស់អ្នកដែលស្តាប់ទូលបង្គំនៅថ្ងៃនេះថែមទៀតផង ទោះបើនៅបន្តិចទៀត ឬយូរទៅទៀតក្តី ឲ្យតែគ្រប់គ្នា [ ជាគ្រីស្ទាន ] បានដូចទូលបង្គំ » ( កិច្ចការ ២៦:២៨–២៩ ) ។

ប៉ុល និងសាវកឯទៀតៗមានបំណងប្រាថ្នាយ៉ាងខ្លាំងដើម្បីនាំអ្នកដទៃឲ្យមករកព្រះគ្រីស្ទ តាមរយៈការបង្រៀន និងទីបន្ទាល់របស់ពួកគេ ។ ពួកលោកជាច្រើនបានលះបង់ជីវិតរបស់ពួកលោក ហើយបានស្លាប់ក្នុងនាមជាទុក្ករបុគ្គលសម្រាប់បុព្វហេតុនៃព្រះគ្រីស្ទ ដោយបន្សល់ទុកការបង្រៀនរបស់ពួកលោកនៅក្នុងគម្ពីរកិច្ចការ និងសំបុត្រនានា ។ សង្ឃឹមថា អ្នកបានអញ្ជើញទីបន្ទាល់ទាំងនោះឲ្យមកក្នុងដួងចិត្តអ្នក ហើយអនុវត្តតាមការបង្រៀនរបស់ពួកលោកនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក ។ ឥឡូវនេះ វាដល់វេនរបស់អ្នកដើម្បីបង្រៀន និងថ្លែងទីបន្ទាល់ហើយ ។

២. សូមបំពេញឃ្លាខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

សូមសរសេរសំបុត្រនៃសុន្ទរកថាផ្ទាល់ខ្លួនរបស់អ្នកទៅកាន់នរណាម្នាក់ដែលអ្នកជ្រើសរើស ។ ជាឧទាហរណ៍ អ្នកអាចនិយាយវាទៅកាន់ខ្លួនអ្នកកាលពីមួយឆ្នាំមុន មុនពេលសិក្សាព្រះគម្ពីរសញ្ញាថ្មី ទៅមិត្តម្នាក់ដែលមិនយល់ពីមូលហេតុដែលអ្នកចូលរួមថ្នាក់សិក្ខាសាលា ឬសមាជិកគ្រួសារម្នាក់ដែលអាចទទួលបានអត្ថប្រយោជន៍ពីទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះ ។

មិនថាអ្នកជ្រើសរើសនរណាដើម្បីសរសេរសំបុត្ររបស់អ្នកទៅនោះទេ សូមបញ្ចូលខគម្ពីរមួយ ឬច្រើនពីគម្ពីរ កិច្ចការ–វិវរណៈ រួមជាមួយនឹងរបៀបដែលសេចក្ដីពិតចេញពីខគម្ពីរទាំងនេះបានប្រទានពរដល់ជីវិតរបស់អ្នក ។ សំណួរខាងក្រោមអាចជួយណែនាំអ្នកបាន ប៉ុន្តែអ្នកអាចជ្រើសរើសដោយខ្លួនឯងថាត្រូវសរសេរអំពីអ្វី ។

  • តើអ្វីដែលអ្នកបានសិក្សាបានជួយអ្នកឲ្យមករកព្រះគ្រីស្ទ ហើយរកឃើញសេចក្ដីសុខសាន្តនៅក្នុងទ្រង់ដោយរបៀបណា ?

  • តើអ្វីដែលអ្នកបានសិក្សានេះបានជួយអ្នកឲ្យទប់ទល់ ឬយកឈ្នះលើអំពើអាក្រក់ដោយសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?

  • តើអ្វីដែលអ្នកបានសិក្សានេះបានជួយអ្នកឲ្យឆ្លើយនឹងសំណួរ ឬដោះស្រាយកង្វល់ ឬបញ្ហាមួយដោយរបៀបណា ?

  • តើអ្នកចង់ឲ្យនរណាម្នាក់ដឹងអ្វីទៀត ដើម្បីលើកទឹកចិត្តពួកគេឲ្យសិក្សាព្រះគម្ពីរសញ្ញាថ្មី ហើយមករកព្រះគ្រីស្ទ ?