ថ្នាក់​សិក្ខាសាលា
លូកា ១០:២៥–៣៧


លូកា ១០:២៥–៣៧

សាសន៍សាម៉ារីចិត្តល្អ

រូបភាព
The painting depicts the Good Samaritan administering to the beaten and injured man stripped of his clothing. A camel rests behind to the right. The scene takes place in a rocky desert setting reminiscent of the Holy Land.

នៅពេលអ្នកប្រាជ្ញច្បាប់ម្នាក់បានទូលសួរព្រះយេស៊ូវថា « តើអ្នកណាជាអ្នកជិតខាងខ្ញុំ ? » ( លូកា ១០:២៩ ) ព្រះអង្គសង្គ្រោះបានឆ្លើយតបដោយប្រទានពាក្យប្រៀបប្រដូចអំពីសាសន៍សាម៉ារីចិត្តល្អ ។ មេរៀននេះអាចជួយអ្នកឲ្យធ្វើតាមគំរូរបស់ព្រះយេស៊ូវអំពីការស្រឡាញ់អ្នកជិតខាងរបស់ខ្លួន ។

ការជួយអ្នកទាំងឡាយដែលខ្វះខាត

សូមគិតអំពីពេលវេលាដែលមាននរណាម្នាក់ជួយអ្នក នៅពេលអ្នកត្រូវការជំនួយ ។

  • តើអ្នកគិតថា ហេតុអ្វីបានជាមនុស្សនេះជួយដល់អ្នក ?

  • តើអ្នកមានអារម្មណ៍យ៉ាងណាដែរ ដោយសារតែអ្វីដែលមនុស្សម្នាក់នេះបានធ្វើ ?

សូមសញ្ជឹងគិតថា តើអ្នកទំនងជាអាចជួយនរណាម្នាក់ដែលត្រូវការជំនួយឬអត់ ហើយហេតុអ្វីអ្នកអាច ឬមិនអាចជួយពួកគេបាន ។ នៅពេលអ្នកសិក្សា សូមរកមើលសេចក្តីពិតដែលអ្នករៀនអំពីព្រះយេស៊ូវគ្រីស្ទដែលអាចបង្កើនបំណងប្រាថ្នារបស់អ្នក ដើម្បីជួយដល់អ្នកដែលត្រូវការជំនួយ ។

ពាក្យប្រៀបប្រដូចមួយ

ថ្ងៃមួយនៅពេលដែលព្រះយេស៊ូវគ្រីស្ទកំពុងបង្រៀន នោះមានអ្នកប្រាជ្ញច្បាប់ម្នាក់បានទូលសួរទ្រង់ពីអ្វីដែលគាត់ត្រូវធ្វើ ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ ព្រះអង្គសង្គ្រោះបានបង្រៀនថា ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច យើងត្រូវស្រឡាញ់ព្រះឲ្យអស់ពីចិត្ត ហើយស្រឡាញ់អ្នកជិតខាងដូចខ្លួនយើងដែរ ( សូមមើល លូកា ១០:២៧ ) ។ បន្ទាប់មក អ្នកប្រាជ្ញច្បាប់បានទូលសួរសំណួរមួយទៀត ។

សូមអាន លូកា ១០:២៩ និងពិចារណាគូសចំណាំសំណួរដែលអ្នកប្រាជ្ញច្បាប់នោះបានទូលសួរព្រះយេស៊ូវ ។

  • តើអ្នកនឹងឆ្លើយសំណួរអ្នកប្រាជ្ញច្បាប់យ៉ាងដូចម្ដេច ?

ព្រះយេស៊ូវបានឆ្លើយតបទៅនឹងសំណួររបស់អ្នកប្រាជ្ញច្បាប់រូបនោះ ដោយបានតំណាលពីពាក្យប្រៀបប្រដូចមួយ ដែលគេស្គាល់ថាជាពាក្យប្រៀបប្រដូចអំពីសាសន៍សាម៉ារីចិត្តល្អ ។ នៅពេលអ្នកសិក្សាពាក្យប្រៀប្រដូចនេះ សូមចងចាំថា ជាទូទៅសាសន៍សាម៉ារី និងសាសន៍យូដាស្អប់គ្នាទៅវិញទៅមក ហើយជារឿយៗ ពួកគេជៀសវាងមិនចង់ទាក់ទងគ្នាទេ ។ មូលហេតុមួយដែលសាសន៍យូដាចាត់ទុកថាសាសន៍សាម៉ារីមិនអាចទទួលយកបាន គឺដោយសារតែសាសន៍សាម៉ារីគឺជាសាសន៍យូដាមួយផ្នែក និងជាសាសន៍ដទៃមួយផ្នែក ហើយពួកគេលាយបញ្ចូលគ្នានូវជំនឿសាសនាទាំងពីរ ។

ការឃើញព្រះអង្គសង្គ្រោះនៅក្នុងពាក្យប្រៀបប្រដូច

សូមអានពាក្យប្រៀបប្រដូចអំពីសាសន៍សាម៉ារីចិត្តល្អនៅក្នុង លូកា ១០:៣០–៣៥ ។ អ្នកក៏អាចមើលវីដេអូ « Parable of the Good Samaritan » ( ៥:១១ ) បានផងដែរ នៅពេលអ្នកអានតាមក្នុងព្រះគម្ពីររបស់អ្នក ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

នៅពេលអ្នកសិក្សាពាក្យប្រៀបប្រដូចនេះ សូមគិតអំពីរបៀបដែលសាសន៍សាម៉ារីរូបនេះគឺជានិមិត្តរូបនៃព្រះយេស៊ូវគ្រីស្ទ ។

១. សូមកត់ត្រាចម្លើយតបចំពោះសំណួរខាងក្រោមនេះដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើយើងអាចរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទចេញពីពាក្យប្រៀបប្រដូចនេះ ? ( សូមពិចារណាសរសេរចម្លើយតបរបស់អ្នកចំពោះសំណួរនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ) ។

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

រូបភាព
Official portrait of Elder Neil L. Andersen of the Quorum of the Twelve Apostles, 2010, August.

ព្រះអង្គសង្គ្រោះគឺជាសាសន៍សាម៉ារីដ៏សប្បុរសរបស់យើង ដែលត្រូវបានចាត់មក « ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង » [ លូកា ៤:១៨ ; សូមមើលផងដែរ អេសាយ ៦១:១ ] ។ ទ្រង់យាងមករកយើង នៅពេលមនុស្សដទៃដើរហួសទៅ ។ ដោយមានការអាណិតអាសូរ ទ្រង់លាបប្រទាលមុខសះនៅលើរបួសយើង ហើយផ្សះឲ្យជា ។ ទ្រង់បីយើងឡើង ។ ទ្រង់ថែទាំយើង ។

( នែល អិល អាន់ឌើរសិន « Wounded » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៥ )

  • តើមានឧទាហរណ៍ណាខ្លះនៅក្នុងព្រះគម្ពីរ ដែលបង្ហាញពីអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើ ដូចដែលអែលឌើរ អាន់ឌើរសិន បានពិពណ៌នាមក ?

  • តើនៅពេលណាដែលព្រះអង្គសង្គ្រោះប្រៀបដូចជាសាសន៍សាម៉ារីចិត្តល្អសម្រាប់អ្នក ?

ការធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ

បន្ទាប់ពីបានលើកឧទាហរណ៍អំពីសាសន៍សាម៉ារីចិត្តល្អហើយ នោះព្រះយេស៊ូវគ្រីស្ទ ដែលជាគ្រូបង្រៀនដ៏ចំណាន បានសួរអ្នកប្រាជ្ញច្បាប់នូវអ្វីដែលគាត់បានរៀន ហើយបានអញ្ជើញអ្នកប្រាជ្ញច្បាប់នោះឲ្យអនុវត្តតាម ។ សូមអាន លូកា ១០:៣៦–៣៧ ដោយរកមើលការអញ្ជើញរបស់ព្រះអង្គសង្គ្រោះចំពោះអ្នកប្រាជ្ញច្បាប់ម្នាក់នេះ ។

  • តើអ្នកអាចអនុវត្តការអញ្ជើញរបស់ព្រះអង្គសង្គ្រោះនេះ នៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្តេច ?

  • តើការអញ្ជើញនេះបង្រៀនអ្នកអ្វីខ្លះ អំពីព្រះទ័យរបស់ព្រះអង្គសង្គ្រោះ ចំពោះបុត្រាបុត្រី ទាំងអស់របស់ព្រះវរបិតាសួគ៌ ?

យើងមានឱកាសជាច្រើន ដើម្បីធ្វើតាមដំបូន្មានរបស់ព្រះអង្គសង្គ្រោះដើម្បី « ទៅចុះ ចូរអ្នកប្រព្រឹត្តបែបយ៉ាងដូច្នោះដែរ » ( លូកា ១០:៣៧ ) នៅក្នុងស្ថានភាពផ្សេងៗគ្នាជាច្រើន ដែលយើងឃើញថាខ្លួនឯងកំពុងស្ថិតនៅ ដូចជានៅផ្ទះ នៅសាលា តាមអនឡាញ នៅក្នុងវួដ ឬសាខារបស់យើង និងក្នុងចំណោមមនុស្សដទៃ ។

២. សូមជ្រើសរើសការកំណត់មួយដែលបានសរសេរក្នុងកថាខណ្ឌមុនហើយកត់ត្រាចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើមានវិធីជាក់លាក់ណាខ្លះ ដែលអ្នកអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ដើម្បីបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាងរបស់អ្នកនៅក្នុងស្ថានភាពនេះ ?

  • តើអ្វីដែលអាចធ្វើឲ្យពិបាកក្នុងការបង្ហាញសេចក្តីស្រឡាញ់ចំពោះអ្នកជិតខាងរបស់អ្នកនៅក្នុងស្ថានភាពនេះ ?

  • ប្រសិនបើមនុស្សម្នាក់ពិបាកបង្ហាញសេចក្តីស្រឡាញ់ចំពោះអ្នកជិតខាងរបស់ពួកគេនៅក្នុងស្ថានភាពនេះ តើអ្នកអាចបង្រៀនពួកគេអ្វីខ្លះ អំពីព្រះយេស៊ូវគ្រីស្ទដែលប្រហែលជាអាចជួយពួកគេបាន ?

  • តើមានអ្វីខ្លះដែលអ្នកបានមានអារម្មណ៍បំផុសគំនិតឲ្យធ្វើ ចេញពីលទ្ធផលនៃអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ ?

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

តើពាក្យប្រៀបប្រដូចអំពីសាសន៍សាម៉ារីចិត្តល្អគឺជានិមិត្តរូបនៃដំណើររបស់យើងក្នុងជីវិតនេះយ៉ាងដូចម្តេច ?

អែលឌើរ ហ្គែរីត ដបុលយូ ហ្គង ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

រូបភាព
Official Portrait of Gerrit W. Gong. Photographed in 2018.

នៅលើផ្លូវដ៏ស្មុគស្មាញរបស់យើងទៅកាន់ក្រុងយេរីខូរ យើងត្រូវគេវាយប្រហារ រងរបួស ហើយទុកឲ្យឈឺចាប់ ។

ទោះបីជាយើងត្រូវជួយគ្នាក៏ដោយ ក៏ជាញឹកញាប់យើងឆ្លងទៅផ្លូវផ្សេង ដោយហេតុផលណាមួយ ។

តែដោយក្តីអាណិតអាសូរ នោះសាសន៍សាម៉ារីចិត្តល្អបានឈប់ ហើយរុំរបួសឲ្យយើងដោយប្រើស្រា និងប្រេង ។ និមិត្តរូបនៃពិធីសាក្រាម៉ង់ និងពិធីបរិសុទ្ធដទៃទៀត ស្រា និងប្រេង ចង្អុលយើងទៅកាន់ការព្យាបាលខាងវិញ្ញាណនៅក្នុងព្រះយេស៊ូវគ្រីស្ទ ។ សាសន៍សាម៉ារីចិត្តល្អលើកយើងដាក់លើសត្វលារបស់ទ្រង់ ឬដូចក្នុងដំណើររឿងផ្ទាំងគំនូរនៅលើកញ្ចក់នេះ ទ្រង់លីយើងលើស្មាទ្រង់ ។ ទ្រង់នាំយើងទៅកាន់ផ្ទះសំណាក់ ដែលអាចតំណាងឲ្យសាសនាចក្ររបស់ទ្រង់ ។ នៅផ្ទះសំណាក់នោះ សាសន៍សាម៉ារីចិត្តល្អបាននិយាយថា « សូមមើលថែគាត់ …នោះដល់ខ្ញុំមកវិញ ខ្ញុំនឹងសងអ្នក » [ លូកា ១០:៣៥ ] ។ ជានិមិត្តរូបអំពីព្រះអង្គសង្គ្រោះរបស់យើង សាសន៍សាម៉ារីចិត្តល្អសន្យាថានឹងត្រឡប់មកវិញ លើកនេះមកវិញដោយព្រះចេស្តា និងសិរីរុងរឿង ។

( ហ្គែរីត ដបុលយូ ហ្គង « Room in the Inn » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ២៤–២៥ )

ហេតុអ្វីព្រះអង្គសង្គ្រោះប្រើសាសន៍សាម៉ារី មិនប្រើសាសន៍យូដាឲ្យធ្វើជាអ្នកជួយបុរសដែលរងរបួសនោះ ?

ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖

រូបភាព
Official portrait of President M. Russell Ballard of the Quorum of the Twelve Apostles, 2004.

រវាងពួកសាសន៍យូដា និងពួកសាសន៍សាម៉ារីនៅក្នុងជំនាន់របស់ព្រះយេស៊ូវគ្រីស្ទគឺមាននូវសេចក្ដីស្អប់ខ្ពើមយ៉ាងខ្លាំង ។ ក្នុងកាលៈទេសៈធម្មតា ក្រុមទាំងពីរនេះបានចៀសវាងការសេពគប់គ្នា ។ វានៅតែជាពាក្យប្រៀបប្រដូចដ៏ល្អមួយ ដែលអាចបង្រៀនបានដដែល ប្រសិនបើបុរសដែលធ្លាក់ចូលទៅក្នុងចំណោមក្រុមចោរនោះ ត្រូវបានបងប្រុសសាសន៍យូដាជួយសង្គ្រោះ ។

ចេតនារបស់ទ្រង់ក្នុងការលើកយកពួកសាសន៍យូដា និងពួកសាសន៍សាម៉ារីមកប្រើនេះ បង្រៀនយ៉ាងច្បាស់ថា យើងគ្រប់រូបគឺជាអ្នកជិតខាងនឹងគ្នា ហើយថាយើងគួរស្រឡាញ់ ឲ្យតម្លៃ គោរព ហើយបម្រើដល់គ្នាទៅវិញទៅមក មិនថាយើងមានភាពខុសគ្នាខ្លាំងប៉ុណ្ណាឡើយ—រួមបញ្ចូលទាំងភាពខុសគ្នាខាងសាសនា នយោបាយ និងវប្បធម៌ផងដែរ ។

( អិម រ័សុល បាឡឺដ « Doctrine of Inclusion » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០១ ទំព័រ ៣៦ )

តើខ្ញុំគួរធ្វើដូចម្តេច នៅពេលឱកាសដើម្បីជួយអ្នកដទៃកើតឡើងក្នុងគ្រាដែលមិនអំណោយផល ?

ប្រធាន អិម រ័សុល បាឡឺដ ដែលជាប្រធានស្តីទីនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

រូបភាព
Official portrait of President M. Russell Ballard of the Quorum of the Twelve Apostles, 2004.

ឱកាសដើម្បីបម្រើអ្នកដទៃតាមរបៀបដ៏មានអត្ថន័យ ដូចដែលយើងបានធ្វើសេចក្តីសន្យាថានឹងធ្វើនោះ កម្រកើតមាននៅពេលវេលាអំណោយផលណាស់ ។ ប៉ុន្តែគ្មានអំណាចខាងវិញ្ញាណក្នុងការរស់នៅដោយភាពងាយស្រួលទេ ។ អំណាចកើតឡើងនៅពេលយើងកាន់តាមសេចក្តីសញ្ញារបស់យើង ។

( អិម រ័សុល បាឡឺដ « Like a Flame Unquenchable » Ensign ខែ ឧសភា ឆ្នាំ ១៩៩៩ ទំព័រ ៨៦ )

ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បានរំឭកយើង ៖

រូបភាព
Official portrait of President Thomas S. Monson, 2008.

សូមកុំបណ្តោយឲ្យបញ្ហាដែលត្រូវដោះស្រាយបាន មានសារៈសំខាន់ជាងមនុស្សដែលអ្នកត្រូវស្រឡាញ់ឲ្យសោះ ។

( ថូម៉ាស អេស ម៉នសុន « Finding Joy in the Journey » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៨៦ )