ថ្នាក់​សិក្ខាសាលា
ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ាថាយ ១៦:១៥–១៩


ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ាថាយ ១៦:១៥–១៩

ព្រះយេស៊ូវបានមានបន្ទូលថា « ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក »

រូបភាព
A young woman meets with her Bishop.

នៅក្នុងមេរៀនមុន អ្នកបានរៀនអំពីសារៈសំខាន់នៃកូនសោបព្វជិតភាព និងរបៀបដែលព្រះអង្គសង្គ្រោះបានប្រគល់កូនសោរបស់ទ្រង់ដល់ព្យាការីនៅលើផែនដី ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យអ្នកបង្កើនចំណេះចំណានរបស់អ្នកអំពីគោលលទ្ធិនេះ តាមរយៈការទន្ទេញឲ្យចាំសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ ពន្យល់ពីគោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតពិត ។

ពន្យល់

សូមស្រមៃថា មាននរណាម្នាក់ដែលអ្នកស្គាល់បានឮពាក្យថា « កូនសោបព្វជិតភាព » ប៉ុន្តែមិនយល់ពីវាទេ ។ ដោយប្រើ ម៉ាថាយ ១៦:១៥–១៩ សូមពន្យល់ថា តើកូនសោបព្វជិតភាពគឺជាអ្វី ហើយហេតុអ្វីវាសំខាន់ ។ បើអាចទៅរួច សូមចែករំលែកការពន្យល់របស់អ្នកជាមួយមិត្តភក្តិ ឬសមាជិកគ្រួសារ ។ វាក៏អាចមានប្រយោជន៍ផងដែរ ដើម្បីអានសេចក្តីថ្លែងការណ៍មួយចំនួននៅក្នុងផ្នែក ៣.០–៣.៤.១.១ នៃ ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅលើគេហទំព័រ ChurchofJesusChrist.org ឬនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ។

១. សូមបំពេញដូចខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

សូមសរសេរការពន្យល់របស់អ្នកអំពីកូនសោបព្វជិតភាព ។ ប្រសិនបើអ្នកអាចចែករំលែកការពន្យល់របស់អ្នកជាមួយមនុស្សម្នាក់ទៀតបាន សូមពិពណ៌នាដោយសង្ខេបថា តើអ្នកនឹងពន្យល់ថាដូចម្ដេចខ្លះ ។

ទន្ទេញចាំ

សូមរៀនទន្ទេញឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ាថាយ ១៦:១៥–១៩ ៖ « ព្រះយេស៊ូវមានបន្ទូលថា ‹ ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក › » ។ បើអាច សូមបោះពុម្ពសំណៅចែកខាងក្រោមនេះ ហើយកាត់រូបកូនសោនីមួយៗចេញ ។ ជម្រើសមួយទៀត សូមគូររូបកូនសោនៅលើក្រដាសមួយសន្លឹក រួចកាត់វាចេញ ។ សូមសរសេរពាក្យមួយនៃឃ្លានោះនៅលើកូនសោនីមួយៗ ។ សូមសរសេរសេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ម៉ាថាយ ១៦:១៥–១៩ នៅលើកូនសោផងដែរ ។ សូមច្របល់កូនសោទាំងនោះចូលគ្នា ហើយព្យាយាមតម្រៀបវាវិញតាមលំដាប់លំដោយត្រឹមត្រូវ ។ សូមធ្វើសកម្មភាពនេះឡើងវិញម្តងទៀតជាច្រើនដង រហូតដល់អ្នកបានទន្ទេញចាំសេចក្តីយោងបទគម្ពីរ និងឃ្លាគន្លឹះនោះ ។ អ្នកអាចចង់កំណត់ម៉ោងធ្វើវា ហើយព្យាយាមបង្កើនល្បឿនរបស់អ្នក ពេលព្យាយាមទន្ទេញឲ្យចាំម្ដងៗ ។

រៀនអនុវត្ត

សូមចំណាយពេលខ្លះដើម្បីពិនិត្យមើលគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងកថាខណ្ឌទី ៥–១២ នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ឡើងវិញ មុននឹងបន្តទៅសកម្មភាពអនុវត្ត ។

មិត្តរបស់អ្នក វ៉ាន់យ៉ា ឃើញវីដេអូមួយនៅលើបណ្តាញសង្គម ដែលសមាជិកសាសនាចក្រម្នាក់កំពុងរិះគន់គោលលទ្ធិនៃសាសនាចក្រ ។ សមាជិកនេះឆ្លាត ហើយពូកែបញ្ចុះបញ្ចូល ហើយអំពាវនាវឲ្យសាសនាចក្រផ្លាស់ប្តូរគោលលទ្ធិមួយចំនួន ។ ពួកគេថែមទាំងប្រើខគម្ពីរដើម្បីគាំទ្រទស្សនៈរបស់ពួកគេទៀតផង ។ វ៉ាន់យ៉ា មិនច្បាស់ថាត្រូវគិត ឬត្រូវឆ្លើយតបបែបណានោះទេ ។

  • តើវ៉ាន់យ៉ា អាចមានសំណួរ ឬកង្វល់អ្វីខ្លះ ?

វ៉ាន់យ៉ា ផ្ញើសារមកអ្នកដើម្បីសុំជំនួយ ។ សូមគិតអំពីរបៀបដែលអ្នកអាចឆ្លើយតបដើម្បីជួយដោះស្រាយកង្វល់របស់នាង ។

២. សូមបំពេញសកម្មភាពខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

សូមសរសេរសារចំនួនបីឆ្លើយតបទៅ វ៉ាន់យ៉ា វិញ ។ សូមបញ្ចូលអ្វីដូចខាងក្រោមនេះ ៖

  • អត្ថបទទី ១ ៖ សេចក្តីពិតអំពីរបៀបដែលព្រះអម្ចាស់ប្រើព្យាការី និងកូនសោបព្វជិតភាពនៅក្នុងផែនការនៃសេចក្តីសង្គ្រោះ ដែលអាចជួយ វ៉ាន់យ៉ា ឲ្យមើលទៅស្ថានភាពនេះចេញពី ទស្សនវិស័យដ៏អស់កល្បជានិច្ច មួយ ។

  • អត្ថបទទី ២ ៖ ប្រភពដែលបានតែងតាំងដ៏ទេវភាព ដែល វ៉ាន់យ៉ា អាចប្រើបានដើម្បីស្វែងយល់បន្ថែមអំពីព្យាការី និងកូនសោបព្វជិតភាព ។ ( សូមរួមបញ្ចូលយ៉ាងហោចណាស់វគ្គបទគម្ពីរជាក់លាក់មួយ ឬសេចក្តីថ្លែងការណ៍មួយមកពីព្យាការី ) ។

  • អត្ថបទទី ៣ ៖ យោបល់ប្រាប់ពីរបៀបដែល វ៉ាន់យ៉ា អាច ធ្វើសកម្មភាពដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ តទៅមុខទៀត ។ បើអាចទៅរួច សូមបញ្ចូលបទពិសោធន៍ផ្ទាល់ខ្លួនដែលពាក់ព័ន្ធនឹងកូនសោបព្វជិតភាព និងរបៀបដែលការប្រើកូនសោទាំងនោះជួយអ្នកឲ្យខិតទៅជិតព្រះយេស៊ូវគ្រីស្ទ ។