ជំនួយ​សម្រាប់​កុមារ និង​យុវវ័យ
សេចក្ដីផ្ដើម


« សេចក្ដីផ្ដើម » កុមារ និង​យុវវ័យ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៖ បុព្វកថា​ណែនាំ​សម្រាប់​ឪពុក​ម្ដាយ និង​ថ្នាក់​ដឹកនាំ ( ឆ្នាំ ២០១៩ )

« សេចក្ដីផ្ដើម »

សេចក្ដីផ្ដើម

ដោយ​ធ្វើការ​រួម​គ្នា ឪពុកម្ដាយ និង​ថ្នាក់​ដឹកនាំ​ជួយ​កុមារ និង​យុវវ័យ​ឲ្យ​ប្រែចិត្ត​ជឿ​កាន់តែ​ស៊ីជម្រៅ ក្លាយ​ជា​សិស្ស​ដ៏​សក្ដិសម​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ហើយ​ក្លាយជា​បុរស និង​ស្ដ្រី​នៃ​សេចក្ដី​ទៀងត្រង់​តាមរយៈ ៖

  • ការរៀនសូត្រ​ដំណឹង​ល្អ ដែល​បំផុស​គំនិត​ដល់​ការបេ្ដជ្ញា​ផ្ទាល់ខ្លួន ។

  • ការបម្រើ និង​សកម្មភាព​នានា ដែល​ស្អាង​ដល់​រាងកាយ និង​វិញ្ញាណ ។

  • ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ដែល​នាំ​ឲ្យ​មាន​ការរីកចម្រើន​កើនឡើង ។

គោលការណ៍​ណែនាំ និង​តួនាទី​ទូទៅ​ដែល​បាន​ចែង​នៅក្នុង​សៀវភៅ​នេះ​អាច​សម្រប​សម្រួល​បាន ។ មិន​មាន​របៀបតែ​មួយ​ត្រឹមត្រូវ​ដើម្បី​អនុវត្ត​វា​នោះ​ទេ ។ យោបល់ និង​ឧទាហរណ៍​មួយ​ចំនួន​មាន​នៅលើ​គេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ។ សូម​ស្វែងរក​ការបំផុស​គំនិត​ដើម្បី​ដឹង​ពី​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​បុគ្គល​ម្នាក់ៗ ( សូមមើល « កែតម្រូវ និង​សម្របសម្រួល » ) ។

ជំនាន់​កំពុង​ពេញវ័យ

រូបភាព
យុវវ័យ​ញញឹម

ព្យាការី​បាន​ថ្លែង​ថា ជំនាន់​កុមារ និង​យុវវ័យ​នេះ​ស្ថិត​ក្នុង​ចំណោម​ជំនាន់​ល្អ​បំផុត​ដែល​ព្រះអម្ចាស់​បាន​បញ្ជូន​មក​កាន់​ផែនដី​នេះ ( សូមមើល រ័សុល អិម ណិលសុន « Hope of Israel » ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ទំព័រ ១៦ ) ។ ពួកគេ​មាន​សក្ដានុភាព​ក្នុង​ការជះ​ឥទ្ធិពល​ដ៏​អស្ចារ្យ​ដល់​ពិភពលោក​នេះ ។ ពួកគេ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ជួយ​ប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល​នៅ​ផ្នែក​ទាំង​សងខាង​នៃ​វាំង​នន ។ យើង​ត្រូវការ​វិធីសាស្ដ្រ​ដ៏​ខ្ពស់ និង​បរិសុទ្ធ​ជាង​នេះ​​ដើម្បី​ថែទាំ និង​ធ្វើ​ការងារ​បម្រើ​ដល់​ពួកគេ ។ វិធីសាស្ដ្រ​នេះ​នឹង​ជួយ​កុមារ និង​យុវវ័យ​ឲ្យ ៖

  • ស្គាល់​អត្តសញ្ញាណ និង​គោលបំណង​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​ពួកគេ ។

  • ប្រែចិត្ត​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ស៊ីជម្រៅ ដាក់​ដំណឹងល្អ​របស់​ទ្រង់​ក្នុង​ចិត្ត​របស់​ពួកគេ ហើយ​បំផុស​ពួកគេ​ឲ្យ​ជ្រើសរើស​ធ្វើ​តាម​ទ្រង់ ។

  • បំពេញ​កាតព្វកិច្ច​បព្វជិតភាព​អើរ៉ុន​ទាំងឡាយ ។

  • ចូលរួម​ជាមួយគ្នា​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ ។

  • អភិវឌ្ឍ​ខ្លួន​ដោយ​មាន​ជំនួយ​មកពី​ឪពុកម្ដាយ និង​ថ្នាក់​ដឹកនាំ​តាម​តម្រូវការ ។

  • មាន​ភាពសក្ដិសម​ដើម្បី​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​មាន​អំណរ​ក្នុង​ការតស៊ូ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។

នៅពេល​កុមារ និង​យុវវ័យ​ទទួល​បាន​វិវរណៈ​សម្រាប់​ជីវិត​របស់​ពួកគេ បង្កើត​ទំនាក់ទំនង​ដែល​ផ្ដោត​លើ​ដំណឹងល្អ និង​អនុវត្ត​សិទ្ធិ​ជ្រើសរើស​កាល​ពួកគេ​ធំ​ឡើង នោះ​ពួកគេ​នឹង​ទទួល​ជោគជ័យ​ក្នុង​ការសម្រេច​បាន​នូវ​គោលបំណង​ទាំងនេះ ។

ព្យាយាម​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ

នៅក្នុង​យុវវ័យ​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​រៀន​ពី​អត្តសញ្ញាណ និង​បេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់ គឺ​ដូចជា​បុត្រា​បុត្រី​ម្នាក់ៗ​របស់​ព្រះ​ត្រូវ​ធ្វើ​ដែរ ។ ទ្រង់ « កាន់​តែ​ធំ​ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង » ( លូកា ២:៥២ ) ។ ទ្រង់​បាន​ធំ​ឡើង​ក្នុង​តុល្យភាព​មួយ ដូច្នេះ​ហើយ​កុមារ និង​យុវវ័យ​ទាំងអស់​ក៏​អាច​ធ្វើ​បាន​ដូចគ្នា​ដែរ ។

សូម​ជួយ​កុមារ និង​យុវវ័យ​ឲ្យ​ទទួល​យក​ព្រះអង្គ​សង្គ្រោះ​ដាក់​ក្នុង​គ្រប់​ផ្នែក​ទាំងអស់​នៃ​ជីវិត​របស់​ពួកគេ—​មិន​មែន​គ្រាន់តែ​នៅ​ថ្ងៃ​ឈប់​សម្រាក​នោះ​ទេ ។ នៅពេល​ពួកគេ​ព្យាយាម​ដាក់​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ស្នូល​នៃ​ជីវិត​របស់​ពួកគេ នោះ​ទ្រង់​សន្យា​ថា​នឹង​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ធ្វើ​ជា​អង្គ​លួងលោម និង​ដឹកនាំ​ពួកគេ ។

វិធី​ល្អ​បំផុត​នោះ​គឺ ការធ្វើតាម​ព្រះអង្គ​សង្គ្រោះ​ត្រូវ​ចាប់ផ្ដើម​នៅ​ក្នុង​គេហដ្ឋាន ។ ថ្នាក់​ដឹកនាំ​ទាំងឡាយ​របស់​សាសនាចក្រ​អាច​ផ្ដល់​ការគាំទ្រ​ដ៏​សំខាន់​ដល់​បុគ្គល និង​ក្រុម​គ្រួសារ ។

ការផ្ដោត​ទៅលើ​គេហដ្ឋាន

រូបភាព
គ្រួសារ​អង្គុយ​លើ​បង់

ឪពុក​ម្ដាយ​រៀបចំ​ផែនការ​បទពិសោធន៍ និង​ការសន្ទនា​ជា​គ្រួសារ ដើម្បី​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បំពេញ​តាម​តម្រូវការ​ពិសេស​ដល់​កូន​ម្នាក់ៗ ។ ការណ៍​នេះ​កើតឡើង នៅពេល​ក្រុម​គ្រួសារ​ធ្វើការ និង​លេង​ជាមួយ​គ្នា​តាម​របៀប​នានា​ដែល​ជួយ​បង្រៀន​ជំនាញ​ដ៏​សំខាន់ៗ ពង្រឹង​អត្តចរិត និង​ផ្ដល់​ឱកាស​ឲ្យ​រីកចម្រើន​ឡើង ។

លើក​ទឹកចិត្ត​ឲ្យ​មាន​ការរីកចម្រើន

  • សូម​អធិស្ឋាន​សូម​ការណែនាំ ។ ព្រះវរបិតាសួគ៌​ជ្រាប​ពី​កូនចៅ​របស់​អ្នក ហើយ​នឹង​ជួយ​អ្នក​បង្រៀន​ពួកគេ ។

  • សូម​ជួយ​កូនចៅ​របស់​អ្នក​ឲ្យ​ស្វែងរក និង​ទទួល​ស្គាល់​ព្រះចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។

  • បង្ហាញ​សេចក្ដី​ស្រឡាញ់ ហើយ​សរសើរ​កូនចៅ​របស់​អ្នក​ឲ្យ​បាន​ញឹកញាប់​ចំពោះ​កិច្ច​ខិតខំ​របស់​ពួកគេ​ដើម្បី​ធ្វើ​ឲ្យ​បាន​ល្អ និង​ចំពោះ​គុណសម្បត្តិ​ដូចជា​ព្រះគ្រីស្ទ​ដែល​អ្នក​ឃើញ​នៅក្នុង​ពួកគេ ។

  • សូម​ស្វែងរក​ឱកាស​ដើម្បី​បម្រើ​មនុស្ស​ដទៃ​ជា​ក្រុមគ្រួសារ​មួយ ។

ផ្ដល់​ការណែនាំ

  • សូម​ជួយ​កូនចៅ​របស់​អ្នក​ឲ្យ​ឃើញ​ពី​របៀប ដែល​ពួកគេ​អាច​អនុវត្ត​ដំណឹងល្អ​នៅ​ក្នុង​គ្រប់​ផ្នែក​ទាំងអស់​នៃ​ជីវិត​របស់​ពួកគេ ។

  • សូម​ណែនាំ​កូនចៅ​របស់​អ្នក និង​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ដាក់​គោលដៅ និង​ផែនការ​ផ្ទាល់​ខ្លួន​គេ ។

  • សូម​ជួយ​ពួកគេ​ឲ្យ​មាន​ដំណោះស្រាយ​ផ្ទាល់ខ្លួន​ចំពោះ​បញ្ហា​នានា ។

  • សូម​ផ្ដល់​ការគាំទ្រ ជំនួយ និង​ការលើក​ទឹកចិត្ត​ជា​ដរាប ។

និយាយ​ជាមួយ​ថ្នាក់ដឹកនាំ

សូម​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​គ្រូបង្រៀន និង​ថ្នាក់ដឹកនាំ​ដើម្បី​កំណត់​ពី​របៀប​ដែល​ពួកគេ​អាច​ជួយ​គាំទ្រ​ដល់​កូនចៅ​របស់​អ្នក​បាន​ល្អ​បំផុត ។ សូម​ប្រុងប្រយ័ត្ន​មិន​ត្រូវ​បំបាក់​ទំនុក​ចិត្ត​កូនចៅ​របស់​អ្នក​ឡើយ ឬ​ក៏​ធ្វើ​ឲ្យ​ពួកគេ​ខ្មាស់​គេទេ ។

ការគាំទ្រ​ដោយ​សាសនាចក្រ

ការផ្ដោត​ទៅលើ​គេហដ្ឋាន ( គ្រួសារ )

រូបភាព
រូប​តំណាង​ការរៀនសូត្រ
រូបភាព
រូបតំណាង​ការបម្រើ និង​សកម្មភាព​នានា
រូបភាព
រូបតំណាង​ការអភិវឌ្ឍ​ផ្ទាល់ខ្លួន

ការគាំទ្រ​ដោយ​សាសនាចក្រ ( ថ្នាក់ដឹកនាំ )

តួនាទី​របស់​សាសនាចក្រ​រួមមាន ការបង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ធ្វើ​ពិធីបរិសុទ្ធ និង​គាំទ្រ​ដល់​គេហដ្ឋាន ។ ថ្នាក់ដឹកនាំ និង​គ្រូបង្រៀន​គាំទ្រ​ឪពុក​ម្ដាយ​តាមរយៈ​ការបង្កើត​ទំនាក់ទំនង​ដ៏​រឹងមាំ និង​ចេះ​បីបាច់​ទំនាក់ទំនង​ជាមួយ​នឹង​កុមារ និង​យុវវ័យ​ដែល​ពួកគេ​បម្រើ ។

និយាយ​ជាមួយ​ឪពុក​ម្ដាយ

  • សូម​ប្រាស្រ័យ​ទាក់ទង​ក្រៅ​ផ្លូវការ​ជាមួយ​ឪពុក​ម្ដាយ ដើម្បី​ដឹង​ពី​របៀប​គាំទ្រ​ដល់​កូនចៅ​របស់​ពួកគេ ។ សូម​ចែកចាយ​ភាពខ្លាំង​ដែល​អ្នក​កត់​សម្គាល់ ។

  • សូម​សួរ​ពី​អ្វី​ដែល​ពួកគេ​សង្ឃឹម​ចង់​ឲ្យ​កូនចៅ​របស់​ពួកគេ​ដក​ពិសោធន៍ ហើយ​រៀនសូត្រ​ពី​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ថ្នាក់​យុវនារី និង​តាម​សកម្មភាព​នានា ។

នៅពេល​ឪពុក​ម្តាយ​ពុំ​មែន​ជា​សមាជិក​សកម្ម​ក្នុង​សាសនាចក្រ ៖

  • សូម​ពន្យល់​ដល់​ឪពុក​ម្ដាយ​អំពី​កិច្ច​ខិតខំ​ដើម្បី​គាំទ្រ​ដល់​កុមារ និង​យុវវ័យ​នេះ ហើយ​សួរ​ថា​តើ​ពួកគេ​ចង់​ឲ្យ​កូនចៅ​របស់​ពួកគេ​ចូលរួម​ដែរ​ឬ​ទេ ហើយ​តាម​របៀប​ណា ។

  • សូម​សួរ​កុមារ ឬ​យុវវ័យ​ពី​ប្រភេទ​នៃ​ការគាំទ្រ​ដែល​ពួកគេ​ចង់​បាន ។

  • សូម​និយាយ​ជាមួយ​នឹង​ក្រុមប្រឹក្សា​វួដ​អំពី​របៀប​រួម​បញ្ចូល​ឪពុក​ម្ដាយ​ឲ្យ​បាន​កាន់តែ​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន ។

គាំទ្រ​កុមារ និង​យុវវ័យ

  • សូម​ជួយ​កុមារ និង​យុវវ័យ​ឲ្យ​ទទួល​ស្គាល់​ព្រះចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។

  • សូម​សួរ​ពី​អ្វី​ដែល​ពួកគេ​ចង់​រៀនសូត្រ និង​ដក​ពិសោធន៍​ពី​កូរ៉ុម ថ្នាក់រៀន និង​សកម្មភាព​នានា ។

  • សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ដឹកនាំ​ក្នុង​ការដាក់​ផែនការ និង​ចាត់ចែង​សកម្មភាព ។

  • សូម​គាំទ្រ​ដល់​អ្នកកាន់​បព្វជិតភាព​អើរ៉ុន​ឲ្យ​បំពេញ​ការទទួល​ខុសត្រូវ​ក្នុង​កូរ៉ុម ។

ការសិក្សា​ដំណឹង​ល្អ

រូបភាព
គ្រួសារ​កំពុង​សិក្សា​ជាមួយ​គ្នា

នៅ​គេហដ្ឋាន

ការសិក្សា​ព្រះគម្ពីរ និង​ការអធិស្ឋាន​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ​នឹង​ជួយ​កុមារ និង​យុវវ័យ​ឲ្យ​ទទួល​អារម្មណ៍ និង​ទទួល​ស្គាល់​​ព្រះចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​រៀន​ស្រឡាញ់​ព្រះអង្គ​សង្គ្រោះ ។ បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ប្រើ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ និង​ពាក្យ​ពេចន៍​របស់​ព្យាការី​នៅ​រស់​ដើម្បី​សិក្សា​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

នៅ​ព្រះវិហារ

កុមារ និង​យុវវ័យ​ជួប​ជុំ​គ្នា​ដើម្បី​រៀន​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ កុមារ​រៀន​ដំណឹងល្អ​តាមរយៈ​ការណែនាំ​ក្នុង​ថ្នាក់ និង​ពេលវេលា​ច្រៀង​ក្នុង​អង្គការ​បឋម​សិក្សា ។ យុវវ័យ​រៀន​គោលលទ្ធិ​នៅក្នុង​ថ្នាក់ និង​កូរ៉ុម ។ កុមារ និង​យុវវ័យ​ត្រូវបាន​អញ្ជើញ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​រៀន​នៅ​ឯ​គេហដ្ឋាន ហើយ​អនុវត្ត​ដំណឹងល្អ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

ការបម្រើ និង​សកម្មភាព​នានា

រូបភាព
អ្នកស្ម័គ្រចិត្ត​ដៃ​ជំនួយ​ពួក​មរមន

នៅ​គេហដ្ឋាន

ការបម្រើ និង​សកម្មភាព​នានា​បង្កើត​ឲ្យ​មាន​ទម្លាប់​សុចរិត​ប្រចាំថ្ងៃ ស្ថាបនា​ទំនាក់ទំនង​គ្រួសារ បង្រៀន​ជំនាញ​ជីវិត អភិវឌ្ឍ​ឥរិយាបថ​ដូចជា​ព្រះគ្រីស្ទ និង​ជួយ​កុមារ ព្រមទាំង​យុវវ័យ​ឲ្យ​រីកចម្រើន​ឡើង ។ ការបម្រើ និង​សកម្មភាព​នានា​ក្នុង​ក្រុម​គ្រួសារ​អាច​ផ្ដោត​លើ​តម្រូវការ​បុគ្គល និង​គ្រួសារ ហើយ​ផ្ដល់​ឱកាស​ឲ្យ​អនុវត្ត​គោលការណ៍​នានា​នៃ​ដំណឹងល្អ​នៅក្នុង​បទពិសោធន៍​ប្រចាំថ្ងៃ ។

នៅ​ព្រះវិហារ

ការបម្រើ—រួម​មាន អ្នកកាន់​បព្វជិតភាព​អើរ៉ុន​បម្រើ​ក្នុង​ពិធីបរិសុទ្ធ​សាក្រាម៉ង់— និង​សកម្មភាព​ជាទៀងទាត់​នានា​ផ្ដល់​ឱកាស​ឲ្យ​ជួបជុំ​គ្នា រៀន​ជំនាញ​ថ្មីៗ សម្រេច​បាន​កិច្ចការ​ពិបាកៗ និង​បង្កើត​ទំនាក់ទំនង​ដែល​ផ្ដោត​លើ​ដំណឹងល្អ​ជាមួយនឹង​មិត្តភក្ដិ​ស្រករ​គ្នា ព្រមទាំង​ថ្នាក់ដឹកនាំ​ផងដែរ ។ ឱកាស​ទាំងនេះ​ជួយ​កុមារ និង​យុវវ័យ​ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ ខាង​សង្គម ខាង​រូបកាយ និង​ខាង​ប្រាជ្ញា ហើយ​ផ្ដល់​ការបម្រើ​ដ៏​មាន​អត្ថន័យ​ដល់​មនុស្ស​ដទៃ ។ JustServe ( JustServe.org ) គឺជា​ធនធាន​ដ៏​មាន​តម្លៃ​មួយ​សម្រាប់​ឱកាស​បម្រើ​ដល់​សហគមន៍ ។

សកម្មភាព​លើស​ពី​មួយ​​ថ្ងៃ​សម្រាប់​យុវវ័យ​រួម​មាន សន្និសីទ​ដើម្បី​កម្លាំង​នៃ​យុវជន ( ដ.ក.យ ) សន្និសីទ​យុវវ័យ ការបោះ​ជំរំ និង​ការប្រជុំ​គ្នា​ផ្សេងៗ​ទៀត ។ សកម្មភាព​ទាំងនេះ​អាច​ជួយ​យុវវ័យ​ឲ្យ​ពង្រីក​បំណង​ប្រាថ្នា​របស់​ពួកគេ​ក្នុង​ការធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ទាញ​ពួកគេ​ចេញ​ពី​ទម្លាប់​ជា​ប្រចាំ​របស់​ពួកគេ ហើយ​ជួយ​ពួកគេ​ឲ្យ​ឃើញ​ថា ពួកគេ​គឺជា​ផ្នែក​នៃ​ក្រុម​យុវវ័យ​ដ៏​ធំ​មួយ ដែល​មាន​គោលដៅ​សុចរិត​ដូចគ្នា ។

រូបភាព
ដ.ក.យ ប្រេស៊ីល ឆ្នាំ ២០១៦

ការអភិវឌ្ឍ​ផ្ទាល់ខ្លួន

នៅ​គេហដ្ឋាន

កុមារ និង​យុវវ័យ​ជ្រើសរើស​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​រីកចម្រើន និង​រៀន​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ ។ ឪពុក​ម្ដាយ​អាច​ជួយ​ពួកគេ​ឲ្យ​ទទួល​ស្គាល់​ពី​របៀប​ដែល​ពួកគេ​កំពុង​រីកចម្រើន​ឡើង​រួច​ហើយ និង​ពី​ចំណុច​ដែល​ពួកគេ​អាច​ត្រូវ​កែលម្អ ។ សកម្មភាព​ទាំងអស់​រួម​ទាំង​ក្នុង​សាសនាចក្រ សាលារៀន មិត្តភាព កីឡា សិល្បៈ ការងារ និង​ចំណាប់​អារម្មណ៍​បុគ្គល​ផ្សេង​ទៀត អាច​ជួយ​កុមារ និង​យុវវ័យ​ឲ្យ​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។

នៅ​ព្រះវិហារ

ថ្នាក់​ដឹកនាំ​ស្រឡាញ់ និង​បម្រើ​ដល់​កុមារ និង​យុវវ័យ​ម្នាក់ៗ ហើយ​កាន់តែ​ដឹង​ពី​តម្រូវការ និង​ចំណាប់​អារម្មណ៍​របស់​ពួកគេ ។ តាមរយៈ​ទំនាក់ទំនង​ដ៏​ពេញ​ដោយ​ក្ដី​ស្រឡាញ់ ថ្នាក់ដឹកនាំ​អាច​ជះ​ឥទ្ធិពល​ដ៏​វិសេស​វិសាល និង​ដ៏​មាន​អានុភាព​មួយ​ដើម្បី​គាំទ្រ និង​លើក​ទឹកចិត្ត​ដល់​កុមារ និង​យុវវ័យ​ក្នុង​ការបម្រើ និង​រីកចម្រើន​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

កែតម្រូវ និង​សម្រួបសម្រួល

រូបភាព
យុវនារី​ពីរ​នាក់​ញញឹម

បុគ្គល​ម្នាក់ៗ ក្រុម​គ្រួសារ​នីមួយៗ និង​ក្រុម​ជំនុំ​នីមួយៗ​មាន​លក្ខណៈ​ពិសេស ។ អ្វី​ដែល​ល្អ​បំផុត​សម្រាប់​អ្នកណាម្នាក់ អាច​មិន​ល្អ​សម្រាប់​អ្នកផ្សេង​ឡើយ ។ សូម​ធ្វើ​អ្វី​ដែល​ល្អ​សម្រាប់​គ្រួសារ ថ្នាក់ កូរ៉ុម ឬ​វួដ​របស់​អ្នក ។ សូម​និយាយ​អំពី​ឱកាស និង​កង្វល់​របស់​អ្នក ហើយ​ស្វែងរក​វិវរណៈ​ដើម្បី​ដឹង​ពី​របៀប​សម្រួល​គំនិត​ផ្ដួចផ្ដើម​នេះ ដើម្បី​ជួយ​ដល់​កុមារ និង​យុវវ័យ​ម្នាក់ៗ​ឲ្យ​ឈាន​ដល់​សក្ដានុពល​ដ៏​ទេវភាព​របស់​ពួកគេ ។

ឧទាហរណ៍ កុមារ និង​យុវវ័យ​នឹង​មាន​ភាពខុសគ្នា​ក្នុង​របៀប​ដែល​ពួកគេ​ទទួល​បាន​ការរីក​ចម្រើន​ផ្ទាល់ខ្លួន ៖ ប្រភេទ ចំនួន និង​ភាពញឹក​ញាប់​នៃ​គោលដៅ ក៏​ដូចជា​ការគាំទ្រ​ដែល​ពួកគេ​ត្រូវការ គួរតែ​សម្រេច​តាម​បុគ្គល​ម្នាក់ៗ ។ ថ្នាក់ និង​កូរ៉ុម​ក៏​ត្រូវ​សម្របតាម​ដើម្បី​បំពេញ​តាម​តម្រូវការ ។ លើស​ពី​នេះ ប្រភេទ និង​ភាពញឹកញាប់​នៃ​សកម្មភាព​អាច​ខុសៗ​គ្នា​ស្របតាម​កាលៈទេសៈ​ក្នុង​តំបន់ ។

សូម​ធ្វើ​ឲ្យ​សាមញ្ញ ។ ធ្វើ​អ្វី​ដែល​ដំណើរការ​ល្អ ។

ការជម្រុញ​ទឹកចិត្ត និង​ការទទួល​ស្គាល់

រូបភាព
កុមារា​ក្រោក​ឈរ​នៅ​ក្នុង​ថ្នាក់រៀន

ការជម្រុញ​ទឹកចិត្ត

កុមារ និង​យុវវ័យ​នឹង​ត្រូវបាន​ជម្រុញ​ទឹកចិត្ត​ដោយ​ធម្មជាតិ នៅពេល​ពួកគេ​មាន​អារម្មណ៍​ពី​ក្ដី​ស្រឡាញ់ រីកចម្រើន អភិវឌ្ឍ និង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ នៅពេល​ការផ្លាស់ប្ដូរ និង​ការរីកចម្រើន​ទៅ​ជា​ពិបាក​សម្រាប់​ពួកគេ នោះ​សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​រកមើល​វិធី​នានា​ដើម្បី​យកឈ្នះ​លើ​ឧបសគ្គ ឬ​សម្រប​ផែនការ​របស់​ពួកគេ ។ ទំនាក់ទំនង​ដ៏​រឹងមាំ និង​មាន​ទំនុក​ចិត្ត​ជាមួយ​ឪពុក​ម្ដាយ ថ្នាក់ដឹកនាំ និង​មិត្ត​ស្រករ​គ្នា​អាច​ផ្ដល់​កម្លាំង​ឲ្យ​ពួកគេ​រក្សា​ការព្យាយាម ។

ការទទួល​ស្គាល់

នៅពេល​កុមារ និង​យុវវ័យ​រីកចម្រើន សូម​សរសើរ​ដល់​កិច្ច​ខិតខំ​របស់​ពួកគេ ហើយ​លើក​ទឹកចិត្ត​ពួកគេ ។ សូម​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​រៀន និង​អបអរ​ការរីក​ចម្រើន​របស់​ពួកគេ ។ បន្ថែម​លើ​នេះ កុមារ និង​យុវវ័យ​ទាំងអស់​អាច​ទទួល​បាន​វត្ថុ​ដូចជា ចិញ្ចៀន ឬ​មេដាយ​មួយ​ដើម្បី​រំឭក​ពួកគេ​ថា ពួកគេ​គឺជា​ផ្នែក​នៃ​ក្រុម​ទូទាំង​ពិភពលោក​មួយ​ដែល​ខិតខំ​ដើម្បី​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​កុមារ និង​យុវវ័យ​ធ្វើ​តាម​គោលដៅ​ខាង​វិញ្ញាណ ខាង​សង្គម ខាង​រូបកាយ និង​ប្រាជ្ញា​ទាំងឡាយ នោះ​ពួកគេ​អាច​ទទួល​បាន​បន្ដោង​បន្ថែម​ទៀត ។