ជំនួយ​សម្រាប់​កុមារ និង​យុវវ័យ
តួនាទី


« តួនាទី » កុមារ និង​យុវវ័យ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៖ បុព្វកថា​ណែនាំ​សម្រាប់​ឪពុក​ម្ដាយ និង​ថ្នាក់​ដឹកនាំ ( ឆ្នាំ ២០១៩ )

« តួនាទី »

តួនាទី

គេហដ្ឋាន និង​ឪពុក​ម្ដាយ

រូបភាព
ក្រុមគ្រួសារ​ដើរ​នៅ​ខាងក្រៅ

តើ​តួនាទី​របស់​ខ្ញុំ​គឺជា​អ្វី ?

សូម​ធ្វើ​ជា​គំរូ​ដ៏​សុចរិត​ដល់​កូនចៅ​របស់​អ្នក ។ បង្រៀន​ពួកគេ​ពី​របៀប​រីកចម្រើន​ឡើង​ក្នុង​គ្រប់​ផ្នែក​ទាំងអស់​នៃ​ជីវិត​របស់​ពួកគេ ។ ស្វែងរក​របៀប​ដើម្បី​ជួយ​ពួកគេ​ឲ្យ​រៀន​ពី​ក្ដី​អំណរ​ក្នុង​ការកាន់​តាម​សេចក្ដី​សញ្ញា ការស្វែងរក​ទេពកោសល្យ​ថ្មីៗ និង​ការធ្វើ​រឿង​ដែល​ពិបាកៗ ។ ជួយ​គ្រួសារ​របស់​អ្នក​ឲ្យ​កាន់តែ​ខិត​ទៅ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​រស់នៅ​តាម​ដំណឹងល្អ​ក្នុង​ជីវិត​ប្រចាំថ្ងៃ ។

តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ?

សូម​ឲ្យ​កូនៗ​របស់​អ្នក​ដឹង​ថា អ្នក​ស្រឡាញ់​ពួកគេ​ខ្លាំង​ប៉ុណ្ណា ។ ចូលរួម​ក្នុង​ជីវិត​របស់​ពួកគេ ។ អធិស្ឋានរកមើល​តម្រូវការ​ផ្ទាល់ខ្លួន​របស់​ពួកគេ ហើយ​ដាក់​ផែនការ​សិក្សា​ដំណឹងល្អ និង​សកម្មភាព​នានា​ដើម្បី​ដោះស្រាយ​តម្រូវការ​ទាំងនោះ ។ ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ជាមួយ​ពួកគេ​ឲ្យ​បាន​ទៀងទាត់ ។ និយាយ​ជាមួយ​ថ្នាក់​ដឹកនាំ​អំពី​របៀប​ដែល​ពួកគេ​អាច​ជួយ​គាំទ្រ​ដល់​កូនចៅ​របស់​អ្នក ។

តើ​ខ្ញុំ​ត្រូវ​ចាប់ផ្ដើម​នៅត្រង់​ណា ?

សូម​បន្ដ​និយាយ និង​ស្ដាប់​កូនចៅ​របស់​អ្នក ។ អធិស្ឋាន​អំពី​របៀប​ដែល​អ្នក​អាច​គាំទ្រ​ដល់​ពួកគេ ។ ជួយ​ពួកគេ​ឲ្យ​ស្វែងរក និង​ចាប់ផ្ដើម​ពង្រឹង​ផ្នែក​នៃ​ការរៀនសូត្រ ដែល​ពួកគេ​ចាប់​អារម្មណ៍ ។ ចាប់ផ្ដើម ឬ​បន្ដ​ការអធិស្ឋាន​ជា​គ្រួសារ ការសិក្សា​ដំណឹងល្អ ឱកាស​បម្រើ និង​សកម្មភាព​នានា​ដើម្បី​ជួយ​កូនចៅ​របស់​អ្នក​ឲ្យ​រីកចម្រើន​ឡើង ។

ថ្នាក់​ដឹកនាំ និង​គ្រូបង្រៀន​អង្គការ​បឋមសិក្សា

រូបភាព
គ្រួសារ​លេង​ជាមួយ​គ្នា

តើ​តួនាទី​របស់​ខ្ញុំ​គឺជា​អ្វី ?

ចូរ​ស្រឡាញ់ និង​ពង្រឹង​កូនចៅ ។ សូម​ជួយ​ឪពុក​ម្ដាយ​ក្នុង​ការជួយ​កូនចៅ​ឲ្យ​មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​សម្រាប់​ពួកគេ យល់​ពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ទទួល​អារម្មណ៍ និង​ទទួល​ស្គាល់​ព្រះចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​រៀបចំ​ចុះ និង​រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ ។

តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ?

សូម​ធានា​ថា ថ្នាក់​អង្គការ​បឋមសិក្សា និង​ពេលវេលា​ច្រៀង​ជួយ​កុមារ​ឲ្យ​មាន​អារម្មណ៍​អំពី​ព្រះវិញ្ញាណ បង្កើន​សេចក្ដីជំនឿ និង​មាន​អំណរ​ចំពោះ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ដោយ​មាន​ផ្នែក​នៃ​ការរីកចម្រើន​ដែល​បាន​ស្នើ​នៅក្នុង លូកា ២:៥២ ទុក​ជា​សេចក្ដី​ណែនាំ សូម​គ្រោង​សកម្មភាព​រីករាយ និង​ការបម្រើ ក៏ដូចជា​សកម្មភាព​ទាក់ទាញ​នានា ដែល​ស្ថាបនា​ទីបន្ទាល់ ពង្រឹង​ដល់​ក្រុម​គ្រួសារ ព្រមទាំង​ចិញ្ចឹម​បីបាច់​សាមគ្គីភាព និង​ការរីក​ចម្រើន​ផ្ទាល់​ខ្លួន ។

តើ​ខ្ញុំ​ត្រូវ​ចាប់ផ្ដើម​នៅ​ត្រង់​ណា ?

សូម​ស្គាល់​កូនចៅ និង​ក្រុមគ្រួសារ​របស់​ពួកគេ ហើយ​បម្រើ​តាម​តម្រូវការ​របស់​ពួកគេ ។ ក្នុង​នាម​ជា​គណៈប្រធាន​ថ្នាក់​អង្គការ​បឋមសិក្សា សូម​អធិស្ឋាន​សួរ​ពី​របៀប​ដែល​អ្នក​អាច​ជួយ​គ្រូបង្រៀន​របស់​អ្នក អ្នកដឹកនាំ​តន្ដ្រី និង​អ្នកដឹកនាំ​សកម្មភាព ដើម្បី​ជួយ​កុមារ​ឲ្យ​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ ។

ថ្នាក់ដឹកនាំ​ក្រុម​យុវនារី

រូបភាព
យុវនារី​កំពុង​កត់ត្រា

តើ​តួនាទី​របស់​ខ្ញុំ​គឺជា​អ្វី ?

សូម​ជួយ​ឪពុក​ម្ដាយ និង​គណៈប៊ីស្សព​ក្នុង​ការណែនាំ និង​បំផុស​គំនិត​ដល់​យុវនារី​ឲ្យ​យល់​ពី​អត្តសញ្ញាណ​របស់​ពួកគេ​ជា​បុត្រី​របស់​ព្រះ រៀបចំ​សម្រាប់​សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​បំពេញ​តាម​គោលបំណង​ដ៏​ទេវភាព​របស់​ពួកគេ ។ ណែនាំ​ដល់​គណៈប្រធាន​ថ្នាក់ នៅពេល​ពួកគេ​ដឹកនាំ ផ្ដល់​ការងារ​បម្រើ និង​បម្រើ​ដល់​សមាជិក​ក្នុង​ថ្នាក់​របស់​ពួកគេ ។

តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ?

សូម​ធ្វើ​ជា​គំរូ​មួយ​ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ណែនាំ​គណៈប្រធាន​ថ្នាក់ នៅពេល​ពួកគេ​ដាក់​គម្រោង​ប្រកប​ដោយ​ការអធិស្ឋាន និង​ជួយ​បង្រៀន​មេរៀន​មកពី ចូរ​មក​តាម​ខ្ញុំ—សម្រាប់​យុវនារី ។ លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ដឹកនាំ​តាម​ការគ្រោង និង​ធ្វើការ​បម្រើ និង​សកម្មភាព​នានា​ដែល​នឹង​ជួយ​យុវនារី​ឲ្យ​រីកចម្រើន​ក្នុង​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​ពួកគេ ។ ផ្ដល់​ការគាំទ្រ​បន្ថែម​ដល់​យុវនារី​ដែល​ត្រូវការ​វា ។

តើ​ខ្ញុំ​ត្រូវ​ចាប់ផ្ដើម​នៅ​ត្រង់​ណា ?

សូម​រៀន​ស្គាល់​យុវនារី​ម្នាក់ៗ ។ និយាយ​ជាមួយ​យុវនារី ឪពុក​ម្ដាយ​របស់​ពួកគេ និង​គណៈប៊ីស្សព​អំពី​របៀប​ដែល​អ្នក​អាច​គាំទ្រ​ដល់​ការរីកចម្រើន​របស់​យុវនារី ។ អធិស្ឋាន​ដើម្បី​ដឹង​របៀប​ដែល​អ្នក​អាច​ជួយ​គណៈប្រធាន​ថ្នាក់​របស់​អ្នក​ឲ្យ​ជោគជ័យ​ក្នុង​ការហៅ​បម្រើ​របស់​ពួកគេ ។

ថ្នាក់ដឹកនាំ​បព្វជិតភាព​អើរ៉ុន

តើ​តួនាទី​របស់​ខ្ញុំ​គឺជា​អ្វី ?

សូម​ជួយ​ឪពុក​ម្ដាយ និង​គណៈប៊ីស្សព​ក្នុង​ការរៀបចំ​យុវជន​សម្រាប់​ការតែងតាំង​ទៅ​តំណែង​បព្វជិតភាព សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ បេសកកម្ម និង​តួនាទី​ដ៏​ទេវភាព ។ បំផុស​គំនិត​ពួកគេ​ឲ្យ​យល់​ពី​គោលបំណង និង​អត្តសញ្ញាណ​របស់​ពួកគេ​ក្នុង​នាម​ជា​បុត្រា​របស់​ព្រះ ។ ណែនាំ​ដល់​គណៈប្រធាន​កូរ៉ុម នៅពេល​ពួកគេ​ដឹកនាំ ផ្ដល់​ការងារ​បម្រើ និង​បម្រើ​ដល់​សមាជិក​ក្នុង​កូរ៉ុម​របស់​ពួកគេ និង​នៅពេល​ពួកគេ​បម្រើ​ក្នុង​ពិធីបរិសុទ្ធ​សាក្រាម៉ង់ ។

តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ?

សូម​ធ្វើ​ជា​គំរូ​មួយ​ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ណែនាំ​គណៈប្រធាន​កូរ៉ុម នៅពេល​ពួកគេ​អនុវត្ត​កូនសោ​របស់​គេ បម្រើ​ក្នុង​ពិធីបរិសុទ្ធ​សាក្រាម៉ង់ និង​ដាក់​គម្រោង​ប្រកប​ដោយ​ការអធិស្ឋាន ព្រមទាំង​ជួយ​បង្រៀន​មេរៀន​មកពី ចូរ​មក​តាម​ខ្ញុំ—សម្រាប់​យុវជន ។ ជួយ​ពួកគេ​ឲ្យ​ដាក់​គម្រោង និង​ធ្វើការ​បម្រើ និង​សកម្មភាព​នានា​ដែល​នឹង​ជួយ​យុវជន​ឲ្យ​រីកចម្រើន​ក្នុង​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​ពួកគេ ។ ឲ្យ​ពួកគេ​ដឹកនាំ ។ ផ្ដល់​ការគាំទ្រ​បន្ថែម​ដល់​យុវជន​ដែល​ត្រូវការ​វា ។

តើ​ខ្ញុំ​ត្រូវ​ចាប់ផ្ដើម​នៅ​ត្រង់​ណា ?

សូម​ចំណាយ​ពេល​ជាមួយ​យុវជន ។ រៀន​ស្គាល់ និង​ស្រឡាញ់​ពួកគេ​ម្នាក់ៗ ។ និយាយ​ជាមួយ​គណៈប៊ីស្សព យុវជន និង​ឪពុក​ម្ដាយ​របស់​ពួកគេ​ដើម្បី​កំណត់​ពី​របៀប​ដែល​អ្នក​អាច​គាំទ្រ​ពួកគេ កាល​ពួកគេ​រីកចម្រើន​ហើយ​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ ។ អធិស្ឋាន​ដើម្បី​ដឹង​របៀប​ដែល​អ្នក​អាច​ជួយ​គណៈប្រធាន​កូរ៉ុម​របស់​អ្នក​ឲ្យ​អនុវត្ត​កូនសោ​របស់​ពួកគេ និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការហៅ​បម្រើ​របស់​ពួកគេ ។

គ្រូបង្រៀន​ថ្នាក់​សាលា​ថ្ងៃអាទិត្យ

រូបភាព
យុវវ័យ​អាន​ព្រះគម្ពីរ

តើ​តួនាទី​របស់​ខ្ញុំ​គឺជា​អ្វី ?

សូម​ខិតខំ​ជួយ​យុវវ័យ​ឲ្យ​មក​រក​ព្រះគ្រីស្ទ តាមរយៈ​ការរៀនសូត្រ និង​ធ្វើតាម​គោលលទ្ធិ​របស់​ទ្រង់ ។ បង្រៀន​យុវវ័យ​ឲ្យ​យល់ដឹង ចែកចាយ និង​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ?

សូម​ធ្វើ​ជា​គំរូ​មួយ​ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជួយ​យុវវ័យ​ឲ្យ​ស្ថាបនា​សេចក្ដីជំនឿ​របស់​ពួកគេ ។ លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សិក្សា​បទគម្ពីរ​នៅ​គេហដ្ឋាន—ដោយ​ផ្ទាល់ខ្លួន និង​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​ពួកគេ ។ ជួយ​ពួកគេ​ឲ្យ​រៀបចំ និង​បង្រៀន​គោលការណ៍​នានា​នៃ​គោលលទ្ធិ ។ អញ្ជើញ​ពួកគេ​ឲ្យ​អនុវត្ត​អ្វី​ដែល​ពួកគេ​កំពុង​រៀន​ដើម្បី​មាន​ការអភិវឌ្ឍ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។

តើ​ខ្ញុំ​ត្រូវ​ចាប់ផ្ដើម​នៅ​ត្រង់​ណា ?

សូម​ព្យាយាម​បង្រៀន​ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ ។ រៀន​ស្គាល់​យុវវ័យ​ម្នាក់ៗ ។ អធិស្ឋាន​ដើម្បី​ដឹង​របៀប​ដែល​អ្នក​អាច​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន​ឡើង​ហើយ​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ខ្លាំង ។ ពង្រឹង​សមាជិក​ថ្នាក់ និង​ឪពុក​ម្ដាយ​របស់​ពួកគេ​ក្នុង​កិច្ច​ខំ​ប្រឹង​ដើម្បី​រៀនសូត្រ និង​បង្រៀន​ដំណឹងល្អ​នៅ​សាសនាចក្រ និង​នៅឯ​គេហដ្ឋាន​របស់​ពួកគេ ។

គណៈប៊ីស្សព និង​គណៈប្រធាន​កូរ៉ុម និង​ថ្នាក់

រូបភាព
បុរស​ចាប់ដៃ​ជាមួយ​នឹង​យុវជន

តើ​តួនាទី​របស់​ពួកគេ​គឺជា​អ្វី ?

គណៈប៊ីស្សព​គឺជា​គណៈប្រធាន​នៃ​បព្វជិតភាព​អើរ៉ុន​នៅក្នុង​វួដ​នេះ ហើយ​ទទួល​ខុសត្រូវ​លើ​យុវនារី និង​យុវជន ។ គណៈប្រធាន​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​ធ្វើការ​ដោយ​កូនសោ ដែល​បាន​ប្រគល់​ដល់​គេ នៅពេល​ប្រធាន​កូរ៉ុម​ត្រូវបាន​ញែក​ចេញ ។ គណៈប្រធាន​ថ្នាក់​យុវនារី​ធ្វើការ​នៅ​ក្រោម​សិទ្ធិ​អំណាច​បព្វជិតភាព បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ញែក​ចេញ​ដោយ​សមាជិក​ម្នាក់​នៃ​គណៈ​ប៊ីស្សព ។

តើ​ពួកគេ​ធ្វើ​ការងារ​អ្វី ?

គណៈប្រធាន​គួរតែ​ខិតខំ​ដើម្បី​ធ្វើ​ជា​សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ពួកគេ​ជួយ​សមាជិក​ក្នុង​កូរ៉ុម ឬ​ថ្នាក់​ម្នាក់ៗ​ឲ្យ​មាន​អារម្មណ៍​នៃ​ក្ដី​ស្រឡាញ់ និង​ស្វែងរក​អំណរ​ក្នុង​ការរស់នៅ​តាម​ដំណឹងល្អ ។ នៅក្រោម​ការដឹកនាំ​ពី​គណៈប៊ីស្សព គណៈប្រធាន​កូរ៉ុម​ដឹកនាំ​អ្នកកាន់​បព្វជិតភាព​អើរ៉ុន នៅពេល​ពួកគេ​បម្រើ​ក្នុង​ពិធីបរិសុទ្ធ​សាក្រាម៉ង់ ។ ទាំង​គណៈប្រធាន​កូរ៉ុម និង​ថ្នាក់​ទាំងឡាយ​ដឹកនាំ​ការប្រមូល​អ៊ីស្រាអែល​ដែល​នៅ​ទាំង​សងខាង​វាំងនន និង​ថែទាំ​ដល់​អ្នក​ដែល​ខ្វះខាត ។

តើ​ពួកគេ​ត្រូវ​ចាប់ផ្ដើម​នៅ​ត្រង់​ណា ?

គណៈប្រធាន​រៀន​ពី​កាតព្វកិច្ច​របស់​ពួកគេ​មកពី​ព្រះអម្ចាស់ និង​ថ្នាក់ដឹកនាំ​របស់​ពួកគេ ។ ពួកគេ​អធិស្ឋាន​សម្រាប់​សមាជិក​កូរ៉ុម ឬ​ថ្នាក់ ហើយ​រៀន​ដឹង​ពី​តម្រូវការ​របស់​ពួកគេ ។ ពួកគេ​គាំទ្រ​សមាជិក​ទាំងនោះ​ឲ្យ​ក្លាយជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​ប្រឹក្សា​រួមគ្នា​អំពី​មេរៀន សកម្មភាព និង​ការបម្រើ​ណាមួយ​ដែល​នឹង​ប្រទានពរ និង​ពង្រឹង​ដល់​យុវវ័យ ហើយ​នាំ​ឲ្យ​មាន​សាមគ្គីភាព​ដល់​កូរ៉ុម ឬ​ថ្នាក់​របស់​ពួកគេ ។