ការរៀន​ភាសា​អង់គ្លេស
ឧបសម្ព័ន្ធ ក ៖ ព័ត៌មាន​ផ្នែក​ច្បាប់


« ឧបសម្ព័ន្ធ ក ៖ ព័ត៌មាន​ផ្នែក​ច្បាប់ » សម្រាប់​គ្រូបង្រៀន EnglishConnect ( ឆ្នាំ ២០២៣ )

« ឧបសម្ព័ន្ធ ក » EnglishConnect សម្រាប់​គ្រូបង្រៀន

ឧបសម្ព័ន្ធ ក

ព័ត៌មាន​ផ្នែក​ច្បាប់

តម្រូវការ​ច្បាប់​ទូទៅ​សម្រាប់​ទីតាំង​ដែល​បាន​អនុម័ត

ការិយាល័យ​ប្រឹក្សាទូទៅ ( OGC ) បាន​អនុម័ត​គោលការណ៍​ណែនាំ​ប្រតិបត្តិការ​ខាងក្រោម​សម្រាប់​កម្មវិធី EnglishConnect ។ គោលការណ៍​ណែនាំ​ទាំងនេះ​នឹង​អនុវត្ត​នៅ​ទូទាំង​ពិភពលោក​ចំពោះ EnglishConnect ១ និង ២ ដោយ​អនុលោម​តាម​លក្ខខណ្ឌ​ ដែល​ជា​តម្រូវការ​ស្រប​ច្បាប់​ជាក់លាក់​របស់​ប្រទេស​ណាមួយ​ដែល​មាន​ចែង​នៅក្នុង​សេចក្ដីសង្ខេប​ផ្នែក​ច្បាប់ EnglishConnect សម្រាប់​ប្រទេស​នីមួយៗ ( សូមមើល​លក្ខខណ្ឌ ដែលជា​តម្រូវការ​តាម​ប្រទេស​ជាក់លាក់​នៅ​គេហទំព័រ englishconnect.org/leader/approved-locations ) ។

  • ទទួល​ការអនុញ្ញាត​ពី​ឪពុកម្តាយ​សម្រាប់​អ្នក​ចូលរួម​ម្នាក់ៗ​ដែល​មាន​អាយុ ១៨ ឆ្នាំ ឬ​ក្មេង​ជាង​នេះ ដោយ​ប្រើ​ទម្រង់​ការអនុញ្ញាត​ពី​ឪពុកម្តាយ ។ ទម្រង់បែបបទ​ទាំងឡាយ​មាន​ជា​ភាសា​ជាច្រើន​តាម​អនឡាញ​នៅ​គេហទំព័រ englishconnect.org/resources/leader ។

    • សូម​ការចុះ​ហត្ថលេខា​របស់​ឪពុកម្តាយ​ទាំងពីរ ប្រសិនបើ​អាច​ធ្វើ​ទៅបាន ។ ប្រសិនបើ​នរណា​ម្នាក់​ដែល​មាន​អាយុ ១៨ ឆ្នាំ ឬ​ក្មេង​ជាង​នេះ​រស់នៅ​ដោយ​ខ្លួនឯង នោះ​មិន​ចាំបាច់​មាន​ការអនុញ្ញាត​ពី​ឪពុកម្តាយ​នោះ​ទេ ។

    • ទម្រង់​បែបបទ​ដែល​បានបំពេញ​រួចរាល់​គួរតែ​អ្នកដឹកនាំ​ក្នុង​មូលដ្ឋាន​ជា​អ្នក​រក្សាទុក ហើយ​មាន​សម្រាប់​ធ្វើ​សវនកម្ម ។

  • តម្រូវ​ឲ្យ​គ្រូបង្រៀន​បំពេញ​ការបណ្តុះបណ្តាល​ក្នុង​សាសនាចក្រ « ការការពារកុមារ និងយុវវ័យ » ។ សូម​ធ្វើ​តាម​បទដ្ឋាន​របស់​ប្រទេស​ទាំងអស់​សម្រាប់​ការពិនិត្យមើល និង​ការហៅ​គ្រូបង្រៀន​ជា​យុវវ័យ​សម្រាប់​គ្រូបង្រៀន​ថ្នាក់ EnglishConnect ដែល​នឹង​បង្រៀន​នរណា​ម្នាក់​ដែល​មាន​អាយុ​ក្រោម ២១ ឆ្នាំ ។

  • សូម​កុំ​គិត​ថ្លៃ​សេវា ឬ​ថ្លៃ​ចំណាយ​ណាមួយ​ពី​អ្នក​ចូលរួម​សម្រាប់​ការចូលរួម​ក្នុង​កម្មវិធី​នេះ​ឡើយ ។

    • អ្នកចូលរួម EnglishConnect អាច​ទាញ​យក​ឯកសារ​កម្មវិធី​នេះ​តាម​អនឡាញ​ដោយ​ឥត​គិតថ្លៃ ឬ​អង្គភាព​ក្នុង​មូលដ្ឋាន​អាច​ទិញ​សម្ភារ​សម្រាប់​ក្រុម​នេះ​តាមរយៈ​បណ្តាញ​ចែកចាយ​ទូទៅ​នៅ​គេហទំព័រ store.churchofjesuschrist.org ។ អ្នកចូលរួម​ក៏​អាច​ទិញ​សម្ភារ​តាមរយៈ​បណ្ដាញ​នេះ​ដែរ ប្រសិនបើ​ពួកគេ​ចង់​បាន ។

    • គ្រូប​ង្រៀន EnglishConnect មិន​គួរ​ផ្តល់ ឬ​ទទួលប្រាក់ ឬ​អំណោយ​ជា​ផ្នែក​នៃ​ទំនាក់ទំនង​ការបង្ហាត់ ឬ​ការបង្រៀន​ណាមួយ​ជាមួយ​អ្នក​ចូលរួម EnglishConnect ឡើយ ។

  • សូម​បញ្ចូល​ខ្លឹមសារ​សាសនា​នៅក្នុង​ការបង្រៀន​យ៉ាង​ហោច​ណាស់​មួយ​ភាគបី ។ ( ខ្លឹមសារ​សាសនា​គួរតែ​ចំណាយពេល ២០ នាទី​នៃ​ការបង្រៀន​នីមួយៗ ឬ ៣០ នាទី​ពី ៩០ នាទី​នៃ​ការប​ង្រៀន​នីមួយៗ ) ។ ចំណាំ ៖ ប្រសិនបើ​មេរៀន​ត្រូវ​បានបង្រៀន​តាម​ដែល​បានរចនា​ឡើង ហើយ​គ្រូបង្រៀន​តែងតែ​បញ្ចូល​សកម្មភាព « ពិភាក្សា​អំពី​គោលការណ៍​នៃ​ការរៀន » ក្នុង​អំឡុងពេល​ក្រុម​សន្ទនា នោះ​តម្រូវការ​នេះ​នឹង​ត្រូវ​បានបំពេញ ។

  • សូម​អនុវត្ត​តាម​គោលការណ៍​ណែនាំ​កម្មវិធី​ទាំងអស់​ដែល​មាន​នៅក្នុង​ការណែនាំ​អំពី​ការអនុវត្ត​សម្រាប់ EnglishConnect និង​សៀវភៅ​សិក្សា​របស់​គ្រូ​បង្រៀន រួមទាំង​ការប្រើប្រាស់​ប្រព័ន្ធ​ចុះ​ឈ្មោះ​អនឡាញ QuickReg ( quickreg.englishconnect.org ) ដើម្បី​ធានា​ឲ្យ​បាន​នូវ​ឯកជនភាព​ទិន្និន័យ ។

  • ដើម្បី​ចៀសវាង​ការមាន​ហានិភ័យ​ដល់​ទិដ្ឋា​ការ​ផ្សព្វផ្សាយ​សាសនា ឬ​ស្ថានភាព​ផ្នែក​ច្បាប់​របស់​សាសនាចក្រ​នៅក្នុង​ប្រទេស​មួយ នោះ​បេសកកម្ម​ណា​មួយ​ដែល​មិន​ធ្លាប់​ប្រើ​ការបង្រៀន​ភាសា​អង់គ្លេស​ជា​វិធីសាស្រ្ត​ទំនាក់ទំនង​ទេ ត្រូវតែ​ទទួល​បាន​ការអនុម័ត​ពី OGC ជាក់លាក់​មុន​នឹង​ប្រើប្រាស់​ឯកសារ​របស់ EnglishConnect ។

EnglishConnect ៣ ត្រូវបាន​ដំណើរការ និង​អនុវត្ត​ដោយ BYU-Pathway Worldwide ។ ដូច​នេះ វា​ដំណើរការ​ក្រោម​លក្ខខណ្ឌ​ផ្នែក​ច្បាប់​ដូចគ្នា​នឹង BYU-Pathway ដែរ ។

ការផ្សាយ​ពាណិជ្ជកម្ម

នៅ​ប្រទេស​ដែល​បាន​អនុញ្ញាត​ឲ្យ​មាន​ការផ្សាយ​ពាណិជ្ជកម្ម​ពី EnglishConnect ១ និង ២ នោះ​ស្តេក វួដ និង​បេសកកម្ម​ក្នុង​មូលដ្ឋាន​អាច​ផ្សព្វផ្សាយ EnglishConnect ក្រុម ១ និង ២ ទៅកាន់​សហគមន៍​ទូលំទូលាយ​ដោយ​អនុលោម​តាម​គោលការណ៍​ណែនាំ​អំពី​ការផ្សាយ​ពាណិជ្ជកម្ម​របស់​ប្រទេស​ជាក់លាក់​ណា​មួយ ( សូម​មើល​តម្រូវការ​ជាក់លាក់​របស់​ប្រទេស​នៅ​គេហទំព័រ englishconnect.org/leader/approved-locations ) ។ ការផ្សាយ​ពាណិជ្ជកម្ម​គួរតែ​មាន​ដូច​ខាងក្រោម ៖

  1. ទីតាំង​ដ៏​សំខាន់​នៃ​ឈ្មោះ​របស់​សាសនាចក្រ ។

  2. សេចក្តី​ថ្លែងការណ៍​ដែល​មិន​គិត​ថ្លៃ​សម្រាប់ EnglishConnect ១ និង ២ ។

  3. សេចក្តីថ្លែង​ការណ៍​ដែល EnglishConnect ១ និង ២ មិន​មាន​ការទទួលស្គាល់​ជា​ផ្លូវការ​ណា​មួយ​ឡើយ ។

រក្សាសិទ្ធិ និង​អាជ្ញាប័ណ្ណ

EnglishConnect គឺជា​កម្មវិធី​មួយ​ដែល​បាន​ផ្ដល់​ឲ្យ​ដោយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ សិទ្ធិ​ប្រើប្រាស់​សម្ភារ EnglishConnect ទាំងអស់​ត្រូវ​បាន​គ្រប់គ្រង ឬ​ផ្តល់​អាជ្ញាប័ណ្ណ​ដោយ Intellectual Reserve, Inc. សម្រាប់​ការប្រើប្រាស់​ដោយ​អង្គភាព​សាសនាចក្រ ដូចជា ស្តេក មណ្ឌល និង​បេសកកម្ម ។ ការប្រើប្រាស់​សម្ភារ​របស់ EnglishConnect ផ្សេង​ទៀត​ទាមទារ​ការអនុញ្ញាត​ជា​លាយលក្ខណ៍​អក្សរ​ជាមុន ។ ដើម្បី​ស្នើសុំ​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​សម្ភារ EnglishConnect សូម​បំពេញ​ទម្រង់​ស្នើសុំ​នៅ​គេហទំព័រ Permissions.ChurchofJesusChrist.org ។

អនីតិជន

ក្រុម EnglishConnect ត្រូវតែ​ធ្វើ​តាម គោលនយោបាយ​ការពារ​យុវវ័យ​របស់​សាសនាចក្រ ជានិច្ច ( ដែល​រួម​មាន​ទាំង​អ្នកចូលរួម​ដែល​មាន​អាយុ ១៨ ឆ្នាំ ឬ​ក្មេង​ជាង​នេះ ) ។ អនីតិជន​ត្រូវតែ​មាន​ទម្រង់​បែបបទ​ការអនុញ្ញាត​ពី​ឪពុកម្តាយ​ដែល​បាន​ចុះហត្ថលេខា មុន​ពេល​ចូលរួម​ក្រុម EnglishConnect ។ ទម្រង់បែបបទ​ទាំងឡាយ​មាន​ជា​ភាសា​ជាច្រើន​តាម​អនឡាញ​នៅ​គេហទំព័រ englishconnect.org/resources/leader ។ ទម្រង់បែបបទ​ដែល​បានបំពេញ​រួចរាល់​ត្រូវ​តែ​អ្នកដឹកនាំ​ក្នុង​មូលដ្ឋាន​ជា​អ្នក​រក្សាទុក ហើយ​មាន​សម្រាប់​ធ្វើ​សវនកម្ម ។

ដោយសារតែ​អ្នករៀន EnglishConnect អាច​ជា​អនីតិជន នោះ​អ្នកដឹកនាំ​បព្វជិតភាព​គួរតែ​សម្ភាសន៍​គ្រូបង្រៀន​ដែល​មាន​សក្តានុពល​ម្នាក់ៗ ហើយ​ពិនិត្យមើល​កំណត់ត្រា​សមាជិកភាព​របស់​បេក្ខជន​សម្រាប់​ការចារ​អនុម័ត​មុន​ផ្ដល់​ការហៅ ។ លើសពីនេះ យ៉ាងហោច​ណាស់​មជ្ឈិមវ័យ​ដែល​មាន​ទំនួល​ខុសត្រូវ​ពីរ​នាក់​គួរតែ​មាន​វត្តមាន​នៅ​គ្រប់​ពេល​ក្នុង​អំឡុងពេល​ការប្រជុំ​ជាក្រុម ។ គ្រូ​បង្រៀន​មិន​គួរ​ធ្វើការ​មួយ​ទល់​មួយ​ជាមួយ​អ្នកចូលរួម​ជា​អនីតិជន​ក្នុង​លក្ខណៈ​ឯកជន​នោះទេ ។ អ្នក​ត្រូវតែ​អនុវត្ត​តាម​គោលការណ៍​ទាំងនេះ ទោះបីជា​ក្រុម​កំពុង​ប្រជុំ​តាម​អ៊ីនធឺណិតក៏​ដោយ ។

អនីតិជន​ដែល​ចូលរួម​ក្នុង​ក្រុម​សន្ទនា​តាម​អ៊ីនធឺណិត

អនីតិជន​អាច​ចូលរួម​ក្រុម​សន្ទនា​តាម​អ៊ីនធឺណិត EnglishConnect ១ និង ២ ដោយ​មាន​ការអនុញ្ញាត​ពី​ឪពុកម្តាយ​តែ​ប៉ុណ្ណោះ ហើយ​នៅពេល​ដែល​ក្រុម​នេះ​មាន​គ្រូបង្រៀន​សម្របសម្រួល​យ៉ាង​ហោចណាស់​ពីរ​នាក់ ។

ដើម្បី​ដាក់​អាទិភាព​លើ​សុវត្ថិភាព នោះ​ក្រុម​សន្ទនា​តាម​អនឡាញ​ដែល​ទាក់ទង​នឹង​អនីតិជន​ត្រូវតែ​បង្កើតឡើង ដើម្បី​ចៀសវាង​អន្តរកម្ម​មួយ​ទល់​មួយ​នៅលើ​អនឡាញ​រវាង​អនីតិជន និង​គ្រូបង្រៀន ។ អនីតិជន​អាច​ចូលរួម​ក្នុង​ក្រុម​សន្ទនា​តាម​អនឡាញ​បាន​លុះត្រាតែ​មាន​គ្រូបង្រៀន​ពីរ​នាក់ ឬ​ច្រើន​នាក់​មាន​វត្ត​មាន​នៅក្នុង​ការប្រជុំ​ជា​ក្រុម​នោះ ។

លើសពី​នេះ គ្រូបង្រៀន EnglishConnect មិន​គួរ​ផ្ញើសារ​ជា​អក្សរ ឬ​អ៊ីមែល ឬ​ទាក់ទង​ទៅ​អនីតិជន​ដោយ​គ្មាន​បុគ្គល​ម្នាក់​ទៀត​នៅក្នុង​ការទំនាក់ទំនង​នោះ​ទេ ។ សម្រាប់​ការ​ទៅជួប​ដោយ​ផ្ទាល់ ឬ​ការហៅ​ទូរសព្ទ នោះ​គួរតែ​មាន​វត្តមាន​របស់​មជ្ឈិមវ័យ​ផ្សេង​ទៀត​នៅ​ទីនោះ ។ ប្រសិនបើ​អាច​ធ្វើ​ទៅបាន គ្រូ​បង្រៀន​គួរ​ត្រួតពិនិត្យ​អន្តរកម្ម​ការបំបែក​ក្រុម​កំឡុងពេល​ក្រុម​សន្ទនា​តាម​អនឡាញ ។

ឯកជនភាព

EnglishConnect គឺជា​កម្មវិធី​មួយ​ដែល​បាន​ផ្ដល់​ឲ្យ​ដោយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ សម្រាប់​ព័ត៌មាន​លម្អិត​អំពី​របៀប​ដំណើរការ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់អ្នក សូម​ចូល​ទៅ​កាន់​គេហទំព័រ ChurchofJesusChrist.org ហើយ​ចុចលើ ការជូន​ដំណឹង​ស្តីពី​ឯកជនភាព ដែល​មាន​នៅ​ខាងក្រោម​ទំព័រ​នេះ ។

អ្នក​ចូលរួម​ទាំងអស់​ត្រូវតែ​ទទួល​យក​លក្ខខណ្ឌ​នៃ​ការចូលរួម ដែល​អាច​រក​បាន​នៅ​លើគេហទំព័រ ChurchofJesusChrist.org/legal/englishconnect-terms-of-participation ។ អ្នក​ចូលរួម​អាច​ទទួល​យក​លក្ខខណ្ឌ​នៃ​ការចូលរួម​ដោយ​អេឡិចត្រូនិច នៅពេល​ដែល​អ្នក​សម្របសម្រួល EnglishConnect ចុះ​ឈ្មោះ​ពួកគេ​នៅក្នុង QuickReg ។

គ្រូបង្រៀន EnglishConnect មិន​គួរ​ចុះផ្សាយ​រូបភាព​នៅ​លើ​បណ្តាញ​សង្គម​របស់​អ្នកបង្ហាត់ ឬ​បង្រៀន​នោះ​ទេ ។

ការទទួលស្គាល់

EnglishConnect ពុំ​មាន​នូវ​ការទទួលស្គាល់​ផ្លូវការ សញ្ញាបត្រ ឬ​ក្រេដីឌ​ប្រភេទ​ណាមួយ ដែល​កម្មវិធី​អប់រំ ឬ​កម្មវិធី​បណ្ដុះបណ្ដាល ឬ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ណាមួយ​ទទួល​ស្គាល់​ឡើយ ។ ការចូលរួម​គឺ​ដោយ​ស្ម័គ្រចិត្ត ។ អ្នកចូលរួម​អាច​ចាកចេញ​ពី​កម្មវិធី​នេះ ឬ​ឈប់​ចូលរួម​នៅ​ពេល​ណា​ក៏​បាន ។