« តើខ្ញុំអាចអភិវឌ្ឍជំនាញបង្រៀនរបស់ខ្ញុំដោយរបៀបណា ? » សម្រាប់គ្រូបង្រៀន EnglishConnect ( ឆ្នាំ ២០២៣ )
« តើខ្ញុំអាចអភិវឌ្ឍជំនាញបង្រៀនរបស់ខ្ញុំដោយរបៀបណា ? » សម្រាប់គ្រូបង្រៀន EnglishConnect
តើខ្ញុំអាចអភិវឌ្ឍជំនាញបង្រៀនរបស់ខ្ញុំដោយរបៀបណា ?
នៅពេលដែលអ្នករៀននឹងប្រសើរឡើងបន្តិចម្តងៗ នោះទំនុកចិត្ត និងការអភិវឌ្ឍរបស់អ្នកក៏រីកចម្រើនឡើងបន្តិចម្តងៗផងដែរ ។ ព្រះអម្ចាស់នឹងគាំទ្រដល់អ្នក នៅពេលអ្នកធ្វើការបម្រើ និងជួយអ្នករៀនក្នុងក្រុមរបស់អ្នក ។ ទ្រង់នឹងបង្រៀនអ្នក « មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ( នីហ្វៃទី ២ ២៨:៣០ ) ។ សូមទុកចិត្តថា ព្រះវរបិតាសួគ៌នឹងជួយអ្នក នៅពេលអ្នកស្វែងរកព្រះវិញ្ញាណ ហើយធ្វើការដើម្បីកែលម្អ ។
យុទ្ធសាស្ត្រក្នុងការបង្រៀនភាសា
ខាងក្រោមនេះជាយុទ្ធសាស្ត្រមួយចំនួនសម្រាប់ការបង្រៀនភាសាអង់គ្លេស ។ មិនដូចថ្នាក់ភាសាដែលផ្តោតលើការបង្រៀនវេយ្យាករណ៍ ការហ្វឹកហាត់វាក្យសព្ទ ឬការអនុវត្តការបញ្ចេញសំឡេងនោះទេ ក្រុមសន្ទនា EnglishConnect ផ្តោតលើការជួយអ្នករៀនឲ្យប្រើភាសាក្នុងន័យប្រកបដោយអត្ថន័យ ។ នៅពេលអ្នកអនុវត្តយុទ្ធសាស្ត្រទាំងនេះ អ្នកនឹងអាចជួយអ្នករៀនបានកាន់តែប្រសើរឡើង ។
និយាយភាសាអង់គ្លេស
ការនិយាយភាសាអង់គ្លេសជួយឲ្យអ្នករៀនរីកចម្រើន និងជាមធ្យោបាយដ៏សំខាន់មួយដើម្បីស្វែងរកអំណោយទានខាងភាសា ។ សូមខិតខំឲ្យអស់ពីសមត្ថភាពរបស់អ្នកក្នុងការនិយាយតែភាសាអង់គ្លេស ហើយអញ្ជើញអ្នករៀនដទៃឲ្យធ្វើដូចគ្នា ។ សូមប្រើវាក្យសព្ទសាមញ្ញៗ និងប្រយោគខ្លីៗ ។ និយាយយឺតៗ ហើយនិយាយពាក្យ និងឃ្លាសាឡើងវិញតាមតម្រូវការ ។ បន្ទាប់ពីអ្នកសួរសំណួរមួយ សូមទុកពេលឲ្យច្រើនដើម្បីអ្នករៀនគិត និងឆ្លើយ ។ សូមប្រើពាក្យ និងគំរូដែលអ្នករៀនកំពុងអនុវត្តនាពេលបច្ចុប្បន្ន ។ នៅពេលអ្នកដឹកនាំសកម្មភាព អ្នកអាចណែនាំអ្នករៀនឲ្យយោងទៅលើសេចក្តីណែនាំសកម្មភាពដែលបានបកប្រែ ដែលមាននៅក្នុងសៀវភៅសិក្សាការរៀន EnglishConnect ។
បង្ហាញសកម្មភាព
ការបង្ហាញដល់អ្នករៀននូវអ្វីដែលត្រូវធ្វើជាញឹកញាប់ នោះមានអត្ថប្រយោជន៍ជាងការប្រាប់ពួកគេពីអ្វីដែលត្រូវធ្វើ ។ សូមប្រើឧទាហរណ៍ការសន្ទនាដែលមាននៅដើមដំបូងនៃសកម្មភាពនីមួយៗដើម្បីធ្វើជាគំរូនូវអ្វីដែលអ្នករៀននឹងធ្វើនៅពេលពួកគេអនុវត្ត ។ អ្នកអាចធ្វើការសម្តែងនៅក្នុងការសន្ទនា ឬអ្នកអាចសុំឲ្យអ្នករៀនជួយអ្នកធ្វើបទបង្ហាញ ។
លើកទឹកចិត្តឲ្យសន្ទនា
អ្នករៀននឹងទទួលបានទំនុកចិត្ត និងរៀនកាន់តែលឿន នៅពេលពួកគេអនុវត្តការប្រើប្រាស់ភាសា ។ សូមកុំបារម្ភអំពីការកែកំហុសទាំងអស់ឡើយ គ្រាន់តែជួយអ្នករៀនឲ្យចូលរួមក្នុងការសន្ទនាបានហើយ ។ សូមគ្រប់គ្រងពេលវេលារបស់អ្នក ដើម្បីឲ្យក្រុមមានពេលសន្ទនាជាដៃគូច្រើន ។
គាំទ្រឲ្យធ្វើឡើងវិញ
ការអនុវត្តឡើងវិញបង្កើតទំនុកចិត្ត និងភាពស្ទាត់ជំនាញ ។ លើកទឹកចិត្តអ្នករៀនឲ្យផ្លាស់ប្តូរដៃគូ ហើយអនុវត្តម្តងទៀត ។ ការផ្លាស់ប្តូរដៃគូផ្តល់ឲ្យអ្នករៀននូវឱកាសស្តាប់ និងនិយាយអ្វីដែលថ្មីកាន់តែច្រើន ។ នៅពេលអ្នករៀនប្រើអ្វីដែលពួកគេដឹងជាមួយមនុស្សផ្សេងគ្នា វាជួយពួកគេពង្រឹងអ្វីដែលពួកគេកំពុងរៀន ។ វាក៏បង្កើនទំនុកចិត្តរបស់ពួកគេ និងជំរុញឲ្យមានការរាប់រកគ្នាផងដែរ ។
ផ្តល់អំណាចដល់អ្នករៀន
អ្នករៀនត្រូវការទទួលអារម្មណ៍នៃក្តីស្រឡាញ់ និងការលើកទឹកចិត្តពីអ្នក ។ ជួយអ្នករៀនឲ្យយកឈ្នះលើការភ័យខ្លាចដោយអបអរសាទររាល់កិច្ចខិតខំប្រឹងប្រែងនិយាយភាសាអង់គ្លេស ។ សង្កេត និងចូលរួមជាមួយក្រុមនីមួយៗ ហើយស្តាប់ខណៈពេលដែលអ្នករៀនកំពុងអនុវត្តជាមួយគ្នា ។ សូមសរសើរពួកគេជាញឹកញាប់ ។ អនុវត្តជាមួយពួកគេ និងជួយពួកគេឲ្យទទួលបានបទពិសោធន៍ជោគជ័យ ។ ចង្អុលបង្ហាញវិធីទាំងអស់ដែលពួកគេកំពុងរៀន និងកែលម្អ ។ នៅពេលអ្នកស្រឡាញ់ និងលើកទឹកចិត្តអ្នករៀន អ្នកបង្កើតបរិយាកាសនៃសេចក្តីជំនឿ ការរាប់អាន និងការរីកចម្រើន ។
ការកែលម្អក្នុងនាមជាគ្រូបង្រៀនដូចជាព្រះគ្រីស្ទ
ក្នុងនាមជាគ្រូបង្រៀន EnglishConnect អ្នកមានឱកាសពិសេសមួយក្នុងការបម្រើអ្នកដទៃ ។ គោលការណ៍នៃការបង្រៀនដូចជាព្រះគ្រីស្ទអនុវត្តចំពោះអ្នក ។ អ្នកអាចរៀន និងអនុវត្តគោលការណ៍ទាំងឡាយចេញពីធនធាន ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ( ឆ្នាំ ២០២២ ) ។ ក្រោមការដឹកនាំរបស់អ្នកដឹកនាំបព្វជិតភាពរបស់អ្នក អ្នកអាចចូលរួមការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀន ។ អ្នកក៏អាចវាយតម្លៃជាទៀងទាត់ពីរបៀបដែលអ្នកកំពុងធ្វើ និងកំណត់តំបន់ដែលអ្នកអាចកែលម្អដោយប្រើ « ការកែលម្អឲ្យបានប្រសើរឡើងក្នុងនាមជាគ្រូបង្រៀនដូចជាព្រះគ្រីស្ទ—ការវាយតម្លៃផ្ទាល់ខ្លួន » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ៣៧ ) ។ ស្គាល់ពីអ្វីដែលអ្នកកំពុងធ្វើបានល្អ ។ ស្វែងរកចំណុចដែលអ្នកចង់កែលម្អ និងដាក់ផែនការជាក់លាក់ដើម្បីអនុវត្តអ្វីដែលអ្នកកំពុងរៀន ។
សូមចាំថា អ្វីដែលសំខាន់បំផុតដែលអ្នកអាចធ្វើបានគឺស្រឡាញ់អ្នករៀន ហើយស្វែងរកការដឹកនាំដោយព្រះវិញ្ញាណ នៅពេលអ្នកចិញ្ចឹមបីបាច់សេចក្តីជំនឿ ការរាប់អាន និងការរីកចម្រើន ។