« មេរៀនទី ១៩៣—ការរកឃើញនូវភាពខ្លាំង និងសមត្ថភាពទាំងឡាយរបស់អ្នក ៖ រៀបចំខ្លួនសម្រាប់អាជីព និងតួនាទីផ្សេងទៀតសម្រាប់ពេលអនាគត » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ការរកឃើញនូវភាពខ្លាំង និងសមត្ថភាពទាំងឡាយរបស់អ្នក » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៩៣ ៖ ការរៀបចំខ្លួនសម្រាប់ការអប់រំ និងការងារនាពេលអនាគត
ការរកឃើញនូវភាពខ្លាំង និងសមត្ថភាពទាំងឡាយរបស់អ្នក
រៀបចំខ្លួនសម្រាប់អាជីព និងតួនាទីផ្សេងទៀតសម្រាប់ពេលអនាគត
ខណៈពេលយុវវ័យរៀបចំខ្លួនសម្រាប់ទំនួលខុសត្រូវ និងឱកាសការងារនាពេលអនាគត វាអាចមានប្រយោជន៍សម្រាប់ពួកគេក្នុងការស្វែងរកភាពខ្លាំង និងសមត្ថភាពដែលពួកគេខ្វះ ឬត្រូវការការអភិវឌ្ឍ ។ ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌អាចណែនាំពួកគេឲ្យស្វែងរកភាពខ្លាំង និងភាពខ្សោយរបស់ពួកគេនៅពេលពួកគេស្វែងរកជំនួយរបស់ទ្រង់ ។ មេរៀននេះនឹងជួយសិស្សរៀបចំខ្លួនសម្រាប់ការទទួលខុសត្រូវ និងឱកាសការងារនាពេលអនាគតតាមរយៈការស្គាល់ពីភាពខ្លាំង និងសមត្ថភាពបច្ចុប្បន្នដែលពួកគេត្រូវអភិវឌ្ឍ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ចំណាំ ៖ មេរៀនអនាគតមួយដែលមានចំណងជើងថា « ការអភិវឌ្ឍជំនាញ និងសមត្ថភាពទាំងឡាយ » នឹងផ្តោតទៅលើការជួយសិស្សអភិវឌ្ឍជំនាញ និងសមត្ថភាពមួយចំនួនដែលពួកគេស្វែងរកនៅក្នុងមេរៀននេះ ។ ប្រសិនបើកាលវិភាគបង្រៀនរបស់អ្នកតម្រូវឲ្យដាក់បញ្ជូលមេរៀនទាំងនោះ នោះវាអាចមានប្រសិទ្ធភាពក្នុងការបង្រៀនមេរៀនទាំងពីរនេះជាមួយគ្នា ។
ភាពខ្លាំង និងសមត្ថភាពដែលត្រូវការដើម្បីទទួលបានជោគជ័យ
សូមពិចារណាសរសេរនៅលើក្ដារខៀនអំពីតួនាទីផ្សេងគ្នាដែលសិស្សអាចមាននៅពេលអនាគតដូចខាងក្រោមនេះ ។
-
សិស្ស
-
អ្នកហាត់ធ្វើការ
-
ឪពុក ឬម្ដាយ
-
ស្វាមី ឬភរិយា
-
កម្មករ
ជាជាងការដាក់បញ្ចូល កម្មករជាតួនាទីមួយក្នុងចំណោមតួនាទីទាំងនោះ អ្នកអាចមានភាពជាក់ច្បាស់ជាងមុនដោយអញ្ជើញសិស្សមួយចំនួនឲ្យចែកចាយការងារនាពេលអនាគតមួយចំនួនដែលពួកគេអាចចាប់អារម្មណ៍ និងសរសេរតួនាទីទាំងនោះនៅលើក្ដារខៀន ។
សិស្សអាចពិភាក្សាសំណួរខាងក្រោមនេះនៅក្នុងក្រុមតូចៗ ។ សូមពិចារណាក្នុងការចាត់តាំងក្រុមនីមួយៗនូវទំនួលខុសត្រូវមួយក្នុងចំណោមទំនួលខុសត្រូវទាំងឡាយដើម្បីពិភាក្សា ឬអ្នកអាចឲ្យពួកគេពិភាក្សាអំពីតួនាទីទាំងអស់រួមគ្នា ។
-
តើជំនាញ ឬសមត្ថភាពអ្វីខ្លះដែលអាចជួយនរណាម្នាក់ឲ្យទទួលបានជោគជ័យក្នុងតួនាទីទាំងនេះ ?
សូមអញ្ជើញក្រុមនីមួយៗចែកចាយនូវអ្វីដែលពួកគេបានពិភាក្សា ។ អ្នកអាចអញ្ជើញក្រុមឲ្យមកកាន់ក្ដារខៀន ហើយសរសេរនៅក្បែរតួនាទីដែលសមស្របមួយចំនួននូវជំនាញ ឬសមត្ថភាពដែលពួកគេបានស្វែងរកឃើញ ។ ប្រសិនបើសិស្សត្រូវការជំនួយ សូមពិចារណាផ្តល់យោបល់អំពីជំនាញមួយចំនួនដែលបានរាយនៅក្នុងសំណៅចែកនៅពេលក្រោយក្នុងមេរៀននេះ ។
បន្ទាប់ពីការពិភាក្សារបស់អ្នក សូមចែកចាយដូចខាងក្រោមនេះដើម្បីជួយរៀបចំសិស្សសម្រាប់មេរៀនដែលនៅសេសសល់ ៖
សូមគិតអំពីទំនួលខុសត្រូវ ឬឱកាសការងារដែលអ្នកមានចំណាប់អារម្មណ៍ក្នុងការស្វែងរកនៅពេលអនាគត ។ ខណៈពេលអ្នកសិក្សានៅថ្ងៃនេះ សូមស្វែងរកការណែនាំរបស់ព្រះវរបិតាសួគ៌តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យស្វែងរកភាពខ្លាំង និងជំនាញដែលអ្នកមានរួចហើយ ដែលអាចរៀបចំអ្នកសម្រាប់ទំនួលខុសត្រូវទាំងនេះ ។ សូមព្យាយាមស្វែងរកជំនាញ និងសមត្ថភាពដែលអ្នកនៅតែត្រូវការអភិវឌ្ឍ ដែលនឹងជួយអ្នករៀបចំខ្លួនឲ្យបានល្អប្រសើរសម្រាប់ពេលអនាគត ។
សក្តានុពលរបស់យើងតាមរយៈព្រះយេស៊ូវគ្រីស្ទ
សូមពន្យល់ថា មនុស្សមួយចំនួនអាចមានអារម្មណ៍បាក់ទឹកចិត្តនៅពេលដែលពួកគេត្រូវបានសុំឲ្យគិតអំពីជំនាញ និងសមត្ថភាពរបស់ពួកគេ ព្រោះពួកគេមិនមានអារម្មណ៍ថាមានទេពកោសល្យ ឬជំនាញដូចអ្នកដទៃនោះទេ ។ មានសេចក្ដីពិតដ៏អស់កល្បជានិច្ចដែលបានបង្រៀននៅក្នុងព្រះគម្ពីរដែលអាចជួយបាននៅពេលយើងមានអារម្មណ៍បែបនេះ ។
សូមសិក្សាវគ្គបទគម្ពីរមួយចំនួនខាងក្រោមនេះ រកមើលសេចក្ដីពិតដ៏អស់កល្បជានិច្ចដែលអាចជួយយើងឲ្យស្គាល់សមត្ថភាពរបស់យើង ដើម្បីសម្រេចបាននូវសក្ដានុពលរបស់យើងតាមរយៈព្រះយេស៊ូវគ្រីស្ទ ។
សាំយូអែល ទី១ ១៦:៧; ភីលីព ៤:១៣; យ៉ាកុប ៤:៧; អាលម៉ា ២៦:១២; គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:១០ ។
-
តើអ្នកបានរកឃើញសេចក្ដីពិតអ្វីខ្លះដែលអាចជួយនរណាម្នាក់ដែលមានអារម្មណ៍ថាពួកគេខ្វះជំនាញ ឬសមត្ថភាពដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត ?
សិស្សអាចចង្អុលបង្ហាញសេចក្ដីពិតស្រដៀងគ្នាទៅនឹងចំណុចខាងក្រោមនេះ ៖ ព្រះអម្ចាស់មិនទតឫកពាខាងក្រៅទេ តែទតចំពោះក្នុងចិត្តវិញ ( សូមមើល សាំយូអែល ទី១ ១៦:៧ ) យើងអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទ ដែលទ្រង់ចម្រើនកម្លាំងដល់យើង ( សូមមើល ភីលីព ៤:១៣; អាល់ម៉ា ២៦:១២ ); តម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:១០ ) ។
-
តើសេចក្ដីពិតទាំងនេះអាចជួយយើងយ៉ាងដូចម្ដេច នៅពេលយើងមានអារម្មណ៍បាក់ទឹកចិត្តអំពីសមត្ថភាពរបស់យើង ?
ការរកឃើញនូវភាពខ្លាំង និងសមត្ថភាពទាំងឡាយរបស់អ្នក
សូមរំឭកសិស្សថាក្នុងនាមជាបុត្រាបុត្រីនៃព្រះដែលត្រូវបានបង្កើតឡើងក្នុងរូបរាងរបស់ទ្រង់ យើងម្នាក់ៗត្រូវបានប្រទានពរជាមួយនឹងភាពខ្លាំង និងសមត្ថភាពផ្សេងៗគ្នា ។ ប្រហែលជាមានសិស្សដែលមានការលំបាកក្នុងការស្គាល់ភាពខ្លាំង និងសមត្ថភាពដែលព្រះបានប្រទានពរដល់ពួកគេ ។
អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកទាំងដប់ពីរនាក់ បានចែកចាយនូវវិធីមួយចំនួនដែលយើងអាចស្គាល់នូវទេពកោសល្យ ភាពខ្លាំង និងសមត្ថភាពដែលព្រះវរបិតាសួគ៌របស់យើងបានប្រទានពរដល់យើង ៖
ទេពកោសល្យដែលព្រះបានប្រទានឲ្យយើងឲ្យជាលើកដំបូងបង្ហាញឲ្យឃើញក្នុងចំណាប់អារម្មណ៍ដែលយើងស្វែងរក ។ បើអ្នកកំពុងឆ្ងល់អំពីទេពកោសល្យរបស់អ្នក សូមធ្វើបញ្ជីអំពីអ្វីដែលអ្នកចូលចិត្តធ្វើ ។ សូមដាក់បញ្ចូលរាល់សកម្មភាពដែលអ្នកចូលចិត្ដចេញពីប្រភពផ្សេងគ្នានៃជីវិតរបស់អ្នក—ខាងវិញ្ញាណ តន្ត្រី ភាពយន្តមនោសញ្ចេតនា ការសិក្សា អត្តពលកម្ម ជាដើម ។ ចូរសិក្សា និងពិចារណាអំពីពររបស់លោកអយ្យកោរបស់អ្នកសម្រាប់ការយល់ដឹង និងការបំផុសគំនិត ។ ចូរប្រឹក្សាជាមួយសមាជិកគ្រួសារ មិត្តភក្តិដែលទុកចិត្ត គ្រូបង្រៀន និងថ្នាក់ដឹកនាំ អ្នកផ្សេងទៀតតែងតែអាចមើលឃើញនៅក្នុងយើងនូវអ្វីដែលយើងពិបាកមើលឃើញនៅក្នុងខ្លួនឯង ។ ( រ៉ូណល អេ រ៉ាសបាន « Parables of Jesus: The Parable of the Talents » Ensign ខែសីហា ឆ្នាំ២០០៣ ទំព័រ ៣៤ )
-
តើការដឹងអំពីទេពកោសល្យ ភាពខ្លាំង ឬសមត្ថភាពបច្ចុប្បន្នរបស់អ្នក អាចជួយអ្នកក្នុងការគិតអំពីទំនួលខុសត្រូវ ឬឱកាសការងារនាពេលអនាគតដោយរបៀបណា ?
សូមផ្តល់ពេលវេលាដល់សិស្សក្នុងថ្នាក់ដើម្បីរកឃើញភាពខ្លាំង និងសមត្ថភាពដែលពួកគេមាន ហើយត្រូវការអភិវឌ្ឍដើម្បីរៀបចំខ្លួនឲ្យបានល្អប្រសើរសម្រាប់ទំនួលខុសត្រូវ ឬឱកាសការងារនាពេលអនាគត ។ ខាងក្រោមនេះគឺជាគំនិតមួយចំនួនអំពីរបៀបដែលអ្នកអាចជួយសិស្សធ្វើបែបនេះបាន ។ នៅពេលដែលពួកគេធ្វើសកម្មភាពទាំងនេះ សូមអញ្ជើញពួកគេឲ្យស្វែងរកការបំផុសគំនិតពីព្រះវរបិតាសួគ៌ដើម្បីអាចមើលឃើញខ្លួនឯងដូចដែលទ្រង់ទតឃើញពួកគេ ។
-
សូមអញ្ជើញសិស្សឲ្យសរសេរចំណាប់អារម្មណ៍បច្ចុប្បន្នរបស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យគិតអំពីឱកាសការងារប្រកបដោយសក្តានុពលដែលពួកគេអាចស្វែងរកដែលទាក់ទងនឹងចំណាប់អារម្មណ៍ទាំងនោះ ។ សូមពិចារណាផ្តល់ជំនួយដោយផ្តល់ការណែនាំអំពីឱកាសការងារមួយចំនួនដែលអាចមានហើយដែលត្រូវទៅនឹងចំណាប់អារម្មណ៍របស់សិស្ស ។
-
សូមអញ្ជើញសិស្សដែលបានទទួលពររបស់លោកអយ្យកោឲ្យអានវា ដោយស្វែងរកអ្វីដែលវាជួយពួកគេឲ្យយល់អំពីខ្លួនឯង ។
-
សូមអញ្ជើញសិស្សក្នុងក្រុមតូចៗឲ្យមកពិភាក្សាអំពីភាពខ្លាំង និងសមត្ថភាពដែលពួកគេបានកត់សម្គាល់ពីគ្នាទៅវិញទៅមក ។ អ្នកក៏អាចទាក់ទងឪពុកម្ដាយ ឬថ្នាក់ដឹកនាំបព្វជិតភាពពីមុនថ្នាក់រៀន ហើយសុំឲ្យពួកគេសរសេរលិខិតមួយដែលពិពណ៌នាអំពីសមត្ថភាពមួយចំនួនដែលពួកលោកឃើញមាននៅក្នុងសិស្សរបស់ពួកគេ ។
-
ចែកចាយសំណៅចែកដែលមានចំណងជើងថា « ស្វ័យវាយតម្លៃលើជំនាញ និងសមត្ថភាព » និងផ្តល់ពេលវេលាដល់សិស្សដើម្បីបញ្ចប់វា ។ សូមបញ្ជាក់ថាការវាយតម្លៃនេះមានបញ្ជីជំនាញដែលនិយោជកជាទូទៅកំពុងស្វែងរកនៅក្នុងបុគ្គលិករបស់ខ្លួន ។
ស្វ័យវាយតម្លៃលើជំនាញ និងសមត្ថភាពទាំងឡាយ
សម្រាប់សេចក្តីថ្លែងការណ៍នីមួយៗដូចខាងក្រោម សូមវាយតម្លៃកម្រិតទំនុកចិត្តរបស់អ្នកក្នុងកម្រិត ១ ( មិនមានទំនុកចិត្ត ) ទៅដល់ ៥ ( មានទំនុកចិត្តខ្លាំង ) ។
-
ខ្ញុំអាចទំនាក់ទំនងជាមួយអ្នកដទៃយ៉ាងមានប្រសិទ្ធភាព ។
-
ខ្ញុំអាចលើកទឹកចិត្តខ្លួនឯង ។
-
ខ្ញុំជាអ្នកធ្វើការសកម្ម ។
-
ខ្ញុំអាចគិតបានក្នុងស្ថានភាពលំបាក ហើយស្វែងរកដំណោះស្រាយចំពោះរឿងទាំងអស់ ។
-
ខ្ញុំមានឆន្ទះដើម្បីរៀន និងសាកល្បងរឿងថ្មីៗ ។
-
ខ្ញុំស្មោះត្រង់ និងគួរឲ្យទុកចិត្តបាន ។
-
ខ្ញុំមានទំនាក់ទំនងល្អជាមួយមនុស្សដទៃ ។
-
មនុស្សអាចពឹងផ្អែកលើខ្ញុំ ដើម្បីធ្វើកិច្ចការដែលបានចាត់តាំង ។
-
ខ្ញុំអាចរៀបចំ និងប្រើពេលវេលារបស់ខ្ញុំដោយមានប្រសិទ្ធភាព ។
-
ខ្ញុំអាចមកដល់ទាន់ពេល ។
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីធ្វើការជញ្ជឹងគិតពីសកម្មភាពមុនៗ សូមអញ្ជើញពួកគេឲ្យចែកចាយនូវការយល់ដឹងរបស់ពួកគេមួយចំនួនដោយការសួរសំណួរដូចខាងក្រោមនេះ ។
-
តើអ្នកបានបង្កើនការយល់ដឹងអ្វីខ្លះអំពីខ្លួនរបស់អ្នក ?
-
តើអ្វីដែលអ្នកបានរៀនអាចជួយអ្នកឲ្យរៀបចំខ្លួនបានកាន់តែប្រសើរឡើងសម្រាប់ពេលអនាគតយ៉ាងដូចម្តេច ?
ដើម្បីជួយសិស្សឲ្យសង្ខេបនិងចងចាំនូវអ្វីដែលពួកគេបានរៀនអំពីពួកគេផ្ទាល់នៅថ្ងៃនេះ សូមពិចារណាបង្ហាញការបំផុសគំនិតខាងក្រោម ហើយអញ្ជើញសិស្សឲ្យកត់ត្រាចម្លើយរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ៖
-
ភាពខ្លាំង ឬសមត្ថភាពមួយដែលខ្ញុំមានដែលអាចជួយខ្ញុំក្នុងការទទួលខុសត្រូវដែលខ្ញុំនឹងមាននាពេលអនាគតគឺ …
-
ជំនាញ ឬសមត្ថភាពមួយដែលខ្ញុំចង់អភិវឌ្ឍដើម្បីជួយខ្ញុំឲ្យរៀបចំខ្លួនឲ្យបានល្អប្រសើរសម្រាប់ការទទួលខុសត្រូវនាពេលអនាគតគឺ …
សូមពន្យល់ថានៅក្នុងមេរៀនបន្ទាប់ ( « ការអភិវឌ្ឍជំនាញ និងសមត្ថភាពទាំងឡាយ » ) សិស្សនឹងទទួលបានឱកាសដើម្បីគិតអំពីរបៀបដែលពួកគេអាចអភិវឌ្ឍជំនាញ និងសមត្ថភាពដែលពួកគេបានរកឃើញនៅក្នុងការបំផុសគំនិតលើកទីពីរ ។ អ្នកអាចអញ្ជើញពួកគេឲ្យចាប់ផ្ដើមគិតអំពីរបៀបដែលពួកគេអាចអភិវឌ្ឍជំនាញ ឬសមត្ថភាពទាំងនេះឥឡូវនេះ ។ សូមថ្លែងទីបន្ទាល់អំពីសមត្ថភាព និងព្រះរាជបំណងរបស់ព្រះអម្ចាស់ដើម្បីជួយពួកគេឲ្យរីកលូតលាស់ និងរីកចម្រើន ។