« មេរៀនទី ១៩២—ការអប់រំសម្រាប់ព្រលឹងទាំងមូល ៖ ការស្វែងរកការអប់រំទាំងខាងវិញ្ញាណ និងខាងលោកិយ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ការអប់រំសម្រាប់ព្រលឹងទាំងមូល » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៩២ ៖ ការរៀបចំខ្លួនសម្រាប់ការអប់រំ និងការងារនាពេលអនាគត
ការអប់រំសម្រាប់ព្រលឹងទាំងមូល
ការស្វែងរកការអប់រំទាំងខាងវិញ្ញាណ និងខាងលោកិយ
ព្រះអម្ចាស់អញ្ជើញយើងឲ្យស្វែងរកការអប់រំទាំងខាងវិញ្ញាណ និងខាងលោកិយ « ថា [ យើង ] អាចបានរៀបចំនូវគ្រប់ទាំងអស់ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៨០ ) ។ មេរៀននេះអាចជួយសិស្សឲ្យរៀបផែនការ ដើម្បីបន្តការអប់រំខាងសាសនារបស់ខ្លួន ខណៈដែលកំពុងស្វែងរកការអប់រំខាងលោកិយនាពេលអនាគតរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សូមចំណាយពេលសម្រាប់ព្រះអម្ចាស់ក្នុងការអប់រំរបស់អ្នក
សូមពិចារណាចាប់ផ្តើមមេរៀនដោយចែកចាយសាច់រឿងខាងក្រោមនេះ ៖
សូមស្រមៃថា អ្នកប្រាប់មិត្ដភក្ដិម្នាក់របស់អ្នកថាអ្នកចូលរៀនថ្នាក់សិក្ខាសាលា ។ ក្រោយពីអ្នកពន្យល់ថា តើថ្នាក់សិក្ខាសាលាជាអ្វី នោះមិត្តរបស់អ្នកសួរថា « ហេតុអ្វីបានជាមាននរណាម្នាក់ចង់ចំណាយពេលវេលាសម្រាប់ថ្នាក់រៀនបែបនោះ ? »
-
តើអ្នកនឹងនិយាយប្រាប់ទៅមិត្តភក្តិរបស់អ្នកយ៉ាងដូចម្តេច ?
សូមពិចារណាសួរសំណួរបន្ថែមដូចខាងក្រោមនេះ ដើម្បីជួយសិស្សឲ្យមើលអំពីរបៀបដែលការចូលរៀនថ្នាក់សិក្ខាសាលាបានប្រទានពរដល់ជីវិតរបស់ពួកគេ ។
-
តើអ្នកបានទទួលពរចំពោះការចំណាយពេលវេលាសម្រាប់ព្រះអម្ចាស់ក្នុងការអប់រំរបស់អ្នកដោយចូលរៀនថ្នាក់សិក្ខាសាលាដោយរបៀបណា ?
-
តើការចូលរៀនថ្នាក់សិក្ខាសាលាធ្វើឲ្យមានភាពខុសគ្នាយ៉ាងដូចម្ដេចនៅក្នុងការសិក្សានៅសាលារបស់អ្នក ?
សូមពន្យល់ថា បន្ទាប់ពីសិស្សបញ្ចប់បទពិសោធន៍ថ្នាក់សិក្ខាសាលារបស់ពួកគេ នោះពួកគេនឹងមានឱកាសក្នុងអំឡុងពេលយុវមជ្ឈិមវ័យរបស់ពួកគេដើម្បីបន្តការអប់រំខាងសាសនារបស់ខ្លួន ។ មេរៀននេះនឹងណែនាំសិស្សឲ្យស្គាល់ឱកាសទាំងនេះ ។
សូមលើកទឹកចិត្តសិស្សឲ្យយកចិត្តទុកដាក់ទៅលើការបំផុសគំនិតរបស់ព្រះវិញ្ញាណដែលអាចជួយពួកគេឲ្យស្គាល់អំពីសារៈសំខាន់នៃការស្វែងរកការអប់រំខាងវិញ្ញាណនៅក្នុងការសិក្សាទូទៅរបស់ពួកគេ ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យស្វែងរកការណែនាំមកពីព្រះវរបិតាសួគ៌ អំពីជម្រើសណាមួយសម្រាប់ការអប់រំខាងសាសនាដែលពួកគេគួរបន្តនាពេលអនាគតផងដែរ ។
សារៈសំខាន់នៃការរៀនសូត្រខាងវិញ្ញាណ
នៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ព្រះអម្ចាស់បង្រៀនថា យើងគួរតែស្វែងរកប្រធានបទនៃចំណេះដឹងជាច្រើនដើម្បីយើងអាចរៀបចំខ្លួនដើម្បីបម្រើអ្នកដទៃ ។ សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៧៨–៨០ ១១៨ ដោយស្វែងរកមើលដំបូន្មានរបស់ព្រះអម្ចាស់ ។
-
ដោយផ្អែកលើអ្វីដែលអ្នករៀននៅក្នុងខគម្ពីរទាំងនេះ តើព្រះអម្ចាស់បានសុំឲ្យយើងរៀនអ្វីខ្លះដើម្បីយើងអាចរៀបចំខ្លួនបម្រើអ្នកដទៃបាន ?
សិស្សអាចស្វែងរកសេចក្តីពិតស្រដៀងគ្នាទៅនឹងឃ្លាខាងក្រោម ៖ ព្រះអម្ចាស់អញ្ជើញយើងឲ្យផ្ដោតលើទាំងចំណេះដឹងខាងវិញ្ញាណ និងខាងលោកិយ នៅពេលយើងស្វែងរកការរៀនសូត្រ ។ វាប្រហែលជាមានប្រយោជន៍ក្នុងការពន្យល់ថា ការអប់រំខាងលោកិយ សំដៅទៅលើការអប់រំដែលមិនទាក់ទងដោយផ្ទាល់ទៅនឹងការបង្រៀនដំណឹងល្អ ។
-
តើអ្នកនឹងនិយាយយ៉ាងណាទៅកាន់នរណាម្នាក់ដែលមានអារម្មណ៍ថា ពួកគេមិនមានពេលសម្រាប់ការអប់រំខាងសាសនាដោយសារពួកគេផ្តោតអារម្មណ៍ខ្លាំងទៅលើការអប់រំខាងលោកិយរបស់ពួកគេនោះ ?
ជាផ្នែកមួយនៃការពិភាក្សារបស់អ្នកអំពីសំណួរពីមុន វាអាចមានប្រយោជន៍ក្នុងការអញ្ជើញសិស្សឲ្យសិក្សា គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:៣៤ ។ ពួកគេអាចស្វែងរកការបង្រៀនដែលជួយពួកគេឲ្យយល់កាន់តែច្បាស់អំពីមូលហេតុដែលព្រះអម្ចាស់ចង់ផ្តោតទៅលើទាំងការអប់រំខាងសាសនា និងខាងលោកិយ ។
-
តើការផ្តោតទៅលើការអប់រំខាងសាសនា រួមជាមួយការសិក្សាផ្នែកអប់រំផ្សេងទៀតអាចពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
បន្ទាប់ពីសិស្សពិភាក្សាអំពីសំណួរពីមុនរួចហើយ សូមពិចារណាបង្ហាញ និងចែកចាយសេចក្តីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន ហែនរី ប៊ី អាវរីង ។
ប្រធាន ហែនរី ប៊ី អាវរីង ក្នុងគណៈប្រធានទីមួយ បានរៀបរាប់អំពីពរជ័យដែលយើងអាចមាននៅពេលដែលយើងខិតខំធ្វើឲ្យការរៀនសូត្រខាងវិញ្ញាណ និងខាងលោកិយមានតុល្យភាព ៖
អាទិភាពដំបូងរបស់យើងគួរតែមានទៅលើការរៀនសូត្រខាងវិញ្ញាណ ។ … វាច្បាស់ណាស់ថា ការយកការរៀនសូត្រខាងវិញ្ញាណជាអាទិភាពមិនជួយសម្រាលបន្ទុកយើងពីការរៀនសូត្រខាងលោកិយនោះទេ ។ ផ្ទុយទៅវិញ វាផ្ដល់នូវគោលបំណងចំពោះការរៀនសូត្រខាងលោកិយរបស់យើង ហើយជំរុញចិត្តយើងឲ្យខិតខំរៀនសូត្រថែមទៀត ។
ប្រសិនបើយើងនឹងបន្តការរៀនសូត្រខាងវិញ្ញាណនៅកន្លែងត្រឹមត្រូវ នោះយើងនឹងត្រូវធ្វើការជ្រើសរើសដ៏ពិបាកមួយចំនួនអំពីរបៀបដែលយើងប្រើពេលវេលារបស់យើង ។ ប៉ុន្តែនេះមិនគួរជាការជ្រើសរើសដោយចេតនាដោយទុកឲ្យខាងវិញ្ញាណធ្វើជាលំនាំបន្ទាប់បន្សំក្នុងជីវិតរបស់យើងឡើយ ។ កុំធ្វើដូច្នោះឡើយ ។ វានឹងនាំឲ្យមានសោកនាដកម្ម ។ សោកនាដកម្មប្រហែលជាមិនឃើញច្បាស់នៅពេលដំបូង ហើយក៏មិនអាចដឹងច្បាស់ក្នុងជីវិតរមែងស្លាប់ដែរ ។ ប៉ុន្តែសូមចាំថាអ្នកចាប់អារម្មណ៍លើការអប់រំមិនគ្រាន់តែសម្រាប់ជីវិតរមែងស្លាប់ប៉ុណ្ណោះទេ គឺថែមទាំងសម្រាប់ជីវិតអស់កល្បជានិច្ចថែមទៀតផង ។ នៅពេលអ្នកមើលឃើញការពិតនោះយ៉ាងច្បាស់ដោយការមើលឃើញខាងវិញ្ញាណ នោះអ្នកនឹងយកការរៀនសូត្រខាងវិញ្ញាណជាអាទិភាព ហើយក៏មិនទម្លាក់ចោលការរៀនសូត្រខាងលោកិយដែរ ។ តាមការពិត អ្នកនឹងខិតខំរៀនខាងលោកិយខ្លាំងជាងដែលអ្នកគួររៀនបើគ្មានទស្សនវិស័យខាងវិញ្ញាណនោះទេ ។ ( ហែនរី ប៊ី អាវរិង « Education for Real Life » Ensign ខែតុលា ឆ្នាំ២០០២ ទំព័រ ១៨ ) ។
ជម្រើសការអប់រំខាងសាសនាក្នុងប្រព័ន្ធអប់រំសាសនាចក្រ
ព្រះវរបិតាសួគ៌បានប្រទានពរដល់យើងជាមួយនឹងស្ថាប័នអប់រំដែលឧបត្ថម្ភដោយសាសនាចក្រ ដែលអាចជួយយើងដាក់អាទិភាពដល់ការរៀនសូត្រខាងវិញ្ញាណ ។ ស្ថាប័នដែលបានបំផុសគំនិតទាំងនេះត្រូវបានបង្កើតឡើងដើម្បីប្រទានពរដល់បុត្រាបុត្រីរបស់ព្រះ ។
សូមជួយសិស្សឲ្យស្គាល់ជម្រើសសម្រាប់ការអប់រំខាងសាសនាក្នុងអំឡុងពេលមជ្ឈិមវ័យរបស់ពួកគេ ។ អ្នកអាចធ្វើបែបនេះបានតាមរយៈការបង្ហាញវីដេអូ « The Growth and Momentum of the Church Educational System » ។
អ្នកក៏អាចចែកចាយសំណៅចែកដែលមានចំណងជើងថា « ប្រព័ន្ធអប់រំសាសនាចក្រ » និងផ្តល់ពេលវេលាដល់សិស្សដើម្បីអាន និងរៀនអំពីជម្រើសខុសគ្នាៗទាំងនេះ ។
សូមចំណាយពេលអាន និងពិភាក្សាអំពីផ្នែកដែលមានចំណងជើងថា « វិទ្យាស្ថានសាសនា » នៅក្នុងថ្នាក់រៀនទាំងអស់គ្នា ។ ផ្តល់ឱកាសឲ្យសិស្សសួរសំណួរអំពីថ្នាក់វិទ្យាស្ថាន ។ វាប្រហែលជាមានប្រយោជន៍ក្នុងការអញ្ជើញគ្រូបង្រៀន ឬសិស្សថ្នាក់វិទ្យាស្ថានក្នុងតំបន់ឲ្យនិយាយអំពីថ្នាក់វិទ្យាស្ថាននិងឆ្លើយសំណួរទាំងឡាយ ។
បន្ទាប់ពីពិភាក្សាអំពីថ្នាក់វិទ្យាស្ថាន សូមផ្តល់ពេលវេលាដល់សិស្សដើម្បីអាន និងរៀនអំពីជម្រើសផ្សេងៗទៀតដែលបានរាយនៅលើសំណៅចែកនេះ ។ សូមអញ្ជើញសិស្សឲ្យស្វែងរកភស្ដុតាងនៃសេចក្ដីស្រឡាញ់របស់ព្រះ និងបំណងប្រាថ្នារបស់ទ្រង់សម្រាប់យើងនៅពេលពួកគេសិក្សាអំពីជម្រើសខុសគ្នាៗទាំងនេះ ។ ទោះបីជាសិស្សមកពីជុំវិញពិភពលោកចូលរួមក្នុងវិទ្យាស្ថាននីមួយៗនៃប្រព័ន្ធអប់រំសាសនាចក្រ ( ស៊ី. អ៊ី. អេស. ) ក៏ដោយ វាអាចមានប្រយោជន៍ដើម្បីបង្ហាញសិស្សនូវជម្រើសដែលពាក់ព័ន្ធខ្លាំងបំផុតនៅក្នុងតំបន់របស់អ្នក ។ តារាងខាងក្រោមអាចជួយដល់អ្នកបាន ៖
|
តំបន់ភូមិសាស្រ្តគោលដៅ |
វិទ្យាស្ថានប្រព័ន្ធអប់រំសាសនាចក្រ ( ស៊ី. អ៊ី. អេស. ) |
|---|---|
តំបន់ភូមិសាស្រ្តគោលដៅ ទូទាំងពិភពលោក | វិទ្យាស្ថានប្រព័ន្ធអប់រំសាសនាចក្រ ( ស៊ី. អ៊ី. អេស. ) ថ្នាក់វិទ្យាស្ថានខាងសាសនា BYU–Pathway Worldwide |
តំបន់ភូមិសាស្រ្តគោលដៅ សហរដ្ឋអាមេរិក និងកាណាដា | វិទ្យាស្ថានប្រព័ន្ធអប់រំសាសនាចក្រ ( ស៊ី. អ៊ី. អេស. ) សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ប៊ី.វ៉ាយ.យូ.–អៃដាហូ |
តំបន់ភូមិសាស្រ្តគោលដៅ អាស៊ី និងបណ្តុំកោះប៉ាស៊ីហ្វិក | វិទ្យាស្ថានប្រព័ន្ធអប់រំសាសនាចក្រ ( ស៊ី. អ៊ី. អេស. ) ប៊ី.វ៉ាយ.យូ.-ហាវ៉ៃ |
តំបន់ភូមិសាស្រ្តគោលដៅ រដ្ឋយូថាហ៍ និងរដ្ឋនៅក្បែរៗ | វិទ្យាស្ថានប្រព័ន្ធអប់រំសាសនាចក្រ ( ស៊ី. អ៊ី. អេស. ) មហាវិទ្យាល័យ អ៊ីនស្សាញ |
មុននឹងអញ្ជើញសិស្សឲ្យរៀនអំពីវិទ្យាស្ថាន ស៊ី. អ៊ី. អេស.ដទៃទៀត សូមពិចារណាជួយសិស្សឲ្យវាយតម្លៃថា តើវិទ្យាស្ថានណាខ្លះដែលពាក់ព័ន្ធបំផុតចំពោះពួកគេ ។
វិធីមួយដែលអ្នកអាចធ្វើការណ៍នេះបានគឺតាមរយៈការបង្កើតករណីសិក្សាមួយចំនួនដែលពិពណ៌នាអំពីមនុស្សដែលសក្តិសមនឹងវិទ្យាស្ថាននីមួយៗ ។ ជម្រើសមួយទៀតគឺដើម្បីផ្តល់ឲ្យសិស្សនូវសំណៅចែកដែលមានចំណងជើងថា « តើវិទ្យាស្ថាន ស៊ី. អ៊ី. អេស.មួយណាត្រឹមត្រូវសម្រាប់ខ្ញុំ ? » បន្ទាប់ពីសិស្សបានអានសំណៅចែក និងបានកំណត់ពីតម្រូវការ និងបំណងប្រាថ្នារបស់ពួកគេហើយ សូមអញ្ជើញពួកគេឲ្យស្វែងរកវិទ្យាស្ថានទាំងឡាយណាដែលអាចសក្តិសមទៅនឹងពួកគេ ។
តើវិទ្យាស្ថាន ស៊ី. អ៊ី. អេស. មួយណាដែលត្រឹមត្រូវសម្រាប់ខ្ញុំ ?
គូសចំណាំសេចក្ដីថ្លែងការណ៍ដែលអ្នកមានអារម្មណ៍ថាពិពណ៌នាអំពីអ្នកបានល្អបំផុត ៖
-
ដោយសារការងារ ឬទំនួលខុសត្រូវផ្សេងទៀត ខ្ញុំនឹងត្រូវការភាពបត់បែនទៅតាមកាលវិភាគរបស់ខ្ញុំ ។
-
ខ្ញុំបានទទួលពិន្ទុល្អកាលពីមុន ។
-
ខ្ញុំនឹងទទួលបានប្រយោជន៍មកពីការមានអ្នកណែនាំអំពីការសិក្សា ។
-
ខ្ញុំនឹងមានការលំបាកក្នុងរកបានប្រាក់ដែលចាំបាច់ដើម្បីបង់ថ្លៃមហាវិទ្យាល័យ ។
-
ខ្ញុំអាចមាននឹងមានការលំបាកក្នុងការមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់មហាវិទ្យាល័យ ឬសាកលវិទ្យាល័យភាគច្រើន ។
-
ខ្ញុំចាប់អារម្មណ៍នឹងបទពិសោធន៍ដ៏តឹងរឹងនៃការសិក្សា ។
-
ខ្ញុំចាប់អារម្មណ៍លើទំហំថ្នាក់រៀនតូច ។
-
ខ្ញុំមានគម្រោងចូលរៀននៅមហាវិទ្យាល័យ ប៉ុន្តែមិនមែននៅមហាវិទ្យាល័យ ឬសាកលវិទ្យាល័យណាមួយរបស់សាសនាចក្រនោះទេ ។
ប្រព័ន្ធអប់រំសាសនាចក្រ
បេសកកម្មរបស់ ស៊ី. អ៊ី. អេស. ៖ គឺដើម្បីអភិវឌ្ឍសិស្សរបស់ព្រះយេស៊ូវគ្រីស្ទដែលជាអ្នកដឹកនាំទាំងឡាយនៅក្នុងគេហដ្ឋានសាសនាចក្រ និងសហគមន៍របស់ពួកគេ ។
[ ទំព័រ ១ ]
ការប្រមូលផ្ដុំអ៊ីស្រាអែល ៖
« ព្រះអម្ចាស់កំពុងប្រើការអប់រំនៅក្នុងការប្រមូលផ្តុំសាសន៍អ៊ីស្រាអែល ដ៏អស្ចារ្យ ដែលកំពុងកើតមានឡើងនៅក្នុងសាសនាចក្រសព្វថ្ងៃនេះ ។ ទ្រង់កំពុងរៀបចំពិភពលោកសម្រាប់ការវិលត្រឡប់មកវិញរបស់ទ្រង់ ហើយប្រព័ន្ធអប់រំសាសនាចក្រគឺជាធនធានមួយក្នុងចំណោមធនធានជាច្រើនដែលទ្រង់នឹងប្រើក្នុងកិច្ចខិតខំនោះ ។ វិទ្យាស្ថាននីមួយៗកំពុងធ្វើអ្វីមួយផ្សេងពីគ្នាដើម្បីប្រទានពរដល់សាសនាចក្រទូទាំងពិភពលោក ។ វិទ្យាស្ថាននីមួយៗមានគោលបំណងផ្សេងៗពីគ្នា និងការទទួលខុសត្រូវមកពីការដឹកនាំរបស់សាសនាចក្រដើម្បីឲ្យមានភាពខុសគ្នាពីពិភពលោក និងគួរឲ្យចាប់អារម្មណ៍នោះគឺខុសពីគ្នាទៅវិញទៅមក » ។
—អែលឌើរ ក្លាក ជី ហ្គីលបឺត អ្នកតំណាងនៃអភិបាលនៃប្រពន្ធ័អប់រំសាសនាចក្រ
-
ចុះឈ្មោះ ដើម្បីទទួលព័ត៌មានបន្ថែមអំពីឱកាសនីមួយៗ ៖ នៅលើគេហទំព័រ cesinfo.byu.edu ។
-
ដើម្បីដាក់ពាក្យ ទៅកាន់ជម្រើសមួយក្នុងចំណោមជម្រើសទាំងនេះ សូមចូលទៅគេហទំព័រ apply.ChurchofJesusChrist.org ។
-
ស្វែងយល់បន្ថែម អំពីវិទ្យាស្ថាននីមួយៗនៅលើទំព័របន្ទាប់នៃសំណៅចែកនេះ ។
[ ទំព័រ ២ ]
ថ្នាក់វិទ្យាស្ថានសាសនា
ថ្នាក់វិទ្យាស្ថានគឺជាកន្លែងសម្រាប់យុវមជ្ឈិមវ័យជួបជុំជាមួយមិត្តភក្តិ—នៅក្នុងសាលារៀន ឬមិននៅក្នុងសាលា—ដែលមានបំណងប្រាថ្នាដូចគ្នាដើម្បីរស់នៅតាមសេចក្ដីពិតដ៏អស់កល្បជានិច្ច ខណៈពេលដែលកំពុងប្រឈមមុខនឹងភាពពិតនៃជីវិតប្រចាំថ្ងៃ ។ គោលបំណងនៃថ្នាក់វិទ្យាស្ថានគឺដើម្បីជួយយុវមជ្ឈិមវ័យឲ្យរកឃើញ និងអនុវត្តវិធីជាក់ស្តែងដើម្បីក្លាយទៅដូចជាព្រះយេស៊ូវគ្រីស្ទ ។
ថ្នាក់វិទ្យាស្ថានជាទីកន្លែងដែលជួបជាមួយសិស្សជាច្រើនដែលពួកគេកំពុងស្ថិតនៅក្នុងដំណើរនៃសេចក្ដីជំនឿរបស់ពួកគេ ។ វាជាកន្លែងមួយដែលពួកគេនឹងដកពិសោធន៍ ៖
-
កម្មវិធីសិក្សាដែលបានផ្តោតទៅលើព្រះគ្រីស្ទចេញពីព្រះគម្ពីរ និងការបង្រៀនរបស់ព្យាការី ។
-
ការស្វែងរកបទពិសោធន៍នៃការរុករកអំពីស្ថានភាពជីវិតខាងវិញ្ញាណ និងជីវិតរស់នៅជាក់ស្តែង ។
-
ជាទីកន្លែងនៃការគោរពគ្នា យោគយល់គ្នា និងជាកន្លែងដ៏មានសុវត្ថិភាពក្នុងការចូលរួម សួរសំណួរ និងទទួលបានទស្សនវិស័យ ។
-
មានការណែនាំតាមអនឡាញ និងនឹងដោយផ្ទាល់ មានសិក្ខាសាលា និងការពិភាក្សាដែលមានអន្តរកម្ម ។
សូមរៀនបន្ថែមទៀតនៅលើគេហទំព័រ institute.ChurchofJesusChrist.org ។
BYU–PathwayWorldwide
BYU–PathwayWorldwide អាចធ្វើឲ្យសម្រាប់មនុស្សគ្រប់គ្នាទទួលបានសញ្ញាប័ត្រសាកលវិឡាល័យ ។
សិស្សដែលចង់បានភាពបត់បែននៃការអប់រំតាមអ៊ិនធឺណិត ចង់ស្ថាបនាទំនុកចិត្តលើការសិក្សា ឬត្រូវការពេលវេលាបន្ថែមទៀតដើម្បីស្វែងយល់អំពីអ្វីដែលត្រូវធ្វើបន្ទាប់ពីវិទ្យាល័យ ឬអនុវិទ្យាល័យអាចទទួលបានអត្ថប្រយោជន៍មកពី BYU–Pathway Worldwide ។
-
BYU–Pathway Worldwide បម្រើដល់និស្សិតនៅជាង ១៨០ ប្រទេស ។
-
វគ្គសិក្សាគឺធ្វើឡើងនៅលើប្រព័ន្ធអ៊ីនធឺណិតទាំងស្រុង ហើយតម្លៃសិក្សាមានកម្រិតទាបខ្លាំងជាងសាលាផ្សេងទៀត ។
-
សិស្សអាចទទួលបានវិញ្ញាបនប័ត្រដែលទីផ្សារអាចទទួលយកបាន ហើយអាចបន្ដទៅសញ្ញាប័ត្រអនឡាញនៅទូទាំង ប៊ី.វ៉ាយ.យូ.–អៃដាហូ និងមហាវិទ្យាល័យអ៊ីនសាញ ។
-
វិញ្ញាបនប័ត្រនីមួយៗដែលបានផ្ដល់ឲ្យត្រូវចំណាយពេលមួយឆ្នាំ ឬតិចជាងដើម្បីបញ្ចប់ ។
សូមរៀនបន្ថែមទៀតនៅលើគេហទំព័រ cesinfo.byu.edu ។
សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់
បេសកកម្មរបស់សាកលវិទ្យាល័យព្រិកហាំ យ៉ង់ ( ប៊ី.វ៉ាយ.យូ. ) គឺដើម្បីជួយដល់បុគ្គលម្នាក់ៗក្នុងការស្វែងរកភាពល្អឥតខ្ចោះ និងជីវិតដ៏អស់កល្បជានិច្ច ។ ប៊ី វាយ យូ ផ្ដល់នូវរយៈពេលនៃការរៀនសូត្រដែលហ្មត់ចត់ នៅក្នុងបរិបទសកម្មមួយ ដែលរំពឹងឲ្យមានការប្ដេជ្ញាចិត្ដទៅរកភាពល្អប្រសើរខ្លាំង ហើយការយល់ដឹងពេញលេញអំពីសក្ដានុពលរបស់មនុស្សត្រូវបានអនុវត្ដ ។ ប៊ី.វ៉ាយ.យូ. ព្យាយាមដើម្បីអភិវឌ្ឍសិស្សដែលមានសេចក្តីជំនឿ បញ្ញា និងចរិតលក្ខណៈដែលមានជំនាញ និងបំណងប្រាថ្នាបន្តរៀនសូត្រ និងបម្រើដល់អ្នកដទៃពេញមួយជីវិតរបស់ពួកគេ ។
-
ប៊ី.វ៉ាយ.យូ.មាននូវឱកាសការរៀនសូត្រដ៏បំផុសគំនិតដែលដាក់បញ្ចូលនូវសេចក្ដីពិតខាងវិញ្ញាណ បទពិសោធន៍ស្រាវជ្រាវ និងការរៀនសូត្រអនុវត្តផ្ទាល់ដៃសម្រាប់សិស្សទាំងអស់ ។
-
វាគឺជាចំណុចចាប់ផ្តើមមួយសម្រាប់សាលារៀនបញ្ចប់ការសិក្សា និងការបំពេញអាជីពការងារ ។
-
វាផ្តល់នូវបទពិសោធន៍សាកលវិទ្យាល័យបែបប្រពៃណីមួយជាមួយអត្តពលិក NCAA និងការសម្តែងសិល្បៈ និងតន្ត្រីកម្រិតពិភពលោក ។
សូមរៀនបន្ថែមទៀតនៅលើគេហទំព័រ cesinfo.byu.edu ។
ប៊ី.វ៉ាយ.យូ.–អៃដាហូ
ប៊ី.វ៉ាយ.យូ.–អៃដាហូ ស្ថាបនាទីបន្ទាល់នៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ និងពង្រឹងគោលការណ៍របស់ខ្លួនក្នុងបរិយាកាសសិក្សា វប្បធម៌ និង សង្គមដ៏ពេញលេញមួយ ។ ថ្នាក់រៀនត្រូវបានរចនាឡើងដើម្បីផ្តល់នូវបទពិសោធន៍ក្នុងពិភពលោកពិតប្រាកដមួយ ដើម្បីរៀបចំសិស្សដែលមានចំណាប់អារម្មណ៍ និងមានសមត្ថភាពផ្សេងៗគ្នាសម្រាប់ការរៀនសូត្រ និងការងារពេញមួយជីវិត ។ ប៊ី.វ៉ាយ.យូ.–អៃដាហូ ព្យាយាមផ្តល់នូវការអប់រំដែលមានគុណភាពខ្ពស់ក្នុងតម្លៃទាបទៅដល់សិស្សជាច្រើនតាមដែលអាចធ្វើទៅបាន ។
-
សញ្ញាប័ត្រត្រូវបានផ្តល់ឲ្យនៅក្នុងមុខវិជ្ជាជាង ១០០មុខ ។
-
សមាជិកមហាវិទ្យាល័យគឺជាអ្នកជំនាញនៅក្នុងវិស័យរបស់ពួកគេរៀងៗខ្លួន ហើយដាក់ការបង្រៀន និងការណែនាំសិស្សជាអាទិភាពចាំបាច់បំផុតរបស់ពួកគេ ។
-
ទំហំថ្នាក់ជាមធ្យមគឺសិស្សមានចំនួន ៣០ នាក់ ។
សូមរៀនបន្ថែមទៀតនៅលើគេហទំព័រ cesinfo.byu.edu ។
ប៊ី.វ៉ាយ.យូ.-ហាវ៉ៃ
ការផ្តោតសំខាន់ទៅលើសិស្សមកពីទ្វីបអូសេអានី និងតំបន់អាស៊ី ប៊ី.វ៉ាយ.យូ.-ហាវ៉ៃ រៀបចំសិស្សឲ្យធ្វើជាគំរូដល់ពិភពលោកអំពីសន្តិភាព និងសាមគ្គីភាពអន្តរវប្បធម៌តាមរយៈការរស់នៅតាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ។ និស្សិតដែលបញ្ចប់ការសិក្សាមកពី ប៊ី.វ៉ាយ.យូ.-ហាវ៉ៃ បានរៀបចំខ្លួនសម្រាប់បម្រើពេញមួយជីវិត ។ ពួកគេបង្ហាញពីជំនាញនៃការគិត និងបុគ្គលិកលក្ខណៈជាអ្នកបម្រើ-អ្នកដឹកនាំ ។
-
សិស្សរៀបគម្រោងសិក្សាដ៏ពិសេសរបស់ខ្លួនដោយជ្រើសរើសជំនាញមួយ និងអនុជំនាញពីរ ឬវិញ្ញាបនប័ត្រនៅក្នុងផ្នែកផ្សេងៗនៃការសិក្សា ។
សូមរៀនបន្ថែមទៀតនៅលើគេហទំព័រ cesinfo.byu.edu ។
មហាវិទ្យាល័យ អ៊ីនស្សាញ
ការផ្ដោតទៅលើសិស្សមកពីតំបន់ដ៏ធំ នៃរដ្ឋ យូថាហ៍ មហាវិទ្យាល័យ អ៊ីនស្សាញ អភិវឌ្ឍសិស្សដែលមានសមត្ថភាព និងជាទីទុកចិត្តរបស់ព្រះយេស៊ូវគ្រីស្ទ ។ កម្មវិធីសិក្សាដែលមានមូលដ្ឋានលើជំនាញធានាថា សិស្សទទួលបានបទពិសោធន៍ដែលរៀបចំពួកគេដើម្បីទទួលបានប្រាក់ឈ្នួលប្រកួតប្រជែងក្នុងរយៈពេលមួយទៅបួនឆ្នាំ ។ ជាបរិស្ថានមួយដែលប្រកបដោយការចិញ្ចឹមបីបាច់ខាងវិញ្ញាណដែលបំពេញបន្ថែមនូវការរៀនសូត្របែបស៊ិជម្រៅនៅក្នុងថ្នាក់រៀន ។
-
មនុស្សគ្រប់គ្នាអាចដាក់ពាក្យបាន ។
-
មានជម្រើសវិញ្ញាបនប័ត្រជាង ២៥ ដែលអាចបន្ដទៅដល់ការទទួល បរិញ្ញាប័ត្ររង ឬ បរិញ្ញាប័ត្រ ។
-
វិញ្ញាបនប័ត្រ និងសញ្ញាប័ត្រអនឡាញមានតាមរយៈBYU–Pathway Worldwide ។
-
មានសិស្ស មកពីគ្រប់កន្លែង ។
សូមរៀនបន្ថែមទៀតនៅលើគេហទំព័រ cesinfo.byu.edu ។
បន្ទាប់ពីសិស្សមានពេលវេលាគ្រប់គ្រាន់ដើម្បីអាន និងសិក្សាអំពីជម្រើស ទាំងនោះរួចហើយ សូមផ្តល់ពេលវេលាដល់ពួកគេដើម្បីចែកចាយនូវអ្វីដែលពួកគេបានរៀនដោយពិភាក្សាសំណួរដូចខាងក្រោម ៖
-
តើអ្នកមានមានការយល់ដឹងអ្វីខ្លះនៅពេលអ្នកបានសិក្សាជម្រើសទាំងនេះ ?
-
តើអ្នកបានរកឃើញភស្តុតាងអ្វីខ្លះអំពីសេចក្ដីស្រឡាញ់ និងបំណងប្រាថ្នារបស់ព្រះចំពោះបុត្រាបុត្រីរបស់ទ្រង់ ?
-
តើអ្នកនៅមានសំណួរអ្វីខ្លះទៀត ?
ដាក់ផែនការ
បង្កើតផែនការមួយដើម្បីកំណត់អាទិភាពលើការអប់រំខាងវិញ្ញាណរបស់អ្នកទាំងពេលឥឡូវនេះ និងនាពេលអនាគត ។
-
ប្រសិនបើអ្នកនៅសល់រយៈពេលពីរបីឆ្នាំនៅក្នុងថ្នាក់សិក្ខាសាលា សូមសរសេរគោលដៅដើម្បីបន្តធ្វើឲ្យការអប់រំខាងវិញ្ញាណជាអាទិភាព ។
-
ប្រសិនបើអ្នកជិតបញ្ចប់ថ្នាក់សិក្ខាសាលាហើយ សូមសរសេរថាតើជំហានបន្ទាប់របស់អ្នកគឺជាអ្វី ។
-
តើផែនការរបស់អ្នកនឹងជួយអ្នកឲ្យបន្តខិតទៅជិតព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយផែនការរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។ សូមលើកទឹកចិត្តពួកគេឲ្យនិយាយជាមួយឪពុកម្ដាយ អ្នកដឹកនាំសាសនាចក្រ ឬអ្នកប្រឹក្សាអំពីផែនការ និងសេចក្ដីសង្ឃឹមនាពេលអនាគតរបស់ពួកគេ ។
សូមចែកចាយទីបន្ទាល់របស់អ្នកអំពីតម្លៃនៃការធ្វើឲ្យការរៀនសូត្រខាងវិញ្ញាណជាអាទិភាពមួយ ។