« មេរៀនទី ១៦១—ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ១០ ៖ អនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ១០ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៦១ ៖ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក »
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ១០
អនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
ចំណេះចំណានខាងគោលលទ្ធិអាចជួយសិស្សឲ្យស្ថាបនាគ្រឹះសម្រាប់ជីវិតរបស់ពួកគេនៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សចែកចាយវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលមានអត្ថន័យនៅក្នុងជីវិតរបស់ពួកគេ ហើយជួយពួកគេរៀន និងអនុវត្តតាមគោលការណ៍ដ៏ទេវភាពនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៖ ចែកចាយ
ដើម្បីជួយសិស្សពិនិត្យមើលត្រួសៗនូវអ្វីដែលពួកគេបានរៀននៅឆ្នាំនេះ ហើយរៀបចំពួកគេឲ្យចែកចាយវគ្គចំណេះចំណានខាងគោលលទ្ធិដែលបានជះឥទ្ធិពលដល់ជីវិតរបស់ពួកគេ សូមពិចារណាសរសេរឃ្លាដែលមិនពេញលេញនេះ … ដែលខ្ញុំចូលចិត្តមួយ នៅលើក្ដារខៀន ។
អ្នកអាចបញ្ចប់ឃ្លានេះតាមរបៀបពីរបី ដូចជា មនុស្សនៅក្នុងប្រវត្តិសាស្រ្តសាសនាចក្រ ដំណើររឿងដែលយើងបានរៀននៅឆ្នាំនេះ ឬ អ្វីដែលបានរៀនពីមិត្តរួមថ្នាក់ ។ សម្រាប់របៀបនីមួយៗដែលអ្នកបញ្ចប់ឃ្លានេះ សូមអនុញ្ញាតឲ្យសិស្សចែកចាយដោយសង្ខេបៗជាមួយដៃគូនូវចម្លើយរបស់ពួកគេ និងមូលហេតុដែលពួកគេជ្រើសរើសវា ។
នៅទីបញ្ចប់ បំពេញឃ្លានោះជាមួយ វគ្គចំណេះចំណានខាងគោលលទ្ធិ ។ សូមផ្តល់ពេលវេលាឲ្យសិស្សពិនិត្យមើលវគ្គចំណេះចំណានខាងគោលលទ្ធិនៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ២០២៣ ) ។ សូមអញ្ជើញពួកគេឲ្យចែកចាយជាមួយដៃគូអំពីវគ្គបទគម្ពីរដែលពួកគេបានជ្រើសរើស និងអត្ថន័យរបស់វគ្គបទគម្ពីរនោះចំពោះពួកគេ ។ សូមប្រាកដថា ត្រូវទុកពេលវេលាគ្រប់គ្រាន់សម្រាប់សកម្មភាពរៀនអនុវត្តដូចខាងក្រោមនេះ ។
រៀន និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
មុននឹងណែនាំដំណើររឿងខាងក្រោមនេះ វាអាចមានអត្ថប្រយោជន៍ក្នុងការអនុញ្ញាតឲ្យសិស្សពិនិត្យមើលដោយសង្ខេបៗអំពីគោលការណ៍នៅក្នុង កថាខណ្ឌទី ៥–១២ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។ ( សកម្មភាពពិនិត្យឡើងវិញដែលបានផ្ដល់យោបល់គឺមាននៅក្នុង « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » នៅក្នុងឧបសម្ព័ន្ធនៃសៀវភៅសិក្សានេះ ) ។
ចំណាំ ៖ ប្រធានបទដែលបានស្នើនៅក្នុងមេរៀននេះអាចមានភាពសម្ងាត់ និងផ្ទាល់ខ្លួនសម្រាប់សិស្សជាច្រើន ។ នៅពេលសិស្សក្នុងថ្នាក់ពិភាក្សាអំពីដំណើររឿងដូចខាងក្រោមនេះ សូមរំឭកពួកគេអំពីសេចក្តីស្រឡាញ់របស់ព្រះចំពោះបុត្រាបុត្រីទាំងអស់របស់ទ្រង់ និងបំណងប្រាថ្នារបស់ទ្រង់សម្រាប់យើងក្នុងការប្រព្រឹត្តចំពោះមនុស្សទាំងអស់ដោយការគោរព និងសេចក្តីស្រឡាញ់ ។
សូមមើលផ្នែក « សាច់រឿងផ្សេងទៀត » នៅក្នុង « សកម្មភាពរៀនសូត្របន្ថែមទៀត » ប្រសិនបើអ្នកមានអារម្មណ៍ថា វាជាការប្រសើរជាងសម្រាប់សិស្សក្នុងការរៀនអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណទៅនឹងស្ថានភាពផ្សេង ។
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពិពណ៌នាពីយុវជនម្នាក់ដែលបានប្រឈមមុខនឹងឧបសគ្គដ៏លំបាក ។ នៅពេលអ្នកអានអំពីស្ថានភាពរបស់យុវជនរូបនេះ សូមជញ្ជឹងគិតពីមូលហេតុដែលការអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណជារឿងសំខាន់សម្រាប់គាត់ ។
ខ្ញុំបាននិយាយនឹងយុវជនម្នាក់ដែលចូលក្នុងបេសកកម្មដោយសក្ដិសម ប៉ុន្តែដោយជម្រើសផ្ទាល់ខ្លួន គាត់បានត្រឡប់ទៅផ្ទះវិញមុនកំណត់ដោយសារតែស្រឡាញ់ភេទដូចគ្នា និងការរងទុក្ខខ្លះៗដែលគាត់មានចំពោះស្ថានភាពនោះ ។ គាត់នៅតែមានភាពស័ក្ដិសម ប៉ុន្តែគាត់សង្ស័យចំពោះសេចក្ដីជំនឿរបស់គាត់ បន្ទុកខាងសតិអារម្មណ៍របស់គាត់មានកាន់តែខ្លាំងឡើងៗ ហើយការឈឺចាប់ខាងវិញ្ញាណរបស់គាត់មានកាន់តែធ្ងន់ធ្ងរ ។ សតិអារម្មណ៍របស់គាត់បានប្រែទៅជាឈឺចាប់ ច្របូកច្របល់ ខឹង ហើយអស់សង្ឃឹម ។ ( ជែហ្វ្រី អ័រ ហូឡិន « Behold Thy Mother » Liahona ខែវិច្ឆិកា ឆ្នាំ២០១៥ ទំព័រ ៤៩ )
អ្នកអាចជួយរៀបចំសិស្សឲ្យឃើញពីភាពទាក់ទងនៅក្នុងមេរៀននេះ ដោយអនុញ្ញាតឲ្យពួកគេដំណើរការការយល់ដឹង និងអារម្មណ៍របស់ពួកគេដែលទាក់ទងនឹងស្ថានភាពដូចគ្នានេះ ។ អ្នកអាចនឹងលើកទឹកចិត្តសិស្សឲ្យសរសេរគំនិតរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេដោយការបង្ហាញសំណួរដូចជាខាងក្រោមនេះ ៖
-
តើសំណួរ ឬកង្វល់អ្វីខ្លះអំពីផែនការរបស់ព្រះវរបិតាសួគ៌ ឬអំពីសាសនាចក្រ ដែលអ្នកគិតថា យុវជនរូបនេះអាចមាន ?
-
តើទំនាក់ទំនងរបស់គាត់ជាមួយព្រះវរបិតាសួគ៌អាចត្រូវបានជះឥទ្ធិពលដោយសំណួរ ឬកង្វល់ទាំងនេះដោយរបៀបណា ?
-
ហេតុអ្វីបានជាវាសំខាន់សម្រាប់មនុស្សក្នុងស្ថានភាពស្រដៀងគ្នាដើម្បីយល់ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ? ហេតុអ្វីបានជាវាសំខាន់សម្រាប់មិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេក្នុងការអនុវត្តគោលការណ៍ទាំងនោះផងដែរ ?
សូមចងចាំថា មេរៀននេះមិនអាចឆ្លើយគ្រប់សំណួរដែលសិស្សអាចមាននោះទេ ។ ព្រះមិនទាន់បានបើកសម្តែងរាល់ចម្លើយនៅឡើយទេ ។ មេរៀននេះមានគោលបំណងជួយសិស្សឲ្យធ្វើជាសិស្សដ៏ស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទកាន់តែច្រើន តាមរយៈការអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ នៅពេលពួកគេប្រឈមមុខនឹងសំណួរ និងកង្វល់ក្នុងជីវិតរបស់ពួកគេ ។
សូមអញ្ជើញសិស្សឲ្យចែកចាយជាមួយសិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេបានរៀនអំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដែលពួកគេមានអារម្មណ៍ថា មានអត្ថប្រយោជន៍បំផុតសម្រាប់យុវជនរូបនេះ មិត្តភក្តិ ឬគ្រួសាររបស់គាត់ ។ សូមទុកពេលជាច្រើនសម្រាប់ការពិភាក្សានេះ ។
អាស្រ័យទៅលើពេលវេលាដែលមានបន្ទាប់ពីការពិភាក្សានេះ អ្នកអាចជ្រើសរើសពីសម្ភារមេរៀនដែលនៅសេសសល់ ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ពីគោលការណ៍ទាំងនេះ ។
តើយុវជនរូបនេះបានធ្វើអ្វី ?
សូមពិចារណាសុំឲ្យសិស្សក្នុងថ្នាក់ស្វែងរកដៃគូ ហើយផ្តល់ដៃគូនីមួយៗនូវច្បាប់ចម្លងនៃរឿងដែលនៅសេសសល់ដែលអែលឌើរ ហូឡិន បានប្រាប់ ។ សូមអញ្ជើញពួកគេឲ្យគូសចំណាំអំពីរបៀបដែលយុវជនរូបនេះ និងអ្នកដទៃទៀតបានអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
បន្ទាប់មក សូមពិចារណាបង្ហាញសំណួរខាងក្រោមសម្រាប់ដៃគូឲ្យពិភាក្សា ។
ប្រធានបេសកកម្មប្រធានស្ដេក និងប៊ីស្សពរបស់គាត់ បានចំណាយពេលរាប់ម៉ោងស្រាវជ្រាវ យំ ហើយប្រសិទ្ធពរដល់គាត់ ។ … [ ម្ដាយរបស់គាត់ ] បានថ្លែងទីបន្ទាល់ទៅកូនរបស់ខ្លួនអំពីព្រះចេស្ដារបស់ព្រះ សាសនាចក្ររបស់ទ្រង់ ជាពិសេសអំពីសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះកូនរូបនេះ ។ ក្នុងពេលដំណាលគ្នានោះ គាត់បានថ្លែងទីបន្ទាល់អំពីក្ដីស្រឡាញ់មិនល្អៀង និងជាអមតៈផ្ទាល់ខ្លួនគាត់ចំពោះកូនផងដែរ ។…
ស្ថានភាពខាងផ្លូវភេទរបស់ [ យុវជន ] រូបនេះ ពុំមែនជាការផ្លាស់ប្ដូរដោយអព្ភូតហេតុទេ—គ្មាននរណារំពឹងថានឹងកើតឡើងទេ ។ ប៉ុន្តែបន្ដិចម្ដងៗ ដួងចិត្តរបស់គាត់បានផ្លាស់ប្ដូរ ។
គាត់ចាប់ផ្ដើមត្រឡប់មកព្រះវិហារវិញ ។ គាត់បានជ្រើសរើសទទួលទានសាក្រាម៉ង់ដោយស្ម័គ្រចិត្ត និងដោយស័ក្ដិសម ។ គាត់ទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធវិញ ហើយទទួលការហៅឲ្យបម្រើជាគ្រូបង្រៀនថ្នាក់សិក្ខាសាលាពេលព្រឹក ដែលគាត់មានជោគជ័យយ៉ាងល្អ ។ ហើយឥឡូវ បន្ទាប់ពី រយៈពេលប្រាំឆ្នាំ គាត់បានចូលទៅក្នុងបេសកកម្មវិញដើម្បីបញ្ចប់ការបម្រើដល់ព្រះអម្ចាស់របស់គាត់ តាមសំណើផ្ទាល់ខ្លួនរបស់គាត់ ដោយមានជំនួយខ្លាំងពីសាសនាចក្រ ។ ខ្ញុំបានស្រក់ទឹកភ្នែកចំពោះភាពក្លាហាន សេចក្ដីសុចរិត និងការតាំងចិត្តរបស់ក្មេងប្រុសរូបនេះ ។ ( ជែហ្វ្រី អ័រ ហូឡិន « Behold Thy Mother » Liahona ខែវិច្ឆិកា ឆ្នាំ២០១៥ ទំព័រ ៤៩ )
-
តើជម្រើសដែលយុវជនរូបបានធ្វើបង្ហាញពីជំនឿរបស់គាត់ចំពោះព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ? តើអ្នកគិតថាជម្រើសរបស់ទ្រង់បានជះឥទ្ធិពលដល់ទំនាក់ទំនងរបស់គាត់ជាមួយព្រះវរបិតាសួគ៌ដោយរបៀបណា ?
-
ហេតុអ្វីបានជាអ្នកគិតថា វាសំខាន់ដែលម្ដាយរបស់គាត់ជ្រើសរើសថ្លែងទីបន្ទាល់ដល់គាត់អំពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះគាត់ ?
-
តើភស្តុតាងអ្វីខ្លះដែលអ្នកមើលឃើញថា គាត់បានងាកទៅរកប្រភពដែលបានតែងតាំងដ៏ទេវភាព ? តើអ្នកគិតថា ជម្រើសរបស់គាត់នៃប្រភពទាំងឡាយអាចជះឥទ្ធិពលដល់សេចក្តីជំនឿរបស់គាត់លើព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
ឧបមាថា យុវជនរូបនេះមិនអាចស្វែងរកចម្លើយចំពោះសំណួរ ឬកង្វល់មួយចំនួនរបស់គាត់បានទេ ។ តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងផែនការរបស់ទ្រង់ ដែលអាចមានប្រយោជន៍សម្រាប់គាត់ដើម្បីចងចាំ ។
បំពេញចន្លោះ
សម្រាប់សកម្មភាពនេះ សូមពិចារណាសរសេរនៅលើក្តារខៀននូវសេចក្តីថ្លែងការណ៍មិនពេញលេញចំនួនបីខាងក្រោម ។
សូមជ្រើសរើសសេចក្តីថ្លែងការណ៍មួយពីសេចក្តីថ្លែងការណ៍ខាងក្រោមចេញពី ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ហើយព្យាយាមបំពេញសេចក្តីថ្លែងការណ៍នេះចេញពីការចងចាំ ។ បន្ទាប់មក សូមពិនិត្យមើលចម្លើយរបស់អ្នកដោយប្រើ កថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » ។
-
« ក្នុងអំឡុងពេលដែលយើងអាចមិនទទួលបានចម្លើយភ្លាមៗចំពោះសំណួររបស់យើង … »
-
« យើងស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បី … »
-
« ការរៀនស្គាល់ និងចៀសវាងប្រភពដែលមិនគួរឲ្យទុកចិត្តអាច … »
សូមគិតអំពីមូលហេតុដែលគោលការណ៍នៅក្នុងសេចក្ដីថ្លែងការណ៍ដែលអ្នកបានជ្រើសរើសមានសារៈសំខាន់សម្រាប់យុវជនរូបនេះ និងមិត្តភក្តិ និងក្រុមគ្រួសាររបស់គាត់ដើម្បីយល់ដឹង ។
សូមអញ្ជើញសិស្សឲ្យផ្លាស់ទីទៅមកក្នុងបន្ទប់ ហើយចែកចាយការយល់ដឹងជាមួយគ្នាទៅវិញទៅមក ។ អ្នកអាចលើកទឹកចិត្តពួកគេឲ្យបន្តស្វែងរកដៃគូថ្មីៗ រហូតដល់ពួកគេបានចែកចាយគំនិតរបស់ពួកគេយ៉ាងហោចណាស់ជាមួយមនុស្សម្នាក់ដែលបានជ្រើសរើសជម្រើសទី ១ អ្នកដែលជ្រើសរើសជម្រើសទី ២ និងអ្នកដែលជ្រើសរើសជម្រើសទី ៣ ។
ប្រភពដែលបានតែងតាំងដ៏ទេវភាព
សូមពិចារណាបង្ហាញសំណួរខាងក្រោមនេះ ។ បន្ទាប់មក សូមផ្តល់ពេលគ្រប់គ្រាន់ដល់សិស្សដើម្បីស្វែងរកបទគម្ពីរ និងសេចក្ដីថ្លែងការណ៍ មុននឹងអញ្ជើញពួកគេឲ្យឆ្លើយឮៗ ។
ប្រសិនបើចាំបាច់ អ្នកអាចផ្តល់ឲ្យសិស្សនូវធនធានដែលបានណែនាំនៅក្នុងផ្នែក « ធនធានបន្ថែមទាំងឡាយ » ។
-
តើវគ្គចំណេះចំណានខាងគោលលទ្ធិពីគោលលទ្ធិ និងសេចក្តីសញ្ញា ( ឬគម្ពីរផ្សេងទៀត ) ណាមួយដែលអ្នកគិតថាអាចជួយយុវជនរូបនេះ ?
-
តើសេចក្ដីថ្លែងការណ៍អ្វីខ្លះពីថ្នាក់ដឹកនាំសាសនាចក្រនឹងមានអត្ថប្រយោជន៍សម្រាប់គាត់ ឬមនុស្សជាទីស្រឡាញ់របស់គាត់ដើម្បីសិក្សា ?