« មេរៀនទី ១៦០—ការប្រកាសអំពីក្រុមគ្រួសារ ផ្នែកទី ៣ ៖ សុភមង្គលនៅក្នុងជីវិតគ្រួសារ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ការប្រកាសអំពីក្រុមគ្រួសារ ផ្នែកទី ៣ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៦០ ៖ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក »
ការប្រកាសអំពីក្រុមគ្រួសារ ផ្នែកទី ៣
សុភមង្គលនៅក្នុងជីវិតគ្រួសារ
ហេតុផលមួយដែលព្រះវរបិតាសួគ៌បានបញ្ជូនយើងមកកាន់ផែនដីក្នុងក្រុមគ្រួសារ គឺដើម្បីជួយយើងឲ្យទទួលបានសុភមង្គល ។ នៅក្នុងការប្រកាសអំពីក្រុមគ្រួសារ ព្រះអម្ចាស់បានបើកសម្ដែងពីរបៀបដែលយើងអាចទទួលបានសេចក្តីសុខសាន្ត និងសុភមង្គលជាបុគ្គល និងជាក្រុមគ្រួសារ ។ មេរៀននេះអាចជួយសិស្សអនុវត្តការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងចំណងទំនាក់ទំនងក្រុមគ្រួសាររបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
បុព្វហេតុ និងលទ្ធផល
សូមពិចារណាសរសេរបុព្វហេតុ និងលទ្ធផលមិនពេញលេញខាងក្រោមនេះនៅលើក្ដារខៀន ។ សូមបំពេញចន្លោះទទេដំបូងដោយឃ្លាដូចជា « ទទួលបានពិន្ទុល្អ » ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យបំពេញចន្លោះទីពីរដោយប្រើឃ្លាមួយដែលបំពេញសេចក្តីថ្លែងការណ៍ ដូចជា « យើងធ្វើកិច្ចការផ្ទះ » ។ អ្នកអាចធ្វើដំណើរការនេះម្តងទៀតពីរបីដងដោយប្រើឃ្លាផ្សេងៗ ។
« គឺភាគច្រើនទំនងជាអាចសម្រេចបាន នៅពេល » ។
សូមអញ្ជើញសិស្សឲ្យអាន កថាខណ្ឌទី ៧ នៃការប្រកាសអំពីក្រុមគ្រួសារ ដោយរកមើលរបៀបបំផុសគំនិតដើម្បីបំពេញឃ្លានេះនៅលើក្ដារខៀន ។ សូមជួយសិស្សស្គាល់សេចក្តីពីតដូចខាងក្រោម ៖ សុភមង្គលនៅក្នុងជីវិតគ្រួសារអាចកើតមានឡើងបាន នៅពេលធ្វើតាមការបង្រៀនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ ដើម្បីជួយសិស្សគិតអំពីរបៀបដែលការរស់នៅតាមការបង្រៀនរបស់ព្រះគ្រីស្ទ អាចនាំទៅរកសុភមង្គលនៅក្នុងជីវិតគ្រួសារ សូមសុំពួកគេឲ្យជញ្ជឹងគិតនូវសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកគិតថាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចបង្កើនសុភមង្គលគ្រួសាររបស់អ្នកតាមរបៀបណាខ្លះ ?
-
តើការខិតខំរបស់អ្នកក្នុងការរស់នៅតាមការបង្រៀនរបស់ទ្រង់ទាំងទ្វេបានរួមចំណែកដល់សុភមង្គលនោះយ៉ាងដូចម្ដេច ?
សូមប្រាប់សិស្សថា នៅចុងបញ្ចប់នៃមេរៀននេះ ពួកគេនឹងអញ្ជើញឲ្យធ្វើតាមការបង្រៀនមួយរបស់ព្រះអង្គសង្គ្រោះ ដែលអាចបង្កើនសុភមង្គលនៃគ្រួសារពួកគេបាន ។ សូមអញ្ជើញសិស្សឲ្យស្វែងរកជំនួយពីព្រះវរបិតាសួគ៌អំឡុងពេលមេរៀនដែលនៅសល់ ដើម្បីដឹងថា គោលការណ៍មួយណាដែលពួកគេគួរផ្តោតលើ ។ សូមលើកទឹកចិត្តសិស្សឲ្យយកចិត្តទុកដាក់លើគំនិត ឬអារម្មណ៍ណាមួយដែលពួកគេទទួលបានពីព្រះវិញ្ញាណបរិសុទ្ធ ។
ការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ
សូមពិចារណាដាក់រូបភាពព្រះយេស៊ូវគ្រីស្ទនៅលើក្ដារខៀន ។ សូមឲ្យសិស្សអាន កថាខណ្ឌទី ៧ ជាថ្មីម្តងទៀត លើកនេះបង្ហាញពីការបង្រៀននីមួយៗដែលអាចបង្កើនសុភមង្គលគ្រួសារ ។ សូមអញ្ជើញសិស្សឲ្យសរសេរអ្វីដែលពួកគេបានរកឃើញនៅលើក្ដារខៀនជុំវិញរូបភាពព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មក សូមឲ្យសិស្សបង្កើតជាក្រុមតូចៗ ឬជាគូៗ ដើម្បីបំពេញសកម្មភាពដូចខាងក្រោមនេះ ៖
-
ជ្រើសរើសការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលអ្នកបានរកឃើញនៅក្នុង កថាខណ្ឌទី ៧ ។
-
សូមស្វែងរកបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍ដោយអ្នកដឹកនាំសាសនាចក្រ ដែលជួយយើងយល់កាន់តែច្បាស់អំពីការបង្រៀននោះ ។
-
សូមពិពណ៌នាអំពីរបៀបដែលការធ្វើតាមការបង្រៀននោះអាចបង្កើនសុភមង្គលក្នុងក្រុមគ្រួសារបាន ។
ប្រសិនបើសិស្សត្រូវការជំនួយ អ្នកអាចអញ្ជើញពួកគេឲ្យប្រើសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬស្វែងរកនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ។ ខាងក្រោមនេះគឺជាបទគម្ពីរមួយចំនួនដែលសិស្សអាចស្វែងរក ដែលទាក់ទងនឹងការបង្រៀនពី កថាខណ្ឌទី ៧ ៖ នីហ្វៃទី៣ ១៨:១៥–១៦, ២១ ( ការអធិស្ឋាន ) មរ៉ូណៃ ៧:៤៥–៤៨ ( សេចក្តីស្រឡាញ់ ) គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨:៤២–៤៣ ( ការប្រែចិត្ត ) គោលលទ្ធិ និងសេចក្តីសញ្ញា ៦៤:៩–១១ ( ការអភ័យទោស ) ។
ប្រសិនបើមាន សូមអញ្ជើញសិស្សឲ្យស្វែងរក « សុភមង្គលនៅក្នុងជីវិតគ្រួសារ » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីស្វែងរកការបង្រៀនមកពីថ្នាក់ដឹកនាំសាសនាចក្រអំពីគោលការណ៍ទាំងឡាយដែលនៅក្នុង កថាខណ្ឌទី ៧ ។
បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយ នោះសូមអញ្ជើញក្រុមឲ្យចែកចាយដល់សិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេបានរកឃើញ ។ នៅពេលដែលក្រុមចែកចាយហើយ សូមសុំឲ្យពួកគេសរសេរនៅលើក្ដារខៀននូវសេចក្ដីយោងបទគម្ពីរ ឬផ្នែកនៃសេចក្ដីថ្លែងការណ៍របស់ថ្នាក់ដឹកនាំសាសនាចក្រ ដែលបានជួយពួកគេយល់ពីការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ។
បន្ទាប់មក អ្នកអាចប្រើសំណួរដូចខាងក្រោមនេះ ដើម្បីជួយសិស្សជញ្ជឹងគិត និងពិភាក្សាអំពីរបៀបដែលការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទអាចមានឥទ្ធិពលលើក្រុមគ្រួសារ ។
-
តើការបង្រៀនរបស់ព្រះគ្រីស្ទមួយណានៅលើក្ដារខៀនមានឥទ្ធិពលលើសុភមង្គលដែលអ្នកមានក្នុងគ្រួសាររបស់អ្នក ?
-
តើការបង្រៀនមួយណាដែលអ្នកចង់ផ្តោតទៅលើការបង្រៀនបន្ថែមទៀតនៅក្នុងគ្រួសាររបស់អ្នក ? ហេតុអ្វី ? តើអ្នកអាចអនុវត្តវានៅក្នុងគ្រួសាររបស់អ្នកដោយរបៀបណា ?
-
តើការបង្រៀនមួយណាដែលអ្នកចង់ផ្តោតលើគ្រួសាររបស់អ្នកនាពេលអនាគត ? ហេតុអ្វី ?
-
តើការបង្រៀនរបស់ព្រះអង្គសង្គ្រោះមួយណាដែលអាចជួយគ្រួសារដែលពុះពារនឹងការខ្វែងគំនិត ការទាស់ទែងគ្នា ឬទំនាក់ទំនងដ៏តានតឹង ?
-
នៅពេលសិស្សពិភាក្សាសំណួរមុន អ្នកអាចបង្ហាញពួកគេទៅកាន់គោលការណ៍នៃ « សេចក្ដីជំនឿ ការអធិស្ឋាន ការប្រែចិត្ត ការអភ័យទោស ការគោរព សេចក្ដីស្រឡាញ់ [ និង ] សេចក្ដីមេត្ដាករុណា » នៅក្នុងកថាខណ្ឌដែលពួកគេបានសិក្សា ។ សូមថ្លែងទីបន្ទាល់អំពីព្រះរាជបំណងរបស់ព្រះអង្គសង្គ្រោះក្នុងការអភ័យទោស ព្យាបាល និងកែលម្អទំនាក់ទំនងបុគ្គល និងគ្រួសារ ។ ការខិតខំ និងបំណងប្រាថ្នារបស់យើងក្នុងការប្រែចិត្ត និងអភ័យទោសដល់អ្នកដទៃអាចអញ្ជើញឥទ្ធិពលនៃការព្យាបាលរបស់ទ្រង់មកក្នុងជីវិត និងទំនាក់ទំនងរបស់យើង ។
ការបង្កើនសុភមង្គល
មុនពេលអញ្ជើញសិស្សឲ្យអនុវត្តការបង្រៀនមួយរបស់ព្រះអង្គសង្គ្រោះទៅក្នុងគ្រួសាររបស់ពួកគេផ្ទាល់ សូមជួយពួកគេពិចារណាអំពីរបៀបដែលការបង្រៀនរបស់ទ្រង់អាចអនុវត្តក្នុងស្ថានភាពគ្រួសារផ្សេងៗគ្នា ។ សូមពិចារណាសរសេរស្ថានភាពគ្រួសារផ្សេងៗគ្នាមួយចំនួននៅលើក្ដារខៀន ដែលអាចទាក់ទងនឹងសិស្សក្នុងថ្នាក់របស់អ្នក ។ ឧទាហរណ៍អាចរួមមានដូចតទៅ ៖
-
គ្រួសារទាំងមូលសកម្មនៅក្នុងសាសនាចក្រ ។
-
គ្រួសារដែលមានសមាជិកតែម្នាក់
-
ឪពុកម្តាយដែលលែងលះគ្នា ។
-
គ្រួសារដែលមានឪពុកម្តាយទោល ។
សូមពិចារណាឲ្យសិស្សចែកចាយចម្លើយចំពោះសំណួរខាងក្រោមនេះសម្រាប់ស្ថានភាពគ្រួសារនីមួយៗនៅលើក្ដារខៀន ៖
-
តើគោលការណ៍ជាក់លាក់មួយណាចេញពី កថាខណ្ឌទី ៧ ពីការប្រកាសអំពីក្រុមគ្រួសារ ដែលអ្នកនឹងណែនាំដល់ក្មេងវ័យជំទង់ក្នុងស្ថានភាពនេះ ?
-
តើក្មេងវ័យជំទង់ម្នាក់ក្នុងស្ថានភាពគ្រួសារនេះអាចអនុវត្តគោលការណ៍ដែលអ្នកបានជ្រើសរើសដោយរបៀបណា ?
បន្ទាប់មក សូមដាក់បង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ៖
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ទោះជាមានរឿងអាក្រក់ធ្លាប់កើតឡើងនៅក្នុងគ្រួសាររបស់បងប្អូនក្ដី ខ្ញុំសូមថ្លែងទីបន្ទាល់ ហើយសន្យាថា ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទគឺជាប្រភពនៃការព្យាបាល ការផ្លាស់ប្ដូរថ្មី និងការស្ដារឡើងវិញដែលបងប្អូនត្រូវការ ។ …
ដោយមានជំនួយពីព្រះអម្ចាស់ បងប្អូនអាចមានគ្រួសារអស់កល្បមួយបាន ទោះជាបងប្អូនពុំបានកើតចេញមកពីគ្រួសារពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ល្អ ដែលពេលខ្លះបានបង្ហាញឲ្យឃើញនៅលើគម្របនៃទស្សនាវដ្ដី លីអាហូណា ឬ Ensign ក្ដី ។ សូមចាំជានិច្ចថា វាចាប់ផ្ដើមជាមួយនឹងបងប្អូន ! ( ដេវីឌ អេ បែដណា « ចំណងភ្ជាប់មួយ » [ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់ពួកយុវមជ្ឈិមវ័យ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org )
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះចេញពីសេចក្តីថ្លែងការណ៍របស់អែលឌើរ បែដណា ? ហេតុអ្វី ?
សូមអញ្ជើញសិស្សឲ្យជ្រើសរើសការបង្រៀនមួយរបស់ព្រះយេស៊ូវចេញពីការប្រកាសអំពីក្រុមគ្រួសារ ដែលពួកគេមានអារម្មណ៍ថា បានបំផុសឲ្យអនុវត្តដើម្បីពង្រឹងសុភមង្គលក្នុងគ្រួសាររបស់ពួកគេផ្ទាល់ ។ សូមផ្តល់ពេលឲ្យពួកគេជញ្ជឹងគិត និងសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេនូវផែនការមួយដើម្បីចាប់ផ្តើម បន្ត ឬកែលម្អការរស់នៅតាមការបង្រៀននោះ ។ ប្រសិនបើពេលវេលាអនុញ្ញាត សូមអញ្ជើញសិស្សមួយចំនួនឲ្យចែកចាយនូវអ្វីដែលពួកគេទទួលអារម្មណ៍បំផុសគំនិតឲ្យធ្វើ ។
សូមពិចារណាចែកចាយសាក្សីរបស់អ្នកអំពីព្រះចេស្ដារបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីបង្កើនសុភមង្គលនៅក្នុងក្រុមគ្រួសារនៃអស់អ្នកដែលខិតខំរស់នៅតាមការបង្រៀនរបស់ទ្រង់ ។