« មេរៀនទី ១៥៨—ការប្រកាសអំពីក្រុមគ្រួសារ ផ្នែកទី ១ ៖ ‹ គ្រួសារជាផ្នែកដ៏សំខាន់មួយនៅក្នុងផែនការរបស់ព្រះដ៏បង្កបង្កើត › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ការប្រកាសអំពីក្រុមគ្រួសារ ផ្នែកទី ១ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៥៨ ៖ ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក
ការប្រកាសអំពីក្រុមគ្រួសារ ផ្នែកទី ១
« គ្រួសារជាផ្នែកដ៏សំខាន់មួយនៅក្នុងផែនការរបស់ព្រះដ៏បង្កបង្កើត »
« ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » គឺជាសេចក្ដីថ្លែងដ៏ព្យាករ ដែលបានសរសេរដើម្បីជួយយើងឲ្យយល់ពីការបង្រៀនរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអំពីអាពាហ៍ពិពាហ៍ និងគ្រួសារ ។ មេរៀននេះមានគោលបំណងជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីតួនាទីដ៏សំខាន់នៃក្រុមគ្រួសារនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មុនពេលចូលរៀន សូមប្រាកដថាសិស្សម្នាក់ៗមាន « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ជាទម្រង់ឌីជីថលក៏បាន ជាទម្រង់បោះពុម្ពជាក្រដាសក៏បាន ។ ច្បាប់ចម្លងនេះអាចមានបញ្ចូលក្នុងសៀវភៅកំណត់ហេតុសិក្សារបស់សិស្សរួចទៅហើយ ។
« ក្រុមគ្រួសារជាផ្នែកសំខាន់មួយនៅក្នុងផែនការរបស់ព្រះដ៏បង្កបង្កើត សម្រាប់គោលដៅដ៏នៅអស់កល្បជានិច្ចនៃកូនចៅរបស់ទ្រង់ » ។
សូមពិចារណាដាក់បង្ហាញពាក្យចេញពីចំណងជើងមុននេះនៅលើក្ដារខៀនតាមលំដាប់លំដោយណាមួយក៏បាន ។ សូមទុកពេលមួយនាទីឲ្យសិស្សព្យាយាមតម្រៀមពាក្យទាំងនោះឲ្យត្រូវ នៅក្នុងគំនិតរបស់ពួកគេ ។ បន្ទាប់មកសូមអញ្ជើញពួកគេឲ្យស្វែងរក ហើយគូសចំណាំពាក្យទាំងនេះនៅខាងចុងនៃ កថាខណ្ឌទីមួយ នៃ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ។
បន្ទាប់មកសូមអញ្ជើញឲ្យមានការពិភាក្សាដោយប្រើសំណួរដូចជា ៖
-
ហេតុអ្វីបានជាក្រុមគ្រួសារមានសារៈសំខាន់ចំពោះផែនការរបស់ព្រះ សម្រាប់គោលដៅដ៏នៅអស់កល្បជានិច្ចនៃបុត្រាបុត្រីរបស់ទ្រង់ ?
-
ដោយការដឹងថា គ្រួសារទាំងអស់ប្រឈមមុខនឹងការសាកល្បង ហើយថាយើងទាំងអស់គ្នាមិនល្អឥតខ្ចោះនោះទេ តើអ្នកនឹងចែកចាយអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងផែនការនៃសេចក្តីសង្គ្រោះ ដែលអាចជួយក្មេងវ័យជំទង់ដែលព្រួយបារម្ភអំពីស្ថានភាពគ្រួសាររបស់ពួកគេ ?
សូមពិចារណាសរសេរពាក្យ និងឃ្លាដូចខាងក្រោមនៅលើក្ដារខៀនមុនចាប់ផ្ដើមថ្នាក់ ។ សូមអញ្ជើញសិស្សឲ្យអាននៅក្នុងបញ្ជី ។
-
សារៈសំខាន់នៃអាពាហ៍ពិពាហ៍
-
ការលែងលះគ្នា
-
ការរំលោភបំពាន
-
អត្តសញ្ញាណភេទ
-
អាពាហ៍ពិពាហ៍ភេទដូចគ្នា
-
ការមានកូន
-
ទំនាក់ទំនងផ្លូវភេទក្រៅចំណងអាពាហ៍ពិពាហ៍
-
ការរម្លូតកូន
-
សុភមង្គលក្នុងក្រុមគ្រួសារ
ចំណាំ ៖ នៅពេលអ្នកបង្រៀនមេរៀនថ្ងៃនេះ សូមប្រយ័ត្នជាមួយនឹងលក្ខណៈនៃប្រធានបទដែលនឹងលើកឡើង ។ អ្នកអាចដាស់តឿនសិស្សឲ្យខិតខំមានសេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការយល់ដឹងដូចជាព្រះគ្រីស្ទ នៅពេលពួកគេពិភាក្សាអំពីប្រធានបទទាំងនេះ ។
-
តើប្រធានបទមួយណានៃប្រធានបទទាំងនេះ ដែលមនុស្សមានចម្ងល់ ឬកង្វល់នៅសព្វថ្ងៃនេះ ?
-
តើអ្នកគិតថាមនុស្សច្រើនតែទៅណាដើម្បីស្វែងរកចម្លើយអំពីបញ្ហាទាំងនេះ ?
សូមពិចារណាផ្តល់ពេលឲ្យសិស្សជញ្ជឹងគិតអំពីការយល់ដឹងរបស់ពួកគេអំពីបញ្ហាទាំងនេះ និងសំណួរអ្វីដែលពួកគេអាចមាន ។
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីដឹងពីអ្វីដែលព្រះបានបង្រៀនអំពីប្រធានបទទាំងនេះ ?
មេរៀននេះអាចជួយសិស្សស្វែងរកចម្លើយចំពោះសំណួរ និងកង្វល់មួយចំនួនរបស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យស្វែងរកវិវរណៈពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹកនាំពួកគេ នៅពេលពួកគេសិក្សា « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅថ្ងៃនេះ និងពេញមួយសប្តាហ៍ ។
ការប្រកាសអំពីក្រុមគ្រួសារ
ដើម្បីជួយសិស្សយល់ពីហេតុផលមួយចំនួនដែលព្រះអម្ចាស់បំផុសគំនិតឲ្យសរសេរការប្រកាសអំពីក្រុមគ្រួសារ សូមពិចារណាការចែកចាយសេចក្តីថ្លែងការណ៍ខាងក្រោមដែលបានធ្វើឡើងនៅពេលការប្រកាសនេះត្រូវបានបង្ហាញ ។
ចំណាំ ៖ ពាក្យថា ការបោកបញ្ឆោត សំដៅទៅលើការបង្រៀនដែលពោរពេញដោយការបំភាន់ ។
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ១៩១០–២០០៨ ) បានថ្លែង ៖
ជាមួយនឹងការបោកបញ្ឆោតដ៏ឈ្លាសវៃជាច្រើន ដែលបន្លំថាជាសេចក្ដីពិត ជាមួយនឹងការបំភាន់ជាច្រើនអំពីបទដ្ឋាន និងគុណតម្លៃ ជាមួយនឹងការធ្វើឲ្យស្រើបស្រាល និងការរំភើបក្នុងការទទួលយកនូវស្នាមប្រឡាក់បន្តិចម្ដងៗនៃពិភពលោក នោះយើងមានអារម្មណ៍បំផុសថា ត្រូវព្រមាន និងហាមទុកជាមុន ។ នៅក្នុងការជួយជ្រោមជ្រែងដល់កិច្ចការនេះ ឥឡូវនេះ យើងជាគណៈប្រធានទីមួយ និងក្រុមប្រឹក្សានៃពួកសាវកដប់ពីរនាក់ សូមចេញនូវការប្រកាសមួយដល់សមាជិកសាសនាចក្រ និងដល់ពិភពលោក ទុកជាការប្រកាស និងការបញ្ជាក់សាជាថ្មីមួយអំពីបទដ្ឋាន គោលលទ្ធិ និងការអនុវត្តទាំងឡាយដែលទាក់ទងទៅនឹងក្រុមគ្រួសារ ដែលពួកព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈនៃសាសនាចក្រនេះ បានថ្លែងម្ដងហើយម្ដងទៀតទូទាំងប្រវត្តិសាស្ត្រសាសនាចក្រ ។ ( ហ្គរដុន ប៊ី ហ៊ិងគ្លី « Stand Strong against the Wiles of the World » Ensign ខែវិច្ឆិកា ឆ្នាំ១៩៩៥ ទំព័រ ១០០ )
-
តើអ្វីលេចធ្លោចំពោះអ្នកអំពីមូលហេតុដែលបានចេញការប្រកាសអំពីក្រុមគ្រួសារនេះ ?
សូមអាន កថាខណ្ឌទី ១–៣ នៃការប្រកាសអំពីក្រុមគ្រួសារ ដោយស្វែងរកអ្វីដែលព្រះបានបង្រៀនអំពីប្រធានបទនេះមួយចំនួននៅលើក្ដារខៀន ។
សូមផ្ដោតលើសេចក្តីពិតដែលនាំទៅរកការប្រែចិត្តជឿ និងស្ថាបនាសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ៖ សកម្មភាពខាងក្រោមនេះផ្ដល់ជាយោបល់មួយសម្រាប់សិស្សដើម្បីបញ្ជាក់ពីគោលការណ៍នៃការប្រែចិត្តជឿដែលពួកគេស្វែងយល់ ។ សម្រាប់ជាជំនួយដើម្បីបង្រៀនការណ៍នេះ សូមមើលការបំពាក់បំប៉នដែលមានចំណងជើងថា « ផ្តោតលើសេចក្តីពិតដែលដឹកនាំទៅរកការផ្លាស់ប្រែចិត្តជឿ និងស្ថាបនាសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ » នៅក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន ៖ បង្រៀនគោលលទ្ធិ ។ សូមពិចារណាអនុវត្តជំនាញ « សួរសំណួរដែលជួយសិស្សឲ្យរកឃើញ និងថ្លែងនូវគោលការណ៍នៃការប្រែចិត្តជឿ » ។
សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរសេចក្ដីពិតដែលពួកគេរកឃើញនៅជាប់នឹងប្រធានបទដែលទាក់ទងនៅលើក្ដារខៀន ។ ពួកគេក៏អាចចែកចាយពីរបៀបដែលសេចក្តីពិតដែលពួកគេបានសរសេរអាចជួយរៀបរាប់ពីប្រធានបទដែលទាក់ទង ។
ខាងក្រោមនេះគឺជាសេចក្តីពិតមួយចំនួនដែលសិស្សអាចលើកឡើង ៖
-
ក្រុមគ្រួសារគឺមានសារៈសំខាន់ចំពោះផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។
-
ភេទប្រុសស្រីគឺជាលក្ខណៈពិសេសនៃអត្តសញ្ញាណ និងគោលបំណងរបស់បុគ្គលម្នាក់ៗ ។
-
ផែនការរបស់ព្រះអនុញ្ញាតឲ្យទំនាក់ទំនងក្រុមគ្រួសារបន្តហួសពីសេចក្ដីស្លាប់ ។
ការណ៍នេះអាចជាឱកាសដ៏ល្អសម្រាប់សិស្សក្នុងការចែកចាយការយល់ដឹង ឬលើកឡើងនូវសំណួរដែលពួកគេមាន ។
ផ្នែកទាំងបីខាងក្រោមនៃមេរៀនបង្ហាញពីសេចក្តីពិតនីមួយៗខាងលើ ។ អាស្រ័យលើពេលវេលាដែលមាន និងតម្រូវការរបស់សិស្សអ្នក សូមជ្រើសរើសសេចក្តីពិតទាំងនេះមួយ ឬច្រើនដើម្បីផ្តោតលើ ។ ឬអ្នកអាចសិក្សាពីសេចក្តីពិតផ្សេងទៀតដែលអាចដោះស្រាយសំណួរ និងតម្រូវការរបស់សិស្សបានកាន់តែប្រសើរ ។
១. ក្រុមគ្រួសារគឺមានសារៈសំខាន់ចំពោះផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។
សូមពិចារណាបែងចែកសិស្សជាក្រុមគូៗ ។ សូមអញ្ជើញដៃគូឲ្យឆ្លាស់វេនគ្នារយៈពេលមួយនាទីដើម្បីចែកចាយអ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបានអំពីផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។ សូមលើកទឹកចិត្តសិស្សឲ្យពិចារណាពីជីវិតមុនផែនដី ជីវិតរមែងស្លាប់ និងជីវិតក្រោយពីជីវិតនេះ ។
-
តើគ្រួសារជាផ្នែកដ៏សំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌ក្នុងជីវិតមុនផែនដីដោយរបៀបណា ? ចុះក្នុងជីវិតរមែងស្លាប់ ? ចុះនៅក្នុងជីវិតក្រោយពីជីវិតនេះ ?
-
ប្រសិនបើសាតាំងដឹងការណ៍នេះអំពីគ្រួសារ តើអ្នកគិតថា វាឆ្លើយតបនឹងសេចក្ដីពិតអំពីគ្រួសារដោយរបៀបណា ?
ដើម្បីជួយសិស្សឲ្យយល់បន្ថែមអំពីមូលហេតុដែលគ្រួសារជាផ្នែកដ៏សំខាន់នៃផែនការរបស់ព្រះ សូមពិចារណាអញ្ជើញពួកគេឲ្យស្វែងរកបទគម្ពីរនៅក្រោម « គ្រួសារ » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ។ លើសពីនេះ អ្នកអាចចែកចាយសេចក្តីថ្លែងការណ៍ខាងក្រោមឲ្យសិស្សអានរៀងៗខ្លួន ។ សូមគិតពីការលើកទឹកចិត្តសិស្សឲ្យគូសចំណាំផ្នែកនៃសេចក្តីថ្លែងការណ៍ដែលលេចធ្លោសម្រាប់ពួកគេ ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ការដឹងអំពីហេតុអ្វីយើងចាកចេញពីវត្តមានរបស់ព្រះវរបិតាសួគ៌របស់យើង និងអ្វីត្រូវធ្វើដើម្បីត្រឡប់ទៅវិញ ហើយបានតម្កើងឡើងជាមួយទ្រង់ នោះវាបានបង្ហាញយ៉ាងច្បាស់ថា គ្មានអ្វីដែលពេលវេលានៅលើផែនដីរបស់យើង អាចសំខាន់ជាងកំណើតខាងសាច់ឈាម និងការកើតជាថ្មីខាងវិញ្ញាណ ដែលទាំងពីរសំខាន់សម្រាប់ជីវិតអស់កល្បជានិច្ចឡើយ ។ …
គ្រួសារដែលស្ថាបនាឡើងនៅលើអាពាហ៍ពិពាហ៍ របស់បុរសម្នាក់ និងស្ត្រីម្នាក់ បង្កើតជាស្ថានភាពដ៏ល្អបំផុតសម្រាប់ផែនការរបស់ព្រះដើម្បីរីកចម្រើន—ស្ថានភាពសម្រាប់កំណើតនៃកូនៗ ដែលកើតមកនៅក្នុងបរិសុទ្ធភាព ហើយស្លូតត្រង់មកពីព្រះ និងជាបរិស្ថានសម្រាប់ការរៀនសូត្រ និងការរៀបចំខ្លួន ដែលពួកគេនឹងត្រូវការសម្រាប់មានជីវិតរមែងស្លាប់ដ៏ជោគជ័យ និងជីវិតអស់កល្បជានិច្ចនៅក្នុងពិភពលោកខាងមុខ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « Why Marriage, Why Family » Liahona ខែឧសភា ឆ្នាំ២០១៥ ទំព័រ ៥១–៥២ )
បន្ទាប់ពីពួកគេមានពេលស្វែងរកបទគម្ពីរ និងសេចក្ដីថ្លែងការណ៍នេះរួចហើយ សិស្សអាចពិភាក្សាសំណួរខាងក្រោមនេះជាគូៗ ឬក្រុមតូចៗ ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីមូលហេតុដែលគ្រួសារជាផ្នែកដ៏សំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌ ?
-
តើអ្នកបានឃើញក្រុមគ្រួសារជួយបុគ្គលម្នាក់ៗរៀបចំខ្លួន « សម្រាប់មានជីវិតរមែងស្លាប់ដ៏ជោគជ័យ និងជីវិតអស់កល្បជានិច្ចនៅក្នុងពិភពលោកខាងមុខ » ដោយរបៀបណា ?
-
តើការបង្រៀនទាំងនេះអាចជួយអ្នកឆ្លើយសំណួរ និងកង្វល់អំពីអាពាហ៍ពិពាហ៍ និងគ្រួសារយ៉ាងដូចម្តេច ?
២. ភេទប្រុសស្រីគឺជាលក្ខណៈពិសេសនៃអត្តសញ្ញាណ និងគោលបំណងរបស់បុគ្គលម្នាក់ៗ ។
សូមពិចារណាផ្តល់ពេលឲ្យសិស្សសិក្សារៀងៗខ្លួននូវប្រភពមួយចំនួនដូចខាងក្រោមនេះ ។ សំណួរខាងក្រោមនេះអាចដឹកនាំពួកគេនៅពេលពួកគេសិក្សា ៖
-
ហេតុអ្វីភេទគឺជាលក្ខណៈពិសេសនៃអត្តសញ្ញាណ និងគោលបំណងរបស់បុគ្គលម្នាក់ៗ ?
-
តើយើងអាចបង្រៀនសេចក្តីពិតអំពីភេទដោយសេចក្តីជំនឿដោយរបៀបណា ខណៈដែលត្រូវចៀសវាងការមិនសមរម្យ ឬការមិនគោរពចំពោះអ្នកដទៃនោះ ?
« និស្ស័យដ៏អស់កល្បជានិច្ច និងគោលបំណងនៃភេទ » ( ឯកសាររៀបចំសម្រាប់ថ្នាក់ គ្រួសារដ៏អស់កល្បជានិច្ច [ ឆ្នាំ២០២២ ] ទំព័រ ២៩–៣៣ ) ( សូមកត់ចំណាំផ្នែកទាំងបីនៃធនធាននេះដែលចាប់ផ្ដើមដោយសំណួរ ) ។
« បុគ្គលប្ដូរភេទ ៖ ការយល់ដឹងអំពីខ្លួនឯង » នៅក្នុងផ្នែក « ជួយដល់ជីវិត » នៃបណ្ណាល័យដំណឹងល្អ
« បុគ្គលប្ដូរភេទ ៖ ការគាំទ្រមនុស្សដទៃ » នៅក្នុងផ្នែក « ជួយដល់ជីវិត » នៃបណ្ណាល័យដំណឹងល្អ
ប្រសិនបើសិស្សមិនអាចចូលប្រើធនធានទាំងនេះទេ សូមពិចារណាធ្វើច្បាប់ចម្លង មេរៀនទី ៧ នៃសៀវភៅសិក្សាថ្នាក់វិទ្យាស្ថាន ឯកសាររៀបចំសម្រាប់ថ្នាក់ គ្រួសារដ៏អស់កល្បជានិច្ច សម្រាប់សិស្សសិក្សានៅក្នុងថ្នាក់ ។
នៅពេលសិស្សមានពេលសិក្សាគ្រប់គ្រាន់ហើយ សិស្សស្ម័គ្រចិត្តអាចចែកចាយការយល់ដឹងដែលពួកគេទទួលបាន ។
ដោយជាផ្នែកនៃការពិភាក្សានេះ សូមពិចារណាចែកចាយសេចក្តីថ្លែងការណ៍ដោយប្រធាន រ័សុល អិម ណិលសុន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ហើយអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលមានអត្ថន័យចំពោះពួកគេ ។
សូមពិចារណាចែកចាយពីរបៀបដែលជីវិតរបស់អ្នកត្រូវបានទទួលពរដោយការមានទស្សនវិស័យដ៏អស់កល្បមួយអំពីអត្តសញ្ញាណ និងគោលបំណងរបស់អ្នក ។
៣. ផែនការរបស់ព្រះជួយឲ្យទំនាក់ទំនងគ្រួសារបន្តបន្ទាប់ពីសេចក្តីស្លាប់ ។
មុនពេលសិស្សអានវគ្គបទគម្ពីរខាងក្រោមនេះ អ្នកអាចប្រាប់ពួកគេអំពីនរណាម្នាក់ដែលអ្នកស្គាល់ដែលបានពុះពារឆ្លងកាត់ការស្លាប់របស់សមាជិកគ្រួសារម្នាក់ ។ ឬអ្នកអាចអញ្ជើញសិស្សឲ្យគិតអំពីនរណាម្នាក់ដែលពួកគេស្គាល់ ដែលបានស៊ូទ្រាំនឹងការស្លាប់របស់សមាជិកគ្រួសារ ។
សូមអាន កូរិនថូស ទី១ ១៥:២២ និង គោលលទ្ធិ និងសេចក្តីសញ្ញា ១៣០:២ ដោយរកមើលថាតើសេចក្តីសង្ឃឹមអ្វីដែលអាចរកបានដោយសារតែព្រះយេស៊ូវគ្រីស្ទ នៅពេលមនុស្សជាទីស្រឡាញ់បានស្លាប់ ។
-
តើសេចក្ដីពិតនៃផែនការរបស់ព្រះនៅក្នុងខគម្ពីរទាំងនេះអាចផ្តល់កម្លាំងដល់នរណាម្នាក់ដែលរងការបាត់បង់បែបនេះដោយរបៀបណា ?
-
តើការបង្រៀននៅកថាខណ្ឌទីបីនៃការប្រកាសអំពីក្រុមគ្រួសារអាចជះឥទ្ធិពលដល់មនុស្សម្នាក់ដែលរងការបាត់បង់មនុស្សជាទីស្រឡាញ់ដោយរបៀបណា ?
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីលក្ខណៈដ៏អស់កល្បនៃគ្រួសារនៅក្នុងផែនការរបស់ព្រះ អ្នកអាចបង្ហាញវីដេអូ « Plan of Salvation—We’re Still a Family » ( ៤:៤៧ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមពិចារណាអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីគ្រួសារបានជះឥទ្ធិពលដល់យុវជនរូបនេះ ។
សេចក្ដីបញ្ចប់
ដើម្បីបញ្ចប់មេរៀននេះ អ្នកអាចអញ្ជើញសិស្សឲ្យជញ្ជឹងគិតដោយស្ងាត់ស្ងៀម ហើយកត់ត្រាចម្លើយរបស់ពួកគេចំពោះសំណួរដូចខាងក្រោមនេះ ។ សិស្សស្ម័គ្រចិត្តអាចចែកចាយអ្វីដែលពួកគេបានសរសេរ ។
-
តើអ្នកបានរៀនអ្វីខ្លះនៅថ្ងៃនេះ ដែលបានជួយអ្នកមានអារម្មណ៍កាន់តែជិតស្និទ្ធនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីសារៈសំខាន់នៃគ្រួសារនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ?