« មេរៀនទី ៩០—គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៩–៨០ ៖ ប្រកាសប្រាប់ពីដំណឹងដ៏រីករាយនៃសេចក្ដីអំណរដ៏ធំ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៩–៨០ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៩០ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៧៧–៨០
គោលលទ្ធិ និងសេចក្តីសញ្ញា ៧៩–៨០
« ប្រកាសប្រាប់ពីដំណឹងដ៏រីករាយនៃសេចក្ដីអំណរដ៏ធំ »
នៅពេលពួកបរិសុទ្ធដំបូងបានទទួលយកសារលិខិតនៃការស្ដារឡើងវិញ ពួកគេមានបំណងប្រាថ្នាដ៏អស្ចារ្យដើម្បីចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃ ។ អ្នកខ្លះចែកចាយជំនឿរបស់ពួកគេជាមួយសមាជិកគ្រួសារ និងមិត្តភក្តិ ។ អ្នកផ្សេងទៀតបានឆ្លើយតបនឹងការហៅពីព្រះអង្គសង្គ្រោះឲ្យបម្រើបេសកកម្ម ។ មេរៀននេះមានគោលបំណងជួយសិស្សឲ្យចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះពេញមួយជីវិតរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ឱកាសដើម្បីចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ
ជួយសិស្សឲ្យស្វែងរកឱកាសដើម្បីចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាអញ្ជើញសិស្សឲ្យអានសេចក្តីថ្លែងការណ៍នេះ និងពិភាក្សាសំណួរខាងក្រោមនេះជាគូៗ ឬជាក្រុមតូចៗ ។
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយ ៖
មិនថាបងប្អូននៅកន្លែងណាលើផែនដីនេះទេ មានឱកាសច្រើនរាប់មិនអស់ដើម្បីចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជាមួយមនុស្សដែលបងប្អូនជួប សិក្សាជាមួយ រស់នៅ ឬធ្វើការជាមួយ និងប្រាស្រ័យទាក់ទងជាមួយ ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Missionary Work: Sharing What Is in Your Heart » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៥ )
-
តើបទពិសោធន៍អ្វីខ្លះដែលអ្នកបានចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ?
-
តើឱកាសអ្វីខ្លះដើម្បីចែកចាយដំណឹងល្អដែលអ្នកគិតថាអ្នកនឹងមានពេញមួយជីវិតរបស់អ្នក ?
-
តើអ្នកមានទំនុកចិត្តប៉ុនណាទៅលើសមត្ថភាពរបស់អ្នកក្នុងការចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ? តើអ្វីអាចធ្វើឲ្យពិបាកក្នុងការចែកចាយដំណឹងល្អ ?
សូមអញ្ជើញសិស្សឲ្យស្វែងរកនរណាម្នាក់ដែលពួកគេអាចចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជាមួយដោយការអធិស្ឋាន ។ ប្រសិនបើសិស្សត្រូវបានអញ្ជើញឲ្យបំពេញសកម្មភាពរៀបចំ ពួកគេប្រហែលជាមាននរណាម្នាក់នៅក្នុងចិត្តរួចទៅហើយ ។ សូមអញ្ជើញសិស្សឲ្យសរសេរឈ្មោះបុគ្គលទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ ឬប្រសិនបើមិននឹកឃើញនរណាម្នាក់ទេ សូមអញ្ជើញពួកគេឲ្យបន្តឱកាសជញ្ជឹងគិត ដែលពួកគេអាចនឹងត្រូវចែកចាយដំណឹងល្អជាមួយអ្នកដទៃ ។ សូមលើកទឹកចិត្តសិស្សឲ្យស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធពេញមួយបទពិសោធន៍សិក្សានេះ ។
ដំណឹងល្អពីសេចក្ដីអំណរយ៉ាងអស្ចារ្យ
នៅក្នុងវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៧៩–៨០ ព្រះអង្គសង្គ្រោះបានហៅបុគ្គលបីនាក់ឲ្យបម្រើបេសកកម្ម ៖ យ៉ារេឌ ខារតើរ, ស្ទេផាន ប៊ើរណែត និង អេដែន ស៊្មីធ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៩:១ ។ សូមរកមើលពីរបៀបដែលព្រះអម្ចាស់បានពិពណ៌នាអំពីសារលិខិតដែលទ្រង់បានបង្គាប់ឲ្យ យ៉ារេឌ ខារតើរ ចែកចាយជាមួយអ្នកដទៃ ។
-
តើពាក្យអ្វីខ្លះដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ពីខគម្ពីរនេះ ? តើព្រះអង្គសង្រ្គោះបានអញ្ជើញយើងឲ្យធ្វើអ្វីខ្លះ ?
សូមជួយសិស្សយល់ថា ព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងឲ្យចែកចាយអំណរនៃដំណឹងល្អរបស់ទ្រង់ជាមួយមនុស្សគ្រប់គ្នា ។ សូមពិចារណាសរសេរ ដំណឹងដ៏រីករាយមួយពីសេចក្ដីអំណរយ៉ាងអស្ចារ្យ នៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យរៀបរាប់ពីអ្វីដែលពួកគេដឹងអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ដែលនាំមកនូវអំណរដ៏អស្ចារ្យដល់ពួកគេ ។
សូមគិតអំពីជីវិតរបស់បុគ្គលដែលអ្នកសរសេរឈ្មោះនៅដើមមេរៀននេះ ។ សូមកត់ត្រានៅជាប់ឈ្មោះរបស់ពួកគេពីរបៀបដែលអ្នកគិតថា « ដំណឹងដ៏រីករាយ » នៃដំណឹងល្អអាចនាំពួកគេឲ្យមានអំណរ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៧៩–៨០ មានការបង្រៀនពីព្រះអង្គសង្គ្រោះ ដែលអាចជួយសិស្សក្នុងការខិតខំរបស់ពួកគេដើម្បីចែកចាយដំណឹងល្អ ។ សូមពិចារណាពីរបៀបដែលអ្នកអាចជួយពួកគេឲ្យរកឃើញការបង្រៀនទាំងនេះ ។ សកម្មភាពខាងក្រោមគឺជារបៀបមួយដែលអ្នកអាចធ្វើវាបាន ។ វាអាចត្រូវបានកែសម្រួលដើម្បីបំពេញតម្រូវការរបស់សិស្សរបស់អ្នក ។
សូមផ្ដល់សំណៅចែកដែលមានចំណងជើងថា « ប្រកាសដំណឹងល្អរបស់យើង » ដល់សិស្សម្នាក់ៗ ។ ឬអញ្ជើញសិស្សឲ្យបង្កើតគំនូសតាងស្រដៀងគ្នានៅលើសន្លឹកក្រដាសស ហើយផ្តល់ការណែនាំដល់ពួកគេសម្រាប់ប្រអប់នីមួយៗ ។
ប្រកាសដំណឹងល្អរបស់យើង
ប្រកាសដំណឹងល្អរបស់យើង
នៅពេលអ្នកធ្វើសកម្មភាពនេះ សូមរកមើលការបង្រៀនពីព្រះយេស៊ូវគ្រីស្ទ ដែលអាចជួយអ្នកក្នុងការខិតខំរបស់អ្នកដើម្បីចែកចាយអំណរនៃដំណឹងល្អរបស់ទ្រង់ ។
សូមអានវគ្គបទគម្ពីរ ហើយបំពេញការណែនាំនៅក្នុងប្រអប់បួនជ្រុងនីមួយៗ ។ ប្រសិនបើអ្នកត្រូវការកន្លែងច្រើនទៀត អ្នកអាចប្រើផ្នែកបញ្ច្រាសនៃសំណៅចែកនោះ ។
|
គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៩:២ សូមសរសេរខគម្ពីរនេះឡើងវិញតាមពាក្យសម្ដីរបស់អ្នក ។ |
គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៩:៣ គូរតំណាងនៃខគម្ពីរនេះ ។ ( កណ្ដាប់ស្រូវគឺជាបាច់នៃគ្រាប់ធញ្ញជាតិ ហើយជានិមិត្តរូបនៃមនុស្សដែលទទួលយកដំណឹងល្អ ) ។ |
|
គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៩:៤ សរសេរអ្វីដែលអ្នកជឿថាជាពាក្យ ឬឃ្លាដ៏សំខាន់បំផុតនៅក្នុងខគម្ពីរនេះ និងការពន្យល់ខ្លីៗអំពីមូលហេតុដែលអ្នកមានអារម្មណ៍ថា វាសំខាន់ក្នុងការចែកចាយដំណឹងល្អ ។ |
គោលលទ្ធិ និងសេចក្តីសញ្ញា ៨០:១ សូមស្វែងរកវគ្គចំណេះចំណានខាងគោលលទ្ធិ ឬបទគម្ពីរផ្សេងទៀតដែលទាក់ទងនឹងខគម្ពីរនេះ ។ សូមសរសេរសេចក្តីយោងនៅក្នុងប្រអប់បួនជ្រុងនេះ ។ |
|
គោលលទ្ធិ និងសេចក្ដីសញ្ញា ៨០:២ សូមសរសេរហេតុផលមួយដែលអ្នកគិតថាព្រះអម្ចាស់ប្រទានដៃគូពួកអ្នកផ្សព្វផ្សាយសាសនា ។ |
គោលលទ្ធិ និងសេចក្ដីសញ្ញា ៨០:៣ សូមសរសេរពីរបៀបដែលអ្នកមានអារម្មណ៍ថា ខគម្ពីរនេះអាចទាក់ទងនឹងការខិតខំរបស់យើងផ្ទាល់ ដើម្បីចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ |
|
គោលលទ្ធិ និងសេចក្ដីសញ្ញា ៨០:៤ សូមសរសេរអ្វីមួយដែលអ្នកបានឮ ជឿ ឬដឹងថាជាការពិតអំពីព្រះយេស៊ូវគ្រីស្ទ ឬដំណឹងល្អរបស់ទ្រង់ ។ សូមបញ្ចូលមូលហេតុដែលសេចក្តីពិតនោះអាចមានតម្លៃសម្រាប់អ្នកដទៃដើម្បីស្តាប់ ។ |
គោលលទ្ធិ និងសេចក្តីសញ្ញា ៨០:៥ សូមអានខគម្ពីរនេះ ហាក់ដូចជាកំពុងនិយាយដោយផ្ទាល់ទៅកាន់អ្នក ។ សូមសរសេរពីរបៀបដែលការដឹងថា ព្រះអង្គសង្គ្រោះបានត្រាស់ហៅអ្នកឲ្យចែកចាយដំណឹងល្អអាចផ្តល់ឲ្យអ្នកនូវទំនុកចិត្តដើម្បីធ្វើដូច្នេះ ។ |
មធ្យោបាយដែលអាចធ្វើទៅបានក្នុងការប្រើប្រាស់សំណៅចែកនេះគឺដើម្បីកំណត់ជាមុនថាតើសិស្សត្រូវចំណាយពេលប៉ុន្មានដើម្បីបំពេញសកម្មភាពនីមួយៗ ។ សូមជូនដំណឹងដល់សិស្សអំពីពេលវេលាដែលផ្ដល់ឲ្យពួកគេ ដើម្បីបំពេញសកម្មភាពនៅក្នុងប្រអប់នីមួយៗ ហើយដាក់ម៉ោងកំណត់ ។ រាល់ពេលដែលម៉ាស៊ីនកំណត់ម៉ោងបន្លឺឡើង សូមណែនាំពួកគេឲ្យហុចក្រដាសរបស់ពួកគេទៅសិស្សម្នាក់ទៀត អានអ្វីដែលមិត្តរួមថ្នាក់របស់ពួកគេបានសរសេរ ហើយធ្វើសកម្មភាពនៅក្នុងប្រអប់បន្ទាប់ ។
បន្ទាប់ពីសកម្មភាពនេះ សូមណែនាំសិស្សឲ្យប្រគល់ក្រដាសទៅម្ចាស់ដើមវិញ ។ សូមអញ្ជើញសិស្សឲ្យអានខ្លួនឯងនូវអ្វីគ្រប់យ៉ាងដែលបានសរសេរនៅលើក្រដាសរបស់ពួកគេ ។ សិស្សអាចចែកចាយការយល់ដឹងពីមិត្តរួមថ្នាក់ ឬការសិក្សារបស់ពួកគេផ្ទាល់ដែលពួកគេមានអារម្មណ៍ថានឹងជួយក្នុងការខិតខំរបស់ពួកគេដើម្បីចែកចាយអំណរនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
ចែកចាយនូវអ្វីដែលយើងបានឮ ជឿ និងដឹងថាជាការពិត
សូមពិចារណាមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨០:៤ ។ នៅក្នុងខគម្ពីរនេះ ព្រះអម្ចាស់សុំឲ្យយើងចែកចាយអ្វីដែលយើងបានឮ ជឿ និងដឹងថាជាការពិត ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយនូវអ្វីដែលពួកគេ ឬមិត្តរួមថ្នាក់បានសរសេរនៅក្នុងប្រអប់បួនជ្រុងនោះ ។
ដើម្បីជួយសិស្សឲ្យមើលឃើញពីរបៀបដែលពួកគេអាចប្រើអ្វីដែលពួកគេបានរៀនដើម្បីចែកចាយដំណឹងល្អ សូមពិចារណាអំពីការចែកចាយឧទាហរណ៍ដោយមានជារឿង ឬវីដេអូ ។ វីដេអូមួយគឺ « Good Things to Share » ( ២:២១ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើអ្នកមានអារម្មណ៍អ្វីនៅថ្ងៃនេះ ដែលបានបង្កើនបំណងប្រាថ្នារបស់អ្នកក្នុងការចែកចាយអំណរនៃដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ?
-
តើមានវិធីអ្វីខ្លះដែលអ្នកអាចអនុវត្តសេចក្តីពិតដែលអ្នកបានរៀននៅថ្ងៃនេះពេញមួយជីវិតរបស់អ្នក ?
សូមអញ្ជើញសិស្សឲ្យកត់ត្រាចំណាប់អារម្មណ៍ដែលពួកគេបានទទួល ដែលអាចជួយពួកគេចែកចាយអំណរនៃដំណឹងល្អរបស់ព្រះអង្គសង្គ្រោះជាមួយបុគ្គលដែលពួកគេបានកំណត់នៅពេលចាប់ផ្ដើមថ្នាក់ ។ លើកទឹកចិត្តសិស្សឲ្យធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេ និងចែកចាយជំនឿរបស់ពួកគេជាមួយអ្នកដទៃតាមរបៀបដ៏មានអត្ថន័យ ដូចជាតាមរយៈការសន្ទនាផ្ទាល់ខ្លួន សារជាអក្សរ ឬនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។