« មេរៀនទី ៨៩—គោលលទ្ធិ និងសេចក្តីសញ្ញា ៧៨ ៖ ក្រឹត្យវិន័យរបស់ព្រះអម្ចាស់ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៧៨ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៨៩ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៧៧–៨០
គោលលទ្ធិ និងសេចក្តីសញ្ញា ៧៨
ឃ្លាំងរបស់ព្រះអម្ចាស់
ព្រះអម្ចាស់បានបង្គាប់ដល់ យ៉ូសែប ស៊្មីធ, ស៊ីឌនី រិកដុន, នូវែល ឃេ វីតនី និងសង្ឃជាន់ខ្ពស់ដទៃទៀតឲ្យរៀបចំពួកគេជាក្រុមដែលហៅថា សហក្រុម ។ ក្រុមនេះបានគ្រប់គ្រងទ្រព្យសម្បត្តិរបស់សាសនាចក្រ ឃ្លាំង និងកិច្ចខិតខំប្រឹងប្រែងបោះពុម្ព និងផ្តល់ធនធានដើម្បីជួយបំពេញតម្រូវការខាងសាច់ឈាមរបស់ពួកបរិសុទ្ធ ។ មេរៀននេះអាចជួយសិស្សបង្កើនបំណងប្រាថ្នារបស់ពួកគេដើម្បីប្រែក្លាយដូចជាព្រះអង្គសង្គ្រោះដោយការមើលថែអ្នកដែលខ្វះខាត ។
សកម្មភាពរៀនសូត្រដែលអាចមាន
សហក្រុម
វិធីមួយដើម្បីចាប់ផ្តើមមេរៀននេះគឺតាមរយៈការជួយសិស្សបង្កើតសាច់រៀងអំពីគ្រួសារមួយដែលមានតម្រូវការខាងសាច់ឈាម ។ ជាផ្នែកនៃសាច់រឿងនោះ រួមបញ្ចូលការលំបាកផ្នែកហិរញ្ញវត្ថុដែលគ្រួសារនោះកំពុងជួបប្រទះ និងតម្រូវការជាក់លាក់ដែលពួកគេមាន ។ សាច់រឿងនេះនឹងត្រូវមើលនៅពេលក្រោយនៅក្នុងមេរៀននេះ ។
សូមពន្យល់ថា សិស្សនឹងរៀនបន្ថែមទៀតអំពីរបៀបដែលព្រះអម្ចាស់ជួយយើងមើលថែអ្នកដែលខ្វះខាត នៅពេលពួកគេសិក្សា គោលលទ្ធិ និងសេចក្តីសញ្ញា ៧៨ ។ សូមអញ្ជើញសិស្សឲ្យស្វែងរកវិវរណៈ ដើម្បីដឹងថានរណាដែលព្រះអម្ចាស់អាចចង់ឲ្យពួកគេជួយ និងអ្វីដែលពួកគេអាចធ្វើបាន ។
នៅថ្ងៃទី ១ ខែ មីនា ឆ្នាំ ១៨៣២ ព្យាការី យ៉ូសែប ស៊្មីធ បានជួបជាមួយនឹងក្រុមសង្ឃជាន់ខ្ពស់នៅក្រុង ខឺតឡង់ រដ្ឋអូហៃអូ ។ ក្នុងការប្រជុំនោះ ព្យាការីបានសរសេរវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៨ ។ ក្រោយមក សហក្រុម ត្រូវបានបង្កើតឡើង ។ ដោយផ្អែកលើក្រឹត្យវិន័យនៃការថ្វាយ នោះសហក្រុមបានគ្រប់គ្រងទ្រព្យសម្បត្តិរបស់សាសនាចក្រ កិច្ចខិតខំប្រឹងប្រែងផ្នែកហិរញ្ញវត្ថុ និងកិច្ចខិតខំប្រឹងប្រែងផ្នែកបោះពុម្ពនៅរដ្ឋអូហៃអូ និង មិសសួរី ។ តាមរយៈសហក្រុមនេះ ព្រះអម្ចាស់បានបង្កើតឃ្លាំងមួយដើម្បីមើលថែដល់អ្នកដែលខ្វះខាត ហើយ យ៉ូសែប ស៊្មីធ ស៊ីឌនី រិកដុន និង នូវែល ឃេ វីតនី ត្រូវបានណែនាំឲ្យធ្វើដំណើរទៅរដ្ឋមិសសួរី ( ស៊ីយ៉ូន ) ដើម្បីរៀបចំវាឡើង ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៧៨:១–៦ ដោយរកមើលពីមូលហេតុដែលព្រះអម្ចាស់ចង់ឲ្យអ្នកបម្រើរបស់ទ្រង់រៀបចំខ្លួនតាមរបៀបនេះ ។
-
តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះអំពីបំណងប្រាថ្នារបស់ព្រះអម្ចាស់សម្រាប់ប្រជារាស្រ្តរបស់ទ្រង់ ។
-
តើអ្នកគិតថា ហេតុអ្វីបានជាការមើលថែដល់ជនក្រីក្រគឺជាតម្រូវការ « ដើម្បីបន្តគតិតទៅទៀត » ពីស៊ីយ៉ូន ? តើវាអាចនាំសិរីល្អដល់ព្រះវរបិតាសួគ៌ដោយរបៀបណា ?
ឃ្លាំងរបស់ព្រះអម្ចាស់
សូមពិចារណាយកប្រអប់មួយទៅថ្នាក់ ហើយដាក់ស្លាកប្រអប់នេះថា « ឃ្លាំងរបស់ព្រះអម្ចាស់ » ។ សូមសួរសិស្សថា ពួកគេគិតថាតើអ្វីទៅជាឃ្លាំងរបស់ព្រះអម្ចាស់ ។ អ្នកអាចនឹងចង់អញ្ជើញប៊ីស្សព ឬប្រធានសាខាដើម្បីពិភាក្សាអំពីរបៀបដែលឃ្លាំងរបស់ព្រះអម្ចាស់ដំណើរការនៅតំបន់របស់អ្នក ។
សូមអាននិយមន័យខាងក្រោមអំពីឃ្លាំងរបស់ព្រះអម្ចាស់ ដោយរកមើលពីរបៀបដែលព្រះអង្គសង្គ្រោះជួយអ្នកដែលខ្វះខាត ។
ធនធានទាំងអស់ដែលមាននៅក្នុងសាសនាចក្រដើម្បីជួយសមាជិកដែលមានតម្រូវការខាងសាច់ឈាម ត្រូវបានហៅថាឃ្លាំងរបស់ព្រះអម្ចាស់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨២:១៨–១៩ ) ។ ធនធានទាំងនេះរួមមានទាំងការផ្ដល់ពេលវេលា ទេពកោសល្យ សេចក្ដីមេត្តាករុណា សម្ភារ និងធនធានខាងហិរញ្ញវត្ថុរបស់សមាជិកដើម្បីជួយដល់ជនទ័លក្រ ។
ឃ្លាំងរបស់ព្រះអម្ចាស់មាននៅក្នុងវួដ និងស្ដេកនីមួយៗ ។ ជារឿយៗ ថ្នាក់ដឹកនាំអាចជួយបុគ្គលម្នាក់ៗ និងក្រុមគ្រួសារឲ្យស្វែងរកដំណោះស្រាយចំពោះសេចក្ដីត្រូវការនានា ដោយផ្អែកទៅលើចំណេះដឹង ជំនាញ និងការបម្រើដែលផ្ដល់ឲ្យដោយសមាជិកវួដ និងស្ដេក ។ ( ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ២២.២.១ នៅលើគេហទំព័រ ChurchofJesusChrist.org )
សូមពិភាក្សាពីរបៀបជាក់លាក់ដែលយុវវ័យអាចចូលរួមចំណែកក្នុងឃ្លាំងរបស់ព្រះអម្ចាស់ ( ដែលជា ពេលវេលា ទេពកោសល្យ សេចក្តីមេត្តាករុណា សម្ភារ ធនធានហិរញ្ញវត្ថុ ) ។ សូមចែកក្រដាសឲ្យសិស្ស ។ សូមឲ្យសិស្សសរសេរយ៉ាងហោចណាស់រឿងជាក់លាក់មួយ ដែលពួកគេអាចរួមចំណែកដោយផ្ទាល់ដល់ឃ្លាំងរបស់ព្រះអម្ចាស់ ហើយបន្ទាប់មកដាក់ក្រដាសរបស់ពួកគេក្នុងប្រអប់នោះ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យដករបស់របរចេញពីឃ្លាំង ហើយដឹកនាំការពិភាក្សាអំពីរបៀបដែលការរួមចំណែកជាក់លាក់អាចជួយគ្រួសារនៅក្នុងសាច់រឿងដែលថ្នាក់បានបង្កើត ។ សូមធ្វើសកម្មភាពនេះឡើងវិញពីរបីដង ។
សេចក្តីថ្លែងការណ៍ខាងក្រោមគឺមានបំណងឲ្យសិស្សគិតអំពីរឿងនោះដោយខ្លួនពួកគេផ្ទាល់ ។
សូមគិតថាតើអ្នកលះបង់ប៉ុនណាក្នុងការចូលរួមចំណែកពេលវេលា ទេពកោសល្យ និងធនធានរបស់អ្នកដើម្បីជួយអស់អ្នកដែលខ្វះខាត ( លះបង់ខ្លាំង លះបង់បន្តិចបន្តួច ឬមិនលះបង់ទេ ) ។
សូមលើកទឹកចិត្តសិស្សឲ្យស្វែងរកការបំផុសគំនិតតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយពួកគេឲ្យមានអារម្មណ៍ថាមានឆន្ទៈបន្ថែមទៀតក្នុងការជួយអ្នកដែលខ្វះខាត ព្រមទាំងដឹងពីវិធីដែលពួកគេអាចរួមចំណែកដល់ឃ្លាំងរបស់ព្រះអម្ចាស់ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៧៨:៧–៨, ១៤–១៥ ដោយរកមើលពរជ័យដែលព្រះអម្ចាស់បានសន្យា ។
-
តើពរជ័យទាំងនេះអាចមានឥទ្ធិពលលើអ្នក និងមនុស្សដែលអ្នកស្គាល់ដោយរបៀបណា ?
-
តើព្រះអម្ចាស់បានសន្យាអ្វីខ្លះដល់អស់អ្នកដែលមើលថែអ្នកខ្វះខាត ?
សូមជួយសិស្សស្វែងរកសេចក្តីពិតដូចតទៅនេះ ៖ ការមើលថែដល់ជនក្រីក្រ និងជនខ្វះខាតជួយយើងឲ្យរៀបចំខ្លួនសម្រាប់កន្លែងមួយនៅនគរសេឡេស្ទាល ។
ម៉ាថាយ ២៥:៣១–៤០ អាចប្រើប្រាស់ដើម្បីជួយសិស្សឲ្យយល់អំពីគោលការណ៍នេះ ។
-
តើអ្នកគិតថា ការមើលថែដល់អស់អ្នកដែលខ្វះខាតជួយរៀបចំយើងឲ្យគ្រងនគរសេឡេស្ទាលដោយរបៀបណា ?
-
តើព្រះអង្គសង្រ្គោះគឺជាគំរូនៃការមើលថែដល់អស់អ្នកដែលខ្វះខាតដោយរបៀបណា ?
-
តើមនុស្សម្នាក់អាចបង្កើនបំណងប្រាថ្នារបស់ពួកគេដើម្បីស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះអ្នកដែលខ្វះខាត ដូចព្រះអង្គសង្គ្រោះធ្វើដោយរបៀបណា ?
អ្វីដែលយើងអាចធ្វើ
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៧៨:១៧–២២ ដោយស្វែងរកពាក្យគន្លឹះ ឬឃ្លាដែលអាចជួយយើងធ្វើតាមព្រះអង្គសង្គ្រោះ ។
ដើម្បីជួយសិស្សឲ្យចូលរួមក្នុងការពិភាក្សា អ្នកអាចបង្ហាញសំណួរខាងក្រោម ហើយអនុញ្ញាតឲ្យសិស្សគិតអំពីរបៀបដែលពួកគេនឹងឆ្លើយ ។ អ្នកអាចជ្រើសរើសសិស្សដោយព្រាវៗដើម្បីឆ្លើយដោយសួរនរណាម្នាក់ឲ្យជ្រើសរើសខែនៃឆ្នាំ ។ សិស្សដែលស្ម័គ្រចិត្តដែលកើតនៅក្នុងខែនោះអាចជ្រើសរើសសំណួរដើម្បីឆ្លើយ ប៉ុន្តែមិនគួរមានអារម្មណ៍ថា ត្រូវបង្ខំឲ្យចូលរួមនោះទេ ។
ជួយសិស្សម្នាក់ៗឲ្យចូលរួមចំណែកនៅក្នុងការរៀនសូត្រ ៖ សម្រាប់ការអនុវត្តបន្ថែមទៀត សូមមើលការបំពាក់បំប៉នដែលមានចំណងជើងថា « បង្កើតបរិយាកាសមួយ ដែលមនុស្សទាំងអស់ទទួលបានការគោរព ហើយដឹងថា ការរួមចំណែករបស់ពួកគេមានតម្លៃ » ដែលមាននៅក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន ៖ ស្រឡាញ់អស់អ្នកដែលអ្នកបង្រៀន ។ សូមពិចារណាអនុវត្តជំនាញនេះដោយការប្រាស្រ័យទាក់ទងថាអ្នកឲ្យតម្លៃសិស្ស មុនពេលពួកគេបញ្ចេញមតិ ឬនៅពេលពួកគេលើកដៃរបស់ពួកគេដើម្បីបញ្ចេញមតិ ។
-
តើពាក្យ ឬឃ្លាណាខ្លះដែលមានប្រយោជន៍បំផុតសម្រាប់អ្នក ? ហេតុអ្វី ?
-
តើអ្នកបានរកឃើញអ្វីខ្លះដែលអាចជួយយើងឲ្យគោរពប្រតិបត្តិតាមការបញ្ជារបស់ព្រះអង្គសង្គ្រោះក្នុងការមើលថែដល់អ្នកដែលខ្វះខាត ?
-
តើអ្នកបានរកឃើញអ្វីដែលឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ព្រះអង្គសង្គ្រោះឲ្យយើងក្លាយដូចជាទ្រង់ ?
សូមឲ្យសន្លឹកក្រដាសផ្សេងទៀតទៅសិស្ស ។ សូមផ្តល់ពេលវេលាឲ្យពួកគេដើម្បីស្គាល់ការបំផុសគំនិតដែលពួកគេប្រហែលជាបានទទួលអំពីការជួយនរណាម្នាក់ដែលខ្វះខាត ឬវិធីជាក់លាក់ដែលពួកគេមានអារម្មណ៍ថា ពួកគេអាចរួមចំណែកដល់ឃ្លាំងរបស់ព្រះអម្ចាស់ ។ សូមអញ្ជើញពួកគេឲ្យសរសេរចំណាប់អារម្មណ៍របស់ពួកគេ ។ បន្ទាប់មក សិស្សអាចដាក់ក្រដាសរបស់ពួកគេក្នុងប្រអប់តំណាងឲ្យឃ្លាំងរបស់ព្រះអម្ចាស់ ជាវិធីបង្ហាញឆន្ទៈរបស់ពួកគេក្នុងការជួយ ឬពួកគេអាចយកក្រដាសទៅផ្ទះទុកជាការរំឭក ។