« មេរៀនទី ៧៩—គោលលទ្ធិ និងសេចក្តីសញ្ញា ៦៥ ៖ ‹ ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ … ប្រយោជន៍ឲ្យនគរស្ថានសួគ៌អាចបានមកដល់ › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៦៥ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៧៩ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៦៤–៦៦
គោលលទ្ធិ និងសេចក្តីសញ្ញា ៦៥
« ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ … ប្រយោជន៍ឲ្យនគរស្ថានសួគ៌អាចបានមកដល់ »
ការទទួលខុសត្រូវដ៏សំខាន់មួយរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងសមាជិករបស់សាសនាចក្រ គឺត្រូវជួយរៀបចំពិភពលោកនេះសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះ ។ នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៥ ព្រះអម្ចាស់បានបើកសម្ដែងអំពីតួនាទីដ៏សំខាន់នេះប្រាប់ទៅព្យាការី យ៉ូសែប ស្ម៊ីធ និងពួកបរិសុទ្ធទាំងឡាយ ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីតួនាទីរបស់សាសនាចក្រក្នុងការរៀបចំពិភពលោកសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរៀបចំខ្លួនសម្រាប់សកម្មភាព
របៀបមួយដើម្បីចាប់ផ្ដើមមេរៀននេះអាចជាការជួយសិស្សឲ្យគិតអំពីកាលៈទេសៈនានា ដែលការរៀបចំមានសារៈសំខាន់យ៉ាងខ្លាំង ។ សំណួរខាងក្រោមនេះអាចជួយបាន ។
-
តើសកម្មភាពអ្វីដែលអ្នករីករាយនឹងធ្វើ ដែលតម្រូវឲ្យមានការរៀបចំខ្លួនយ៉ាងខ្លាំង ?
-
ប្រសិនបើអ្នកជួយនរណាម្នាក់ឲ្យរៀបចំខ្លួនសម្រាប់សកម្មភាពនេះ តើអ្នកចង់ឲ្យពួកគេដឹងអ្វីខ្លះ ? តើអ្នកនឹងផ្ដល់ជំនួយ ឬធនធានអ្វីខ្លះដល់ពួកគេ ?
សូមផ្តល់ឱកាសឲ្យសិស្សចែកចាយចម្លើយរបស់ខ្លួនជាមួយសិស្សដទៃទៀត ។
សូមជួយសិស្សឲ្យប្ដូរសកម្មភាពនេះទៅជាការគិតអំពីអ្វីដែលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ជួយយើងឲ្យរៀបចំខ្លួន ។
គឺដូចជាសកម្មភាពរបស់អ្នកតម្រូវឲ្យមានការរៀបចំខ្លួនយ៉ាងច្រើនដែរ នោះយើងត្រូវរៀបចំខ្លួនសម្រាប់ព្រឹត្តិការណ៍ជាច្រើន ដែលនឹងកើតឡើងនាពេលខាងមុខ ។ ព្រះអម្ចាស់បានបង្កើតសាសនាចក្ររបស់ទ្រង់ដើម្បីជួយយើងឲ្យរៀបចំខ្លួន ។
-
តើសាសនាចក្ររបស់ទ្រង់រៀបចំយើងសម្រាប់អ្វីទៅ ?
សូមពន្យល់សិស្សថា សាសនាចក្ររបស់ទ្រង់រៀបចំយើងសម្រាប់កិច្ចការជាច្រើន ហើយលើកទឹកចិត្តពួកគេឲ្យចែកចាយកិច្ចការនានាឲ្យបានច្រើន តាមដែលពួកគេអាចគិតដល់ ។ សូមឲ្យពួកគេស្វែងរកកិច្ចការមួយក្នុងចំណោមកិច្ចការទាំងនេះនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៦៥ ។
« ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ »
នៅថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ និងគ្រួសាររបស់លោកបានផ្លាស់ទីលំនៅពីទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ទៅភាគអាគ្នេយ៍ចម្ងាយប្រហែលជា ៣០ ម៉ែលស៍ ទៅកាន់ផ្ទះរបស់ ចន និង អាលីស ចនសុន នៅទីក្រុងហៃរុម រដ្ឋអូហៃអូ ។ កម្មវិធីថ្វាយបង្គំសាសនាចក្របានធ្វើឡើងនៅផ្ទះគ្រួសារ ចនសុន នៅថ្ងៃ អាទិត្យ ទី ៣០ ខែ តុលា ឆ្នាំ ១៨៣១ ។ នៅថ្ងៃដដែលនោះ ព្យាការីបានទទួលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៦៥ ។
សិស្សអាចអនុវត្តជំនាញសិក្សាព្រះគម្ពីរអំពីការស្វែងរកពាក្យ និងឃ្លាដដែលៗបាន នៅពេលពួកគេអានខគម្ពីរខាងក្រោមនេះ ។ អ្នកអាចលើកទឹកចិត្តពួកគេឲ្យគូសសម្គាល់គំរូនីមួយៗនៃពាក្យ « រៀបចំ » នៅក្នុងខគម្ពីរទាំងនេះ ។ ពួកគេក៏អាចកត់ចំណាំឃ្លា « រៀបចំជាស្រេច » នៅក្នុង ខទី ៣ ផងដែរ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦៥:១, ៣ ហើយរកមើលការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៥:២ ហើយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានប្រទានឲ្យយើង ដើម្បីជួយយើងឲ្យរៀបចំខ្លួនសម្រាប់ការយាងមកលើកទីពីររបស់ទ្រង់ ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះដែលអ្នកមិនយល់ ?
ដើម្បីជួយសិស្សឲ្យចេះវិភាគ និងយល់អំពីឃ្លានៅក្នុង ខទី ២–៣ សូមសួរពួកគេថា តើពួកគេគិតថា តើឃ្លាទាំងនេះមានអត្ថន័យដូចម្ដេច ។ អ្នកអាចចែកចាយ ឬបង្ហាញខ្លឹមសារខាងក្រោមនេះមួយចំនួនតាមដែលចាំបាច់ ៖
-
« កូនសោទាំងឡាយនៃនគរ » ឬ « កូនសោទាំងឡាយនៃបព្វជិតភាព » គឺជា « សិទ្ធិរបស់គណៈប្រធាន ឬជាអំណាចដែលព្រះទ្រង់បានប្រទានដល់មនុស្សឲ្យដឹកនាំ ត្រួតត្រា ហើយគ្រប់គ្រងបព្វជិតភាពនៃព្រះនៅលើផែនដី » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « កូនសោទាំងឡាយនៃបព្វជិតភាព » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ សូមមើលផងដែរ ម៉ាថាយ ១៦:១៨–១៩ ។
-
« ថ្មតូចមួយដុំដាប់ផ្ដាច់ចេញពីភ្នំឥតមានដៃអ្នកណាធ្វើ » មានន័យថា « សាសនាចក្ររបស់ព្រះអម្ចាស់ [ នឹងរីកចម្រើន ] រហូតដល់បំពេញផែនដីទាំងមូល ‹ [ នឹង ] មិនត្រូវបំផ្លាញឡើយ … [ ប៉ុន្តែ ] នឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច › [ ដានីយ៉ែល ២:៤៤ ] » ( រ៉ូណល អេ រ៉ាសបាន « ការបំពេញតាមការព្យាករ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៧៥ ) ។ សូមមើលផងដែរ ដានីយ៉ែល ២:៣១–៣៥, ៤៤–៤៥ ។
-
« ចូររៀបចំជាស្រេចចាំប្ដីថ្មោងថ្មីចុះ » សំដៅទៅលើរបៀបដែល « ព្រះយេស៊ូវគ្រីស្ទគឺជានិមិត្តរូបនៅក្នុងព្រះគម្ពីរអំពីប្ដីថ្មោងថ្មី ។ សាសនាចក្រគឺជានិមិត្តរូបអំពីភរិយារបស់ទ្រង់ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ប្ដីថ្មោងថ្មី » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ សូមមើលផងដែរ វិវរណៈ ១៩:៧–៩ ។
សម្រាប់គំនិតបន្ថែមអំពីរបៀបជួយសិស្សឲ្យស្វែងយល់ពីការរីកចម្រើននៃសាសនាចក្រ សូមមើលផ្នែក « សកម្មភាពរៀនសូត្របន្ថែម » នៃមេរៀននេះ ។
-
-
តើអ្នកនឹងសង្ខេបអ្វីដែលយើងអាចរៀនមកពីខគម្ពីរទាំងនេះ ទៅជាសេចក្ដីថ្លែងការណ៍នៃសេចក្ដីពិតមួយយ៉ាងដូចម្ដេច ?
សិស្សអាចចែកចាយអ្វីមួយដូចជា ព្រះយេស៊ូវគ្រីស្ទបានស្ដារសាសនាចក្ររបស់ទ្រង់ឡើងវិញ ដើម្បីជួយយើងឲ្យរៀបចំខ្លួនយើង និងអ្នកដទៃទៀតសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។ សូមពិចារណាឲ្យពួកគេសរសេរសេចក្ដីពិតនេះនៅជាប់នឹង ខទី ១–៣ ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានប្រកាស ៖
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានផ្ដល់អំណាច និងការបង្គាប់ដើម្បីសម្រេចការរៀបចំដែលចាំបាច់សម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ជាការពិតណាស់ វាត្រូវបានស្ដារឡើងវិញសម្រាប់គោលបំណងនោះ ។ … សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវហៅឲ្យរៀបចំ—ហើយកំពុងរៀបចំ—ពិភពលោកនេះសម្រាប់ថ្ងៃនោះ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « Preparing for the Lord’s Return » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨៤ )
-
តើអ្នកគិត ឬយល់យ៉ាងណាដែរអំពីសេចក្ដីថ្លែងការណ៍នេះ ?
-
តើសាសនាចក្រអាចរៀបចំពិភពលោកនេះសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះតាមរបៀបដ៏វិសេសមួយដោយរបៀបណា ?
-
តើអ្នកមានអារម្មណ៍ថា ការរៀបចំអ្វីខ្លះដែលចាំបាច់សម្រាប់ថ្ងៃនោះ ?
អ្នកអាចចង់រាយបញ្ជីអំពីរបៀបដែលសាសនាចក្រជួយរៀបចំមនុស្សសម្រាប់ការយាងមកជាលើកទីពីរដាក់នៅលើក្ដារខៀនបាន ។ ប្រសិនបើសិស្សពិបាករកឃើញគំនិតនានា អ្នកអាចចែកចាយជាមួយពួកគេនូវការទទួលខុសត្រូវដែលបានតែងតាំងដោយទេវភាពទាំងបួនរបស់សាសនាចក្រ ។ ការណ៍ទាំងនេះរួមមាននូវការជួយក្នុងកិច្ចការរបស់ព្រះតាមរយៈ (១) ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ (២) ការមើលថែដល់អ្នកខ្វះខាត (៣) ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ និង (៤) ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្ប ( សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ១.២ នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ អ្នកអាចរាយបញ្ជីចំណុចទាំងនេះដាក់នៅលើក្ដារខៀន ហើយសុំឲ្យសិស្សចែកចាយអំពីរបៀបជាក់លាក់បន្ថែមទៀត ដែលស្ថិតនៅក្រោមចំណងជើងទាំងនេះនីមួយៗ ដែលជួយរៀបចំមនុស្សសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។
« ចូរទូលដល់ព្រះអម្ចាស់ ប្រយោជន៍ឲ្យនគររបស់ទ្រង់ អាចបានចេញទៅលើផែនដី »
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៥:៤ ហើយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀន ដែលយើងអាចធ្វើបានរៀងៗខ្លួន ដើម្បីជួយរៀបចំពិភពលោកនេះសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
តើ « កិច្ចការដ៏អស្ចារ្យ » ណាខ្លះរបស់ព្រះអង្គសង្គ្រោះ ដែលអាចសម្រេចបានតាមរយៈសាសនាចក្ររបស់ទ្រង់ ? ( សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ១.២, ១.៣ នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
-
តើកិច្ចការទាំងនេះជួយរៀបចំយើង និងមនុស្សដទៃទៀតសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
អ្នកអាចចង់ផ្តល់ឱកាសដល់សិស្សនៅក្នុងថ្នាក់រៀន និងនៅក្រៅថ្នាក់រៀនឲ្យ « ប្រកាសប្រាប់ពីកិច្ចការដ៏អស្ចារ្យរបស់ទ្រង់ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៦៥:៤ ) ។ ពួកគេអាចពិភាក្សាអំពីរបៀបចែកចាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេ ឬមនុស្សដទៃ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា កិច្ចការមួយដែលយើងអាចធ្វើបានគឺ « ចូរទូលដល់ព្រះអម្ចាស់ ប្រយោជន៍ឲ្យនគររបស់ទ្រង់ អាចបានចេញទៅលើផែនដី » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៦៥:៥ ) ។
ការអញ្ជើញ … របស់ខ្ញុំគឺ សូមឲ្យប្អូនៗអធិស្ឋានប្រចាំថ្ងៃដើម្បីឲ្យបុត្រាបុត្រីទាំងអស់របស់ព្រះ អាចទទួលបានពរជ័យនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ប្អូនៗនឹងខ្ញុំកំពុងរស់នៅដើម្បីមើលឃើញ ហើយនឹងបន្ដមើលឃើញ អ៊ីស្រាអែលត្រូវបានប្រមូលផ្ដុំដោយអំណាចដ៏អស្ចារ្យ ។ ហើយប្អូនៗនឹងមានចំណែកក្នុងអំណាចនៃការប្រមូលផ្ដុំនោះ ! ( រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន « ក្តីសង្ឃឹមអ៊ីស្រាអែល » [ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវវ័យ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] នៅលើគេហទំព័រ ChurchofJesusChrist.org )
សូមឲ្យសិស្សជញ្ជឹងគិតអំពីការអញ្ជើញរបស់ប្រធាន ណិលសុន ។ បន្ទាប់ពីពួកគេមានឱកាសជញ្ជឹងគិតហើយ សូមអញ្ជើញពួកគេឲ្យចែកចាយបទពិសោធន៍នានា ដែលពួកគេបានមានតាមរយៈការធ្វើតាមការអញ្ជើញរបស់លោក ។
អ្នកប្រហែលជាចង់បញ្ចប់ដោយការថ្លែងទីបន្ទាល់ថា សាសនាចក្រ ឬ « នគរព្រះ » កំពុងរៀបចំផ្លូវដើម្បីឲ្យ « នគរស្ថានសួគ៌ » អាចបានមកដល់ នៅពេលព្រះអង្គសង្រ្គោះយាងត្រឡប់មកវិញ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៥:៦ ) ។