« មេរៀនទី ៧៨—គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៤:២០–៤៣ ៖ ‹ ព្រះអម្ចាស់ទ្រង់តម្រូវចិត្ត និងគំនិតដែលស្ម័គ្រតាម › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៤:២០–៤៣ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៧៨ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៦៤–៦៦
គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៤:២០–៤៣
« ព្រះអម្ចាស់ទ្រង់តម្រូវចិត្ត និងគំនិតដែលស្ម័គ្រតាម »
កាលពួកបរិសុទ្ធសម័យដើមបានព្យាយាមស្ថាបនាក្រុងស៊ីយ៉ូន នោះព្រះយេស៊ូវគ្រីស្ទបានសុំឲ្យពួកគេលះបង់ ហើយរួមចំណែកតាមរបៀបផ្សេងៗ ។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់យើងដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ទ្រង់សុំថា យើងគួរតែថ្វាយដល់ទ្រង់នូវចិត្ត និងគំនិតដែលស្ម័គ្រតាមរបស់យើង ។ មេរៀននេះអាចជួយសិស្សឲ្យមានបំណងប្រាថ្នាកាន់តែខ្លាំងឡើងដើម្បីថ្វាយចិត្ត និងគំនិតដែលស្ម័គ្រតាមរបស់ពួកគេដល់ព្រះអម្ចាស់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទ្រព្យសម្បត្តិផ្ទាល់ខ្លួន
អ្នកអាចចាប់ផ្ដើមមេរៀនដោយការសុំឲ្យសិស្សគិតអំពីទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដែលពួកគេគិតថាមានតម្លៃ ។ សូមពិចារណាផ្តល់នូវសំណួរដែលអាចជួយសម្របសម្រួលដល់ការចែកចាយជាមួយសិស្សក្នុងថ្នាក់ ឬក្នុងក្រុមតូចៗបាន ។ ឧទាហរណ៍ ៖
-
តើអ្វីទៅដែលអ្នកមាន ដែលអ្នកបានខិតខំធ្វើការខ្លាំងដើម្បីទទួលបានវា ?
-
តើអ្វីទៅដែលជារបស់អ្នក ដែលពិបាកសម្រាប់អ្នកដើម្បីឲ្យទៅអ្នកផ្សេងទៀត ? ហេតុអ្វីបានជាវាពិបាក ?
កសិដ្ឋានរបស់ អ៊ីសាក មួរលី
អ្នកអាចបង្ហាញរូបភាពនេះនៅពេលចាប់ផ្ដើមមេរៀននេះ ហើយអញ្ជើញសិស្សម្នាក់ឲ្យអានព័ត៌មានខាងក្រោមឲ្យឮៗ ។
អ៊ីសាក និង លូស៊ី មួរលី បានខិតខំធ្វើការខ្លាំងដើម្បីកសាងបានជាកសិដ្ឋានដ៏ចម្រុងចម្រើនមួយ ដែលមានទំហំ ៣២.៣៧ ហិចតា នៅជិតទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ។ ជាផ្នែកមួយនៃជំនឿសាសនារបស់ពួកគេ ពួកគេបានអញ្ជើញមនុស្សឲ្យរស់នៅលើអចលនទ្រព្យរបស់ពួកគេ ចែករំលែកទ្រព្យសម្បត្តិរបស់ពួកគេ និងមានរបស់ដូចគ្នាទាំងអស់ជាមួយគ្នា ។ នៅពេលអ្នកផ្សព្វផ្សាយសាសនាពួកបរិសុទ្ធថ្ងៃចុងក្រោយបានឈប់នៅទីក្រុងខឺតឡង់ ពួកគេបានប្រកាសអំពីសារលិខិតនៃការស្តារឡើងវិញដល់អ្នកដែលរស់នៅលើកសិដ្ឋាន មួរលី ។ ក្នុងចំណោមអ្នកដែលបានប្រែចិត្តជឿទាំងនោះគឺមាន អ៊ីសាក និង លូស៊ី មួរលី ។ មិនយូរប៉ុន្មានបន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់ពួកគេ គ្រួសារមួរលីបានស្វាគមន៍ យ៉ូសែប និង អិមម៉ា ស្ម៊ីធ ឲ្យរស់នៅលើកសិដ្ឋានរបស់ពួកគេ ។ ( សូមមើល Susan Easton Black Who’s Who in the Doctrine and Covenants [ ឆ្នាំ ១៩៩៧ ] ទំព័រ ១៩៨ ) ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦៤:២០ ហើយរកមើលការណែនាំរបស់ព្រះអម្ចាស់ទៅកាន់ អ៊ីសាក មួរលី ។
-
តើអ្នកគិតថា អ្នកនឹងឆ្លើយតបយ៉ាងដូចម្ដេច ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពរបស់ អ៊ីសាក នោះ ? ហេតុអ្វី ?
-
តើការដឹងថាសំណើនេះ បានមកពីព្រះអង្គសង្គ្រោះអាចជួយអ្នកឲ្យគោរពតាមបានយ៉ាងដូចម្ដេច ?
សូមពន្យល់ថា កាលពីមុន អ៊ីសាក ត្រូវបានគេសុំឲ្យលក់កសិដ្ឋានរបស់គាត់ ហើយគាត់បានបដិសេធ ។ ប៉ុន្តែនៅពេលទទួលបានវិវរណៈនេះ អ៊ីសាក បានគោរពប្រតិបត្តិតាម ហើយបានលក់កសិដ្ឋានរបស់គាត់ បានផ្តល់ប្រាក់ទៅសាសនាចក្រ ហើយបានផ្លាស់ទីលំនៅគ្រួសាររបស់គាត់ទៅនៅរដ្ឋមិសសួរី ដើម្បីជួយកសាងក្រុងស៊ីយ៉ូន ។ អ្នកក៏អាចចង្អុលបង្ហាញថា បុរសដទៃទៀតត្រូវបានប្រាប់នៅក្នុងវិវរណៈនេះកុំឲ្យលក់ទ្រព្យសម្បត្តិរបស់ខ្លួន ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៤:២១, ២៦ ) ។ បុរសទាំងនេះបានថ្វាយទ្រព្យសម្បត្តិរបស់ពួកគេទៅកាន់ព្រះអម្ចាស់ ដោយប្រើវាដើម្បីគាំទ្រដល់សាសនាចក្រ និងពួកបរិសុទ្ធនៅទីក្រុងខឺតឡង់ ។ នេះអាចជាកន្លែងដ៏ល្អមួយដើម្បីរំឭកសិស្សអំពីសេចក្ដីពិត ដែលពួកគេបានរៀនអំពីព្រះអង្គសង្រ្គោះ និងក្រឹត្យវិន័យនៃការថ្វាយនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:២៩–៣៩ ។
ព្រះអម្ចាស់តម្រូវចិត្ត និងគំនិតដែលស្ម័គ្រតាមរបស់យើង
សូមពន្យល់ថា ទោះជាព្រះអម្ចាស់អាចមិនតម្រូវឲ្យយើងលក់ទ្រព្យសម្បត្តិរបស់យើងក៏ដោយ ក៏មានអ្វីជាច្រើនដែលទ្រង់សុំពីយើងដែរ នៅពេលយើងខិតខំធ្វើតាមទ្រង់ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦៤:២២, ៣៤ ។ សូមរកមើលកិច្ចតម្រូវនានាដែលព្រះអម្ចាស់សុំឲ្យយើងធ្វើ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
សូមជួយសិស្សឲ្យរកឃើញថា ព្រះអម្ចាស់តម្រូវឲ្យយើងថ្វាយចិត្ត និងគំនិតដែលស្ម័គ្រតាមរបស់យើង ។
សូមគិតពីរបៀបជួយសិស្សរបស់អ្នកឲ្យយល់កាន់តែច្បាស់អំពីអត្ថន័យនៃការថ្វាយចិត្ត និងគំនិតដែលស្ម័គ្រតាមរបស់យើងដល់ព្រះអម្ចាស់ ។ វិធីមួយគឺត្រូវអញ្ជើញសិស្សឲ្យស្រមៃថា ពួកគេត្រូវបានសុំឲ្យជួយសរសេរមេរៀន ចូរមកតាមខ្ញុំ សម្រាប់ គោលលទ្ធិ និងសេចក្តីសញ្ញា ៦៤ ។ ដោយធ្វើការដោយខ្លួនឯង ឬក្នុងក្រុមតូចៗ សិស្សអាចសិក្សាបទគម្ពីរខាងក្រោមនេះ ឬបទគម្ពីរដែលពួកគេរកឃើញដោយខ្លួនឯង បន្ទាប់មកសរសេរការពន្យល់មួយអំពីអត្ថន័យនៃការថ្វាយចិត្ត និងគំនិតដែលស្ម័គ្រតាមរបស់យើងដល់ព្រះអម្ចាស់ ។ សូមអនុញ្ញាតឲ្យសិស្សចែកចាយ និងពិភាក្សាអំពីអ្វីដែលពួកគេបានសរសេរ ។
សូមលើកទឹកចិត្តសិស្សឲ្យស្វែងរកវិវរណៈផ្ទាល់ខ្លួន ដើម្បីដឹងអំពីរបៀបដែលពួកគេអាចថ្វាយដល់ព្រះអម្ចាស់នូវចិត្ត និងគំនិតដែលស្ម័គ្រតាមរបស់ពួកគេផ្ទាល់ ។
សូមអានវគ្គបទគម្ពីរខាងក្រោមនេះ ហើយរកមើលការយល់ដឹងដែលអាចជួយអ្នកឲ្យយល់ពីអត្ថន័យនៃការថ្វាយចិត្ត និងគំនិតដែលស្ម័គ្រតាមដល់ព្រះអម្ចាស់ ។ អ្នកអាចសរសេរការពន្យល់មួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកបាន ។
ការបង្រៀននានានៅក្នុងព្រះគម្ពីរ
-
សុភាសិត ៣:៥–៦
-
ម៉ាថាយ ២២:៣៦–៣៩
គំរូមកពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះ
-
យ៉ូហាន ៦:៣៨
-
លូកា ២២:៤២
-
តើព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏ល្អក្នុងការថ្វាយចិត្ត និងគំនិតដែលស្ម័គ្រតាមរបស់ទ្រង់ទៅកាន់ព្រះវរបិតាសួគ៌ដោយរបៀបណា ?
-
នៅក្នុងកិច្ចខិតខំរបស់អ្នកដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ តើការថ្វាយចិត្ត និងគំនិតដែលស្ម័គ្រតាមរបស់អ្នកទៅកាន់ទ្រង់ បានធ្វើឲ្យមានការភាពខុសគ្នាក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេចដែរ ?
អ្នកអាចចំណាយពេលដើម្បីជួយសិស្សឲ្យយល់ថា មានភាពខុសគ្នារវាងការគ្រាន់តែធ្វើអ្វីដែលព្រះអម្ចាស់បានសុំពីយើង និងការគោរពតាមទ្រង់ដោយចិត្ត និងគំនិតស្ម័គ្រចិត្តរបស់យើង ។
សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរនៅលើក្ដារខៀន នូវបទបញ្ញត្តិជាច្រើនដែលព្រះអម្ចាស់សុំឲ្យយើងកាន់តាម ឬការលះបង់ជាច្រើនដែលទ្រង់អាចសុំឲ្យយើងធ្វើ ។ សូមឲ្យសិស្សពិភាក្សាជាដៃគូ ឬនៅក្នុងក្រុមតូចៗអំពីរបៀបដែលយើងអាចថ្វាយចិត្ត និងគំនិតដែលស្ម័គ្រតាមរបស់យើងដល់ព្រះអម្ចាស់ កាលយើងធ្វើកិច្ចការទាំងនេះ ។ ឧទាហរណ៍ ពួកគេអាចពិភាក្សាអំពីរបៀបដែលយើងអាចថ្វាយចិត្ត និងគំនិតដែលស្ម័គ្រតាមរបស់យើងដល់ព្រះអម្ចាស់ នៅពេលយើងព្យាយាមរក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធ ។
ការពិចារណាផ្ទាល់ខ្លួន
ប្រសិនបើអ្នកបានជ្រើសរើសសរសេរបទបញ្ញត្តិ ឬការលះបង់នៅលើក្ដារខៀន សូមអញ្ជើញសិស្សឲ្យមើលទៅបញ្ជីនោះ ហើយគិតពិចារណាអំពីឆន្ទៈរបស់ពួកគេដើម្បីធ្វើកិច្ចការទាំងនេះ ។ សូមពិចារណាណែនាំសិស្សឲ្យគូររូបចិត្ត និងគំនិតនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ អ្នកអាចបង្ហាញរូបភាពខាងក្រោមទុកជាគំរូមួយ ។ សូមអញ្ជើញពួកគេឲ្យគិតពិចារណាថា តើពួកគេកំពុងថ្វាយចិត្ត និងគំនិតរបស់ពួកគេដល់ព្រះអង្គសង្គ្រោះបានខ្លាំងប៉ុណ្ណាដែរ ហើយបន្ទាប់មក សូមផាត់ពណ៌ក្នុងទំហំដែលពួកគេមានអារម្មណ៍ថា ពួកគេកំពុងថ្វាយទៅទ្រង់ ។ បន្ទាប់មក អ្នកអាចអញ្ជើញពួកគេឲ្យជញ្ជឹងគិត និងសរសេរចម្លើយរបស់ពួកគេទៅកាន់សំណួរខាងក្រោមនេះ ។
-
តើអ្នកបានរៀនអ្វីខ្លះនៅថ្ងៃនេះ ដែលអាចបង្កើនបំណងប្រាថ្នារបស់អ្នកដើម្បីថ្វាយចិត្ត និងគំនិតដែលស្ម័គ្រតាមរបស់អ្នកទៅកាន់ព្រះអម្ចាស់ ?
-
តើអ្នកគិតថា ការថ្វាយចិត្ត និងគំនិតដែលស្ម័គ្រតាមរបស់អ្នកទៅកាន់ព្រះអង្គសង្គ្រោះ អាចជួយអ្នកឲ្យក្លាយកាន់តែដូចទ្រង់ដោយរបៀបណា ?
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានទទួលអារម្មណ៍ និងបានរៀនសូត្រ ។ អ្នកក៏អាចថ្លែងទីបន្ទាល់ ឬចែកចាយបទពិសោធន៍មួយ នៅពេលអ្នកបានសង្កេតឃើញនរណាម្នាក់ថ្វាយចិត្ត និងគំនិតដែលស្ម័គ្រតាមរបស់ពួកគេទៅកាន់ព្រះអម្ចាស់ផងដែរ ។