« គោលលទ្ធិ និងសេចក្តីសញ្ញា ២៥ ផ្នែកទី ២ ៖ ‹ ចូរស្វែងរករបស់ទាំងឡាយណាដែលគ្រាន់បើជាងនេះ › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ២៥ ផ្នែកទី ២ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៤០ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ២៣–២៦
គោលលទ្ធិ និងសេចក្ដីសញ្ញា ២៥ ផ្នែកទី ២
ចូរស្វែងរករបស់ទាំងឡាយណាដែលគ្រាន់បើជាងនេះ
អ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់មនុស្សម្នាក់ ជាញឹកញាប់ វាអាចអនុវត្តបានចំពោះអ្នកដទៃទៀតផងដែរ ។ នេះគឺជាការពិតអំពីបន្ទូលជាច្រើនដែលព្រះអម្ចាស់បានមានព្រះបន្ទូលទៅកាន់ អិមម៉ា ស្ម៊ីធ ដែលត្រូវបានកត់ត្រាទុកនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ២៥ ( សូមមើល ខទី ១៦ ) ។ ព្រះអម្ចាស់បានអញ្ជើញគាត់ឲ្យស្វែងរកអ្វីដែលនឹងជួយគាត់ឲ្យទទួលបាន « មកុដនៃសេចក្ដីសុចរិតនោះ » ( ខទី ១៥ ) ។ មេរៀននេះអាចជួយឲ្យសិស្សស្វែងរកពរជ័យរបស់ព្រះអម្ចាស់ និងទុកចោលរបស់ទាំងឡាយនៃពិភពលោកនេះបាន ។
សកម្មភាពរៀនសូត្រដែលអាចមាន
អ្វីមួយដែលល្អជាង
សូមគិតពីរបៀបដែលអ្នកអាចជួយសិស្សឲ្យមើលឃើញពីសារៈសំខាន់នៃការកំណត់អាទិភាពនូវអ្វីដែលសំខាន់បំផុតនៅក្នុងជីវិតរបស់យើង ។ របៀបមួយដែលអ្នកអាចធ្វើការណ៍នេះបានគឺយកធុងមួយទៅថ្នាក់ ដូចជាប្រអប់មួយជាដើម ។ សូមយកវត្ថុផ្សេងៗទៀតដែលអាចតំណាងឲ្យចំណាប់អារម្មណ៍របស់សិស្សផងដែរ ដែលមានដូចជា បាល់ទាត់ សៀវភៅកំណត់ចំណាំនៅសាលា ឧបករណ៍តន្ត្រីតូចមួយ ព្រះគម្ពីរ ។ ល ។ សូមប្រាកដថាបានយកវត្ថុដែលអាចដាក់ចូលនៅក្នុងប្រអប់នោះផងដែរ ។ សូមពន្យល់សិស្សថា ប្រអប់នេះតំណាងឲ្យជីវិតរបស់យើង ។ សូមអញ្ជើញសិស្សឲ្យជ្រើសរើសអ្វីដែលពួកគេពិតជាចង់បញ្ចូលក្នុងជីវិតរបស់ពួកគេ ។ នៅពេលដែលប្រអប់ពេញហើយ សូមសួរសិស្សថាតើមានអ្វីដែលពួកគេចង់ប្តូរសម្រាប់អ្វីមួយដែលមិនមាននៅក្នុងប្រអប់នេះដែរឬទេ ។ បន្ទាប់ពីសកម្មភាពនេះ អ្នកអាចសុំឲ្យសិស្សគិតអំពីអាទិភាពក្នុងជីវិតរបស់ពួកគេ ។ ខាងក្រោមគឺជារបៀបមួយដែលអ្នកអាចធ្វើវាបាន ។
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនូវអ្វីដែលអ្នកមានអារម្មណ៍ថាជាអាទិភាពសំខាន់បំផុតក្នុងជីវិតរបស់អ្នក ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមពិចារណាប្រកបដោយការអធិស្ឋានថា តើព្រះវរបិតាសួគ៌របស់អ្នកចង់ឲ្យអ្នកធ្វើការកែសម្រួលអ្វីមួយចំពោះអាទិភាពរបស់អ្នកដែរឬទេ ។
នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ២៥ ព្រះអម្ចាស់បានមានព្រះបន្ទូលទៅកាន់ អិមម៉ា ស្ម៊ីធ ហើយបានប្រទានដំបូន្មានដល់គាត់អំពីអាទិភាពរបស់គាត់ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២៥:១០ ហើយរកមើលអ្វីដែលព្រះអម្ចាស់បានអញ្ជើញឲ្យ អិមម៉ា ស្ម៊ីធ ធ្វើ ។
-
តើអ្នកគិតថា « ចូរស្វែងរករបស់ទាំងឡាយណាដែលគ្រាន់បើជាងនេះវិញ » មានអត្ថន័យយ៉ាងណា ?
-
តើយើងអាចរៀនសេចក្ដីពិតអ្វីខ្លះពីខគម្ពីរនេះ ?
របស់ទាំងឡាយនៃព្រះ
សូមជួយសិស្សឲ្យស្វែងយល់ពីសេចក្តីពិតដែលថា ព្រះអម្ចាស់អញ្ជើញយើងឲ្យទុកចោលរបស់ទាំងឡាយនៃពិភពលោក និងស្វែងរករបស់ទាំងឡាយនៃព្រះវិញ ។ អ្នកអាចសុំឲ្យសិស្សពិចារណាគូសចំណាំពាក្យនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ២៥:១០ ដែលជួយបង្រៀនពីសេចក្តីពិតនេះ ។
សូមជួយសិស្សឲ្យយល់ពីដំបូន្មានរបស់ព្រះអម្ចាស់ដោយអញ្ជើញពួកគេឲ្យរកមើលឃ្លាស្រដៀងគ្នានេះនៅក្នុងបទគម្ពីរខាងក្រោមនេះ ។ អ្នកអាចសុំឲ្យសិស្សជ្រើសរើសឃ្លាដែលពួកគេចូលចិត្ត ហើយពន្យល់ពីអ្វីដែលវាជួយពួកគេឲ្យយល់ ។ សូមពិចារណាបង្ហាញសិស្សពីរបៀបដែលពួកគេអាចធ្វើសេចក្តីយោងឆ្លង ឬភ្ជាប់ខគម្ពីរទាំងនេះទៅគ្នាទៅវិញទៅមកបាន ។
សូមប្រៀបធៀប គោលលទ្ធិ និងសេចក្តីសញ្ញា ២៥:១០ ជាមួយ ម៉ាថាយ ៦:១៩–២១ និង នីហ្វៃទី២ ៩:៥១ ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលជួយអ្នកឲ្យយល់ពីការអញ្ជើញរបស់ព្រះអម្ចាស់ ?
សិស្សអាចត្រូវការជំនួយក្នុងការគិតរឿងជាក់លាក់ ដែលអាចចាត់ទុកថាជា « របស់ទាំងឡាយនៃពិភពលោក » ( គោលលទ្ធិ និងសេចក្តីសញ្ញា ២៥:១០ ) ។ សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើបញ្ជីមួយនៅលើក្ដារខៀននៃរបស់ទាំងឡាយនៃពិភពលោក ដែលអាចរារាំងយើងពីការធ្វើកិច្ចការរបស់ព្រះ ។ បន្ទាប់មក អ្នកអាចនឹងអញ្ជើញសិស្សឲ្យសញ្ជឹងគិតថា តើពួកគេកំពុងធ្វើបានល្អប៉ុណ្ណាហើយក្នុងការទុកចោលរបស់ទាំងឡាយនេះ ។ សូមជួយសិស្សឲ្យយល់ថា របស់ខ្លះអាចនឹងសមនឹងទទួលបានតម្លៃតិចតួចពីយើង រីឯរបស់ខ្លះទៀតមិនសមនឹងទទួលបានតម្លៃ ឬចំណាប់អារម្មណ៍ពីយើងទាល់តែសោះ ។
-
តើឧទាហរណ៍អ្វីខ្លះពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះដែលបង្ហាញថា ទ្រង់ផ្ដោតលើរបស់ទាំងឡាយនៃព្រះ ជាជាងរបស់ទាំងឡាយនៃពិភពលោកនេះ ?
ប្រសិនបើសិស្សត្រូវការជំនួយក្នុងការគិតពីឧទាហរណ៍ទាំងឡាយ នោះអ្នកអាចអញ្ជើញពួកគេឲ្យស្រាវជ្រាវសេចក្ដីយោងដូចតទៅនេះបាន ៖ លូកា ២:៤២–៤៩; យ៉ូហាន ២:១៣–១៦; យ៉ូហាន ៦:៣៨ ។
-
តើព្រះអង្គសង្គ្រោះអាចជួយក្មេងជំទង់ម្នាក់ដែលកំពុងព្យាយាមទុកចោលរបស់ទាំងឡាយនៃពិភពលោកដោយរបៀបណា ?
អែលឌើរ រីឆាដ ជី ស្កត [ ឆ្នាំ ១៩២៨–២០១៥ ] ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយបទពិសោធន៍ដែលក្មេងវ័យជំទង់ម្នាក់បានមានដូចខាងក្រោម ៖
នៅក្នុងបេសកកម្ម រ៉ូស្ដូណាដូនុ ប្រទេស រុស្ស៊ី យុវវ័យម្នាក់ៗត្រូវបានអញ្ជើញឲ្យរៀបចំឈ្មោះចំនួន ២០០០ ហើយបន្ទាប់មករៀបចំយ៉ាងហោចណាស់ឈ្មោះមួយពីគ្រួសារផ្ទាល់របស់ពួកគេ ដើម្បីទទួលពិធីការបរិសុទ្ធនៅព្រះវិហារបរិសុទ្ធ ។ អ្នកទាំងឡាយណាដែលសម្រេចបានគោលដៅនេះត្រូវបានអញ្ជើញឲ្យធ្វើដំណើរដ៏វែងមួយទៅព្រះវិហារបរិសុទ្ធថ្មីនៅទីក្រុង កៀវ អ៊ុយក្រែន ។ យុវជនម្នាក់បានចែកចាយបទពិសោធន៍របស់គាត់ថា ៖ « ខ្ញុំបានចំណាយពេលជាច្រើនលេងហ្គេមកុំព្យូទ័រ ។ នៅពេលខ្ញុំចាប់ផ្ដើមធ្វើលិបិក្រម ខ្ញុំគ្មានពេលលេងហ្គេមទៀតទេ ។ ដំបូងខ្ញុំគិតថា ‹ ទេ ! តើវាកើតឡើងដោយរបៀបណា ! › តែនៅពេលគម្រោងនេះចប់ទៅ ខ្ញុំលែងចង់លេងហ្គេមនោះទៀត ។ … កិច្ចការពង្សប្រវត្តិ គឺជាអ្វីមួយដែលយើងអាចធ្វើនៅលើផែនដីនេះ ហើយវានឹងបន្ដនៅស្ថានសួគ៌ » ។ ( រីឆាដ ជី ស្កត « The Joy of Redeeming the Dead » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៩២ )
-
តើអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍អំពីបទពិសោធន៍របស់យុវជនរបស់នេះ ?
ដើម្បីជួយសិស្សគិតពិចារណាពីបទពិសោធន៍ផ្ទាល់ខ្លួនដែលពួកគេអាចមានជាមួយនឹងការទុកចោលរបស់ទាំងឡាយនៃពិភពលោកនេះ សូមពិចារណាផ្តល់ពេលវេលាឲ្យពួកគេឆ្លើយសំណួរខាងក្រោមដាក់ក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកបានទទួលពរជ័យដោយរបៀបណា ពេលអ្នកបានជ្រើសរើសដើម្បីស្វែងរករបស់ទាំងឡាយនៃព្រះនៅក្នុងជីវិតរបស់អ្នក ?
ជំនួយដើម្បីស្វែងរករបស់ទាំងឡាយដែលល្អជាង
នៅខប្រាំមួយចុងក្រោយនៃ គោលលទ្ធិ និងសេចក្តីសញ្ញា ២៥ មានដំបូន្មាននៃទិដ្ឋភាពផ្សេងៗនៃជីវិតរបស់ អិមម៉ា ។ សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២៥:១១–១៦ ហើយរកមើលរបៀបដែលដំបូន្មានមកពីព្រះអម្ចាស់ទាំងនេះ ក៏អាចជួយយើងឲ្យស្វែងរករបស់ទាំងឡាយដែលល្អជាងផងដែរ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ដែលអាចជួយអ្នកឲ្យ « ទុកចោលរបស់ទាំងឡាយនៃពិភពលោកនេះ ហើយចូរស្វែងរករបស់ទាំងឡាយណាដែលគ្រាន់បើជាងនេះវិញ » ? ( ខទី ១០ ) ។
ដើម្បីជួយសិស្សឲ្យស្វែងរក និងទទួលវិវរណៈផ្ទាល់ខ្លួនអំពីរបៀបដែលពួកគេអាចដាក់អាទិភាពបានប្រសើរជាងលើរបស់ទាំងឡាយនៃព្រះ សូមពិចារណាអញ្ជើញពួកគេឲ្យសិក្សាប្រធានបទមួយ ឬច្រើនខាងក្រោម ៖ តន្ត្រី សេចក្ដីសញ្ញា ភាពស្លូតបូត និងព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ។ សូមផ្តល់ឲ្យសិស្សនូវជម្រើសដើម្បីសិក្សាជាថ្នាក់ទាំងមូល ឬធ្វើការជាបុគ្គល ឬជាក្រុមតូចៗ ។ ប្រសិនបើពួកគេជ្រើសរើសសិក្សាជាថ្នាក់ សូមអញ្ជើញសិស្សឲ្យជ្រើសរើសប្រធានបទសម្រាប់គ្រប់គ្នាសិក្សា ។ ប្រសិនបើសិស្សចង់ធ្វើការជាក្រុម នោះពួកគេអាចទទួលបានអត្ថប្រយោជន៍ពីការសិក្សាប្រធានបទនីមួយៗខុសៗគ្នា ហើយចែកចាយអ្វីដែលពួកគេបានរកឃើញជាមួយក្រុម ។ ជម្រើសមួយទៀតគឺត្រូវអញ្ជើញសិស្សពីរបីនាក់ឲ្យរៀបចំមុនពេលចូលរៀន ហើយបន្ទាប់មកបង្រៀនដល់ថ្នាក់ទាំងមូល ។ សូមផ្ដល់ធនធានដែលមានអត្ថប្រយោជន៍បំផុត ។
តន្ត្រី
គោលលទ្ធិ និងសេចក្ដីសញ្ញា ២៥:១១–១២
ទំនុកដំកើង ១០០:២
ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ១៩.២ ( « តន្រ្តីនៅក្នុងគេហដ្ឋាន » ) ១៩.៣ ( « តន្ត្រីនៅក្នុងការប្រជុំសាសនាចក្រ » )
« ដើរក្នុងពន្លឺរបស់ព្រះ » នៅក្នុង ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ( ឆ្នាំ ២០២២ ) ទំព័រ ១៨ ( សូមមើលផ្នែក « សូមស្វែងរកអ្វីដែលលើកទឹកចិត្ត បំផុសគំនិត និងយាងអញ្ជើញព្រះវិញ្ញាណ » )
សូមពិចារណាអញ្ជើញសិស្សឲ្យជ្រើសរើសទំនុកតម្កើង ហើយរកមើលអ្វីដែលវាបង្រៀនអំពីព្រះអម្ចាស់ និងពរជ័យដែលទ្រង់មានសម្រាប់យើង ។ អ្នកក៏អាចចង់បង្ហាញសិស្សអំពីធនធានតន្ត្រីដ៏មានអត្ថប្រយោជន៍ផ្សេងទៀត និងតន្ត្រីដែលមានសម្រាប់យុវវ័យនៅក្នុង Media Library ផងដែរ ។
សេចក្តីសញ្ញា
គោលលទ្ធិ និងសេចក្តីសញ្ញា ២៥:១៣
« ដើរក្នុងពន្លឺរបស់ព្រះ » នៅក្នុង ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ( ឆ្នាំ ២០២២ ) ទំព័រ ១៧ ( សូមមើលផ្នែក « សេចក្តីពិតដ៏អស់កល្បជានិច្ច » )
Gospel Topics « Covenant » នៅលើគេហទំព័រ topics.ChurchofJesusChrist.org
សូមពិចារណាបង្ហាញវីដេអូខាងក្រោមនេះដល់សិស្ស ដែលអាចជួយពួកគេឲ្យយល់ពីអត្ថន័យនៃការរក្សាសេចក្ដីសញ្ញារបស់យើង និងពរជ័យអ្វីដែលយើងអាចទទួលបានសម្រាប់ការធ្វើដូច្នេះ ។
ភាពស្លូតបូត
គោលលទ្ធិ និងសេចក្តីសញ្ញា ២៥:១៤
ម៉ាថាយ ៥:៥; មរ៉ូណៃ ៨:២៦
សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ស្លូតបូត, ភាពស្លូតបូត » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org
អូលីសេស សូរ៉េស « Be Meek and Lowly of Heart » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ( សូមមើលកថាខណ្ឌទី ១–៦ )
ដេវីឌ អេ បែដណា « Meek and Lowly of Heart » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ( សូមមើលផ្នែក « លោកចៅហ្វាយគឺជាគំរូមួយនៃភាពស្លូតបូត » )
ព្រះបញ្ញត្តិ
គោលលទ្ធិ និងសេចក្ដីសញ្ញា ២៥:១៥
ម៉ាថាយ ២២:៣៦–៤០
សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះបញ្ញត្តិទាំងឡាយនៃព្រះ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org
« ស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់អ្នក » នៅក្នុង ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ( ឆ្នាំ ២០២២ ) ទំព័រ ១០
សូមលើកទឹកចិត្តសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរៀន និងរបៀបដែលវាអាចជួយពួកគេឲ្យស្វែងរករបស់ទាំងឡាយនៃព្រះ ។ អ្នកអាចអញ្ជើញពួកគេឲ្យចែកចាយជាមួយសិស្សផ្សេងទៀតដែលបានសិក្សាប្រធានបទដូចគ្នា ហើយប្រហែលជាជាមួយនឹងអ្នកដែលបានសិក្សាអ្វីផ្សេងទៀតផងដែរ ។ សូមអញ្ជើញសិស្សឲ្យធ្វើសកម្មភាពដោយសេចក្តីជំនឿតាមការបំផុសគំនិតដែលពួកគេបានទទួល ។
ប្រសិនបើសិស្សត្រូវការជំនួយគិតពីរបៀបធ្វើសកម្មភាពតាមអ្វីដែលពួកគេកំពុងរៀន នោះអ្នកអាចបង្ហាញពួកគេទៅរកការអញ្ជើញដែលមាននៅក្នុងប្រធានបទនីមួយៗនៃ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ( ឆ្នាំ ២០២២ ) ។ អ្នកអាចអញ្ជើញសិស្សឲ្យសរសេរនូវអ្វីដែលពួកគេនឹងធ្វើដើម្បីស្វែងរករបស់ទាំងឡាយនៃព្រះ ហើយបន្ទាប់មកដាក់អ្វីដែលពួកគេបានសរសេរនៅក្នុងកន្លែងដែលពួកគេនឹងមើលឃើញវាញឹកញាប់ ។ ក៏សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកជំនួយពីព្រះអម្ចាស់ ហើយប្រហែលជាជំនួយពីសមាជិកគ្រួសារ និងមិត្តភក្តិផងដែរ ។