« គោលលទ្ធិ និងសេចក្ដីសញ្ញា ២៣–២៤ ៖ ‹ យើងមានបន្ទូលដល់អ្នក › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ២៣–២៤ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៣៨ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ២៣–២៦
គោលលទ្ធិ និងសេចក្តីសញ្ញា ២៣–២៤
« យើងមានបន្ទូលដល់អ្នក »
បន្ទាប់ពីសាសនាចក្រត្រូវបានរៀបចំឡើងនៅខែ មេសា ឆ្នាំ ១៨៣០ ភ្លាមៗពួកបរិសុទ្ធបានប្រឈមនឹងការបៀតបៀនយ៉ាងខ្លាំង ។ ទោះបីជាមានឧបសគ្គទាំងនេះក៏ដោយ ក៏ព្រះអង្គសង្គ្រោះបានបន្តពង្រឹងសាសនាចក្រ ហើយប្រទានដំបូន្មានផ្ទាល់ខ្លួនដល់អស់អ្នកដែលប្រាថ្នាចង់ដឹងពីព្រះហឫទ័យរបស់ទ្រង់ដោយស្មោះដែរ ។ មេរៀននេះអាចជួយសិស្សឲ្យទទួលអារម្មណ៍ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្គាល់ពួកគេ ហើយនឹងប្រទានការដឹកនាំសម្រាប់ជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ស្វែងរកការណែនាំ
សូមពិចារណាសរសេរសំណួរខាងក្រោមនេះនៅលើក្តារខៀន ហើយអញ្ជើញសិស្សឲ្យគិតពីចម្លើយរបស់ពួកគេដោយស្ងប់ស្ងាត់ ។ បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមលើកទឹកចិត្តសិស្សឲ្យគិតអំពីដំបូន្មានដ៏មានតម្លៃដែលពួកគេបានទទួលពីបុគ្គលនេះ ហើយអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយ ។
-
តើអ្នកណាដែលស្គាល់អ្នកច្បាស់ជាងគេ ?
-
តើពួកគេដឹងអ្វីខ្លះអំពីអ្នក ?
-
តើពួកគេមិនដឹងអ្វីអំពីអ្នក ?
ទោះបីជាសិស្សអាចទទួលបានដំបូន្មានដ៏មានតម្លៃពីប្រភពដែលគួរឲ្យទុកចិត្តជាច្រើនក៏ដោយ សូមអញ្ជើញពួកគេឲ្យសញ្ជឹងគិតអំពីមូលហេតុដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ជាប្រភពនៃដំបូន្មានដ៏ល្អបំផុត ។ សូមឲ្យសិស្សគិតអំពីការខិតខំបច្ចុប្បន្នរបស់ពួកគេក្នុងការស្វែងរកដំបូន្មានពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ តើពួកគេមានអារម្មណ៍ថាការខិតខំរបស់ពួកគេគ្រប់គ្រាន់ហើយ ឬពួកគេមានអារម្មណ៍ថាពួកគេត្រូវធ្វើការកែតម្រូវទៀត ? សូមអញ្ជើញសិស្សឲ្យពិចារណាប្រកបដោយការអធិស្ឋានអំពីសំណួរទាំងនេះពេញមួយមេរៀន ។
ព្រះអម្ចាស់ស្គាល់អ្នក
យ៉ូសែប ស្ម៊ីធ និងអ្នកដទៃទៀតបានស្វែងរកការណែនាំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ទាក់ទងនឹងតួនាទីរបស់ពួកលោកនៅក្នុងសាសនាចក្រដែលទើបបានស្ដារឡើងវិញ ។ គោលលទ្ធិ និងសេចក្តីសញ្ញា ២៣–២៤ មានការឆ្លើយតបរបស់ព្រះអង្គសង្គ្រោះចំពោះបំណងប្រាថ្នាដ៏ស្មោះត្រង់របស់ពួកលោកក្នុងការទទួលបានការណែនាំពីព្រះ ។
សូមពិចារណាសរសេរសេចក្ដីពិតដូចតទៅនេះនៅលើក្ដារខៀន ៖ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្គាល់យើងម្នាក់ៗ ហើយនឹងប្រទានដំបូន្មានដល់យើង ស្របតាមបំណងប្រាថ្នា និងកាលៈទេសៈរបស់យើង ។
នៅពេលសិស្សពិភាក្សាអំពីគោលការណ៍នេះ អ្នកអាចចង្អុលបង្ហាញថា យើងអាចទទួលបានដំបូន្មានមកពីព្រះតាមរយៈការអធិស្ឋាន ព្រះគម្ពីរ ប្រសាសន៍របស់ព្យាការី ឪពុកម្ដាយ ថ្នាក់ដឹកនាំមជ្ឈិមវ័យដែលគួរឲ្យទុកចិត្ត ។ ល ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២៣:១–៦ ដោយរកមើលភស្ដុតាងនៃសេចក្តីពិតនេះ ។
-
តើអ្នកបានរកឃើញភស្តុតាងអ្វី ?
-
តើភស្តុតាងនេះជះឥទ្ធិពលលើការយល់ដឹងរបស់អ្នកអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
ស៊ីស្ទើរ គ្រីស្ទីណា ប៊ី ហ្វ្រេនកូ ដែលបម្រើជាទីប្រឹក្សាទីពីរក្នុងគណៈប្រធានអង្គការបឋមសិក្សាទូទៅ បានបង្រៀន ៖
ព្រះវរបិតាសួគ៌ក៏ស្គាល់អ្នកផងដែរ ។ ទ្រង់ជ្រាបពីកន្លែងដែលអ្នកនៅ និងស្គាល់អ្នក ហើយដឹងពីតម្រូវការអ្នក ។ ទ្រង់ព្រះសណ្ដាប់ ហើយឆ្លើយតបការអធិស្ឋានរបស់អ្នក ។ មិនថាអ្នកមានអារម្មណ៍ឯកោបែបណានោះទេ ទ្រង់គង់នៅទីនោះជានិច្ច ។ អ្នកពុំនៅឯកោឡើយ ។ អ្នកអាចបែរទៅរកទ្រង់បាន ។ ( គ្រីស្ទីណា ប៊ី ហ្វ្រានកូ « Heavenly Father Knows You » Friend ខែ មិថុនា ឆ្នាំ ២០១៨ ទំព័រ ១៦ )
-
តើព្រះប្រទានដំបូន្មានដល់យើងស្របតាមបំណងប្រាថ្នា និងកាលៈទេសៈរបស់យើងដោយរបៀបណា ?
ទ្រង់ទាំងទ្វេអាចដឹកនាំជីវិតរបស់ខ្ញុំ
សំណៅចែកដែលភ្ជាប់មកជាមួយអាចជួយសិស្សឲ្យយល់ពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចប្រទានការណែនាំដល់ពួកគេបាន ស្របតាមកាលៈទេសៈផ្ទាល់ខ្លួនរបស់ពួកគេ ។ សូមពិចារណាបែងចែកសិស្សជាគូ ឬក្រុមតូចៗ ហើយផ្តល់ឲ្យសំណៅចែកមួយច្បាប់ដល់សិស្សម្នាក់ៗ ។ សូមអនុញ្ញាតឲ្យសិស្សជ្រើសរើសអ្នកដែលពួកគេនឹងរៀនអំពី ។ បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយនោះ សូមអញ្ជើញពួកគេឲ្យចែកចាយការរកឃើញរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ទាំងមូល ។
អ្នកក៏អាចពិចារណាចាត់តាំងក្រុមនីមួយៗឲ្យរៀនពីមនុស្សម្នាក់ ឬពីរនាក់ផងដែរ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ២៣–២៤ ៖ ដំបូន្មានមកពីព្រះអម្ចាស់
ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា—គោលលទ្ធិ និងសេចក្តីសញ្ញា ២៣–២៤
សូមជ្រើសរើសអានយ៉ាងហោចណាស់អំពីមនុស្សពីរនាក់ក្នុងចំណោមមនុស្សខាងក្រោមនេះ ៖ សូមរកមើលឃ្លានានានៅក្នុងខគម្ពីរនេះ ដែលទាក់ទងនឹងការសង្ខេបប្រវត្តិសាស្រ្ត ។ ការណ៍នេះអាចជួយអ្នកឲ្យមើលឃើញភស្តុតាងថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានស្គាល់មនុស្សម្នាក់ៗ ហើយបានប្រទានដំបូន្មានសម្រាប់ជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ។
អូលីវើរ ខៅឌើរី
អូលីវើរ គឺជាគ្រូបង្រៀន ។ គាត់បានធ្វើជាស្មៀនសរសេរឲ្យ យ៉ូសែប ស៊្មីធ ជុញ្ញ័រ នៅពេលបកប្រែព្រះគម្ពីរមរមន ។ គាត់គឺជាសាក្សីម្នាក់ក្នុងចំណោមសាក្សីបីនាក់នៃព្រះគម្ពីរមរមន ហើយជាអែលឌើរទីពីរនៃសាសនាចក្រដែលបានស្ដារឡើងវិញ ។ គាត់បានចែកចាយដំណឹងល្អជាមួយនឹងគ្រួសារ វិតមើរ និងមិត្តភក្តិផ្សេងទៀតរបស់គាត់នៅភូមិហ្វាយែត រដ្ឋញូវយ៉ក ។ នៅឱកាសជាច្រើន សេចក្តីឆ្មើងឆ្មៃរបស់គាត់បានបង្ហាញឲ្យឃើញ រួមទាំងពេលដែលគាត់បានសរសេរទៅ យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ទាក់ទងនឹងផ្នែកនៃវិវរណៈដែលគាត់មិនយល់ស្របផងដែរ ។ សេចក្តីឆ្មើងឆ្មៃរបស់គាត់បានធ្វើឲ្យគាត់ចាកចេញពីសាសនាចក្រមួយរយៈចន្លោះឆ្នាំ ១៨៣៨ និង ១៨៤៧ ។
ហៃរុម ស៊្មីធ
ហៃរុម គឺជាបងប្រុសរបស់ព្យាការី យ៉ូសែប ស្ម៊ីធ ។ ហៃរុម ស្ម៊ីធ បានជួយក្នុងការបោះពុម្ពព្រះគម្ពីរមរមនដោយការធ្វើការដោយផ្ទាល់ជាមួយនឹងអ្នកបោះពុម្ព ។ គាត់មានបំណងប្រាថ្នាដ៏មហិមាក្នុងការផ្សព្វផ្សាយដំណឹងល្អដែលបានស្ដារឡើងវិញ ប៉ុន្តែគាត់ត្រូវបានសុំឲ្យរង់ចាំ ហើយរៀបចំខ្លួនដោយការសិក្សាព្រះបន្ទូលរបស់ព្រះសិន ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១១:២១–២២ ) ។ គាត់បានបម្រើជាប្រធាននៃសាខាទីមួយរបស់សាសនាចក្រនៅ ខូស្វីល រដ្ឋនូវយ៉ោក ។ ហៃរុម បានបំពេញកាតព្វកិច្ចរបស់គាត់ចំពោះសាសនាចក្រ ហើយស្មោះត្រង់ចំពោះព្រះអម្ចាស់ពេញមួយជីវិតរបស់គាត់ ។
យ៉ូសែប ណៃត៍ ស៊ីញ្ញ័រ
យ៉ូសែប ណៃត៍ ស៊ីញ្ញ័រ គឺជាមិត្តជិតស្និទ្ធម្នាក់របស់ យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ហើយបានបង្ហាញដល់លោកនូវសន្ដានចិត្តដ៏ល្អ ។ គាត់បានផ្ដល់សម្ភារទៅដល់ព្យាការី ខណៈដែលលោកធ្វើការបកប្រែព្រះគម្ពីរមរមន ។ គាត់មានបំណងចង់ទទួលពិធីបុណ្យជ្រមុជទឹកជាមួយអ្នកដទៃទៀត នៅថ្ងៃដែលសាសនាចក្រត្រូវបានរៀបចំឡើង ប៉ុន្តែគាត់បានរង់ចាំសិន ដោយសារគាត់ចង់សិក្សាព្រះគម្ពីរមរមនបន្ថែម ។ ភ្លាមៗបន្ទាប់ពីបានទទួលដំបូន្មានរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ២៣ យ៉ូសែប ណៃត៍ ស៊ីញ្ញ័រ បានជ្រើសរើសទទួលពិធីបុណ្យជ្រមុជទឹក ។ គាត់នៅតែជាសមាជិកដ៏ស្មោះត្រង់ម្នាក់នៃសាសនាចក្រពេញមួយជីវិតរបស់គាត់ ។
យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ
យ៉ូសែប ស៊្មីធ ជុញ្ញ័រ គឺជាព្យាការីរបស់ព្រះអម្ចាស់ ។ នៅខែ មេសា ឆ្នាំ ១៨៣០ យ៉ូសែបបានរៀបចំសាសនាចក្រដែលបានស្ដារឡើងវិញ ។ ភ្លាមៗនោះ សាសនាចក្រថ្មីបានប្រឈមមុខនឹងការបៀតបៀន ។ យ៉ូសែប ត្រូវបានគេចាប់ខ្លួនដោយចោទប្រកាន់ពីរឿងមិនពិត ហើយក៏ត្រូវបានដោះលែងមកវិញ ។ លោកមានទំនួលខុសត្រូវក្នុងការផ្គត់ផ្គង់ដល់គ្រួសាររបស់លោក ហើយដឹកនាំសាសនាចក្រនៅពេលជាមួយគ្នា ។ « កាលលោករវល់ជាមួយព្រះវិហារថ្មី លោកត្រូវដាំដំណាំក្នុងពេលឆាប់ៗ ប្រសិនបើលោកចង់ច្រូតកាត់បានជោគជ័យនារដូវស្លឹកឈើជ្រុះនោះ ។ ការបង់ប្រាក់របស់លោកទៅឪពុករបស់ អិមម៉ា នៅកសិដ្ឋានគឺយឺតពេលទៅហើយ ហើយប្រសិនបើដំណាំរបស់លោកបរាជ័យ នោះលោកនឹងត្រូវរកវិធីផ្សេងទៀតដើម្បីសងបំណុលរបស់លោក » ( ពួកបរិសុទ្ធ ១:៩០ ) ។
© ឆ្នាំ ២០២៣ by Intellectual Reserve, Inc. All rights reserved.
បន្ទាប់ពីសិស្សបញ្ចប់ការសិក្សារបស់ពួកគេហើយ សូមអញ្ជើញពួកគេឲ្យចែកចាយភស្តុតាងដែលពួកគេបានរកឃើញថា ព្រះអម្ចាស់ស្គាល់បុគ្គលទាំងនេះ ។
អ្នកអាចបង្ហាញវីដេអូ « Heavenly Father Knows Me » ( ៣:១៨ ) ដើម្បីជួយសិស្សរៀបចំគំនិត និងចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ ។
សំណួរខាងក្រោមអាចជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅនៃអារម្មណ៍របស់ពួកគេអំពីព្រះទ័យរបស់ព្រះអម្ចាស់ចំពោះពួកគេ ។ សូមពិចារណាផ្តល់ពេលវេលាឲ្យសិស្សសរសេរចម្លើយរបស់ពួកគេក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សិស្សខ្លះអាចនឹងមានអារម្មណ៍ថា ព្រះអម្ចាស់មិនស្គាល់ពួកគេទេ ។ សូមធានាដល់សិស្សម្នាក់ៗថា ទ្រង់ពិតជាស្គាល់ពួកគេ ហើយលើកទឹកចិត្តពួកគេឲ្យបន្តស្វែងរកជំនួយ និងការណែនាំពីព្រះអម្ចាស់ ។
-
តើភស្ដុតាងអ្វីខ្លះដែលអ្នកបានឃើញថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្គាល់អ្នក ហើយដឹងអំពីអ្នក ?
-
តើការណ៍នេះមានអានុភាពលើទំនាក់ទំនងរបស់អ្នកជាមួយទ្រង់ទាំងទ្វេដោយរបៀបណា ?
-
តើដំបូន្មានអ្វីខ្លះដែលអ្នកគិតថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងប្រទានដល់អ្នកក្នុងស្ថានភាពបច្ចុប្បន្នរបស់អ្នក ?
សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយបទពិសោធន៍ដែលពួកគេ ឬអ្នកដទៃទៀតដែលពួកគេស្គាល់បានមាន ដែលបានជួយពួកគេឲ្យដឹងថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានជ្រាបដឹងអំពីពួកគេ ។ សូមរំឭកសិស្សថាកុំឲ្យចែកចាយអ្វីដែលមានលក្ខណៈផ្ទាល់ខ្លួន ឬពិសិដ្ឋពេក ។
សូមពិចារណាថ្លែងទីបន្ទាល់ផ្ទាល់ខ្លួន ឬចែកចាយបទពិសោធន៍ដែលបង្ហាញពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្គាល់យើងម្នាក់ៗ ហើយនឹងផ្តល់ដំបូន្មានដល់យើង ស្របតាមបំណងប្រាថ្នា និងកាលៈទេសៈរបស់យើង ។