ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ២១–២៧ ខែ សីហា ។ កូរិនថូស ទី១ ១–៧ ៖ « ត្រូវ​ឲ្យ​បាន​រួបរួម​គ្នា »


« ថ្ងៃទី ២១–២៧ ខែ សីហា ។ កូរិនថូស ទី១ ១–៧ ៖ ‹ ត្រូវ​ឲ្យ​បាន​រួបរួម​គ្នា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២១–២៧ ខែ សីហា ។ កូរិនថូស ទី១ ១–៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
កូរិនថូស​ពីបុរាណ

កូរិនថូស ក្រិកប៉ែក​ខាង​ត្បូង មជ្ឈមណ្ឌល​វេទិកា​ប្រជុំ និង​ស៊ីវិល គំនូរ​ដោយ បាឡាក បាឡុក/www.ArchaeologyIllustrated.com

ថ្ងៃទី ២១–២៧ ខែ សីហា

កូរិនថូស ទី១ ១–៧

« ត្រូវ​ឲ្យ​បាន​រួបរួម​គ្នា »

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន​ថា មនុស្ស​ភាគច្រើន « មក [ ព្រះវិហារ ] ដើម្បី​ស្វែងរក​បទពិសោធន៍​ខាង​វិញ្ញាណ​មួយ » ( « A Teacher Come from God » Ensign ខែ ឧសភា ឆ្នាំ​១៩៩៨ ទំព័រ ២៦ ) ។ នៅពេល​បងប្អូន​អាន កូរិនថូស ទី១ ១–៧ សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​នូវ​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​បាន ដើម្បី​ជួយ​បង្កើត​បទពិសោធន៍​ខាង​វិញ្ញាណ​នៅក្នុង​ថ្នាក់រៀន​របស់​បងប្អូន ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ពិចារណា​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សរសេរ​អំពី​របៀប ដែល​ពួកគេ​បាន​ធ្វើតាម​អ្វី​ដែល​ពួកគេ​កំពុង​តែ​រៀន​មកពី​ព្រះគម្ពីរ ។ សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ពីរបី​នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

កូរិនថូស ទី១ ១:១០–១៧

សមាជិក​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​ខិតខំ​មាន​សាមគ្គីភាព ។

  • ការពិភាក្សា​អំពី​ជំពូក​ពីរ​បី​ដំបូង​នៃ កូរិនថូស ទី១ អាច​ជា​ឱកាស​មួយ​ដើម្បី​បង្កើត​សាមគ្គីភាព​ដ៏​អស្ចារ្យ​នៅក្នុង​ចំណោម​សមាជិក​វួដ ។ បងប្អូន​អាច​ចាប់ផ្ដើម​ដោយ​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​និយាយ​អំពី​ក្លិប ក្រុម ឬ​អង្គការ​ផ្សេងទៀត​មួយ ដែល​ពួកគេ​បាន​ចូលរួម ដែល​មាន​សាមគ្គីភាព​យ៉ាង​រឹងមាំ ។ ហេតុអ្វី​ក្រុម​នេះ​មាន​សាមគ្គីភាព​ខ្លាំង​ម៉្លេះ ? បន្ទាប់​មក បងប្អូន​អាច​ស្វែងយល់​ពី​ការបង្រៀន​មួយ​ចំនួន​របស់​ប៉ុល​ស្ដីពី​សាមគ្គីភាព​នៅក្នុង កូរិនថូស ទី១ ១:១០–១៣; ៣:១–១១ ។ តើ​ខគម្ពីរ​ទាំង​នេះ ព្រមជា​មួយ​នឹង​បទពិសោធន៍​របស់​យើង បង្រៀន​អ្វីខ្លះ​អំពី​អ្វី​ដែល​ជួយ​បង្កើត​ឲ្យមាន​សាមគ្គីភាព និង​អ្វី​ដែល​គំរាម​កំហែង​ដល់​សាមគ្គីភាព ? តើ​យើង​ត្រូវ​លះបង់​អ្វីខ្លះ ដើម្បី​ទទួល​បាន​សាមគ្គីភាព ? តើ​ពរជ័យ​អ្វីខ្លះ​កើត​មាន​ចំពោះ​ជន​ដែល​មាន​សាមគ្គីភាព ? សូមមើល​ផងដែរ​ការប្រៀបធៀប​របស់​ស៊ីស្ទើរ ហ្សារ៉ុន អូប៊ែង នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។

  • នៅក្នុង កូរិនថូស ទី១ ៣:៩–១៧ ប៉ុល​ប្រើ​រូបភាព​ផ្ទះ​មួយ​ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​មាន​សាមគ្គីភាព ។ តើ​ការប្រៀបធៀប​នេះ​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​យល់​ពី​សាមគ្គីភាព​កាន់តែ​ច្បាស់​តាម​របៀប​ណា ? ឧទាហរណ៍ បន្ទាប់​ពី​អាន​ខគម្ពីរ​ទាំងនេះ​រួមគ្នា​មក បងប្អូន​អាច​ឲ្យ​ដុំឈើ​មួយ​ដល់​សមាជិក​ក្នុង​ថ្នាក់​ម្នាក់ៗ ហើយ​ឲ្យ​ពួកគេ​សង់​អ្វីមួយ​រួមគ្នា ។ តើ​យើង​គឺជា « ផ្ទះ​ដែល​ព្រះ​ទ្រង់​ធ្វើ » តាម​របៀប​ណា ? ( កូរិនថូស ទី១ ៣:៩ ) ។ តើ​ព្រះ​ទ្រង់​សង់​យើង​ម្នាក់ៗ​តាម​របៀប​ណា ? តើ​យើង​កំពុង​សង់​អ្វី​រួមគ្នា​ក្នុង​នាម​ជា​ពួកបរិសុទ្ធ ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ក្នុងនាម​ជា​វួដ​ដែល​មាន​សាមគ្គីភាព ហើយ​ដែល​យើង​មិន​អាច​ធ្វើ​បាន​តែ​ម្នាក់ឯង​នោះ ?

កូរិនថូស ទី១ ១:១៧–៣១; ; ៣:១៨–២០

ដើម្បី​សម្រេច​​កិច្ចការ​របស់​ព្រះ យើង​ចាំបាច់​ត្រូវការ​ព្រះប្រាជ្ញា​ញាណ​របស់​ព្រះ ។

  • នេះ​គឺជា​គំនិត​មួយ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​ពឹងផ្អែក​លើ​ព្រះ ៖ សូម​បំបែក​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ជា​ក្រុមៗ ហើយ​សូមឲ្យ​ពួកគេ​មើល​ត្រួសៗ​ក្នុង កូរិនថូស ទី១ ១:១៧–៣១;  ឬ ៣:១៨–២០ ដោយ​ស្រាវជ្រាវ​រក​ពាក្យ​ដូចជា ប្រាជ្ញា និង ល្ងង់ល្ងើ ។ បន្ទាប់​មក ពួកគេ​អាច​ចែកចាយ​នៅក្នុង​ក្រុម​របស់​ពួកគេ នូវ​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​ការមាន​ប្រាជ្ញា​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ។ តើ​រឿង​អ្វីខ្លះ​អំពី​ដំណឹងល្អ​ដែល​អាច​ទំនង​ជា​សេចក្ដី​ល្ងង់ល្ងើ​ចំពោះ​មនុស្ស​មួយ​ចំនួន ? តើ​រឿង​ទាំងនេះ​បង្ហាញ​អំពី​ព្រះប្រាជ្ញា​ញាណ​របស់​ព្រះ​យ៉ាង​ដូចម្ដេច ? ប្រហែល​ជា​សមាជិក​ក្នុង​ថ្នាក់​ក៏អាច​ចែកចាយ​បទពិសោធន៍​នានា ដែល​ពួកគេ​បាន​ទុកចិត្ត​លើ​ព្រះប្រាជ្ញា​ញាណ​របស់​ព្រះ ជាជាង​លើ​ប្រាជ្ញា​របស់​ខ្លួន​ផ្ទាល់ ដើម្បី​សម្រេច​កិច្ចការ​របស់​ទ្រង់​ផងដែរ ។

កូរិនថូស ទី១ ៦:៩–២០

រូបកាយ​របស់​យើង​គឺ​ពិសិដ្ឋ ។

  • ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា​មួយ​អំពី​ខគម្ពីរ​ទាំងនេះ បងប្អូន​អាច​សរសេរ​នៅលើ​ក្ដារខៀន​នូវ​សំណួរ​ដូច​តទៅ​នេះ ៖ តើ​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​មើលទៅ​រូបកាយ​របស់​យើង​យ៉ាង​ដូចម្ដេច ? តើ​ការណ៍​នេះ​ខុសប្លែក​ពី​វិធី​ដែល​សាតាំង​ចង់ឲ្យ​យើង​គិត​អំពី​រូបកាយ​របស់​យើង​យ៉ាង​ដូចម្ដេច ? តើ​ឃ្លា​ថា រូបកាយ​របស់​យើង​គឺជា​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ន័យ​ដូចម្ដេច ? សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ​នៅក្នុង កូរិនថូស ទី១ ៦:៩–២០ ( សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១៥; ម៉ូសេ ៦:៨–៩ ) ។

  • ការពិភាក្សា​របស់​បងប្អូន​អំពី​ភាពបរិសុទ្ធ​នៃ​រូបកាយ​របស់​យើង អាច​រួមមាន​នូវ​ការសន្ទនា​មួយ​អំពី​ច្បាប់​ព្រហ្មចារីភាព ។ ប្រហែល​ជា​បងប្អូន​អាច​សួរ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ថា តើ​ពួកគេ​រៀន​បាន​អ្វីខ្លះ​មកពី​ប៉ុល—ក៏​ដូចជា​មកពី​ធនធាន​ផ្សេងទៀត​របស់​សាសនាចក្រ—ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ពន្យល់​ដល់​មនុស្ស​ដទៃ អំពី​ហេតុផល​ដែល​ព្រហ្មចារីភាព​មាន​សារៈសំខាន់ ។ ធនធាន​ទាំងនេះ​មួយ​ចំនួន​អាច​រួមមាន​ធនធាន ដែល​មាន​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។

រូបភាព
រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

« ភាពខុសប្លែកពីគ្នា​អាច​ប្រែ​ទៅជា​គុណសម្បត្តិ » ។

ស៊ីស្ទើរ ហ្សារ៉ុន អូប៊ែង បាន​ពិពណ៌នា​អំពី​របៀប​ដែល​ក្រុម​អុំទូក​បាន​ប្រណាំង​គ្នាដោយ​មាន​សាមគ្គីភាព ៖

« អ្នកអុំទូក​ត្រូវតែ​គ្រប់គ្រង​លើ​ភាពឯករាជ្យ​ដ៏ខ្លាំងក្លា​របស់​ពួកគេ ស្របពេល​គ្នា​ដែល ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​សមត្ថភាព​បុគ្គល​របស់​ពួកគេ​ម្នាក់ៗ ។ ការប្រណាំង​មិន​បាន​ឈ្នះ​ដោយសារ​អ្នកអុំ​ទាំងនោះ​ជា​មនុស្ស​ដូចគ្នា​ទាំងអស់​នោះ​ទេ ។ ក្រុម​ល្អ​គឺ​ក្រុម​ដែល​មាន​ភាពលាយឡំ​គ្នា​យ៉ាង​ច្រើន—មាន​ម្នាក់​​ដឹកនាំ ម្នាក់​​កាន់​អ្វី​មួយ​ត្រៀម ម្នាក់ប្រយុទ្ធ និង​ម្នាក់​ទៀត​បង្កើត​សន្តិភាព ។ គ្មាន​អ្នកចែវ​ទូក​ណា​មាន​តម្លៃ​ជាង​អ្នកចែវ​ផ្សេងទៀត​ទេ ពួកគេ​ទាំងអស់​គ្នា​ជា​ទ្រព្យ​ចំពោះ​ទូក​នោះ ប៉ុន្តែ​បើ​ពួកគេ​ត្រូវ​អុំ​ឲ្យ​បាន​ល្អ​ជាមួយ​គ្នា នោះ​ម្នាក់ៗ​ត្រូវតែ​កែ​តម្រូវ​ឲ្យ​ត្រូវ​នឹង​តម្រូវការ និង​សមត្ថភាព​របស់​អ្នក​ផ្សេងទៀត—អ្នក​មាន​ដៃ​ខ្លី​ត្រូវ​ឈោង​ទៅ​ឲ្យ​បាន​ឆ្ងាយ​បន្តិច ហើយ​អ្នក​មាន​ដៃ​វែង​ត្រូវ​ទាញ​ចូល​បន្តិច ។

« ភាពខុសប្លែកពី​គ្នា​អាច​ប្រែ​ទៅ​ជា​គុណសម្បត្តិ​ជាជាង​គុណវិបត្តិ » ( « By Union of Feeling We Obtain Power with God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៥៦; សូមមើល Daniel James Brown The Boys in the Boat: Nine Americans and Their Epic Quest for Gold at the 1936 Berlin Olympics [ ឆ្នាំ ២០១៣ ] ទំព័រ ១៦១, ១៧៩ ) ។

ពរជ័យ​នៃ​ភាពបរិសុទ្ធ​ខាង​ផ្លូវភេទ ។

ជែហ្វ្រី អ័រ ហូឡិន « Personal Purity » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៧៦ ។

ដេវីឌ អេ បែដណា « We Believe in Being Chaste » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤២ ។

« Chastity: What Are the Limits? » « I Choose to Be Pure » ( វីដេអូ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org

ការកែលម្អ​ការបង្រៀន​របស់​យើង

ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ប៉ុល « មិន​បាន​មក​ដោយ​ប្រើ​វោហារ ឬ​ប្រាជ្ញា​ដ៏​ឧត្តម ដើម្បី​នឹង​ប្រាប់​សេចក្តី​បន្ទាល់​ពី​ព្រះ … ទេ » ( កូរិនថូស ទី១ ២:១ ) ។ ទីបន្ទាល់​ដ៏​សាមញ្ញ​របស់​បងប្អូន​អំពី​ព្រះអង្គ​សង្គ្រោះ​អាច​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​មួយ ។