ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ៧–១៣ ខែ សីហា ។ រ៉ូម ១–៦ ៖ « ព្រះចេស្តា​នៃ​ព្រះ​សម្រាប់​នឹង​ជួយ​សង្គ្រោះ »


« ថ្ងៃទី ៧–១៣ ខែ សីហា ។ រ៉ូម ១–៦ ៖ ‹ ព្រះចេស្តា​នៃ​ព្រះ​សម្រាប់​នឹង​ជួយ​សង្គ្រោះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៧–១៣ ខែ សីហា ។ រ៉ូម ១–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
ប៉ុល​កំពុង​សរសេរ​សំបុត្រ

ថ្ងៃទី ៧–១៣ ខែ សីហា

រ៉ូម ១–៦

« ព្រះចេស្តា​នៃ​ព្រះ​សម្រាប់​នឹង​ជួយ​សង្គ្រោះ »

សូម​អាន រ៉ូម ១–៦ ប្រកប​ដោយ​ការអធិស្ឋាន​ដោយ​គិត​អំពី​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន ។ ការណ៍​នេះ​នឹង​ជួយ​បងប្អូន​ឲ្យ​ឆាប់​ទទួល​អារម្មណ៍​បំផុស​គំនិត​មកពី​ព្រះវិញ្ញាណ នៅពេល​បងប្អូន​រៀបចំ​ខ្លួន​បង្រៀន ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ទុក​ពេល​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ពីរបី​នាទី​ដើម្បី​ស្រាវជ្រាវ​ក្នុង រ៉ូម ១–៦ រកមើល​ខគម្ពីរ​មួយ ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ពួកគេ​ឲ្យ​យល់បាន​កាន់តែ​ច្បាស់ ។ បន្ទាប់​មក ពួកគេ​អាច​ចែកចាយ​ខគម្ពីរ​ដែល​ពួកគេ​បាន​ជ្រើសរើស ជាមួយ​នឹង​សមាជិក​ក្នុង​ថ្នាក់​ម្នាក់​ដែល​អង្គុយ​ក្បែរ​ពួកគេ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

រ៉ូម ១:១៦–១៧

« ខ្ញុំ​គ្មាន​សេចក្តីខ្មាស​ចំពោះ​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ​ទេ » ។

  • មនុស្ស​ជាច្រើន​មាន​បទពិសោធន៍ ដែល​ពួកគេ​ត្រូវបាន​គេ​សើច​ចំអក​ដោយសារ​ជំនឿ​របស់​ពួកគេ ។ ដើម្បី​ជួយ​ដល់​សមាជិក​ក្នុង​ថ្នាក់ នៅពេល​ពួកគេ​មាន​បទពិសោធន៍​បែប​នោះ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន រ៉ូម ១:១៦–១៧ ហើយ​គិតពី​ឧទាហរណ៍​មកពី​គម្ពីរ​កិច្ចការ ដែល​ប៉ុល​បាន​បង្ហាញ​ថា លោក​គ្មាន​សេចក្ដីខ្មាស​ចំពោះ​ដំណឹងល្អ​ទេ ។ ប្រហែល​សមាជិក​ក្នុង​ថ្នាក់​ក៏អាច​ចែកចាយ​មូលហេតុ​នានា ដែល​ពួកគេ​មាន​អារម្មណ៍​ថា​មិន​ខ្មាស​ចំពោះ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។ ឬ​ពួកគេ​អាច​ចែកចាយ​បទពិសោធន៍​នានា ដែល​ពួកគេ ឬ​មនុស្ស​ដទៃទៀត​បាន​បង្ហាញ​ថា ពួកគេ​ពុំបាន​ខ្មាសអៀន​ចំពោះ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ ។

    រូបភាព
    សមាជិក​ក្នុង​ថ្នាក់​​លើកដៃ​

    យើង​អាច​គ្មាន​ភាពខ្មាសអៀន​ក្នុង​ការចែកចាយ​ទីបន្ទាល់​របស់​យើង​អំពី​ដំណឹងល្អ​បាន ។

រ៉ូម ២:២៨–២៩

ភាពជា​សិស្ស​ដ៏​ពិត​គឺ​ស្ដែងឲ្យ​ឃើញ​នៅក្នុង​ការតាំងចិត្ត​របស់​យើង ពុំមែន​គ្រាន់តែ​ក្នុង​ទង្វើ​របស់​យើង​ប៉ុណ្ណោះ​ទេ ។

  • តើ​យើង​វាយតម្លៃ​ភាពជា​សិស្ស​របស់​យើង​ផ្ទាល់ខ្លួន​តាម​របៀប​ណា ? ពាក្យ​ទូន្មាន​របស់​ប៉ុល​ទៅកាន់​ពួករ៉ូម អាច​ជួយ​យើង​ឲ្យ​ចងចាំ​ដើម្បី​ផ្ដោត​កាន់តែ​ខ្លាំង « នៅក្នុង​ចិត្ត [ និង ] ខាង​ព្រលឹង​វិញ្ញាណ » ( រ៉ូម ២:២៩ ) ជាជាង​លើ​សកម្មភាព​ខាងក្រៅ ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​យល់​អំពី​ពាក្យ​ទូន្មាន​របស់​ប៉ុល នោះ​បងប្អូន​អាច​សរសេរ​ពាក្យ​មកពី រ៉ូម ២:២៨–២៩ ដាក់​នៅលើ​ក្ដារខៀន​បាន ។ សូម​ប្ដូរ​ពាក្យ សាសន៍​យូដា ទៅជា ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ហើយ​ពាក្យ ការកាត់​ស្បែក ទៅ​ជា សេចក្តីសញ្ញា វិញ ។ តើ​ការផ្លាស់ប្ដូរ​នេះ​បន្ថែម​អ្វីខ្លះ ដល់​ការយល់ដឹង​របស់​យើង​អំពី​ការបង្រៀន​របស់​ប៉ុល ? បងប្អូន​ក៏​អាច​ពិភាក្សា​ឧទាហរណ៍​នៃ​កិច្ចការ ដែល​យើង​ធ្វើ​ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​ដែល​មាន​ន័យ និង​មាន​អានុភាព​កាន់តែ​ខ្លាំង​ឡើង នៅពេល​វា​ធ្វើ​ឡើង « នៅក្នុង​ចិត្ត​ខាង​ព្រលឹង​វិញ្ញាណ » ផងដែរ ( រ៉ូម ២:២៩ ) ។

រ៉ូម ៣–៦

« កន្លែង​ណា​ដែល​មាន​បាប​ចម្រើន​ជា​បរិបូរ​ឡើង នោះ​ព្រះគុណ​ក៏​ចម្រើន​ជា​បរិបូរ​លើស​ទៅ​ទៀត » ។

  • តើ​បងប្អូន​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​យល់ពី​ការបង្រៀន​របស់​ប៉ុល​អំពី​សេចក្ដី​ជំនឿ ការប្រព្រឹត្ត និង​ព្រះគុណ​ដោយ​របៀប​ណា ? សូម​ពិចារណា​ចែកចាយ​នូវ​សាច់រឿង​ពីរ​ដូច​តទៅ​នេះ ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​ថា យើង​មិន​គួរ​មើល​ឃើញ​ការប្រព្រឹត្ត​ល្អ​របស់​យើង​ជា​វិធី​មួយ ដើម្បី​បង្ហាញ​ពី​ភាពស័ក្ដិសម​របស់​យើង​ឡើយ ឬ​ក៏​មិន​គួរមើល​ព្រះគុណ​របស់​ព្រះគ្រីស្ទ​ថាជា​ហេតុផល​មួយ​ដើម្បី​ដោះសា​ចំពោះ​កំហុស និង​អំពើបាប​របស់​យើង​ដែរ ។ សមាជិក​ក្នុង​ថ្នាក់​អាច​ស្រាវជ្រាវ​រក​សេចក្ដីពិត​នៅក្នុង រ៉ូម ៣:២០–៣១; ៥:១–២; ៦:១–២, ២១–២៣ ដែល​អាច​ជួយ​គ្លូរីយ៉ា និង​ចាស្ទីន បាន ។ តើ​មាន​សេចក្ដីពិត​ផ្សេងទៀត​ណាខ្លះ​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ដែល​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​ការប្រព្រឹត្ត​សុចរិត​ផង និង​ការទុកចិត្ត​លើ​ព្រះគុណ​នៃ​ព្រះគ្រីស្ទ​ផង ?

    សាច់រឿង ទី១

    មិត្ត​ម្នាក់​ឈ្មោះ គ្លូរីយ៉ា មាន​ការថប់​បារម្ភ​នៅក្នុង​ការខិតខំ​ប្រឹងប្រែង​របស់​នាង​ដើម្បី​ធ្វើជា​សិស្ស​ដ៏​ស្មោះត្រង់​ម្នាក់ ។ នាង​ខិតខំ​ធ្វើអ្វី​គ្រប់យ៉ាង ដែល​នាង​គិត​ថា​នាង​គួរ​ធ្វើ ប៉ុន្តែ​ជារឿយៗ នាង​បារម្ភ​ថា ការខិតខំ​របស់​នាង​មាន​ការខ្វះខាត ។ នាង​ងឿង​ឆ្ងល់​ថា « តើ​ខ្ញុំ​ធ្វើ​ល្មម​គ្រប់គ្រាន់​ដែរ​ឬទេ ? » « តើ​ព្រះអម្ចាស់​នឹង​ទទួល​យក​ខ្ញុំ​ដែរ​ឬ​ទេ ? »

    សាច់រឿង ទី២

    មិត្ត​ម្នាក់​ឈ្មោះ ចាស្ទីន មិនសូវ​បារម្ភ​ច្រើន​អំពី​ការធ្វើ​ការជ្រើសរើស​សុចរិត​ឡើយ ។ គាត់​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ គាត់​ចូលរួម​ការប្រជុំ​នៅ​ព្រះវិហារ ហើយ​គាត់​គឺជា​ឪពុក​ម្នាក់​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់ និង​ជា​អ្នកជិតខាង​ល្អ​ម្នាក់ ។ ប៉ុន្តែ​គាត់​បាន​ជ្រើសរើស​មិន​រស់នៅ​តាម​បទដ្ឋាន ដែល​នឹង​ធ្វើឲ្យ​គាត់​មាន​គុណសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ឡើយ ។ នៅពេល​គ្រួសារ និង​មិត្តភក្ដិ​ព្យាយាម​លើក​ទឹកចិត្ត​គាត់​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ នោះ​គាត់​បាន​តប​ថា « ខ្ញុំ​គឺជា​មនុស្ស​ល្អ​ហើយ ។ ខ្ញុំ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ ។ ទ្រង់​បាន​បង់ថ្លៃ​សម្រាប់​អំពើបាប​ខ្ញុំ​រួចហើយ ហើយ​ខ្ញុំ​មិន​គិត​ថា ទ្រង់​នឹង​មិន​ឲ្យ​ខ្ញុំ​ចូល​ទៅ​នគរ​សេឡេស្ទាល ដោយសារ​បញ្ហា​បន្តិច​បន្តួច​បែបនេះ​នោះ​ទេ » ។

រូបភាព
រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

សេចក្ដី​ជំនឿ ព្រះគុណ និង​ការប្រព្រឹត្ត ។

សាច់រឿង ទី១

  • អេធើរ ១២:២៧

  • មរ៉ូណៃ ១០:៣២–៣៣

  • ជេ ដេវណ៍ ខួនីស្ស « Am I Good Enough ? Will I Make It? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៣២–៣៤

  • ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បាន​បង្រៀន ៖ « សេចក្តី​សង្គ្រោះ​ពុំអាច​ទិញ​បាន​ដោយ​ប្រាក់​នៃ​ការគោរព​ប្រតិបត្តិ​ឡើយ តែ​អាច​ទិញបាន​ដោយ​ព្រះលោហិត​នៃ​បុត្រា​នៃ​ព្រះ ។ … ព្រះគុណ​គឺជា​អំណោយ​ពី​ព្រះ ហើយ​បំណង​ប្រាថ្នា​របស់​យើង​ក្នុង​ការគោរព​តាម​បញ្ញត្តិ​នីមួយៗ​របស់​ព្រះ គឺជា​ការបង្ហាញ​ដល់​ព្រះវរបិតា​សួគ៌​ថា យើង​ចង់​ទទួល​អំណោយទាន​ពិសិដ្ឋ​នេះ » ( « The Gift of Grace » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៩–១០ ) ។

សាច់រឿង ទី២

  • យ៉ាកុប ២:១៧–២៦

  • ហេលេមិន ១២:២៣–២៤

  • ឌី ថត គ្រីស្តូហ្វឺសិន « Abide in My Love » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៤៨–៥១

  • ប្រធាន អុជដូហ្វ បាន​បង្រៀន ៖ « បើ​ព្រះគុណ​គឺជា​អំណោយ​មកពី​ព្រះ តើ​ហេតុអ្វី​បានជា​ការគោរព​ដល់​ព្រះបញ្ញត្តិ​នៃ​ព្រះ​មាន​សារៈសំខាន់​ម្ល៉េះ ? ហេតុអ្វី​ខ្វល់ខ្វាយ​ពី​បទបញ្ញត្តិ​ព្រះ—ឬ​ប្រែចិត្ត​ចំពោះ​ការណ៍​ទាំងនោះ​ទៅវិញ ? … ការគោរព​ប្រតិបត្តិ​របស់​យើង​ចំពោះ​បទបញ្ញត្តិ​ព្រះ ជា​លទ្ធផល​ពិត​នៃ​សេចក្ដី​ស្រឡាញ់ និង​អំណរ​គុណ​គ្មាន​ទីបំផុត ដើម្បី​បាន​សេចក្ដី​ករុណា​របស់​ព្រះ ។ ទម្រង់​នៃ​សេចក្ដី​ស្រឡាញ់ និង​ការដឹងគុណ​ដ៏​ស្មោះ​នេះ នឹង​បញ្ចូល​កិច្ចការ​របស់​យើង​ជាមួយ​នឹង​ព្រះគុណ​នៃ​ព្រះ » ( « The Gift of Grace » ទំព័រ ១០៩ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ការហៅ​របស់​បងប្អូន​ត្រូវបាន​បំផុស​គំនិត ។ ក្នុង​នាម​ជា​គ្រូបង្រៀន​ម្នាក់ បងប្អូន​ត្រូវបាន​ហៅ​ដោយ​ព្រះអម្ចាស់ ដើម្បី​ផ្ដល់​ពរជ័យ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ។ ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​បងប្អូន​មាន​ជោគជ័យ ដូច្នេះ​កាល​បងប្អូន​រស់នៅ​ឲ្យ​ស័ក្ដិសម​នឹង​ជំនួយ​របស់​ទ្រង់ នោះ​ទ្រង់​នឹង​ប្រទាន​វិវរណៈ​ដែល​បងប្អូន​ស្វែងរក ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។