ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ១៧–២៣ ខែ​កក្កដា ។ កិច្ចការ ១០–១៥ ៖ « ព្រះបន្ទូល​ក៏​ដុះដាល​ចម្រើន​កាន់តែ​ច្រើន​ឡើង »


« ថ្ងៃទី ១៧–២៣ ខែ​កក្កដា ។ កិច្ចការ ១០–១៥ ៖ ‹ ព្រះបន្ទូល​ក៏​ដុះដាល​ចម្រើន​កាន់តែ​ច្រើន​ឡើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១៧–២៣ ខែ​កក្កដា ។ កិច្ចការ ១០–១៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
ពេត្រុសកំពុង​និយាយ​ជាមួយ​កូនេលាស

ថ្ងៃទី ១៧–២៣ ខែ កក្កដា

កិច្ចការ ១០–១៥

« ព្រះបន្ទូល​ក៏​ដុះដាល​ចម្រើន​កាន់តែ​ច្រើន​ឡើង »

ការសិក្សា កិច្ចការ ១០–១៥ ប្រកប​ដោយ​ការអធិស្ឋាន​ពីមុន​អាន​គម្រោង​មេរៀន​នេះ នឹង​ជួយ​បងប្អូន​ឲ្យ​ទទួល​បាន​ការបំផុស​គំនិត​មកពី​ព្រះអម្ចាស់ ។ គំនិត​ខាង​ក្រោម​នេះ​គឺ​គ្រាន់តែ​ជា​យោបល់​ប៉ុណ្ណោះ ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ជាមួយ​នរណាម្នាក់ ដែល​អង្គុយ​នៅក្បែរ​ពួកគេ​អំពី​អ្វី​ដែល​ព្រះវិញ្ញាណ​បាន​បង្រៀន​ពួកគេ នៅពេល​ពួកគេ​អាន កិច្ចការ ១០–១៥ ។ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ពីរ​បីនាក់ ឲ្យ​ចែកចាយ​ការយល់ដឹង​របស់​ពួកគេ​ជាមួយ​សមាជិក​នៅក្នុង​ថ្នាក់ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

កិច្ចការ ១០; ១១:១–១៨; ១៥:១–២៥

ព្រះវរបិតា​សួគ៌​បង្រៀន​យើង​មួយ​បន្ទាត់​ម្ដងៗ​តាមរយៈ​វិវរណៈ ។

  • សមាជិក​ក្នុង​ថ្នាក់​មួយ​ចំនួន​អាច​នឹង​មាន​ការយល់​ច្រឡំ​អំពី​ដំណើរការ​នៃ​ការទទួល​បាន​វិវរណៈ ។ វា​ប្រហែល​ជា​អាច​ជួយ​ពួកគេ​បាន តាមរយៈ​ការពិភាក្សា​អំពី​របៀប​ដែល​វិវរណៈ​បាន​កើត​មាន​ចំពោះ​ពេត្រុស និង​របៀប​ដែល​ពួកគេ​អាច​ឆ្ពោះ​ទៅមុខ « កុំ​ប្រកាន់​ឡើយ » ( កិច្ចការ ១០:២០ ) នៅពេល​វិវរណៈ​ទំនង​ជា​មិន​ពេញលេញ ឬ​មិន​ច្បាស់លាស់ ។ សូម​ពិចារណា​គូរ​បន្ទាត់​មួយ​នៅលើ​ក្ដារខៀន ហើយ​សរសេរ​នៅ​ចុង​ម្ខាង​នៃ​បន្ទាត់​នេះ​នូវ​ឃ្លា​ថា ដំណឹងល្អ​ត្រូវបាន​ប្រកាស​ដល់​ពួក​សាសន៍​ដទៃ ។ សូម​រំឭក កិច្ចការ ១០ និង ១១:១–១៨ ឡើង​វិញ​រួមគ្នា រួចហើយ​ដៅ​ចំណុច​នៅលើ​បន្ទាត់​ដែល​បង្ហាញ​អំពី​របៀប ដែល​ព្រះអម្ចាស់​បើក​សម្ដែង​ដល់​ពេត្រុស​មួយ​ជំហាន​ម្ដងៗ​ថា ពេលវេលា​បាន​មក​ដល់​ហើយ ដើម្បី​ប្រកាស​ដំណឹងល្អ​ដល់​ពួកសាសន៍​ដទៃ ។ ឧទាហរណ៍ បងប្អូន​អាច​ចាប់ផ្ដើម​ជាមួយ​នឹង​ចំណុច​មួយ​ដែល​សរសេរ​ថា « ​កូនេលាស​បាន​ឃើញ​ការនិមិត្ត​មួយ » ( កិច្ចការ ១០:១–៦ ) ឬ​ក៏​អាច​ចាប់ផ្ដើម​ជាមួយ​នឹង​សេចក្ដី​បង្គាប់​របស់​ព្រះអង្គ​សង្គ្រោះ​ទៅកាន់​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ « បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ » នៅក្នុង ម៉ាថាយ ២៨:១៩ ។ តើ​យើង​អាច​រៀន​អ្វីខ្លះ អំពី​វិវរណៈ​មកពី​បទពិសោធន៍​របស់​ពេត្រុស ? តើ​ការបង្រៀន​របស់​នីហ្វៃ​អំពី​វិវរណៈ​នៅក្នុង នីហ្វៃ​ទី​២ ២៨:៣០ និង​ការបង្រៀន​មកពី​អែលឌើរ ដេវីឌ អេ បែដណា នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » បន្ថែម​អ្វីខ្លះ​ទៅលើ​ការយល់ដឹង​របស់​យើង ?

    រូបភាព
    យុវនារី​កំពុង​អាន​ព្រះគម្ពីរ

    ជារឿយៗ វិវរណៈ​ផ្ទាល់ខ្លួន​កើត​មាន​តាម​កាលវេលា​តាមរយៈ​ការខិតខំ​ជាទៀង​ទាត់ ។

  • បងប្អូន​អាច​សិក្សា​ឧទាហរណ៍​នៅក្នុង​បទគម្ពីរ ដែល​ព្រះអម្ចាស់​បាន​បង្រៀន​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ ។ បន្ថែម​ពី​លើ​បទពិសោធន៍​របស់​ពេត្រុស​នៅក្នុង កិច្ចការ ១០ សមាជិក​ក្នុង​ថ្នាក់​អាច​រំឭក​ឡើងវិញ​នូវ​បទពិសោធន៍​របស់​នីហ្វៃ ( នីហ្វៃ​ទី​១ ១៨:១–៣ ) អាលម៉ា ( អាលម៉ា ៧:៨; ១៦:២០ ) និង មរមន ( នីហ្វៃ​ទី​៣ ២៨:១៧, ៣៦–៤០ ) ។ តើ​មាន​គំរូ​ផ្សេងទៀត​ណាខ្លះ ដែល​សមាជិក​ក្នុង​ថ្នាក់​អាច​គិត​ឃើញ​អំពី​មនុស្ស​ដែល​បាន​ទទួល​ការដឹកនាំ​ខាង​វិញ្ញាណ « ឯណេះ​បន្ដិច ឯណោះ​បន្ដិច » ? ( នីហ្វៃ​ទី​២ ២៨:៣០ ) ។ ហេតុអ្វី​ពេលខ្លះ​ព្រះអម្ចាស់​អាច​ជ្រើសរើស ដើម្បី​បើក​សម្ដែង​ការណ៍​ទាំងឡាយ​តាម​វិធី​នេះ ជាជាង​ប្រទាន​ចម្លើយ​ដល់​យើង​ម្ដង​ទាំងអស់ ? ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:៤០; ៩៨:១២ ) ។

  • ពេលខ្លះ សមាជិក​ក្នុង​ថ្នាក់​មាន​សំណួរ ឬ​កង្វល់​អំពី​ការផ្លាស់ប្ដូរ​គោលនយោបាយ និង​កម្មវិធី​ក្នុង​សាសនាចក្រ ។ វា​អាច​នឹង​ជួយ​ពួកគេ​បាន ពេល​ពិភាក្សា​អំពី​របៀប​ដែល​វិវរណៈ​ចាប់ផ្ដើម​ប្រកាស​ដំណឹងល្អ​ទៅកាន់​ពួកសាសន៍​ដទៃ ( សូម​មើល កិច្ចការ ១០ ) បាន​ជំនួស​ឲ្យ​សេចក្ដី​ណែនាំ​ពី​បុរាណ​របស់​ព្រះអម្ចាស់​ទៅកាន់​ពួកសិស្ស​របស់​ទ្រង់ ( សូម​មើល ម៉ាថាយ ១០:១, ៥–៦ ) ។ បងប្អូន​អាច​បង្ហាញ​វីដេអូ « The Jerusalem Conference » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) បាន ។ តើ​សមាជិក​ក្នុង​ថ្នាក់​អាច​នឹង​ឆ្លើយ​តប​ចំពោះ​មនុស្ស​ម្នាក់​នៅ​ជំនាន់​របស់​ពេត្រុស ដែល​បដិសេធ​នឹង​ការដឹកនាំ​របស់​ពេត្រុស ដោយសារ​តែ​វា​ផ្ទុយ​នឹង​ការអនុវត្ត​កាលពី​បុរាណ​តាម​របៀបណា ? តើ​វិវរណៈ​នៅក្នុង កិច្ចការ ១០ អាច​ជួយ​យើង​ឲ្យ​ស្ដាប់​តាម​វិវរណៈ​ជា​បន្ត​បន្ទាប់​របស់​ព្រះអម្ចាស់ តាមរយៈ​ព្យាការី​របស់​ទ្រង់​តាម​របៀប​ណា ?

កិច្ចការ ១០:៩–៤៨

« ព្រះ​មិន​រើស​មុខ​អ្នកណា​ទេ » ។

  • តើ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​នឹង​ទទួល​បាន​ប្រយោជន៍ មក​ពី​ការពិភាក្សា​មួយ​អំពី​អត្ថន័យ​នៃ​ឃ្លា « មិន​រើស​មុខ​បងប្អូន​ណា​ទេ » ដែរ​ឬ​ទេ ? បងប្អូន​អាច​ចាប់ផ្ដើម ដោយ​ការអញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​អាន​បទគម្ពីរ​ដែល​បង្រៀន​ថា ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ ដូចជា​បទគម្ពីរ​នៅក្នុង រ៉ូម ២:១–១១; នីហ្វៃ​ទី​១ ១៧:៣៤–៤០; នីហ្វៃ​ទី​២ ២៦:៣២–៣៣; អាលម៉ា ៥:៣៣; មរ៉ូណៃ ៨:១២ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៤–៣៥ ។ សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​សរសេរ​និយមន័យ​នៃ​ឃ្លា « ព្រះ​មិន​រើស​មុខ​អ្នកណា​ទេ » ដែល​អាច​មាន ដោយ​ផ្អែកលើ​អ្វី​ដែល​ពួកគេ​អាន រួចហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ តើ​ព្រឹត្តិការណ៍ និង​គោលការណ៍​នៅក្នុង កិច្ចការ ១០:៣៤–៤៨ បង្ហាញ​ថា ព្រះ​មិន​រើស​មុខ​អ្នកណា​ទេ​តាម​របៀប​ណា ? តើ​មនុស្ស​សុចរិត​អាច​បាន « គាប់​ដល់​ព្រះហឫទ័យ » និង « ប្រោស​ប្រណី » ពី​ព្រះ​ដោយ​របៀប​ណា ទោះជា​ទ្រង់​មិន​រើស​មុខ​អ្នកណា​សោះ​នោះ ? ( សូមមើល កិច្ចការ ១០:៣៤–៣៥; នីហ្វៃ​ទី​១ ១៧:៣៥ ) ។

    បងប្អូន​ប្រហែល​ជា​ត្រូវ​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​យល់​ថា​ការ « មិន​រើស​មុខ​អ្នកណា​ទេ » ពុំមែន​មាន​ន័យ​ថា ព្រះ​ប្រទាន​ពរ​មនុស្ស​គ្រប់គ្នា​ស្មើៗគ្នា ទោះ​ជា​ពួកយើង​ប្រព្រឹត្ត​ទង្វើ​បែប​ណា​នោះ​ទេ ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​បុត្រា​បុត្រី​ទាំងអស់​របស់​ទ្រង់​ទទួល​ដំណឹងល្អ​របស់​ទ្រង់ ប៉ុន្តែ​ភាពពេញ​លេញ​នៃ​ពរជ័យ​នៃ​ដំណឹងល្អ​ត្រូវបាន​រក្សា​ទុក​សម្រាប់​ជន​ណា​ដែល​ចុះ ហើយ​រក្សា​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់​ប៉ុណ្ណោះ ។

រូបភាព
រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

ការទទួល​វិវរណៈ​មួយ​បន្ទាត់​ម្ដងៗ ។

អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន​ដូច្នេះ ៖ « ភាគច្រើន​យើង​សន្មត​ថា យើង​នឹង​ទទួល ចម្លើយ មួយ ឬ ការបំផុស​គំនិត មួយ​ចំពោះ​ការអធិស្ឋាន និង​ការទូល​អង្វរ​ដ៏ស្មោះ​របស់​យើង ។ ហើយ​ជាញឹក​ញាប់ យើង​ក៏​រំពឹងទុក​ថា ចម្លើយ ឬ​ការបំផុស​គំនិត​មួយ​បែប​នេះ​ក៏នឹង​កើតឡើង​ភ្លាមៗ ហើយ ម្ដង​ទាំងអស់​ដែរ ។ ដូច្នេះ​ហើយ យើង​ទំនង​ជា​ជឿ​ថា ព្រះអម្ចាស់​នឹង​ប្រទាន ចម្លើយ​ដ៏ធំ​ភ្លាម ហើយ​ម្ដង​ទាំងអស់ ដល់​យើង ។ ប៉ុន្តែ​គន្លង​នេះ ដែល​បាន​ពិពណ៌នា​ម្ដង​ហើយ​ម្ដង​ទៀត​នៅក្នុង​បទគម្ពីរ បាន​ណែនាំ​ថា យើង​ទទួល​បាន « មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ឬ​និយាយ​ម្យ៉ាង​ទៀត ចម្លើយ​តូចៗ​ជាច្រើន​ក្នុង​អំឡុង​ពេល​ណាមួយ ។ ការស្គាល់ និង​ការយល់ដឹង​អំពី​គន្លង​នេះ​គឺជា​គន្លឹះ​ដ៏សំខាន់​មួយ​ដើម្បី​ទទួល​បាន​ការ​បំផុស​គំនិត និង​ជំនួយ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ » ( Line upon Line, Precept upon Precept » New Era ខែ កញ្ញា ឆ្នាំ ២០១០ ទំព័រ ៣–៤ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ចាប់ផ្ដើម​ជាមួយ​នឹង​បទគម្ពីរ ។ ពីមុន​បើក​ទៅ​ធនធាន​ជំនួយ សូម​សិក្សា​បទគម្ពីរ​ពី​បុរាណ និង​សម័យ​ទំនើប​ប្រកប​ដោយ​ការអធិស្ឋាន ។ ការសិក្សា​បន្ទូល​ព្រះ​ប្រកប​ដោយ​ការអធិស្ឋាន​នឹង​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​ជួយ​បងប្អូន​ឲ្យ​នឹក​ឃើញ​អ្វី​ដែល​បងប្អូន​បាន​សិក្សា នៅពេល​បងប្អូន​បង្រៀន ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១២ ) ។