ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃ​ទី ២៦ ខែ មិថុនា–ថ្ងៃ​ទី ២ ខែ កក្កដា ។ ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០–២១ ៖ « ទ្រង់​មាន​ព្រះជន្ម​រស់​ឡើងវិញ »


« ថ្ងៃ​ទី ២៦ ខែ មិថុនា–ថ្ងៃ​ទី ២ ខែ កក្កដា ។ ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០–២១ ៖ ‹ ទ្រង់​មាន​ព្រះជន្ម​រស់​ឡើងវិញ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃ​ទី ២៦ ខែ មិថុនា–ថ្ងៃ​ទី ២ ខែ កក្កដា ។ ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០–២១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
ព្រះយេស៊ូវ​កំពុង​មាន​ព្រះបន្ទូល​ទៅកាន់​ពេត្រុស​នៅ​មាត់​សមុទ្រ

ចូរ​ឲ្យ​ចំណី​ដល់​ហ្វូងចៀម​ខ្ញុំ​ស៊ី​ផង ដោយ ខាមីល ខូរី

ថ្ងៃទី ២៦ ខែ មិថុនា–ថ្ងៃទី ២ ខែ កក្កដា

ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០–២១

« ទ្រង់​មាន​ព្រះជន្ម​រស់​ឡើងវិញ »

ពីមុន​រុករក​មើល​គំនិត​យោបល់​សម្រាប់​ការបង្រៀន​នៅក្នុង​គម្រោង​មេរៀន​នេះ សូម​អាន ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤ និង យ៉ូហាន ២០–២១ ហើយ​ពិចារណា​អំពី​របៀប​ដែល​ជំពូក​ទាំងនេះ អាច​យក​មក​ប្រើប្រាស់​ដើម្បី​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​សមាជិក​ទាំងឡាយ​ដែល​បងប្អូន​បង្រៀន ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ការសិក្សា​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ​របស់​ពួកគេ សូម​ឲ្យ​ពួកគេ​សរសេរ​សេចក្ដីពិត​មួយ​មកពី​ការចាត់តាំង​ឲ្យអាន​នៅ​សប្ដាហ៍​នេះ ដែល​ពួកគេ​មាន​អារម្មណ៍​ថា គួរតែ​ចែកចាយ​ជាមួយ​នឹង « លោកិយ​ទាំងមូល » ( សូមមើល ម៉ាកុស ១៦:១៥) ។ នៅ​ចុង​បញ្ចប់​មេរៀន សូម​សួរ​ពួកគេ​ថា តើ​ពួកគេ​រកឃើញ​សេចក្ដីពិត​បន្ថែម​ទៀត​ដែល​ពួកគេ​ចង់​ចែកចាយ​ដែរ​ឬទេ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០

ដោយសារ​ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើងវិញ នោះ​យើង​នឹង​រស់​ឡើងវិញ​ដែរ ។

  • បងប្អូន​អាច​ទុក​ពេល​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ពីរបី​នាទី ដើម្បី​រំឭក​ការអាន​នៅ​សប្ដាហ៍​នេះ​ឡើងវិញ និង « រស់​ឡើងវិញ » នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ហើយ​សរសេរ​សេចក្ដីពិត​នានា ដែល​ពួកគេ​បាន​រៀន​អំពី​ការរស់​ឡើងវិញ ។ សូម​អនុញ្ញាត​ឲ្យ​សមាជិក​ពីរបី​នាក់​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ហើយ​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​លើក​ដៃ​របស់​ខ្លួន នៅពេល​ពួកគេ​ស្ដាប់​ឮ​នរណា​ម្នាក់​ចែកចាយ​សេចក្ដីពិត​មួយ ដែល​ស្រដៀង​ទៅនឹង​អ្វី​ដែល​ពួកគេ​បាន​កត់ត្រា​ទុក ។ ហេតុអ្វី​សេចក្ដីពិត​ទាំងនេះ​សំខាន់​ចំពោះ​យើង ? តើ​សេចក្ដីពិត​ទាំងនេះ​មាន​ឥទ្ធិពល​លើ​ទំនាក់ទនង​របស់​យើង​យ៉ាង​ដូចម្តេច ? តើ​សេចក្ដីពិត​ទាំងនេះ​មាន​ឥទ្ធិពល​លើ​ជម្រើស​របស់​យើង​យ៉ាង​ដូចម្តេច ?

លូកា ២៤:១៣–៣៥

យើង​អាច​យាង​អញ្ជើញ​ព្រះអង្គ​សង្គ្រោះ​ឲ្យ « គង់​ជាមួយ​នឹង​យើង » ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​មើលឃើញ​ទំនាក់ទំនង​រវាង​បទពិសោធន៍​របស់​ពួកគេ និង​បទពិសោធន៍​របស់​ពួកសិស្ស​នៅលើ​ផ្លូវ​ទៅកាន់​ក្រុង​អេម៉ោស សូម​គូររូប​ផ្លូវ​មួយ​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សរសេរ​ព័ត៌មាន​លម្អិត​មកពី​ដំណើររឿង​នេះ​នៅក្នុង លូកា ២៤:១៣–៣៥ នៅ​ផ្លូវ​ម្ខាង​ទៀត ។ បន្ទាប់មក នៅ​ឯ​ផ្លូវ​ម្ខាង​ទៀត ពួកគេ​អាច​សរសេរ​ស្របគ្នា​នូវ​អ្វី​ដែល​ពួកគេ​ឃើញ​មាន​នៅក្នុង​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ ក្នុង​នាម​ជា​អ្នក​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ។ ឧទាហរណ៍ ពួកគេ​អាច​សរសេរ « ភ្នែក​គេ​ត្រូវ​ថ្ពឹន »លូកា ២៤:១៦ ) នៅលើ​ផ្លូវ​ម្ខាង និង​ពាក្យ នៅពេល​ខ្លះ យើង​ពុំ​ស្គាល់​ឥទ្ធិពល​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​យើង​ទេ នៅលើ​ផ្លូវ​ម្ខាងទៀត ។ តើ​យើង​អាច​យាង​អញ្ជើញ​ព្រះអង្គ​សង្គ្រោះ​ឲ្យ​គង់​ជាមួយ​នឹង​យើង​ដោយ​របៀប​ណា ?

រូបភាព
ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ​បង្ហាញ​ព្រះកាយ​ដល់​ពួកសាវក

ព្រះយេស៊ូវ​បាន​បង្រៀន​ថូម៉ាស​ថា « កុំ​ឲ្យ​មាន​ចិត្ត​មិន​ជឿ​ឡើយ ត្រូវ​ឲ្យ​ជឿ​ចុះ » ( យ៉ូហាន ២០:២៧ ) ។

យ៉ូហាន ២០:១៩–២៩

« មាន​ពរ​ហើយ អ្នក​ណា​ដែល​ជឿ​ឥត​ឃើញ​សោះ » ។

  • ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​របស់​បងប្អូន អាច​ជា​កន្លែង​មួយ​សម្រាប់​សមាជិក​ក្នុង​ថ្នាក់​ពង្រឹង​សេចក្ដី​ជំនឿ​គ្នា​ទៅវិញ​ទៅមក​ទៅ​លើ​រឿង​នានា ដែល​ពួកគេ​មិន​អាច​មើល​ឃើញ ។ ប្រហែល​ជា​បងប្អូន​អាច​ចាប់ផ្ដើម ដោយ​ការសូម​ឲ្យ​នរណាម្នាក់​សង្ខេប​អំពី​បទពិសោធន៍​របស់​ថូម៉ាស​នៅក្នុង យ៉ូហាន ២០:១៩–២៩ ។ បងប្អូន​ក៏​អាច​បង្ហាញ​វីដេអូ « Blessed Are They That Have Not Seen, and Yet Have Believed » បាន​ផងដែរ ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សមាជិក​ក្នុង​ថ្នាក់​អាច​សរសេរ​នៅលើ​ក្ដារខៀន​នូវ​ការណ៍​មួយ​ចំនួន​ដែល​ព្រះ​បាន​បង្គាប់​ឲ្យ​យើង​ជឿ​ដោយ​មើល​មិន​ឃើញ ។ បន្ទាប់មក បងប្អូន​អាច​សូមឲ្យ​ពួកគេ​ចែកចាយ​បទពិសោធន៍​នានា​ដែល​បាន​ពង្រឹង​ដល់​ទីបន្ទាល់​របស់​ពួកគេ​អំពី​រឿង និង​ពរជ័យ​ទាំងនេះ ដែល​បាន​កើតមាន​ដល់​ពួកគេ នៅពេល​ពួកគេ​អនុវត្ត​សេចក្ដី​ជំនឿ ។

យ៉ូហាន ២១:១–១៧

ព្រះអង្គ​សង្គ្រោះ​អញ្ជើញ​យើង​ឲ្យ​ផ្ដល់​ចំណី​ដល់​កូនចៀម​របស់​ទ្រង់ ។

  • តើ​មាន​អ្វីខ្លះ​ដែល​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​ទទួល​យក​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ « ផ្ដល់​ចំណី​ដល់​កូនចៀម [ របស់​ទ្រង់ ] » ? បងប្អូន​អាច​ចាប់ផ្ដើម​ដោយ​ការអញ្ជើញ​ពួកគេ​ឲ្យ​អាន យ៉ូហាន ២១:១៥–១៧ ដោយ​ស្ងាត់ស្ងៀម ដោយ​យក​ឈ្មោះ​ពួកគេ​ផ្ទាល់ មក​ដាក់​ជំនួស​ឈ្មោះ​របស់​ស៊ីម៉ូន បន្ទាប់មក « កូនចៀម​ខ្ញុំ » និង « ហ្វូង​ចៀម​របស់​ខ្ញុំ » ដោយ​ឈ្មោះ​មនុស្ស​ដែល​ពួកគេ​ទទួល​អារម្មណ៍​ថា ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​ពួកគេ​បម្រើ—ឧទាហរណ៍ មនុស្ស​ដែល​ពួកគេ​ផ្ដល់​ការងារ​បម្រើ អ្នកជិតខាង ឬ​មនុស្ស​ដែល​ពួកគេ​ស្គាល់​នៅ​កន្លែង​ធ្វើការ ឬ​នៅ​សាលា​រៀន ។ រយៈពេល​ពីរបី​នាទី​ក្រោយមក សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​អំពី​ចំណាប់ អារម្មណ៍​ដែល​ពួកគេ​មាន ។ តើ​យើង​រៀន​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ មកពី​សកម្មភាព​របស់​ទ្រង់​នៅក្នុង យ៉ូហាន ២១:៤–១៣ ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ឲ្យ​ចំណី​ដល់​កូនចៀម និង​ហ្វូងចៀម​របស់​ព្រះអង្គ​សង្គ្រោះ ? សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​ជួយ​ឆ្លើយ​សំណួរ​នេះ​បាន ។

រូបភាព
រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

តើ​យើង​អាច « ឲ្យ​ចំណី​ដល់​កូនចៀម [ របស់​ទ្រង់ ] » ដោយ​របៀប​ណា ?

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន បាន​ពន្យល់​អំពី​របៀប​ដែល​យើង​អាច​បំពេញ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ឲ្យ​ផ្ដល់​ចំណី​ដល់​កូនចៀម​របស់​ទ្រង់ ៖

« តើ​នរណា​ជា​អ្នកគង្វាល ? បុរស​ស្ត្រី និង​កុមារ​គ្រប់រូប​នៅក្នុង​នគរ​ព្រះ​គឺ​ជា​អ្នកគង្វាល ។ ពុំ​តម្រូវ​ឲ្យ​មាន​ការហៅ​ជា​ផ្លូវការ​នោះ​ទេ ។ ចាប់តាំង​ពី​ពេល​ដែល​យើង​ងើប​ចេញពី​ទឹក​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​មក យើង​ត្រូវ​ចាត់​ឲ្យ​ធ្វើ​កិច្ចការ​នេះ ។ យើង​ឈោង​ទៅ​ជួយ​មនុស្ស​ដទៃ​ដោយ​ក្តីស្រឡាញ់ ដោយសារ​វា​គឺជា​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្គាប់​ឲ្យ​យើង​ធ្វើ ។ … មិន​ថា​នៅពេល​ណា​ដែល​អ្នកជិតខាង​យើង​មាន​ទុក្ខព្រួយ​ខាង​សាច់ឈាម ឬ​ខាង​វិញ្ញាណ​ទេ ចូរ​យើង​ប្រញាប់​ទៅ​ជួយ​ពួកគេ ។ យើង​រែក​បន្ទុកគ្នា​ទៅវិញ​ទៅមក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល ។ យើង​ទួញយំ​ជាមួយ​អស់​អ្នកណា​ដែល​ទួញ​យំ ។ យើង​កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវការ​កម្សាន្ដ​ទុក្ខ [ សូមមើល ម៉ូសាយ ១៨:៨–៩ ] ។ ព្រះអម្ចាស់​រំពឹង​ចង់​បាន​ការណ៍​នេះ​ពី​ពួកយើង​ដោយ​ក្តីស្រឡាញ់ ។ ហើយ​ថ្ងៃនោះ​នឹង​មក​ដល់ ពេល​យើង​នឹង​ត្រូវបាន​ឲ្យ​ទទួល​ខុសត្រូវ​សម្រាប់​ការមើល​ថែ ដែល​យើង​ធ្វើ​នៅក្នុង​ការងារ​បម្រើ​ដល់​ហ្វូង​ចៀម​របស់​ទ្រង់ [ សូមមើល ម៉ាថាយ ២៥:៣១–៤៦ ] » ( « Shepherding Souls » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១១ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ទុក​ពេល​ឲ្យ​អ្នករៀន​បាន​ចែកចាយ ។ « នៅពេល​អ្នករៀន​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀន នោះ​ពួកគេ​មិន​គ្រាន់តែ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ហើយ​ពង្រឹង​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ក៏​លើក​ទឹកចិត្ត​សមាជិក​ថ្នាក់​ផ្សេងទៀត​នៅក្នុង​ថ្នាក់​ឲ្យ​រកឃើញ​សេចក្ដីពិត​សម្រាប់​ខ្លួន​ពួកគេ​ផងដែរ ។ … សូម​ទុក​ពេល​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​ក្នុង​គ្រប់​មេរៀន—ក្នុង​ករណី​ខ្លះ បងប្អូន​អាច​រកឃើញ​ថា ការពិភាក្សា​ទាំងនេះ គឺជា មេរៀន » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣០ ) ។