ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ៣–៩ ខែ កក្កដា ។ កិច្ចការ ១–៥ ៖ « អ្នករាល់គ្នា​នឹង​ធ្វើជា​ទីបន្ទាល់​ពី​ខ្ញុំ »


« ថ្ងៃទី ៣–៩ ខែ កក្កដា ។ កិច្ចការ ១–៥ ៖ ‹ អ្នករាល់គ្នា​នឹង​ធ្វើជា​ទីបន្ទាល់​ពី​ខ្ញុំ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៣–៩ ខែ កក្កដា ។ កិច្ចការ ១–៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
បណ្ដាជន​នៅលើ​ច្រាំង​ទន្លេ និង​កំពុង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅក្នុង​ទន្លេ

បុណ្យ​ថ្ងៃ​ទី​ហាសិប ដោយ ស៊ីឌនី ឃីង

ថ្ងៃទី ៣–៩ ខែ កក្កដា

កិច្ចការ ១–៥

« អ្នករាល់គ្នា​នឹង​ធ្វើជា​ទីបន្ទាល់​ពី​ខ្ញុំ »

ប្រសិនបើ​បងប្អូន​អាន កិច្ចការ ១–៥ ហើយ​ស្វែងរក​ការដឹកនាំ​មកពី​ព្រះវិញ្ញាណ នោះ​បងប្អូន​នឹង​ទទួល​បាន​ការបំផុស​គំនិត​អំពី​សេចក្ដីពិត​អ្វី​ទៅ​នៅក្នុង​ជំពូក​ទាំងនេះ ដែល​នឹង​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ក្លាយជា​សាក្សី​ដ៏​ស្មោះត្រង់​ម្នាក់​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

មាន​វគ្គ និង​គោលការណ៍​ដ៏មាន​អត្ថន័យ​ជាច្រើន​នៅក្នុង កិច្ចការ ១–៥ ។ វិធី​ដ៏អស្ចារ្យ​មួយ​ដើម្បី​ដឹង​ថា តើ​អ្វីមួយ​ដែល​មាន​តម្លៃ​បំផុត ហើយ​ទាក់ទង​នឹង​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​បំផុត គឺ​តាមរយៈ​ការអនុញ្ញាត​ឲ្យ​ពួកគេ​ប្រាប់​បងប្អូន អំពី​អ្វី​ដែល​ពួកគេ​ចាប់​អារម្មណ៍​នៅក្នុង​ការសិក្សា​របស់​ពួកគេ ។ តើ​បងប្អូន​នឹង​អញ្ជើញ​ឲ្យ​មាន​ការចែកចាយ​ប្រភេទ​នេះ​ដោយ​របៀប​ណា ? វា​អាច​ជា​រឿង​ដ៏​សាមញ្ញ​មួយ ដូចជា​ការទុក​ពេល​ឲ្យ​ពួកគេ​ពីរបី​នាទី​ដើម្បី​ស្វែងរក ហើយ​ចែកចាយ​ខគម្ពីរ​មួយ​មកពី កិច្ចការ ១–៥ ដែល​ពួកគេ​មាន​អារម្មណ៍​ថា ព្រះសូរសៀង​របស់​ព្រះអម្ចាស់​កំពុង​មាន​បន្ទូល​មកកាន់​ពួកគេ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

កិច្ចការ ១:១–៨; ២:៣៧–៣៩; ៤:១–១៣, ៣១–៣៣

ព្រះយេស៊ូវ​គ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • ការអាន​អំពី​បទពិសោធន៍​របស់​ពួកសាវក អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​មើល​ឃើញ​នូវ​របៀប ដែល​ពួកគេ​អាច​ទទួល​បាន​ព្រះចេស្ដា និង​ការដឹកនាំ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ការហៅ និង​ការចាត់តាំង​របស់​ពួកគេ​ក្នុង​សាសនាចក្រ​បាន ។ វិធីមួយ​ដើម្បី​រំឭក​បទពិសោធន៍​នៅក្នុង កិច្ចការ ១–៥ ឡើងវិញ អាច​ជា​ការសរសេរ​នៅលើ​ក្ដារខៀន​នូវ​ឃ្លា​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ដល់​ពួកសាវក​ឲ្យ​ដឹកនាំ​សាសនាចក្រ​តាមរយៈ ៖ រួចហើយ​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ស្រាវជ្រាវ​ក្នុង កិច្ចការ ១:១–៨; ២:៣៧–៣៩ និង ៤:១–១៣, ៣១–៣៣ ដោយ​រកមើល​វិធី​ដើម្បី​បញ្ចប់​ប្រយោគ​នេះ ។ បន្ទាប់មក សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​បទពិសោធន៍​នានា ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ពួកគេ​តាម​របៀប​ទាំងនេះ ។ ហេតុអ្វី​បានជា​ពួកសាវក​ត្រូវការ​ព្រះវិញ្ញាណ​បរិសុទ្ធ—ហើយ​ហេតុអ្វី​បានជា​យើង​ត្រូវការ​ទ្រង់ ?

កិច្ចការ ១:១៥–២៦

ពួកសាវក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​ហៅ​ដោយ​ព្រះ​តាមរយៈ​វិវរណៈ ។

  • សូម​ពិចារណា​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពន្យល់​ពី​របៀប ដែល​អាជីវកម្ម​មួយ​អាច​ធ្វើការ​ជ្រើសរើស​បុគ្គលិក​មក​ជំនួស​សម្រាប់​តំណែង​ជា​អ្នកដឹកនាំ​ប្រតិបត្តិ​ម្នាក់ ។ តើ​ពួកគេ​រកមើល​គុណសម្បត្តិ​អ្វីខ្លះ ? សូមឲ្យ​សមាជិក​ក្នុង​ថ្នាក់​ប្រៀបធៀប​ការណ៍​នេះ ជាមួយ​នឹង​របៀប​ដែល​សាវក​ម៉ាត់ធាស​ត្រូវបាន​ហៅ ( សូមមើល កិច្ចការ ១:១៥–២៦; សូមមើល​ផងដែរ សាំយូអែល ទី១ ១៦:១–១៣ ) ហើយ​ជាមួយ​នឹង​ប្រសាសន៍​របស់​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ដែល​ពិពណ៌នា​ពី​របៀប​ដែល​ពួកសាវក​ត្រូវបាន​ហៅ​នៅ​សព្វថ្ងៃ​នេះ ។ តើ​វិធីសាស្ដ្រ​របស់​ព្រះ​ក្នុង​ការជ្រើសរើស​ថ្នាក់ដឹកនាំ ជះ​ឥទ្ធិពល​ដល់​សេចក្ដី​ជំនឿ​របស់​យើង​លើ​ថ្នាក់ដឹកនាំ ដែល​ទ្រង់​បាន​ហៅ​យ៉ាង​ដូចម្ដេច​ដែរ ? សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​ទទួល​បាន​សាក្សី​ថា ពួកសាវក និង​ព្យាការី​នៅ​សព្វថ្ងៃ​នេះ​ត្រូវបាន​ហៅ​ដោយ​ទ្រង់ ។

កិច្ចការ ២:៣៧–៤៧

ព្រះវិញ្ញាណ​បរិសុទ្ធ​បំផុស​គំនិត​យើង​ឲ្យ​ធ្វើតាម​អ្វី​ដែល​យើង​រៀន ។

  • កាល​សមាជិក​ក្នុង​ថ្នាក់​សិក្សា​បទគម្ពីរ​នៅ​គេហដ្ឋាន និង​សិក្សា​រួមគ្នា​នៅក្នុង​ថ្នាក់​រៀង​រាល់​សប្ដាហ៍ ជារឿយៗ​ពួកគេ​អាច​នឹង​មាន « សេចក្តី​ចាក់​ចុច​ក្នុង​ចិត្ត » ( កិច្ចការ ២:៣៧ ) ។ បងប្អូន​អាច​នឹង​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ជួយ​ពួកគេ​បន្ថែម​ទៀត ដោយ​ការសួរ​សំណួរ​ថា « តើ​យើង​គួរតែ​ធ្វើ​អ្វីខ្លះ ? » ( កិច្ចការ ២:៣៧ ) ។ សូម​អាន កិច្ចការ ២:៣៧–៤៧ រួមគ្នា ដោយ​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ស្រាវជ្រាវ​រក​អ្វី​ដែល​ក្រុម​មនុស្ស ៣,០០០ នាក់​នេះ​បាន​ធ្វើ ដោយសារ​តែ​ការអញ្ជើញ​របស់​ពេត្រុស ។ ពួកគេ​ក៏​អាច​ចែកចាយ​នូវ​របៀប ដែល​ពួកគេ​បាន​ធ្វើសកម្មភាព​តាម​ការបំផុស​គំនិត​មក​ពី​ការសិក្សា​របស់​ពួកគេ​អំំពី​ព្រះបន្ទូល​នៃ​ព្រះ​ផងដែរ ។ បន្ទាប់​មក បងប្អូន​អាច​ទុក​ពេល​នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ ដើម្បី​ឲ្យ​សមាជិក​ម្នាក់ៗ​អាច​សួរ​ខ្លួនឯង​នូវ​សំណួរ​នេះ « តើ​ខ្ញុំ​គួរតែ​ធ្វើ​អ្វីខ្លះ ? » ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍​របស់​ពួកគេ​ទុក ។

រូបភាព
ពេត្រុស​កំពុង​ញញឹម និង​ផ្សាយ​ដំណឹងល្អ​ដោយ​មាន​របួស​នៅលើ​មុខ

ទោះជា​ត្រូវបាន​គេ​ចាប់ខ្លួន ហើយ​វាយ​ធ្វើបាប​ក្ដី ក៏​ពេត្រុស​បាន​ប្រកាស​ដំណឹងល្អ​យ៉ាង​ម៉ឺងម៉ាត់​ដែរ ។

កិច្ចការ ៣; ៤:១–២១; ៥:១២–៤២

នៅពេល​យើង​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​អាច​ចែកចាយ​ដំណឹងល្អ​ដោយ​ភាពក្លាហាន​បាន ។

  • សមាជិក​ក្នុង​ថ្នាក់​អាច​រំឭក កិច្ចការ ៣; ៤:១–២១; ៥:១២–៤២ ដោយ​រកមើល​គំរូ​របស់​ពេត្រុស ដែល​បាន​ថ្លែង​ទីបន្ទាល់​យ៉ាង​ម៉ឺងម៉ាត់ ។ ឬ​ពួកគេ​អាច​មើល​វីដេអូ​ដូច​តទៅ​នេះ​មួយ ៖ « Peter Preaches and Is Arrested » « Peter and John Are Judged » ឬ « Peter and John Continue Preaching the Gospel » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ តើ​វា​មាន​ន័យ​យ៉ាងណា​ក្នុង​ការផ្សាយ « ព្រះបន្ទូល​ដោយ​ចិត្ត​ក្លាហាន » ? ( កិច្ចការ ៤:៣១ ) ។ តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​យើង​ឲ្យ​ចែកចាយ​ដំណឹងល្អ​ដោយ​ចិត្ត​ក្លាហាន​តាម​របៀបណា ? តើ​ការមាន​ចិត្ត​ក្លាហាន​របៀប​នេះ ខុសពី​ការមាន​ចិត្ត​ទាស់ទែង​យ៉ាង​ដូចម្ដេច? សមាជិក​ក្នុង​ថ្នាក់​អាច​មាន​បទពិសោធន៍​ដើម្បី​ចែកចាយ ដែល​ក្នុង​នោះ​ពួកគេ ឬ​នរណាម្នាក់​ដែល​ពួកគេ​ស្គាល់ បាន​ការពារ ឬ​បាន​ថ្លែង​ទីបន្ទាល់​យ៉ាង​ម៉ឺងម៉ាត់​អំពី​ដំណឹងល្អ ។

រូបភាព
រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

ការហៅ​សមាជិក​មួយ​រូប​នៃ​ពួក​ដប់ពីរ​នាក់ ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ចែកចាយ​ការយល់ដឹង​ដូចតទៅ​នេះ​ស្ដីពី​ដំណើរការ​នៃ​ការហៅ​សាវក​ថ្មី​មួយ​រូប ៖ « នីតិវិធី​នេះ​គឺជា​វិធីពិសេស​ចម្លែក​ចំពោះ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ គ្មាន​ការស្វែងរក​តួនាទី គ្មាន​ការប្រកួត​ប្រជែង​សម្រាប់​មុខ​តំណែង គ្មាន​ការឃោសនា​ដើម្បី​លើក​កម្ពស់​គុណធម៌​របស់​បុគ្គល​ម្នាក់​ឡើយ ។ មាគ៌ា​របស់​ព្រះអម្ចាស់​គឺ​ផ្ទុយពី​មាគ៌ា​របស់​លោកិយ ។ មាគ៌ា​របស់​ព្រះអម្ចាស់​គឺ​ស្ងប់ស្ងាត់ វា​គឺជា​មាគ៌ា​មួយ​នៃ​សុខសន្តិភាព វា​គ្មាន​ការបង់​តម្លៃ​សម្រាប់​អ្នកគាំទ្រ ឬ​រូបិយវត្ថុ​ឡើយ ។ វា​គ្មាន​ភាពអាត្មា​និយម ឬ​ការធ្វើឲ្យ​សាបសូន្យ ឬ​មហិច្ឆតា​នោះ​ទេ ។ នៅក្រោម​ផែនការ​របស់​ព្រះអម្ចាស់ អ្នក​ទាំងឡាយ​ណា​ដែល​មាន​ការទទួល​ខុសត្រូវ​ដើម្បី​ជ្រើសរើស​អ្នកកាន់​តំណែង គឺ​ត្រូវ​ស្វែងរក​ចម្លើយ​ដោយ​សំណួរ​ដ៏សំខាន់​បំផុត​មួយ ៖ ‹ តើ​នរណា​ដែល​ព្រះអម្ចាស់​បាន​ជ្រើសរើស ? › មាន​នូវ​ការពិភាក្សា​យ៉ាង​ល្អិតល្អន់ និង​ដោយ​ស្ងាត់ស្ងៀម ។ ហើយ​មាន​នូវ​ការអធិស្ឋាន​ជាច្រើន​ដើម្បី​ទទួល​ការបញ្ជាក់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ការជ្រើសរើស​នោះ​គឺ​ត្រឹមត្រូវ » ( « God Is at the Helm » Ensign ខែ ឧសភា ឆ្នាំ ១៩៩៤ ទំព័រ ៥៣ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

អញ្ជើញ​អ្នករៀន​ឲ្យ​ធ្វើ​សកម្មភាព ។ ជាញឹកញាប់ ព្រះវិញ្ញាណ​បរិសុទ្ធ​បំផុស​គំនិត​យើង​ឲ្យ​ធ្វើ​សកម្មភាព​តាម​អ្វី​ដែល​យើង​កំពុង​រៀន ( សូមមើល កិច្ចការ ២:៣៧ ) ។ នៅពេល​ការណ៍​នេះ​កើតឡើង​ដល់​ប្រជាជន ដែល​ពេត្រុស​កំពុង​បង្រៀន នោះ​លោក​បាន​ផ្ដល់​ការអញ្ជើញ​មួយ ( សូមមើល កិច្ចការ ២:៣៨ ) ។ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​ធ្វើតាម​គំរូ​របស់​ពេត្រុស​បាន ។