ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ១០–១៦ ខែ កក្កដា ។ កិច្ចការ ៦–៩ ៖ « តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូច​ម្តេច ? »


« ថ្ងៃទី ១០–១៦ ខែ កក្កដា ។ កិច្ចការ ៦–៩ ៖ ‹ តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូច​ម្តេច ? › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១០–១៦ ខែ កក្កដា ។ កិច្ចការ ៦–៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
ប៉ុល​ដួល​ទៅលើ​ដី

ការប្រែចិត្ត​ជឿ​នៅតាម​ផ្លូវ​ទៅ​ក្រុង​ដាម៉ាស ដោយ ម៉ៃឃើលអេនជែឡូ មឺរីស៊ី ដា ខារាវាកជីអូ

ថ្ងៃទី ១០–១៦ ខែ កក្កដា

កិច្ចការ ៦–៩

« តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូចម្ដេច ? »

សូម​សិក្សា កិច្ចការ ៦–៩ ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន ។ ការណ៍​នេះ​នឹង​ជួយ​បងប្អូន​ឲ្យ​ទទួល​បាន​វិវរណៈ អំពី​របៀប​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​ខិត​កាន់តែ​ជិត​នឹង​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ការសិក្សា​របស់​ពួកគេ​អំពី​ជំពូក​ទាំងនេះ ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​សរសេរ​ឈ្មោះ​មនុស្ស​មួយ​ចំនួន​ដែល​បាន​លើកឡើង​នៅក្នុង កិច្ចការ ៦–៩ ដូចជា ស្ទេផាន សុល ភីលីព អាន៉្នានាស ពេត្រុស និង តេប៊ីថានាងក្ដាន់ ដាក់​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ពីរបី​នាក់​ឲ្យ​ចែកចាយ​អ្វីមួយ ដែល​ពួកគេ​បាន​រៀន​មកពី​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ទាំងនេះ​នៅក្នុង​ការសិក្សា​របស់​ពួកគេ​នៅ​សប្ដាហ៍​នេះ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

កិច្ចការ ៧

ការបដិសេធ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ដឹកនាំ​ទៅរក​ការបដិសេធ​ព្រះអង្គ​សង្គ្រោះ និង​ពួក​អ្នកបម្រើ​របស់​ទ្រង់ ។

  • បងប្អូន​អាច​ចាប់ផ្ដើម​ការពិភាក្សា​អំពី​បទពិសោធន៍​របស់​ស្ទេផាន តាមរយៈ​ការអញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រំឭក​ពាក្យ​សម្ដី​របស់​ស្ទេផាន​ឡើងវិញ​នៅក្នុង កិច្ចការ ៧:៣៧–៥៣ ។ តើ​ពាក្យសម្ដី​របស់​លោក​អាច​មាន​ការព្រមាន​អ្វីខ្លះ​សម្រាប់​យើង​នា​សព្វថ្ងៃ​នេះ ? បងប្អូន​អាច​ផ្ដោតលើ​សេចក្ដី​ថ្លែងការណ៍​របស់​ស្ទេផាន​នៅក្នុង កិច្ចការ ៧:៥១ ។ តើ​វា​មាន​អត្ថន័យ​យ៉ាងដូចម្តេច​ដើម្បី « ទាស់​ទទឹង​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ » ? ដើម្បី​យល់ពី​ពាក្យសម្ដី​ទាំងនេះ​ឲ្យបាន​កាន់តែ​ស៊ីជម្រៅ សមាជិក​ក្នុង​ថ្នាក់​អាច​ពិភាក្សា​អំពី​វគ្គ​បទគម្ពីរ​ទាំងនេះ​មួយ ឬ​ច្រើន ៖ នីហ្វៃ​ទី​២ ២៨:៣–៦; ៣៣:១–២; ម៉ូសាយ ២:៣៦–៣៧; អាលម៉ា ១០:៥–៦ និង អាលម៉ា ៣៤:៣–៣៨ ។ ហេតុអ្វី​ពេលខ្លះ​យើង « ចេះ​តែ​ទាស់​ទទឹង​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ? » តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ស្គាល់​ឲ្យបាន​កាន់តែ​ច្បាស់ ហើយ​ធ្វើតាម​ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ?

កិច្ចការ ៨:៩–២៤

ដួងចិត្ត​របស់​យើង​ចាំបាច់​ត្រូវ « ស្មោះត្រង់​ចំពោះ​ព្រះ » ។

  • ដើម្បី​សិក្សា​ដំណើររឿង​របស់​ស៊ីម៉ូន​ជាថ្នាក់​រួមគ្នា បងប្អូន​អាច​សរសេរ​សំណួរ​ទាំងនេះ​ដាក់​នៅលើ​ក្ដារខៀន​បាន តើ​ស៊ីម៉ូន​ជា​នរណា ? តើ​លោក​ចង់​បាន​អ្វី ? និង តើ​លោក​បាន​ព្យាយាម​ទទួល​បាន​វា​តាម​របៀប​ណា ? សូម​ចាត់​សមាជិក​ក្នុង​ថ្នាក់​ម្នាក់ៗ​ឲ្យ​អាន កិច្ចការ ៨:៩–២៤ ដោយ​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ ។ តើ​សេចក្ដីពិត​អ្វីខ្លះ​ដែល​ស៊ីម៉ូន​ពុំទាន់​យល់​នៅ​ឡើយ ? តើ​យើង​អាច​រៀន​អ្វីខ្លះ​មកពី​បទពិសោធន៍​របស់​ស៊ីម៉ូន ? តើ​យើង​អាច​ធ្វើឲ្យ​ប្រាកដ​ថា ដួងចិត្ត​របស់​យើង « ស្មោះត្រង់​ចំពោះ​ព្រះ » តាម​របៀប​ណា ? ( ខទី ២១ ) ។

  • អំឡុង​ការសិក្សា​ផ្ទាល់ខ្លួន​របស់​ពួកគេ សមាជិក​ក្នុង​ថ្នាក់​មួយ​ចំនួន​អាច​កត់សម្គាល់​ឃើញ​គុណសម្បត្តិ​ទាំងឡាយ ដែល​ស្ទេផាន និង ភីលីព​មាន ដែល​ស៊ីម៉ូន​មិន​មាន ( សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ) ។ ប្រសិនបើ​មាន នោះ​បងប្អូន​អាច​អញ្ជើញ​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ សមាជិក​ក្នុង​ថ្នាក់​ក៏អាច​ចែកចាយ​គំរូ​ផ្សេងទៀត​មកពី កិច្ចការ ៦–៩ ផងដែរ ស្ដីពី​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ព្រះ ដូចជា​ភីលីព និង​បុរស​មកពី​អេធីយ៉ូពី ( សូមមើល កិច្ចការ ៨:២៦–៤០ ) សុល ( សូមមើល កិច្ចការ ៩:១–២២ ) និង តេប៊ីថា ( សូមមើល កិច្ចការ ៩:៣៦–៣៩ ) ។

    រូបភាព
    ពេត្រុស​ប្រោស​តេប៊ីថា​ពី​ស្លាប់

    តេប៊ីថា​រស់​ឡើងវិញ ដោយ សេនឌី ហ្វ្រែក្លីតុន ហ្គាហ្គុន

កិច្ចការ ៨:២៦–៣៩

ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​យើង​ឲ្យ​ណែនាំ​មនុស្ស​ដទៃ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​យល់ពី​របៀប​ដែល​ពួកគេ​អាច​ណែនាំ​មនុស្ស​ដទៃ​ឲ្យ​មករក​ព្រះយេស៊ូវ​គ្រីស្ទ​បាន ( សូម​មើល កិច្ចការ ៨:៣១ ) បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ពីរ​នាក់​ឲ្យ​អង្គុយ​ទល់មុខ​គ្នា ហើយ​អាន​ការសន្ទនា​របស់​ភីលីព និង​បុរស​មកពី​អេធីយ៉ូពី​នៅក្នុង កិច្ចការ ៨:២៦–៣៩ ។ សមាជិក​ក្នុង​ថ្នាក់​ទីបី​ម្នាក់​អាច​អាន​ផ្នែក​ដែល​គ្មាន​ការសន្ទនា​បាន ។ តើ​យើង​រៀន​អ្វីខ្លះ​មកពី​គំរូ​របស់​ភីលីព អំពី​ការបង្រៀន​ដំណឹងល្អ​ទៅកាន់​មនុស្ស​ដទៃ ?

  • ដើម្បី​រកមើល​គំរូ​សម័យ​ទំនើប​អំពី​ដំណើររឿង​នៅក្នុង កិច្ចការ ៨:២៦–៣៩ សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​បទពិសោធន៍ ដែល​ពួកគេ​ធ្លាប់​មាន​ជាមួយ​នឹង​ការចែកចាយ​ដំណឹងល្អ ឬ​ការចូលរួម​ក្នុង​សាសនាចក្រ​បាន ។ តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ពួកគេ​តាម​របៀប​ណា ? តើ​មនុស្ស​ម្នាក់​បាន​ដើរតួ​ជា​អ្នកនាំ​ផ្លូវ​របស់​ពួកគេ​តាម​របៀប​ណា ? សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពិចារណា​អំពី​មនុស្ស​ដែល​ពួកគេ​អាច​ណែនាំ​ឲ្យ​មករក​ដំណឹងល្អ​បាន ។

កិច្ចការ ៩

នៅពេល​យើង​ចុះចូល​តាម​ព្រះទ័យ​របស់​ព្រះអម្ចាស់ នោះ​យើង​អាច​ក្លាយជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​របស់​ទ្រង់​បាន ។

  • សមាជិក​ក្នុង​ថ្នាក់​អាច​រៀន​នូវ​សេចក្ដីពិត​ដ៏​មាន​អានុភាព​អំពី​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​ផ្ទាល់ ដោយ​សិក្សា​បទពិសោធន៍​របស់​សុល រួមបញ្ចូល​ទាំង​សេចក្ដីពិត​ដែល​ថា មនុស្ស​គ្រប់គ្នា​អាច​ប្រែចិត្ត ហើយ​ផ្លាស់ប្ដូរ​បាន ប្រសិនបើ​ពួកគេ​ចង់​ធ្វើ ។ បងប្អូន​អាច​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ប្រៀបធៀប​បទពិសោធន៍​របស់​ប៉ុល ជាមួយ​បទពិសោធន៍​របស់​អាលម៉ា​បាន ( សូមមើល ម៉ូសាយ ១៧:១–៤១៨; ២៦:១៥–២១ ) និង​បទពិសោធន៍​របស់​ពួកសាសន៍​អាន់តៃ‑នីហ្វៃ‑លីហៃ ( សូមមើល អាលម៉ា ២៤:៧–១២ ) ។ តើ​ព្រះអម្ចាស់​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​ប្រជាជន​ទាំងនេះ​ឲ្យ​បាន​ប្រែចិត្ត​ជឿ ? តើ​ពួកគេ​បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​ពួកគេ​ដើម្បី​ផ្លាស់ប្ដូរ​តាម​របៀប​ណា ? តើ​យើង​រកឃើញ​សារលិខិត​អ្វីខ្លះ​សម្រាប់​ជីវិត​របស់​យើង​ផ្ទាល់ ចេញ​មកពី​ដំណើររឿង​ទាំងនេះ ?

  • ដើម្បី​បំផុស​គំនិត​ឲ្យមាន​ការពិភាក្សា​អំពី​បទពិសោធន៍​របស់​សុល បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ពីរបី​នាក់​ឲ្យ​មក​រៀន ដោយ​បាន​ត្រៀមខ្លួន​ចែកចាយ​អ្វី​ដែល​ពួកគេ​រៀន​មកពី​ផ្នែក​នីមួយៗ​នៅក្នុង​សារលិខិត​របស់​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ « Waiting on the Road to Damascus » ( Liahona ខែ ឧសភា ឆ្នាំ​២០១១ ទំព័រ ៧០–៧៧ ) ។ តើ​ពេលខ្លះ​យើង​រង់ចាំ​នៅលើ​ផ្លូវ​របស់​យើង​ទៅ​ក្រុង​ដាម៉ាស​តាម​របៀប​ណា ? យោង​តាម​ប្រធាន អុជដូហ្វ តើ​អ្វីទៅ​ដែល​អាច​ជួយ​យើង​ឲ្យ​ស្ដាប់​ព្រះសូរសៀង​របស់​ព្រះ​ឲ្យ​បាន​ប្រសើរ​ជាងមុន ? បងប្អូន​ក៏អាច​ពិចារណា​មើល​វីដេអូ « The Road to Damascus » បាន​ផងដែរ ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ប្រហែល​ជា​សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​នឹង​ការស្វែងរក និង​ការធ្វើតាម​ព្រះទ័យ​របស់​ព្រះ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ក្នុង​នាម​ជា​គ្រូបង្រៀន​ម្នាក់ បងប្អូន​អាច​ណែនាំ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​តាមរយៈ​បទគម្ពីរ ដូចជា​ភីលីព​បាន​ណែនាំ​ដល់​បុរស​មកពី​អេធីយ៉ូពី​ដែរ តាមរយៈ​ការបង្រៀន​គាត់​ចេញពី​អេសាយ ( សូមមើល កិច្ចការ ៨:២៦–៣៧ ) ។ ដើម្បី​ធ្វើ​ដូច្នេះ​បាន បងប្អូន​ត្រូវតែ​មាន​បទពិសោធន៍​ដែល​ស្ថាបនា​សេចក្ដី​ជំនឿ​នៅក្នុង​បទគម្ពីរ​របស់​បងប្អូន​ផ្ទាល់ ។ សាក្សី​ដែល​បងប្អូន​ចែកចាយ​អាច​ជា​កម្លាំង​ដ៏មាន​អានុភាព​មួយ ក្នុង​ការជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។