ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ៥–១១ ខែ មិថុនា ។ យ៉ូហាន ១៤–១៧ ៖ « ចូរ​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ »


« ថ្ងៃទី ៥–១១ ខែ មិថុនា ។ យ៉ូហាន ១៤–១៧ ៖ ‹ ចូរ​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៥–១១ ខែ មិថុនា ។ យ៉ូហាន ១៤–១៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
អាហារ​យប់​ថ្ងៃ​ចុងក្រោយ

អាហារ​យប់​ថ្ងៃ​ចុងក្រោយ ដោយ វិល្លាម ហ៊ែនរី ម៉ាហ្គែតសុន

ថ្ងៃទី ៥–១១ ខែ​មិថុនា

យ៉ូហាន ១៤–១៧

« ចូរ​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ »

នៅពេល​បងប្អូន​សិក្សា យ៉ូហាន ១៤–១៧ ប្រកប​ដោយ​ការអធិស្ឋាន សូម​សញ្ជឹង​គិត​អំពី​របៀប ដែល​បងប្អូន​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​បាន​យ៉ាងល្អ​បំផុត​ដល់​អស់​អ្នក​ដែល​បងប្អូន​បង្រៀន ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​នាំ​គំនិត​យោបល់​មក​ក្នុង​គំនិត​របស់​បងប្អូន នៅពេល​បងប្អូន​សិក្សា​បទគម្ពីរ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ និង​គម្រោង​មេរៀន​នេះ ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​សរសេរ​លេខ​ចាប់ពី ១៤ រហូត​ដល់ ១៧ នៅលើ​ក្ដារខៀន ដែល​តំណាង​ឲ្យ​ជំពូក​នៅក្នុង​គម្ពីរ​យ៉ូហាន ដែល​សមាជិក​ក្នុង​ថ្នាក់​បាន​អាន​នៅ​សប្ដាហ៍​នេះ ។ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ពីរបី​នាក់​ឲ្យ​សរសេរ​នៅជិត​លេខ​ជំពូក​នីមួយៗ នូវ​សេចក្ដីយោង​ទៅ​ខគម្ពីរ​មួយ ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ពួកគេ​ឲ្យ​យល់​កាន់តែ​ច្បាស់ ឬ​ដែល​ពួកគេ​ចង់​ពិភាក្សា​ក្នុង​ថ្នាក់​រួមគ្នា ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

យ៉ូហាន ១៤:១៦–២៧; ១៥:២៦; ១៦:៧–១៥

ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​យើងឲ្យ​បំពេញ​គោលបំណង​របស់​យើង​ក្នុងនាមជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រៀន​អំពី​តួនាទី​ខុសៗ​គ្នា​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​អាន​វគ្គ​បទគម្ពីរ​ដូច​តទៅ​នេះ​មួយ ឬ​ច្រើន ៖ យ៉ូហាន ១៤:១៦–២៧; ១៥:២៦ និង ១៦:៧–១៥ ។ ពួកគេ​អាច​សរសេរ​នៅលើ​ក្ដារខៀន​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ចេញ​មកពី​វគ្គ​បទគម្ពីរ​ទាំងនេះ​បាន ។ ពួកគេ​ក៏អាច​ស្វែងរក​ការយល់ដឹង​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ព្រះគម្ពីរ និង​សារលិខិត​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » បាន​ដែរ ។ តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បំពេញ​តាម​តួនាទី​ទាំងនេះ​នៅក្នុង​ជីវិត​របស់​យើង​យ៉ាង​ដូចម្ដេច ? បងប្អូន​ក៏អាច​គិត​ដល់​វត្ថុ ឬ​ជំនួយ​ចក្ខុ​នានា ដែល​បងប្អូន​អាច​យក​មកកាន់​ថ្នាក់រៀន​បាន ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​យល់ពី​តួនាទី​ទាំងនេះ​មួយ​ចំនួន​ផងដែរ ។

  • សូម​ពិចារណា​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ពីរបី​នាក់​ទុក​ជាមុន ឲ្យ​ពួកគេ​សិក្សា​សុន្ទរកថា​សន្និសីទ​ទូទៅ​មួយ ដែល​ផ្ដល់​យោបល់​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ( ឬ​សុន្ទរកថា​សន្និសីទ​ដទៃទៀត ដែល​ពួកគេ​ស្គាល់ ) អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូមទុក​ឲ្យ​ពួកគេ​ចែកចាយ​ដោយ​សង្ខេបៗ អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ជាមួយ​សមាជិក​ក្នុង​ថ្នាក់ ។ តើ​សារលិខិត​ទាំងនេះ​បន្ថែម​អ្វីខ្លះ​ទៅលើ​អ្វី ដែល​យើង​បាន​រៀន​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​មកពី យ៉ូហាន ១៤–១៦ ?

រូបភាព
ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល​ទៅកាន់​ពួកសិស្ស

អាហារ​យប់​ថ្ងៃ​ចុងក្រោយ ដោយ ក្លាក ឃែលី ផ្រាយ

យ៉ូហាន ១៥:១–១២

នៅពេល​យើង​នៅជាប់​ក្នុង​ព្រះគ្រីស្ទ នោះ​យើង​នឹង​នាំមក​នូវ​ផលផ្លែ​ល្អ និង​មាន​អំណរ ។

  • សូម​ពិចារណា​យក​រុក្ខជាតិ​តូច​មួយ ( ឬ​រូបភាព​រុក្ខជាតិ​មួយ ) មកកាន់​ថ្នាក់រៀន ហើយ​ប្រើ​វា​ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​មើលឃើញ​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ចម្ការ​ទំពាំង​បាយជូរ និង​មែក​ទាំងឡាយ ។ បន្ទាប់​ពី​អាន យ៉ូហាន ១៥:១–១២ ជា​ថ្នាក់​ហើយ បងប្អូន​អាច​ពិភាក្សា​អំពី​អត្ថន័យ​នៃ​ការ « នៅ​ជាប់​ក្នុង [ ព្រះគ្រីស្ទ ] » ( យ៉ូហាន ១៥:៤ ) ។ សមាជិក​ក្នុង​ថ្នាក់​ពីរបី​នាក់​អាច​ចែកចាយ​អំពី​របៀប ដែល​ពួកគេ​បាន​រកឃើញ​ថា យ៉ូហាន ១៥:៥ គឺជា​ការពិត ។ ( សូមមើល​ផងដែរ​សេចក្ដី​ថ្លែងការណ៍​មកពី​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) ។

យ៉ូហាន ១៧

ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​មាន​សាមគ្គីភាព​យ៉ាងល្អ​ឥតខ្ចោះ ។

  • បងប្អូន​ប្រហែល​ជា​មិនអាច​បង្រៀន​គ្រប់​សេចក្ដីពិត​សំខាន់ៗ​ទាំងអស់ ដែល​មាន​នៅក្នុង យ៉ូហាន ១៧ នៅក្នុង​ការពិភាក្សា​រួមគ្នា​មួយ​បាន​នោះ​ទេ ប៉ុន្តែ​នេះ​ជា​របៀប​មួយ​ដើម្បី​ជួយ​ថ្នាក់​ទាំងមូល​ឲ្យ​រកឃើញ​សេចក្ដីពិត​មួយ​ចំនួន ។ សូម​សរសេរ​នៅលើ​ក្ដារខៀន​អំពី​គោលគំនិត​នានា​មកពី យ៉ូហាន ១៧ ដូចជា​គោលគំនិត​ទាំងនេះ ៖

    • ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ

    • ទំនាក់ទំនង​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជាមួយ​នឹង​ព្រះវរបិតា​ទ្រង់

    • ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ពិភពលោក​ទាំងមូល

    • ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​គ្នា​ទៅវិញ​ទៅមក​ក្នុងនាមជា​ពួកសិស្ស​របស់​ទ្រង់

    សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ម្នាក់​ៗ​ឲ្យ​ជ្រើសរើស​គោលគំនិត​មួយ​នៃ​គោលគំនិត​ទាំងនេះ ហើយ​អាន យ៉ូហាន ១៧ ដោយ​ស្វែងរក​ខគម្ពីរ​ដែល​ជាប់​ទាក់ទង​នឹង​វា ។ សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​បីបួន​នាក់​ឡើង​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។

    តើ​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះ​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​យើង​ជាមួយ​គ្នា​ទៅវិញ​ទៅមក​យ៉ាង​ដូចម្ដេច ? តើ​ទំនាក់ទំនង​របស់​យើង​ជាមួយ​គ្នា​ទៅវិញ​ទៅមក​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ​យ៉ាង​ដូចម្ដេច ?

រូបភាព
រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

ព្រះវិញ្ញាណ​បរិសុទ្ធ ។

ការនៅ​ជាប់​ក្នុង​ព្រះគ្រីស្ទ ។

ដោយ​កត់ចំណាំ​ថា​ពាក្យ នៅជាប់ មាន​បង្កប់​នូវ​ភាពជាប់លាប់ និង​ការតាំងចិត្ត អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន ៖

« អត្ថន័យ​នៃ [ ពាក្យ ] នេះ​គឺ ‹ នៅ—ប៉ុន្តែ​នៅ ជារៀង​រហូត › ។ … ចូរ​មក ប៉ុន្តែ​ត្រូវ​នៅ​បន្ត ។ ចូរ​មក​ដោយ​មាន​ជំនឿ និង​ការស៊ូទ្រាំ ។ …

« ព្រះយេស៊ូវ​មាន​បន្ទូល​ថា ‹ បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នករាល់គ្នា​ពុំ​អាច​ធ្វើ​អ្វី​បាន​ទេ › [  យ៉ូហាន ១៥:៥ ] ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា នោះ​គឺជា​សេចក្ដីពិត​របស់​ព្រះ ។ ព្រះគ្រីស្ទ​គឺជា​អ្វីៗ​គ្រប់យ៉ាង​ចំពោះ​យើង ហើយ​យើង​ត្រូវ ‹ នៅជាប់ › នឹង​ទ្រង់​ជា​អចិន្ត្រៃយ៍ ឥត​ងាករេ ខ្ជាប់ខ្ជួន​ជារៀង​រហូត ។ ដើម្បី​ឲ្យ​ផលផ្លែ​នៃ​ដំណឹងល្អ​រីកឡើង ហើយ​ឲ្យ​ពរ​ដល់​ជីវិត​យើង យើង​ត្រូវតែ​នៅជាប់​ក្នុង​ទ្រង់ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់គ្នា និង​ចំពោះ​សាសនាចក្រ​របស់​ទ្រង់​ដែល​មាន​ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ទ្រង់​គឺជា​ដើម​ទំពាំង​បាយជូរ​ដែល​ជា​ប្រភព​ពិត​នៃ​កម្លាំង និង​ជា​ប្រភព​តែមួយ​នៃ​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ។ នៅក្នុង​ទ្រង់​យើង​ពុំ​គ្រាន់តែ​ស៊ូទ្រាំ​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏នឹង​យកឈ្នះ ហើយ​មាន​ជ័យ​ជំនះ​នៅក្នុង​បុព្វហេតុ​ដ៏​បរិសុទ្ធ​នេះ ដែល​នឹង​ពុំឲ្យ​យើង​បរាជ័យ​ឡើយ » ( « Abide in Me » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៣២ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

យាង​អញ្ជើញ​ព្រះវិញ្ញាណ ។ « យើង​អាច​ធ្វើជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​របស់​ព្រះ ដើម្បី​ជួយ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់​ឲ្យ​រៀន​តាមរយៈ​ព្រះវិញ្ញាណ​បាន ។ ដើម្បី​ធ្វើ​ដូចនេះ យើង​អញ្ជើញ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​ឲ្យ​ចូលមក​ក្នុង​ជីវិត​របស់​យើង ហើយ​លើក​ទឹកចិត្ត​ដល់​អស់​អ្នក​ទាំងឡាយ​ដែល​យើង​បង្រៀន​ឲ្យធ្វើ​ដូចគ្នា​នេះ ។ … តន្ត្រី​ពិសិដ្ឋ បទគម្ពីរ ពាក្យ​សម្ដី​នៃ​ពួក​ព្យាការី​ថ្ងៃ​ចុងក្រោយ ការបង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ទីបន្ទាល់ ព្រមទាំង​គ្រា​នៃ​ការសញ្ជឹង​គិត​ដ៏ស្ងប់ស្ងាត់​ទាំងអស់​នេះ អាច​អញ្ជើញ​ឲ្យ​មាន​វត្តមាន​នៃ​ព្រះវិញ្ញាណ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១០ ) ។