ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ១៣–១៩ ខែ កុម្ភៈ ។ ម៉ាថាយ ៥; លូកា ៦ ៖ « អ្នករាល់គ្នា​មាន​ពរ »


« ថ្ងៃទី ១៣–១៩ ខែ កុម្ភៈ ។ ម៉ាថាយ ៥; លូកា ៦ ៖ ‹ អ្នករាល់គ្នា​មាន​ពរ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១៣–១៩ ខែ កុម្ភៈ ។ ម៉ាថាយ ៥; លូកា ៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
ព្រះយេស៊ូវ​កំពុង​បង្រៀន​នៅលើ​ភ្នំ

ព្រះយេស៊ូវ​កំពុង​ថ្លែង​ទេសនកថា​នៅលើ​ភ្នំ ដោយ ហ្គុស្តាវ ដូរ៉េ

ថ្ងៃទី ១៣–១៩ ខែ កុម្ភៈ

ម៉ាថាយ ៥; លូកា ៦

« អ្នករាល់គ្នា​មាន​ពរ »

សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​បងប្អូន នៅពេល​បងប្អូន​សិក្សា ម៉ាថាយ ៥ និង លូកា ៦ ។ វិវរណៈ​នឹង​កើតមាន​ឡើង នៅពេល​បងប្អូន​ខិតខំ​ដើម្បី​បំពេញ​តាម​សេចក្ដី​ត្រូវការ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា ទេសនកថា​នៅលើ​ភ្នំ​គឺជា « [ ទេសនកថា ] ដ៏​អស្ចារ្យ​បំផុត​ដែល​ពុំ​ធ្លាប់​បង្រៀន​ពីមុន​មក​ឡើយ តាម​អ្វី​ដែល​យើង​ដឹង » ( Teachings of Presidents of the Church: Joseph Fielding Smith [ ឆ្នាំ ២០១៣ ] ទំព័រ ២៣៤ ) ។ សូម​អញ្ជើញ​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​អារម្មណ៍​របស់​ពួកគេ អំពី​មូលហេតុ​ដែល​ថា​ការណ៍​នេះ​គឺ​ពិត ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ាថាយ ៥:១–១២

សុភមង្គល​យូរអង្វែង កើត​មកពី​ការរស់នៅ​តាម​របៀប​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន ។

  • នៅក្នុង​ទេសនកថា​នៅលើ​ភ្នំ ព្រះអង្គ​សង្គ្រោះ​បាន​អញ្ជើញ​ពួកសិស្ស​របស់​ទ្រង់​ឲ្យ​គិត​ឡើងវិញ អំពី​អត្ថន័យ​នៃ​ការរស់នៅ​ក្នុង​ជីវិត​ដ៏មាន​ពរជ័យ​មួយ—ជីវិត​មួយ​ដែល​មាន​សុភមង្គល​ដ៏​យូរ​អង្វែង ។ ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា​មួយ​អំពី​សុភមង្គល​ដ៏​យូរ​អង្វែង បងប្អូន​អាច​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​អ្វី​ដែល​ធ្វើឲ្យ​ពួកគេ​រីករាយ ។ យោងតាម ម៉ាថាយ ៥:១–១២ តើ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​អ្វីខ្លះ ដែល​ធ្វើឲ្យ​មនុស្ស​ម្នាក់ « មាន​ពរ » ឬ​រីករាយ​អស់កល្ប​ជានិច្ច ? តើ​ការបង្រៀន​របស់​ព្រះយេស៊ូវ​ខុសពី​វិធី​ផ្សេងទៀត ដែល​មនុស្ស​ព្យាយាម​ស្វែងរក​សុភមង្គល​យ៉ាង​ដូចម្ដេច ?

  • សូម​ពិចារណា​សរសេរ​គុណលក្ខណៈ ឬ​គុណសម្បត្តិ​មួយ​ចំនួន​ដាក់​នៅលើ​ក្ដារខៀន​ដែល​ចេញ​មកពី ខទី ៣–១២ ដូចជា « មាន​ចិត្ត​បរិសុទ្ធ » ឬ « អ្នក​ដែល​ផ្សះផ្សា​គេ » ជាដើម ។ បន្ទាប់​មក សូម​អញ្ជើញ​សមាជិក​ម្នាក់​ក្នុង​ថ្នាក់​ឲ្យ​ផ្ដល់​យោបល់​អំពី​ពាក្យ​ផ្ទុយ​សម្រាប់​ពាក្យ​នីមួយៗ ។ តើ​យើង​រៀន​អ្វីខ្លះ​អំពី​គុណសម្បត្តិ​ទាំងនេះ តាមរយៈ​ការពិចារណា​អំពី​ពាក្យ​ផ្ទុយ​របស់​វា ? សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ពិចារណា​ពី​អ្វី ដែល​ពួកគេ​អាច​ផ្លាស់ប្ដូរ​បាន ដើម្បី​ក្លាយជា​មនុស្ស​ដែល​បាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ តើ នីហ្វៃ​ទី​៣ ១២:៣, ៦ បន្ថែម​អ្វីខ្លះ​ទៅលើ​ការយល់ដឹង​របស់​យើង​អំពី ម៉ាថាយ ៥:៣, ៦ ?

រូបភាព
ព្រះយេស៊ូវ​កំពុង​បង្រៀន​ពួកសិស្ស

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អំពី​របៀប​ដើម្បី​រស់នៅ​ដោយ​រីករាយ ហើយ​ក្លាយ​ដូចជា​ព្រះវរបិតា​របស់​យើង​ដែល​គង់នៅ​ស្ថានសួគ៌ ។

ម៉ាថាយ ៥:១៤–១៦

ពួកសិស្ស​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវ​ធ្វើជា​ពន្លឺ​នៃ​ពិភពលោក ។

  • តើ « ពន្លឺ​នៃ​លោកីយ៍ » មាន​ន័យ​យ៉ាងណា ? ( ខទី ១៤ ) ។ តើ​ការលាក់​ពន្លឺ​របស់​យើង « ក្រោម​ថាំង » ( ខទី ១៥ ) មាន​ន័យ​ដូចម្ដេច ហើយ​ហេតុអ្វី​យើង​អាច​ត្រូវបាន​ល្បួង​ឲ្យ​ធ្វើ​ការណ៍​នេះ ? សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន ប៊ូនី អេច ខ័រឌុន នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » និង នីហ្វៃ​ទី​៣ ១៨:២៤ អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យមាន​បំណងប្រាថ្នា ដើម្បី​ធ្វើជា​ពន្លឺ​ដល់​មនុស្ស​ដទៃ​កាន់តែ​ខ្លាំងឡើង ។ ពួកគេ​ក៏អាច​និយាយ​អំពី​មនុស្ស ដែល​ធ្វើជា​ពន្លឺ​ដល់​ពួកគេ ហើយ​បាន​ដឹកនាំ​ពួកគេ​ឲ្យ​មករក​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។ តើ​យើង​អាច​ធ្វើត្រាប់​តាម​មនុស្ស​ទាំងនេះ​បាន​ដោយ​របៀប​ណា ?

ម៉ាថាយ ៥:១៧–៤៨

ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ពី​ក្រឹត្យវិន័យ​ដ៏ខ្ពស់​មួយ ដែល​អាច​ដឹកនាំ​យើង​ឆ្ពោះ​ទៅរក​ភាពល្អ​ឥតខ្ចោះ ។

  • ស្ថានភាព​មួយ​ចំនួន​ដែល​បាន​រៀបរាប់​នៅក្នុង ម៉ាថាយ ៥ មាន​ភាពជាក់លាក់​ចំពោះ​ជំនាន់​របស់​ព្រះអង្គ​សង្គ្រោះ ប៉ុន្តែ​គោលការណ៍​ដែល​ទ្រង់​បាន​បង្រៀន​គឺ​សំដៅ​ទៅលើ​មនុស្ស​ទូទៅ ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​មើលឃើញ​ការអនុវត្ត​នានា​នៅក្នុង​ជីវិត​របស់​ពួកគេ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជ្រើសរើស​វគ្គ​បទគម្ពីរ​មួយ​ដូច​តទៅ​នេះ ហើយ​គិត​អំពី​ឧទាហរណ៍​មួយ​នៅ​សម័យ​ទំនើប ដែល​បង្ហាញពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​កំពុង​បង្រៀន ៖ ខទី ២១–២៤; ២៧–៣០; ៣៣–៣៧; ៣៨–៣៩; ៤០–៤២ និង ៤៣–៤៤ ។ ពួកគេ​អាច​ធ្វើ​កិច្ចការ​នេះ​ដោយ​ខ្លួនឯង ឬ​ជា​ក្រុម​តូចៗ ហើយ​ចែកចាយ​ឧទាហរណ៍​របស់​ពួកគេ​ជាមួយ​នឹង​សមាជិក​ក្នុង​ថ្នាក់ ។

  • តើ​បងប្អូន​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​តាម​របៀប​ណា ដើម្បី​ឲ្យ​មើលឃើញ​ថា សេចក្ដី​បង្គាប់​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យបាន « ល្អ​ឥតខ្ចោះ » ( ម៉ាថាយ ៥:៤៨ ) មាន​ន័យ​យ៉ាងណា ដូច​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់​ថា​ឲ្យ​មាន « ពេញលេញ » ឬ « បាន​ចប់​សព្វគ្រប់ » នោះ ? ( « Perfection Pending » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៨៦–៨៨ ) ។ បងប្អូន​អាច​កាត់​រូបភាព​ព្រះយេស៊ូវ​ជាច្រើន​ចំណែក​ទុក​តម្រៀប ហើយ​សូម​អញ្ជើញ​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​សរសេរ​នៅ​ពី​ក្រោយ​បំណែក​រូបភាព​នីមួយៗ​នូវ​ការបង្រៀន​មួយ​ចេញពី ម៉ាថាយ ៥ ដែល​ពួកគេ​មាន​អារម្មណ៍​ថា បាន​បំផុស​គំនិត​ឲ្យ​អនុវត្ត​នៅក្នុង​ជីវិត​របស់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ផ្គុំ​បំណែក​ទាំងនោះ ។ តើ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជួយ​យើង​ឲ្យ​មាន​ភាព « ពេញលេញ » ឬ « បាន​ចប់​សព្វគ្រប់ » តាម​របៀប​ណា ? ( សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះគុណ » ) ។ តើ​ប្រសាសន៍​របស់​ប្រធាន ចយ ឌី ចូនស៍ នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » បន្ថែម​អ្វីខ្លះ​ដល់​ការយល់ដឹង​របស់​យើង​អំពី​ដំណើរការ​នេះ ?

រូបភាព
រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

ការធ្វើជា​ពន្លឺ​មួយ ។

ប្រធាន ប៊ូនី អេច ខ័រឌុន បាន​បង្រៀន ៖ « ការអញ្ជើញ​របស់​ព្រះអម្ចាស់​ឲ្យ​បញ្ចាំង​ពន្លឺ​របស់​យើង​ចេញ​ទៅ មិនមែន​គ្រាន់តែ​អំពី​ការគ្រវី​បញ្ចាំង​ពន្លឺ​យើង ហើយ​ធ្វើឲ្យ​ពិភពលោក​នេះ​ភ្លឺ​ជាងមុន​នោះទេ ។ វា​គឺ​ត្រូវ​ផ្ចង់ផ្ដោត​ពន្លឺ​នោះ ដើម្បី​ឲ្យ​មនុស្ស​ដទៃ​អាច​មើលឃើញ​ផ្លូវ​ទៅរក​ព្រះគ្រីស្ទ ។ វា​ជា​ការប្រមូលផ្តុំ​អ៊ីស្រាអែល នៅ​ផ្នែក​នេះ​នៃ​វាំងនន—ការជួយ​មនុស្ស​ដទៃ​ឲ្យ​មើលឃើញ​ពី​ជំហាន​ទៅមុខ​បន្ទាប់​ក្នុង​ការចុះ និង​ការរក្សា​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ » ( « That They May See » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៧៩ ) ។

ការស្វែងរក​ភាពល្អ​ឥតខ្ចោះ ។

ប្រធាន ចយ ឌី ចូនស៍ បាន​ពន្យល់ ៖

« ព្រះអម្ចាស់​សព្វ​ព្រះទ័យ​នឹង​ការខិតខំ ហើយ​ការខិតខំ​នាំមក​នូវ​រង្វាន់ ។ យើង​បន្ដ​ការហាត់រៀន ។ យើង​តែងតែ​ជឿនលឿន ដរាប​ណា​យើង​ខិតខំ​ដើរតាម​ព្រះអម្ចាស់ ។ ទ្រង់​ពុំ​រំពឹង​ឲ្យ​យើង​បាន​ល្អ​ឥតខ្ចោះ​នៅ​ថ្ងៃនេះ​ឡើយ ។ យើង​បន្ត​ឡើង​ភ្នំ​ស៊ីណាយ​ផ្ទាល់ខ្លួន​របស់​យើង ។ ដូច​នៅ​អតីតកាល​ដែរ ដំណើរ​របស់​យើង​តម្រូវ​ឲ្យ​មាន​ការខិតខំ​ការប្រឹងប្រែង​ធ្វើការ និង​ការសិក្សា ប៉ុន្តែ​ការប្តេជ្ញា​ចិត្ត​របស់​យើង​ដើម្បី​ជឿនលឿន​នាំមក​នូវ​រង្វាន់​អស់កល្ប​ជានិច្ច ។ …

« ចូរ​យើង​ប្រកាស​ដោយ​ស្មោះត្រង់​ចំពោះ​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង ‹ ដោយ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​បុណ្យ​គុណ​របស់​ទ្រង់ ដែល​មាន​ឥទ្ធិឫទ្ធិ​ដើម្បី​សង្រ្គោះ › [ នីហ្វៃ​ទី​២ ៣១:១៩ ] ។ ចូរ​យើង​បន្ត​ដំណើរ​ទៅមុខ​ឆ្ពោះ​ទៅរក​សក្តានុពល​ខាង​វិញ្ញាណ​ខ្ពស់​បំផុត​របស់​យើង » ( « An Especially Noble Calling » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ១៦–១៧ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

បង្កើន​ការចូលរួម​របស់​សមាជិក​ក្នុង​ថ្នាក់ ។ មាន​សកម្មភាព​ជាច្រើន​ដែល​អាច​ធ្វើ​ឡើង​ទាំងអស់​គ្នា ជា​ក្រុម​តូចៗ ជា​គូ ឬ​ជា​ការពិភាក្សា​មួយ ។ សូម​ប្រើ​វិធីសាស្ត្រ​ផ្សេងៗ​គ្នា​មួយ​ដើម្បី​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ចូលរួម ដែល​ពួកគេ​អាច​នឹង​គ្មាន​ឱកាស​ចូលរួម ប្រសិនបើ​គ្មាន​វិធីសាស្ត្រ​នោះ​ទេ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣៣ ) ។