គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ការ​ប្រើ​ប្រាស់​សៀវភៅ​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ


« ការ​ប្រើ​ប្រាស់​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ការ​ប្រើ​ប្រាស់​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
យុវនារី និង​យុវជន​នៅក្នុង​ថ្នាក់​រៀន

ការ​ប្រើ​ប្រាស់​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ

ការ​រៀបចំ​ខ្លួន​បង្រៀន​ក្នុង​សាលា​ថ្ងៃ​អាទិត្យ

ការ​សិក្សា​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ​នៅក្នុង​គេហដ្ឋាន​គួរ​ជា​ស្នូលនៃ​ការ​រៀនសូត្រ​ដំណឹងល្អ ។ រឿង​នេះ​គឺជា​រឿង​ពិត​ចំពោះ​អ្នក និង​ចំពោះ​អ្នកទាំងឡាយ​ដែល​អ្នក​បង្រៀន ។ នៅ​ពេល​អ្នក​រៀប​ចំ​ខ្លួន​បង្រៀន សូម​ចាប់ផ្ដើម​ដោយ​មាន​បទពិសោធន៍​ផ្ទាល់​ខ្លួន​នៅ​ក្នុង​បទគម្ពីរ ។ ការរៀបចំ​ខ្លួន​ដ៏​សំខាន់​បំផុត​របស់​អ្នក​នឹង​កើតឡើង នៅពេល​អ្នក​ស្រាវជ្រាវ​បទគម្ពីរ និង​ស្វែងរក​ការបំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ គឺជា​ផ្នែកមួយ​ដ៏សំខាន់​សម្រាប់​ទាំង​ការ​សិក្សា​ផ្ទាល់​ខ្លួន​របស់​អ្នក និង​ការ​រៀប​ចំខ្លួន​របស់​អ្នក​ដើម្បី​បង្រៀន ។ វា​នឹង​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ការ​យល់​ដឹង​ដ៏​ស៊ី​ជម្រៅ​មួយអំពី​គោលការណ៍​នៃ​គោលលទ្ធិ​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​បទគម្ពីរ ។ វាក៏នឹងអាចឲ្យ​អ្នក​​មាន​ការបំផុស​គំនិត ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ដើម្បី​បង្កើន​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ​របស់​ពួកគេ​ផងដែរ ( សម្រាប់​ជំនួយ​នៅ​ក្នុង​ធ្វើ​កិច្ចការ​នេះ សូម​មើល គំនិត​សម្រាប់​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​សិក្សា​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ » នៅ​ក្នុង​ធនធាន​នេះ ) ។ នៅ​ពេល​អ្នក​ធ្វើ​ដូច្នេះ សូមមានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សិស្ស​ដែលស្ថានភាព​គ្រួសារ​របស់​ពួកគេ​ប្រហែល​ជា​ពុំ​អនុញ្ញាត​ឲ្យ​មាន​ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និងរាត្រីជួប​ជុំ​ក្រុម​គ្រួសារ​ឲ្យ​បាន​ទៀង​ទាត់ ។

អំឡុង​ពេល​អ្នក​រៀបចំ​ខ្លួន គំនិត និង​អារម្មណ៍​ទាំងឡាយ​នឹង​កើត​មាន​ដល់​អ្នក​អំពី​មនុស្ស​ដែល​អ្នក​បង្រៀន របៀប​ដែល​គោលការណ៍​ទាំងឡាយ​នៅ​ក្នុង​បទគម្ពីរ​នឹង​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ និង​របៀប​ដែល​អ្នក​អាច​បំផុស​គំនិត​ពួកគេ​ឲ្យ​ស្វែងរក​គោលការណ៍​ទាំងនោះ នៅពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ​សម្រាប់​ខ្លួន​ឯង​នោះ ។

គំនិត​សម្រាប់​ការ​បង្រៀន

ពេល​អ្នក​រៀបចំ​​បង្រៀន អ្នក​អាច​ទទួល​បាន​ការបំផុស​គំនិត​បន្ថែម​ដោយ​ការស្វែងយល់​អំ​ពី​គម្រោង​មេរៀន​បង្រៀន​នៅក្នុង​ធនធាន​នេះ ។ សូម​កុំ​ចាត់​ទុក​ថា ​គំនិត​ទាំង​នេះ​គឺជា​សេចក្ដី​ណែនាំជំហានម្តងមួយ​ៗ​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​សូម​ចាត់​ទុក​វា​ជា​យោបល់​ដើម្បីជួយ​បង្កើត​ការ​បំផុស​គំនិត​ផ្ទាល់​របស់​អ្នក ។ អ្នក​ស្គាល់​ពី​សិស្ស​របស់​អ្នក ហើយ​អ្នក​នឹង​ស្គាល់​ពួកគេ​កាន់​តែ​ច្រើន​ទៀត នៅពេល​អ្នក​រៀន​ជាមួយ​គ្នា​នៅ​ក្នុង​ថ្នាក់ ។ ព្រះអម្ចាស់​ស្គាល់​ពួកគេ​ផង​ដែរ ហើយ​ទ្រង់​នឹង​បំផុស​គំនិត​ដល់​អ្នក​នូវ​របៀប​ដ៏ល្អបំផុត​ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្ថាបនាទៅ​លើ​ការ​រៀនសូត្រ​ដំណឹងល្អ​ដែល​ពួកគេ​កំពុង​ធ្វើ​នៅ​ក្នុង​គេហដ្ឋាន​ ។

​មាន​ធនធានជាច្រើន​ផ្សេងទៀត​ដែល​អ្នក​អាច​ប្រើ ​នៅ​ពេល​អ្នក​រៀបចំ​ខ្លួន រួម​បញ្ចូល​ទាំង​គំនិត​នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ និង​ទស្សនាវដ្ដី​សាសនាចក្រ​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ធនធាន​ទាំង​នេះ និង​ធនធាន​ផ្សេង​ទៀត សូម​មើល​វគ្គ​ដែល​មាន​ចំណង​ជើង​ថា « ធនធាន​បន្ថែម​ទាំងឡាយ »​នៅ​ក្នុង​ធនធាន​នេះ ។

រឿង​មួយ​ចំនួន​ដែល​ត្រូវ​ចងចាំ

  • ក្នុង​នាម​ជា​គ្រូបង្រៀន​ម្នាក់ អ្នក​មាន​ការទទួល​ខុស​ត្រូវ​ដ៏​សំខាន់​មួយគឺ​ដើម្បី​គាំទ្រ លើក​ទឹក​ចិត្ត ហើយ​ស្ថាបនា​លើ​ការរៀនសូត្រ​ដំណឹងល្អ​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ​របស់​សិស្ស ។ ខណៈ​សិស្ស​មួយ​ចំនួន​មិន​អាច​សិក្សា​ដំណឹងល្អ​នៅ​ផ្ទះ​បាន​ខ្ជាប់ខ្ជួន នោះ​អ្នក​អាច​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​ដ៏​ធំ​មួយ ពេល​អ្នក​លើក​ទឹកចិត្ត និង​ជួយ​ពួកគេ​ឲ្យ​ធ្វើឲ្យ​គេហដ្ឋាន​របស់​ពួកគេ​ជា​កន្លែង​រៀនសូត្រ​ដំណឹងល្អ ។

  • ការ​ប្រែចិត្ត​ជឿ​របស់​សិស្ស​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​មាន​ភាព​ស៊ីជម្រៅ នៅ​ពេល​ពួកគេ​យល់ ហើយ​អនុវត្ត​គោលលទ្ធិ​ពិត ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​កត់ត្រា ហើយ​ធ្វើ​តាម​ការ​បំផុស​គំនិត​ដែល​ពួកគេ​ទទួល​បាន​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • ការ​បង្រៀន​គឺ​លើស​ពី​ការ​បង្រៀន​មេរៀន​ទៅ​ទៀត ប៉ុន្តែ​វា​ក៏​លើស​ពី​ការ​គ្រាន់​តែ​ដឹកនាំ​ការ​ពិភាក្សា​មួយផង​ដែរ ។ ផ្នែក​មួយ​នៃ​តួនាទី​របស់​អ្នក​គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូល​រួម​ដែល​ស្អាងឡើង ហើយ​ផ្អែក​ទៅលើ​បទគម្ពីរ ។ អ្នក​ក៏គួរ​ចែកចាយ​ការ​យល់ដឹង​ដ៏​បំផុស​គំនិត​ដែល​អ្នក​បាន​ទទួល នៅពេល​អ្នក​បាន​សិក្សា​ព្រះគម្ពីរ​ផង​ដែរ ។

  • សូម​ចង​ចាំ​ថា សិស្ស​ជាច្រើនក៏​កំពុង​មាន​បទពិសោធន៍​ដ៏មាន​ន័យ​ពីការសិក្សា​ព្រះគម្ពីរ​នៅ​​ក្នុង​ផ្ទះ​ផងដែរ ។ អ្នក​អាច​គាំទ្រ​ការរៀនសូត្រ​ដំណឹងល្អ​របស់​ពួកគេ​បាន តាមរយៈ​ការផ្ដល់​ឱកាស​ជាញឹកញាប់​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​រៀន​នៅ​ឯ​គេហដ្ឋាន និង​របៀប​ដែល​វា​មាន​ឥទ្ធិពល​មកលើ​ជីវិត​របស់​ពួកគេ ។

  • ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យចង់​ឲ្យ​អ្នក​ទទួល​បាន​ជោគ​ជ័យ​ក្នុង​នាម​ជា​គ្រូបង្រៀន​ម្នាក់ ។ ទ្រង់​បាន​ប្រទាន​ធនធាន​ជាច្រើន​ដើម្បី​ជួយ​អ្នក រួម​បញ្ចូល​ទាំង​ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន​ផង​ដែរ ។ នៅ​ក្នុង​ការ​ប្រជុំ​ទាំង​នេះ អ្នក​អាច​ប្រឹក្សា​ជាមួយ​នឹង​គ្រូបង្រៀន​ផ្សេងៗ​ទៀត​អំពី​ឧបសគ្គ​នានា​ដែល​អ្នក​ជួប​ប្រទះ ។ អ្នក​ក៏​អាច​ពិភាក្សា ហើយ​អនុវត្ត​គោលការណ៍​ទាំងឡាយ​នៃ​ការ​បង្រៀន​ដូចជា​ព្រះគ្រីស្ទ​ផង​ដែរ ។

  • មនុស្ស​មួយ​ចំនួន​រៀន​បាន​ល្អ​បំផុត នៅពេល​ពួកគេ​មាន​ឱកាស​បង្រៀន ។ ម្ដង​ម្កាល សូម​ពិចារណា​អនុញ្ញាត​ឲ្យ​សិស្ស រួម​ទាំង​យុវវ័យ​ផង​ដែរ​ឲ្យ​បង្រៀន​ផ្នែក​មួយ​នៃ​មេរៀន ។ សូម​ធ្វើ​ការ​សម្រេច​ចិត្ត​នេះ​ដោយ​ផ្អែក​លើ​សេចក្ដី​ត្រូវការ និង​លទ្ធភាព​របស់​សិស្ស ។ ប្រសិន​បើ​អ្នក​ពិត​ជា​អញ្ជើញ​សិស្ស​ឲ្យ​បង្រៀន សូម​ចំណាយ​ពេល​ជួយ​គាត់​ឲ្យ​រៀបចំ​ខ្លួន​ជា​មុន​ដោយ​ប្រើ​គំនិត​ដែល​មាន​នៅ​ក្នុង​ធនធាន​នេះ និង​នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។ សូម​ចងចាំ​ថា ក្នុង​នាម​ជា​គ្រូបង្រៀន​ដែល​បាន​ហៅ​ឲ្យ​បម្រើ នោះ​អ្នក​មាន​ការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​អ្វី​ដែល​ត្រូវ​បង្រៀន​នៅ​ក្នុង​ថ្នាក់ ។

  • ធនធាន​នេះ​រួម​មាន​នូវ​គម្រោង​មេរៀន​រាល់​សប្ដាហ៍​សម្រាប់​ឆ្នាំ​នេះ ។ នៅ​ថ្ងៃ​អាទិត្យ ពេល​គ្មាន​សាលា​ថ្ងៃ​អាទិត្យ ក្រុម​គ្រួសារ​នឹង​បន្ត​អាន​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា​នៅ​ឯ​គេហដ្ឋាន​យោង​តាម​កាល​វិភាគ​ដែល​បាន​គ្រោង​នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ។ អ្នក​អាច​ជ្រើសរើស​រំលង​មេរៀន​ណា​ដែល​ចំ​នៅ​សប្ដាហ៍​មិន​មាន​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ឬ​អ្នក​អាច​បង្រៀន​មេរៀន​ច្រើន​ចូលគ្នា​នៅក្នុង​ម៉ោង​បង្រៀន​តែមួយ ។