គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ២២–២៨ ខែ មីនា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩ ៖ « ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ប្រមូល​រាស្ត្រ​របស់​ទ្រង់ »


« ថ្ងៃទី ២២–២៨ ខែ មីនា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩ ៖ ‹ ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ប្រមូល​រាស្ត្រ​របស់​ទ្រង់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២២–២៨ ខែ មីនា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

រូបភាព
ព្រះយេស៊ូវ​ឈរ​ចំពោះ​មុខ​មនុស្ស​ដែល​លុត​ជង្គង់​ចុះ

គ្រប់​ទាំង​ជង្គង់​នឹង​លុត​ចុះ ដោយ ជេ ខឺក រីឆាដ

ថ្ងៃទី ២២–២៨ ខែ មីនា

គោលលទ្ធិ និង សេចក្តី​សញ្ញា ២៩

ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ប្រមូល​រាស្ត្រ​របស់​ទ្រង់

គោលបំណង​មួយ​នៃ​ការសិក្សា​ព្រះគម្ពីរ គឺ​ដើម្បី​រៀន​ពី​គោលលទ្ធិ ឬ​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែល​សំខាន់​សម្រាប់​ការសង្គ្រោះ​របស់​យើង ។ នៅពេល​បងប្អូន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ២៩ នៅ​សប្ដាហ៍​នេះ សូម​រកមើល​គំនិត​ដែល​មាន​អត្ថន័យ​ចំពោះ​បងប្អូន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ទោះបីជា​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​រៀបចំ​ឡើង​នៅក្នុង​ឆ្នាំ ១៨៣០ ក្ដី ក៏​មាន​សេចក្ដីពិត​នៃ​ដំណឹងល្អ​ជាច្រើន​នៅតែ​បន្ដ​បើក​សម្ដែង ហើយ​សមាជិក​សាសនាចក្រ​ជំនាន់ដើម​មួយ​ចំនួន​មាន​សំណួរ ។ ពួកគេ​បាន​អាន​ការព្យាករ​នៅក្នុង​ព្រះគម្ពីរ​មរមន​អំពី​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល និង​ការកសាង​ក្រុង​ស៊ីយ៉ូន ( សូមមើល នីហ្វៃទី​៣ ២១ ) ។ តើ​រឿង​នោះ​បាន​កើតឡើង​យ៉ាង​ដូចម្ដេច ? វិវរណៈ​ដែល ហៃរាំ ភេច បាន​អះអាង​ថា​បាន​ទទួល​នោះ បាន​ថ្លែង​ពី​រឿង​នោះ ហើយ​វា​នាំ​ឲ្យ​សមាជិក​រឹតតែ​ឆ្ងល់​ខ្លាំងឡើង​ប៉ុណ្ណោះ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២៨ ) ។ មនុស្ស​ផ្សេង​ទៀត​បាន​ឆ្ងល់​អំពី​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា និង​ការស្លាប់​ខាង​វិញ្ញាណ ។ ព្រះអម្ចាស់​បាន​ស្វាគមន៍​សំណួរ​ទាំងនេះ​នៅ​ឆ្នាំ ១៨៣០ ៖ ទ្រង់​បាន​មាន​បន្ទូល​ទៅ​ពួកបរិសុទ្ធ​ថា « អ្វី​ក៏​ដោយ ដែល​អ្នក​សូម​ដោយ​នូវ​សេចក្ដី​ជំនឿ​ដោយ​រួម​ប្រជុំ​គ្នា​អធិស្ឋាន ស្រប​តាម​បញ្ញត្តិ​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ទទួល » ( គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៦ ) ។ ហើយ​ទ្រង់​ស្វាគមន៍​សំណួរ​របស់​យើង​នា​សព្វថ្ងៃ ទ្រង់​រង់ចាំ​ឲ្យ​យើង​ទូល​សូម​ដល់​ទ្រង់​នៅក្នុង​ការអធិស្ឋាន ។ តាមពិត​ទៅ ដូច​ដែល​វិវរណៈ​ដ៏​ពេញ​ដោយ​គោលលទ្ធិ​នៅក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ២៩ បង្ហាញ​មក ពេលខ្លះ​ទ្រង់​ឆ្លើយតប​តាមរយៈ​ការបង្ហាញ​សេចក្ដីពិត និង​ចំណេះដឹង​ហួស​ពី​សំណួរ​ដែល​យើង​បាន​សួរ​តាំង​ពី​ដំបូង​ទៅ​ទៀត ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្តី​សញ្ញា ២៩

ព្រះវរបិតាសួគ៌​បាន​រៀបចំ​ផែនការ​ដ៏​ឥតខ្ចោះ​សម្រាប់​ការតម្កើង​ឡើង​របស់​យើង ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ២៩ បង្រៀន​សេចក្ដីពិត​ជាច្រើន​អំពី​ផែនការ​របស់​ព្រះ​សម្រាប់​បុត្រា​បុត្រី​ទ្រង់ ។ នៅពេល​បងប្អូន​អាន សូម​ស្វែងរក​សេចក្ដីពិត​ដែល​បងប្អូន​បាន​រៀន​ពី​ផ្នែក​នីមួយៗ​នៃ​ផែនការ​ដូច​តទៅ​នេះ ៖

តើ​បងប្អូន​បាន​ទទួល​ការយល់ដឹង​ថ្មី​អ្វីខ្លះ ? តើ​ជីវិត​របស់​បងប្អូន​នឹង​ខុសប្លែក​យ៉ាង​ដូចម្ដេច បើ​បងប្អូន​មិន​បាន​ដឹង​ពី​សេចក្ដីពិត​ទាំងនេះ​ទេ​នោះ ?

បងប្អូន​អាច​សិក្សា​បន្ថែម​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​នៅក្នុង « ផែនការណ៍​នៃ​សេចក្តីសង្គ្រោះ » ( ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសក៍​ចំពោះ​ការបម្រើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា កំណែ​ថ្មី [ ឆ្នាំ ២០១៨ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org/manual/missionary ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:១–៨

ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ប្រមូល​រាស្ត្រ​របស់​ទ្រង់ ពីមុន​ការយាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។

ព្រះយេស៊ូវ​គ្រីស្ទ​មាន​បន្ទូល​អំពី​ការប្រមូល​រាស្ដ្រ​របស់​ទ្រង់ « ដូច​ជា​មេមាន់​ក្រុង​កូន​វា​ឲ្យ​ជ្រក​ក្រោម​ស្លាប » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:២ ) ។ តើ​រូបភាព​នេះ​បង្រៀន​បងប្អូន​អ្វីខ្លះ អំពី​ព្រះរាជ​បំណង​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការប្រមូល​បងប្អូន ? នៅពេល​បងប្អូន​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:១–៨ សូម​រកមើល​គំនិត​ស្ដីពី​មូលហេតុ​ដែល​យើង​ប្រមូល​គ្នា អ្នក​ដែល​នឹង​ប្រមូល​គ្នា និង​របៀប​ដែល​យើង​អាច​ជួយ​ប្រមូល « អ្នកដែល​រើសតាំង » ( ខទី ៧ ) ។

នៅ​ជំនាន់​របស់​យើង ការប្រមូល​គ្នា​ទៅ​ក្រុង​ស៊ីយ៉ូន​មាន​ន័យ​ថា ការរួបរួម​គ្នា​ក្នុង​ស្ដេក​ស៊ីយ៉ូន​នៅ​ទូទាំង​ពិភពលោក ។ តើ​ការប្រជុំ​គ្នា​ក្នុង​នាម​ជា​ពួកបរិសុទ្ធ​ជួយ​យើង​ឲ្យ « ប្រុងប្រៀប​ជាស្រេច​នូវ​អ្វីៗ​គ្រប់​យ៉ាង » សម្រាប់​សេចក្ដី​វេទនា ដែល​នឹង​កើត​មាន​មុន​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច ? ( ខទី ៨, សូមមើល​ផងដែរ ខទី ១៤–២៨ ) ។

សូមមើល​ផងដែរ មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១០, រ័សុល អិម ណិលសុន និង​វិនឌី ដបុលយូ ណិលសុន « សង្ឃឹម​នៃ​អ៊ីស្រាអែល » ( ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវវ័យ​នៅ​ទូទាំង​ពិភពលោក, ថ្ងៃទី ៣ ខែ​មិថុនា ឆ្នាំ ២០១៨ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

រូបភាព
មេមាន់ និង កូនមាន់

តើ​ប៉ុន្មាន​ដង ដោយ លីស លេម៉ុន ស្វិនដល

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣១–៣៥

« អស់​ទាំង​របស់​របរ​គ្រប់​យ៉ាង​គឺជា​វិញ្ញាណ​ចំពោះ​យើង » ។

តើ​បទបញ្ញត្តិ​ទាំងអស់​គឺជា​វិញ្ញាណ​មាន​ន័យ​ដូចម្ដេច ? តើ​ការដឹង​ថា បទបញ្ញត្តិ​ទាំងអស់​គឺជា​រឿង​ខាង​វិញ្ញាណ បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​គោលបំណង​នៃ​បទបញ្ញតិ្ត ? បងប្អូន​អាច​សរសេរ​បទបញ្ញត្តិ​ពីរ​បី ហើយ​ពិចារណា​ពី​គោលការណ៍​ខាង​វិញ្ញាណ​ដែល​ទាក់ទង​នឹង​គ្នា​ទៅវិញ​ទៅមក ។

តើ​អ្វីខ្លះ​អាច​ផ្លាស់ប្ដូរ ប្រសិនបើ​បងប្អូន​រកមើល​អត្ថន័យ ឬ​គោលបំណង​ខាង​វិញ្ញាណ​នៅក្នុង​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​បងប្អូន ទោះបី​វា​មើល​ទៅ​ដូច​ខាង​សាច់ឈាម ឬ​សាមញ្ញ ?

សូម​មើល​ផងដែរ រ៉ូម ៨:៦, នីហ្វៃទី​១ ១៥:៣០–៣២ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣៦–៥០

ព្រះយេស៊ូវ​គ្រីស្ទ​ប្រោសលោះ​យើង​ពី​ការធ្លាក់ ។

វិវរណៈ​នេះ​បើក​សម្ដែង​ដោយ​មាន​ព្រះអម្ចាស់​ណែនាំ​ព្រះអង្គ​ទ្រង់​ជា​ព្រះប្រោសលោះ​របស់​យើង ជា​អង្គ​ដែល​បាន « ធ្វើ​ឲ្យ​ធួន​នឹង​បាប​ទាំង​ឡាយ [ របស់​យើង ] » ( ខទី ១ ) ។ វិវរណៈ​បន្ដ​ពន្យល់​ពី​មូលហេតុ​មួយ​ចំនួន ដែល​យើង​ត្រូវការ​ព្រះប្រោសលោះ​មួយ​អង្គ ។ សូម​គិត​ពី​របៀប​ដែល​បងប្អូន​នឹង​ប្រើ ខទី ៣៦–៥០ ដើម្បី​ពន្យល់​ពី​មូលហេតុ​ដែល​យើង​ត្រូវការ​ការប្រោសលោះ​តាមរយៈ​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ ។ នៅក្នុង​ប្រពៃណី​ជំនឿ​ជាច្រើន ការធ្លាក់​ត្រូវបាន​គេ​ឃើញ​ថា​ជា​សោកនាដកម្ម​មួយ តើ​បងប្អូន​រកឃើញ​អ្វី​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​បង្រៀន​ពី​លទ្ធផល​វិជ្ជមាន​អំពី​ការធ្លាក់ ? ( សូមមើល​ផងដែរ កូរិនថូស ទី​១ ១៥:២២; នីហ្វៃ​ទី​២ ២:៦–៨, ១៥–២៩; ម៉ូសាយ ៣:១–១៩; ម៉ូសេ ៥:៩–១២ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

គោលលទ្ធិ និង សេចក្តីសញ្ញា ២៩ ។បងប្អូន​អាច​ប្រើ​រូបភាព​នៅ​ចុង​បញ្ចប់​នៃ​គម្រោង​មេរៀន​នេះ​អម​នឹង គោលលទ្ធិ និង សេចក្តី​សញ្ញា ២៩ ដើម្បី​បង្រៀន​គ្រួសារ​បងប្អូន​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ។ ឧទាហរណ៍ សមាជិក​គ្រួសារ​អាច​រៀន​អំពី​ផ្នែក​ផ្សេង​គ្នា​នៃ​ផែនការ តាមរយៈ​ការអាន និង​ពិភាក្សា​ពី​ខគម្ពីរ​ដែល​បាន​ផ្ដល់​យោបល់​ឲ្យ ។ ពួកគេ​អាច​រកឃើញ​សេចក្ដីពិត​បន្ថែម​ទៀត​នៅក្នុង​ប្រធានបទ​ដំណឹងល្អ ( topics.ChurchofJesusChrist.org ) ឬ​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ( scriptures.ChurchofJesusChrist.org ) ។ សូម​សរសេរ​នូវ​អ្វី​ដែល​បងប្អូន​បាន​រៀន ។ ហេតុអ្វី​យើង​មាន​អំណរគុណ ដែល​ដឹង​ពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ? តើ​ការដឹង​ពី​ការណ៍​នេះ​ជះឥទ្ធិពល​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​តាម​របៀបណា ?

គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:២, ៧–៨ ។តើ​ការត្រូវ​បាន​ប្រមូល​ផ្ដុំ​ដោយ​ព្រះអង្គ​សង្គ្រោះ​មាន​ន័យ​ដូចម្ដេច ? តើ​យើង​អាច​ជួយ​ទ្រង់​ឲ្យ​ប្រមូល​អ្នករើស​តាំង​យ៉ាង​ដូចម្តេច ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ២៩:៣–៥ ។តើ​យើង​រៀន​បាន​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​ជួយ​យើង​ឲ្យ « លើក​ចិត្ត [ យើង] ឡើង ហើយ​អរ​សប្បាយ » ? ( ខទី ៥ ) ។ វីដេអូ « We Can Find Happiness » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) អាច​ជួយ​បងប្អូន​ឲ្យ​ពិភាក្សា​ពី​របៀប ដែល​ការដឹង​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​បាន​នាំ​សុភមង្គល​ដល់​គ្រួសារ​បងប្អូន ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៣៤–៣៥ ។ការអាន​ខគម្ពីរ​ទាំងនេះ​អាច​ផ្ដល់​ឱកាស​ឲ្យ​គ្រួសារ​បងប្អូន​ជជែក​គ្នា​អំពី​មូលហេតុ​ខាង​វិញ្ញាណ ពី​ក្រោយ​បទបញ្ញត្តិ​មួយ​ចំនួន ឬ​ការប្រឹក្សា​ពី​ព្យាការី​ដែល​បងប្អូន​ព្យាយាម​ធ្វើ​តាម ។ ឧទាហរណ៍ ហេតុអ្វី​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​យើង​អាន​ព្រះគម្ពីរ​ជា​គ្រួសារ ? តើ​យើង​ឃើញ​មាន​អត្ថប្រយោជន៍​ខាងវិញ្ញាណ​អ្វីខ្លះ​ដែល​កើត​មក​ពី​ការគោរព​តាម​បទបញ្ញត្តិ ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ស្នើ ៖ « អ៊ីស្រាអែល​អើយ​ព្រះ​កំពុង​ហៅ » ទំនុក​តម្កើង ល.រ. ៧ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ស្វែង​រក​ព្រះយេស៊ូវ​គ្រីស្ទ ។ បទគម្ពីរ​បង្រៀន​យើង​ថា ការបង្ក​បង្កើត​របស់​ព្រះ​ទាំងអស់​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល ម៉ូសេ ៦:៦២–៦៣ ) ដូច្នេះ​សូម​ស្វែងរក​ទ្រង់ កាល​បងប្អូន​អាន​បទគម្ពីរ ។ សូម​ពិចារណា​ធ្វើ​ការ​កត់ចំណាំ ឬ​គូស​ចំណាំ​ខគម្ពីរ​ដែល​បង្រៀន​អំពី​ទ្រង់ ។