« ថ្ងៃទី ១៤–២០ ខែ តុលា ៖ ‹ អ្នករាល់គ្នាជាកូនចៅក្នុងសេចក្ដីសញ្ញា › ។ នីហ្វៃទី៣ ២០–២៦ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
« ថ្ងៃទី ១៤–២០ ខែ តុលា ។ នីហ្វៃទី៣ ២០–២៦ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
ថ្ងៃទី ១៤–២០ ខែ តុលា ៖ « អ្នករាល់គ្នាជាកូនចៅក្នុងសេចក្ដីសញ្ញា »
នីហ្វៃទី៣ ២០–២៦
នៅពេលបងប្អូនស្ដាប់ឮមនុស្សប្រើពាក្យដូចជា វង្សអ៊ីស្រាអែល តើបងប្អូនមានអារម្មណ៍ថា ពួកគេកំពុងនិយាយអំពីបងប្អូនដែរឬទេ ? ពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិនគឺជាកូនចៅរបស់អ៊ីស្រាអែលពិតប្រាកដ « ជាមែកមួយនៃដើមអ៊ីស្រាអែល » ប៉ុន្តែពួកគេមានអារម្មណ៍ថា « បានវង្វេងចេញពីដើម » ( អាលម៉ា ២៦:៣៦; សូមមើលផងដែរ នីហ្វៃទី១ ១៥:១២ ) ។ ប៉ុន្តែព្រះអង្គសង្គ្រោះចង់ឲ្យពួកគេដឹងថា ចំពោះទ្រង់ ពួកគេពុំវង្វេងបាត់នោះទេ ។ ទ្រង់មានបន្ទូលថា « អ្នករាល់គ្នាគឺជាវង្សអ៊ីស្រាអែល ហើយអ្នករាល់គ្នានៅក្នុងសេចក្ដីសញ្ញា » ( នីហ្វៃទី៣ ២០:២៥ ) ។ ទ្រង់អាចនឹងមានបន្ទូលស្រដៀងគ្នានេះទៅកាន់បងប្អូននៅសព្វថ្ងៃនេះដែរ ដ្បិតនរណាម្នាក់ដែលបានទទួលពិធីបុណ្យជ្រមុជទឹក ហើយចុះសេចក្ដីសញ្ញាជាមួយនឹងទ្រង់ក៏ជាវង្សអ៊ីស្រាអែល « ក្នុងសេចក្ដីសញ្ញា » ផងដែរ ។ និយាយម្យ៉ាងទៀតថា នៅពេលព្រះយេស៊ូវមានបន្ទូលអំពីវង្សអ៊ីស្រាអែល ទ្រង់កំពុងមានបន្ទូលអំពីបងប្អូន ។ ការណែនាំដើម្បីប្រទានពរដល់ « គ្រប់ទាំងពូជមនុស្សនៅផែនដី » គឺសម្រាប់បងប្អូន ( នីហ្វៃទី៣ ២០:២៧ ) ។ ការអញ្ជើញថា « ចូរភ្ញាក់ឡើង ចូរពាក់កម្លាំងរបស់អ្នក » គឺសម្រាប់បងប្អូន ( នីហ្វៃទី៣ ២០:៣៦ ) ។ ហើយការសន្យាដ៏មានតម្លៃរបស់ទ្រង់ថា « សេចក្ដីសប្បុរសរបស់យើងនឹងមិនដែលឃ្លាតបាត់ពីអ្នកឡើយ ហើយសេចក្ដីសញ្ញាពីសេចក្ដីមេត្រីរបស់យើងក៏មិនត្រូវរើចេញដែរ » គឺសម្រាប់បងប្អូន ( នីហ្វៃទី៣ ២២:១០ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
នៅថ្ងៃចុងក្រោយ ព្រះនឹងធ្វើកិច្ចការដ៏អស្ចារ្យមួយ ។
នៅក្នុង នីហ្វៃទី៣ ២០–២២ ព្រះអង្គសង្គ្រោះបានព្យាករអំពីអនាគតនៃប្រជាជនក្នុងសេចក្ដីសញ្ញារបស់ទ្រង់ ( សូមមើលជាពិសេស នីហ្វៃទី៣ ២០:៣០–៣២, ៣៩–៤១; ២១:៩–១១, ២២–២៩ ) ។ នៅពេលបងប្អូនអានខគម្ពីរទាំងនេះ សូមចងចាំពីអ្វីដែលប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ ៖ « យើងស្ថិតនៅក្នុងចំណោមរាស្ដ្រនៃសេចក្ដីសញ្ញារបស់ព្រះអម្ចាស់ ។ ពួកយើងមានឯកសិទ្ធិដើម្បីចូលរួមដោយផ្ទាល់នៅក្នុងការបំពេញតាមការសន្យាទាំងនេះ ។ នេះជាគ្រាដ៏អស្ចារ្យដើម្បីរស់នៅ ! » ( « The Gathering of Scattered Israel » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៧៩ ) ។ តើការព្យាករទាំងនេះណាមួយដែលរំភើបចិត្តខ្លាំងបំផុតចំពោះបងប្អូន ? តើបងប្អូនអាចធ្វើអ្វីខ្លះដើម្បីជួយបំពេញការសន្យាទាំងនោះ ?
សូមស្វែងរកពាក្យ និងឃ្លាដែលបំផុសគំនិត ។ បងប្អូនអាចរកឃើញថា មានពាក្យ ឬឃ្លាជាក់លាក់មួយចំនួននៅក្នុងបទគម្ពីរដែលទាក់ទាញចំណាប់អារម្មណ៍របស់បងប្អូន ហាក់ដូចជាសរសេរយ៉ាងចំៗមកកាន់បងប្អូនយ៉ាងដូច្នោះដែរ ។ សូមពិចារណាគូសចំណាំខគម្ពីរទាំងនោះនៅក្នុងព្រះគម្ពីររបស់បងប្អូន ឬសរសេរខគម្ពីរនោះនៅក្នុងសៀវភៅកំណត់ហេតុសិក្សា ។
ព្រះប្រកបដោយសេចក្ដីមេត្តាករុណាចំពោះអ្នកទាំងឡាយណាដែលត្រឡប់មករកទ្រង់វិញ ។
នៅក្នុង នីហ្វៃទី៣ ២២ និង ២៤ ព្រះអង្គសង្គ្រោះដកស្រង់ពាក្យមកពីគម្ពីរអេសាយ និងម៉ាឡាគី ដែលពោរពេញទៅដោយរូបភាព និងការប្រៀបធៀបដ៏រស់រវើក—ធ្យូងថ្មនៅក្នុងភ្លើង ប្រាក់សុទ្ធ អាពាហ៍ពិពាហ៍ បង្អួចនៃស្ថានសួគ៌ ( សូមមើលជាពិសេស នីហ្វៃទី៣ ២២:៧–៨, ១០–១៧; ២៤:១០–១២, ១៧–១៨ ) ។ តើការប្រៀបធៀបទាំងនេះបង្រៀនបងប្អូនអ្វីខ្លះ អំពីទំនាក់ទំនងរបស់ព្រះជាមួយនឹងប្រជាជនរបស់ទ្រង់—និងទំនាក់ទំនងរបស់ទ្រង់ជាមួយនឹងបងប្អូន ? តើការសន្យានៅក្នុងជំពូកទាំងនេះបានបំពេញនៅក្នុងជីវិតរបស់បងប្អូន ឬជីវិតគ្រួសាររបស់បងប្អូនដោយរបៀបណា ?
សូមមើលផងដែរ « The Refiner’s Fire » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
ការកត់ត្រានូវបទពិសោធន៍ខាងវិញ្ញាណអាចប្រទានពរដល់គ្រួសាររបស់ខ្ញុំបាន ។
តើបងប្អូនចាប់អារម្មណ៍អ្វីខ្លះ អំពីការប្រាស្រ័យទាក់ទងរបស់ព្រះអង្គសង្គ្រោះជាមួយនឹងពួកសាសន៍នីហ្វៃនៅក្នុង នីហ្វៃទី៣ ២៣:៦–១៣ ? បើសិនជាព្រះអង្គសង្គ្រោះនឹងមកពិនិត្យមើលកំណត់ត្រាគ្រួសាររបស់យើងដែលយើងបានរក្សាទុក តើទ្រង់នឹងអាចសួរសំណួរយើងអ្វីខ្លះ ? តើព្រឹត្តិការណ៍ ឬបទពិសោធន៍ខាងវិញ្ញាណសំខាន់អ្វីខ្លះដែលបងប្អូនគួរកត់ត្រាទុក ? តើហេតុអ្វីវាមានសារៈសំខាន់នៅក្នុងការធ្វើដូច្នេះ ? ( សូមមើល នីហ្វៃទី៣ ២៦:២ ) ។
ព្រះអង្គសង្គ្រោះសព្វព្រះទ័យឲ្យខ្ញុំពិចារណាមើលព្រះគម្ពីរ ។
នៅពេលបងប្អូនអាន នីហ្វៃទី៣ ២០:១០–១២; ២៣; ២៦:១–១២ សូមពិចារណាថា តើព្រះអង្គសង្គ្រោះមានព្រះទ័យយ៉ាងណាអំពីព្រះគម្ពីរ ។ តើការពិចារណាមើលព្រះគម្ពីរ និងការអានព្រះគម្ពីរមានភាពខុសគ្នាយ៉ាងណា ? ( សូមមើល នីហ្វៃទី៣ ២៣:១ ) ។
រូបភាពរូបតំណាងថ្នាក់សិក្ខាសាលា ការថ្វាយដង្វាយមួយភាគក្នុងដប់បើកបង្អួចស្ថានសួគ៌ ។
រាស្ដ្ររបស់ព្រះតែងតែត្រូវបានបង្គាប់ឲ្យថ្វាយដង្វាយមួយភាគក្នុងដប់ ( សូមមើល លោកុប្បត្តិ ១៤:១៧–២០; ម៉ាឡាគី ៣:៨–១១ ) ។ នៅពេលបងប្អូនសិក្សា នីហ្វៃទី៣ ២៤:៧–១២ សូមគិតអំពីមូលហេតុដែលព្រះបានសុំឲ្យប្រជាជនទ្រង់ឲ្យថ្វាយដង្វាយមួយភាគក្នុងដប់ ។ សំណួរទាំងនេះអាចដឹកនាំការសិក្សារបស់បងប្អូនបាន ៖
-
តើក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់គឺជាអ្វី ? ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១១៩ ។ « ប្រាក់ » នៅក្នុងវិវរណៈនេះមានន័យថាចំណូល ។ សមាជិកទាំងអស់ដែលមានប្រាក់ចំណូលគួរតែថ្វាយដង្វាយមួយភាគក្នុងដប់ ) ។ តើដង្វាយមួយភាគក្នុងដប់ខុសគ្នាពីដង្វាយប្រភេទផ្សេងទៀតយ៉ាងដូចម្ដេច ?
-
តើដង្វាយមួយភាគក្នុងដប់ប្រើសម្រាប់ធ្វើអ្វី ? បងប្អូនអាចស្វែងរកបញ្ជីមួយផ្នែកនៅក្នុង Gospel Topics « Tithing » ( នៅក្នុងបណ្ណាល័យដំណឹងល្អ ) ។ តើបងប្អូនបានទទួលពរជ័យអ្វីខ្លះ ដោយសារសមាជិកសាសនាចក្រថ្វាយដង្វាយមួយភាគក្នុងដប់ ?
-
តើមានពរជ័យអ្វីខ្លះមានដល់មនុស្សដែលរស់នៅតាមក្រឹត្យវិន័យដង្វាយមួយភាគក្នុងដប់ ? ( សូមមើល នីហ្វៃទី៣ ២៤:៧–១២ ) ។ បងប្អូនអាចរកឃើញពរជ័យមួយចំនួនដែលបានពិពណ៌នានៅក្នុងសារលិខិតរបស់អែលឌើរ ដេវីឌ អេ បែដណា « The Windows of Heaven » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១៧–២០ ) ។ ជាពិសេស សូមរកមើលពរជ័យដែលមិនចាំបាច់ជាសាច់ប្រាក់នោះទេ ។ តើបងប្អូនបានឃើញពរជ័យទាំងនេះនៅក្នុងជីវិតរបស់បងប្អូនដោយរបៀបណា ?
បងប្អូនក៏អាចនឹងចង់មើលវីដេអូ « Jesus Teaches about the Widow’s Mite » ( នៅក្នុងបណ្ណាល័យដំណឹងល្អ ) ឬអាន ម៉ាកុស ១២:៤១–៤៤ ផងដែរ ។ តើដំណើររឿងនេះបង្រៀនបងប្អូនអំពីអ្វីខ្លះ ?
ព្រះអម្ចាស់បានបញ្ជូនអេលីយ៉ាឲ្យមកដើម្បីបង្វែរដួងចិត្តខ្ញុំឲ្យងាកទៅរកបុព្វការីជនរបស់ខ្ញុំ ។
នៅសម័យរបស់យើង ដួងចិត្តរបស់យើង « បែរទៅរកឪពុក [ យើង ] » តាមរយៈកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ តើការណ៍នេះកើតឡើងដល់បងប្អូនដោយរបៀបណា ? នៅពេលដែលបងប្អូនអាន នីហ្វៃទី៣ ២៥:៥–៦ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១៣–១៦ សូមពិចារណាអំពីមូលហេតុដែលការណ៍នេះគឺជាផ្នែកដ៏សំខាន់មួយនៃផែនការរបស់ព្រះ ។
សូមមើលផងដែរ « ក្រុមគ្រួសារអាចនៅជាមួយគ្នាជានិរន្តរ » សៀវភៅចម្រៀងកុមារ ទំព័រ ៩៨ ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
ខ្ញុំអាចពិចារណារមើលបទគម្ពីរដោយឧស្សាហ៍ព្យាយាមបាន ។
-
ការត្រាស់បង្គាប់របស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី៣ ២៣ បង្ហាញពីសារៈសំខាន់នៃព្រះគម្ពីរចំពោះទ្រង់ ។ ដើម្បីជួយកូនៗរបស់បងប្អូនឲ្យរកឃើញរឿងនេះ បងប្អូនអាចអាន នីហ្វៃទី៣ ២៣:១, ៥ ឲ្យឮៗ ហើយសុំឲ្យពួកគេស្ដាប់រកពាក្យមួយដែលបាននិយាយដដែលៗបីដង ។ តើការពិចារណាខុសពីការគ្រាន់តែអានយ៉ាងដូចម្ដេច ?
-
ប្រហែលជាបងប្អូន និងកូនៗរបស់បងប្អូនអាចសរសេរខគម្ពីរមួយដែលបងប្អូនចូលចិត្ត ហើយលាក់វា ។ បន្ទាប់មក បងប្អូនអាចដូរវេនគ្នាដើររកខគម្ពីរដែលបានលាក់ទុករបស់គ្នាទៅវិញទៅមក អានខគម្ពីរទាំងនោះជាមួយគ្នា ហើយនិយាយអំពីមូលហេតុដែលខគម្ពីរទាំងនេះមានអត្ថន័យ ។
ការថ្វាយដង្វាយមួយភាគក្នុងដប់បើកបង្អួចស្ថានសួគ៌ ។
-
សូមជួយឲ្យកូនៗរបស់បងប្អូនស្រាវជ្រាវ នីហ្វៃទី៣ ២៤:៨–១២ ដើម្បីស្វែងរកវិធីបំពេញប្រយោគនេះ ៖ ប្រសិនបើខ្ញុំថ្វាយដង្វាយមួយភាគក្នុងដប់ នោះព្រះអម្ចាស់នឹង … ។ បងប្អូនក៏អាចចែកចាយបទពិសោធន៍មួយ ដែលបងប្អូនបានទទួលពរជ័យ ដោយសារបងប្អូនបានថ្វាយដង្វាយមួយភាគក្នុងដប់ផងដែរ ។ ប្រសិនបើវាមានប្រយោជន៍ សូមពិចារណាសរសេរទឹកប្រាក់តួលេខតិចៗពីរបី ហើយជួយកូនៗរបស់បងប្អូនឲ្យគណនាចំនួនប្រាក់ដង្វាយ ( ១០ ភាគរយ ) ដែលត្រូវថ្វាយសម្រាប់ចំនួនទឹកប្រាក់នីមួយៗ ។
-
ទំព័រសកម្មភាពសប្ដាហ៍នេះ អាចជួយឲ្យកូនៗរបស់បងប្អូននិយាយអំពីវិធីមួយចំនួន ដែលព្រះអម្ចាស់ប្រើដង្វាយមួយភាគក្នុងដប់ដើម្បីប្រទានពរដល់សមាជិកសាសនាចក្ររបស់ទ្រង់ ។ ប្រហែលជាពួកគេអាចគូររូបភាព ( ឬស្វែងរករូបភាពនៅក្នុងទស្សនាវដ្ដីសាសនាចក្រ ) អំពីរបៀបដែលដង្វាយមួយភាគក្នុងដប់ប្រទានពរដល់ពួកគេ ។
ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យខ្ញុំរៀនអំពីបុព្វការីជនរបស់ខ្ញុំ ។
-
តើបងប្អូននឹងបំផុសគំនិតកូនៗរបស់បងប្អូនឲ្យស្វែងរក និងរៀនអំពីបុព្វការីជនរបស់ពួកគេដោយរបៀបណា ? តើបងប្អូនអាចលើកទឹកចិត្តកូនៗរបស់បងប្អូនឲ្យធ្វើពិធីបរិសុទ្ធទាំងឡាយជូនបុព្វការីជនរបស់ពួកគេ នៅពេលពួកគេមានវ័យធំជាងនេះដោយរបៀបណា ? សូមពិចារណាជួយពួកគេឲ្យស្រាវជ្រាវក្នុង នីហ្វៃទី៣ ២៥:៥–៦ ដើម្បីស្វែងរកអ្វីមួយដែលនឹងកើតឡើងនៅថ្ងៃចុងក្រោយនេះ ។ កូនតូចៗអាចដាក់ដៃលើបេះដូងរបស់ពួកគេ គ្រប់ពេលដែលពួកគេឮពាក្យ « ចិត្ត » នៅពេលដែលបងប្អូនអានខគម្ពីរទាំងនេះ ។ បងប្អូនក៏អាចអានអំពីរបៀបដែលការព្យាករនេះត្រូវបានបំពេញនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១៣–១៦ ផងដែរ ( សូមមើលផងដែរ សៀវភៅរូបភាពដំណឹងល្អ ល.រ. ៩៥ ) ។ សូមប្រាប់កូនៗរបស់បងប្អូនអំពីរបៀបដែលដួងចិត្តរបស់បងប្អូនបានបែរទៅរកបុព្វការីជនរបស់បងប្អូន ។ ឧទាហរណ៍ បងប្អូនអាចចែកចាយបទពិសោធន៍ណាមួយ ដែលបងប្អូនបានរៀនអំពីបុព្វការីជនរបស់បងប្អូន និងធ្វើពិធីបរិសុទ្ធទាំងឡាយជូនពួកលោក ។
-
សូមជួយកូនៗរបស់បងប្អូនឲ្យបំពេញមែកធាងគ្រួសារមួយ ដែលមានឈ្មោះឪពុកម្តាយ និងជីដូនជីតារបស់ពួកគេ ។ តើបងប្អូនអាចចែកចាយរឿងរ៉ាវអ្វីខ្លះអំពីបុព្វការីជនរបស់បងប្អូន ? សូមបង្ហាញរូបភាពប្រសិនបើមាន ។ បងប្អូនក៏អាចច្រៀងជាមួយគ្នាបទ « ក្រុមគ្រួសារអាចនៅជាមួយគ្នាជានិរន្តរ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៩៨ ) ហើយនិយាយជាមួយកូនៗរបស់បងប្អូនអំពីមូលហេតុដែលក្រុមគ្រួសារមានសារៈសំខាន់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែនេះ ។
Bring Forth the Record [ នាំកំណត់ត្រាចេញមក ] ដោយ ហ្គែរី អិល ខាប