ថ្នាក់​សិក្ខាសាលា
មរ៉ូណៃ ១០:២៦–៣៤ ៖ « ចូរមករក​ព្រះគ្រីស្ទ »


« មរ៉ូណៃ ១០:២៦–៣៤ ៖ ‹ ចូរមករក​ព្រះគ្រីស្ទ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« មរ៉ូណៃ ១០:២៦–៣៤ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

មរ៉ូណៃ ១០:២៦–៣៤

« ចូរមករក​ព្រះគ្រីស្ទ »

រូបភាព
ព្រះអង្គសង្គ្រោះ​បាន​លាត​ព្រះពាហុ

យើង​ត្រូវ​បានបញ្ជូន​ឲ្យ​មកផែនដី​ដើម្បីរៀន និង​រីកចម្រើន ដើម្បីឲ្យ​យើង​អាច​ទទួលបាន​ជីវិត​អស់កល្ប​ជានិច្ច ។ ដើម្បី​ជួយ​ដល់​យើង ព្រះវរបិតាសួគ៌​បាន​ចាត់​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​ក៏​បាន​ហៅ​ពួកព្យាការី​ឲ្យ​បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។ នៅក្នុង​ខគម្ពីរ​ចុងក្រោយ​នៃ​ព្រះគម្ពីរ​មរមន មរ៉ូណៃ​បាន​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ដើរ​តាម​ព្រះអង្គសង្គ្រោះ ។ មេរៀន​នេះ​អាច​ជួយ​ដល់អ្នក « ចូរមក​រក​ព្រះគ្រីស្ទ​ហើយ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ » ( មរ៉ូណៃ ១០:៣២ ) ។

សូម​លើក​ទឹកចិត្ត​ឲ្យ​សិស្ស​ព្យាយាម​ឲ្យ​បានក្លាយ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ជួយ​ដល់​សិស្ស​ឲ្យ​ស្គាល់​ការបំផុស​គំនិត​ពីព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​រក​មើល​វិធី ដែល​ពួកគេ​អាច​ប្រែក្លាយ​ឲ្យ​កាន់តែ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​ដោយការ​អធិស្ឋាន​ពី​ជំហាន​ជាក់លាក់​ដែល​ពួកគេ​អាចធ្វើ​បាន ក្នុង​ការខិតខំ​របស់ពួកគេ​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គសង្គ្រោះ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មកដោយ​រៀបចំខ្លួន​ត្រៀម​ចែកចាយ​អ្វី​ដែល​ពួកគេ​គិតថា​ជា​អត្ថន័យ​នៃ​ឃ្លា « ចូរ​មក​រក​ព្រះ​គ្រីស្ទ » ។ សិស្ស​អាច​ស្វែង​រក​ឃ្លា​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹង​ល្អ ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ចំណាំ ៖ មេរៀន​នេះ​ផ្តោតលើ​គោលលទ្ធិ ដែល​បាន​បង្រៀន​នៅក្នុង មរ៉ូណៃ ១០:២៦–៣៤ ។ សិស្ស​នឹង​មាន​ឱកាស​រាយការណ៍​ពី​បទពិសោធន៍​របស់ពួកគេ​ដែល​កំពុង​សិក្សា​ព្រះគម្ពីរ​មរមន​ទាំងមូល​នៅក្នុង​មេរៀន « វាយតម្លៃ​ការរៀនសូត្រ​របស់អ្នក ទី​១០ » ។

គោលបំណង​នៃ​ព្រះគម្ពីរ​មរមន

សូម​ពិចារណា​បង្ហាញ​រូបភាពនៃ​វត្ថុផ្សេងៗ ឬយករូបភាព​មកក្នុង​ថ្នាក់រៀន ។ សូម​ឲ្យ​សិស្ស​សង្ខេបពី​គោលបំណង​នៃ​វត្ថុនីមួយៗ ។ បន្ទាប់មក សូម​លើក​ព្រះគម្ពីរ​មរមន​មួយ​ក្បាល ហើយ​ពិភាក្សា​អំពី​គោលបំណង​របស់​ព្រះគម្ពីរ​មរមន ។

នៅក្នុង ទំព័រ​ចំណងជើង​នៃ​ព្រះគម្ពីរ​មរមន មរ៉ូណៃបាន​ប្រកាស​ថា ព្រះគម្ពីរមរមន​បាន​សរសេរ​ក្នុងគោលបំណង​បញ្ចុះបញ្ចូល​យើង​ថា « ព្រះយេស៊ូវ គឺជា​ព្រះគ្រីស្ទ » ។ ពាក្យ​ថា « ព្រះគ្រីស្ទ » គឺ​ជា « ភាសាក្រេក​ដែល​ស្មើនឹង ព្រះមែស៊ី ។ មាន​ន័យ​ថា​ជា​ព្យាការី សង្ឃ ស្ដេច និង​ជា​អ្នក​រំដោះ°» (°សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ «°ព្រះមែស៊ី°» នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org°)°។

  • តើ​ការសិក្សា​ព្រះគម្ពីរ​មរមន​បាន​ពង្រឹង​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​ការសិក្សា​ព្រះគម្ពីរ​មរមន​បាន​ជួយ​អ្នក​ឲ្យ​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច​ដែរ ?

    សំណួរ​ខាងក្រោម គឺ​មាន​គោលបំណង​សម្រាប់​ការគិតពិចារណា​ផ្ទាល់ខ្លួន ។

  • តើ​អ្នក​មាន​អារម្មណ៍​ថា​បច្ចុប្បន្ន​នេះ​អ្នក​កំពុង​ធ្វើ​យ៉ាង​ណា​ក្នុង​ការ​ខិតខំ​របស់​អ្នក​ដើម្បី​ដើរ​តាម​ទ្រង់ ?

ការ​អញ្ជើញ​ចុងក្រោយ​របស់​មរ៉ូណៃ

បន្ទាប់ពី​បង្រៀន​អំពី​អំណោយទាន​នៃ​វិញ្ញាណ និង​ការព្រមាន​អំពី​ផលវិបាក​នៃ​ការមិនជឿ មរ៉ូណៃ​បាននិយាយ​អំពី​ព្រះគម្ពី​រមរមន ។

សូមអាន មរ៉ូណៃ ១០:២៧–២៩ ដោយ​រកមើល​អ្វី​ដែល​មរ៉ូណៃ​បាន​ព្យាករណ៍​ថានឹង​កើតឡើង ។

  • តើ​បងប្អូន​គិតយ៉ាងណា​ដែរ ចំពោះ​ការជួប មរ៉ូណៃ​នៅ​កន្លែង​ជំនុំ​ជម្រះ ?

បន្ទាប់មក មរ៉ូណៃ​បាន​បន្ត​ការដាស់តឿន ឬ​ការអញ្ជើញ​ជា​ចុងក្រោយ​របស់គាត់ ។

សូមអាន មរ៉ូណៃ ១០:៣០–៣៤ ដោយ​រក​មើលអ្វី ដែល​មរ៉ូណៃ​បាន​អញ្ជើញ​យើង​ឲ្យ​ធ្វើ និង​សម្រាប់​ពរជ័យ​ដែល​បាន​សន្យា​ដែល​លោក​បាន​ចែកចាយ​មក

គោលបំណង​នៃ​ការអនុវត្ត​ខាងក្រោម គឺ​ដើម្បី​ជួយ​ដល់​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ​ពី​ឃ្លា​មួយ​ចំនួន​របស់​មរ៉ូណៃ ។

អ្នក​អាច​បង្ហាញ​តារាង​ខាងក្រោម ឬ​បង្កើត​តារាង​ឡើង​វិញ​នៅលើ​ក្តារខៀន ។ ប្រសិនបើ​អ្នក​បង្កើត​តារាង​ឡើងវិញ​នៅលើ​ក្ដារខៀន សូម​សរសេរ​ចំណងជើង​នៃ​ជួរ​ឈរ​នីមួយៗ ហើយ​ឲ្យ​សិស្ស​អាន មរ៉ូណៃ ១០:៣០–៣៤ ហើយ​សរសេរ​រាយ​បញ្ជី​អ្វី​ដែល​មាន​នៅក្នុង​ជួរ​ឈរ​នីមួយៗ ។ បន្ទាប់មក បងប្អូន​អាច​បន្ថែម​សេចក្ដី​យោង​បទគម្ពីរ និង​ការសិក្សា​ដែល​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ ។

សូម​ពិចារណា​ពី​ការបែងចែក​ការ​អញ្ជើញ និង​ការសន្យា​ទាំងនេះ​នៅក្នុង​ចំណោមសិស្ស ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ពន្យល់​ដល់​សិស្ស​ក្នុង​ថ្នាក់រៀន​ពី​អត្ថន័យ​របស់​វា ។ សិស្ស​ក៏​អាច​សិក្សា​ជា​ក្រុម​តូចៗ​ផងដែរ ។ បន្ទាប់ពី​មានពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ សំណួរ​នៅ​ក្នុង​តារាង​អាច​ជួយ​សម្រួល​ដល់​ការពិភាក្សា ។

អ្នក​ក៏​អាច​សរសេរ​ការអញ្ជើញ ការសន្យា និង​បទគម្ពីរ​ដែល​ពាក់ព័ន្ធ​របស់​វា​នៅលើ​ក្រដាស​ដាក់​នៅជុំវិញ​ថ្នាក់រៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​យក​ទៅ​ដាក់​នៅកន្លែង​ផ្សេងៗ​ទៀត​នៅ​ជុំវិញ​បន្ទប់ ហើយ​សិក្សា​ទៅលើ​ការអញ្ជើញ និង​ការសន្យា​ផ្សេងៗ ។

អ្វី​ដែល​យើង​ត្រូវធ្វើ ( ការអញ្ជើញ​របស់​មរ៉ូណៃ )

អ្វី​ដែល​ព្រះវរបិតាសួគ៌​សន្យា

អ្វី​ដែល​យើង​ត្រូវធ្វើ ( ការអញ្ជើញ​របស់​មរ៉ូណៃ )

ចូរយក​នូវ​អំណោយទាន​ដ៏ល្អ​ទាំងអស់ ។ ( សូម​មើល មរ៉ូណៃ ៧:១៩; គោលលទ្ធិ និង​សេចក្តីសញ្ញា ៦:៧ ) ។

ចៀសវាង​អំណោយទាន​អាក្រក់ និង​របស់​មិនបរិសុទ្ធ ។ ( សូមមើល នីហ្វៃ​ទី២ ៤:២៧–២៨; មរមន ៩:២៨ ) ។

បដិសេធ​ខ្លួនយើង​ពី​អំពើ​ទុច្ចរិត​ទាំងអស់ ។ ( សូមមើល ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ១៦:២៥–២៩ [ នៅក្នុង ម៉ាថាយ ១៦:២៤ footnote a ]; ម៉ូសាយ ៣:១៩ ) ។

ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង ។ ( សូមមើល ម៉ាថាយ ២២:៣៦–៣៨; អោមណៃ ១:២៦ ) ។

អ្វី​ដែល​ព្រះវរបិតាសួគ៌​សន្យា

ព្រះគុណ​របស់​ទ្រង់ គឺ​គ្រប់គ្រាន់ ហើយ​អាចធ្វើ​ឲ្យ​យើង​ល្អ​ឥតខ្ចោះ​បាន ។ (°សូមមើល នីហ្វៃទី២ ១០:២៤; ២៥:២៣; អេធើរ ១២: ២៧; សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ «°ព្រះគុណ°» នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org°) ។

យើង​នឹង​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ ហើយ​ទទួល​បាន​ការផ្ដាច់បាប​របស់​យើង ។ (°សូមមើល នីហ្វៃទី៣ ២៧:២០; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:៤១; សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ «°ញែក​ជា​បរិសុទ្ធ, ការ​ញែក​ជា​បរិសុទ្ធ°» នៅលើ​គហេទំព័រ scriptures.ChurchofJesusChrist.org) ។

យើង​នឹង​បាន​បរិសុទ្ធ​ដោយ​គ្មាន​ប្រឡាក់​អ្វី​សោះ​ឡើយ ។ (°សូមមើល លេវីវិន័យ ១៩:២; គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៧:៨; សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ «°បរិសុទ្ធ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org°) ។

  • តើ​ការអញ្ជើញ ឬ​ការសន្យា​ណា​មួយ​មាន​អត្ថន័យ​បំផុត​សម្រាប់​អ្នក ហើយ​ហេតុអ្វី ?

  • តើ​ការធ្វើ​តាម​ការអញ្ជើញ​ទាំងនេះ​អាច​ជួយ​ដល់​អ្នក​ឲ្យ​មករក​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា ?

  • តើ​គោលការណ៍​អ្វីខ្លះ ដែល​យើង​អាច​រៀនសូត្រ​បានពី មរ៉ូណៃ ១០:៣០–៣៤ ?

គោលការណ៍​មួយ​ដែល​យើង​បាន​រៀនសូត្រ គឺ​នៅពេល​ដែល​យើង​ចូលមក​រក​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ ។

« ចូរ​មករក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ »

អ្នក​ប្រហែលជា​ចង់​បង្ហាញ​វីដេអូ « Come unto Christ: 2014 Theme Song » (°៤:៤៨ ) មាន​នៅ​គេហទំព័រ ChurchofJesusChrist.org°។ នៅពេល​ដែល​ពួកគេ​កំពុងមើល សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ព្រះគុណ​របស់​ព្រះអង្គ​សង្រ្គោះ​បាន​ជួយ​ដល់​ពួកគេ​ក្នុងគ្រា​ដែល​ពួកគេ​ត្រូវការ ។

  • តើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើអ្វីខ្លះ ដើម្បី​ឲ្យ​យើង​អាច​ទទួល​បាន​ការសន្យា​នៅក្នុង មរ៉ូណៃ ១០:៣០–៣៤ ហើយ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ ?

  • តើ​អ្នក​បានឃើញ​ព្រះគុណ ( ជំនួយ ឬ កម្លាំង​ដ៏​ទេវភាព ) របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ធ្វើការ​នៅក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀបណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ចូលមក​រក​ព្រះគ្រីស្ទ​កាន់តែ​ពេញលេញ សូមពិចារណា​ពី​ការចែកចាយ​ទីបន្ទាល់​អំពី​ព្រះចេស្ដា​របស់​ព្រះអង្គសង្គ្រោះ ដើម្បី​ធ្វើ​ឲ្យ​យើង​ឥតខ្ចោះ និង​ញែក​ឲ្យ​យើង​បរិសុទ្ធ ប្រសិនបើ​យើង​ចូល​មករក​ទ្រង់ ។

សំណួរ​ខាងក្រោម​នេះ​អាច​ជួយ​ដល់​សិស្ស​គិត​អំពី​អ្វី ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ចូល​មករក​ព្រះគ្រីស្ទ ហើយ​ទទួល​បាន​ភាព​ឥតខ្ចោះ​នៅក្នុង​ទ្រង់ ។ អ្នក​ប្រហែល​ជា​ចង់​បង្ហាញ​សំណួរ​ខាងក្រោម ហើយ​អញ្ជើញ​ឲ្យ​សិស្ស​កត់ត្រា​ចម្លើយ​របស់​ពួកគេ​ចូលទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ពួកគេ ។ សូម​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ដល់​សិស្ស​នៅ​ក្នុង​ថ្នាក់ ដើម្បី​ធ្វើ​សកម្មភាព​លើ​ការសម្រេច​ចិត្ត​របស់​ពួកគេ ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន ។ ប្រសិនបើ​សិស្ស​កំពុង​ធ្វើ​ការលើ​គោលដៅ​អភិវឌ្ឍន៍​យុវជន ដែល​កំពុង​ជួយ​ដល់​ពួកគេ​ឲ្យ​ចូល​មករក​ព្រះគ្រីស្ទ នោះ​ពួកគេ​អាច​បន្ត​ធ្វើការ​ទៅលើ​គោលដៅ​ទាំងនោះ​បាន ។

  • តើ​មាន​អ្វីខ្លះ​ដែល​មិនល្អ​នៅក្នុង​ជីវិត​របស់ខ្ញុំ ដែល​ខ្ញុំ​ត្រូវ​បដិសេធ​ខ្លួនឯង ( ឧទាហរណ៍ ឥទ្ធិពល​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ទម្លាប់​មិនល្អ ) ដែរ​ឬទេ ?

  • តើ​ខ្ញុំ​អាច​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​របស់ខ្ញុំ​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​ធ្វើ​រឿង​ទាំងនេះ​នឹង​ជួយ​ខ្ញុំ​ឲ្យ​ក្លាយ​ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?