ថ្នាក់​សិក្ខាសាលា
វាយតម្លៃ​ការរៀន​សូត្រ​របស់​អ្នក ទី ១០ ៖ ព្រះគម្ពីរ​មរមន នីហ្វៃទី១–មរ៉ូណៃ


« វាយតម្លៃ​ការរៀន​សូត្រ​របស់អ្នក ទី ១០ ៖ ព្រះគម្ពីរ​មរមន នីហ្វៃទី១–មរ៉ូណៃ » ព្រះគម្ពីរ​មរមន សៀវភៅ​ណែនាំ​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« វាយតម្លៃ​ការសិក្សា​របស់អ្នក ទី ១០ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

វាយតម្លៃ​ការរៀនសូត្រ​របស់អ្នក ទី​១០

ព្រះគម្ពីរ​មរមន នីហ្វៃទី១–មរ៉ូណៃ

រូបភាព
មនុស្ស​កំពុង​អាន​ព្រះគម្ពីរ​មរមន

ជញ្ជឹងគិត និង​វាយតម្លៃ​លើ​ការរៀនសូត្រ​ខាងព្រលឹង​វិញ្ញាណ​របស់អ្នក​អាចជួយ​អ្នកឲ្យ​ខិតទៅ​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ និង​ពង្រឹង​ការប្រែចិត្ត​ជឿ​របស់អ្នក ។ គោលបំណង​មេរៀន​នេះគឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​វាយតម្លៃ​ពី​វឌ្ឍនភាព និង​ការរីក​ចម្រើន ដែល​អ្នក​បាន​ដកពិសោធ​អំឡុង​ការសិក្សា​ព្រះ​គម្ពីរ​មរមន​របស់​អ្នក​នៅ​ឆ្នាំនេះ ។

សូម​អញ្ជើញ​សិស្សឲ្យ​កត់ត្រា​ពី​អារម្មណ៍ និង​ចំណាប់​អារម្មណ៍​របស់​ពួកគេ ។សូម​រំឭក​សិស្ស​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​បង្រៀន​ដល់​ពួកគេ​ដោយ​ស្ងៀមស្ងាត់​ក្នុងពេល​សិក្សា​នៅក្នុង​ថ្នាក់ ។ នៅពេល​ដែល​សិស្ស​កត់ត្រា​ចំណាប់​អារម្មណ៍​ខាងវិញ្ញាណ​ទាំងនេះ នោះ​ពួកគេ​បង្កើន​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការស្គាល់ និង​រៀន​ដោយ​ព្រះវិញ្ញាណ ។ នេះ​អាច​អនុញ្ញាត​ឲ្យ​ព្រះអម្ចាស់​បន្ត​ដឹកនាំ​ជីវិត​របស់​ពួកគេ ។

ការរៀបចំ​សិស្ស ៖ សិស្ស​អាច​ពិចារណា​ការសិក្សា​របស់​ពួកគេ​អំពី​ព្រះគម្ពីរ​មរមន ហើយ​រៀបចំ​ចែកចាយ​ចំណេះដឹង ឬ​សេចក្តីពិត​ដែល​ពួកគេ​បានរៀន ដែល​បាន​បង្កើន​សេចក្ដីស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​មាន​ឱកាស​ជញ្ជឹងគិតពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​បាន​ជួយ​ដល់​ពួកគេ​អភិវឌ្ឍ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែចិត្តជឿ​កាន់តែ​ខ្លាំង​ចំពោះទ្រង់ ។ ប្រសិនបើ​ការផ្តោតលើ​សេចក្តី​ពិត​ជាក់លាក់​ដែល​សិស្ស​បាន​សិក្សា​នៅក្នុង​ព្រះគម្ពីរ​មរមន​មាន​ប្រយោជន៍ អ្នក​អាច​អនុវត្ត​តាម​សកម្មភាព​នេះ​ដើម្បី​រួមបញ្ចូល​សេចក្តី​ពិត​ទាំងនោះ ។ សិស្ស​អាច​បំពេញ​សកម្មភាព​តាម​លំដាប់​លំដោយ​ណាមួយ​ក៏បាន ។

តើ​អ្នក​មាន​អារម្មណ៍​ដូចម្ដេច​អំពី​ព្រះគម្ពីរ​មរមន ?

នៅក្នុង​ផ្នែក​នៃ​មេរៀន​នេះ គឺ​មាន​គោល​បំណង​ជួយ​សិស្ស​គិត​អំពី​របៀប​ដែល​ការសិក្សា​អំពី​ព្រះគម្ពីរ​មរមន​នៅ​ឆ្នាំ​នេះ​មាន​ឥទ្ធិពល​លើ​អារម្មណ៍​របស់​ពួកគេ និង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹង​ល្អ​របស់​ទ្រង់ ។ អ្នក​ប្រហែល​ជា​ចង់​ប្រើ​ប្រាស់​សំណួរ​ខាងក្រោម​ដើម្បី​ចាប់ផ្តើម​ការពិភាក្សា​ជាមួយ​សិស្ស​របស់អ្នក ។

ប្រធាន រ័សុល អិម ណិលសុន បាន​អញ្ជើញ​យើង​ឲ្យ​គិត​អំពី​សំណួរ​បី ដែល​ទាក់ទងនឹង​ព្រះគម្ពីរ​មរមន ៖

អ្នក​ប្រហែល​ជា​ចង់​បង្ហាញ​សំណួរ​បី​ក្នុង​ឃ្លា​ខាងក្រោម​នៅលើ​ក្ដារខៀន ។

ទីមួយ​តើ​ជីវិត​របស់​អ្នក​ទៅជា​យ៉ាងណា បើ​គ្មាន ព្រះគម្ពីរ​មរមន ? ទីពីរ តើ​បងប្អូន នឹង​ពុំ​ស្គាល់​អ្វីខ្លះ ? និង ទី​បី តើ​បងប្អូន នឹង​ពុំ​មាន​អ្វីខ្លះ ? ( រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like without It? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦១ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​សំណួរ​បី​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន ណិលសុន ។ អាស្រ័យ​ទៅលើ​សិស្ស​របស់អ្នក នោះ​អ្នក​អាច​ទុកពេល​ឲ្យ​ពួកគេ​ពិភាក្សា​ជា​ក្រុម​តូចៗ មុននឹង​ពិភាក្សា​សិស្ស​ទាំងអស់​នៅក្នុង​ថ្នាក់រៀន ។ នៅពេល​ដែល​សិស្សឆ្លើយ សូមស្តាប់​ដោយ​យកចិត្ត​ទុកដាក់ ហើយ​សួរ​សំណួរ​បញ្ជាក់ ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​កាន់តែ​ច្បាស់ និង​ស៊ីជម្រៅ ។

តើ​អ្នក​យល់​អ្វីខ្លះអំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

ផ្នែក​ខាងក្រោម​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​ការបង្រៀន​ផ្សេងៗ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

ប្រធាន រ័សុល អិម ណិលសុន បាន​ពិពណ៌នា​អំពី​តួនាទី​ដ៏​សំខាន់​មួយ​នៃ​ព្រះគម្ពីរ​មរមន ៖

មាន​រឿង​អស្ចារ្យ​មួយ​កើត​ឡើង​ពេល​កូន​ម្នាក់​របស់​ព្រះ​ស្វែង​យល់​ចង់ដឹង​បន្ថែម​ទៀត​អំពី​ទ្រង់ និង​ព្រះរាជ​បុត្រា​ស្ងួន​ភ្ញា​ទ្រង់ ។ គ្មាន​កន្លែង​ណា​ផ្សេង​ទៀត​ដែល​សេចក្ដី​ពិត​ទាំងនោះ​បាន​បង្រៀន​យ៉ាង​ច្បាស់ ហើយ​ពេញ​ដោយ​អនុភាព​ជាង​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ឡើយ ។ ( រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like without It? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦១ )

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​គិតពិចារណា​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដូច​ដែល​អ្នក​បាន​សិក្សា​ព្រះគម្ពីរ​មរមន​នៅ​ឆ្នាំ​នេះ ។ អ្នក​អាច​ពិនិត្យមើល​ព្រះគម្ពីរ​របស់អ្នក និង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​សម្រាប់​សេចក្ដីពិត​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដែល​អ្នក​ប្រហែល​ជា​បាន​គូសចំណាំ ឬ​កត់ត្រា​អំពី​ការសិក្សា​នេះ​ពេញ​មួយ​ឆ្នាំ​មក​ហើយ ។ សូម​សរសេរ​សេចក្តីពិត​ឲ្យ​បាន​បី ឬ​បួន ដែល​មាន​អត្ថន័យ​ជា​ពិសេស​សម្រាប់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។

បន្ទាប់ពី​ពិនិត្យ​មើល​សៀវភៅ​កំណត់​ហេតុ​ការសិក្សា ឬ​ព្រះគម្ពីរ​របស់​ពួកគេ សិស្ស​អាច​រាយបញ្ជី​សេចក្ដីពិត​ដ៏​មាន​អត្ថន័យ​នៅលើ​ក្ដារខៀន ។ សិស្ស​ក៏​អាច​បញ្ចូល​គំនិត​មកពី​ការរៀបចំ​ថ្នាក់​របស់​ពួកគេ​ផងដែរ ។

ដើម្បី​រំឭក​ការចងចាំ​របស់​សិស្ស ឬ​ជួយ​សិស្ស​ដែល​មិនសូវ​ចេះអាន សូម​ពិចារណា​ចាក់​វីដេអូ​មួយ​ក្នុង​ចំណោម​វីដេអូព្រះ​គម្ពីរ​មរមន​ដែល​បាន​បញ្ចូល​នៅក្នុង « សកម្មភាព​រៀនសូត្រ​បន្ថែម » ។

សូម​ស្វែងរក​យ៉ាង​ហោច​ណាស់​វគ្គ​បទគម្ពីរ​មួយ​ដែល​សម្អាង​អំពី​សេចក្តីពិត​នីមួយៗ​ដែល​អ្នក​បាន​រាយ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។ សូម​សរសេរ​សេចក្ដី​យោង​បទគម្ពីរ​នៅជាប់​នឹង​សេចក្ដីពិត​នីមួយៗ ហើយ​ពន្យល់​អំពី​របៀប​ដែល​អ្នក​អាច​ប្រើប្រាស់​វគ្គបទ​គម្ពីរ​ដើម្បី​បង្រៀន​សេចក្ដីពិត​នោះ ។

ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ​ស្វែងរក​វគ្គបទ​គម្ពីរ​នៅក្នុង​ព្រះគម្ពីរ​មរមន ដែល​បង្រៀន​សេចក្ដីពិត​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ អ្នក​អាច​ចែកចាយ​ចំណុច​មួយ​ចំនួន​ខាងក្រោម​ជាមួយ​ពួកគេ ។ ត្រូវ​ប្រុង​ប្រយ័ត្ន ហើយ​ត្រៀម​ខ្លួន​ជួយ​សិស្ស​ដែល​អាច​ត្រូវការ​ជំនួយ​បន្ថែម ។

សូម​ចំណាយ​ពេល​ទុក​ឲ្យ​សិស្ស​ចែកចាយ​ការបង្រៀន​ព្រះគម្ពីរ​មរមន​ដែល​ពួកគេ​បាន​ជ្រើសរើស​នៅក្នុងថ្នាក់ ។ សិស្ស​អាច​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​ទាំងមូល ឬ​ពួកគេ​អាច​បែងចែក​ជា​ក្រុម​តូចៗ ។

តើ​ព្រះគម្ពីរ​មរមន​មាន​ឥទ្ធិពល​ចំពោះ​របៀប​រស់នៅ​របស់​អ្នក​យ៉ាង​ដូចម្តេច ?

នៅ​ផ្នែក​ខាងក្រោម​នេះ​អាច​ជួយ​សិស្ស​ជញ្ជឹងគិត និង​បង្ហាញ​អំពីរបៀប ដែល​ពួកគេ​កំពុង​ព្យាយាម​រស់នៅ​តាម​គោលលទ្ធិ និង​ការបង្រៀន​នៃ​ព្រះគម្ពីរ​មរមន ។

សូមអាន​សេចក្តីថ្លែងការណ៍​ខាងក្រោម​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ( ឆ្នាំ ១៨០៥–១៨៤៤ ) ដោយ​រក​មើលអ្វី ដែល​លោក​បាន​បង្រៀន​អំពី​អំណាច​នៃ​ព្រះគម្ពីរ​មរមន ៖

ចំណាំ ៖ សិស្ស​អាច​កំណត់​ទីតាំង​និង​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នៅក្នុង កថាខណ្ឌ​ទីប្រាំ​មួយ នៃ សេចក្តីផ្តើម​នៃ​ព្រះគម្ពីរ​មរមន ។

រូបភាព
ព្យាការី យ៉ូសែប ស៊្មីធ

© 1998 Lisa Wray

ខ្ញុំ​បាន​ប្រាប់​បង​ប្អូន​ទាំង​ឡាយ​ថា ព្រះ​គម្ពីរ​មរមន គឺជា​គម្ពីរ​ដ៏​ត្រឹម​ត្រូវ​បំផុត ជាង​គម្ពីរ​នានា​ទាំង​អស់​នៅ​លើ​ផែនដី​នេះ ហើយ​ជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង ហើយ​បុគ្គល​ម្នាក់ៗ​អាច​ចូល​ទៅ​ជិត​ព្រះ​បាន ដោយ​សារ​ធ្វើ​តាម​សិក្ខាបទ​ទាំង​ឡាយ​នៃ​គម្ពីរ​នេះ​ជាជាង​គម្ពីរ​ដទៃ​ទាំង​អស់ ។ ( សេចក្តីផ្តើម​នៃ​ព្រះគម្ពីរ​មរមន សូម​មើល​ផងដែរ ប្រវត្តិ​សាសនាចក្រ ៤:៤៦១ )

« ធ្វើ​តាម​សិក្ខាបទ​ទាំងឡាយ​នៃ​គម្ពីរ​នេះ » មាន​ន័យ​ថា​រស់នៅ​តាម​គោលការណ៍ និង​ការបង្រៀន​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។ សូម​ជញ្ជឹងគិត​មួយ​ភ្លែត​អំពី​របៀប​ដែល​គំនិត អាកប្បកិរិយា ឬ​សកម្មភាព​របស់​អ្នក​ទទួល​រង​ឥទ្ធិពល ដោយសារ​អ្វី​ដែល​អ្នក​បាន​រៀនសូត្រ​មកពី​ព្រះគម្ពីរ​មរមន ។

សូម​ទុកពេល​ឲ្យ​សិស្ស​ឆ្លើយ​នឹង​សំណួរ​មួយក្នុង​ចំណោម​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​ពួកគេ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​គិត​ពិចារណា ហើយ​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យមក​ជួយ​ដល់​ពួកគេ​ដឹង​អំពី​របៀបដែល​ជីវិត​របស់​ពួកគេ​ទទួល​រងឥទ្ធិពល​ដោយសារ​ការបង្រៀន​នៃ​ព្រះគម្ពីរ​មរមន ។

  • តើ​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់​អ្នក​បាន​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា ?

  • តើ​ការបង្រៀន​ជាក់លាក់​អ្វីខ្លះ ដែល​អ្នក​អាច​អនុវត្ត​បាន​ចេញពី​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់​អ្នក ?

  • តើ​ពរជ័យ​អ្វីខ្លះ​ដែល​អ្នក​បាន​ទទួល នៅពេល​ដែល​អ្នក​បាន​សិក្សា​ព្រះគម្ពីរ​មរមន​ទៀងទាត់ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។ ប្រសិនបើ​នៅមាន​ពេលវេលា សូម​ចែកចាយ​ទីបន្ទាល់​របស់អ្នក​អំពី​ព្រះគម្ពីរ​មរមន និង​ការបង្រៀន​ដ៏​មាន​អត្ថន័យ​ដែល​មាន​ឥទ្ធិពល​លើ​ជីវិត​រស់នៅ​របស់អ្នក ។