ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ៣ ២៨ ៖ សេចក្តីប្រាថ្នា​នាំ​អ្នក​ដទៃ​មករក​ព្រះ​យេស៊ូវ​គ្រីស្ទ


« នីហ្វៃទី ៣ ២៨ ៖ សេចក្តីប្រាថ្នា​នាំ​អ្នក​ដទៃ​មករក​ព្រះ​យេស៊ូវ​គ្រីស្ទ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ៣ ២៨ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

នីហ្វៃទី ៣ ២៨

សេចក្តីប្រាថ្នា​នាំ​អ្នក​ដទៃ​មករក​ព្រះយេស៊ូវ​គ្រីស្ទ

រូបភាព
ក្រុម​យុវវ័យ​ដើរ​នៅតាម​ដងផ្លូវ​យ៉ាង​សប្បាយ​រីករាយ

សេចក្តីប្រាថ្នា​ដ៏​ធំ​បំផុត​មួយ ដែល​យើង​មាន​នៅក្នុង​ជីវិត​រស់នៅ​របស់យើង គឺ​ជួយ​មនុស្ស​ដទៃ​ទៀត​ឲ្យ​ទទួល​បានពរជ័យ ដែល​ផ្ដល់មក​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ និងដង្វាយធួន​របស់ទ្រង់ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៥:៦ ) ។ ពួកសិស្ស​សាសន៍​នីហ្វៃ​ទាំង​បី​នាក់​បាន​ពន្យល់បង្ហាញ​ពី​ការណ៍​នេះ​តាម​របៀប​ដ៏​ពិសេស​មួយ នៅពេល​ពួកគាត់​ប្រាថ្នា​ចង់នៅ​ផែនដី ហើយ​នាំ​ព្រលឹង​មនុស្ស​ឲ្យ​មករក​ព្រះយេស៊ូវ​គ្រីស្ទ​រហូត​ដល់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់​វិញ ។ មេរៀន​នេះ មាន​គោលបំណង​ជួយ​អ្នក​បង្កើន​សេចក្តីប្រាថ្នា​ចង់នាំ​អ្នក​ដទៃ​ឲ្យ​មករក​ព្រះយេស៊ូវ​គ្រីស្ទ ។

ការជួយ​សិស្ស​ឲ្យ​រៀន​ពឹងផ្អែក​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​សិស្ស​ខិតខំ​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ពួកគេ​អាច​នឹង​ទទួល​បាន​អារម្មណ៍​មិន​ប្រាកដប្រជា​ចំពោះ​សមត្ថភាព​របស់​ពួកគេ​ក្នុងការ​បំពេញ​កាតព្វកិច្ច ឬ​ការងារ​ចាត់តាំង​របស់​ពួកគេ ។ សូម​រំឭក​សិស្ស​ថា នៅពេល​ពួកគេ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ នោះ​ពួកគេ​នឹង​ទទួល​បាន​ការពង្រឹង​ពី​ព្រះអម្ចាស់ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​ការណែនាំ និង​ភាពក្លាហាន ដោយ​ងាកទៅ​រក​ព្រះវរបិតាសួគ៌​តាមរយៈ​ការអធិស្ឋាន ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​បទពិសោធន៍ ដែល​ពួកគេ​បាន​ចែកចាយ​ដំណឹងល្អ និង​អ្វី​ដែល​បាន​ជួយ​ដល់​ពួកគេ​ឲ្យ​មាន​សេចក្តីប្រាថ្នា​ចង់​ធ្វើអ្វី ដែល​ពួកគេ​បានធ្វើ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

តើ​អ្នក​មាន​សេចក្តីប្រាថ្នា​អ្វីខ្លះ ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​ពី​សំណួរ​ដូច​ខាងក្រោម ។

  • តើ​អ្នក​នឹង​ឆ្លើយតប​បែបណា ប្រសិនបើ​ព្រះយេស៊ូវ​បាន​បង្ហាញ​អង្គ​ទ្រង់​មក​ជួប​អ្នក ហើយ​សួរ​ថា « តើ​អ្នក​រាល់​គ្នា​ប្រាថ្នា​អ្វី​ពី​យើង បន្ទាប់ពី​យើង​ទៅ​ជួប​ព្រះវរបិតា​វិញ ? »

  • ហេតុអ្វី​បាន​ជា​អ្នក​ជ្រើសរើស​អ្វីដែល​អ្នក​បាន​ធ្វើ ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរបី​នាក់ ដែល​ចង់​ចែកចាយ​ឲ្យ​ឡើង​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។

នៅក្នុង​អំឡុងពេល​នៃ​ការងារបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​ពួក​សាសន៍នីហ្វៃ ទ្រង់​បាន​សួរ​សំណួរនេះ​ទៅ​ដល់​ពួកសិស្ស​របស់ទ្រង់ ( សូមមើល នីហ្វៃទី ៣ ២៨:១ ) ។

សូមអាន នីហ្វៃទី ៣ ២៨:២–៦ ដោយ​រកមើល​ពី​របៀបដែល​ពួកសិស្ស​សាសន៍​នីហ្វៃ​បាន​ឆ្លើយ​សំណួរ​របស់​ព្រះអង្គ​សង្គ្រោះ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

នៅក្នុង ខទី ៦ ព្រះអង្គសង្គ្រោះ​បានលើក​ឡើងថា ពួកសិស្ស​សាសន៍​នីហ្វៃ​ទាំងបី​នាក់​មាន​សេចក្តីប្រាថ្នា​ដូចគ្នា​នឹង​អ្វី​ដែល​យ៉ូហាន​ដ៏​ជាទី​ស្រឡាញ់​ប្រាថ្នា​ចង់​បាន​ផងដែរ ។ សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៧:១–៣ ដោយ​ស្វែងរក​សេចក្តីប្រាថ្នា​របស់​យ៉ូហាន ។

  • តើហេតុអ្វី​បាន​ជា​អ្នក​គិត​ថា សិស្ស​ទាំង​បីនាក់​នេះ​ចង់​បន្ត​រស់នៅ​លើ​ផែនដី​នេះ ?

សូម​គិត​ពី​សេចក្តីប្រាថ្នា​របស់​អ្នក​ផ្ទាល់​ក្នុង​ការចង់​នាំ​មនុស្ស​ផ្សេងៗ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ។ ស្វ័យ​វាយតម្លៃ​ខាងក្រោម​នេះ​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​រឿង​នេះ​បាន ។

សូម​ពិចារណា​បង្ហាញ​សកម្មភាព​ដូច​ខាងក្រោម​នេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​វាយ​តម្លៃ​ខ្លួន​ពួកគេ​ដោយ​ស្ងាត់​ស្ងៀម ។ សូម​កុំ​សុំ​ឲ្យ​សិស្ស​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយនឹង​សិស្ស​ទាំងអស់​នៅក្នុង​ថ្នាក់រៀន ។

សូម​ឆ្លើយតប​ទៅនឹង​សេចក្តី​ថ្លែងការណ៍​នីមួយៗ​ខាងក្រោម​ដោយ​ប្រើ​ចម្លើយ​មួយ​ក្នុងចំណោម​ចម្លើយ​ទាំងនេះ ៖ « ទៀងទាត់ » « ពេលខ្លះ » ឬ « កម្រណាស់ » ។

  1. ខ្ញុំ​ស្វែងរក​ឱកាស​ដើម្បី​ប្រាប់​អ្នក​ដទៃ​អំពី​ព្រះគ្រីស្ទ ។

  2. ខ្ញុំ​អធិស្ឋាន​ស្វែងរក​ឱកាស​ស្វែងរក​មនុស្ស ដើម្បី​និយាយ​អំពី​ព្រះគ្រីស្ទ ។

  3. ខ្ញុំ​មាន​សេចក្តីប្រា​មួយ​ចង់​ជួយ​ដល់​អ្នកដទៃ​ឲ្យ​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ។

បង្កើន​សេចក្តីប្រាថ្នា​របស់អ្នក​ដើម្បី​ជួយ​ដល់​អ្នកដទៃ​ឲ្យ​ចូល​មករក​ព្រះគ្រីស្ទ

បន្ថែមពី​លើ​សិស្ស​ដែល​គូរ​រូប​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ នោះ​អ្នក​អាច​គូរ​វា​នៅលើ​ក្ដារខៀន ។

នៅ​ពាក់​កណ្តាល​ទំព័រ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូម​គូរ​រូប​ដំបង​តូច​មួយ ដែល​តំណាង​ឲ្យ​ក្មេងជំទង់ ដែល​មិនមាន​សេចក្តីប្រាថ្នា​ចង់ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ ។ នៅក្នុង​ចន្លោះ​ទទេ​ជុំវិញ​រូប​ដំបង​នោះ សូម​សរសេរ​មូលហេតុ​មួយចំនួន ដែល​ក្មេងជំទង់​ម្នាក់​នេះ​ប្រហែលជា​មិន​មាន​សេចក្តីប្រាថ្នា​ចង់​ចែកចាយ​ដំណឹងល្អ ។ សូម​ទុក​ចន្លោះ ដើម្បី​សរសេរ​សេចក្តីពិត ដែល​អ្នក​រៀន នៅពេល​ដែល​អ្នកសិក្សា​នៅ​ថ្ងៃនេះ ។

នៅពេល​ដែល​អ្នក​បន្ត​សិក្សា សូម​ស្វែងរក​មើល​ការបង្រៀន ដែល​អាច​ជួយ​ដល់​នរណា​ម្នាក់​ឲ្យ​មាន​ចិត្ត​ប្រាថ្នា​ចង់​ចែកចាយ​ដំណឹងល្អ​កាន់តែ​ខ្លាំងឡើង ។

សូម​អាន នីហ្វៃទី ៣ ២៨:៧–១០ ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បានសន្យា​ដល់ពួ​កសិស្ស​សាសន៍​នីហ្វៃ ដែល​មាន​សេចក្តីប្រាថ្នា​ចង់​រស់នៅ​លើ​ផែនដី ដើម្បី​នាំព្រលឹង​ទាំងឡាយ​មករក​ទ្រង់ ។

  • តើ​ព្រះយេស៊ូវ​បាន​ប្រទាន​ពរជ័យ​អ្វីខ្លះ​ដល់​ពួកគេ​នៅក្នុង ខទី ៧–៨ ដើម្បី​ឲ្យ​ពួកគេ​អាច​បំពេញ​តាម​សេចក្តីប្រាថ្នា​របស់​ពួកគេ ?

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​សន្យា​អ្វីខ្លះ ដល់​ពួក​សិស្ស​របស់​ទ្រង់ ដែល​ពួកគេ​នឹង​ទទួល​បាន​នៅក្នុង ខទី ៩–១០ ដោយសារ​សេចក្តីប្រាថ្នា​ដ៏​ស្មោះត្រង់​របស់​ពួកគេ ?

នៅក្នុង​គ្រា​កាន់កាប់ត្រួតត្រា​របស់យើង​ព្រះអម្ចាស់​បាន​សន្យា​ប្រទាន​ពរជ័យ​ដល់​អស់​អ្នក​ដែល​ស្វែងរក​ដើម្បី​នាំ​ព្រលឹងទាំងឡាយ​មក​រក​ទ្រង់ ។ សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១៨:១៥–១៦ ដោយ​ស្វែងរក​ព្រះពរ ដែល​យើង​អាច​ទទួល​បាន​សម្រាប់​ការនាំ​ព្រលឹង​មនុស្ស​ចូល​មករក​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​សេចក្ដីពិត​អ្វីខ្លះ ដែល​យើង​អាច​រៀន​បានចេញ​ពី​ខគម្ពីរ​ទាំងនេះ​អំពី​របៀប ដែល​យើង​អាច​ទទួល​បាន​ពរជ័យ នៅ​ខណៈពេល ដែល​យើង​ខិតខំ​ស្វែងរក​ព្រលឹង​ទាំងឡាយ​ឲ្យមករក​ព្រះយេស៊ូវ​គ្រីស្ទ ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀនបាន​ពី​ខគម្ពីរ​ទាំងនេះ​គឺ នៅពេល​យើង​ខិតខំ​នាំ​ព្រលឹង​មនុស្ស​មករក​ព្រះយេស៊ូវ​គ្រីស្ទ នោះយើង​អាច​ទទួល​បាន​អំណរ ។ សូម​ពិចារណា​សរសេរ​សេចក្តីពិត​នេះ​នៅលើ​រូបភាព​ដែល​អ្នក​បាន​បង្កើត ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ការនាំ​ព្រលឹង​ទាំងឡាយ​មករក​ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ប្រភព​នៃ​អំណរ ?

  • តើ​ការយល់ដឹង​ពី​សេចក្ដីពិត​នេះ​អាច​ជួយ​ដល់​នរណា​ម្នាក់​ឲ្យ​មាន​អារម្មណ៍​ថា មាន​សេចក្តីប្រាថ្នា​ខ្លាំង​ចង់​ការចែកចាយ​ដំណឹងល្អនេះ​ដោយ​របៀប​ណា ?

សូម​ស្វែងរក​បទគម្ពីរ ឬ​សេចក្តីថ្លែងការណ៍​ផ្សេងទៀត​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ ដែល​អាច​ជួយដល់​ការបង្កើន​សេចក្តីប្រាថ្នា​របស់យើងក្នុង​ការចែកចាយ​ដំណឹងល្អ ។ អ្នក​អាច​ប្រើប្រាស់​ឧបករណ៍​សិក្សា​ដូចជា ប្រធានបទ​ដំណឹងល្អសេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ដើម្បី​ស្វែងរក​ប្រធានបទ ដូចជា « ផ្សាយ​សាសនា, កិច្ចការ​ផ្សាយ​សាសនា » ឬ​អ្នក​អាច​សិក្សា​ខគម្ពីរ​មួយចំនួន ឬ​ខគម្ពីរ​ទាំងអស់​នៅ​ខាងក្រោម​នេះ ។ សូម​បន្ថែម​ចូល​ទៅ​ក្នុង​សេចក្តីពិត​ដែល​អ្នក​រកឃើញ​ទៅ​ក្នុង​រូបភាព​ក្នុង​សៀវភៅ​កំណត់ហេតុការ​សិក្សា​របស់អ្នក ។

សូមដាក់​បង្ហាញ​ខគម្ពីរ​ខាងក្រោម ។ សូម​ទុក​ពេល​ឲ្យ​សិស្ស​សិក្សា​ខគម្ពីរ ឬ​សេចក្ដីថ្លែង​ការណ៍​ទាំងនេះ ឬ​សេចក្ដីថ្លែង​ការណ៍​ផ្សេង​ទៀត​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ ដែល​ពួកគេ​បាន​រកឃើញ​ដោយ​ខ្លួនឯង ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​ការសិក្សា​នេះ ។ បន្ថែម​ពី​លើ​ការសួរសំណួរ​ខាងក្រោម​នេះ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​សេចក្តីពិត​ដែល​ពួកគេ​បានរកឃើញ​ជុំវិញ​គំនូរ​នៅ​លើ​ក្ដារខៀន​នេះ ។

  • តើ​មាន​ការបង្រៀន​អ្វីខ្លះ ដែល​អ្នក​បាន​រកឃើញ ដែល​អាច​ជួយ​ដល់​នរណា​ម្នាក់​ឲ្យ​មាន​សេចក្តីប្រាថ្នា​ខ្លាំង​ចង់​ចែកចាយ​ដំណឹងល្អ ? តើហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ការបង្រៀន​ទាំងអស់​នេះ​អាច​ជួយ​បាន ?

  • តើ​មាន​បទពិសោធន៍​អ្វីខ្លះ ដែល​បា​នជួយ​អ្នក​ឲ្យ​មើលឃើញ​ពី​ពរជ័យ​ដែល​អាច​ទទួលបាន នៅពេល​​យើង​ចែកចាយ​ដំណឹងល្អ ?

ដើម្បី​មើល​ឧទាហរណ៍​អំពី​របៀប​ដែល​បុគ្គល​ម្នាក់ៗ​ទទួល​បាន​ពរជ័យ​តាមរយៈ​ការខិតខំ​ប្រឹងប្រែង​ជា​អ្នកផ្សព្វផ្សាយ​សាសនា សូម​ពិចារណា​មើល​វីដេអូ « Your Day for a Mission » ( ៣:៣១ ) ឬ « By Small and Simple Things: Sharing the Gospel » ( ៣:១៩ ) ។ វីដេអូ​ទាំងពីរ​អាច​រកបាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

សូម​គិត​ពីអ្វី​ដែល​អ្នក​បានរៀន ឬ​មាន​អារម្មណ៍​នៅថ្ងៃ​នេះ ដែល​អាច​មាន​ឥទ្ធិពល​លើ​សេចក្តីប្រាថ្នា​របស់​អ្នក​ផ្ទាល់​ក្នុង​ការជួយ​អ្នកដទៃ​ឲ្យ​មករក​ព្រះគ្រីស្ទ ។ សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក​អំពី​គំនិត ឬ​ចំណាប់អារម្មណ៍​ខាងវិញ្ញាណ ដែល​អ្នក​មាន ហើយ​ធ្វើ​ផែនការ ដើម្បី​ធ្វើ​សកម្មភាព​ទៅលើ​ចំណាប់​អារម្មណ៍​របស់​អ្នក ។

សូម​ពិចារណា​ពី​ការថ្លែង​ទីបន្ទាល់​អំពី​កម្លាំង ដែល​យើង​អាច​ទទួល​បាន និង​សេចក្ដីស្រឡាញ់​នៃព្រះ ដែល​យើង​អាច​ទទួល​អារម្មណ៍ នៅពេល ដែល​យើង​ធ្វើតាម​សេចក្តីប្រាថ្នា ក្នុងការ​ជួយ​ដល់​អ្នក​ដទៃ​ឲ្យ​មករក​ព្រះយេស៊ូវ​គ្រីស្ទ ។