ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ៣ ២៧ ផ្នែកទី ២ ៖ បាន​ញែក​ចេញ​ជា​បរិសុទ្ធ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ


« នីហ្វៃទី ៣ ២៧ ផ្នែកទី ២ ៖ បាន​ញែក​ចេញ​ជា​បរិសុទ្ធ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ៣ ២៧ ផ្នែកទី ២ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

នីហ្វៃទី ៣ ២៧ ផ្នែក​ទី ២

បាន​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ

រូបភាព
កុមារ​រីករាយ​បាន​ទទួល​ពិធីជ្រមុជទឹក

តើ​ធ្លាប់​មាន​ពេល​ដែល​អ្នក​ចង់​ឲ្យ​បាន​កាន់តែ​ស្អាត​ខាង​វិញ្ញាណ​ដែរ​ឬ​ទេ ? នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ដល់​ពួកសិស្ស​របស់ទ្រង់​នៅ​ទ្វីប​អាមេរិក​ពី​បុរាណ ទ្រង់​បានពន្យល់​អំពី​ពរជ័យ​សំខាន់ៗ ដែល​មាន​សម្រាប់​អស់អ្នក​ដែល​ធ្វើ​តាម​ដំណឹងល្អ​របស់ទ្រង់ រួម​មាន​ការញែកខ្លួន​ជា​បរិសុទ្ធ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ មេរៀន​នេះ​អាច​ជួយ​ឲ្យ​អ្នក​យល់​អំពី​របៀប​ដើម្បី​ទទួល​ព្រះចេស្តា​នៃ​ការញែកចេញ​ឲ្យ​បរិសុទ្ធ​របស់​ព្រះអង្គ​សង្រ្គោះ កាល​ដែល​អ្នក​ខិតខំ​រស់នៅ​តាម​ដំណឹងល្អ​របស់ទ្រង់ ។

ការជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​មាន​ចំណែក​ជាមួយ ។ ថ្នាក់​សិក្ខាសាលា​គួរតែ​ជាកន្លែង​មួយ​ដែល​មាន​បរិយាកាស​ដែល​សិស្ស​ទទួល​បាន​នូវ​សុវត្ថិភាព និង​ការគាំទ្រ ហើយ​ការរួមចំណែក​របស់​ពួកគេ​មាន​តម្លៃ ។ សូម បង្ហាញ​សេចក្ដីស្រឡាញ់ និង​ការយក​ចិត្តទុកដាក់​របស់អ្នក​ដល់​សិស្ស នៅពេល​អ្នក​ប្រាស្រ័យទាក់​ទង​ជាមួយ​ពួកគេ ។ សូម​លើក​ទឹកចិត្ត​ដល់​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ស្តាប់គ្នា​ទៅវិញ​ទៅមក ហើយ​ឲ្យ​តម្លៃ​គំនិត​យោបល់​របស់​មិត្តភក្តិ​របស់​ពួកគេ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​កថាខណ្ឌ​បី​ដំបូង​អំពី « ព្រះវិញ្ញាណ​បរិសុទ្ធ » នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ( scriptures.ChurchofJesusChrist.org ) ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​មក​រៀន​ដោយ​ត្រៀម​ខ្លួន​ចែកចាយ​អំពី​របៀប​ដែល​ពួកគេ​គិត​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​ដល់​ពួកគេ​ឲ្យ​បានញែកចេញ​ជា​បរិសុទ្ធ ឬ​ឲ្យ​បាន​កាន់តែ​ដូចជា​ព្រះអង្គសង្រ្គោះ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

មិនស្អាត

ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀបចំខ្លួន​សិក្សា​អំពី​តម្រូវការ​របស់​ពួកគេ ដើម្បី​ឲ្យ​បាន​ស្អាត​ពី​អំពើបាប​របស់​ពួកគេ សូម​ពិចារណា​ចែកចាយ​ដំណើររឿង​ដូច​ខាងក្រោម​នេះ ។

អែលឌើរ អាឡែន ឌី ហែនី ក្នុង​ពួក​ចិតសិបនាក់​បាន​ចែកចាយ​រឿង​ដូចខាងក្រោម​តាំងពី​កុមារ​ភាព​របស់​លោក ។

កាល​ខ្ញុំ​អាយុ​ប្រាំបួន​ឆ្នាំ យាយ​ខាង​ម្តាយ​ខ្ញុំ​ដែល​មាន​សក់ស កម្ពស់ ( មួយ​ម៉ែត្រ​កន្លះ ) បាន​មក​លេង​ខ្ញុំ​ពីរបី​សប្តាហ៍​នៅ​ផ្ទះ​របស់​ពួក​ខ្ញុំ ។ នា​រសៀល​មួយ​អំឡុង​ពេល​គាត់​ស្នាក់​នៅ​ទីនោះ បងប្រុស​ពីរ​នាក់​របស់​ខ្ញុំ និង ខ្ញុំ​បាន​សម្រេចចិត្ត​ជីក​រណ្ដៅ​នៅលើ​វាល​មួយ​នៅ​ផ្លូវ​ម្ខាង​ទៀត​ពី​ផ្ទះ​ខ្ញុំ ។ ខ្ញុំ​ពុំ​ដឹង​ថា ហេតុអ្វី​ពួក​ខ្ញុំ​ធ្វើ​ដូច្នោះឡើយ តែពេលខ្លះ​ក្មេង​ប្រុសៗ​ជីក​រណ្តៅ​លេង ។ យើង​បាន​ប្រឡាក់​ខ្លួន​តិចតួច ប៉ុន្តែ​ពុំមាន​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ ។ ក្មេង​ប្រុស​ផ្សេង​ទៀត​ដែល​ជា​អ្នក​ភូមិផង​របង​ជិត​យើង បាន​ឃើញ​ពី​ក្តីរំភើប​ក្នុងការ​ជីក​រណ្តៅ​នោះ ហើយ​បាន​ចាប់ផ្តើម​ជួយ​ជីក​ពួក​ខ្ញុំ ។ ក្រោយ​មក​ពួក​ខ្ញុំ​ទាំងអស់​គ្នាប្រឡាក់​ខ្លួន​ខ្លាំង​ជាង​មុន ។ ដី​នោះ​រឹង​ណាស់ ដូច្នេះ​ពួក​ខ្ញុំ​បានទាញ​ទុយោ​ទឹក​ស្រោច​សួន​ផ្កា​មក ហើយ​បើក​ទឹក​បន្តិច​ដាក់​ក្នុង​បាត​រណ្តៅ​នោះ ដើម្បី​បន្ទន់​ដី ។ យើង​បាន​ប្រឡាក់​ភក់​ខ្លះៗ​នៅពេល​យើង​ជីក ហើយ​រណ្តៅ​នោះ​វា​កាន់តែ​ជ្រៅ​ទៅៗ ។

មាន​ម្នាក់​ក្នុង​ក្រុម​របស់​ពួក​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា យើង​គួរតែ​ធ្វើ​រណ្តៅ​របស់​យើង​ឲ្យ​ក្លាយ​ជា​អាង​ហែល​ទឹក​ដូច្នេះ​ពួក​ខ្ញុំបាន​ដាក់​ទឹក​ពេញ​រណ្តៅ​នោះ ។ ដោយ​សារ​ខ្ញុំ​ក្មេង​ជាង​គេ ហើយ​ចង់​ឲ្យ​គេ​ទទួល​ស្គាល់​ខ្លួន នោះ​ខ្ញុំ​ត្រូវបានគេ​បញ្ចុះបញ្ចូល​ឲ្យ​សាកល្បង​លោត​ចូល​ក្នុង​រណ្តៅ​នោះ ។ ឥឡូវ​នេះ​ខ្ញុំ​ប្រឡាក់​ពេញ​ខ្លួន​តែ​ម្តង ។ ខ្ញុំ​ពុំ​បាន​ចាប់​ផ្តើម ដោយ​មាន​គម្រោង​ឲ្យ​ប្រឡាក់​ភក់​ពេញ​ខ្លួន​ឡើយ ប៉ុន្តែ​នោះ​ជា​លទ្ធផល​ដែល​ខ្ញុំ​បាន​ទទួល ។

នៅពេល​អាកាសធាតុ​ចាប់ផ្តើម​ត្រជាក់ ខ្ញុំបាន​ឆ្លង​ផ្លូវ​ដោយ​មាន​បំណង​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ ។ យាយ​របស់​ខ្ញុំ​បាន​ជួប​ខ្ញុំ​នៅ​ទ្វារ​មុខ​ផ្ទះ ហើយ​ពុំ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចូល​ក្នុង​ផ្ទះ​ឡើយ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា​ប្រសិន​បើ​គាត់​ឲ្យ​ខ្ញុំ​ចូល នោះខ្ញុំ​នឹង​ធ្វើ​ឲ្យ​ផ្ទះ​ដែល​គាត់​ទើប​តែ​សម្អាត​នោះ​ប្រឡាក់​ហើយ ។ ដូច្នេះ​ខ្ញុំ​បាន​ធ្វើ​នូវ​អ្វី​ដែល​ក្មេង​អាយុ​ប្រាំ​ឆ្នាំ​នឹង​ធ្វើ​ក្នុង​ស្ថានភាព​នោះ ដោយ​រត់​ទៅ​តាម​ទ្វារ​ក្រោយ​ដើម្បី​ចូល​ផ្ទះ ប៉ុន្តែ​គាត់​បាន​ទៅ​ដល់​ទីនោះ​លឿន​មុន​ខ្ញុំ​គិត​ទៅ​ទៀត ។ ខ្ញុំ​ខឹង​នឹង​គាត់ ខ្ញុំ​បាន​ទន្ទ្រាំ​ជើង ហើយ​ទាមទារ​ចូល​ទៅ​ក្នុង​ផ្ទះ ប៉ុន្តែ​ទ្វារ​នៅតែ​បិទ ។

ខ្ញុំ​ទទឹក​ខ្លួន​ជោគ ប្រឡាក់​ភក់ រងារ ហើយ​ដោយ​ការគិត​តាម​បែប​កុមារភាព​របស់​ខ្លួន នោះ​ខ្ញុំ​បាន​គិត​ថា​ខ្ញុំ​នឹង​ស្លាប់​នៅ​រាន​ហាល​ក្រោយ​ផ្ទះ​នោះ​ហើយ ។ ទីបំផុត ខ្ញុំ​បាន​សួរ​គាត់​ថា​តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បាន​ចូល​ទៅ​ក្នុង​ផ្ទះ ។ ពីមុន​ខ្ញុំ​បាន​ដឹង​វា​នោះ ខ្ញុំ​បាន​ឃើញ​ថា​ខ្ញុំ​កំពុង​ឈរ​នៅ​រានហាល​ខាង​ក្រោយ​ផ្ទះ ខណៈ​ដែល​យាយ​របស់​ខ្ញុំ​បាន​បាញ់​ទឹក​ពី​ទុយោ​ដាក់​ខ្ញុំ ។ បន្ទាប់​ពី​យូរ​ក្រែល​មក យាយ​របស់​ខ្ញុំ​បាន​ប្រកាស​ថា​ខ្ញុំ​ស្អាត​ហើយ ព្រមទាំង​បាន​ឲ្យ​ខ្ញុំ​ចូល​ទៅ​ក្នុង​ផ្ទះ ។ ខ្ញុំ​មាន​ភាពកក់​ក្តៅ​ពេល​នៅ​ក្នុង​ផ្ទះ ហើយ​ខ្ញុំ​អាច​ស្លៀកពាក់​ខោអាវ​ស្ងួត​វិញ ។ ( អែលឌើរ អាឡែន ឌី ហែនី « Remembering in Whom We Have Trusted » EnsignLiahona ខែវិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១២១ )

  • តើ​ការប្រៀបធៀប​ខាងវិញ្ញាណ​អ្វីខ្លះ​ដែលអ្នក​អាចធ្វើបាន​រវាង​រឿង​របស់​អែលឌើរ ហែនី និង​ជីវិត​របស់​យើង ?

នៅក្នុង នីហ្វៃទី ៣ ២៧ នៅក្នុង​ផ្នែក​នៃ​សេចក្តីថ្លែង​របស់​ព្រះអង្គ​សង្គ្រោះ​ទៅកាន់​ពួកសិស្ស​សាសន៍នីហ្វៃ​អំពី​ដំណឹងល្អ​របស់ទ្រង់ ទ្រង់​បាន​បង្រៀន​អំពី​លទ្ធផល​នៃ​អំពើបាប និង​អំពី​របៀប ដែល​យើង​អាច​យក​ឈ្នះ​អំពើបាប​បាន និង​បាន​ស្អាត​ខាងវិញ្ញាណ ។

សូម​អាន នីហ្វៃទី ៣ ២៧:១៩ ដោយ​ស្វែងរក​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ។

  • តើ​ខគម្ពីរ​នេះ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​តម្រូវការ​របស់អ្នក​សម្រាប់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់ទ្រង់ ?

ការចែកចាយ​កថាខណ្ឌ​ខាងក្រោម​នេះ អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​តម្រូវការ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ចំពោះ​ព្រះចេស្តា​នៃ​សម្អាត​របស់​ព្រះអង្គ​សង្គ្រោះ ។

ព្រះយេស៊ូវ​គ្រីស្ទ​អាច​សម្អាត​អ្នក​ចេញពី​ស្នាមប្រឡាក់​នៃ​អំពើបាប ហើយ​ជួយ​ដល់​អ្នក​ឲ្យ​ញែកចេញ​ជាបរិសុទ្ធ ។ សូម​គិត​អំពី​តម្រូវការ​របស់អ្នក ដែល​ត្រូវ​បាន​សម្អាត​ឲ្យ​បានស្អាត​ពី​អំពើបាប ហើយ​អ្នក​ទទួល​បាន​អារម្មណ៍ ឬ​មាន​អារម្មណ៍​បែបណា​ចំពោះ​ការស្អាត​ខាងវិញ្ញាណ​នេះ ។ ខណៈពេល ដែល​អ្នក​កំពុង​សិក្សា​នៅថ្ងៃ​នេះ សូម​ស្វែងរក​ការបង្រៀន ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​របៀប ដែល​អ្នក​អាច​ទទួលបាន​ព្រះចេស្តា​នៃ​ការញែកចេញ​ជា​បរិសុទ្ធ​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ជីវិត​របស់អ្នក ។

ព្រះយេស៊ូវ​គ្រីស្ទ បានពិណ៌នា​អំពីរបៀប ដែល​យើង​អាច​ញែកចេញជា​បរិសុទ្ធ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ

នៅក្នុង នីហ្វៃទី ៣ ២៧:២០–២២ ព្រះអង្គ​សង្គ្រោះ​បានបង្រៀន​អំពីអ្វី ដែល​យើង​អាច​ធ្វើ ដើម្បី​ទទួល​បាន​ព្រះចេស្តា​នៃ​ការញែកចេញ​ជា​បរិសុទ្ធ​របស់ទ្រង់ ហើយ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួល​ជីវិត​ដ៏​នៅអស់កល្ប​ជានិច្ច ។ ដើម្បី​ជួយ​អ្នក​ឲ្យ​សិក្សា​ខគម្ពីរ​ទាំងនេះ សូម​ចម្លង​តារាង​ខាងក្រោម​នេះ​ចូល​ទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។

អ្នក​ក៏​ប្រហែលជា​ចង់​ចម្លង​តារាង​នេះ​ដាក់​នៅលើ​ក្ដារខៀន ដើម្បី​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​អាច​បំពេញ​វា​បាន បន្ទាប់ពី​រៀនចប់ ។

បទបញ្ញត្តិ​ទាំងឡាយ

ការប្រសិទ្ធពរ

សូមអាន នីហ្វៃទី ៣ ២៧: ២០–២២ និង​បំពេញ​តារាង​នេះ​ដោយ​ផ្អែកលើ​អ្វី ដែល​អ្នក​បាន​រកឃើញ ។

នីហ្វៃទី ៣ ២៧: ២០ គឺជា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​តាម​វិធី​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​រក​ឃើញ​វា​ដោយ​ងាយស្រួល ។ អ្នក​នឹង​មាន​ឱកាស​នៅក្នុង​មេរៀន​បន្ទាប់​ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ ទៅនឹង​សំណួរ ឬ​ស្ថានភាព​មួយ ។

  • តើ​អ្នក​សង្ខេប​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង ខទី ២ ជា​សេចក្តីថ្លែងការណ៍​មួយនៃ​សេចក្តីពិត​របៀបណា ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​បាន គឺថា ប្រសិនបើ​យើង​ប្រែចិត្ត ហើយ​ចូល​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ទទួល​ពិធីជ្រមុជទឹក នោះ​យើង​អាចញែក​ជាបរិសុទ្ធ ដោយ​ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ឈរ​ដោយ​មាន​ភាព​សស្អាត​នៅ​ចំពោះ​ព្រះភ័ក្រ្ត​ទ្រង់នៅ​ថ្ងៃ​ចុងក្រោយ ។

ត្រូវ​បាន​ញែកចេញ​ជា​បរិសុទ្ធ មាន​ន័យ​ថា « ឲ្យ​បាន​ផុត​ពី​អំពើ​បាប ឲ្យ​បាន​សុទ្ធសាធ ស្អាតបាត និង​បរិសុទ្ធ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ញែក​ជា​បរិសុទ្ធ, ការ​ញែក​ជា​បរិសុទ្ធ » scriptures.ChurchofJesusChrist.org ) ។

  • តើ​ការប្រែចិត្ត និង​ពិធីបុណ្យ​ជ្រមុជទឹក​ជួយ​យើង​ឲ្យ​ទទួលបាន​ការញែកចេញ​ជា​បរិសុទ្ធ​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

  • តើ​អ្នក​អាច​ឆ្លើយតប​ទៅ​នរណា​ម្នាក់ ដែល​មាន​ចម្ងល់​ថា តើ​បទបញ្ញត្តិ​ទាំងនេះ​អនុវត្ត​ចំពោះ​ពួកគេ​បាន​ដោយ​របៀបណា បន្ទាប់ពី​ពួកគេ​បានទទួល​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​ហើយនោះ ?

ប្រសិនបើ​ចាំបាច់ សូម​ជួយ​ពន្យល់​សិស្ស​ថា ដោយសារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥតខ្ចោះ នោះ​យើង​មាន​ឱកាស​ប្រែចិត្ត​ជា​រៀងរាល់​ថ្ងៃ ។ យើង​ក៏​គួរ​បន្តខិតខំ​រក្សា​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់យើង បន្ទាប់ពី​បាន​ទទួលបុណ្យ​ជ្រមុជទឹក​រួចហើយ ។ ការទទួលទាន​សាក្រាម៉ង់​ដោយ​ភាពស័ក្ដិសម​ផ្ដល់​ឱកាស​ដល់​យើង​ជា​រាល់សប្ដាហ៍ ដើម្បី​បន្ត​សេចក្ដីសញ្ញា​ទាំងនោះ ។ សកម្មភាព​ទាំង​អស់​នេះ​ជួយ​យើង​ឲ្យ​កាន់តែ​មាន​ភាពបរិសុទ្ធ​ខាងវិញ្ញាណ ។

សេចក្តី​ថ្លែងការណ៍​ដោយ ប្រធាន រ័សុល អិម ណិលសុន និង ប៊យដ៍ ខេ ផាកកឺ ក្នុងផ្នែក « វិចារណកថា និង​ព័ត៌មាន​សាច់រឿង » អាច​នឹង​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ជួយ​បង្រៀន​អំពី​ផ្នត់គំនិត​ទាំងអស់​នេះ ។

ការបាន​ញែកចេញ​ជា​បរិសុទ្ធ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ

ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង ខទី ២ បង្រៀន​យើង​ថា របៀប​ដែល​ទ្រង់​ជួយ​យើង​ឲ្យ​បានញែកចេញ​ជា​បរិសុទ្ធ គឺ​តាមរយៈ​ការទទួល​យក​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ប្រធាន ហិនរី ប៊ី អាវរិង ដែលជា​គណៈប្រធានទីមួយ​បានបង្រៀន​អំពី ទំនាក់ទំនង​រវាង​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ និង​ឥទ្ធិពល​នៃ​ការញែកចេញ​ជា​បរិសុទ្ធ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ប្រសិនបើ​អ្នក​ទទួល​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​សព្វថ្ងៃ​នេះ នោះ​អ្នក​អាច​យក​វា​ធ្វើ​ជាភស្ដុតាង​ថា ដង្វាយធួន​កំពុង​ដំណើរការ​នៅ​ក្នុង​ជីវិត​របស់​អ្នក​ហើយ ។ ដោយសារ​ហេតុផល​នោះ និង​មាន​អ្វី​ផ្សេង​ទៀត​ជាច្រើន អ្នក​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​ស្ថិត​នៅក្នុង​កន្លែង និង​កិច្ចការ​ដែល​យាងអញ្ជើញ​ការបំផុស​គំនិត​ពីព្រះវិញ្ញាណ​បរិសុទ្ធ ។ ការទទួល​អារម្មណ៍​នៃ​ការទទួល​ឥទ្ធិពល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដំណើរការ​បាន​ទាំងពី​ររបៀប ៖ ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​តែ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​ស្អាតស្អំ​ប៉ុណ្ណោះ ហើយ​ការទទួល​យក​ព្រះវិញ្ញាណ​បរិសុទ្ធ​សម្អាត​យើង​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ( ហិនរី ប៊ី អាវរិង « Gifts of the Spirit for Hard Times » Ensign ខែ មិថុនា ឆ្នាំ ២០០៧ ទំព័រ ២៣ )

  • តើ​អ្នក​បាន​សម្គាល់ឃើញ​អំពី​ឥទ្ធិពល​បន្សុទ្ធ​របស់​ព្រះវិញ្ញាណ​ក្នុង​ជីវិត​របស់​អ្នក​របៀបណា ?

    ដោយសារ​វា​ជា​ផ្នែក​នៃ​ការពិភាក្សា​សំណួរ​ពីមុន សូម​ពិចារណា ចែកចាយ​ឧទាហរណ៍​អំពី​របៀប ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ដល់​អ្នក​ក្នុងការ​បង្កើន​ភាពបរិសុទ្ធ​ខាង​វិញ្ញាណ​របស់​អ្នក ។ ចំណុច​នេះ អាច​រួម​មាន​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្កើន​បំណងប្រាថ្នា​របស់​អ្នក ដើម្បី​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ឬ​ការបំផុស​គំនិត​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រទាន​ដល់​អ្នក ដើម្បី​ចៀសវាង​អាកប្បកិរិយា​ដែលនាំ​អ្នក​ចាកចេញ​ពី​ព្រះអង្គ​សង្គ្រោះ ។

  • តើ​មាន​របៀប​ណា​ខ្លះ ដែល​យើង​អាច​យាងអញ្ជើញ​ភាពជា​គូកន​ដែល​កំពុងតែ​បន្ត​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ឲ្យ​យើង​អាច​ទទួល​បាន​ពរជ័យ​ជា​ប្រចាំ​នូវ​ឥទ្ធិពល​នៃការញែកចេញ​ជាបរិសុទ្ធ​នៃ​ភាពជា​គូកន​នេះ ?

ការអនុវត្ត​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ជីវិត​រស់នៅ​របស់អ្នក

សេចក្ដីពិត​ដែល​អ្នក​បាន​សិក្សា​នៅថ្ងៃ​នេះ គឺ​សាមញ្ញ ប៉ុន្តែ​ចាំបាច់​ត្រូវធ្វើ​តាម​ឲ្យ​បាន​ជាប់លាប់ ដើម្បី​អ្នក​អាច​ប្រែចិត្ត​មក​រក​ព្រះវត្ត​មាន​របស់​ព្រះ​វិញ​ដោយ​ភាព​ស័ក្ដិសម​បំផុត ។ សូម​គិត​អំពី​របៀប ដែល​អ្នក​នឹង​យក​ទៅ​អនុវត្ត​នៅក្នុង​ជីវិត​រស់នៅ​របស់អ្នក​ចំពោះ​អ្វី ដែល​អ្នក​បានរៀន និង​ទទួល​អារម្មណ៍ ។ អ្នក​អាច​ជ្រើសរើស​ជម្រើស​មួយ ឬ​ច្រើននៅ​ខាងក្រោម​នេះ ឬ​ជ្រើសរើស​របៀប​មួយ​ផ្សេង ដើម្បី​យកទៅ​អនុវត្ត​ចំពោះ​ការបង្រៀន​ទាំងអស់​នេះ ។

សូម​បង្ហាញ​ជម្រើស​ខាងក្រោម ហើយ​ទុក​ពេល​គ្រប់គ្រាន់​ឲ្យ​សិស្ស​សញ្ជឹងគិត ហើយ​សរសេរ​ផែនការ​សកម្មភាព​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ បន្ទាប់ពី​ពួកគេ​បាន​បញ្ចប់​រួចហើយ សូម​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដីពិត​ដែល​អ្នកបាន​ពិភាក្សា​នៅក្នុង​មេរៀន​នេះ ។

  1. សូម​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​អំពី​ការប្រែចិត្ត​ជា​រៀងរាល់​ថ្ងៃ ហើយ​តាំងចិត្ត​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​ឲ្យ​បាន​ពេញលេញ​ជាងមុន ។

  2. សូម​ធ្វើ​ឲ្យ​ការចូលរួម​របស់​អ្នក​នៅក្នុង​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់​ជា​ផ្នែក​មួយ​ដ៏​មាន​អត្ថន័យ​បន្ថែម​ទៀត​នៃការថ្វាយបង្គំ​នៅ​ថ្ងៃអាទិត្យ​របស់អ្នក ។

  3. សូម​ស្វែងរក​អំពើបាប ឬ​ការរំខាន ដែល​ដាក់​កម្រិត​ភាពជាគូកន​របស់អ្នក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​ចាត់​វិធានការដែល​ចាំបាច់​ដើម្បី​ដក​អំពើបាប ឬ​ការរំខាន​នោះ​ចេញ​ពី​ជីវិត​របស់អ្នក ។

  4. សូម​ចាប់ផ្តើម​ធ្វើ​អ្វីមួយដែល​នឹង​ផ្តល់​លទ្ធភាព​កាន់តែ​ច្រើន​ដល់​អ្នក​ក្នុងការ​ទទួល​បាន​ភាពជា​គូកន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។