ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ​ទី ១៤ ៖ ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរគន្លឹះ


« ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ​ទី ១៤ ៖ ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរគន្លឹះ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ​ទី ១៤ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១៤

ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរគន្លឹះ

រូបភាព
បណ្ដុំ​បទគម្ពីរ​ដែល​មាន​ការគូស​សម្គាល់​នៅក្នុង​អត្ថបទ

ការចងចាំ​សេចក្ដីយោង​បទគម្ពីរ និង​អ្វី​ដែល​វា​​បាន​បង្រៀន​នៅក្នុង​បទគម្ពីរ​នោះ អាច​ជួយ​ដល់​អ្នក​បាន​តាម​វិធី​ជាច្រើន ។⁠ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​បទគម្ពីរ​ជាច្រើន និង​ឃ្លាបទគម្ពីរ​គន្លឹះ​ពី​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​ទាំង ១២ ចុងក្រោយ​ក្នុង​ព្រះគម្ពីរ​មរមន ។⁠

ការទន្ទេញ​វគ្គបទគម្ពីរ ។នៅពេល​ដែល​ទន្ទេញ​ពាក្យពេចន៍​នៃ​បទគម្ពីរ​ហើយ នោះ​⁠តាម​ធម្មតា⁠​ពាក្យ​ទាំងនេះ​នឹង​មាន​អានុភាព​កាន់តែ​ខ្លាំង នៅពេល​យើង​បង្រៀន​អ្នក​ដទៃ​ទៀត ។⁠ កិច្ចការ​ដែល​តម្រូវ​ឲ្យ​ទន្ទេញ​បទគម្ពីរ​នេះ​ក៏​អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​អត្ថន័យ​នៃ​សេចក្ដីពិត និង​គោលលទ្ធិ​ដែល​មាន​ក្នុង​វគ្គ​បទគម្ពីរ​ទាំងឡាយ​ផងដែរ ។⁠ សូម​ឲ្យ​សិស្ស​ទន្ទេញ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ​ចំនួន ឬ​ទាំងអស់ ។⁠

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស និង​ទន្ទេញ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ជិតស្និទ្ធ​នឹង​ព្រះអង្គ​សង្គ្រោះ ឬ​ជួយ​ដល់​ពួកគេ​ជាមួយនឹង​តម្រូវការ​បច្ចុប្បន្ន ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

មេរៀនវគ្គ​បទគម្ពីរ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ អាច​នឹង​ត្រូវ​បង្រៀន​ជំនួស​ឲ្យ​មេរៀន​រំឭក​ឡើង​វិញ​នេះ ។ សូម​មើល​កាលវិភាគ​ល្បឿន​នៃ​ការបង្រៀន​ដែល​នាយក​តំបន់ ឬ​អ្នក​សម្រប​សម្រួល​ប្រចាំ​ភូមិភាគ​ផ្តល់​ឲ្យ​ដើម្បី​ធានា​ឲ្យ​បាន​ថា មេរៀន​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នីមួយៗ​នឹង​ត្រូវបាន​បង្រៀន នៅពេល​ដែល​ថ្នាក់​សិក្ខាសាលា​កំពុង​សិក្សា ។

សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​បី ឬ​បួន​ចេញពី​ព្រះគម្ពីរ​មរមន​ពាក់​កណ្ដាល​ដំបូង ⁠ដើម្បី​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​នៅក្នុង​មេរៀន​នេះ ។⁠ សិស្ស​អាច​ទទួល​បាន​ឱកាស​ដើម្បី​ផ្ដោត​ការយកចិត្ត​ទុកដាក់​របស់​ពួកគេ​នៅលើ​វគ្គបទគម្ពីរ​ផ្សេងទៀត​នៅក្នុង​មេរៀន​ផ្សេងទៀត ។

អត្ថប្រយោជន៍​នៃ​ការទន្ទេញ​បទគម្ពីរ

  • តើ​អ្នក​នឹង​និយាយ​អ្វី​ទៅ​កាន់​នរណា​ម្នាក់​ដែល​ងឿងឆ្ងល់​ថា ហេតុអ្វី​វា​ជាការ​ល្អ​ដើម្បី​ទន្ទេញ​បទគម្ពីរ ?

សូម​អាន អាលម៉ា ៣១:៥⁠ ដោយ​រកមើល​ហេតុផល​ដែល​នរណា​ម្នាក់​អាច​នឹង​ចង់​ទន្ទេញ​បទគម្ពីរ​ឲ្យចាំ ។

  • តើ​ការទន្ទេញ​បទគម្ពីរ​អាច​នឹង​ជួយ​ឲ្យ​អ្នក​ប្រើ​ចេស្ដា​របស់​ព្រះ​យ៉ាង​ដូចម្ដេច​បាន ?

  • តើ​វគ្គ​បទគម្ពីរ​មួយ​ណា​ដែល​អ្នក​បាន​ទន្ទេញ ?⁠ តើ​អ្នក​បាន​ទទួល​អត្ថប្រយោជន៍​ពី​ការទន្ទេញ​វគ្គ​បទគម្ពីរ​យ៉ាងដូចម្ដេច ?

បើ​សិស្ស​មិន​ទាន់​បាន​គូស​ចំណាំ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ​ខាងក្រោម​នៅក្នុង​ព្រះគម្ពីរ​ពួកគេ​ទេ សូម​ពិចារណា​បង្ហាញ​តារាង​នេះ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​គូសចំណាំ​វា ។

ចំណេះចំណាន​ខាងគោលលទ្ធិ​នៃ​ព្រះគម្ពីរមរមន ៖ អាលម៉ា–មរ៉ូណៃ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តីយោង​បទគម្ពីរ

ឃ្លា​បទគម្ពីរ​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៧:១១–១៣

ឃ្លា​បទគម្ពីរ​គន្លឹះ

« ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៣៤:៩–១០

ឃ្លា​បទគម្ពីរ​គន្លឹះ

« ត្រូវតែ​មាន​ដង្វាយធួន​មួយ​កើតឡើង …​ការបូជា​មួយ​ដ៏​និរន្តរ៍ និង​អស់កល្ប​ជានិច្ច » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៣៩:៩

ឃ្លា​បទគម្ពីរ​គន្លឹះ

« កុំ​ទៅ​តាម​សេចក្តី​សម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៤១:១០

ឃ្លា​បទគម្ពីរ​គន្លឹះ

« សេចក្ដីទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ

ហេលេមិន ៥:១២

ឃ្លា​បទគម្ពីរ​គន្លឹះ

« គឺ​នៅ​លើ​សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង…ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី៣ ១១:១០–១១

ឃ្លា​បទគម្ពីរ​គន្លឹះ

« យើង​បាន​ធ្វើ​ការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា​ចំពោះ​គ្រប់​ការណ៍​ទាំង​អស់ ចាប់​តាំង​ពី​ដើមដំបូង​មក »។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី៣ ១២:៤៨

ឃ្លា​បទគម្ពីរ​គន្លឹះ

« បាន​ល្អ​ឥត​ខ្ចោះ​ដូច​ជា​យើង ឬ​ដូច​ជា​ព្រះ​វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥត​ខ្ចោះ​ដែរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី៣ ២៧:២០

ឃ្លា​បទគម្ពីរ​គន្លឹះ

« ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក … ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា អាច​បាន​ញែក​ចេញ​បរិសុទ្ធ ដោយ​ការ​ទទួល​នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ។

សេចក្តីយោង​បទគម្ពីរ

អេធើរ ១២:៦

ឃ្លា​បទគម្ពីរ​គន្លឹះ

« អ្នក​រាល់​គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយ​ពី​ការ​សាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​សិន » ។

សេចក្តីយោង​បទគម្ពីរ

អេធើរ ១២:២៧

ឃ្លា​បទគម្ពីរ​គន្លឹះ

« បើ​មនុស្ស​លោក​មក​រក​យើង … យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ចំពោះ​ពួក​គេ​វិញ » ។

សេចក្តីយោង​បទគម្ពីរ

មរ៉ូណៃ ៧:៤៥–៤៨

ឃ្លា​បទគម្ពីរ​គន្លឹះ

« ប៉ុន្តែ សេចក្ដី​សប្បុរស គឺជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ » ។

សេចក្តីយោង​បទគម្ពីរ

មរ៉ូណៃ ១០:៤–៥

ឃ្លា​បទគម្ពីរ​គន្លឹះ

« សូម​សួរ​ដល់​ព្រះ​ជា​ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ … [ និង ] ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្ដី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » ។

នៅ​លើ​សន្លឹក​ក្រដាស​ខុសៗគ្នា សូម​សរសេរ​យោបល់​ខាងក្រោម​សម្រាប់​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​ដែល​សិស្ស​ត្រូវ​ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​នៅក្នុង​មេរៀន​នេះ ។⁠ សូម​បង្កើត​កន្លែង​សិក្សា​សម្រាប់​សកម្មភាព ឬ​វគ្គ​បទគម្ពីរ​នីមួយៗ ។⁠ ការណ៍​នេះ​អាច​ធ្វើ​ឡើង​បាន​ដោយ​ការបិទ​ក្រដាស​ទៅ​លើ​ជញ្ជាំង ⁠ឬ​ក៏​ដាក់​វា​នៅតាម​ជ្រុង​ជញ្ជាំង​នៃ​ថ្នាក់​រៀន ។⁠ ⁠សិស្ស​ក៏​អាច​ធ្វើ​លំហាត់​ទាំងនេះ​ជាមួយ​ដៃគូ និង​បង្ហាញ​វគ្គ​នានា​ប្រាប់​គ្នា​បាន​ផងដែរ ។

  1. សូម​សរសេរ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​មួយចំនួន ដោយ​លុបចេញ​តែ​ពាក្យ​ពីរបីម៉ាត់ ⁠ឬ​លេខ​ពីរ​បី​តួ​ប៉ុណ្ណោះ ។⁠ សិស្ស​ត្រូវ​បំពេញ​នូវ​ពាក្យ ឬ​លេខ​ដែល​បានបាត់ ។

  2. សូម​សរសេរ​តួ​អក្សរ​ដំបូងៗ​សម្រាប់​ពាក្យ​នីមួយៗ​នៃ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។

  3. សូម​សរសេរ​ពាក្យ ⁠និង​លេខ​នៃ​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ព្រាវៗ ។⁠ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​ឲ្យ​បាន​ត្រឹមត្រូវ​នៅលើ​សន្លឹក​ក្រដាស​ដាច់​ដោយ​ឡែក​មួយ ⁠ឬ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  4. សិស្ស​អាច​ប្រើ​មុខងារ​កាត​បង្ហាញ​អក្សរ ⁠ឬ​រូប​ក្នុង​កម្មវិធី​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ ⁠សិស្ស​អាច​ជ្រើសរើស​វគ្គ​ទាំងស្រុង​ដើម្បី​ទន្ទេញ និង​ប្រើ​កម្មវិធី​នេះ​ដើម្បី​ជួយ​ពួកគេ​ផងដែរ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចូល​មើល​កន្លែង​សិក្សា​នីមួយៗ ហើយ​បំពេញ​សកម្មភាព​ទាំងអស់​សម្រាប់​វគ្គ​បទគម្ពីរ​ជាក់លាក់​មួយ ។ បន្ទាប់ពី​ការអនុវត្ត​ជាក់ស្ដែង​ក្នុង​វគ្គ​មួយ​ហើយ សិស្ស​អាច​ធ្វើ​ដំណើរការ​នេះ​ឡើងវិញ​សម្រាប់​វគ្គ​ផ្សេង​ទៀត​បាន ។ សូម​ធ្វើ​ដដែលៗ​ឲ្យ​បាន​ច្រើន​ដង​តាម​ដែល​អ្នក​ចង់ ។

បន្ទាប់ពី​សិស្ស​បាន​បញ្ចប់​ហើយ សូម​​អញ្ជើញ​អ្នកស្ម័គ្រចិត្ត​ពីរបី​នាក់​ឲ្យ​ថា​ឡើងវិញ​នូវ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ដែល​ពួកគេ​បាន​ទន្ទេញ​នោះ ។ ⁠ពួកគេ​ក៏​អាច​ចែកចាយ​បច្ចេកទេស​នៃ​ការទន្ទេញ​ដែល​បាន​ជួយ​ពួកគេ​បាន​ច្រើន​បំផុត​ផងដែរ ។⁠ សូម​អញ្ជើញ​សិស្ស​ឲ្យ​បន្ត​ទន្ទេញ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នេះ ។