ថ្នាក់​សិក្ខាសាលា
អាលម៉ា ៣០:៣០–៦០ ៖ « មាន​ព្រះ​បង្ក​បង្កើត​ដ៏​មហិមា​មួយ​អង្គ »


« អាលម៉ា ៣០:៣០–៦០ ៖ ‹ មាន​ព្រះ​បង្ក​បង្កើត​ដ៏​មហិមា​មួយ​អង្គ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៣០:៣០–៦០ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ៣០:៣០–៦០

« មាន​ព្រះ​បង្ក​បង្កើត​ដ៏​មហិមា​មួយ​អង្គ »

រូបភាព
មនុស្ស​ម្នាក់​កំពុង​សម្លឹងមើល​ផ្ទៃ​មេឃ​នៅពេល​យប់

អាលម៉ា​បាន​ថ្លែង​ទីបន្ទាល់​ថា « គ្រប់​ការណ៍​ទាំង​អស់​បង្ហាញ​ថា មាន​ព្រះ​មួយ​អង្គ​មែន » ( អាលម៉ា ៣០:៤៤ ) ។ ប៉ុន្តែ ហេតុអ្វី​បាន​ជា​មនុស្ស​គ្រប់គ្នា​មិន​ដឹង ⁠ឬ​សារភាព​ថា⁠​មាន​ភស្ដុតាង​បញ្ជាក់​ថា​មាន​ព្រះ​ពិត​មែន ? កូរីហូរ បាន​បដិសេធ​ថា​មាន​ព្រះ រហូត​ដល់​គាត់​បានធ្លាក់​ខ្លួន​គ​ដោយ​ព្រះចេស្តា​របស់​ព្រះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ភស្តុតាង​បញ្ជាក់​ថា⁠​ពិត​ជា​មាន​ព្រះ​មែន និង​ឲ្យ​ជ្រើសរើស​ដើម្បី​ជឿ​លើ​ទ្រង់ ។

ពិនិត្យមើល​វិចារណញាណ និង​ធ្វើ​ការវាយតម្លៃ ។ សូម​សួរ​សំណួរ​បំផុសគំនិត ដើម្បី​ឲ្យ​សិស្ស​អាច​ដឹង​នូវ​អ្វី​ដែល​ពួកគេ​ដឹង និង​ជឿ​រួច​ហើយ ។⁠ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​យាងអញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​មក​ជួយ​ពួកគេ​ស្វែងរក​អ្វី​ដែល​ពួកគេ​ត្រូវ​ដឹង ហើយ​ថ្លែង​ជា​សាក្សី​អំពី​សេចក្ដីពិត​ដែល​ពួកគេ​ស្វែងរក ។⁠

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន អាលម៉ា ៣០:៤០–៤១ម៉ូសេ ៦:៦៣ ។⁠ សូម​ឲ្យ​ពួកគេ​រក​មើល​ភស្តុតាង​ដែល​បញ្ជាក់​ថា​មាន​ព្រះ​នៅ​ជុំវិញ​ខ្លួន​ពួកគេ ហើយ​ប្រហែល​ជា​ត្រូវ​ថត​រូប​ដើម្បី​បង្ហាញ​ក្នុង​ថ្នាក់​ទាំងមូល ។⁠

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

វត្តមាន​របស់​ព្រះ

សូម​ពិចារណា​បង្ហាញ​រូបភាព​ជាច្រើន​ដែល​អ្នក​មាន​អារម្មណ៍​ថា⁠ វា​បង្ហាញ​ភស្តុតាង​បញ្ជាក់​អំពី​វត្តមាន​របស់​ព្រះ ។ សិស្ស​ក៏​អាច​រាយការណ៍​អំពី​ការរៀបចំ​ខ្លួន​របស់​ពួកគេ​សម្រាប់​ថ្នាក់​ផងដែរ ។ សូម​ពិភាក្សា​សំណួរ​ខ្លះៗ ឬ​សំណួរ​ទាំងអស់​នៅ​ខាងក្រោម​នេះ ។⁠

  • នៅ​សាលារៀន ឬ​សហគមន៍​របស់​អ្នក តើ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​មនុស្ស​ឃើញ​ភស្តុតាង​បញ្ជាក់​អំពី​វត្តមាន​របស់​ព្រះ​នៅក្នុង​ពិភពលោក​ជុំវិញ​ពួកគេ ( ឧទាហរណ៍ ខណៈកំពុង​មើល​ថ្ងៃលិច ឬ​ផ្កាយ ) នោះ ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា មនុស្ស​អាច​មើល​ឃើញ​អ្វី​ដូចគ្នា ប៉ុន្ដែ​ទាញ​ការសន្និដ្ឋាន​ខុស​គ្នា​អំពី​ព្រះ​ទៅវិញ ?⁠

  • តើ​មាន​អ្វីខ្លះ​ដែល​អាច​មាន​ឥទ្ធិពល​លើ​សមត្ថភាព​មនុស្ស​ម្នាក់​ក្នុង​ការស្គាល់​ការរួមចំណែក​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​ពួកគេ ?

សូម​គិតពិចារណា​អំពី​របៀប​ដែល​អ្នក​នឹង​ទទួល​បានពរ បើ​អ្នក​អាច​មើលឃើញ​ព្រះ និង​ការរួម​ចំណែក​របស់ទ្រង់​កាន់​តែ​ច្បាស់​នៅក្នុង​ជីវិត​របស់​អ្នក ។ នៅពេល​អ្នក​សិក្សា​ថ្ងៃ​នេះ សូម​ស្វះស្វែង​បង្កើន​សមត្ថភាព​អ្នក ដើម្បី​មើលឃើញ​ភស្តុតាង​បញ្ជាក់​ថា​មាន​ព្រះ​នៅក្នុង​អ្វី​ដែល​អ្នក​បានមើល​ឃើញ និង​ជួបប្រទះ ។

កូរីហូរ​ ចោទ​ប្រកាន់​ពួក​អ្នកដឹកនាំ​សាសនាចក្រ

កូរីហូរ ⁠ជា​អ្នក​ទទឹង​នឹង​ព្រះគ្រីស្ទ បាន​ទទួល​ជោគជ័យ​ជាច្រើន​ដោយ​ការផ្សព្វផ្សាយ​សារ​ភូត​កុហក​របស់​គាត់​នៅ​ដែនដី​សារ៉ាហិមឡា ( សូមមើល អាលម៉ា ៣០:១២, ១៧–១៨ ) ។⁠ គាត់​ក៏​ព្យាយាម​បង្រៀន​ប្រជាជន​នៅក្រុង យើសុន និង​គេឌាន​ផងដែរ ។ នៅទីនោះ ពួក​អ្នកជឿ​លើ​ព្រះ​បាន​ប្រឆាំង​នឹង​កូរីហូរ ហើយ​បាន​នាំ​គាត់​ទៅ​ជួប​មេ​ចៅក្រម និង​អាលម៉ា​ដែល​ជា​សង្ឃ​ជាន់ខ្ពស់ ។⁠

សូម​អាន អាលម៉ា ៣០:៣០–៣៦ ⁠ដោយ​ការរកមើល​ពី​របៀប​ដែល​អាលម៉ា បានឆ្លើយតប​ចំពោះ​ការវាយ​ប្រហារ​របស់​កូរីហូរ ទៅលើ​ព្រះ និង​សាសនាចក្រ ។ អ្នក​ក៏​អាច​មើល​វីដេអូ​នេះ​ផងដែរ « All Things Denote There Is a God » ចាប់ពី​នាទី​ទី ៣:២២ ដល់​នាទី​ទី ៥:១៦ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

អ្នក​អាច​នឹង​ចង់​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​និយមន័យ​នៃ​ពាក្យ​ខាងក្រោម​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ដើម្បី​ជួយ​ឲ្យ​ពួកគេ​យល់ និង​ចងចាំ​បាន​នូវ​អ្វី​ដែល​ពួកគេ​រៀន ។⁠

វា​អាច​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា ការប្រមាថ នៅក្នុង ខទី ៣០ មាន​ន័យ​ថា ការចំអក​ដល់​ព្រះ ឬ​និយាយ « ដោយ​មិន​គោរព ឬ​មិន​កោត​ខ្លាច​ដល់​ព្រះ ឬ​ដល់​របស់​នានា​ដែល​ពិសិដ្ឋ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « ប្រមាថ​ព្រះ, ការ​ប្រមាថ​ព្រះ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ ពាក្យ​ថា ការបំប៉នខ្លួន មាន​ន័យ​បញ្ឆិត​បញ្ឆៀង​ថា ការមាន​ទ្រព្យសម្បត្តិ ។

  • តើ​កូរីហូរ បាន​ចោទប្រកាន់​​អ្នកដឹកនាំ​សាសនាចក្រ​ថា​បាន​ធ្វើ​អ្វី​ខ្លះ ? ( សូមមើល អាលម៉ា ៣០:៣១ ) ។

ទីបន្ទាល់​អំពី​ព្រះ​របស់​អាលម៉ា

នៅពេល​អាលម៉ា បាន​សួរ​កូរីហូរ​ ថា​តើ​គាត់​ជឿលើ​ព្រះ​ដែរ​ឬ​ទេ នោះ⁠ កូរីហូរ បាននិយាយ​ថា⁠ គាត់​មិន​បាន​ជឿ​ទេ ( សូមមើល អាលម៉ា ៣០:៣៧–៣៨ ) ។

សូម​អាន អាលម៉ា ៣០:៣៩–៤៤⁠ ដោយ​ការរកមើល​ពី​របៀប​ដែល អាលម៉ា បាន​ឆ្លើយតប​ទៅ​កូរីហូរ ។ អ្នក​ក៏​អាច​មើល​វីដេអូ​នេះ​ផងដែរ « All Things Denote There Is a God » ចាប់ពី​នាទី​ទី ៥:២៣ ដល់​នាទី​ទី ៧:១៣ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  • តើ​ការឆ្លើយតប​របស់​អាលម៉ា មាន​អ្វី​ដែល​អ្នក​ចាប់​អារម្មណ៍ ?

  • តើ​សេចក្ដីពិត​អ្វីខ្លះអំពី​ព្រះ​ដែល​អ្នក​អាច​រកឃើញ​នៅក្នុង អាលម៉ា ៣០:៤១, ៤៤ ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​សេចក្ដីយោង​ដល់​ខគម្ពីរ​ទាំងនេះ​ជាមួយ ម៉ូសេ⁠ ៦:៦៣ ។⁠ សូម​អនុញ្ញាត​ឲ្យ​សិស្ស​ចែកចាយ​ពី​សេចក្តីពិត​ណាមួយ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ ពួកគេ​អាច​កំណត់​បាន​នូវ​សេចក្ដីពិត​ដូចជា​ឧទាហរណ៍​ខាងក្រោម​នេះ ។⁠

សេចក្ដីពិត​មួយ​ដែល​យើង​អាច​នឹង​ស្វែងយល់​នោះ​គឺថា គ្រប់ការណ៍​ទាំងអស់​ធ្វើ​ទីបន្ទាល់​អំពី​ព្រះ ។⁠

សកម្មភាព​ខាងក្រោម⁠​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​ភស្តុតាង​បញ្ជាក់​អំពី​ព្រះ​នៅក្នុង​ជីវិត​ពួកគេ​បាន ។⁠ សូម​រកមើល​របៀប​ឲ្យ​សិស្ស​គ្រប់ៗ​គ្នា​បាន​ចូល​រួម​ចំណែក​នៅក្នុង​ថ្នាក់ ។ សូម​ពិចារណា​បង្កើត​បញ្ជី​ចម្លើយ​របស់​សិស្ស​សម្រាប់​ជំហានទី ១ និងទី ២ នៅលើ​ក្ដារខៀន ។⁠ សិស្ស​ក៏​អាច​សរសេរ​អ្វីមួយ​សម្រាប់​ជំហានទី ៣ និងទី ៤ ទៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ពួកគេ ហើយ​បន្ទាប់មក​ស្ម័គ្រចិត្ត​ឡើង​ចែកចាយ​ផងដែរ ។ សិស្ស​ខ្លះ​ប្រហែលជា​មិន​អាច​ដឹង​ពី​បទពិសោធន៍​ដែល​ពួកគេ​មាន​កន្លងមក​ទេ⁠ បើ​ពួកគេ​មិន​ស្ដាប់ឭ​អ្នកផ្សេង​ចែកចាយ​ទេ​នោះ ។

  1. សូម​ធ្វើ​បញ្ជី​នៃ​អ្វី​ដែល​អាលម៉ា បាន​និយាយ ដែល​ផ្តល់​នូវ​ភស្តុតាង​បញ្ជាក់​អំពី​ការមាន​ព្រះ​ពិតមែន ។

  2. សូម​បន្ថែម​ភស្តុតាង​បញ្ជាក់​ណាមួយ​ដែល​អ្នក​អាច​គិតឃើញ ។⁠

  3. សូម​រកមើល​ចំណុច​នៅក្នុង​បញ្ជី​អ្នក​ដែល​បាន​ជួយ​អ្នក​ឲ្យ​ឃើញ​ភស្តុតាង​បញ្ជាក់​អំពី​ព្រះ​ដោយផ្ទាល់ ។⁠ អ្នក​ប្រហែលជា​អាច​សរសេរ​សេចក្ដី​លម្អិត​មួយចំនួន​អំពី​បទពិសោធន៍​អ្នក ។⁠

  4. អ្នក​ក៏​អាច​ជ្រើសរើស​ចំណុច​មួយ ឬ​ច្រើន​នៅលើ​បញ្ជី​របស់​អ្នក ហើយ​ចែកចាយ​ពី​របៀប​ដែល​ការណ៍​ទាំងនេះ​អាច​ជួយ​អ្នក​ឲ្យ​បង្កើន​សមត្ថភាព​របស់​អ្នក​ដើម្បី​មើលឃើញ​ភស្តុតាង​អំពី​ព្រះ​ផងដែរ ។

សេចក្តីថ្លែងការណ៍​ខាងក្រោម​អាច​ជួយ​សិស្ស​ដែល​ប្រហែលជា​ពិបាក​នឹង​ស្គាល់​បទពិសោធន៍​ជាមួយ​ព្រះ​បាន ។ សូម​ពិចារណា​ចែកចាយ​វា ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សូម​ជួយ​សិស្ស​កុំ​ឲ្យ​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើតាម​ការអញ្ជើញ​របស់​ប្រធាន ណិលសុន ។

ប្រធាន រ័សុល អិម ណិលសុន បាន​ផ្ដល់​ដំបូន្មាន​ដូច​ខាងក្រោម​អំពីការ​ដឹង​ថា មាន​ព្រះពិតមែន ។

សូម​យល់​ថា កាលណា​អវត្តមាន​ពីបទពិសោធន៍​ទាំងឡាយ​ជាមួយ​ព្រះ នោះមនុស្ស​អាច​នឹង​សង្ស័យ​អំពី​វត្តមាន​របស់ព្រះ ។ ដូច្នេះ សូម​ដាក់​ខ្លួន​អ្នក​ទៅក្នុង​កន្លែង​មួយ​ដើម្បី​ចាប់​ផ្ដើម​មានបទពិសោធន៍​ទាំង​ឡាយ​ជាមួយ​ទ្រង់ ។ បន្ទាបខ្លួន ។ អធិស្ឋាន​ដោយ​កែវភ្នែក​ចង់​មើល​ឃើញ​ព្រះហស្ត​របស់ព្រះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន ហើយនឹង​ពិភពលោក​ជុំវិញ​បងប្អូន ។ ទូលសូម​ទ្រង់​ឲ្យ​ប្រាប់​បងប្អូន បើទ្រង់​ពិត​ជា​គង់​នៅ—​បើ​ទ្រង់​ពិតជា​ស្គាល់​បងប្អូន ។ ទូលសួរ​ទ្រង់​ថា​ទ្រង់​មានព្រះទ័យ​យ៉ាងណា​ចំពោះ​បងប្អូន ។ បន្ទាប់​មក ស្តាប់ » ។ ( រ័សុល អិម ណិលសុន « Come, Follow Me » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩០ )

ជំនួស​ឲ្យ​ការអនុវត្ត​សេចក្តី​ជំនឿ​ដើម្បី​មាន​បទពិសោធន៍​ជាមួយ​ព្រះ កូរីហូរ បាន​ចង់​ឲ្យ​អាលម៉ា បញ្ចុះបញ្ចូល​គាត់​ពី​ព្រះចេស្ដា​របស់​ព្រះ ហើយ​បាន​ជំទាស់​ម្តងហើយ​ម្តងទៀត​ដើម្បី​ឲ្យ​អាលម៉ា បង្ហាញ​ទីសម្គាល់​មួយ​ដល់​គាត់ ( សូមមើល អាលម៉ា ៣០:៤៣, ៤៥, ៤៨ ) ។

  • តើ​អ្នក​គិត​ថា វា​នឹង​ខុស​គ្នា​យ៉ាងណា​ចំពោះ​នរណា​ម្នាក់​ដែល​ធ្វើ​តាម​ការអញ្ជើញ​របស់​ប្រធាន ណិលសុន និង​នរណា​ម្នាក់​ដែល​ទាមទារ​ឲ្យ​មាន​ទីសម្គាល់​មួយ ?

សូមអាន អាលម៉ា ៣០:៤៨–៥៣, ៥៩–៦០⁠ ដោយ​ការ​រកមើល​ពី​របៀប​ដែល កូរីហូរ បាន​ជឿជាក់​លើ​ព្រះចេស្ដា​នៃ​ព្រះ ។ អ្នក​ក៏​អាច​មើល​វីដេអូ​នេះ​ទាំងស្រុង​ដល់​ចប់​ផងដែរ « All Things Denote There Is a God » ចាប់ពី​នាទី​ទី ៧:១៣ ដល់​នាទី​ទី ១១:១៦ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​បទពិសោធន៍​របស់ កូរីហូរ ?

សូម​កត់ចំណាំ​នូវ​មេរៀន​ទាំងឡាយ​ណា​ដែល​ព្រះគម្ពីរ​មរមន​បានចង្អុល​បង្ហាញ​ជាមួយ​នឹង​ឃ្លា​ថា « ម្ល៉ោះ​ហើយ យើង​ឃើញ » នៅក្នុង ខទី ៦០ ។⁠ សូម​គិត​ដល់​របៀប​ដែល​អារក្ស​នៅតែ​បញ្ឆោត​មនុស្ស​សព្វថ្ងៃ​នេះ ហើយ​ព្យាយាម​បញ្ចុះបញ្ចូល​ពួកគេ​ឲ្យ​ជឿ⁠ ហើយ​បដិសេធ​អ្វី​ដែល​ពួកគេ​ដឹង​ថា​ជា​ការពិត ។

សូម​ថ្លែង​ទីបន្ទាល់​អំពី​ការមាន​ព្រះពិត​មែន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ព្យាយាម​មើលឃើញ​ព្រះ​នៅក្នុង​ពិភពលោក​ជុំវិញ​ខ្លួន​ពួកគេ ។