ថ្នាក់​សិក្ខាសាលា
អាលម៉ា ១៩ ៖ « ព្រះ​ពាហុ​របស់​ទ្រង់ បាន​ហុច​ទៅ​ឲ្យ​មនុស្ស​ទាំង​អស់ ដែល​នឹង​ប្រែ​ចិត្ត ហើយ​ជឿ »


« អាលម៉ា ១៩ ៖ ‹ ព្រះ​ពាហុ​របស់​ទ្រង់ បាន​ហុច​ទៅ​ឲ្យ​មនុស្ស​ទាំង​អស់ ដែល​នឹង​ប្រែ​ចិត្ត ហើយ​ជឿ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ១៩ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ១៩

« ព្រះ​ពាហុ​របស់​ទ្រង់ បាន​ហុច​ទៅ​ឲ្យ​មនុស្ស​ទាំង​អស់ ដែល​នឹង​ប្រែ​ចិត្ត ហើយ​ជឿ »

រូបភាព
យុវជន​ម្នាក់​ចែកចាយ​ដំណឹងល្អ​ជាមួយ​មិត្តភក្តិ

នៅពេល​អ្នក​គិត​អំពី​ការចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នក​ដទៃ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា មាន​មនុស្ស​មួយ​ចំនួន​ដែល​ទំនង​ជា​មិន​ធ្លាប់​ទទួល​យក​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​ដែរ​ឬ​ទេ ? តើ​អ្នក​គិត​ថា ព្រះវរបិតាសួគ៌​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​មនុស្ស​ទាំងនេះ ? ចេញ​ពី​បទពិសោធន៍​ផ្សព្វផ្សាយ​សាសនា​របស់​អាំម៉ូន​ជាមួយ​នឹង​ពួកសាសន៍​លេមិន យើង​ឃើញ​ថា ព្រះអម្ចាស់​កំពុង​រៀបចំ​ដួងចិត្ត​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ​ដើម្បី​ទទួល​ដំណឹងល្អ​របស់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​យល់​ថា ព្រះអម្ចាស់​ស្រឡាញ់​មនុស្ស​ទាំងអស់ ហើយ​មាន​ព្រះទ័យ​ឲ្យ​ពួកគេ​មក​រក​ទ្រង់ ។

ការគោរព​ជំនឿ និង​យោបល់​របស់​អ្នក​ដទៃ ។ សូម​ព្យាយាម​បង្កើត​បរិយាកាស​មួយ​ដែល​មនុស្ស​គោរព​ជំនឿ និង​គំនិត​របស់​អ្នក​ដទៃ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ស្តាប់ ហើយ​ព្យាយាម​យល់​ពី​មូលហេតុ​ដែល​អ្នក​ដទៃ​អាច​ជឿ​ខុស​ពី​ពួកគេ ។ សូម​ជួយ​សិស្ស​ឲ្យ​រៀន​ទទួល​ស្គាល់​ជំនឿ​របស់​អ្នក​ដទៃ និង​អនុវត្ត​ការចែកចាយ​ជំនឿ​របស់ពួកគេ​ដោយ​ចិត្ត​សប្បុរស និង​ការ​ពិចារណា ។ ការអនុវត្ត​នេះ​អាច​រៀបចំ​ពួកគេ​ឲ្យ​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ​ដោយ​ការគោរព ។

ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា អាលម៉ា ១៩ ហើយ​រកមើល​ឥទ្ធិពល​ដែល​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​មាន​លើ​ពួកសាសន៍​លេមិន ដែល​អាំម៉ូន​បាន​បង្រៀន ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

ស្ទង់​មតិ​ខ្លួន​ឯង

សូម​បង្ហាញ​ការស្ទង់មតិ​ខាង​ក្រោម ហើយ​ផ្តល់​ឲ្យ​សិស្ស​នូវ​ពេលវេលា​ដើម្បី​ឆ្លើយ​ដោយ​ការគិត​គូរ និង​ពិត​ប្រាកដ ។ បើ​មិនមែន​ជា​រឿង​ផ្ទាល់​ខ្លួន​ពេក​ទេ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។

វាយ​តម្លៃ​ខ្លួន​អ្នក​នៅលើ​រង្វាស់​ពី ១–៥ លើ​របៀប​ដែល​អ្នក​គិត​ថា អ្នក​ទំនង​ជា​នឹង​អញ្ជើញ​មនុស្ស​ដូច​ត​ទៅ​នេះ​ឲ្យ​រៀន​បន្ថែម​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ខ្លាំង​ប៉ុន​ណា ។

  1. បុគ្គល​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​សាសនាចក្រ

  2. មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​ម្នាក់ ដែល​ជា​ទូទៅ​ធ្វើតាម​បទដ្ឋាន​នៃ​ដំណឹងល្អ​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​ក្លាយ​ជា​សមាជិក​នៅ​ឡើយ

  3. មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​ម្នាក់ ដែល​មិន​ធ្វើ​តាម​បទដ្ឋាន​នៃ​ដំណឹងល្អ

  4. បុគ្កល​ម្នាក់​ដែល​អ្នក​ស្គាល់ បាន​បដិសេធ​ការអញ្ជើញ​ពីមុន​របស់​អ្នក​ផ្សេង​ទៀត ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ដំណឹង​ល្អ

សូម​ពិចារណា​ពី​មូលហេតុ​ដែល​អ្នក​ឆ្លើយ​តាម​របៀប​ដែល​អ្នក​បាន​ធ្វើ ។

  • តើ​គំនិត​ផ្ទាល់​ខ្លួន​របស់​យើង​អំពី​អ្នក​ដទៃ​អាច​ប៉ះពាល់​ដល់​ការខិតខំ​របស់​យើង​ដើម្បី​ចែកចាយ​ដំណឹង​ល្អ​យ៉ាង​ដូចម្ដេច ?

នៅពេល​ពួកបុត្រា​របស់​ម៉ូសាយ​ចាប់ផ្ដើម​បេសកកម្ម​របស់​ពួកទ្រង់​ទៅកាន់​សាសន៍​លេមិន មនុស្ស​ជាច្រើន​បាន​សើច​ចំអក​នឹង​ពួកទ្រង់ ហើយ​សង្ស័យ​ថា តើ​ពួកទ្រង់​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ចំណោម​មនុស្ស​ទុច្ចរិត​បែប​នេះ​ដែរ​ឬ​ទេ ( សូមមើល អាលម៉ា ២៦:២៣–២៥ ) ។ ទោះ​យ៉ាង​ណា​ក៏​ដោយ អាំម៉ូន និង​បងប្អូន​របស់​ទ្រង់​ពិតជា​បាន​ទទួល​បទពិសោធន៍​ជោគជ័យ​មែន ។ អ្នក​អាច​ចាំ​ថា បន្ទាប់ពី​អាំម៉ូន​បាន​បង្រៀន​ដំណឹងល្អ​ដល់​ស្ដេច​ឡាម៉ូណៃ ស្ដេច​បាន​ជឿ​ពាក្យ​របស់​អាំម៉ូន បាន​អធិស្ឋាន​សូម​សេចក្ដី​មេត្ដា​ករុណា ហើយ​បាន​ដួល​ទៅ​លើ​ដី ខណៈ​ដែល​ព្រះវិញ្ញាណ​បាន​គ្រប​ដណ្តប់​លើ​ទ្រង់ ( សូមមើល អាលម៉ា ១៨:៤០–៤៣ ) ។

រូបភាព
ឡាម៉ូណៃ​អធិស្ឋាន

ថ្ងៃ​នេះ អ្នក​នឹង​រៀន​អំពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​គ្រួសារ​របស់​ឡាម៉ូណៃ បន្ទាប់ពី​អាំម៉ូន​បាន​បង្រៀន​ស្តេច ។ នៅពេល​អ្នក​សិក្សា សូម​ស្វែងរក​សេចក្ដីពិត​ដែល​អាច​ជួយ​អ្នក​យល់​កាន់តែ​ច្បាស់ ពី​របៀប​ដែល​ព្រះវរបិតា​សួគ៌​ទត​មើល​បុត្រាបុត្រី​របស់​ទ្រង់ រួមទាំង​អ្នក​ដែល​ហាក់​ដូច​ជា​មិន​អាច​ទទួល​យក​ដំណឹង​ល្អ​បាន​ដែរ ។

អាំម៉ូន​បាន​បន្ត​បង្រៀន​គ្រួសារ​របស់​ឡាម៉ូណៃ

គោលបំណង​មេរៀន​ផ្នែក​នេះ​គឺ​ដើម្បី​ជួយ​សិស្ស​សិក្សា​ព្រឹត្តិការណ៍​ដែល​បាន​កត់ត្រា​នៅក្នុង អាលម៉ា ១៩ និង​រក​ឲ្យ​ឃើញ​គោលការណ៍​ដែល​បាន​បង្រៀន​នៅក្នុង ខទី ៣៦ ។ អ្នក​អាច​ពិចារណា​ប្រើ​វិធី​សាស្ត្រ​ផ្សេងៗ​ពី​វិធី​ដែល​បាន​រាយ​ក្នុង​ផ្នែក​នេះ ដើម្បី​ជួយ​សិស្ស​សិក្សា​ជំពូក​នេះ​មុន​នឹង​រក​ឲ្យ​ឃើញ​គោលការណ៍​នេះ ។

ឧទាហរណ៍ ៖ អ្នក​អាច​បង្ហាញ​ជំពូក​នេះ​ជា​ការអាន​ឮៗ ដែល​អ្នក​ជ្រើសរើស​សិស្ស​ប្រាំ​មួយ​នាក់ ហើយ​ផ្តល់​ផ្នែក​មួយ​ដល់​សិស្ស​នីមួយៗ ។ សិស្ស​ម្នាក់​អាច​ធ្វើ​ជា​អ្នក​ពោល ( ដែល​នឹង​អាន ខទី ១, ៦–៧, ១១–១២, ១៥, ៣៣–៣៦ ) ហើយ​ប្រាំ​នាក់​ទៀត​អាច​អាន​ពាក្យ ឬ​អំពី​ព្រះ​អគ្គមហេសី ( ខទី ២, ៤–៥, ៩, ២៩–៣០ ), អាំម៉ូន ( ខទី ៣, ៦–៨, ១០, ១៤, ២២–២៣ ) ស្ដេច​ឡាម៉ូណៃ ( ខទី ១២–១៣, ៣១ ), អ័ប៊ីស ( ខទី ១៦–១៧, ២៨ ) និង​សាសន៍​លេមិន​ផ្សេង​ទៀត ( ខទី ១៨–២១, ២៤–២៧, ៣២ ) ។ វា​អាច​នឹង​មាន​ប្រយោជន៍​ធ្វើ​កិច្ចការ​ទាំង​នេះ​មុនពេល​ចាប់ផ្តើម​ថ្នាក់ ដើម្បីសិស្ស​អាច​សម្គាល់​ខគម្ពីរ​ដែល​ពួកគេ​នឹង​អាន ។

វិធីសាស្រ្ត​មួយ​ផ្សេង​ទៀត​អាច​ជា​ការចាក់​វីដេអូ « Ammon Serves and Teaches King Lamoni » ចាប់​ពី​នាទី​ទី ១៥:១៨ ដល់​នាទី​ទី ២៣:០៤ ។ វីដេអូ​នេះ​មាន​នៅ ChurchofJesusChrist.org ពិពណ៌នា​អំពី​ព្រឹត្តិការណ៍​ដែល​បាន​កត់ត្រា​នៅក្នុង ១៩:១–៣៦​ ។ សិស្ស​អាច​ផ្ទៀង​តាម​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ពេល​ពួកគេ​មើល​វីដេអូ ។

នៅពេល​ព្រះអគ្គមហេសី​នៃ​សាសន៍​លេមិន​បាន​ដឹង​ពី​ការចូល​ទិវង្គត​របស់​ស្វាមី​ព្រះ​នាង នោះ​ព្រះនាង​បាន​ចាត់គេ​ឲ្យ​ទៅ​អាំម៉ូន ដើម្បី​ព្រះនាង​អាច​ថ្លែង​ទៅកាន់​អាំម៉ូន ( សូមមើល អាលម៉ា ១៩:១–៣ ) ។

សូម​អាន អាលម៉ា ១៩:៤–១៧ ដោយ​រកមើល​អ្វី​ដែល​ព្រះអគ្គមហេសី និង​អ្នកដទៃ​បាន​ជួប​ប្រទះ បន្ទាប់ពី​បាន​និយាយ​ជាមួយ​អាំម៉ូន ។ អ្នក​ក៏​ប្រហែល​ជា​ចង់​មើល « Ammon Serves and Teaches King Lamoni » ចាប់​ពី​នាទី​ទី ១៥:១៨ ដល់​នាទី​ទី ២០:០៦ ។ វីដេអូ​នេះ​មាន​នៅ ChurchofJesusChrist.org ។

  • តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ព្រះ​អគ្គមហេសី​មក​ពី​ខគម្ពីរ​ទាំង​នេះ ?

  • តើ​ឡាម៉ូណៃ​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ​អំឡុង​ពេល​បី​ថ្ងៃ​មុន ?

  • ហេតុអ្វី​អ្នក​គិត​ថា ចំណេះ​ដឹង​នេះ​បាន​នាំ​ឲ្យឡា​ម៉ូណៃ​មាន​អំណរ​យ៉ាង​នេះ ?

បន្ទាប់ពី​បាន​ប្រមូល​អ្នក​ឯទៀត​ឲ្យ​ចូល​ដំណាក់​ស្តេច អ័ប៊ីស​ជា​អ្នក​បម្រើ​របស់​ព្រះ​អគ្គមហេសី មាន​ការភ្ញាក់ផ្អើល និង​សោកសៅ​នៅពេល​ដែល​ប្រជាជន​ចាប់ផ្តើម​ឈ្លោះ​ប្រកែក​គ្នា​អំពី​មូលហេតុ​ដែល​ស្តេច និង​អ្នក​ផ្សេងទៀត​ដេក​នៅលើ​ដី​ដូចជា​ស្លាប់ ( សូម​មើល អាលម៉ា ១៩:១៨–២៨ ) ។

សូម​អាន អាលម៉ា ១៩:២៩–៣៦ ដោយ​រកមើល​អ្វី​ដែល​អ័ប៊ីស​បាន​ធ្វើ​នៅក្នុង​គ្រា​ឈ្លោះ​ទាស់ទែង​គ្នា​នេះ និង​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ចំណោម​ពួកសាសន៍​លេមិន​នៅពេល​ក្រោយ ។ អ្នក​ក៏​ប្រហែល​ជា​ចង់​មើល « Ammon Serves and Teaches King Lamoni » ចាប់​ពី​នាទី​ទី ២០:០៧ ដល់​នាទី​ទី ២៣:០៤ ។ វីដេអូ​នេះ​មាន​នៅ ChurchofJesusChrist.org ។

  • តើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​ជះ​ឥទ្ធិពល​អ្វី​ខ្លះ​ដល់​ប្រជាជន​លេមិន​ជាច្រើន​នាក់​ដែល​បាន​ជ្រើសរើស​ជឿ ?

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់​ដែល​មរមន​បាន​បង្រៀន​ក្នុង ខទី ៣៦ បន្ទាប់​ពី​ចែកចាយ​ដំណើរ​រឿង​នេះ ?

ព្រះរាជ​បំណង​របស់​ព្រះអម្ចាស់​សម្រាប់​មនុស្ស​ទាំងអស់​ដើម្បី​មក​រក​ទ្រង់

ចេញ​ពី​ពាក្យ​សម្តី​របស់​មរមន​នៅក្នុង ខទី ៣៦ យើង​រៀន​ថា ព្រះ​ពាហុ​របស់​ព្រះអម្ចាស់​បាន​ហុច​ដល់​មនុស្ស​ទាំងអស់​ដែល​នឹង​ប្រែចិត្ត ហើយ​ជឿ​លើ​ព្រះនាម​របស់​ទ្រង់ ។ សូម​ពិចារណា​គូស​ចំណាំ​សេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

ក្នុង​បរិបទ​នេះ ព្រះ​ពាហុ​របស់​ព្រះអម្ចាស់​ដែល​បាន​ហុច រួមបញ្ចូល​ទាំង​សេចក្ដី​មេត្តា​ករុណា និង​ព្រះទ័យ​របស់​ទ្រង់​ក្នុង​ការអត់ទោស ។

  • តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​បាន​ជួយ​អ្នក​ឲ្យ​ឃើញ​ពី​ភាពពិត​នៃ​គោលការណ៍​នេះ​នៅក្នុង​ជីវិត​របស់​អ្នក ឬ​នៅក្នុង​ជីវិត​របស់​អ្នក​ដទៃ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​ដែល​មិន​ផ្ទាល់​ខ្លួន​ពេក ។ អ្នក​ក៏​អាច​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​មួយ​ដែរ ។

វា​ក៏​អាច​មាន​ប្រយោជន៍​ផងដែរ ក្នុង​ការចំណាយ​ពេល​ស្វែងរក​ឧទាហរណ៍​ពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ដែល​ទ្រង់​បាន​បង្ហាញ​ពី​ព្រះទ័យ​របស់​ទ្រង់ ក្នុង​ការឈោង​ទៅរក​មនុស្ស​ពី​គ្រប់​ស្រទាប់​វណ្ណៈ ដើម្បី​ជួយ​ពួកគេ​មក​រក​ទ្រង់ ។ ក្នុង​ចំណោម​ឧទាហរណ៍​ផ្សេង​ទៀត​ជា​ច្រើន មាន​ឧទាហរណ៍​ខ្លះ​នៃ​វគ្គ​បទគម្ពីរ​ដែល​អ្នក​អាច​ណែនាំ​សិស្ស​ឲ្យ​បញ្ចូល​បាន ម៉ាថាយ ៩:១០–១៣; ម៉ាកុស ៥:២៥–៣៤; លូកា ៥:១៨–២៥; និង យ៉ូហាន ៨:២–១១ ។ អ្នក​ក៏​អាច​សុំ​សិស្ស​ឲ្យ​សិក្សា​ផងដែរ​នូវ នីហ្វៃ​ទី២ ២៦:៣៣ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ភ្ជាប់​ខគម្ពីរ​នេះ​ជាមួយ អាលម៉ា ១៩:៣៦ នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

ជួនកាល យើង​អាច​សម្រេច​ចិត្ត​ដោយ​មិន​ត្រឹមត្រូវ​ថា បុគ្គល​ម្នាក់​នឹង​មិន​ចាប់​អារម្មណ៍​នឹង​ដំណឹងល្អ​ដោយសារ​តែ​រូបរាង​របស់​មនុស្ស​នោះ ឬ​អ្វី​ដែល​គាត់​បាន​ធ្វើ​កាល​ពី​អតីត​កាល ។ សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​ស្រមៃ​មើល​ថា​នរណា​ម្នាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​នេះ ។ នេះ​អាច​ជា​បុគ្គល​ជាក់លាក់​ម្នាក់​ដែល​អ្នក​ស្គាល់ ឬ​អ្នក​គ្រាន់តែ​អាច​គិត​អំពី​មនុស្ស​ដែល​សម​នឹង​ការពិពណ៌នា​នេះ​ជា​ទូទៅ ។

អ្នក​អាច​សុំ​ឲ្យ​សិស្ស​គូរ​រូប​មនុស្ស​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​ពួកគេ ដែល​តំណាង​ឲ្យ​មនុស្ស​ដែល​បាន​ពិពណ៌នា​នៅក្នុង​កថាខណ្ឌ​មុន ។ ពួកគេ​អាច​កត់ត្រា​ចម្លើយ​របស់​ពួកគេ​ទៅ​នឹង​សំណួរ​ខាង​ក្រោម​ពី​ក្រោម​រូប​មនុស្ស​ដែល​ពួកគេ​បាន​គូរ ។ បន្ទាប់​មក​ពិភាក្សា​អំពី​អ្វី​ដែល​សិស្ស​បាន​សរសេរ ។

  • តើ​ព្រះ​មាន​ព្រះទ័យ​យ៉ាង​ណា​ចំពោះ​បុគ្គល​នេះ ?

  • តើ​ការយល់​ដឹង​អំពី​ព្រះទ័យ​របស់​ព្រះ​ចំពោះ​បុគ្គល​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា ចំពោះ​អារម្មណ៍​របស់​អ្នក​លើ​ពួកគេ ?

សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តីពិត​ដែល​អ្នក​បាន​ពិភាក្សា​នៅ​ថ្ងៃ​នេះ ហើយ​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ព្យាយាម​មើល​អ្នក​ដទៃ​ឲ្យ​កាន់តែ​ដូច​ព្រះ​ទត​មើល​ពួកគេ ។