ថ្នាក់​សិក្ខាសាលា
នីហ្វៃ​ទី​២ ២៦ ៖ ការមើល​ឃើញ ការស្រឡាញ់ និង​ការប្រព្រឹត្តិ​ចំពោះ​អ្នក​ដទៃ​ដូច​ព្រះ


« នីហ្វៃទី​២ ២៦ ៖ ការមើល​ឃើញ ការស្រឡាញ់ និង​ការប្រព្រឹត្តិ​ចំពោះ​អ្នក​ដទៃ​ដូច​ព្រះ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី២ ២៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី២ ២៦

ការមើល​ឃើញ ការស្រឡាញ់ និង​ការប្រព្រឹត្តិ​ចំពោះ​អ្នក​ដទៃ​ដូច​ព្រះ

រូបភាព
មនុស្ស​ហ៊ុំព័ទ្ធ​ព្រះយេស៊ូវ​គ្រីស្ទ

ជា​រៀងរាល់​ថ្ងៃ យើង​ប្រឈម​មុខ​នឹង​សារ និង​ព័ត៌មាន​ដែល​ជះ​ឥទ្ធិពល​លើ​អារម្មណ៍ និង​ទស្សនវិស័យ​របស់​យើង ។ នៅក្នុង នីហ្វៃទី២ ២៦ នីហ្វៃ​បាន​បង្រៀន​ពី​ទស្សនវិស័យ​របស់​ព្រះ ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​មើល​ឃើញ ស្រឡាញ់ និង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដូច​ព្រះ ។

ការជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​ថា ការរួម​ចំណែក​របស់​ពួកគេ​មាន​តម្លៃ ។ សូម​បង្ហាញ​សិស្ស​ថា អ្នក​ឲ្យ​តម្លៃ​ចំពោះ​សំណួរ និង​មតិ​យោបល់​របស់​ពួកគេ​តាមរយៈ​ការស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ខិតខំ​ប្រឹងប្រែង​ដោយ​ស្មោះ​ដើម្បី​យល់ ។ សូម​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​ដោយ​ផ្តោត​លើ​អ្វី​ដែល​សិស្ស​និយាយ មិនមែន​លើ​អ្វី​ដែល​អ្នក​នឹង​និយាយ​បន្ទាប់​នោះ​ទេ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សួរ​ឪពុក​ម្ដាយ ឬ​មិត្តភក្ដិ​របស់​ពួកគេ​ដែល​ទុកចិត្ត​ពី​របៀប​ដែល​ពួកគេ​ព្យាយាម​មើល​ឃើញ​អ្នក​ដទៃ​ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​ទត​មើល​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ទស្សនវិស័យ​របស់​យើង

ជាជាង​ការបង្ហាញ​រូបភាព​ខាង​ក្រោម អ្នក​អាច​យក​វ៉ែនតា​ប្រភេទ​ផ្សេងៗ​ឲ្យ​សិស្ស​សាកល្បង ហើយ​បន្ទាប់​មក​ពិភាក្សា​អំពី​របៀប​ដែល​វ៉ែនតា​នីមួយៗ​ផ្លាស់ប្តូរ​គំហើញ និង​ទស្សនវិស័យ​របស់​ពួកគេ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ពួកគេ​អំពី​ការពាក់​វ៉ែនតា​ខុស​គ្នា ឬ​កញ្ចក់​កែតម្រូវ និង​ភាព​ខុស​គ្នា​របស់​វា ។

សូម​ពិនិត្យ​មើល​រូបភាព​ខាង​ក្រោម ហើយ​គិត​អំពី​របៀប​ដែល​វ៉ែនតា​ផ្សេង​គ្នា​ប៉ះពាល់​ដល់​គំហើញ​របស់​យើង ។

រូបភាព
ក្មេង​ស្រី​ពាក់​វ៉ែនតា 3D
រូបភាព
យុវនារី​ពាក់​វ៉ែនតា​ការពារ​កម្តៅ​ថ្ងៃ
រូបភាព
យុវជន​ពាក់​វ៉ែនតា​ការពារ​ភ្នែក
រូបភាព
ស្ត្រី​វ័យ​ក្មេង​ពាក់​វ៉ែនតា VR
  • តើ​វ៉ែនតា​ខុស​គ្នា​ទាំង​នេះ​អាច​ជះ​ឥទ្ធិពល​ដល់​គំហើញ​របស់​បុគ្គល​ម្នាក់​ដោយ​របៀប​ណា ?

  • តើ​មាន​អ្វី​ខ្លះ​ដែល​ជះ​ឥទ្ធិពល​ដល់​របៀប​ដែល​យើង​មើល​ឃើញ និង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ?

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​សញ្ជឹង​គិត​ពី​ការយល់​ឃើញ​របស់​អ្នក​ចំពោះ​អ្នក​ដទៃ ។ សូម​គិត​អំពី​អ្វី​ដែល​អាច​កំណត់​ទស្សនវិស័យ​របស់​អ្នក និង​របៀប​ដែល​វា​អាច​ជះ​ឥទ្ធិពល​លើ​អារម្មណ៍​របស់​អ្នក និង​ការប្រព្រឹត្តិ​ចំពោះ​អ្នក​ដទៃ ។ នៅពេល​អ្នក​សិក្សា សូម​ស្វែងរក​ការបំផុស​គំនិត​ដើម្បី​ដឹង​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​មើល​ឃើញ និង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដូច​ព្រះអង្គ​សង្គ្រោះ ។

គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​មើល​ឃើញ ស្រឡាញ់ និង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដូច​ព្រះ ។

បុគ្គលិក​លក្ខណៈ​របស់​ព្រះ

នៅក្នុង នីហ្វៃទី២ ២៦ នីហ្វៃ​បាន​ឃើញ​ការងារ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ ព្រម​ទាំង​អំពើ​ទុច្ចរិត និង​ការបំផ្លិច​បំផ្លាញ​ប្រជាជន​របស់​លោក​នៅ​ទីបំផុត ។ លោក​ក៏​បាន​មើលឃើញ​អំពើ​ទុច្ចរិត​របស់​សាសន៍​ដទៃ​នៅ​ថ្ងៃ​ចុងក្រោយ​ផងដែរ ។ ផ្ទុយ​ទៅវិញ លោក​បាន​សង្កត់ធ្ងន់​លើ​ការយក​ព្រះ​ទ័យ​ទុក​ដាក់​របស់​ព្រះ​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់​ទាំង​អស់ ។

សូម​ពិចារណា​សំណួរ​បី​ខាង​ក្រោម​នៅពេល​អ្នក​អាន នីហ្វៃទី២ ២៦:១២–១៣, ២៣–៣៣ ៖

សូម​ទុក​ពេល​ឲ្យ​សិស្ស​ឲ្យ​បាន​ច្រើន​ដើម្បី​សិក្សា នីហ្វៃទី២ ២៦:១២–១៣, ២៣–៣៣ ហើយ​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យគូស​ចំណាំ​ពាក្យ និង​ឃ្លា​ដែល​ឆ្លើយ​សំណួរ​ខាង​ក្រោម ។ សូម​បង្កើត​បរិយាកាស​ដ៏​មាន​គាវរភាព​ដែល​ព្រះវិញ្ញាណ​អាច​បង្រៀន ។ អ្នក​អាច​លេង​ភ្លេង​តិចៗ នៅពេល​អ្នក​ដើរ​ចុះ​ឡើង​ក្នុង​បន្ទប់ ដោយ​សួរ​សិស្ស​ដោយ​ស្ងៀមស្ងាត់​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀន ទទួល​អារម្មណ៍ ឬ​គូស​ចំណាំ​នៅពេល​ពួកគេ​សិក្សា ។

វា​អាច​មាន​ប្រយោជន៍​ក្នុង​ការបង្ហាញ​សំណួរ​នៅពេល​សិស្ស​អាន ។

  • តើ​ព្រះ​ទត​ឃើញ និង​មាន​ព្រះទ័យ​យ៉ាង​ណា​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់ ?

  • តើ​ទ្រង់​សម្ដែង​ការណ៍​នេះ​ដោយ​របៀប​ណា ?

  • តើ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​មើល​ឃើញ និង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​យ៉ាង​ដូចម្ដេច ?

បន្ទាប់ពី​សិស្ស​សិក្សា​ការបង្រៀន​របស់​នីហ្វៃ​អំពី​បុគ្គលិកលក្ខណៈ​របស់​ព្រះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សំណួរ​ខាង​ក្រោម រួម​ជាមួយ​នឹង​សំណួរ​តាមដាន​បន្ថែម អាច​ជួយ​លើក​ទឹក​ចិត្ត​ដល់​ការចែកចាយ ។ ម្យ៉ាង​វិញ​ទៀត សិស្ស​អាច​ធ្វើ​បញ្ជី​សេចក្ដីពិត​អំពី​ព្រះ​ដែល​ពួកគេ​បាន​រៀន​នៅលើ​ក្ដារខៀន ហើយ​បន្ទាប់​មក​ពិភាក្សា​អំពី​អត្ថន័យ និង​សារៈសំខាន់​នៃ​សេចក្ដីពិត​ទាំង​នេះ ។

  • តើ​ពាក្យ ឃ្លា ឬ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​អ្នក​បានគូស​ចំណាំ​ដែល​អាច​ឆ្លើយ​សំណួរ​បាន ? ហេតុអ្វី ?

  • តើ​អ្នក​បានរៀន ឬ​ទទួល​អារម្មណ៍​អ្វី​ខ្លះ​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ ?

  • តើ​ការចងចាំ​សេចក្ដីពិត​ទាំង​នេះ​អំពី​ព្រះ​អាច​ជះ​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ទ្រង់​យ៉ាង​ដូច​ម្ដេច ? តើ​វា​អាច​ជះ​ឥទ្ធិពល​យ៉ាង​ណា​ទៅលើ​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ?

សិស្ស​ប្រហែល​ជា​បាន​កត់សម្គាល់​នូវ​សេចក្ដីពិត​ផ្សេងៗ​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ ។ សូម​ពិចារណា​សួរ​សិស្ស​ថា​ហេតុអ្វី​សេចក្តីពិត​ដែល​ពួកគេ​បាន​រកឃើញ​មាន​អត្ថន័យ ហើយ​សរសើរ​ពួកគេ​ចំពោះ​ការយល់​ដឹង​របស់​ពួកគេ ។ ផ្នែក​បន្ទាប់​នៃ​មេរៀន​នេះ​នឹង​ផ្តោត​លើ​សេចក្តីពិត​នៅក្នុង ខ​ទី ៣៣ ដែល « មនុស្ស​ទាំងអស់​ក៏​ដូចគ្នា​នៅ​ចំពោះ​ព្រះ » ។ ការណ៍​នេះ​នឹង​ជួយ​សិស្ស​រៀបចំ​ដើម្បី​ប្រើ​វគ្គ​បទគម្ពីរ​នេះ នៅក្នុង​កម្មវិធី​អនុវត្ត​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នៅក្នុង​មេរៀន​បន្ទាប់ ។

សូម​កត់សម្គាល់​ថា នៅក្នុង នីហ្វៃទី២ ២៦:៣៣ នីហ្វៃ​បាន​គូស​បញ្ជាក់​ពី​ប្រភេទ​ផ្សេងៗ​គ្នា​នៃ​បុគ្គល​ជាច្រើន ដោយ​ការផ្គូផ្គង​ពួកគេ​ជាក្រុម​ផ្ទុយ​គ្នា ។ និយមន័យ​ខាង​ក្រោម​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់ ។ អ្នក​អាច​ពិចារណា​សរសេរ​និយមន័យ​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅក្បែរ​ខគម្ពីរ​នេះ ។

  • បាវ​គេ ៖ ទាសករ ។

  • ពួក​ឥត​សាសនា ៖ អ្នក​ណា​ដែល​មិន​ជឿ​លើ​ព្រះ ។

  • សាសន៍​យូដា និង​សាសន៍​ដទៃ ៖ ឃ្លា​មួយ​ដែល​និយាយ​សំដៅ​ទៅ​ដល់​អស់​អ្នក​ដែល​ជា​កម្មសិទ្ធិ​របស់​វង្ស​អ៊ីស្រាអែល និង​អ្នក​ដែល​មិនមែន ។

នីហ្វៃទី២ ២៦:៣៣ គឺ​ជា​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ ។ សូម​ពិចារណា​គូសចំណាំ​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​តាម​វិធី​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​រកឃើញ​វា​ដោយ​ងាយ​ស្រួល ។ អ្នក​នឹង​មាន​ឱកាស​នៅក្នុង​មេរៀន​បន្ទាប់​ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ ទៅ​នឹង​សំណួរ ឬ​ស្ថានភាព​មួយ ។

  • តើ​វា​អាច​នឹង​មាន​ការផ្លាស់ប្តូរ​យ៉ាង​ណា ប្រសិនបើ​ពិភព​លោក​បាន​ទទួល​យក និង​អនុវត្ត​តាម​ការបង្រៀន​នៅក្នុង ខ​ទី ៣៣ ?

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​សញ្ជឹង​គិត​ពី​ទស្សនៈ​របស់​អ្នក រួមទាំង​របៀប​ដែល​អ្នក​ទទួល​អារម្មណ៍ និង​ប្រព្រឹត្ត​ចំពោះ​អ្នកដទៃ ដោយ​ប្រៀបធៀប​ទៅនឹង​ទស្សនវិស័យ​របស់​ព្រះ និង​របៀប​ដែល​ទ្រង់​មាន​ព្រះទ័យ និង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ។

របៀប​មួយ​ដើម្បី​ជួយ​សិស្ស​ប្រៀបធៀប​ពី​របៀប​ដែល​ពួកគេ​ប្រព្រឹត្ត​ចំពោះ​អ្នកដទៃ ទៅនឹង​របៀប​ដែល​ព្រះ​ធ្វើ​គឺ​ត្រូវឲ្យ​សិស្ស​រៀប​សំណួរ​ឡើង​វិញ​ដែល​នីហ្វៃ​បានចែកចាយ​នៅក្នុង នីហ្វៃទី២ ២៦:២៥–២៨ ដើម្បី​អនុវត្ត​ចំពោះ​ខ្លួន​ពួកគេ ។ ឧទាហរណ៍ ៖ « តើ​ខ្ញុំ​ធ្វើឲ្យ​គេឯង​មាន​អារម្មណ៍​ថា ខ្ញុំ​ចង់ឲ្យ​ពួកគេ​ចាកចេញ​ពី​ខ្ញុំ ? ឬ​មិន​ថ្វាយបង្គំ​ជាមួយ​ខ្ញុំ​ដែរឬ​ទេ ? ឬ​តើ​ខ្ញុំ​សន្មត​ថា ពួកគេ​មិន​គួរ​ទទួល​ទាន​សេចក្តីល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ​ឬ​ទេ ? »

អ្នក​ប្រហែលជា​ចង់​មើល​វីដេអូ « We Don’t Need to Be the Same to Be One » ( ១:០០ ) មាន​នៅលើ ChurchofJesusChrist.orgដោយ​សញ្ជឹង​គិត​អំពី​អ្វី​ដែល​ព្រះអម្ចាស់​អាច​ធ្វើ​ឲ្យ​អ្នក​ប្រសើរ​ឡើង ។

សំណួរ និង​កថាខណ្ឌ​ខាង​ក្រោម​អាច​ជួយ​សិស្ស​វាយតម្លៃ​ពី​អារម្មណ៍ និង​សកម្មភាព​របស់​ពួកគេ​ចំពោះ​អ្នកដទៃ រួច​អនុវត្ត​តាម​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។ សិស្ស​អាច​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​ពួកគេ ឬ​ពិភាក្សា​អំពី​ការឆ្លើយតប​របស់​ពួកគេ​ចំពោះ​សំណួរ​ទាំង​នោះ ។

  • តើ​វា​អាច​ជះ​ឥទ្ធិពល​យ៉ាង​ណា​ខ្លះ​ដល់​ការចងចាំ​ទស្សនវិស័យ និង​ព្រះទ័យ​របស់​ព្រះ​ចំពោះ​មនុស្ស​ទាំងអស់ ?

  • តើ​អ្នក​កំពុង​មើល​ឃើញ និង​ប្រព្រឹត្ត​ចំពោះ​អ្នកដទៃ​ដូច​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​នឹង​ប្រព្រឹត្ត​ចំពោះ​ពួកគេ​បាន​ល្អ​ប៉ុន​ណា​ហើយ ?

  • តើ​ការចងចាំ​ការបង្រៀន​អំពី​ព្រះអម្ចាស់​នៅ​ក្នុង នីហ្វៃទី២ ២៦:៣៣ ជួយ​អ្នក​មើល​ឃើញ ស្រឡាញ់ និង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដូច​ព្រះ​យ៉ាង​ដូចម្តេច ?

ក្នុង​អំឡុង​ពេល​ពីរ​បី​ថ្ងៃ​បន្ទាប់ សូម​ព្យាយាម​កត់សម្គាល់​របៀប​ដែល​អ្នក​មើល​ឃើញ ទទួល​អារម្មណ៍ និង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ។ សូម​ស្តាប់​រកការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់​ដើម្បី​ធ្វើ​ការផ្លាស់ប្តូរ​ចាំបាច់​ណា​មួយ​ដើម្បី​ស្រឡាញ់ និង​ប្រព្រឹត្ត​ចំពោះ​អ្នកដទៃ​កាន់តែ​ដូច​ព្រះ ។