ថ្នាក់​សិក្ខាសាលា
វាយ​តម្លៃ​ការសិក្សា​របស់​អ្នក​ទី ២ ៖ នីហ្វៃទី១ ១៦–នីហ្វៃទី​២ ២៥


« វាយ​តម្លៃ​ការសិក្សា​របស់​អ្នក​ទី ២ ៖ នីហ្វៃទី១ ១៦–នីហ្វៃទី២ ២៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« វាយ​តម្លៃ​ការសិក្សា​របស់​អ្នក » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

វាយ​តម្លៃ​ការសិក្សា​របស់​អ្នក​ទី ២

នីហ្វៃទី១ ១៦នីហ្វៃទី២ ២៥

រូបភាព
មនុស្ស​ម្នាក់​កំពុងមើល​រូប​ខ្លួន​ចាំង​ផ្លាត​ក្នុង​កញ្ចក់

គោលបំណង​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​វាយ​តម្លៃ​ការរីក​ចម្រើន ដែល​អ្នក​បាន​ដក​ពិសោធ​អំឡុង​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់​អ្នក ។

ការរំឭក​សិស្ស​អំពី​គោលដៅ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ៖ ជា​ផ្នែក​នៃ​កម្មវិធី​កុមារ និង​យុវវ័យ សិស្ស​អាច​បានបង្កើត​គោលដៅ​ខាង​វិញ្ញាណ សង្គម រូបកាយ និង​បញ្ញា ដើម្បី​ជួយ​ពួកគេ​ឲ្យ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិតពិចារណា​ជា​ប្រចាំ​អំពី​របៀប ដែល​សេចក្ដីពិត​ដែល​ពួកគេ​កំពុងរៀន​នៅក្នុង​ថ្នាក់​សិក្ខាសាលា អាច​ជួយ​ពួកគេ​សម្រេច​បាន​នូវ​គោលដៅ​របស់​ពួកគេ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​នូវ​អ្វី​មួយ​ចំនួន​ដែល​ពួកគេ​បាន​រៀន​នៅក្នុង នីហ្វៃទី១ ១៦ ដល់ នីហ្វៃទី២ ២៥ ហើយ​មក​ដោយ​ត្រៀម​ចែកចាយ​បទគម្ពីរ​ដែល​ចូលចិត្ត ឬ​សេចក្ដីពិត​សំខាន់ៗ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការគិតពិចារណា​អំពី​ការរៀនសូត្រ​ដំណឹងល្អ

មេរៀន​នេះ​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​វាយ​តម្លៃ (១) គោលដៅ​ដែល​ពួកគេ​បានដាក់ (២) សមត្ថភាព​របស់ពួកគេ​ក្នុង​ការពន្យល់​អំពី​ការបង្រៀន​នៅក្នុង​ព្រះគម្ពីរ​មរមន ឬ (៣) របៀប​ដែល​ឥរិយាបថ បំណង​ប្រាថ្នា និង​សមត្ថភាព​របស់​ពួកគេ​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ​កំពុង​ផ្លាស់ប្តូរ ។ ការសិក្សា​របស់​ថ្នាក់​អំពី នីហ្វៃទី១ ១៦ ដល់ នីហ្វៃទី២ ២៥ ប្រហែល​ជា​បាន​សង្កត់ធ្ងន់​លើ​សេចក្តីពិត​ក្រៅពី​សេចក្តីពិត​នៅក្នុង​សកម្មភាព​ខាង​ក្រោម ។ ប្រសិនបើ​ដូច្នេះ​មែន សកម្មភាព​ទាំងនេះ​អាច​ត្រូវ​បាន​កែ​សម្រួល ដើម្បី​រួម​បញ្ចូល​សេចក្ដីពិត​ទាំង​នោះ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ពី​តម្លៃ​នៃ​ការគិតពិចារណា​ពី​ការរីក​ចម្រើន​ខាង​វិញ្ញាណ​របស់​ពួកគេ នៅពេល​ពួកគេ​បាន​សិក្សា​ព្រះគម្ពីរ​មរមន សូម​យក​កញ្ចក់​មួយ​មក ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​អំពី​របៀប​ដែល​ការមើល​ឃើញ​ខ្លួន​ឯង​អាច​មាន​ប្រយោជន៍ ( ការមើល​ឃើញ​របស់​នៅ​ពី​ក្រោយ​ពួកគេ ការមើល​ឃើញ​រូប​ចំណាំង​ផ្លាត​របស់​ពួកគេ​ជាដើម ) ។ បន្ទាប់មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​អំពី​តម្លៃ​នៃ​ការគិត និង​ការវាយ​តម្លៃ​អំពី​ការសិក្សា​ដំណឹងល្អ និង​ជម្រើស​របស់​ពួកគេ ។ សូម​ពិចារណា​សួរ​សំណួរ​ដូច​ខាង​ក្រោម​នេះ ៖

  • តើ​ការមាន​កញ្ចក់​ឆ្លុះ​មាន​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ ?

  • តើ​ការឆ្លុះ​កញ្ចក់​មើល​ខ្លួន​យើង​ស្រដៀង​នឹង​ការគិត និង​ការវាយតម្លៃ​ការរៀនសូត្រ​ដំណឹងល្អ​របស់​យើង​យ៉ាង​ដូចម្ដេច ?

ការគិតពិចារណា​ពី​វឌ្ឍនភាព​ខាង​វិញ្ញាណ

ផ្នែក​នៃ​មេរៀន​នេះ​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពី​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​នឹង​ការស្វែងរក និង​ការអនុវត្តតាម​​វិវរណៈ​ពី​ព្រះវរបិតាសួគ៌ នៅពេល​ពួកគេ​បាន​សិក្សា​ព្រះគម្ពីរ​មរមន ។

សូម​សញ្ជឹង​គិត​លើ​ការបំផុស​គំនិត និង​អារម្មណ៍​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​អ្នក​ប្រហែលជា​បាន​ទទួល​នៅពេល​សិក្សា​ព្រះគម្ពីរ​មរមន ។ មាន​វិធី​ជាច្រើន​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ទាក់ទង​ជាមួយ​អ្នក ។ ឧទាហរណ៍ ៖ ខគម្ពីរ​មួយ​ចំនួន​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក ហើយ​អ្នក​មាន​អារម្មណ៍​ថា​ចង់​គូស​ចំណាំខគម្ពីរ​ទាំង​នោះ ។ អ្នក​ប្រហែលជា​ធ្លាប់​ទទួល​អារម្មណ៍​សុខសាន្ត ឬ​សេចក្ដីស្រឡាញ់ ។ អ្នក​ប្រហែល​ជា​បាន​អាន ហើយ​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​តាម​វិធី​ជាក់លាក់​មួយ ឬ​បាន​រកឃើញ​ចម្លើយ​ចំពោះ​សំណួរ​ដែល​អ្នក​មាន ។

សូម​បង្ហាញ​សំណួរ​ខាង​ក្រោម​នេះ ដើម្បី​សិស្ស​អាច​សញ្ជឹងគិត​សំណួរ​ទាំងនោះ​តាម​សមត្ថភាព​របស់​ពួកគេ​ផ្ទាល់ ។ វា​ក៏​អាច​មាន​ប្រយោជន៍​ផងដែរ​ក្នុងការ​ឲ្យ​សិស្ស​កត់ត្រា​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ពីរ ឬ​បី​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • តើ​ដំណើរ​រឿង ឬ​វគ្គ​បទគម្ពីរ​ណា​ខ្លះ​មកពី​ព្រះគម្ពីរ​មរមន​បាន​ជួយ​អ្នក​ឃើញ​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌​ទាក់ទង​បុត្រាបុត្រី​របស់​ទ្រង់ ?

  • តើ​គំនិត ឬ​អារម្មណ៍​អ្វី​ខ្លះ​ដែល​អ្នក​បាន​ដក​ពិសោធ​នៅក្នុង​ថ្នាក់​សិក្ខាសាលា ឬ​នៅក្នុង​ការសិក្សា​ផ្ទាល់​ខ្លួន​របស់​អ្នក​នៅ​ឆ្នាំ​នេះ ?

  • តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ស្វែងរក​វិវរណៈ​ពី​ព្រះវរបិតាសួគ៌ ?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ស្វែងរក​វិវរណៈ ហើយ​ត្រៀមខ្លួន​ដើម្បី​ទទួល​ស្គាល់​វិវរណៈ នៅពេល​វិវរណៈ​កើត​មាន​ឡើង ?

  • តើ​អ្នក​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ចំណាប់​អារម្មណ៍​ដែល​អ្នក​បាន​ទទួល ?

សូម​អញ្ជើញ​សិស្សដែល​​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​ចម្លើយ​មួយ​ចំនួន​របស់​ពួកគេ​តាម​ការសមរម្យ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។ សិស្ស​ក៏​អាច​ចែកចាយ​ជាគូៗ ឬ​ក្រុម​តូចៗ​ផងដែរ ។

សូម​ពន្យល់​ពី​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា និង​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ

សម្រាប់​សកម្មភាព​ខាង​ក្រោម សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើការ​ជាមួយ​មិត្ត​រួម​ថ្នាក់​ជា​ដៃ​គូ​នីមួយៗ ដោយ​ជ្រើសរើស​ប្រធាន​បទ​មួយ​ក្នុង​ចំណោម​ប្រធាន​បទ​ជា​អក្សរ​ទ្រេត​នៅក្នុង​កថា​ខណ្ឌ​បន្ទាប់ ។

រូបភាព
អ័ដាម និង​អេវ៉ា ចាកចេញ​ពី​សួនច្បារ​អេដែន

សូម​ស្រមៃ​ថា​អ្នក​គឺជា​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​អ្នក និង​ដៃគូ​របស់​អ្នក​កំពុង​រៀបចំ​ដើម្បី​បង្រៀន​នរណា​ម្នាក់​អំពី​ការធ្លាក់នេះ ។ អ្នក​បានសម្រេចចិត្ត​ថា ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំងពីរ គួរតែ​បង្រៀន​អំពី ការធ្លាក់ និង​ឥទ្ធិពល​របស់​វា​ទៅលើ​មនុស្ស​ជាតិ ហើយ​ម្នាក់​ទៀត​គួរតែ​បង្រៀន​អំពី របៀប​ដែល​ព្រះអង្គសង្គ្រោះ​ជួយ​យើង​យក​ឈ្នះ​លើ​ឥទ្ធិពល​នៃ​ការធ្លាក់​នេះ ។

សូម​ប្រើ​ខគម្ពីរ​ដើម្បី​ជួយ​អ្នក​ពន្យល់​ពី​ប្រធានបទ​ដែល​អ្នក​បាន​ជ្រើសរើស ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការ​រំឭក​ឡើង​វិញ​នូវ នីហ្វៃទី២ ២:១៧–២៧; ៩:៦–១២; ១០:២៣–២៥ កំណត់​ចំណាំ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ឬ « ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា » នៅក្នុង​ប្រធានបទ​នៃ​ដំណឹងល្អ ( topics.ChurchofJesusChrist.org ) ដើម្បី​ជួយ​ឲ្យ​អ្នក​រៀបចំ​ចែកចាយ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀបចំ​ជាមួយ​ដៃគូ​របស់​ពួកគេ ឬ​ជាមួយ​ថ្នាក់​ទាំងមូល ។ ឬ​ពិចារណា​ឲ្យ​សិស្ស​ផ្ញើ​ការពន្យល់​របស់​ពួកគេ​ទៅកាន់​នរណា​ម្នាក់​ក្នុង​គ្រួសារ​របស់​ពួកគេ មិត្តភក្តិ ឬ​អ្នក​ដឹកនាំ​សាសនា​ចក្រ ។

អារម្មណ៍​របស់​ខ្ញុំ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

ផ្នែក​នៃ​មេរៀន​នេះ​មាន​គោលបំណង​អនុញ្ញាត​ឲ្យ​សិស្ស​សញ្ជឹងគិត​អំពី​អារម្មណ៍​របស់​ពួកគេ​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​ទុក​ពេល​ឲ្យ​សិស្ស​អាន និង​សញ្ជឹង​គិត​ដូច​ដែល​បាន​ណែនាំ​នៅក្នុង​កថាខណ្ឌ​ខាង​ក្រោម ។ អ្នក​អាច​ពិចារណា​ចាក់ភ្លេង​ទំនុក​តម្កើង​ដោយ​ស្ងាត់ស្ងៀម​អំពី​ព្រះអង្គ​សង្គ្រោះ ដូចជា​បទ « ខ្ញុំ​ឆ្ងល់​យ៉ាង​អស្ចារ្យ » ( ទំនុកតម្កើង ល.រ. ១១៥ ) ឬ « ក្តីស្នេហ៍​ព្រះអង្គ » ( ទំនុកតម្កើង ល.រ. ៥៩ ) ។

ព្រះគម្ពីរ​មរមន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ សូម​សញ្ជឹង​គិត​អំពី​អ្វី​ដែល​អ្នក​បានរៀន ឬ​សិក្សា​អំពី​ព្រះអង្គ​សង្គ្រោះ ។ សូម​រំឭក​ជំពូក​ដែល​អ្នក​បាន​សិក្សា ដូចជា នីហ្វៃទី១ ១៩, នីហ្វៃទី២ ៩ និង នីហ្វៃទី២ ២៥ ។ អ្នក​ក៏​អាច​រកមើល​វគ្គបទគម្ពីរ​ដែល​អ្នក​បាន​គូស​ចំណាំ​ផងដែរ ។ វា​អាច​មាន​ប្រយោជន៍​ក្នុងការ​រំឭក​អ្វី​ដែល​អ្នក​បាន​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ជាពិសេស​កំណត់ត្រា​ដែល​បង្ហាញ​អារម្មណ៍​របស់​អ្នក​ចំពោះ​ទ្រង់ ។

  • សូម​តែង​កំណាព្យ ឬ​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅ​ព្រះអង្គ​សង្គ្រោះ​ដែល​បង្ហាញ​ពី​អារម្មណ៍​របស់​អ្នក​ចំពោះ​ទ្រង់ ។ សូម​ពិចារណា​ប្រើ​ពាក្យ ឬ​ឃ្លា​ពី​បទគម្ពីរ ឬ​បទគម្ពីរ​យោង ។

  • សូម​ចងក្រង​បញ្ជី​ពាក្យ​ដែល​ពិពណ៌នា​អារម្មណ៍​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ ។ សូម​បញ្ចូល​ការពិពណ៌នា​មួយ​ចំនួន​មក​ពី​ព្រះគម្ពីរ ។ សូម​បង្កើត​ចង្កោម​ពាក្យ ឬ​សរសេរ​ពាក្យ​នៅលើ​ក្រដាស​នីមួយៗ ហើយ​ពិចារណា​ព្យួរ​វា​នៅក្នុង​បន្ទប់​របស់​អ្នក ឬ​នៅ​កន្លែង​ផ្សេង​ទៀត​ដែល​អ្នក​នឹង​ឃើញ​វា​ជាញឹកញាប់ ។

  • សូម​គូរ​អ្វី​មួយ​ដែល​ជួយ​អ្នក​បង្ហាញ​ពី​អារម្មណ៍​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ ។

ប្រសិនបើ​មាន​ពេល សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​បង្កើត ដើម្បី​ពួកគេ​អាច​បង្ហាញ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ការបង្កើត​របស់​ពួកគេ​ជាមួយ​គ្រួសារ​របស់​ពួកគេ ឬ​អ្នក​ដទៃ​ទៀត​ផងដែរ ។ អ្នក​ក៏​អាច​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ការដឹងគុណ​របស់​អ្នក​ចំពោះ​ព្រះអង្គ​សង្គ្រោះ​ផងដែរ ។