ថ្នាក់​សិក្ខាសាលា
អាលម៉ា ១៧ ៖ « តាម​ព្រះ​បន្ទូល និង​តាម​ព្រះ​ចេស្ដា​នៃ​ព្រះ »


« អាលម៉ា ១៧ ៖ ‹ តាម​ព្រះ​បន្ទូល និង​តាម​ព្រះ​ចេស្ដា​នៃ​ព្រះ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ១៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ១៧

« តាម​ព្រះ​បន្ទូល និង​តាម​ព្រះ​ចេស្ដា​នៃ​ព្រះ »

រូបភាព
អាំម៉ូន​ការពារ​ហ្វូង​ចៀម​របស់​ឡាម៉ូណៃ

សូម​ស្រមៃ​ពី​ការព្យាយាម​ផ្សាយ​ដំណឹងល្អ​ដល់​មនុស្ស​មួយ​ក្រុម​ដែល​អាច​ត្រូវបាន​ពិពណ៌នា​ថា ជា​មនុស្ស​ព្រៃផ្សៃ រឹងរូស និង​កាច​សាហាវ ។ នេះ​ជា​អ្វី​ដែល​ពួកបុត្រា​របស់​ម៉ូសាយ​បាន​ជ្រើសរើស​ធ្វើ នៅពេល​ពួកទ្រង់​ទៅ​ដែនដី​នៃ​សាសន៍​លេមិន ដើម្បី​ផ្សាយ​ដំណឹងល្អ​ដល់​ពួកគេ ។ អាលម៉ា ១៧ ពិពណ៌នា​អំពី​ជំនួយ​ដែល​អាំម៉ូន​បាន​ទទួល​ពី​ព្រះ នៅពេល​ទ្រង់បាន​ចាប់ផ្តើម​ការបម្រើ​របស់​ទ្រង់​ក្នុង​ចំណោម​ពួកលេមិន​នៅក្នុង​ដែនដី​អ៊ីសម៉ាអែល ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ជំនួយ និង​កម្លាំង​ដែល​ព្រះអម្ចាស់​ប្រទាន​ឲ្យ​អ្នក​ក្នុង​ស្ថានភាព​លំបាក​ដែល​អ្នក​ជួប​ប្រទះ ។

សូម​ជួយ​សិស្ស​ឲ្យ​យល់​អំពី​បរិបទ និង​មាតិកា ។ បរិបទ និង​មាតិកា​នៃ​បទគម្ពីរ​អាច​រួម​បញ្ចូល​ដំណើរ​រឿង​ជាច្រើន​អំពី​មនុស្ស និង​ព្រឹត្តិការណ៍​ដែល​ពាក់ព័ន្ធ ។ សូម​ជួយ​សិស្ស​ឲ្យ​យល់ និង​បង្កើត​ទំនាក់ទំនង​រវាង​ដំណើរ​រឿង​ទាំង​នេះ ដើម្បី​ពួកគេ​អាច​ស្គាល់​កាន់តែ​ច្បាស់​អំពី​គោលលទ្ធិ គោលការណ៍ និង​សារ​ដែល​បំផុស​គំនិត​របស់​អ្នក​និពន្ធ ។

ការរៀប​ចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​មក​ដោយ​រៀបចំ​ខ្លួន​ដើម្បីចែកចាយ និង​ពិភាក្សា​អំពី​បញ្ហា​ធម្មតា ឬ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ក្មេង​ជំទង់​ជួប​ប្រទះ និង​មូលហេតុ​ដែល​ពួកគេ​ត្រូវការ​ជំនួយ និង​កម្លាំង​ពី​ព្រះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ពួកគេ​ក៏​ប្រហែល​ជា​គិត​អំពី​គ្រា​ដែល​ពួកគេ​បាន​ទទួល​ជំនួយ​ពី​ព្រះ​ក្នុង​ជីវិត​របស់​ពួកគេ​ដែរ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

តម្រូវការ​របស់​យើង​សម្រាប់​ជំនួយ​ពី​ព្រះ

សូម​ជួយ​សិស្ស​គិត​អំពី​ឧទាហរណ៍​នៃ​គ្រា​ដែល​ក្មេង​ជំទង់​ត្រូវការ​ជំនួយ ឬ​កម្លាំង​ពី​ព្រះ​ក្នុង​ជីវិត​របស់​ពួកគេ ។ ស្ថានភាព​ប្រឌិដ្ឋខាង​ក្រោម​អាច​ជួយ​ក្នុង​រឿង​នេះ ឬ​សិស្ស​អាច​បង្កើត​ស្ថានភាព​ប្រឌិដ្ឋ​ផ្សេងៗ ។

លូស៊ី មាន​អារម្មណ៍​ថា​ត្រូវ​ប្រែចិត្ត និង​ផ្លាស់ប្តូរ​របៀប​រស់នៅ​របស់​នាង ប៉ុន្តែ​អ្វីៗ​ដែល​នាង​បាន​ព្យាយាម​ផ្លាស់ប្តូរ​ហាក់​ដូចជា​មិន​មាន​ការផ្លាស់ប្តូរ​ទេ ។

ហ្គីឡឺម៉ូ មាន​អារម្មណ៍​បំផុស​គំនិត​ដើម្បី​បម្រើ​បេសកកម្ម ប៉ុន្តែ​ឪពុក​ម្តាយ​របស់​គាត់​មាន​ការខកចិត្ត​ដោយសារ​ពួកគេ​ត្រូវការ​ជំនួយ​របស់​គាត់​ក្នុង​អាជីវកម្ម​គ្រួសារ ។

  • តើ​មាន​វិធី​ណា​ខ្លះ​ដែល​ព្រះ​អាច​ជួយ លូស៊ី ឬ ហ្គីឡឺម៉ូ បាន ?

  • តើ​មាន​វិធី​អ្វីខ្លះ​ដែល​ពួកគេ​អាច​ស្វែងរក ឬ​ទទួល​ស្គាល់​ជំនួយ​របស់​ទ្រង់​បាន ?

សូម​ពិចារណា​បង្ហាញ​កថាខណ្ឌ​ខាង​ក្រោម ។ សូម​ផ្តល់​ឲ្យ​សិស្ស​នូវ​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​សញ្ជឹង​គិត និង​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​ពួកគេ ។

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​សញ្ជឹង​គិត ហើយ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក​អំពី​អារម្មណ៍​ដែល​អ្នក​មាន​ថា អ្នក​ត្រូវការ​ជំនួយ ឬ​កម្លាំង​ពី​ព្រះ​នៅក្នុង​ជីវិត​របស់​អ្នក ។ តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​អ្នក​សង្ឃឹម​ថា ព្រះ​អាច​ជួយ​អ្នក​បាន ? នៅពេល​អ្នក​សិក្សា អាលម៉ា ១៧ ថ្ងៃនេះ សូម​រកមើល​វិធី​ដែល​អ្នក​អាច​ទទួល​ស្គាល់ និងយាង​អញ្ជើញ​កម្លាំង​របស់​ព្រះ​មក​ក្នុង​ជីវិត​របស់​អ្នក ។

ពួកបុត្រា​របស់​ម៉ូសាយ

សូម​ពន្យល់​សិស្ស​ថា ក្នុង​អំឡុង​ពេល​ពីរ​សប្តាហ៍​ខាង​មុខ ពួកគេ​នឹង​សិក្សា​អំពី​ដំណើរ​ផ្សព្វផ្សាយ​សាសនា​របស់​បុត្រា​ទាំង​បួន​របស់​ម៉ូសាយ​ទៅកាន់​សាសន៍​លេមិន ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ពី​របៀប​ដែល​ដំណើរ​ផ្សព្វផ្សាយ​សាសនា​នេះ​ត្រូវនឹង​បរិបទ​ទាំង​មូល​នៃ​គម្ពីរ​អាលម៉ា សូម​ពិចារណា​សង្ខេប​កថាខណ្ឌ​ខាង​ក្រោម ។

ជំពូកទី ១–១៦ នៅក្នុង​ព្រឹត្តិការណ៍​ដែល​អាលម៉ា​បាន​រៀបរាប់​ឡើង​វិញ​ក្នុង​ជីវិត​របស់​លោក​ក្នុង​អំឡុងពេល ១៤ ឆ្នាំ​ដំបូង​នៃ​រជ្ជកាល​របស់​ពួកចៅក្រម ។ នៅក្នុង អាលម៉ា ១៧–២៧ យើង​រៀន​អំពី​ដំណើរ​ផ្សព្វផ្សាយ​សាសនា​របស់​ពួកបុត្រា​ម៉ូសាយ​ទៅកាន់​ពួកសាសន៍​លេមិន​ក្នុង​អំឡុង​ពេល​ដំណាល​គ្នា​នោះ ។ អាលម៉ា ១៧ ចាប់ផ្ដើម​ជាមួយ​អាលម៉ា និង​មិត្តភក្តិ​របស់​គាត់ ជា​បុត្រា​របស់​ម៉ូសាយ ដែល​ជួប​គ្នា​ជា​លើក​ដំបូង​បន្ទាប់​ពី​បែក​គ្នា​អស់​រយៈពេល ១៤ ឆ្នាំ​នោះ ( សូមមើល អាលម៉ា ១៧:២–៤; ២៧:១៦ ) ។ ឈ្មោះ​បុត្រា​របស់​ម៉ូសាយ​គឺ អាំម៉ូន អើរ៉ុន អោមណើរ និង ហិមណៃ ។

សូម​ពិចារណា​ចែក​សិស្ស​ទៅ​ជាបួន​ក្រុម ។ សូម​ចាត់​ក្រុម​នីមួយៗ​នូវ​វគ្គ​បទគម្ពីរ​ខាង​ក្រោម​មួយ​ដើម្បី​សិក្សា ។ បន្ទាប់​មក សមាជិក​មក​ពី​ក្រុម​នីមួយៗ​អាច​រាយការណ៍​ទៅ​សិស្ស​ដទៃ​ទៀត​ក្នុង​ថ្នាក់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

សូម​អាន​ខគម្ពីរ​ខាង​ក្រោម ដោយ​រកមើល​ព័ត៌មាន​លម្អិត​សំខាន់ៗ​អំពី​បេសកកម្ម​របស់ អាំម៉ូន អើរ៉ុន អោមណើរ និង ហិមណៃ ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​អំពីពួក​បុត្រា​របស់​ម៉ូសាយ​ពី​ខគម្ពីរ​ទាំង​នេះ ?

  • តើ​ភស្ដុតាង​អ្វី​ខ្លះ​ដែល​អ្នក​រកឃើញ​អំពី​ជំនួយ ឬ​កម្លាំង​របស់​ព្រះ​ដែល​មាន​ក្នុង​ជីវិត​របស់​ពួកទ្រង់ ? សូម​ពិចារណា​គូស​សម្គាល់​ភស្តុតាង​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

អាំម៉ូន និង​ស្ដេច​ឡាម៉ូណៃ

មុន​ពេល​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនេះ​បាន​បែក​គ្នា​ទៅ​ផ្សព្វផ្សាយ​ដំណឹងល្អ​នៅ​តំបន់​ផ្សេងៗ អាំម៉ូន​បាន​បង្រៀន និង​ប្រទាន​ពរដល់​ពួកគេ ។ បន្ទាប់​មក​អាំម៉ូន​បាន​ទៅ​ដែនដី​មួយ​ឈ្មោះ​អ៊ីសម៉ាអែល ។ ពេល​ទ្រង់​ចូល​ទៅក្នុង​ដែនដី​នោះ ទ្រង់​ត្រូវ​បាន​ចាប់យក​ទៅនៅ​ចំពោះ​ព្រះ​ភក្ត្រ​ស្តេច​ដែល​មាន​ព្រះនាម​ថា ឡាម៉ូណៃ ( សូម​មើល អាលម៉ា ១៧:១៧–២០ ) ។

សូមអាន អាលម៉ា ១៧:២១–២៥ ដោយ​រកមើល​ការផ្តល់​ជូន​ដែល​អាំម៉ូន​បាន​ធ្វើ​ដល់​ស្តេច​ឡាម៉ូណៃ ។ អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « Ammon Becomes the Servant of King Lamoni » ( ៣:៤៧ ) ដែល​មាន​នៅ ChurchofJesusChrist.org ។

  • តើ​អាំម៉ូន​អាច​ទូល​ប្រាប់​ស្ដេច​ថា « ទូល​បង្គំ​នឹង​ធ្វើ​ជា​អ្នក​បម្រើ​របស់​ទ្រង់​វិញ » ( អាលម៉ា ១៧:២៥ ) បាន​អនុញ្ញាត​ឲ្យ​អាំម៉ូន​ធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​កាន់តែ​មាន​ប្រសិទ្ធភាព​ដោយ​របៀប​ណា ?

ខណៈ​ដែល​អាំម៉ូន និង​អ្នក​បម្រើ​របស់​ស្ដេច​ដទៃ​ទៀត​កំពុង​មើល​ហ្វូង​ចៀម​នោះ​ពួកគេ​បាន​ជួប​នឹង​ស្ថានភាព​ដ៏​លំបាក ។

អ្នក​អាច​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ដែល​មាន​ស្ម័គ្រចិត្ត​ឡើង​មក​ខាង​មុខ​ថ្នាក់​ដើម្បី​ប្តូរ​វេន​អាន​ខគម្ពីរ​ខាង​ក្រោម​នេះ​ឲ្យ​ឮៗ ខណៈ​សិស្ស​ផ្សេងទៀត​ផ្ទៀង​តាម​ក្នុងព្រះគម្ពីរ​របស់​ពួកគេ ។

សូម​អាន អាលម៉ា ១៧:២៦–៣៩ ហើយ​រកមើល​ថា​តើ​អាំម៉ូន​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ស្ថានភាព​នេះ ។ អ្នក​ក៏​អាច​មើល « Ammon Defends the King’s Flocks » ចាប់​ពី​នាទី​ទី ០:០០ ដល់​នាទី​ទី ៣:១០ ។ វីដេអូ​នេះ​មាន​នៅ ChurchofJesusChrist.org ។

  • តើ​ទំនុកចិត្ត​របស់​អាំម៉ូន​ក្នុង​ស្ថានភាព​នេះ​ទាក់ទង​នឹង​ការសន្យា​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ម៉ូសាយ ជា​បិតា​របស់​អាំម៉ូន​ដោយ​របៀប​ណា នៅក្នុង ម៉ូសាយ ២៨:៧ ?

  • បើ​អ្នក​បាន​នៅទី​នោះ តើ​អ្នក​គិត​យ៉ាង​ណា​ចំពោះ​អាំម៉ូន ?

សូម​អាន អាលម៉ា ១៨:១–៣ ដោយ​រកមើល​អ្វី​ដែល​អ្នក​បម្រើ​សាសន៍​លេមិន​ផ្សេង​ទៀត​បាន​ប្រាប់​ស្ដេច​ឡាម៉ូណៃ​អំពី​បទពិសោធន៍​នេះ ។

  • តើ​អ្នក​បម្រើ​របស់​ស្ដេច​បាន​ពិពណ៌នា​អំពី​អាំម៉ូន​យ៉ាង​ដូចម្ដេច ?

ទោះបី​ជា​អ្នក​បម្រើ​របស់​ស្តេច​មាន​ការលំបាក​ក្នុង​ការពិពណ៌នា​អំពី​មូលហេតុ ដែល​អាំម៉ូន​អាច​រក្សា​ហ្វូង​ចៀម​របស់​ស្តេច​តាម​របៀប​អព្ភូតហេតុ​ក៏​ដោយ ពួកគេ​បាន​ទទួល​ស្គាល់​ថា អាំម៉ូន​មាន​អំណាច​ដែល​ធំ​ជាង​មនុស្ស​ដែល​អាច​មាន​បាន ។

ចេញ​ពី​បទពិសោធន៍​របស់​អាំម៉ូន​យើង​អាច​រៀន​ថា ព្រះអម្ចាស់​ប្រទាន​កម្លាំង និង​ព្រះចេស្តា​របស់​ទ្រង់​ដល់​អ្នក​បម្រើ​របស់​ទ្រង់​ដែល​ខិតខំ​ធ្វើ​តាម​ព្រះទ័យ​ទ្រង់ ។

នៅជិត​ចុង​បញ្ចប់​នៃ​បេសកកម្ម​រយៈពេល ១៤ ឆ្នាំ​របស់​ទ្រង់ អាំម៉ូន​បានគិតពិចារណា​ពី​កម្លាំង និង​ព្រះចេស្តា​ដែល​ព្រះ​បាន​ប្រទាន​ដល់​ទ្រង់​ពេញរយៈពេល​ដែល​ទ្រង់​បម្រើ​ដល់​សាសន៍​លេមិន ។

សូម​អាន អាលម៉ា ២៦:១២ ដោយ​រកមើល​អ្វី​ដែល​អាំម៉ូន​បាន​មាន​បន្ទូល​អំពី​ប្រភព​នៃ​កម្លាំង​របស់​ទ្រង់ ។

សូម​ពិចារណា​បែងចែក​ថ្នាក់​ជាបី​ក្រុម ហើយ​ចាត់​ក្រុម​នីមួយៗ​នូវ​សំណួរ​ខាង​ក្រោម​មួយ​ដើម្បី​ពិភាក្សា ។ ក្រុម​នីមួយៗ​អាច​បង្កើត​បញ្ជី​ចម្លើយ​ជាច្រើន​តាម​ដែល​ពួកគេ​អាច​គិត​ឃើញ​ក្នុង​រយៈពេល​មួយ ឬ​ពីរ​នាទី បន្ទាប់មក​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

ម៉្យាង​ទៀត អ្នក​អាច​សរសេរ​សំណួរ​នៅលើ​ផ្នែក​ផ្សេងៗ​លើ​ក្តារខៀន ។ សិស្ស​អាច​ឡើងមក​មុខ​ក្ដារខៀន ហើយ​រាយ​ចម្លើយ​ចំពោះ​សំណួរ​មួយ ឬ​ច្រើន​រហូត​ដល់​សំណួរ​នីមួយៗ​មាន​ចម្លើយ​ច្រើន​ដែល​សរសេរ​នៅក្បែរ​វា ។ បន្ទាប់​មក ចម្លើយ​របស់​សិស្ស​អាច​ត្រូវបាន​ពិភាក្សា​រួម​គ្នា​ជា​ថ្នាក់ ។

  • តើ​មាន​ឧទាហរណ៍​អ្វី​ខ្លះ​នៃ​ស្ថានភាព​ដែល​យើង​ត្រូវការ​ជំនួយ ឬ​កម្លាំង​ពី​ព្រះអម្ចាស់​ក្នុង​ជីវិត​របស់​យើង ?

  • តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​ព្រះអម្ចាស់​អាច​ប្រទានពរ​ដល់​យើង​ដោយ​មាន​ជំនួយ ឬ​កម្លាំង​របស់​ទ្រង់ ?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​អញ្ជើញ ឬ​ទទួល​បាន​ជំនួយ ឬ​កម្លាំង​របស់​ព្រះ​ក្នុង​ជីវិត​របស់​អ្នក ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះ​នៅ​ថ្ងៃ​នេះ ដែល​អាច​ជួយ​ពួកគេ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​កត់ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​ពួកគេ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតា​សួគ៌ ដើម្បី​អាច​សម្រេច​កិច្ចការ​ដែល​ពួកគេ​មិន​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ។