ថ្នាក់​សិក្ខាសាលា
អាលម៉ា ១៨ ៖ អាំម៉ូន​បម្រើ និង​បង្រៀន​ស្ដេច​ឡាម៉ូណៃ


« អាលម៉ា ១៨ ៖ អាំម៉ូន​បម្រើ និង​បង្រៀន​ស្ដេច​ឡាម៉ូណៃ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ១៨ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ១៨

អាំម៉ូន​បម្រើ និង​បង្រៀន​ស្ដេច​ឡាម៉ូណៃ

រូបភាព
អាំម៉ូន​បង្រៀន​ស្តេច​ឡាម៉ូណៃ

យើង​មិន​ដឹង​ថា ហេតុអ្វី​បាន​ជា​ស្ដេច​ឡាម៉ូណៃ​បាន​រាប់អាន​អាំម៉ូន​យ៉ាង​ខ្លាំង​នៅពេល​ដែល​ពួកទ្រង់​បាន​ជួប​គ្នា​លើក​ដំបូង​ទេ ។ ប្រហែល​ជា​មក​ពី​ព្រះ​ឆន្ទៈ​របស់​អាំម៉ូន​ក្នុង​ការបម្រើ ឬ​ពន្លឺ​នៃ​ព្រះគ្រីស្ទ​ហើយ​ដែល​ទ្រង់​បាន​គិតពិចារណា ឬ​ថា​ទ្រង់​ជា​បុត្រា​របស់​ស្ដេច​ម៉ូសាយ ។ មិនថា​ហេតុផល​អ្វី​ដែល​នាំ​ឲ្យ​មាន​ចំណាប់​អារម្មណ៍​ដំបូង​វិជ្ជមាន​ចំពោះ​អាំម៉ូន នោះ​ទេ​ឡាម៉ូណៃ​មាន​ការរំជួល​ព្រះទ័យ​យ៉ាង​ខ្លាំង​ចំពោះ​ភាពស្មោះត្រង់​ដែល​អាំម៉ូន​បាន​បម្រើ​ទ្រង់​ក្នុង​រយៈពេល​បី​ថ្ងៃ​បន្ទាប់ ។ ដោយសារ​តែ​អារម្មណ៍​ដែល​ទ្រង់​បាន​ទទួល នោះ​ឡាម៉ូណៃ​ស្ម័គ្រ​ព្រះទ័យ​ជឿ​ពាក្យ​ទាំងអស់​របស់​អាំម៉ូន ។ គោលបំណង​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ស្វែងរក​វិធី​ជួយ​អ្នក​ដទៃ​ឲ្យ​កាន់តែ​ខិត​ជិត​ព្រះ តាមរយៈ​សេចក្តី​ស្រឡាញ់ និង​ការបម្រើ​ដូច​ព្រះគ្រីស្ទ​របស់​អ្នក ។

សូម​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​រូបភាព​ដែល​បាន​អនុមតិ​ដោយ​សាសនាចក្រ​ដោយ​មាន​ប្រសិទ្ធភាព ។ ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​រូបភាព​ដោយ​ឆ្លាតវៃ​អាច​បង្កើន​ការយល់​ដឹង​របស់​សិស្ស និង​ជួយ​សិស្ស​បង្កើត​ទីបន្ទាល់​របស់​ពួកគេ ។ សូម​ពិចារណា​បំបែក​វីដេអូ​វែងៗ​ទៅជា​ផ្នែកខ្លីៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល ហើយ​ពិភាក្សា​អំពី​របៀប​ដែល​គោលលទ្ធិ និង​គោលការណ៍​ត្រូវបាន​បង្ហាញ ។

ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សួរ​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​ម្នាក់​ឲ្យ​រក​មនុស្ស​ដែល​ពួកគេ​ស្គាល់ ដែល​បាន​ជួយ​អ្នកដទៃ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះ តាមរយៈ​សេចក្ដី​ស្រឡាញ់ ឬ​ការបម្រើ​ដូច​ព្រះគ្រីស្ទ​របស់​ពួកគេ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

ផ្សព្វផ្សាយ​ដំណឹង​ល្អ

សូម​ចែកចាយ ឬ​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​គិត​ថា​វា​មាន​ន័យ ។ អ្នក​អាច​ប្រើ​សំណួរ​ដែល​មាន​មក​ជាមួយ​សេចក្ដី​ថ្លែងការណ៍​នេះ ដើម្បី​ជួយ​បង្កើតការ​ពិភាក្សា​នេះ ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាល​នោះ​នៅក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖

បទ​បង្រៀន​ដ៏​អស្ចារ្យ​បំផុត​មួយ​ស្តីពី​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​បង្រៀន គឺជា​គំនិត​ដ៏​សាមញ្ញ​នេះ ដែល​ឧទ្ទិស​ដល់ ស្យង់ ហ្រ្វង់ស៊ីស នៃ​ស្រុក​អាស៊ីស៊ី ៖ « ផ្សាយ​ដំណឹង​ល្អ​គ្រប់​ពេលវេលា ហើយ​បើ​ចាំបាច់ សូម​ប្រើ​ពាក្យ​សម្តី » ។ ( ឌៀថើរ អេហ្វ អុជដុហ្វ « Waiting on the Road to Damascus » Ensign ឬ​Liahona ខែ ឧសភា ២០១១ ទំព័រ ៧៧ )

  • តើ​យើង​អាច​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដោយ​មិន​ប្រើ​ពាក្យ​សម្តី​ដោយ​របៀប​ណា ?

  • ហេតុអ្វី​នោះ​ជា​វិធី​ដ៏​មាន​ឥទ្ធិពល​ក្នុង​ការផ្សព្វផ្សាយ ?

ព្រះយេស៊ូវគ្រីស្ទ​ជា​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​នៃ​ការបង្រៀន​ដំណឹង​ល្អ ។

  • តើ​អ្នក​អាច​នឹក​គិត​អំពី​ដំណើរ​រឿង​នៃ​ព្រះយេស៊ូវ​ដែល​ជួយ​អ្នកដទៃ​ឲ្យ​រៀន​អំពី​ព្រះវរបិតា​សួគ៌ ទោះបី​ជា​មិន​បាន​មាន​បន្ទូល​ច្រើន​ក៏​ដោយ​បាន​ដែរ​ឬ​ទេ ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ឧទាហរណ៍​អំពី​របៀប ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​អ្នក​ដទៃ​ឲ្យ​ចូល​មក​ជិត​ព្រះវរបិតា​សួគ៌ តាមរយៈ​គំរូ​ទ្រង់ អព្ភូតហេតុ ឬ​ការបម្រើ​ដល់​អ្នក​ដទៃ ។ ឧទាហរណ៍​អាច​រួមបញ្ចូល​ដំណើរ​រឿង​ពី យ៉ូហាន ១១:៤១–៤៥; ១៣:៤–៥, ១៣–១៥ ។

រូបភាព
អាំម៉ូន​ការពារ​ហ្វូង​ចៀម

អ្នក​អាច​ចងចាំ​ថា នៅពេល​អាំម៉ូន​ចាប់ផ្តើម​បេសកកម្ម​របស់​ទ្រង់​ក្នុង​ចំណោម​ប្រជាជន​លេមិន​នៅលើដែនដី​អ៊ីសម៉ាអែល ទ្រង់​មិន​បាន​ចាប់ផ្តើម​បង្រៀន​ដំណឹងល្អ​ភ្លាមៗ​ទេ ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​សន្យា​នឹង​ស្ដេច​ថា « ទូល​បង្គំ​នឹង​ធ្វើ​ជា​អ្នកបម្រើ​របស់​ទ្រង់​វិញ » ( អាលម៉ា ១៧:២៥ ) ។ អាំម៉ូន​ត្រូវបាន​ចាត់​ឲ្យ​ទៅ​មើល​ហ្វូង​ចៀម​របស់​ស្ដេច ។ តាមរយៈ​ព្រះចេស្ដា​របស់​ព្រះ អាំម៉ូន​បាន​ការពារ​ហ្វូង​ចៀម និង​អ្នក​បម្រើ​ផ្សេង​ទៀត​ពី​សាសន៍​លេមិន ដែល​ព្យាយាម​កម្ចាត់​ហ្វូង​ចៀម ។

នៅពេល​អ្នក​សិក្សា អាលម៉ា ១៨ ថ្ងៃនេះ សូម​យក​ចិត្ត​ទុក​ដាក់​លើ​ឥទ្ធិពល​នៃ​ការបម្រើ​ដ៏​ស្មោះត្រង់​របស់​អាំម៉ូន​មកលើ​ស្ដេច​ឡាម៉ូណៃ ។ សូម​គិត​អំពី​វិធី​ដែល​អ្នក​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​កាន់តែ​ខិតទៅ​ជិត​ព្រះដោយ​ការស្រឡាញ់ និង​បម្រើ​ពួកគេ​តាម​របៀប​ដូច​ព្រះគ្រីស្ទ ។

ឥទ្ធិពល​នៃ​សេចក្តី​ស្រឡាញ់ និង​ការបម្រើ​ដូច​ព្រះគ្រីស្ទ​របស់​អាំម៉ូន

ខគម្ពីរ​ខាង​ក្រោម​អាច​ត្រូវបាន​សិក្សា​ជាមួយ​គ្នា​ជា​ថ្នាក់ ឬ​សិស្ស​អាច​សិក្សា​ជាមួយ​ដៃ​គូ ។

សូម​អាន អាលម៉ា ១៨:១–១១ ដោយ​រកមើល​ឥទ្ធិពល​ដែល​សកម្មភាព​របស់​អាំម៉ូន​មាន​លើ​ស្តេច​ឡាម៉ូណៃ ។ អ្នក​ក៏​អាច​មើល « Ammon Defends the King’s Flocks » ចាប់ពី​នាទី​ទី ២:៥៧ ដល់​នាទី​ទី ៥:២៤ នៅពេល​អ្នក​ផ្ទៀង​តាម​នៅក្នុង​បទគម្ពីរ​របស់​អ្នក ។ វីដេអូ​នេះ​មាន​នៅ ChurchofJesusChrist.org ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​អំពី​សកម្មភាព​របស់​អាំម៉ូន​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ?

  • តើ​សកម្មភាព​របស់​អាំម៉ូន​ជះ​ឥទ្ធិពល​អ្វី​ខ្លះ​មក​លើ​ស្ដេច ?

បន្ទាប់ពី​អាំម៉ូន​បាន​រៀបចំ​សេះ និង​រទេះ​របស់​ស្ដេច​រួច​ហើយ នោះ​ទ្រង់​បាន​ចូល​មក​គាល់​ស្ដេច ហើយ​បាន​កត់​សម្គាល់​ឃើញ​ថា ទឹកមុខ​របស់​ឡាម៉ូណៃ​បាន​ផ្លាស់ប្តូរ ។ តាមរយៈ​ព្រះវិញ្ញាណ​អាំម៉ូន​បាន​យល់​ឃើញ​ពី​គំនិត​របស់​ស្តេច ហើយ​បាន​ដឹង​ថា​ឡាម៉ូណៃ​កំពុង​តែ​ងឿង​ឆ្ងល់​ចំពោះ​របៀប​ដែល​អាំម៉ូន​បាន​ការពារ​ហ្វូង​ចៀម​របស់​ស្តេចប្រកប​ដោយ​អព្ភូតហេតុ​ ( សូម​មើល អាលម៉ា ១៨:១២–១៩ ) ។

សូម​អាន អាលម៉ា ១៨:២០–២៣ ដោយ​រកមើល​អ្វី​ដែល​ឡាម៉ូណៃ​សព្វ​ព្រះទ័យ​ចង់​បាន ។ អ្នក​ក៏​អាច​មើល « Ammon Teaches King Lamoni about the Gospel of Jesus Christ » ចាប់​ពី​នាទី​ទី ០:២៣ ដល់​នាទី​ទី ១:៥៦ នៅពេល​អ្នក​ផ្ទៀង​តាម​នៅក្នុង​បទគម្ពីរ​របស់​អ្នក ។ វីដេអូ​នេះ​មាន​នៅ ChurchofJesusChrist.org ។

  • តើ​អ្នក​គិត​ថា​សេចក្ដី​ស្រឡាញ់ និង​ការបម្រើ​ដូច​ព្រះគ្រីស្ទ​របស់​អាំម៉ូន​ដើរ​តួនាទី​អ្វី​ខ្លះ​ក្នុង​ព្រះទ័យ​របស់​ស្ដេច​ក្នុងការ​ជឿលើ​ពាក្យ​របស់​អាំម៉ូន ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ពី​ដំណើរ​រឿង​នេះ​គឺ​ថា តាមរយៈ​សេចក្ដី​ស្រឡាញ់ និង​ការបម្រើ​ដូច​ព្រះគ្រីស្ទ​របស់​យើង ព្រះ​អាច​រៀបចំ​ដួងចិត្ត​នៃ​អ្នក​ទាំងឡាយ​ដែល​យើង​បម្រើ ដើម្បី​ទទួល​សេចក្ដីពិត​នៃ​ដំណឹង​ល្អ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​សំណួរ​ខាង​ក្រោម​ជាមួយ​នឹង​ក្រុម​តូច​មួយ ។ បន្ទាប់​មក សមាជិក​មក​ពី​ក្រុម​នីមួយៗ​អាច​ចែកចាយ​ចម្លើយ​ខ្លះ​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

  • តើ​យើង​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​ចូល​មក​កាន់តែ​ជិត​ព្រះ​បាន​តាមរយៈ​សេចក្ដី​ស្រឡាញ់ និង​ការបម្រើ​ដូច​ព្រះគ្រីស្ទ​របស់​យើង​មាន​វិធី​ណា​ខ្លះ ?

បើ​អាច​ធ្វើ​បាន សូម​ចែកចាយ​ឧទាហរណ៍​មួយ​អំពី​គ្រា​មួយ​ដែល​អ្នក​បាន​ឃើញ​អ្នកដទៃ​មក​កាន់តែ​ជិត​ព្រះ ដោយសារ​សេចក្តី​ស្រឡាញ់ និង​ការបម្រើ​ដូច​ព្រះគ្រីស្ទ​របស់​នរណា​ម្នាក់ ។ អ្នក​ក៏​អាច​សុំ​ឲ្យ​សិស្ស​គិត និង​ចែកចាយ​ឧទាហរណ៍​ដែល​ពួកគេ​បាន​ឃើញ ។

អាំម៉ូន​បង្រៀន​ឡាម៉ូណៃ​អំពី​សេចក្តីពិត​នៃ​ដំណឹងល្អ

ដោយ​ផ្អែកលើ​តម្រូវការ និង​សមត្ថភាព​របស់​សិស្ស​​អ្នក សូម​ពិចារណា​ថា​តើ​វា​ល្អ​បំផុត​សម្រាប់​សិស្ស​ដើម្បី​សិក្សា​ខគម្ពីរ​ខាង​ក្រោម​ជាមួយ​គ្នា​ជា​ថ្នាក់​ជាមួយ​ដៃគូ ឬ​ដោយ​ខ្លួន​ឯង ។

សូម​អាន អាលម៉ា ១៨:២៤–៤៣ ដោយ​រកមើល​អ្វី​ដែល​អាំម៉ូន​បាន​បង្រៀន​ឡាម៉ូណៃ ។ អ្នក​អាច​ធ្វើ​បញ្ជី​មួយ​នៃ​អ្វី​ដែល​អ្នក​រកឃើញ ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពាក្យ « បាន​និយាយ​សារ​ឡើង​វិញ », « បាន​អធិប្បាយ​ប្រាប់ » និង « បាន​ប្រាប់ » ។ អ្នក​ក៏​អាច​មើល​វីដេអូ​« Ammon Teaches King Lamoni about the Gospel of Jesus Christ » ចាប់ពី​នាទី​ទី ១:៥៦ ដល់​នាទី​ទី ៥:៤១ មាន​នៅ ChurchofJesusChrist.org ហើយ​ផ្ទៀងតាម​នៅក្នុង​បទគម្ពីរ​របស់​អ្នក ។

  • តើ​សេចក្ដីពិត​សំខាន់ៗ​អ្វី​ខ្លះ​ដែល​អាំម៉ូន​បាន​ជួយ​ឡាម៉ូណៃ​ឲ្យ​យល់ ?

    សូម​ពិចារណា​ឲ្យ​សិស្ស​សរសេរ​ចម្លើយ​របស់​ពួកគេ​ទៅ​នឹង​សំណួរ​មុន​នៅលើ​ក្ដារខៀន ។ សិស្ស​ក៏​អាច​ដាក់​សញ្ញា​ផ្កាយ​ក្បែរ​សេចក្ដីពិត​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន​សព្វ​ថ្ងៃនេះ​ដែរ ។

  • តើ​សេចក្ដីពិត​ទាំង​នេះ​ជះ​ឥទ្ធិពល​អ្វី​ខ្លះ​ដល់​ឡាម៉ូណៃ ?

  • ហេតុអ្វី​សេចក្ដីពិត​ទាំងនេះ​សំខាន់​សម្រាប់​យើង​ដើម្បី​យល់​សព្វថ្ងៃ​នេះ ?

សូមមើល​យោបល់​នៅក្នុង​ផ្នែក « សកម្មភាព​រៀនសូត្រ​បន្ថែម » ដែល​អាច​ជួយ​សិស្ស​យល់​ពី​សារៈសំខាន់​នៃ​សេចក្ដីពិត ដែល​អាំម៉ូន​បាន​បង្រៀន​ស្ដេច​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ។

ទោះបី​ជា​សាសន៍​លេមិន​ជាច្រើន​បាន​គិត​ថា ឡាម៉ូណៃ​បាន​សុគត ពេល​ទ្រង់បាន​ដួល​លើ​ដី​ក៏​ដោយ ក៏​ក្រោយ​មក​អាំម៉ូន​បាន​ជួយ​ពួកគេ​ឲ្យ​យល់​ថា ស្តេច « នៅ​ក្រោម​ព្រះចេស្ដា​នៃ​ព្រះ » ឬ « បាន​នាំ​យកទៅ​ដោយ​ព្រះ » ( អាលម៉ា ១៩:៦ ) ។ អ្នក​នឹង​រៀន​បន្ថែម​ទៀត​អំពី​ការប្រែចិត្ត​ជឿ​របស់​ឡាម៉ូណៃ ពេល​អ្នក​សិក្សា អាលម៉ា ១៩ ។

ការអនុវត្ត​អ្វី​ដែល​អ្នក​បាន​រៀនសូត្រ

សូម​ទុក​ពេល​ដល់​សិស្ស​ដើម្បី​ពិចារណា​ពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​សេចក្ដីពិត​ដែល​ពួកគេ​បាន​សិក្សា​នៅថ្ងៃ​នេះ ។ វា​ប្រហែល​ជា​មាន​ប្រយោជន៍​ក្នុង​ការបង្ហាញ​ការណែនាំ​ខាង​ក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​ចម្លើយ​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​ពួកគេ ។ បន្ទាប់​មក អ្នក​អាច​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​គោលដៅ ឬ​ផែនការ​ខ្លះ​របស់​ពួកគេ ប៉ុន្តែ​មិនមែន​ឈ្មោះ​មនុស្ស​ដែល​ពួកគេ​បាន​គិត​នោះ​ទេ ។

សូម​គិត​អំពី​នរណា​ម្នាក់​ដែល​អ្នក​មាន​អារម្មណ៍​ថា អ្នក​អាច​ជួយ​ឲ្យ​ចូល​មក​កាន់តែ​ជិត​ព្រះ តាមរយៈ​សេចក្ដី​ស្រឡាញ់ និង​ការបម្រើ​ដូច​ព្រះគ្រីស្ទ ។

  • តើ​អ្នក​អាច​បម្រើ ឬ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ​ចំពោះ​បុគ្គល​នេះ​យ៉ាង​ដូចម្ដេច ?

  • តើ​ការខិតខំ​របស់​អ្នក​អាច​ជួយ​បុគ្គល​នេះ​ចូល​មក​កាន់តែ​ជិត​ព្រះ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​ឃើញ​មាន​ឧបសគ្គ​អ្វី​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការបម្រើ​មនុស្ស​នេះ​ដោយ​ក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ ? តើ​អ្នក​អាច​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំង​នោះ​បាន​យ៉ាង​ដូចម្ដេច ?