ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ៣:១–១៧ ៖ សេចក្តីសង្គ្រោះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ


« ម៉ូសាយ ៣:១–១៧ ៖ សេចក្តីសង្គ្រោះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ៣:១–១៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ៣:១–១៧

សេចក្តីសង្គ្រោះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ

ពេញ​មួយ​ប្រវត្តិសាស្ត្រ​ទេវតា​បានចុះ​មក​ផែនដី​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ប្រកាស « ដំណឹង​ដ៏​រីករាយ​មួយ​ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ » ( ម៉ូសាយ ៣:៣; អាលម៉ា ១៣:២២; ហេលេមិន ១៦:១៤ ) ។ ស្តេច​បេនយ៉ាមីន​បានទទួល​ការយាងមក​ជួប​នេះ ។ ទ្រង់​បាន​ចែកចាយ​ជាមួយ​ប្រជាជន​របស់​ទ្រង់​នូវ​ទីបន្ទាល់​របស់​ទេវតា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ កិច្ចការ​ដែល​ព្រះអង្គ​សង្គ្រោះ​នឹង​ជួបប្រទះ និង​សេចក្តីពិត​ដែលថា សេចក្តី​សង្គ្រោះ​កើតឡើង​តាមរយៈ​ព្រះនាម​នៃ​ព្រះគ្រីស្ទ​ប៉ុណ្ណោះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ដើម្បី​អ្នក​អាច​បានសង្រ្គោះ ។

ការជួយ​សិស្ស​ឲ្យ​រៀន​សញ្ជឹងគិត ។« សញ្ជឹងគិត » មាន​ន័យថា សមាធិ ឬ​គិត​យ៉ាង​ស៊ីជម្រៅ​អំពី​អ្វី​មួយ ហើយ​ជា​រឿយៗ​វា​រួមបញ្ចូល​ការអធិស្ឋាន ។ នៅពេល​សិស្ស​រៀន​សញ្ជឹងគិត​អំឡុងពេល​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ព្រះវិញ្ញាណ​នឹង​បើក​សម្ដែង​សេចក្ដីពិត​ដល់​ពួកគេ ហើយ​ជួយ​ពួកគេ​ឲ្យ​ដឹង​ពីរបៀប​ដែល​ពួកគេ​អាច​ក្លាយ​កាន់តែ​ដូច​ព្រះយេស៊ូវ​គ្រីស្ទ ។

ការរៀបចំ​សិស្ស ៖ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យពិភាក្សា​ជាមួយ​សមាជិក​គ្រួសារ មិត្តភក្តិ ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ​អំពី​ពរជ័យ​ដែល​អាច​កើត​មានបាន​ដោយសារតែ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ។

សកម្មភាព​សិក្សា​ដែល​អាច​ធ្វើបាន

ដំណឹងល្អ​ពី​សេចក្ដីអំណរ​យ៉ាងអស្ចារ្យ

សូម​ពិចារណា​បង្ហាញ​រូបភាព​នៃ​ទេវតា​ដែល​ប្រកាស​អំពី​កំណើត​របស់​ព្រះ​អង្គសង្គ្រោះ ។​

  • តើ​អ្នក​អាច​គិត​អំពី​គ្រា​ដែល​ទេវតា​យាងចុះ​មក​ផែនដី​ដើម្បី​ថ្លែងទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ​ឬ​ទេ ?

ឧទាហរណ៍​មួយ​គឺ​នៅក្នុង លូកា ២:១០–១២ ។ សូម​អាន​ខគម្ពីរ​ទាំង​នេះ ឬ​មើល​វីដេអូ « Shepherds Learn of the Birth of Christ » ចាប់ពី​នាទី​ទី ០:០០ ដល់ នាទី​ទី ១:៤៧ ដោយ​រកមើល​អ្វី​ដែល​ទេវតា​បាន​បន្ទូល​ដើម្បី​ប្រកាស​អំពី​កំណើត​របស់​ព្រះអង្គ​សង្គ្រោះ ។ វីដេអូ​នេះ​មាន​នៅ ChurchofJesusChrist.org.

ទេវតា​មួយអង្គ​ក៏​បាន​បង្ហាញ​ខ្លួន​ដល់​ស្តេច​បេនយ៉ាមីន​ផងដែរ ។ សូម​អាន ម៉ូសាយ ៣:៣–៤ ដោយ​រកមើល​ភាពស្រដៀង​គ្នា​រវាង​អ្វី​ដែល​ទេវតា​បាន​ប្រាប់​អ្នកគង្វាល និង​អ្វី​ដែល​ទេវតា​បាន​ប្រាប់​ស្តេច​បេនយ៉ាមីន ។

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​នឹង​ត្រូវ​ចាត់ទុក​ជា « ដំណឹង​ដ៏​រីករាយ​មួយ​ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ » ?

នៅក្នុង​សុន្ទរកថា​របស់​ទ្រង់​ទៅកាន់​ប្រជាជន​របស់​ទ្រង់​រួមបញ្ចូល​នៅក្នុង ម៉ូសាយ ៣:១–១៧ ស្តេច​បេនយ៉ាមីន បាន​ចែកចាយ​សារខ្លះៗ​របស់​ទេវតា ។ សារនេះ​បាន​លើកឡើង​អំពី​ព្រះជន្ម និង​បេសកកម្ម​របស់​ព្រះ​យេស៊ូវគ្រីស្ទ របៀប​ដែល​ពួកគេ​អាច​ទទួល​បាន​សេចក្តីអំណរ និង​អ្វី​ដែល​ព្រះយេស៊ូវ​ផ្តល់ឲ្យ​ដែល​គ្មាន​នរណា​ម្នាក់​អាច​ធ្វើបាន ។

ព្រះនាម​តែ​មួយគត់​ដែល​សេចក្ដីសង្រ្គោះ​កើត​មាន

សូម​អាន ម៉ូសាយ ៣:១៧ ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទានមក ។

  • តើ​សេចក្តីពិត​អ្វី​ដែល​អ្នក​អាច​រកឃើញ​ពី ខទី ១៧ ?

សិស្ស​អាច​រកឃើញ​សេចក្ដីពិត​ខុសៗ​គ្នា—ឧទាហរណ៍ ៖ សេចក្ដី​សង្រ្គោះ​បាន​មក​ពី​ព្រះយេស៊ូវ​គ្រីស្ទ​តែ​ប៉ុណ្ណោះ ។ សូម​អរគុណ​សិស្ស​សម្រាប់​ការ​ចែកចាយ​សេចក្តីពិត​ដែល​ពួកគេ​បានរកឃើញ ហើយ​ពិចារណា​សរសេរ​សេចក្តីពិតមួយ ឬ​ច្រើន​នៅលើ​ក្ដារខៀន ។

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ពី​អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវកដប់ពីរនាក់ ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បានសង្គ្រោះ​យើង ៖

តាមរយៈ​អំណោយទាន​មិន​អាច​គណនា​បាន​នៃ​ដង្វាយធួន​ទ្រង់ នោះ​ព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ​យេស៊ូវគ្រីស្ទ​នៃ​យើង ពុំ​គ្រាន់តែ​សង្គ្រោះ​យើង​ពី​សេចក្ដីស្លាប់ និង​ប្រទាន​ការអភ័យទោស​ដល់​អំពើបាប​យើង​តាមរយៈ​ការប្រែចិត្ត​ប៉ុណ្ណោះ​ទេ ទ្រង់​ថែមទាំង​ត្រៀម​ព្រះកាយ​ដើម្បី​សង្គ្រោះ​យើង​ពី​ទុក្ខព្រួយ និង​ការឈឺចាប់​នៃ​ព្រលឹង​រង​របួស​របស់​យើង​ផងដែរ ។ ( នែល អិល អាន់ឌើរសិន « Wounded » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៥ )

សំណួរ​ខាងក្រោម​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​មានអារម្មណ៍​ថា ពួកគេ​ត្រូវការ​ព្រះអង្គ​សង្គ្រោះ ។ សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​ចម្លើយ​របស់​ពួកគេ​ដោយ​ស្ងាត់ស្ងៀម ។ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​ដើម្បី​ដឹងពី​វិធី​ផ្សេងទៀត ដែល​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​ដឹង​ពី​តម្រូវការ​ផ្ទាល់ខ្លួន​របស់​ពួកគេ​សម្រាប់​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​គិត​អំពី​អ្វី​ដែល​អ្នក​ត្រូវ​សង្គ្រោះ ។ តើ​មាន​អំពើបាប​ដែល​អ្នក​កំពុងតែ​ព្យាយាម​ជម្នះ​ដែរឬ​ទេ ? តើ​មានទុក្ខ ឬ​ការឈឺចាប់​ដែល​អ្នក​កំពុង​ជួប​ប្រទះទេ ? នៅពេល​ដែល​អ្នក​សិក្សា ម៉ូសាយ ៣ សូម​ស្វែងរក​ការបំផុសគំនិត​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ​ដើម្បី​ជួយអ្នក​ឲ្យ​ដឹង​ពី​របៀប​ដែល​អ្នក​អាច​ទទួល​បាន​សេចក្តីសង្គ្រោះ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​ឲ្យ ។

សូម​អាន ម៉ូសាយ ៣:៥–១០ ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បានធ្វើ​ដើម្បី​ឲ្យ​អ្នក​អាច​បានសង្រ្គោះ ។ សូម​ចំណាយ​ពេល​អាន​យឺតៗ ហើយ​ពិចារណា ។ ការសញ្ជឹងគិត​គឺ​ជា​វិធី​មួយ​ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណបរិសុទ្ធ​ឲ្យ​បង្រៀន​អ្នក ។ អ្នក​ប្រហែល​ជា​ចង់​សរសេរ​គំនិត​របស់​អ្នក​នៅក្នុង​ព្រះគម្ពីរ ឬ​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

សូម​ប្រាកដ​ថា សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​អាន និង​សញ្ជឹងគិត​អំពី​ព្រះគម្ពីរ ។ នៅពេល​សិស្ស​ខ្លះ​អាន​ចប់​មុន​សិស្ស​ផ្សេង សូម​ពិចារណា​ហៅ​ពួកគេ​ឲ្យ​អាន​ខគម្ពីរមួយ​ចំនួន​ឡើងវិញ រកមើល​លេខយោង ឬ​ចំណាយ​ពេល​បន្ថែមទៀត​ដើម្បី​សញ្ជឹងគិត ។

បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​ចាប់​អារម្មណ៍​ពី​ការសិក្សា​របស់​ពួកគេ ។ សូម​ពិចារណា​ប្រើ​សំណួរ​មួយ​ចំនួន ឬ​ទាំងអស់​ខាងក្រោម ។ អ្នក​ក៏​អាច​ឲ្យ​សិស្ស​សួរ​សំណួរ​អំពី​ខគម្ពីរ​នេះ​ផងដែរ ។

  • តើ​អ្នក​មាន​ចំណាប់​អារម្មណ៍​អ្វី​ខ្លះ នៅពេល​អ្នក​បាន​សិក្សា​ខគម្ពីរ​ទាំងនេះ ?

  • តើ​ឃ្លា​អ្វី​ខ្លះ​នៅក្នុង​ខគម្ពីរទាំងនេះ​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍ ?

  • តើ​អ្នក​រកឃើញ​អ្វីខ្លះ ដែល​ធ្វើឲ្យអ្នក​រីករាយ ?

អ្នក​ប្រហែល​ជា​ចង់មើល​វីដេអូ « Jesus Christ Suffered for Us » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.orgដោយ​រកមើល​ពី​របៀប​ដែល​បុគ្គល​ផ្សេងៗ បាន​ទទួល​ពរ​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

សូមអញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំនិត ឬ​អារម្មណ៍​ណា​មួយ​ដែល​ពួកគេ​មាន ប្រសិនបើពួកគេ​បានមើល​វីដេអូ​នេះ ។ សូម​ពិចារណា​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន ឬ​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ និង​សេចក្តីសង្គ្រោះ​ដែល​ទ្រង់ប្រទាន​ឲ្យ ។ សូម​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ឲ្យចែកចាយ​បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ​ផងដែរ ។

សូម​អាន ម៉ូសាយ ៣:១១–១៣ ដោយ​រកមើល​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ ដើម្បី​ទទួល​បាន​សេចក្តីអំណរ និង​សេចក្តីសង្រ្គោះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​អានយឺតៗ ហើយ​ពិចារណា​ពី​ខគម្ពីរ​ទាំងនេះ ។ សំណួរ​ខាងក្រោម​អាច​ជួយ​អ្នក​សញ្ជឹងគិត ។

សូម​ប្រើ​សំណួរ​មួយ​ចំនួន​ខាងក្រោម ឬ​សំណួរ​ផ្សេង​ទៀត​ដែល​អ្នក​មាន​អារម្មណ៍​ថា​ត្រូវបាន​បំផុសគំនិតឲ្យ​សួរ ដើម្បី​ជួយ​សិស្ស​ពិភាក្សា​អំពី​អំណរ​ដែល​អាច​កើតមាន​តាមរយៈ​ការប្រែចិត្ត ។ អ្នក​ក៏​អាច​ចែកចាយ​សេចក្តីថ្លែងការណ៍​របស់​អែលឌើរ ឌេល ជី រិនឡិន អំពី​អំណរ និង​ការប្រែចិត្ត​នៅក្នុង​ផ្នែក « វិចារណកថា និង​ព័ត៌មាន​សាច់រឿង » ។

សិស្ស​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​ការរកឃើញ​គោលការណ៍​ខាងក្រោម ៖ ប្រសិនបើ​យើង​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ប្រែចិត្ត នោះយើង​អាច​ត្រូវបាន​សង្គ្រោះពី​អំពើបាប​របស់​យើង ហើយ​រីករាយ​ជាមួយ​អំណរ​ដ៏​អស្ចារ្យ ។

  • តើ​អ្នក​បានរៀន ឬ​ទទួលអារម្មណ៍​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ជំរុញ​អ្នក​ឲ្យប្រែចិត្ត ?

  • ហេតុ​អ្វី​អ្នក​គិតថា ការផ្ដាច់​បាប​នាំមក​នូវ​អំណរ ?

សូម​រំឭក​ឡើងវិញ​នូវ​អ្វី​ដែល​អ្នក​ត្រូវសង្គ្រោះ ។ សូម​គិត​អំពី​អ្វី​ដែល​អ្នក​បានសិក្សា​នៅក្នុង ម៉ូសាយ ៣ និង​ចំណាប់អារម្មណ៍​ដែល​អ្នក​បាន​ទទួល​ពី​ព្រះវិញ្ញាណ ។ សូម​ខិតខំ​អនុវត្ត​សេចក្តីជំនឿ ប្រែចិត្ត និង​ជឿលើ​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​អ្នក​អាច​ទទួល​បាន​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ និង​អំណរ​ដែល​កើតចេញ​ពី​ការអភ័យទោស ។