ថ្នាក់​សិក្ខាសាលា
យ៉ាកុប ៧ ៖ សេចក្តីជំនឿ​ឥត​ញាប់​ញ័រ​លើ​ព្រះយេស៊ូវគ្រីស្ទ


« យ៉ាកុប ៧ ៖ សេចក្តីជំនឿ​ឥត​ញាប់​ញ័រ​លើ​ព្រះយេស៊ូវគ្រីស្ទ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« យ៉ាកុប ៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

យ៉ាកុប ៧

សេចក្តីជំនឿ​ឥត​ញាប់​ញ័រ​លើ​ព្រះយេស៊ូវគ្រីស្ទ

រូបភាព
ជំនួស

ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​មនុស្ស​មួយ​ចំនួន​សព្វ​ថ្ងៃ​នេះ​កំពុង​ព្យាយាម​ដោយ​ចេតនា ដើម្បី​អង្រួន​សេចក្តីជំនឿ​របស់​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ នោះ​អ្នក​គិត​ត្រូវ​ហើយ ។ វា​មិនមែន​ជា​រឿង​ថ្មី​ទេ ។ ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ មាន​បុរស​ម្នាក់​ឈ្មោះ សេរេម « បាន​ខិតខំ​ធ្វើ​ការ​ដោយ​ព្យាយាម ក្រែង​គាត់​អាច​បង្វែរ​ចិត្ត​ប្រជាជន​ចេញ » ( យ៉ាកុប ៧:៣ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​រៀបចំខ្លួន​ដើម្បី​យក​ឈ្នះ​លើ​ឧបសគ្គ​ចំពោះ​សេចក្តីជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។

ការជួយ​សិស្ស​ឲ្យ​យល់​អំពី​ខ្លឹមសារ​នៃ​បទគម្ពីរ ។ខ្លឹមសារ​នៃ​បទគម្ពីរ​គឺ​ដំណើរ​រឿង មនុស្ស ព្រឹត្តិការណ៍ ការបង្រៀន និង​ការពន្យល់ ។ ការយល់ដឹង​អំពី​ធាតុ​ទាំងនេះ អាច​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បុគ្គល​ម្នាក់ៗ​នៅក្នុង​បទគម្ពីរ ហើយ​ត្រូវបាន​ស្អាង​ឡើង​តាមរយៈ​ការបង្រៀន​ដែល​បាន​កត់ត្រា​ទុក​ដោយ​បំផុស​គំនិត ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​ថ្នាក់រៀន​ដោយ​ត្រៀមខ្លួន​ចែកចាយ​គំរូ​មួយ អំពី​នរណា​ម្នាក់​ដែល​ឈរ​យ៉ាង​រឹងប៉ឹង​ក្នុង​សេចក្ដីជំនឿ​របស់​ពួកគេ ពេល​អ្នក​ផ្សេងទៀត​ជំទាស់​នឹង​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការរៀបចំ​សម្រាប់​បញ្ហា​ប្រឈម​នាពេល​អនាគត

មុនពេល​ចែកចាយ​សេចក្តីថ្លែង​ការណ៍​ខាង​ក្រោម សូម​ពិចារណា​សួរ​ថា « លើ​រង្វាស់​ពី​មួយ​ដល់​ដប់ តើ​អ្នក​គិត​ថា វា​ពិបាក​ប៉ុនណា​ដើម្បី​ក្លាយជា​សិស្ស​ដ៏​ក្លាហាន​របស់​ព្រះយេស៊ូវគ្រីស្ទ​នា​ពេល​សព្វ​ថ្ងៃ​នេះ ? » អ្នក​អាច​សូម​ឲ្យ​សិស្ស​លើក​ចំនួន​ម្រាមដៃ​ដែល​តំណាងឲ្យ​ចម្លើយ​របស់​ពួកគេ ហើយ​បន្ទាប់មក​សួរ​ពួកគេ​មួយ​ចំនួន​ឲ្យ​ចែកចាយ​ពី​មូលហេតុ ដែល​ពួកគេ​ឆ្លើយតប​តាម​របៀប​ដែល​ពួកគេ​បាន​ឆ្លើយ ។

ប្រធាន រ័សុល អិម ណិលសុន បាន​ចែកចាយ​ដូច​តទៅ​នេះ​អំពី​បញ្ហា​លំបាក​មួយ​ដែល​យើង​នឹង​ប្រឈម​មុខ ៖

ថ្ងៃ​ដ៏​ពិបាក​មាន​នៅ​ខាង​មុខ ។ នៅក្នុង​ពេល​អនាគត​វា​កម្រ​ថា នឹង​មាន​ភាពងាយ​ស្រួល ឬ​មាន​ប្រជាប្រិយភាព​ក្នុង​ការធ្វើ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដ៏​ស្មោះត្រង់​ម្នាក់ ។ យើង​ម្នាក់ៗ​នឹង​ត្រូវបាន​សាកល្បង ។ សាវក​ប៉ុល​បាន​ព្រមាន​ថា នៅក្នុង​ថ្ងៃ​ចុងក្រោយ អ្នក​ដែល​ធ្វើតាម​ព្រះអម្ចាស់​ដោយ​ឧស្សាហ៍​ព្យាយាម « នឹង​ត្រូវ​មាន​សេចក្ដីបៀតបៀន​ដែរ » [ ធីម៉ូថេ​ទី ២ ៣:១២ ] ។ ការបៀតបៀន​នោះ​អាច​សង្កត់​អ្នក​ទៅ​ក្នុង​ភាពខ្សោយ​ដោយ​ស្ងៀមស្ងាត់ ឬ​ក៏​អាច​ជំរុញ​អ្នក​ឲ្យ​កាន់តែ​ប្រែក្លាយ​ជា​គំរូ និង​មាន​សេចក្តីក្លាហាន​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក ។ ( រ័សុល អិ មណិលសុន « Face the Future with Faith » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៣៥–៣៦ )

  • ប្រធាន​ណិលសុន​បាន​ថ្លែង​សុន្ទរកថា​នេះ​ក្នុង​ឆ្នាំ ២០១១ ។ តើ​អ្នក​បាន​ជួប​ប្រទះ ឬ​ឃើញ​អ្វី​ដែល​លោក​បាន​រៀបរាប់​មក​នេះ​តាម​របៀប​ណា​ខ្លះ ?

  • ហេតុអ្វី​វា​អាច​នឹង​កាន់តែ​មិនសូវ​មាន​ប្រជាប្រិយភាព​នៅ​ពេល​អនាគត ដើម្បី​រក្សា​ភាពស្មោះត្រង់​ចំពោះ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ? ហេតុអ្វី​អ្នក​គិត​ថា វា​នៅតែ​មាន​តម្លៃ ?

  • ហេតុអ្វី​អ្នក​គិត​ថា ព្រះអម្ចាស់​ប្រាប់​យើង​អំពី​ការលំបាក​ទាំងនេះ​បាន​មុន​ពេលវេលា ?

សូម​សញ្ជឹង​គិត​មួយ​នាទី​អំពី​ភាពរឹងមាំ​នាពេល​បច្ចុប្បន្ន​នេះ ពី​ទីបន្ទាល់​របស់​អ្នក​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​របៀប​ដែល​អ្នក​បាន​រៀបចំ​ខ្លួន​ដើម្បី​បន្ត​ស្មោះត្រង់​ចំពោះ​ទ្រង់​ក្នុង​ថ្ងៃ​ដ៏​លំបាក​ខាង​មុខ ។ នៅពេល​អ្នក​សិក្សា យ៉ាកុប ៧ សូម​រកមើល​ពី​របៀប​ដែល​យ៉ាកុប​បាន​រៀបចំ​ខ្លួន ដើម្បី​បន្ត​ស្មោះត្រង់​នៅពេល​ដែល​បុរស​ទុច្ចរិត​ម្នាក់​ឈ្មោះ​សេរេម ព្យាយាម​ធ្វើ​ឲ្យ​ជំនឿ​របស់​លោក​ញាប់ញ័រ ។

សេរេម​ប្រកាស​ប្រឆាំង​នឹង​ព្រះគ្រីស្ទ

សូម​អាន យ៉ាកុប ៧:១–៧ ឬ​មើល​វីដេអូ « Sherem Denies Christ » ចាប់​ពី​នាទី​ទី ០:៣៣ ដល់​នាទី​ទី ២:២១ ។ វីដេអូ​នេះ​មាន​នៅ ChurchofJesusChrist.org។, សូម​រកមើល​អ្វី​ដែល​សេរេម បាន​បង្រៀន​ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​សេចក្តីជំនឿ​របស់​ពួកសាសន៍​នីហ្វៃ​លើ​ព្រះគ្រីស្ទ​ញាប់ញ័រ ។

  • តើ​សេរេម​បាន​បង្រៀន​អ្វី​ខ្លះ ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​សេចក្តីជំនឿ​របស់​សាសន៍​នីហ្វៃ​ញាប់ញ័រ ?

  • តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​មនុស្ស​អាច​ប្រជែង​នឹង​សេចក្ដីជំនឿ​ដល់​សិស្ស​របស់​ព្រះគ្រីស្ទ​សព្វ​ថ្ងៃ​នេះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​ដោយ​ស្ងប់ស្ងាត់​អំពី​ចំណុច​ដូច​ខាង​ក្រោម​នេះ ៖

សូម​ពិចារណា ប្រសិនបើ​អ្នក​បាន​ឃើញ​នរណា​ម្នាក់​នៅ​ជុំវិញ​អ្នក​ចាប់ផ្តើម​សង្ស័យ​លើ​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ ដោយសារ​ឥទ្ធិពល​របស់​អ្នក​ដទៃ ។ តើ​អ្នក​បាន​កត់​សម្គាល់​ឃើញ​នរណា​ម្នាក់​ប្រជែង​នឹង​ជំនឿ​របស់​អ្នក​លើ​ទ្រង់​ទេ ?

ជំនឿ​របស់​យ៉ាកុប​មិន​អាច​ញាប់ញ័រ​បាន​ទេ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​អាន​ខគម្ពីរ​ខាង​ក្រោម​ជាមួយ​នឹង​ក្រុម​តូចៗ ។ បន្ទាប់មក សូម​អញ្ជើញ​ឲ្យ​ក្រុម​នីមួយៗ​មាន​តំណាង​ម្នាក់ សរសេរ​នៅលើ​ក្ដារខៀន​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​គំរូ​របស់​យ៉ាកុប ។ នេះ​ជា​សេចក្តីពិត​មួយ​ចំនួន​ដែល​សិស្ស​អាច​រកឃើញ ៖ ព្រះវិញ្ញាណ​អាច​ជួយ​យើង​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ និង​និយាយ នៅពេល​សេចក្ដីជំនឿ​របស់​យើង​ត្រូវបាន​ប្រជែង ហើយ យើង​អាច​ពឹងផ្អែក​លើ​ការបង្រៀន​របស់​ព្យាការី ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង​លើ​ព្រះគ្រីស្ទ ។

នៅពេល​សិស្ស​ចែកចាយ សូម​ពិចារណា​រំឭក​ពួកគេ​ថា ការសិក្សា​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​អាច​រៀបចំ​ពួកគេ ឲ្យ​ស៊ូទ្រាំ​នឹង​ឧបសគ្គ​ចំពោះ​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​អាន យ៉ាកុប ៧:៥, ៨–១២ ដោយ​រកមើល​អ្វី​ដែល​បាន​ជួយ​យ៉ាកុប​បដិសេធ​ការបង្រៀន​របស់​សេរេម ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ពី ខទី ៥ គឺ​ថា យើង​អាច​យក​ឈ្នះ​លើ​ឧបសគ្គ​ចំពោះ​សេចក្ដីជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ ដោយ​ការចងចាំ​ពី​បទពិសោធន៍​ខាង​វិញ្ញាណ​ពី​អតីតកាល​ដែល​ពង្រឹង​សេចក្ដីជំនឿ​របស់​យើង ។

  • តើ​យ៉ាកុប​បាន​ចងចាំ​រឿង​ជាក់លាក់​អ្វី​ខ្លះ​ក្នុង​អំឡុងពេល​ប្រឈម​មុខ​គ្នា​នេះ​ដែល​បាន​ជួយ​លោក ?

  • ហេតុអ្វី​ការចងចាំ​បទពិសោធន៍​ខាង​វិញ្ញាណ​ពី​អតីតកាល​របស់​យើង​អាច​ពង្រឹង​យើង នៅពេល​យើង​ប្រឈម​មុខ​នឹង​ការប្រជែង​នឹង​សេចក្ដីជំនឿ​របស់​យើង ?

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

ទន្ទឹម​នឹង​ការណែនាំ​ដ៏​សុខសាន្ដ​ដែល​យើង​បាន​ទទួល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ពី​មួយ​គ្រា​ទៅ​មួយ​គ្រា ព្រះ​ដ៏​ប្រកប​ដោយ​អានុភាព បាន​អះអាង​ដល់​យើង​ម្នាក់ៗ​ដោយ​ផ្ទាល់​ថា ទ្រង់​ស្គាល់​យើង ហើយ​ស្រឡាញ់​យើង ហើយ​ទ្រង់​នឹង​ប្រទានពរ​ជាក់លាក់ និង​បើក​ចំហ​ដល់​យើង ។ បន្ទាប់មក នៅក្នុង​គ្រាលំបាក​របស់​យើង ព្រះអង្គ​សង្គ្រោះ​បាន​រំឭក​យើង​ពី​បទពិសោធន៍​ទាំងនោះ​មក​ក្នុង​គំនិត​យើង ។ …

សូម​ឱប​ក្រសោប​អនុស្សាវរីយ៍​ដ៏​ពិសិដ្ឋ​របស់​អ្នក ។ សូម​ជឿ​បទពិសោធន៍​ទាំង​នោះ ។ សូម​សរសេរ​វា​ទុក ។ … ខ្ញុំ​សូម​សន្យា​ថា កាល​អ្នក​មាន​ឆន្ទៈ​ចង់​ដឹង និង​ថែ​រក្សា​ព្រឹត្តិការណ៍​ខាង​វិញ្ញាណ​ដ៏​មាន​អត្ថន័យ​ទាំង​នោះ​នៅក្នុង​ជីវិត​របស់​អ្នក​ដោយ​ប្រុងប្រយ័ត្ន នោះ​អ្នក​នឹង​កាន់តែ​ទទួល​បាន​ច្រើន​ថែម​ទៀត ។ ព្រះវរបិតា​សួគ៌​ស្គាល់ និង​ស្រឡាញ់​អ្នក !  ( នែល អិល អាន់ឌើរសិន « Spiritually Defining Memories » EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ១៩, ២១–២២ )

ប្រសិនបើ​អ្នក​ប្រើ​គំនិត​ខាង​ក្រោម សូម​ទុក​ពេល​គ្រប់គ្រាន់​ឲ្យ​សិស្ស​សញ្ជឹងគិត អធិស្ឋាន និង​កត់ត្រា​អារម្មណ៍ និង​បទពិសោធន៍​របស់​ពួកគេ ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​បទពិសោធន៍​ដែល​មិន​ពិសិដ្ឋ​ខ្លាំង​ពេក ។ សូម​ពិចារណា​ចែកចាយ​ឧទាហរណ៍​ផ្ទាល់​ខ្លួន​មួយ​ដែល​មិន​ពិសិដ្ឋ​ខ្លាំង ឬ​ប្លែក​ពេក ដើម្បី​ឲ្យ​សិស្ស​អាច​ភ្ជាប់​ទៅ​នឹង​បទពិសោធន៍​របស់​អ្នក ។

សូម​ចំណាយ​ពេល​ខ្លះ​ដើម្បី​ចងចាំ​ពី​អារម្មណ៍ និង​បទពិសោធន៍​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​អ្នក ដើម្បី​ធានា​ដល់​អ្នក​ថា ទ្រង់​ស្គាល់ និង​ស្រឡាញ់​អ្នក ។ សូម​កត់ត្រា​អារម្មណ៍ និង​បទពិសោធន៍​ទាំងនោះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ឬ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ​ក្នុង​ការចងចាំ​បទពិសោធន៍​បែប​នេះ សូម​ទូល​សុំ​ព្រះវរបិតា​សួគ៌​ដោយ​ការអធិស្ឋាន​ដើម្បី​ជួយ​អ្នក​ឲ្យ​ស្គាល់ ឬ​ចងចាំ​បទពិសោធន៍​ខ្លះ​ដើម្បី​បន្ត​ទៅមុខ​ទៀត ។ ទ្រង់​នឹង​ធ្វើ​ដូច្នេះ​តាម​ពេលវេលា និង​របៀប​របស់​ទ្រង់ ។

អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « Spiritually Defining Memories » ចាប់​ពី​នាទី​ទី ១៣:៤០ ដល់​នាទី ១៤:៤៦ ។ សូម​រកមើល​របៀប​ដែល​រឿង​ប្រៀបប្រដូច​របស់​អែលឌើរ អាន់ឌើរសិន បង្ហាញ​ថា ការចងចាំ​ខាង​វិញ្ញាណ​របស់​យើង​អាច​បំភ្លឺ​ផ្លូវ​ទាំង​សម្រាប់​យើង និង​សម្រាប់​អ្នក​ដទៃ​ក្នុង​អំឡុងគ្រាលំបាក ។ វីដេអូ​នេះ​មាន​នៅ ChurchofJesusChrist.org។,

អ្នក​អាច​ប្រើ​យោបល់​ខាង​ក្រោម ហើយ​ផ្ដល់​ពេល​ឲ្យ​សិស្ស​ពីរ​បី​នាទី​ដើម្បី​ផ្ញើ​សារ​ជាអក្សរ ឬ​ផ្ញើ​អ៊ីមែល​ទៅ​មនុស្ស​ជា​ទីស្រឡាញ់ ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការរំឭក​ពួកគេ​ថា បទពិសោធន៍​ដ៏​ពិសិដ្ឋ​មួយ​ចំនួន​គួរតែ​ត្រូវបាន​រក្សា​ទុក​ផ្ទាល់​ខ្លួន ។

សូម​សញ្ជឹងគិត​អំពី​អ្នក​ណា​ដែល​អ្នក​ដឹង​ថា អាច​ត្រូវបាន​ពង្រឹង​ដោយ​ការស្តាប់​បទពិសោធន៍​របស់​អ្នក ។ សូម​ពិចារណា​រក​មើល​របៀប​ចែកចាយ​បទពិសោធន៍​ជាមួយ​ពួកគេ ។

សូម​គិត​ផងដែរ​អំពី​មនុស្ស​ជាទីស្រឡាញ់ និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដែល​សេចក្ដីជំនឿ និង​បទពិសោធន៍​របស់​ពួកគាត់​អាច​ពង្រឹង​ដល់​អ្នក​ផ្ទាល់ ។ សូម​ពិចារណា​ឈោង​ទៅ​រកពួកគេ​ដើម្បី​រក​ជំនួយ ។

ទីសម្គាល់​មកពី​ព្រះ

សូម​អាន យ៉ាកុប ៧:១៣–២៣ ឬ​មើល​វីដេអូ « Sherem Denies Christ » ចាប់​ពី​នាទី​ទី ២:២២ ដល់​នាទី​ទី ៧:១៦ ដើម្បី​ស្វែងយល់​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​សេរេម ។

សូម​ពិចារណា​បង្ហាញ​សំណួរ​ខាង​ក្រោម​នេះ ហើយ​ផ្តល់​ពេលវេលា​ដល់​សិស្ស​ដើម្បី​សញ្ជឹងគិត​អំពី​សំណួរ​ទាំង​នោះ ។ បន្ទាប់មក អញ្ជើញ​អ្នក​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។

  • ហេតុអ្វី​អ្នក​គិត​ថា យ៉ាកុប​នឹង​កត់ត្រា​រឿង​នេះ​សម្រាប់​មនុស្ស​នៅ​សម័យ​របស់​យើង ?

  • តើ​អ្នក​គិត​ថា ព្រះវរបិតា​សួគ៌​នឹង​ឲ្យ​អ្នក​អនុវត្ត​អ្វី​ដែល​អ្នក​បាន​រៀន​ថ្ងៃ​នេះ​នៅក្នុង​ស្ថានភាព​មួយ​ដែល​អ្នក​កំពុង​ប្រឈម​មុខ​ដោយ​របៀប​ណា ?