ថ្នាក់​សិក្ខាសាលា
យ៉ាកុប ៥:១–៥៣ ៖ « ម្ចាស់​ចម្ការ » 


« យ៉ាកុប ៥:១–៥៣ ៖ ‹ ម្ចាស់​ចម្ការ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« យ៉ាកុប ៥:១–៥៣ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

យ៉ាកុប ៥:១–៥៣

« ម្ចាស់​ចម្ការ »

រូបភាព
ចម្ការ​ដើម​អូលីវ

ព្រះ​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់ គឺ​ជា​ពួកអស់អ្នក​ដែល​សុចរិត និង​អ្នក​ដែល​ជ្រើសរើស​ធ្វើជា​មនុស្ស​មិន​សុចរិត ។ យ៉ាកុប​បានចែកចាយ​អំពី​រូបាធិដ្ឋាន​របស់​ស៊ីណូស អំពី​ដើម​អូលីវ​ដែល​ជា​និមិត្ដរូប​បង្ហាញ​ពី​ការខ្ចាត់ខ្ចាយ​នៃ​មនុស្ស​មួយ​ចំនួន​ដែល​សុចរិត និង​មួយ​ចំនួន​ទៀត​ដែលមិន​សុចរិត ។ រូបាធិដ្ឋាន​នេះ​ក៏​បង្ហាញ​ពី​ការខិតខំ​របស់​ព្រះអម្ចាស់​ក្នុង​ការប្រមូលផ្តុំ​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុងក្រោយ​ដែរ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​ពី​សេចក្តីស្រឡាញ់​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ចំពោះ​អ្នក និង​សម្រាប់​មនុស្ស​ទាំងអស់ ។

ការអញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត ។នៅពេល​អ្នក​បង្រៀន​គោលលទ្ធិ​ពិត​ចេញ​ពី​ព្រះគម្ពីរ និង​ពាក្យសម្ដី​របស់​ព្យាការី នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​មាន​ឱកាស​ថ្លែងទីបន្ទាល់​អំពី​សេចក្ដីពិត ។ តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​អាច « ស្គាល់​សេចក្ដីពិត​នៃ​គ្រប់​ការណ៍​ទាំងអស់ » ( មរ៉ូណៃ ១០:៥ ) ។

ការរៀប​ចំ​សិស្ស ៖ សូម​ពិចារណា​ផ្តល់​ដ្យាក្រាម​ដល់​សិស្ស​ដែល​មាន​ចំណង​ជើង​ថា « រូបាធិដ្ឋាន​នៃ​ដើម​អូលីវ ( យ៉ាកុប ៥ ) » ដែល​មាន​នៅក្នុង​ផ្នែក « វិចារណកថា និង​ព័ត៌មាន​សាច់រឿង » ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​ដ្យាក្រាម​នេះ​ដើម្បី​ជួយ​ពួកគេ​សិក្សា​អំពី​រូបាធិដ្ឋាន​នៅក្នុង យ៉ាកុប ៥ និង​ដឹង​ពី​សារ​ទាំងមូល​របស់​រូបាធិដ្ឋាន​នេះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

សេចក្តីស្រឡាញ់​របស់​ព្រះ​ចំពោះ​អ្នក​ដែល​វង្វេង

ជា​ជម្រើស​មួយ​ចំពោះ​ស្ថានភាព​ខាង​ក្រោម សូម​ពិចារណា​បង្ហាញ​វីដេអូ « Unplanned Pregnancy, Adoption and The ‘Best Gift Ever » ដែល​អាច​រក​បាន​នៅ ChurchofJesusChrist.orgចាប់​ពី​នាទី​ទី ០:០០ ដល់​នាទី​ទី ១:៤១ ។

លីហ្សា​មាន​អារម្មណ៍​ថា​ខុស​ឆ្គង​ចំពោះ​កំហុស​មួយ​ចំនួន​ដែល​នាង​បាន​ប្រព្រឹត្ត​នា​ពេល​ថ្មីៗ​នេះ ។ នាង​ចាប់ផ្ដើម​ងឿង​ឆ្ងល់​ថា តើ​ព្រះ​នៅតែ​យកព្រះទ័យ​ទុក​ដាក់​ចំពោះ​នាង​ដោយសារ​កំហុស​ទាំងនេះ​ឬ​ទេ ?

  • តើ​អ្នក​អាច​និយាយ​អ្វី​ខ្លះ ប្រសិនបើ​អ្នក​កំពុង​ព្យាយាម​ជួយ​នរណា​ម្នាក់​ដែល​មាន​អារម្មណ៍​ដូច​លីហ្សា ?

  • ហេតុអ្វី​វា​អាច​ពិបាក​ក្នុង​ការទទួល​ស្គាល់ ឬ​ទទួល​អារម្មណ៍​ពី​សេចក្តីស្រឡាញ់​របស់​ព្រះ បន្ទាប់​ពី​យើង​ជ្រើសរើស​ធ្វើ​អំពើ​បាប ?

ថ្ងៃនេះ អ្នក​នឹង​សិក្សា​ដំណើររឿង​ព្រះគម្ពីរ​ដែល​បង្ហាញ​ពី​សេចក្តីស្រឡាញ់​របស់​ព្រះអម្ចាស់​ចំពោះ​អ្នក​ដែល​វង្វេង ។ នៅពេល​អ្នក​សិក្សា សូម​ស្វែងរក​មេរៀន​សំខាន់ៗ​អំពី​ព្រះឆន្ទៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​ការជួយ​អ្នក​ដែល​បាន​ងាកចេញ​ពី​ទ្រង់ ។ សូម​សញ្ជឹងគិត​ពី​របៀប​ដែល​សេចក្តីពិត​អ្នក​រៀន​អាច​ជួយ​អ្នក​ក្នុង​កាលៈទេសៈ​របស់អ្នក ។

រូបាធិដ្ឋាន​នៃ​ដើម​អូលីវ

យ៉ាកុប​បាន​ព្យាករណ៍​ថា ពួក​សាសន៍​យូដា នឹង​បដិសេធ​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល យ៉ាកុប ៤:១៥ ) ។ ដើម្បី​ជួយ​ប្រជាជន​របស់លោក​ឲ្យយល់ពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​នឹង​ជួយ​សាសន៍​យូដា​ឲ្យ​ត្រឡប់​មក​រក​ទ្រង់​វិញ នោះ​យ៉ាកុប​បាន​បង្រៀន​ពួកគេ​អំពី​រូបាធិដ្ឋាន​មួយ​ដែល​ផ្តល់ឲ្យ​ដោយ​ព្យាការី​ម្នាក់​ឈ្មោះស៊ីណូស ។ រូបាធិដ្ឋាន​នោះ​ប្រើ​តួអង្គ វត្ថុ និង​សកម្មភាព​និមិត្ត​រូប​ជាច្រើន​ដើម្បី​បង្រៀន​ពី​សេចក្ដីពិត​ទាំងឡាយ ។

ខាង​ក្រោម​នេះ​គឺ​ជា​និមិត្តរូប​សំខាន់​មួយ​ចំនួន​នៃ​រូបាធិដ្ឋាន​នេះ​រួម​ជាមួយ​នឹង​អត្ថន័យ​ដែល​អាច​មាន ។ សូម​ពិចារណា​ធ្វើ​បញ្ជី​អំពី​និមិត្ត​រូប​ទាំងនេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា ឬ​ព្រះគម្ពីរ​របស់​អ្នក ។

សូម​ពិចារណា​ចម្លង​តារាង​ខាង​ក្រោម​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យចម្លង​វា​ទៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​ពួកគេ ។ អ្នក​អាច​បន្ថែម​ការយល់ដឹង និង​យោបល់​របស់​សិស្ស​លើ​តារាង​នោះ​ពេញ​ទាំង​មេរៀន ។

គំនូស​តាង​ដែល​បាន​ពង្រីក​ជាមួយ​និមិត្តរូប​បន្ថែម​មាន​នៅក្នុង​ផ្នែក « វិចារណកថា និង​ព័ត៌មាន​សាច់រឿង » ។

និមិត្តរូប

អត្ថន័យ​ដែល​អាច​មាន

និមិត្តរូប

ម្ចាស់ ឬ​ចៅហ្វាយ​ចម្ការ

អត្ថន័យ​ដែល​អាច​មាន

ព្រះយេស៊ូវ​គ្រីស្ទ

និមិត្តរូប

ចម្ការ

អត្ថន័យ​ដែល​អាច​មាន

ពិភពលោក

និមិត្តរូប

ដើម​អូលីវ​ស្រុក

អត្ថន័យ​ដែល​អាច​មាន

វង្ស​អ៊ីស្រាអែល រាស្ត្រ​នៃ​សេចក្តីសញ្ញា​របស់​ព្រះអម្ចាស់

និមិត្តរូប

ដើម​អូលីវ​ព្រៃ

អត្ថន័យ​ដែល​អាច​មាន

សាសន៍​ដទៃ ( អ្នក​ដែល​មិន​បានចុះ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះអម្ចាស់ ) និង​អ៊ីស្រាអែល​ដែល​ក្បត់​សាសនា

ដើម្បី​ជួយ​អ្នក​រៀបចំខ្លួន​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅពេល​អ្នក​សិក្សា យ៉ាកុប ៥ សូម​សរសេរ​ថា « អ្វី​ដែល​ខ្ញុំ​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ពី យ៉ាកុប ៥ » នៅ​ចំ​កណ្តាល​នៃ​ទំព័រ​ទទេ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​សិក្សា​របស់​អ្នក ហើយ​គូស​រង្វង់​ជុំវិញ​វា ។ សូម​រកមើល​សេចក្តីពិត និង​ការយល់​ដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា​ម្ចាស់​ចម្ការ​ពេញ​មួយ​មេរៀន ។ សូម​កត់ត្រា​ការរក​ឃើញ​ទាំង​នេះ​នៅក្នុង ឬ​ជុំវិញ​រង្វង់​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​សិក្សា​របស់​អ្នក ។

ការយល់​ដឹង​អំពី​រូបាធិដ្ឋាន

ប្រសិនបើ​អ្នក​មិន​ទាន់​បាន​ធ្វើ​ដូច្នេះ​ទេ សូម​ឲ្យ​ដ្យាក្រាម​ដែល​មាន​ចំណង​ជើង​ថា « រូបាធិដ្ឋាន​នៃ​ដើម​អូលីវ ( យ៉ាកុប ៥ ) » ទៅ​សិស្ស ដែល​មាន​នៅក្នុង​ផ្នែក « វិចារណកថា និង​ព័ត៌មាន​សាច់រឿង » ។ សិស្ស​អាច​មើលផ្នែក​នានា​នៃ​ដ្យាក្រាម​នេះ​ពេញ​ទាំង​មេរៀន ។

ការចាប់ផ្ដើម​នៃ​រូបាធិដ្ឋាន​នេះ​អាច​តំណាង​ឲ្យ​ជំនាន់​ពីមុន​ការងារបម្រើ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូមអាន យ៉ាកុប ៥:៣–៦ ដោយ​រកមើល​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ដើម​អូលីវ​ស្រុក​ដែល​តំណាង​ឲ្យរាស្ដ្រ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ ។

  • តើ​អ្នក​គិត​ថា​ការពុកនៃ​ដើមឈើ​តំណាង​ឲ្យ​អ្វី ?

  • តើ​អ្នក​គិត​ថា ការកាត់លួស ការជ្រួយគល់ និង​ការដាក់​ជី​របស់​ម្ចាស់​ចម្ការ​អាច​តំណាងឲ្យ​អ្វី ?

  • តើ​សកម្មភាព​ទាំងនេះ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ? ( សូម​បន្ថែម​ការយល់ដឹង​របស់អ្នក​ទៅ​ទំព័រ​កំណត់ហេតុ​របស់​អ្នក ) ។

វា​អាច​មានប្រយោជន៍​ក្នុង​ការបង្ហាញ​ចំណុច​ខាង​ក្រោម​ដោយ​គូរ​រូបតំណាង​ចំណុច​ទាំង​នោះ​នៅលើ​ក្តារខៀន ។

បន្ទាប់ពី​ការទៅជួប​លើក​ដំបូង​នេះ ម្ចាស់​ចម្ការ​បាន​ចាត់​វិធានការ​សំខាន់​ពីរ​ផ្សេងទៀត ដើម្បី​ជួយ​សង្រ្គោះ​ដើម​អូលីវ​ស្រុក​របស់​គាត់ ៖

  1. គាត់​បាន​បង្គាប់​ឲ្យ​កាត់​មែក​ដែល​ពុក​របស់​ដើម​អូលីវ​ចេញ ហើយ​យក​មែក​ខ្លះ​ពី​ដើម​អូលីវ​ព្រៃ​ទៅបំបៅ​ជាប់នឹង​ដើម​ធំ ( សូមមើល យ៉ាកុប ៥:៧–១០) ។ ការបំបៅ​នេះ​អាច​តំណាងឲ្យ​ការខិតខំ​របស់​ព្រះអម្ចាស់ ដើម្បី​ជួយ​សាសន៍​ដទៃ​ឲ្យក្លាយជា​ផ្នែក​មួយ​នៃរាស្ត្រ​ក្នុង​សេចក្តីសញ្ញា​របស់​ទ្រង់​តាមរយៈ​ពិធី​បុណ្យ​ជ្រមុជទឹក និង​ការប្រែចិត្តជឿ ។

  2. គាត់​បាន​យក​មែក​ដ៏​ទន់ខ្ចីៗ​ពី​ដើម​អូលីវ​ធំ ហើយ​បំបៅ​វាជាប់​ទៅជា​ផ្នែក​ផ្សេងៗ​នៃ​ចម្ការ ( សូមមើល យ៉ាកុប ៥:៨, ១៣–១៤ ) ។ ការណ៍​នេះ​អាច​តំណាងឲ្យ​ការខ្ចាត់ខ្ចាយ​នៃ​អ៊ីស្រាអែល​ទៅកាន់​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក ។ អ្នក​ខ្លះ​ដែល​ត្រូវខ្ចាត់ខ្ចាយ​គឺ​សុចរិត ដូចជា​គ្រួសារ​របស់​លីហៃ ( សូមមើល នីហ្វៃ​ទី​១ ១០:១២–១៣ ) ។ អ្នក​ខ្លះទៀត​ត្រូវ​ខ្ចាត់ខ្ចាយ​ដោយសារ​អំពើ​ទុច្ចរិត ។

ផ្នែក​នៅសល់​នៃ​រូបាធិដ្ឋាន​នេះ​បង្ហាញ​ពី​ការទៅជួប​ម្ចាស់​ចម្ការ​ដែល​បាន​ទៅ​មើល​ចម្ការ​របស់​គាត់​នៅពេល​ក្រោយៗ ។ ការទៅ​មើល​ទាំងនេះ​អាច​តំណាង​ឲ្យ​រយៈពេល​ផ្សេងៗគ្នា​នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ។

សូម​ពិចារណា​ចែក​សិស្ស​ទៅជា​គូៗ ឬ​ក្រុម​តូចៗ ហើយ​ចាត់​ក្រុម​នីមួយៗ​នូវ​ខគម្ពីរ​មួយ​ឈុតៗ​ខាង​ក្រោម​នេះ​ដើម្បី​សិក្សា ។ បន្ទាប់មក សិស្ស​អាច​រាយការណ៍​ពី​ការរកឃើញ​របស់​ពួកគេ​ទៅកាន់​ថ្នាក់​រៀន ។

សូម​សិក្សា​ខគម្ពីរ​ខាង​ក្រោម​នេះ ដោយ​រកមើល​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ដើម​អូលីវ​ធំ និង​ដើមអូលីវ​ដែល​នៅ​ខ្ចាត់ខ្ចាយ​ក្នុង​អំឡុងពេល​ការទៅមើលម្តងៗ ។

  • តើ​អ្នក​បានកត់សម្គាល់​អ្វីខ្លះ​អំពី​ស្ថានភាព​ដើម និង​ផ្លែអូលីវ​ក្នុង​អំឡុង​ពេល​នៃ​ការទៅមើល​ទាំងនេះ ?

  • តើ​អ្នក​បាន​កត់សម្គាល់​អ្វី​ខ្លះ​អំពី​ពាក្យ​សម្ដី និង​សកម្មភាព​របស់​ម្ចាស់​ចម្ការ​ក្នុង​អំឡុងពេល​នៃ​ការទៅមើល​ទាំងនេះ ?

  • តើ​ពាក្យ​សម្តី និង​សកម្មភាព​ទាំងនេះ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ? ( សូម​បន្ថែម​ការយល់ដឹង​របស់អ្នក​ទៅ​ទំព័រ​កំណត់ហេតុ​របស់​អ្នក ) ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​មេរៀន​មួយ​ដែល​យើង​អាច​រៀន​អំពី​ព្រះ​ពី​ខគម្ពីរ​ទាំងនេះ ៖

បន្ទាប់ពី​ជ្រួយ​គល់ និង​ដាក់​ជី ស្រោចទឹក និង​ដកស្មៅ កាត់​តម្រឹម កាត់​លួស ផ្សាំ និង​បំបៅ​ហើយ ម្ចាស់​ចម្ការ​ដ៏​អស្ចារ្យ​ក៏​បាន​ទម្លាក់​ប៉ែល និង​កន្រ្តៃ​កាត់​របស់​គាត់ ហើយ​យំ​ស្រែក​ទៅ​កាន់​អ្នក​ណា​ដែល​ស្តាប់​ថា « តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ទៀត សម្រាប់​ចម្ការ​របស់​ខ្ញុំ​ទៅ ? » [ យ៉ាកុប ៥:៤១, ៤៩ ] ។

ឱ នោះ​ជា​រូបភាព​នៃ​ការពាក់ព័ន្ធ​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​យើង​ដែល​មិន​អាច​លុបចោល​បាន​ឡើយ ! ឱ ព្រះមាតាបិតា​មាន​ការព្រួយបារម្ភ​យ៉ាង​ណា​ទៅ នៅពេល​បុត្រាបុត្រី​របស់ទ្រង់​មិន​ជ្រើសរើស​ទ្រង់ ឬ « ដំណឹងល្អ​នៃ​ព្រះ » [ រ៉ូម ១:១ ] ដែល​ទ្រង់​បាន​បញ្ជូន​មក​នោះ ! ឱ វា​ងាយស្រួល​យ៉ាង​ណា​ទៅ ដើម្បី​ស្រឡាញ់​នរណា​ម្នាក់​ដែល​ស្រឡាញ់​តែ​យើង​ម្នាក់​យ៉ាង​ខ្លាំង​នោះ ! ( ជែហ្វ្រី អ័រ ហូឡិន « The Grandeur of God » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៧២ )

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​ពី​សេចក្តីថ្លែងការណ៍​នេះ ? ហេតុអ្វី ?

កិច្ចខិតខំ​ជា​បន្ត​បន្ទាប់​របស់​ម្ចាស់​ចម្ការ

សូមអាន យ៉ាកុប ៥:៥១–៥៣ ដោយ​រកមើល​អ្វី​ដែល​ម្ចាស់​ចម្ការ​បានជ្រើសរើស​ធ្វើ បន្ទាប់ពី​បាន​ឃើញ​ដើម​អូលីវ​របស់​គាត់​ស្ថិត​ក្នុង​សភាព​ពុក ។

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់ ? ( សូម​បន្ថែម​ការយល់ដឹង​របស់អ្នក​ទៅ​ទំព័រ​កំណត់ហេតុ​របស់​អ្នក ) ។

  • តើ​អ្នក​នឹង​សង្ខេប​មេរៀន​ដែល​អ្នក​បាន​រៀន​មកពី យ៉ាកុប ៥ ជា​សេចក្តី​ថ្លែង​ការណ៍​មួយ​អំពី​សេចក្តីពិត​ដោយ​របៀបណា ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ពី យ៉ាកុប ៥ គឺ​ថា ព្រះអម្ចាស់​ស្រឡាញ់​បុត្រាបុត្រី​របស់​ព្រះវរបិតា​សួគ៌​ទាំងអស់ ហើយ​បន្ត​យក​ព្រះទ័យ​ទុកដាក់​លើ​ពួកគេ ទោះបីជា​ពួកគេ​ងាកចេញ​ពី​ទ្រង់​ក៏​ដោយ ។

  • តើ​សេចក្ដីពិត​នេះ​អាច​ជួយ​បុគ្គល​ម្នាក់​ឲ្យទទួល​អារម្មណ៍​ចង់​ប្រែចិត្ត​កាន់តែ​ខ្លាំង​ឡើង​ដោយ​របៀបណា ?

  • តើ​មាន​គំរូ​អ្វីខ្លះ​មកពី​ព្រះគម្ពីរ ឬ​ពី​ជីវិត​របស់​អ្នក ដែល​បង្ហាញ​ពី​របៀប​ដែល​ព្រះអម្ចាស់​បន្ត​ស្រឡាញ់ និង​យកព្រះទ័យ​ទុក​ដាក់​ចំពោះ​មនុស្ស​សូម្បីតែ​បន្ទាប់ពី​ពួកគេ​ងាកចេញ​ពី​ទ្រង់​ក៏​ដោយ ?

ប្រសិនបើ​ការចាប់ផ្តើម​នៃ​វីដេអូ​ខាងក្រោម​ត្រូវបាន​បង្ហាញ​មុននេះ សូម​ពិចារណា​មើល​ផ្នែក​ដែល​នៅសល់​នៅទីនេះ ( នាទី​ទី ១:៤១ ដល់​នាទី​ទី ៥:៤២ ) ។

សូម​គិត​ពី​របៀប​ដែល​អ្វី​អ្នក​បាន​រៀន និង​ទទួល​អារម្មណ៍​នៅ​ថ្ងៃនេះ អាច​ជះ​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក ។ សូម​ពិចារណា​កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក​នៅក្នុង​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។