ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ១ ៣ ៖ ព្រះ​នឹង​រៀបចំ​ផ្លូវ


« នីហ្វៃទី ១ ៣ ៖ ព្រះ​នឹង​រៀបចំ​ផ្លូវ ›» ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ១ ៣ ៖ ព្រះ​នឹង​រៀបចំ​ផ្លូវ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ១ ៣

ព្រះ​នឹង​រៀបចំ​ផ្លូវ

រូបភាព
នីហ្វៃ​អង្គុយ​ក្បែរ​អូរ​មួយ

បន្ទាប់ពី​ធ្វើ​ដំណើរ​អស់រយៈ​ពេល​ជាច្រើន​ថ្ងៃ​តាម​ទីរហោស្ថាន នីហ្វៃ និង​បងប្អូន​របស់​លោក​បាន​ប្រឈមមុខ​នឹង​ការសាកល្បង​នៃ​ការស្តាប់បង្គាប់ និង​សេចក្ដី​ជំនឿ​របស់​ពួកលោក​លើព្រះ នៅពេល​ពួកលោក​ត្រូវ​បាន​បង្គាប់ឲ្យ​ត្រឡប់​ទៅក្រុង​យេរូសាឡិម​វិញ ដើម្បី​ទទួលផ្ទាំង​លង្ហិន​ពី​ឡាបាន់ ។ ពេលខ្លះ ព្រះ​អម្ចាស់​ក៏​នឹង​បង្គាប់​អ្នក​ឲ្យ​ធ្វើ​កិច្ចការ​លំបាកៗ​ផងដែរ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះ​ដើម្បី​សម្រេច​នូវ​អ្វីៗ​ដែល​ទ្រង់​បង្គាប់​ឲ្យ​អ្នក​ធ្វើ ។

សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​ឥទ្ធិពល​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ ។កាល​សិស្ស​រៀន​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទានពរ​ដល់​ជីវិត​មនុស្ស​នៅក្នុង​ព្រះគម្ពីរ សូម​រកមើល​របៀប​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ពរជ័យ​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សញ្ជឹងគិត​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​នឹង​កំពុង​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ពួកគេ ដោយ​ពង្រឹង​ពួកគេ ឬ​ព្យាបាល​ពួកគេ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ទន្ទេញ​វគ្គបទគម្ពីរ​​ចំណេះចំណាន​ខាង​គោលលទ្ធិ នីហ្វៃទី ១ ៣:៧ ហើយ​ដើម្បី​គិត​អំពី​របៀប​ដែល​វា​អនុវត្ត​ចំពោះ​ស្ថានភាព​ដែល​ពួកគេ​ប្រឈមមុខ​ក្នុង​ជីវិត​របស់​ពួកគេ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

បទបញ្ញត្តិ​ពិបាកៗ

ដើម្បី​ជួយ​សិស្ស​ស្វែងរក​ភាពទាក់ទង​នៅក្នុង​ដំណើររឿង​របស់​កូនប្រុសៗ​របស់​លីហៃ ដែល​ត្រូវ​បានបញ្ជា​ឲ្យ​ធ្វើ​កិច្ចការ​លំបាកៗ នោះ​សូម​ពិចារណា​សរសេរ​ចម្លើយ​របស់​សិស្ស​ចំពោះ​សំណួរ​ខាងក្រោម​នៅលើ​ក្តារខៀន ហើយ​មើល​​ទៅ​ចម្លើយ​នោះ​នៅ​ទូទាំង​មេរៀន ។

  • តើ​បទបញ្ញត្តិ បទដ្ឋាន ឬ​ការអញ្ជើញ​របស់​ព្យាការី​មួយណា​ដែល​ពិបាក​បំផុត​សម្រាប់​ក្មេងជំទង់​ក្នុងការ​គោរពតាម​នា​សព្វថ្ងៃនេះ ? តើ​អ្វី​ដែល​ធ្វើ​ឲ្យ​វា​ពិបាកជាង​បទបញ្ញត្តិ បទដ្ឋាន ឬ​ការអញ្ជើញ​របស់​ព្យាការី​ផ្សេងទៀត ?

  • តើ​អ្នក​នឹង​និយាយ​យ៉ាងណា​ទៅកាន់​នរណា​ម្នាក់​ដែល​មាន​អារម្មណ៍​ថា​បទបញ្ញត្តិ ឬ​បទដ្ឋាន​ជាក់លាក់​មួយ​ពិបាក​នឹង​គោរព​តាម ?

របៀប​ផ្សេង​មួយទៀត​ដើម្បី​ចាប់ផ្តើម​ថ្នាក់ គឺ​ត្រូវ​ជួយ​សិស្ស​ឲ្យ​ដឹង​ថា យើង​ត្រូវការ​ជំនួយ​ពី​ព្រះអម្ចាស់​ដើម្បី​សម្រេច​នូវ​អ្វី​ដែល​ទ្រង់​បង្គាប់​ដល់​យើង ។ របៀប​មួយ​ដើម្បី​ធ្វើបែប​នេះ​គឺ​ស្នើសុំ​សិស្ស​ធ្វើ​អ្វីមួយ​ដែល​ត្រូវការ​ជំនួយ​ពីគ្រូ ។ ឧទាហរណ៍ ដោយសារ​ជាផ្នែក​នៃ​កិច្ចការ​មួយ នោះ​ពួកគេ​ប្រហែលជា​ត្រូវ​បើក​អ្វីមួយ​ដែល​ត្រូវការ​កូនសោ​ពី​គ្រូ ។

ប្រសិនបើ​មាន​បទបញ្ញត្តិ​មួយ​ដែលអ្នក​ពិបាក​នឹង​គោរពតាម សូម​ចងចាំ​វា​នៅពេល​អ្នក​សិក្សា នីហ្វៃទី ១ ៣ ។ សូម​ព្យាយាម​រៀន​ពី​គំរូ​ដែល​អ្នកសិក្សា ហើយ​សញ្ជឹងគិត​ពី​របៀប​ដែល​ជម្រើស​របស់​អ្នក​អាច​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះអម្ចាស់ ។

ព្រះអម្ចាស់​ប្រទាន​ព្រះបញ្ញត្តិ​មួយ​ដល់​កូន​ប្រុសៗ​របស់​លីហៃ

សូម​អាន នីហ្វៃទី ១ ៣:១–៦ ដោយ​រកមើល​អ្វី​ដែល​កូនប្រុសៗ​របស់​លីហៃ ត្រូវ​បាន​បញ្ជា​ឲ្យ​ធ្វើ ។

  • ហេតុអ្វី​អ្នកគិត​ថា បងប្អូន​របស់​នីហ្វៃ គិត​ត្រឹមត្រូវ​ក្នុងការ​ហៅ​បទបញ្ញត្តិ​នេះ​ថា​ជា « ធ្វើ​ការ​ដ៏​លំបាក » ? ( ខទី ៥ ) ។

កថាខណ្ឌ​ខាងក្រោម​អាច​ជួយ​បាន ប្រសិនបើ​សិស្ស​មិន​ប្រាកដ​ពី​របៀប​ឆ្លើយ​សំណួរ​មុន ។

សូម​ស្រមៃមើល​ថាតើ​កូនប្រុសៗ​របស់​លីហៃ អាច​មាន​អារម្មណ៍​យ៉ាងណា​នៃ​ការចាកចេញ​ពី​ផ្ទះ​របស់​ខ្លួន ហើយ​ធ្វើ​ដំណើរ​រាប់រយ​គីឡូ​ម៉ែត្រ​​ឆ្លងកាត់​ប្រទេស​ដ៏​ស្ងួតហួតហែង​ចូលទៅ​ក្នុង​ទីរហោស្ថាន ដើម្បី​គ្រាន់តែ​បង្គាប់​ឲ្យ​ត្រឡប់​ទៅ​យេរូសាឡិម​វិញ​ក្នុង​រយៈពេល​ខ្លី​ដើម្បី​យក​ផ្ទាំង​ពី​ឡាបាន់ ។

សូមអាន នីហ្វៃទី ១ ៣:៧–៨ ហើយ​សូម​ស្វែងរក​មូលហេតុ​ដែល​នីហ្វៃ បានធ្វើ​តាមឆន្ទៈ​របស់លោក​ដើម្បី​គោរពតាម​អ្វី​ដែល​ព្រះអម្ចាស់​បាន​បញ្ជា ។

នីហ្វៃទី ១ ៣:៧ គឺជា​វគ្គបទគម្ពីរ​​ចំណេះចំណាន​ខាងគោលលទ្ធិ​មួយ ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​តាម​របៀប​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​រកឃើញ​វា​ដោយ​ងាយស្រួល ។ អ្នក​នឹង​មាន​ឱកាស​នៅក្នុង​មេរៀន​បន្ទាប់​ដើម្បី​អនុវត្តតាម​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គបទគម្ពីរ​នេះ​ចំពោះ​សំណួរ ឬ​ស្ថានភាព​មួយ ។

  • តើ​នីហ្វៃ​បានយល់​យ៉ាងណា​ដែល​បងប្អូន​របស់លោក​ប្រហែលជា​មិន​បាន​យល់ ?

អ្វី​មួយ​ដែល​យើង​រៀន​ពី ខទី ៧ គឺថា ព្រះ​នឹង​រៀបចំ​ផ្លូវ​មួយ​សម្រាប់​យើង​ដើម្បី​សម្រេច​នូវ​អ្វី​ដែល​ទ្រង់​បង្គាប់​ឲ្យ​យើង​ធ្វើ ។

សូម​ពិចារណា​អំពី​របៀប​ដែល​សេចក្ដីពិត​នេះ​ទាក់ទង​នឹង​បទបញ្ញត្តិ​ដែល​អាច​នឹង​មាន​បញ្ហាប្រឈម​សម្រាប់​អ្នក ។

ទោះបីជា​ព្រះ​នឹង​ជួយ​អ្នក​ឲ្យ​សម្រេច​នូវ​អ្វី​ដែល​ទ្រង់​បង្គាប់​ក៏ដោយ ក៏​ទ្រង់​មិន​បាន​សន្យា​ថា វា​នឹង​ងាយស្រួល ឬ​ថា​ការព្យាយាម​ដំបូង​របស់​អ្នក​នឹង​ទទួល​បាន​ជោគជ័យ​នោះ​ដែរ ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាលនោះ​នៅក្នុង​គណៈប្រធាន​ទីមួយ​បាន​ពន្យល់ ៖

ការដើរតាម​ព្រះអង្គសង្គ្រោះ​នឹង​មិន​ដក​យក​ការសាកល្បង​ទាំងអស់​របស់​អ្នក​ឡើយ ។ ទោះ​ជាយ៉ាងណាក៏ដោយ ការដើរតាម​ទ្រង់​នឹង​ដក​យក​រនាំង​ដែល​រារាំង​អ្នក​ពី​ជំនួយ ដែល​ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ប្រទាន​ដល់​អ្នក ។ ព្រះ​នឹង​គង់​ជាមួយ​បងប្អូន ។ ( ឌៀថើរ អេហ្វ អុដដូហ្វ « A Yearning for Home » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ២២ )

  • តើ​សេចក្តី​ថ្លែងការណ៍​នេះ​ជួយ​ឲ្យ​អ្នក​យល់ពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​អ្វីខ្លះ ?

សូម​គិត​ត្រឡប់ក្រោយ​ពី​បទបញ្ញត្តិ បទដ្ឋាន ឬ​ការអញ្ជើញ​របស់​ព្យាការី​ផ្សេងទៀត ដែល​អ្នក​បាន​ស្វែងរក​ពីដើម​មេរៀន​នេះ ថា​ជា​ការពិបាក​បំផុត​សម្រាប់​ក្មេង​ជំទង់​គោរពតាម ។

  • តើ​ឧបសគ្គ​អ្វី​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​ពិបាក​ក្នុងការ​គោរពតាម​បទបញ្ញត្តិ​ទាំងនេះ ?

  • តើ​ព្រះអម្ចាស់​អាច « រៀបចំ​ផ្លូវ » ដើម្បី​ជួយ​យុវវ័យ​ឲ្យ​គោរពតាម​បទបញ្ញត្តិ​ទាំងនេះ​ដោយ​របៀបណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពហុច​ម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​មុន ។

នីហ្វៃ និង​បងប្អូន​របស់លោក​ព្យាយាម​ទៅយក​ផ្ទាំងចំណារ

សម្រាប់​សកម្មភាព​ខាងក្រោម​នេះ អាច​បំបែក​សិស្ស​ជា​ក្រុមតូចៗ ដោយ​សិស្ស​ពាក់​កណ្តាល​ក្រុម​សិក្សា​ពី​ការព្យាយាម​លើក​ទីមួយ និង​ពាក់កណ្តាល​ទៀត​សិក្សា​ពី​ការព្យាយាម​លើក​ទីពីរ ។ ក្រុម​នីមួយៗ​អាច​រៀបចំ​ដើម្បី​ធ្វើ​សកម្មភាព​អ្វី​ដែល​បាន​កើតឡើង​នៅក្នុង​ដំណើររឿង​របស់​ពួកលោក ហើយ​សម្តែង​ឲ្យ​ក្រុម​ផ្សេងទៀត​ដែល​បាន​សិក្សា​ពី​ដំណើររឿង​ផ្សេងទៀត ឬ​ក្រុម​នីមួយៗ​អាច​សង្ខេប​ដំណើររឿង​របស់​ពួកលោក​សម្រាប់​ក្រុម​ផ្សេងទៀត ។

សិស្ស​អាច​មើល​វីដេអូ​ដែល​បានណែនាំ​ជំនួស​ឲ្យ​ការអាន ឬ​ធ្វើ​សកម្មភាព​ចេញពី​ដំណើររឿង​ទាំងនោះ ។

សូម​សិក្សា​ដំណើរ​រឿង​ខាងក្រោម​នេះ​ពី​ការព្យាយាម​ពីរ​លើក​ដំបូង​ដើម្បី​ទទួល​បាន​ផ្ទាំងលង្ហិន ។ សូម​រកមើល​របៀប​ដែល​បងប្អូន​ប្រុស​ម្នាក់ៗ​ប្រតិកម្ម​យ៉ាងណា​ចំពោះ​ការព្យាយាម​រាល់លើក ។ ( ចំណាំ ៖ នៅក្នុង​មេរៀន​នេះ « នីហ្វៃទី ១ ៤–៥ » អ្នក​នឹង​រៀន​ពី​របៀប​ដែល​នៅទីបំផុត​ព្រះអម្ចាស់​បាន​ប្រទាន​នូវ​ផ្លូវ​សម្រាប់​ពួកគេ​ទទួល​បាន​ជោគជ័យ ) ។

ការព្យាយាម​លើក​ដំបូង ៖ សូម​អាន នីហ្វៃទី ១ ៣:១០–១៥ ឬមើល « Nephi Is Led by the Spirit to Obtain the Plates of Brass » ចាប់ពី​នាទី​ទី ៤:៤៣ ដល់​នាទី​ទី ៨:១៨ ។ វីដេអូ​នេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ ( វា​អាច​មាន​ប្រយោជន៍​ក្នុងការ​ដឹង​ថា ការចាប់​ឆ្នោត​គឺជា​វិធី​នៃ​ការជ្រើសរើស​ជម្រើស​មួយ​ដោយ​ចៃដន្យ​ដែល​មនុស្ស​ជាច្រើន​ប្រើ ) ។

ការព្យាយាម​លើក​ទីពីរ ៖ សូម​អាន នីហ្វៃទី ១ ៣:២២–៣១; ៤:១ ឬ​មើល « Nephi Is Led by the Spirit to Obtain the Plates of Brass » ចាប់ពី​នាទី​ទី ៨:១៨ ដល់​នាទី​ទី ១៥:១០ ។

  • តើ​បងប្អូនប្រុស​ទាំងនេះ​អាច​រៀន​អ្វីខ្លះ​អំពី​ខ្លួន​ពួកលោក​ពី​បញ្ហា​ប្រឈម​ដែល​ពួកលោក​មាន ខណៈ​ពេល​ដែល​ព្យាយាម​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ?

  • ហេតុអ្វី​អ្នក​គិត​ថា​ព្រះ​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​របស់​យើង​អាច​បណ្តោយ​ឲ្យ​យើង​ពុះពារ​មួយ​រយៈ​ពីមុន​ពេល​ទ្រង់​ប្រទាន​នូវ​វិធី​ដើម្បី​សម្រេច​ព្រះរាជ​បំណង​ប្រាថ្នា​របស់​ទ្រង់ ?

  • តើ​អ្នក​គិត​ថា​ប្រតិកម្ម​របស់​បងប្អូន​នេះ​ខុសគ្នា​យ៉ាង​ណា ចំពោះ​អ្វី​ដែល​បាន​កើតឡើង ដែល​មាន​ឥទ្ធិពល​លើ​សេចក្ដី​ជំនឿ និង​ទំនាក់ទំនង​របស់​ពួកលោក​ជាមួយ​ព្រះ​យេស៊ូវគ្រីស្ទ ? ហេតុអ្វី ?

ការអនុវត្ដ​ដំណើររឿង​នេះ​ក្នុង​ជីវិត​របស់អ្នក ។

ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​អ្នក​យកឈ្នះ​លើ​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​ពិបាក​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ និង​ដំបូន្មាន​របស់​ព្យាការី​របស់​ទ្រង់ ។ ដើម្បី​ជួយ​អ្នក​អនុវត្ត​ការណ៍​នេះ​ក្នុង​ជីវិត​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។

សូម​ពិចារណា​បង្ហាញ​ជម្រើស​សំណួរ​ខាងក្រោម​សម្រាប់​ជា​ឯកសារ​យោង​ដល់​សិស្ស ។

នៅពេល​សិស្សឆ្លើយ​សំណួរ​រួចរាល់​ហើយ សូម​អញ្ជើញ​សិស្ស​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​ផ្នែក​នៃ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​នឹង​ប្រទាន​ផ្លូវ​សម្រាប់​យើង​ដើម្បី​បំពេញ​នូវ​អ្វី​ដែល​ទ្រង់​បាន​បញ្ជា​ដល់​យើង​ជានិច្ច ។

  1. សូម​ស្រមៃ​ថា នីហ្វៃ​ផ្តល់​ដំបូន្មានដល់​អ្នក​អំពី​បទបញ្ញត្តិ ឬ​ដំបូន្មាន​របស់​ព្យាការី ដែល​អ្នក​ពិបាក​នឹង​គោរពតាម ។ តើ​អ្នក​គិតថា ព្រះអម្ចាស់​អាច​មាន​ព្រះ​បន្ទូល​អ្វីខ្លះ​ទៅកាន់អ្នក ?

  2. តើ​អ្នក​នឹង​ធ្វើ​សកម្មភាព​ជាក់លាក់​អ្វីខ្លះ ដើម្បី​គោរពតាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ឬ​ដំបូន្មាន​មួយ​របស់​ព្យាការី​ឲ្យ​កាន់តែ​ពេញលេញ ?

  3. តើ​អ្នក​បាន​ឃើញ ឬ​ជួប​ប្រទះ​អ្វីខ្លះ ដែល​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​ថា ព្រះអម្ចាស់​នឹង​រៀបចំ​ផ្លូវ​សម្រាប់​អ្នក​ដើម្បី​គោរពតាម​ព្រះបញ្ញត្តិ​របស់ទ្រង់ ហើយ​ធ្វើ​តាម​ព្យាការី​របស់​ទ្រង់ ?

ប្រសិនបើ​សិស្ស​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការសិក្សា​ដំណើររឿង​របស់​នីហ្វៃ បន្តទៀត ពី​ការទទួល​បាន​ផ្ទាំងចំណារ​មុនពេល​ពួកគេ​ត្រូវ​បានបង្រៀន​ពី​មេរៀន​ចំណេះចំណាន​ខាង​គោលលទ្ធិ​សម្រាប់ នីហ្វៃទី ១ ៣:៧ អ្នក​អាច​រង់ចាំ​បង្រៀន​មេរៀន​ចំណេះចំណាន​ខាងគោលលទ្ធិ​នេះ​រហូត​ដល់​បន្ទាប់​ពី​មេរៀន « នីហ្វៃទី ១ ៤–៥ » ។ ជម្រើស​មួយ​ទៀត​អាច​ជា​ការ​ឲ្យ​សិស្ស​សង្ខេប​ព្រឹត្តិការណ៍​ដែល​បាន​កត់ត្រា​នៅក្នុង នីហ្វៃទី ១ ៤ ដើម្បី​ជួយ​សិស្ស​ឲ្យ​មើលឃើញ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ផ្លូវ​មួយ​ដើម្បី​គោរពតាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។