ថ្នាក់​សិក្ខាសាលា
ការរៀន​សូត្រ​ដោយ​សេចក្តីជំនឿ ៖ តួនាទី​របស់​សិស្ស


ការរៀន​សូត្រ​ដោយ​សេចក្តីជំនឿ ៖ តួនាទី​របស់​សិស្ស ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ការ​រៀនសូត្រ​ដោយ​សេចក្តី​ជំនឿ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ឯកសារ​ណែនាំ

ការរៀន​សូត្រ​ដោយ​សេចក្តីជំនឿ

តួនាទី​របស់​សិស្ស

រូបភាព
ថ្នាក់​សិក្ខាសិលា​នៅ សាន​ហូសេ ដឺ អូកា សាធារណរដ្ឋ​ដូមីនីក

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ស្រឡាញ់អ្នក ហើយ​ចង់​បង្រៀន​អ្នក​ពី​ដំណឹងល្អ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទទួល​បាន​អ្វី​ដែល​ទ្រង់​ទាំង​ទ្វេ​មាន​ព្រះទ័យ​ចង់​បង្រៀន​អ្នក​បន្ថែម​ទៀត ? មេរៀន​នេះ​អាច​ជួយ​អ្នក​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​បទពិសោធន៍​នៅ​ថ្នាក់​សិក្ខាសាលា​របស់​អ្នក ដោយ​ការយល់​ពី​អត្ថន័យ​នៃ​ការរៀនសូត្រ​ដោយ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

ដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការរៀនសូត្រ​ខាង​វិញ្ញាណ ។ការរៀន​ដំណឹងល្អ​ដែល​ជំរុញ​ឲ្យ​មាន​ការប្រែចិត្ត​ជឿ​តម្រូវ​ឲ្យ​មាន​ការប្រឹងប្រែង​ខ្ជាប់ខ្ជួន​លើ​ផ្នែក​របស់​សិស្ស ។ សូម​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​ឃើញពី​តម្លៃ​នៃ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ដំណើរការ​នៃ​ការបង្រៀន និង​រៀនសូត្រ ។

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​អាន កថាខណ្ឌ​ទី ១–២ នៅ​ក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ហើយ​រៀបចំ​ចែកចាយ​នូវ​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​រៀន​សេចក្ដីពិត​ខាង​វិញ្ញាណ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

ព្រះអម្ចាស់​សព្វព្រះទ័យ​នឹង​ការប្រឹងប្រែង

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សូម​ពិចារណា​សរសេរ​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​នៅលើ​ក្ដារខៀន​សម្រាប់​ជា​ឯកសារយោង​របស់​សិស្ស ។ អ្នក​ប្រហែល​ជា​ចង់​ឲ្យ​សិស្ស​មើល​វីដេអូ « An Especially Noble Calling » មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទី​ទី ២:១៦–៣:៤៩ ឬ​ឲ្យ​ពួកគេ​អាន​សេចក្តីថ្លែងការណ៍​ខាង​ក្រោម ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

ព្រះ​អម្ចាស់​សព្វព្រះទ័យ​នឹង​ការខិតខំ ហើយ​គ្មាន​រង្វាន់​ណា​បាន​មក​ដោយ​គ្មាន​ការប្រឹងប្រែង​ទេ ។ ( រ័សុល អិម ណិលសុន នៅក្នុង ចយ ឌី ចូនស៍ « An Especially Noble Calling » EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ១៦ )

  • តើ​យើង​អាច​អនុវត្ត​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន ណិលសុន នៅក្នុង​ជីវិត​របស់​យើង​ដោយ​របៀប​ណា ? ឧទាហរណ៍ តើ​វា​អាច​អនុវត្ត​ចំពោះ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ការបម្រើ ឬ​ការទទួល​បាន​ការអប់រំ​ដោយ​របៀប​ណា ?

  • តើ​អ្នក​គិត​ថា​វា​អាច​អនុវត្ត​បាន​ចំពោះ​ការរៀនសូត្រ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ថ្នាក់​សិក្ខាសាលា​នៅក្នុង​ឆ្នាំ​នេះ​ដោយ​របៀប​ណា ?

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សូម​ពិចារណា​បង្ហាញ​កថាខណ្ឌ និង​សំណួរ​ខាង​ក្រោម​នេះ​ដើម្បី​ឲ្យ​សិស្ស​ស្វ័យ​វាយតម្លៃ​ដោយ​ស្ងប់ស្ងាត់ ។

ដើម្បី​ជួយ​អ្នក​ឲ្យ​វាយតម្លៃ​លើ​ការរៀនសូត្រ​ដំណឹងល្អ​ផ្ទាល់​ខ្លួន​របស់​អ្នក សូម​គិត​អំពី​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​អ្នក​កំពុង​ប្រឹងប្រែង​អ្វី​ខ្លះ​ដើម្បី​រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ? តើ​អ្នក​បាន​អញ្ជើញ​ព្រះ​ឲ្យ​បង្រៀន​អ្នក​ដោយ​របៀប​ណា ?

  • តើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​កំពុង​ទទួល​បាន​លទ្ធផល​ដែល​អ្នក​ចង់​បាន និង​ត្រូវការ​ដែរ​ឬ​ទេ ? ហេតុអ្វី​មាន​អារម្មណ៍​ដូច្នេះ ឬ​ហេតុអ្វី​មិន​មាន​អារម្មណ៍​ដូច្នេះ ?

នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​គិត​អំពី​វិធី​ដែល​អ្នក​ចង់រៀន និង​រីកចម្រើន​នៅក្នុង​ថ្នាក់​សិក្ខាសាលា​ឆ្នាំ​នេះ ។ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​ពីរបៀប​អនុវត្ត​មេរៀន​នេះ​ក្នុង​ជីវិត​របស់​អ្នក ។

ការបង្រៀន​ពី​ព្រះ​គម្ពីរមរមន

សូម​អាន​យ៉ាង​ហោច​ណាស់​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ចំនួន​ពីរ​ខាង​ក្រោម ដោយ​រកមើល​ពី​របៀប​ដែល​ការខិតខំ និង​បំណង​ប្រាថ្នា​របស់​យើង និង​របៀប​ដែល​ព្រះ​ដើរ​តួ​ក្នុង​ការរៀនសូត្រ​ដំណឹងល្អ​របស់​យើង ។

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សិស្ស​អាច​ធ្វើ​ការ​ជា​ក្រុម​តូចៗ ដោយ​សិស្ស​ម្នាក់ៗ​អាន​វគ្គ​បទគម្ពីរ​ផ្សេងៗ​គ្នា និង​ចែកចាយ​អ្វី​ដែល​ពួកគេ​រៀន​ជាមួយ​ក្រុម​របស់​ពួកគេ ។

សូម​ពិចារណា​សរសេរ​ចំណង​ជើង « ការខិតខំ​របស់​យើង » និង « តួនាទី​របស់​ព្រះ » នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​អ្វី​ដែល​ពួកគេ​រកឃើញ​នៅក្រោម​ចំណង​ជើង​ដែល​ត្រឹមត្រូវ ។ សូម​លើក​ទឹក​ចិត្ត​ឲ្យ​ពួកគេ​ចែកចាយ​ជាមួយ​ថ្នាក់​នូវ​សេចក្តីលម្អិត​ដែល​ពួកគេ​បាន​សរសេរ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វី​ខ្លះ​ដែល​អាច​ជួយ​អ្នក​រៀន​បន្ថែម​ទៀត​ពី​ព្រះ​អំឡុង​ពេល​ថ្នាក់​សិក្ខាសាលា ?

  • តើ​អ្នក​គិត​ថា​លទ្ធផល​នឹង​ទៅ​ជា​យ៉ាង​ណា ប្រសិនបើ​បុគ្គល​ម្នាក់​រំពឹង​ថា​ព្រះ​នឹង​ប្រទាន​ចំណេះដឹង​ដល់​ពួកគេ ប៉ុន្តែ​មិន​បាន​ប្រឹងប្រែង​ដោយ​ខ្លួន​ឯង​នោះ ? ឬ​ប្រសិនបើ​ពួកគេ​ខំប្រឹង​តែ​មិន​បាន​ស្វែងរក​ជំនួយ​ពី​ព្រះ ? ហេតុអ្វី ?

ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​សិក្សា​រហូត​មក​ដល់​ពេល​នេះ សូម​សង្ខេប​ជា​មួយ​ប្រយោគ​នូវ​អ្វី​ដែល​អ្នក​យល់​អំពី​ការរៀនសូត្រ​ដំណឹងល្អ ។

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ប្រយោគ​សង្ខេប​របស់​ពួកគេ​ជាមួយ​ថ្នាក់ ។ សិស្ស​អាច​រកឃើញ​សេចក្ដីពិត​ខុសៗ​គ្នា​ជាច្រើន ដូចជា​សេចក្តីពិត​ខាង​ក្រោម​នេះ ៖

  • ព្រះ​នឹង​បង្រៀន​យើង​មួយ​បន្ទាត់​ម្តងៗ ប្រសិនបើ​យើង​មាន​បំណង​ចង់​រៀន​ពី​ទ្រង់ ។

  • យើង​ត្រូវតែ​ស្ម័គ្រចិត្ត​សិក្សា និង​អធិស្ឋាន​ដោយ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ប្រសិនបើ​យើង​ចង់​ដឹង​ការពិត ។

សូម​អរគុណ​ដល់​សិស្ស​ចំពោះ​មតិយោបល់​របស់​ពួកគេ ហើយ​ធានា​ដល់​ពួកគេ​ថា​អ្វី​ដែល​ពួកគេ​បាន​ចែកចាយ​រួម​ចំណែក​ដល់​ការរៀនសូត្រ​របស់​មនុស្ស​គ្រប់​គ្នា ។ ការណ៍​នេះ​អាច​ជួយ​ជំរុញ​សិស្ស​ផ្សេង​ទៀត​ឲ្យ​ចែកចាយ និង​បង្កើត​បរិយាកាស​នៃ​ការចូលរួម ។

តើ​សិក្ខាសាលា​អាច​ផ្លាស់ប្តូរ​ជីវិត​របស់​អ្នក​បាន​ដែរ​ឬ​ទេ ?

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សូម​ពិចារណា​ឲ្យ​សិស្សមើល « Seminary Can Change Lives » ( ៤:១៤ ) ដែល​មាននៅ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ សូម​ឲ្យ​សិស្ស​គិត​អំពី​ហេតុផល​ដែល​អាច​មាន​ដែល​វីដេអូ​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា « Seminary can Change Lives » ជាជាង « Seminary Will Change Your Life » ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ​បន្ទាប់ពី​មើល​វីដេអូ​នេះ ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន រ័សុល អិម ណិលសុន ដោយ​រកមើល​អ្វី​ដែល​នឹង​ជួយ​កំណត់​ថា តើ​ជីវិត​របស់​អ្នក​នឹង​ត្រូវបាន​ផ្លាស់ប្តូរ​ដោយ​សិក្ខាសាលា ។

កាល​ណា​អ្នក​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ច្រើន នោះ​អ្នក​នឹង​កាន់តែ​ជោគជ័យ ។

ប្រសិនបើ​ដូច្នេះ តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះយេស៊ូវគ្រីស្ទ ? ចម្លើយ​មួយ​គឺ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថាន—មិន​គ្រាន់តែ​ចូលរៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​ថ្នាក់ និង​ធ្វើ​តាម​រាល់​កិច្ចការ​ដែល​បាន​ដាក់​ឲ្យ​ធ្វើ​ដោយ​ស្មោះត្រង់​ផងដែរ ។ …

ការបញ្ចប់​ការសិក្សា​ពី​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នឹង​ជួយ​ពង្រីក​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​ធ្វើ​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត ។ អំណរពិត​ប្រាកដ​នឹង​ក្លាយជា​របស់​អ្នក ! ( រ័សុល អិម ណិលសុន « A Personal Invitation to Participate in Seminary and Institute » ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅលើ​គេហទំព័រ ChurchofJesusChrist.org )

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​អំពី​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន ណិលសុន ? ហេតុអ្វី ?

  • តើ​អ្នក​អាច​ផ្ដោតលើ​ការធ្វើ​តាម​ព្រះ​យេស៊ូវគ្រីស្ទ អំឡុង​ពេល​បទពិសោធន៍​របស់​អ្នក​នៅក្នុង​ថ្នាក់​សិក្ខាសាលា​ដោយ​របៀប​ណា ?

  • តើ​អ្នក​គិតថា « ការចូលរួម​យ៉ាង​សកម្ម » ក្នុង​ថ្នាក់សិក្ខាសាលា​មាន​ន័យ​ដូចម្តេច ?

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​អំពី​វិធី​ជាក់លាក់ ដើម្បី​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​ថ្នាក់​សិក្ខាសាលា ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា សិស្ស​ដែល​មាន​បុគ្គលិក​លក្ខណៈ និង​កាលៈទេសៈ​ផ្សេង​គ្នា​អាច​ចូលរួម​យ៉ាង​សកម្ម​តាម​របៀប​ផ្សេងៗ ។ ឧទាហរណ៍ តើ​សិស្ស​ដែល​អៀនខ្មាស និង​សិស្ស​ដែល​រួសរាយ​អាច​ចូលរួម​យ៉ាង​សកម្ម​តាម​របៀប​របស់​ពួកគេ​ដោយ​របៀប​ណា ?

របៀប​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​សិក្ខាសាលា

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

សម្រាប់​សកម្មភាព​ខាង​ក្រោម​នេះ សូម​ពិចារណា​ពី​ការបង្ហាញ​រូបភាព​នេះ ឬ​រូបភាព​ផ្សេង​ទៀត​របស់​យុវជន​ម្នាក់​នៅក្នុង​ថ្នាក់​សិក្ខាសាលា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​មាន​អារម្មណ៍​ពិត ដោយ​ដាក់​ឈ្មោះ​យុវជន និង​ពិពណ៌នា​អំពី​បុគ្គលិក​លក្ខណៈ ប្រវត្តិ​នៃ​ដំណឹងល្អ អារម្មណ៍​របស់គាត់​ចំពោះ​ថ្នាក់​សិក្ខាសាលា​ជាដើម ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​ពួកគេ នូវ​ដំបូន្មាន​ដែល​ពួកគេ​នឹង​ផ្តល់​ដល់​យុវជន​នេះ មុន​នឹង​ចែកចាយ​ដំបូន្មាន​របស់​ពួកគេ​ជាមួយ​ថ្នាក់​រៀន ។

រូបភាព
អ្នក​ចូលរួម​ថ្នាក់​សិក្ខាសាលា

សូម​ស្រមៃ​គិត​ថា​យុវជន​ក្នុង​រូបភាព​នេះ​កំពុង​ចូលរៀន​ថ្នាក់​សិក្ខាសាលា​ជា​លើក​ដំបូង ។ គាត់​ចង់​រៀន និង​រីកចម្រើន​ខាង​វិញ្ញាណ ប៉ុន្តែ​មិន​ដឹង​ពី​របៀប​ធ្វើ​វា​ទេ ។ ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​រៀន​នៅថ្ងៃនេះ និង​បទពិសោធន៍​ពីមុន​របស់​អ្នក​នៅក្នុង​ថ្នាក់​សិក្ខាសាលា និង​សាសនាចក្រ សូម​កត់ត្រា​ដំបូន្មាន​ដែល​អ្នក​នឹង​ផ្តល់​ឲ្យ​គាត់ ។

សូម​ប្រាកដ​ថា​បាន​រួមបញ្ចូល

  • អ្វី​ដែល​គាត់​អាច​ធ្វើ​ពីមុន អំឡុងពេល និង​ក្រោយ​ពេល​រៀន ដើម្បី​ពង្រឹង​ការសិក្សា​ខាង​វិញ្ញាណ​របស់​គាត់

  • របៀប​ដែល​គាត់​អាច​ផ្ដោតលើ​ការធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ហើយ​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​បង្រៀន​គាត់

  • សកម្មភាព ឬ​អាកប្បកិរិយា​ដែល​អាច​ធ្វើ​ឲ្យ​វា​កាន់តែ​ងាយ​ស្រួល ឬ​កាន់តែ​ពិបាក​រៀន​ខាង​វិញ្ញាណ ទាំង​សម្រាប់​គាត់ និង​សម្រាប់​អ្នក​ដទៃ​ក្នុង​ថ្នាក់

រូបភាព
រូបតំណាង ការណែនាំ​អំពី​ការបង្រៀន

កាល​សិស្ស​ចែក​រំលែក​ដំបូន្មាន​របស់​ពួកគេ សូម​ពិចារណា​ជួយ​ពួកគេ​ឲ្យ​ឃើញ​ពី​តម្លៃ​ក្នុង​ការរៀបចំ​ចិត្ត និង​គំនិត​របស់​ពួកគេ​ដើម្បី​រៀន​មុន​មក​ថ្នាក់ ។ អ្នក​អាច​ជួយ​សិស្ស​ធ្វើ​ការណ៍​នេះ​ដោយ​ផ្តល់​ការអញ្ជើញ​ដល់​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​ប្រើប្រាស់​យោបល់​មួយ​ចំនួន​នៃ « ការរៀបចំ​សិស្ស » ដែល​មាន​នៅ​ផ្នែក​ខាងលើ​នៃ​មេរៀន​នីមួយៗ ។ សូម​ជួយ​ពួកគេ​ឲ្យ​មើលឃើញ​ពី​សារៈសំខាន់​នៃ​ការធ្វើតាម​សេចក្តីពិត​ដែល​ពួកគេ​រៀន​បន្ទាប់ពី​ពួកគេ​ចេញពី​ថ្នាក់​ទៅ ។

សូម​ដាក់​គោលដៅ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​បទពិសោធន៍​សិក្ខាសាលា​របស់​អ្នក​នៅ​ឆ្នាំ​នេះ ។ ដើម្បី​ធ្វើ​ដូច្នេះ អ្នក​អាច​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​អ្នក​សង្ឃឹម​រៀន​អ្វី​ចេញពី​ថ្នាក់​សិក្ខាសាលា​នៅ​ឆ្នាំ​នេះ ?

  • តើ​អ្នក​មាន​ឆន្ទៈ​ធ្វើ​អ្វី​ខ្លះ ដើម្បី​បង្ហាញ​ព្រះ​អម្ចាស់​ថា អ្នក​ចង់​រៀន​ពីទ្រង់ ហើយ​ក្លាយ​កាន់តែ​ដូច​ទ្រង់ ?